ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យ​លទ្ធភាព​ការ​អនុវត្ត​ពន្ធ​ជួយ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចាត់ទុកធនធានផ្នែកគណនេយ្យ ជាកាតាលីករ​ជួយរុញ​កំណើន​សេដ្ឋកិច្ច
ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តម ស្រី វុឌ្ឍី ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាព​គ្រោះរាំងស្ងួត​លើដំណាំ​ស្រូវពលរដ្ឋជាង ៥០០ហិកតានៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

2025/01/29 03:27:47 pm        443
បន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយក្រុមការងារជំនាញថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចុះពិនិត្យស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ ស្ថិតនៅក្នុងមូលដ្ឋានឃុំសឿ ឃុំរហាត់ទឹក និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលនៃការចុះពិនិត្យឃើញថា៖ទី១. ឃុំសឿ ដែលមានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ៥ ៨៥០ហិកតា ផ្ទៃដីប្រមូលផលសម្រេចបាន៨០% និងផ្ទៃដីដំណំាស្រូវរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន ២៤៤ ហិកតា ស្មើនឹង១១២គ្រួសារ ដោយសារមិនមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ក្នុងដំណាក់កាលស្រូវមូលដើម ផ្ទៃដីនេះនឹងរងខូចខាតនៅមួយសប្តាហ៍ខាងមុខ។ ទី២. ឃុំរហាត់ទឹក មានផ្ទៃដីដំាដុះស្រូវពូជអូអឹម-៥៤៥១ ចំនួន ២ ០៨០ ហិកតា ផ្ទៃដីបានប្រមូលផលសម្រេចបាន ៨០% ចំពោះផ្ទៃដីរងផលប៉ះពាល់ចំនួន ២៩០ហិកតា ដោយសារគ្មានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ផ្ទៃដីនេះនឹងរងការខូចខាតទាំងស្រុង។ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសហគមន៍កសិកម្មទំនើប ដោយបានពន្យល់ពីចំណុចសំខាន់ៗនៃការបង្កើតសហគមន៍កសិកម្មទំនើប និងអត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករចូលរួម។ ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញបានបន្តចុះពិនិត្យការទិញស្រូវសែនក្រអូប (រួមមានទាំងគុណភាពលេខ ១ ២ ៣ ទាំងអស់) របស់ក្រុមហ៊ុនបៃតងកម្ពុជា នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ខណៈនោះកសិករក៏បានបង្ហាញក្តីរីករាយ និងបានថ្លែងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់យន្តការសម្របសម្រួលតម្លៃស្រូវរបស់ប្រជាពលរដ្ឋ និងចុះអន្តរាគមន៍បានទាន់ពេលវេលា៕

រដ្ឋមន្ត្រីកសិកម្ម បន្តជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រង​សហគមន៍​កសិកម្មទំនើប នៅខេត្តបាត់ដំបង

2025/01/29 03:04:59 pm        328
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅស្រុកបវេល ខេត្តបាត់ដំបង។ក្នុងដំណើរបេសកកម្មនេះ តំណាងប្រជាកសិករប្រមាណ ១០០នាក់ បានធ្វើសេចក្តីរាយការណ៍សង្ខេប ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពស្រូវនៅរដូវរប្រាំង និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅភូមិចំនួន៦ រួមមាន ភូមិព្រៃខ្ពស់ ភូមិម៉ាក់ឃ្លឿ ភូមិតាម៉ាត ភូមិបឹងជំនៀង ភូមិពោធិ៍ និងភូមិតាហ៊ី ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ តបតាមសំណើររបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើរររបស់តំណាងកសិករ ក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព នៅថ្ងៃខាងមុខបន្តទៀត។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវមានដីយ៉ាងតិច ១០០០ហិកតា ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការភ្ជូរដីស្រែ និងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មានចែករំលែក និងផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។ស្របពេលជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផល ស្រូវប្រាំង នៅស្រុកបវេល ខេត្តបាត់ដំបងផងដែរ។ តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំទៅប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឱ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាដោះស្រាយបញ្ហាខ្វះខាតទឹក និងការចងក្រងសហគមន៍កសិកម្មទំនើប ជាពិសេសការផ្តល់បច្ចេកទេស ពូជ ធាតុចូលកសិកម្ម សំដៅដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ឯកឧត្តម ចាន់ យុត្ថា ចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងពលរដ្ឋប្រមាណ ៥៧២ ហិកតាក្នុងស្រុកជីក្រែង ខេត្តសៀមរាប

2025/01/29 12:05:15 pm        216
សៀមរាប៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ម្កាក់ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដី ភូមិ ឃុំ និងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៦។ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នាពេលនេះគឺដើម្បីពិនិត្យស្ថានភាពទឹកជាក់ស្តែង ការងារបូមទឹកអន្តរាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៦ ឱ្យយកចិត្តទុកដាក់លើការថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តឱ្យមាននិរន្តរភាពយូរអង្វែង។សូមជម្រាបថា កិច្ចជំនួបសំណេះសំណាលនេះផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ ទី១)ពន្យល់ណែនាំដល់កសិករឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង និងការចូលរួមថែរក្សាប្រព័ន្ធធារាសាស្រ្ត ទី២)ពន្យល់ណែនាំ និងផ្តល់បច្ចេកទេសថែទាំទំនប់ ប្រឡាយ ជួសជុលទ្វារទឹក និងការគ្រប់គ្រង ការបែងចែកទឹកដោយមានកាលវិភាគបែងចែកទឹកឱ្យបានច្បាស់លាស់ស្របទៅតាមតម្រូវការចាំបាច់ ទី៣)ណែនាំសមាជិក សមាជិកាស.ក.ប.ទ. ក្នុងការសម្របសម្រួលដោះស្រាយជម្លោះដែលកើតមានក្នុងសហគមន៍ ទី៤)ពន្យល់ណែនាំដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការថែរក្សាបរិស្ថានស្អាតល្អ នៅតាមទំនប់ តាមអាងទឹក និងតាមប្រព័ន្ធប្រឡាយស្រោចស្រព ទី៥)ផ្សព្វផ្សាយដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ទី៦)ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចូលរួមសហការជាមួយស.ក.ប.ទ. ក្នុងការប្រមូលសេវាកម្មទឹក ទី៧)ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំចំនួន៥ របស់ក្រសួងធនធានទឹក និងឧតុនិយមដល់ស.ក.ប.ទ. ឱ្យបានយល់ដឹង និង ទី៨)ផ្សព្វផ្សាយ និងបញ្ជ្រាបការងារយេនឌ័រក្នុងស.ក.ប.ទ. ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកាស.ក.ប.ទ. បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលបានដាក់ម៉ាស៊ីនបូមទឹកពីអាងទឹកម្កាក់ ដើម្បីជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋប្រមាណ ៥៧២ហិកតា ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ផងដែរ៕

ប្រជាកសិករ៤០០គ្រួសារមានផ្ទៃដីផលិតកម្មដំណាំស្រូវ១ម៉ឺនហិកតានៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំចងក្រងជាសហគមន៍កសិកម្មទំនើប

2025/01/29 11:58:19 am        212
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៤០០ គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ ហិកតាស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍រួមគ្នា។ការចាប់អារម្មណ៍របស់ប្រជាកសិករបែបនេះ បន្ទាប់ពីនៅនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចុះជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងការសហការជាមួយមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វើការជាមួយគ្នា គោរពច្បាប់វិន័យរបស់សហគមន៍ មានភាពស្មោះត្រង់ និងធ្វើក្នុងគោលដៅរួមគ្នា ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែង។ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករក្នុងការចុះចុចគោលដៅរួមគ្នានូវផ្ទៃដីផលិតកម្មជាមួយផែនការជាក់លាក់ ចុះបញ្ជីសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ សម្រាប់ដំណើរការផលិតកម្មនារដូវបន្ទាប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំនូវពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ចំប៉ីស៧០ និងស្រង៉ែថ្មី ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាស៊ីនក្នុងស្រុក។សូមជម្រាបជូនថា បច្ចុប្បន្ននេះក្នុងឃុំកំពង់គោមានកសិករដាំស្រូវចំនួន ៤០០គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ហិកតា កំពុងពិចារណា និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍រួមគ្នា៕

មន្រ្តីបច្ចេកទេសកសិកម្មឃុំនៅខេត្តកំពង់ចាម ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការដាំដំណាំស្រូវ​ជាក្រុម​​ដល់ពលរដ្ឋ

2025/01/29 11:50:51 am        306
មន្រ្តីបច្ចេកទេសកសិកម្មឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សប្តាហ៍ទៅ៤ ខែមករា ឆ្នាំ២០២៥នេះ បានបន្តអនុវត្តសកម្មភាព ចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការដាំដំណាំស្រូវជាក្រុមដល់ពលរដ្ឋ និងសម្របសម្រួលជួយដល់ការលក់ដូរស្រូវរបស់ប្រជាពលរដ្ឋនៅតាមរោងម៉ាស៊ីនកិនស្រូវផងដែរ។ក្នុងនោះ មន្រ្តីបច្ចេកទេសកសិកម្មឃុំ បានសម្របសម្រួលស្រូវ ចំប៉ីស៧០ របស់កសិករ នៅភូមិព្រៃចារក្រៅ ប្រមាណ ១, ៨២២ គីឡូក្រាម តំលៃ ១០០០៛ លក់ដល់រោងម៉ាស៊ីនក្នុងភូមិព្រៃចារក្នុង។ បានចុះផ្សព្វផ្សាយ អំពីការដាំដំណាំស្រូវជាក្រុម ឬសមកាលកម្ម ដោយផ្ដោតលើ ការផលិតស្រូវ សែនក្រអូប និង ផ្ការំដួលនិងការផ្សព្វផ្សាយ អំពី សហគមន៍កសិកម្មទំនើប” និង ការ ពន្យល់អំពីចរន្តសេដ្ឋកិច្ចស្រូវ ប្រភេទ OM និង IR ដែលកំពុងមានការធា្លក់ចុះជាខ្លាំង ទីតាំងនៅភូមិព្នៅកើត ដោយមានកសិករចូលរួមសរុប ចំនួន ២៨រូប ក្នុងនោះកសិករបានយល់ដឹង អំពីអត្ថប្រយោជន៍នៃការការផលិតស្រូវជាក្រុម និងមានកសិករ ប្រមាណ ២០រូបចាប់ អារម្មណ៍ដាំស្រូវ សែនក្រអូប ។ សម្របសម្រួលស្រូវពូជ សែនក្រអូប ជូនកសិករនៅភូមិព្រៃចារក្រៅ ចំនួន១២០គីឡូក្រាម ដោយគាត់ដាំសម្រាំងទុកធ្វើពូជសម្រាប់រដូវវស្សា។ សម្របសម្រួល ជីគីមីសរីរាង្គជូនកសិករនៅភូមិព្រៃចារក្នុង គាត់មកយកប្រើវគ្គផ្ដាច់ដោយសារ គាត់បានប្រើ ជីគីមីសរីរាង្គវគ្គមួយរួចម្ដងហើយ ឃើញថាគុណភាពល្អ អាចទទួលយកបាន។ មន្រ្តីបច្ចេកទេសកសិកម្មឃុំ ក៏បានចុះផ្សព្វផ្សាយ អំពីការដាំដំណាំស្រូវជាក្រុម ឬសមកាលកម្មដោយផ្ដោតលើ ការផលិតស្រូវ សែនក្រអូប និង ផ្ការំដួលនិងការផ្សព្វផ្សាយ អំពី សហគមន៍កសិកម្មទំនើប” និង ការចងក្រង ក្រុមកសិករប្រើប្រាស់ទឹក នៅភូមិព្នៅលិច ឃុំព្រៃចារ ដោយមានកសិករចូលរួមសរុប ចំនួន ៣៥រូប ក្នុងនោះកសិករបានយល់ អំពីអត្ថប្រយោជន៍នៃការផលិតស្រូវជាក្រុម និងមានកសិករ ប្រមាណ ៥រូបចាប់ អារម្មណ៍ដាំដុះស្រូវសែនក្រអូបផងដែរ៕

មន្រ្ដីបច្ចេកទេសកសិកម្មឃុំ ចុះពិនិត្យការដាំដុះតាមវាលស្រែប្រាំងរបស់ពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ

2025/01/29 11:33:41 am        240
ឧត្តរមានជ័យ៖ មន្រ្តីបច្ចេកទេសកសិកម្មឃុំចុងកាល់ មន្រ្តីបច្ចេកទេសកសិកម្មឃុំក្រសាំង មន្រ្តីបច្ចេកទេសឃុំជើងទៀន សប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៥ បានបន្តចុះពិនិត្យការដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅតាមវាលស្រែ ចៀសវាងបញ្ហានានាដែលកើតមានឡើងលើការដាំដុះ។ ក្នុងនោះ ១.មន្ត្រីកសិកម្មឃុំចុងកាល់បានចុះអនុវត្តន៍ ពិនិត្យស្រែមានបញ្ហាបាក់តេរីស្លឹក លើដំណាំស្រូវ ដោយបានពន្យល់ណែនាំពីវិធានការការពារ និងព្យាបាល បញ្ហាបាក់តេរីស្លឹកលើស្រែប្រាំង បានណែនាំពីគោលការណ៍ស្រែល្អដល់កសិករ បានណែនាំពីការប្រើប្រាស់ជីសរីរាង្គ។២.សកម្មភាពមន្ត្រីកសិកម្មឃុំក្រសាំង ស្រុកចុងកាល់បានចុះជួបកសិករ តាមដានពីការដាំដុះស្រូវប្រាំងរបស់កសិករ និងបានសម្របសម្រួលជីសរីរាង្គដល់កសិករ។ ៣. មន្ត្រីកសិកម្មឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចុះជួបកសិករចំនួន ៤គ្រួសារ ដើម្បីពិនិត្យតាមដានការដាំដុះដំណាំស្រូវ និងប្រឹក្សាពីបច្ចេកទេសកសិកម្មជូនកសិករ៖-ចូលរួមការប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពីបញ្ជីរសំនួរ ប្រមូលទិន្នន័យកសិករធ្វើស្រែប្រាំង  -បានវិភាគសេដ្ឋកិច្ចការដាំដុះស្រូវវស្សា ដោយប្រើប្រាស់ពូជសុទ្ធ ជាមួយកសិករ-បានសម្របសម្រួលជីសរីរាង្គដល់កសិករសាកល្បង -បានផ្សព្វផ្សាយពូជសុទ្ធផ្ការំដួលដល់កសិករ -បានពន្យល់កសិករ អំពីមូលហេតុនៃការប្រែប្រួលតម្លៃស្រូវនាំចូល និងស្រូវក្នុងស្រុកដល់កសិករ៕

ស្រូវប្រជាកសិករក្នុងស្រុកបាទីជាង ៤ពាន់ហិកតាត្រូវបានសង្គ្រោះពីការខ្វះខាតទឹក

2025/01/29 10:53:57 am        223
តាកែវ៖ រហូតមកដល់ពេលនេះដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំចំនួន ៩ ស្ថិតនៅ បាទី ខេត្តតាកែវ ត្រូវបានសង្គ្រោះបានទាន់ពេលវេលាបន្ទាប់ពីមានការអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងទេសរដ្ឋមន្ត្រី គន់ គីម បានចុះជួបបងប្អូនប្រជាកសិករ និងបានរកដំណោះស្រាយដោយការរកប្រភពទឹកជូនបងប្អូនកសិករកាលពីពេលថ្មីៗនេះ។លោក ភួន ឈីម អភិបាលស្រុកបាទីបានថ្លែងឲ្យដឹងថាស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករជាង៤ពាន់ហិកតាត្រូវបានសង្គ្រោះបានទាន់ពេលវេលាមិនមានបងប្អូនប្រជាកសិករណាម្នាក់អះអាងថាស្រូវរបស់ខ្លួនរងផលប៉ះពាល់ឬខូខខាតនោះទេ ព្រោះប្រភពទឹកត្រូវបានថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងក្រសួងកសិកម្មជួយអន្តរាគមន៍បូមបញ្ចូលប្រឡាយហនុមានពេញដែលនាំឲ្យបងប្អូនប្រជាកសិករអាចបូមបញ្ចូលស្រែសង្គ្រោះស្រូវរបស់ខ្លួនបានទាន់ពេលវេលា។លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះបងប្អូនប្រជាកសិករបាននាំគ្នាយកម៉ាស៊ីនបូមទឹករាប់រយគ្រឿងបូមទឹកបញ្ចូលស្រែសង្រ្គោះស្រូវរបស់ខ្លួន ខណៈពេលដែលប្រឡាយមានទឹកពេញមិនបារម្ភពីការខ្វះខាតទឹកនោះទេ ដោយតែក្រសួងធនធានទឹកបានបើកទ្វាទឹកពីខេត្តកំពង់ស្ពឺមកចូលអាងទន្លេបាទី ហើយទឹកបានហូចូលប្រឡាយដោយមិនបាច់បូមចូលប្រឡាយទៀតដូចមុនទេ។លោកប្រធានមន្ទីរកសិកម្មខេត្តតាកែវបានថ្លែងបន្តថា រហូតមកដល់ពេលនេះមន្ទីរកសិកម្មខេត្តមិនទទួលបានពត៌មានថាមានការខូចខាតដំណាំស្រូវរបស់ប្រជាកសិករនោះទេ តែផ្ទុយទៅវិញយើងទទួលព័ត៌មានពីបងប្អូនប្រជាកសិករថាស្រូវពួកគាត់ទាំងជាង៤ពាន់ហិកតាត្រូវបានសង្រ្គោះ។គួបញ្ជាក់ថា បន្ទាប់ពីដំណាំស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងស្រុកបាទីជាង៤ពាន់ហិកតារងផលប៉ះពាល់ដោយសារខ្វះខាតទឹក រដ្ឋមន្រ្តីក្រសួងធនធានទឹកឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រួមនិងឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានចុះទៅជួបបងប្អូនប្រជាកសិករដល់ដល់ទីតាំងក្នុងស្រុកបាទី និងបានជួយអន្តរាគមន៍ស្វែងរកប្រភពទឹកពីខេត្តកំពង់ស្ពឺចូលមកអាងទន្លេបាទីនិងបន្តមកចូលប្រឡាយហនុមាណប្រវែងជាង១៨គីឡូម៉ែត្រដើម្បីសង្រ្គោះស្រូវកសិករបានទាន់ពេលវេលា៕

រដ្ឋមន្ត្រីកសិកម្មជួបសំណេះសំណាលជាមួយកសិករផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែរបស់ពលរដ្ឋប្រមាណ២០០គ្រួសារ ក្នុងស្រុកមង្គលបូរី

2025/01/29 10:39:07 am        173
បន្ទាយមានជ័យ៖ កាលពីនារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំតំណាងសហគមន៍ និងប្រជាកសិករប្រមាណ ២០០គ្រួសារមកពីឃុំចំនួន៤ រួមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ និងឃុំបត់ត្រង់ នៃស្រុកមង្គលបូរី ដែលបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ជួយរកដំណោះស្រាយសង្គ្រោះស្រូវរបស់កសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពនៅរដូវប្រាំងនេះ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលនូវសំណើររបស់តំណាងសហគមន៍ និងប្រជាកសិករក្នុងការជួយរកដំណោះស្រាយសង្គ្រោះស្រូវជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព តាមរយៈការស្តារប្រឡាយចាស់នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្រជាកសិករទាំងអស់ ត្រូវចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលគ្រប់គ្រង និងស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត»។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថាសហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្មតាមរយៈមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ត្រូវមានការកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែង ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំទៅអាជ្ញាធរថ្នាក់ក្រោមជាតិ សហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតពីគោលការណ៍ និងអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់យកព័ត៌មាន ចែករំលែកបន្ត និងផ្សព្វផ្សាយទៅដល់ប្រជាកសិករឱ្យបានយល់កាន់តែច្បាស់ពីការចូលរួមជាមួយសហគមន៍កសិកម្មទំនើបនេះផងដែរ។ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជំនាញ ប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហការី ដើម្បីសិក្សាពីផែនទីដែលត្រូវត្រៀមស្តារប្រឡាយចាស់ សរុបប្រវែង ៤០គីឡូម៉ែត ដើម្បីត្រង់យកទឹកភ្លៀងសម្រាប់ជួយស្តុកទុកទឹកស្រោចស្រពស្រូវ ជូនប្រជាកសិករនៅរដូវប្រាំងប្រមាណ ១ម៉ឺនហិកតា ឱ្យបានគ្រប់គ្រាន់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រជាកសិករនៅស្រុកបារាយណ៍ខេត្តកំពង់ធំមានដីស្រែសរុប ៣១៥៨ ហិកតា បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ

2025/01/29 10:16:51 am        206
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាមកដល់បច្ចុប្បន្នប្រជាកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ មានដីស្រែសរុប ៣១៥៨ ហិកតា បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ។ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យដឹងបែបនេះ បន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយបងប្អូនកសិករនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានបំណងចង់ចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូបតាមកិច្ចសន្យា។ឯកឧត្តម ហ្វីណង់ បានថ្លែងថា៖«បើតាមទិន្នន័យបឋម នៅតំបន់នេះមានបងប្អូនកសិករដែលមានដីស្រែសរុប ៣១៥៨ហិកតា បានចុះឈ្មោះស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបរួចហើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យចាប់ផ្តើមពីការប្រមូលយកកសិករមួយចំនួនដែលកំពុងផលិតពូជស្រូវសែនក្រអូបស្រាប់ នៅលើផ្ទៃដីប្រមាណជាង ៣០០ហិកតា ឱ្យចាប់ផ្តើមរួមគ្នាធ្វើជាសហគមន៍តូចសិន និងគ្រោងប្រមូលយកស្រូវទាំងនោះទៅសម្ងួតទុក និងបក់សម្រាំងតាមស្តង់ដា ដើម្បីរក្សាទុកជាស្រូវពូជសម្រាប់សហគមន៍ធំនារដូវបន្ទាប់»៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឡាវ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្ម​ចម្រុះកម្ពុជា-ឡាវ លើកទី២

2025/01/28 04:33:24 pm        412
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Malaithong KOMMASITH រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់ព្រំដែនរបស់ភាគីទាំងពីរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពកិច្ចការពាណិជ្ជកម្ម កំណត់គោលដៅទំហំពាណិជ្ជកម្ម ស្វែងរកកាលានុវត្តភាពសំដៅបង្កើនទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគរបស់ប្រទេសទាំងពីរ និងបានពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖ (១) ការកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគី (២) កិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរី (៣)ពនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៤) កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តជាប់ព្រំដែន (៥) ការតាំងពិព័រណ៍/ពិព័រណ៍ពាណិជ្ជកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការវិនិយោគ (៦) ទេសចរណ៍ និងភស្តុភារកម្ម និង (៧) សភាពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាព្រឹកនេះ ក៏មានកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីឡាវដឹកនាំឯកឧត្តម Sayana SAYYAKONE អគ្គនាយកនៃនាយកដ្ឋានចចារពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ ដើម្បីពិនិត្យ និងពិភាក្សាលំអិតអំពីអាទិភាពការងារដែលនឹងត្រូវសហការអនុវត្តបន្តដើម្បីដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកថា រុស្ស៊ីនឹងបន្តការវាយប្រហារលើទីក្រុងគីវ
05/27/2026 11:05 AM
រុស្ស៊ី៖ អាមេរិក មិនបានផ្តល់ទិដ្ឋាការដល់អនុរដ្ឋមន្ត្រីដើម្បីចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិទេ
05/27/2026 11:05 AM
រដ្ឋមន្ត្រីការបរទេសចិន៖ ចិនសង្ឃឹមថាភាគីសង្គ្រាមនៅអ៊ីរ៉ង់ អាចជួបគ្នានៅពាក់កណ្តាលផ្លូវ
05/27/2026 11:05 AM
ភាពវឹកវរនៅបូលីវី បានបន្តក្រោយការតវ៉ាច្រើនសប្តាហ៍ដែលបានហ៊ុមព័ទ្ធរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Rodrigo Paz
05/27/2026 11:05 AM
អ្នកវិភាគ៖ ក្រុមហេសបូឡា មិនចាញ់សង្គ្រាមទេ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារលើលីបង់
05/27/2026 11:05 AM
លោក Trump នឹងកោះប្រជុំគណៈរដ្ឋមន្ត្រីនៅឧស្យាន Camp David ស្របពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់
05/27/2026 11:05 AM
សម្តេចធិបតី កំណត់យកថ្ងៃទី៧ ខែកក្កដា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
05/27/2026 11:05 AM
ប្រមុខការទូតកម្ពុជា និងព័រទុយហ្គាល់ ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសលើបញ្ហាតំបន់ និងសកលលោក
05/27/2026 10:05 AM
ប្រមុខការទូតកម្ពុជាបញ្ជាក់ជាថ្មីប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
05/27/2026 10:05 AM
KCNA៖ កូរ៉េខាងជើងសាកល្បងមីស៊ីលកំណត់ទិស​ដៅ​ស្វ័យកម្ម​ប្រើបច្ចេកវិទ្យា​AI និងប្រព័ន្ធ​​បាញ់​រ៉ូកែតសម័យ​ទំនើប​​​
05/27/2026 10:05 AM