ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យ​លទ្ធភាព​ការ​អនុវត្ត​ពន្ធ​ជួយ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចាត់ទុកធនធានផ្នែកគណនេយ្យ ជាកាតាលីករ​ជួយរុញ​កំណើន​សេដ្ឋកិច្ច
ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ធនាគារអភិវឌ្ឍន៍អាស៊ី រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥

2024/09/25 09:38:44 am        220
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំង​ពីការ​កើន​ឡើង​តិចតួច នៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ធនាគារ​អភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥% សម្រាប់​ឆ្នាំ២០២៤ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។

ផលិតផលកែច្នៃ និងវេចខ្ចប់ក្នុងស្រុក កំពុងមានទីផ្សារ និងទទួលបានការគាំទ្រប្រសើរជាងមុន

2024/09/24 01:50:19 pm        518
សហគ្រិនដែលជាម្ចាស់សហគ្រាសក្នុងស្រុក បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈ​ដែល​ការ​លក់​ផលិត​ផលរបស់ពួគគាត់ ទទួលបានការគាំទ្រ និងលក់ដាច់បានប្រសើរជាងមុន ហើយរំពឹងថា នឹង​ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​។សិប្បករដែលម្ចាស់សហគ្រាសកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក លើ​ក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់ងារអ្នកយក ព័ត៌មាន BTV ស្តីពីការលក់ និងការដាក់បង្ហាញផលិតផលខ្មែរ ដែល​រៀបចំ​ដោយ​សមាគមអភិវឌ្ឍន៍សង្គមខ្មែរ នៅថ្ងៃទី ២២ ខែ កញ្ញា នេះថា ពាក់ព័ន្ធការរៀបចំ​ដាក់​តាំង​បង្ហាញ​ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួម ដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជា ការ​ផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និងអនាម័យជាដើម ដើម្បី​ឲ្យ​ប្រជាជន​ជួយ​គាំទ្រផលិតផលក្នុងស្រុក ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ការចូល​រួម​គាំទ្រ​ពី​ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឱ្យខ្សែច្រវាក់ ផលិតកម្ម​បាន​ដំណើរ​ការ ដែលជាផ្នែកមួយជួយគាំទ្រដល់កសិករជាអ្នកដាំដុះ ការលើកកម្ពស់វិស័យការងារ និង​ការ​បង្កើន​ចំណូលក្នុង សេដ្ឋកិច្ចជាតិជាដើម។សិប្បករទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងមកដល់ពេលនេះ ផលិតផល​របស់​ពួក​គាត់​មួយចំនួន បានរុញ ចូលទីផ្សារធំៗជាបណ្តើរៗ និងការរុញចូលក្នុង​ផ្សារ​សមាគម​ខ្មែរ​ជា​ដើម បច្ចុប្បន្នឃើញថា, មានការលក់ដាច់ប្រសើរជាងពេលមុន, ហើយរំពឹងថា ចាប់ពីពេល​នេះ​ត​ទៅ ទីផ្សារធំៗនៅក្នុងស្រុក នឹងស្រូបផលិតផលរបស់ពួកគាត់កាន់តែច្រើន។ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញ​ផលិត​ផល​ខ្មែរ​នេះ សមាគមបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីលើក​ទឹកចិត្ត​ដល់​សិប្បក​រ​ខ្មែរ​ដែល​ជា​អ្នក​ផលិត និងប្រជាពលរដ្ឋដែលជាអ្នកទិញ ឱ្យជួយគាំទ្រផលិតផល ខ្មែរ ។ ការ​ចូល​រួម​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ គឺជាការចូលរួមចំណែកបង្កើតការងារក្នុងស្រុក ជួយដល់ប្រជាជនឱ្យមានការងារធ្វើ និង​បង្កើត​ ប្រាក់ចំណូលដល់ប្រជាជន។ ជុំវិញបញ្ហានេះ សមាគមបាន​និង​កំពុង​ខិតខំ​យក​ចិត្ត​ទុក​ដាក់ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីចូលរួម លើកកម្ពស់ផលិតខ្មែរ ឱ្យមានការគាំទ្រ និង​មាន​ទីផ្សារ​លក់​ផលិតផលរបស់ពួកគាត់កាន់តែច្រើន។ទាក់ទិនការ​ជួយដល់ផលិតករ សេវាករ និងសហគ្រិននេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានថ្លែង​នូវ​ការ​ប្តេជ្ញាចិត្តខ្ពស់ ក្នុងការ ចូលរួមជួយជ្រោមជ្រែង បណ្តុះគំនិតច្នៃប្រឌិតថ្មីៗ និងការ​ស្វែង​រក​ដៃ​គូ​ពង្រីកអាជីវកម្មជាដើម រួមជាមួយការជំរុញឱ្យសហគ្រិនចូលរួម ក្នុងព្រឹត្តិការ​ណ៍​ពិព័រណ៍​ផលិត​ផល​ផ្សេង​ៗឱ្យបានច្រើន ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីផ្សព្វផ្សាយ ការ​លក់​ផលិតផល និងការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា មន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ទីរ អភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត យល់ដឹងវឌ្ឍនភាព នៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

2024/09/23 06:15:04 pm        27
ព្រះសីហនុ ៖ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺជាការផ្សព្វផ្សាយលទ្ធផលនៃការ ប្រើប្រាស់ថវិកាកម្មវិធី ដើម្បីឱ្យមន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ទីរ អភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត យល់ដឹងវឌ្ឍនភាព នៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមូលដ្ឋានគ្រឹះ និងបំភ្លឺបន្ថែមលើ មុខងារវិភាជន៍ថវិកាមុខងារការទិញ.លទ្ធកម្មសាធារណៈនិង មុខងារគណនីត្រូវសង ។ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងដូចនេះ នៅក្នុងពិធីបើកសិក្ខា សាលាស្តីពី “ ការផ្សព្វផ្សាយលទ្ធផលនៃការប្រើប្រាស់ថវិកាកម្មវិធី” ដោយមានការចូលរួមពី លោក លោកស្រី នាយកដ្ឋាន ផ្គត់ផ្គង់ និងហិរញ្ញវត្ថុ មន្ត្រីនាយកដ្ឋាន និង មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្ត នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។ឯកឧត្តមក៏បានលើកឡើងផងដែរថា ស្ថិតនៅក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ និងឆ្លងកាត់ បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលស្តែងចេញឱ្យឃើញ តាមរយៈ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើក កម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង និង បានបន្តផ្តល់អាទិភាពលើការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង ចាត់ទុកភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈជាឆ្អឹងខ្នងនៃការអនុវត្តរបៀបវារៈ គោលនយោបាយ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងថ្ងៃដដែលនេះដែរ បានបិទសិក្ខាសាលា បន្ទាប់ពីបាន ដំណើរការសិក្ខាសាលា អស់រយៈពេល ពេញ ០១ ថ្ងៃកន្លងមក ។ក្រោយពីបានស្តាប់ ការបូកសរុប លទ្ធផល នៃសិក្ខាសាលារួចមក ឯកឧត្តម បានកោតសរសើរ ចំពោះ លទ្ធផលដែលបានឆ្លុះបញ្ជាំងអោយឃើញថា សិក្ខាសាលាថ្ងៃនេះ ពិតជាបានផ្តល់នូវចំណេះដឹងបន្ថែម និងមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយដល់មន្ត្រីរាជការ នៅថ្នាក់ កណ្ដាល និងតាមមន្ទីរចំណុះក្រសួងអភិវឌ្ឍន៍ជនបទ លើមុខងារវិភាជន៍ថវិកា មុខងារការទិញ លទ្ធកម្មសាធារណៈ មុខងារគណនីត្រូវសង។ឯកឧត្តមក៏បានបញ្ជាក់ថា កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានអនុវត្តឈានដល់ដំណាក់កាលទី ៤ ហើយ ដូចនេះការអភិវឌ្ឍ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំង និង ជាដំណោះស្រាយ ដ៏មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ ដូចនេះដើម្បីអនុវត្ត និងសម្រេចគោលនយោបាយ ក្រសួង ស្ថាប័ន ត្រូវមានអភិបាលកិច្ចល្អ ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួម អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យទៅថ្ងៃអនាគត៕

ជប៉ុនផ្តល់ឥណទានជាង ៥៤ លានដុល្លារ សម្រាប់ពង្រីកខ្សែបញ្ជូន និងចែកចាយ​អគ្គិសនីនៅភ្នំពេញ

2024/09/23 02:47:46 pm        179
ជប៉ុនឥណទានសម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និង​ចែកចាយ​នៅ​រាជ​ធានី​ភ្នំពេញ​ជំហាន​ទី២ ជាកញ្ចប់ឥណទាន ទី៣ មានទឹកប្រាក់ជាង ៥៤ លានដុល្លារ សម្រាប់​សាង​សង់​អនុស្ថានីយអគ្គិសនី និងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីតភ្ជាប់ទៅតំបន់ច្បារអំពៅ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគី​ហត្ថ​លេខី​តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង ឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី​តំណាង​រាជ​រដ្ឋាភិបាល​ជប៉ុន នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២៤នេះ, បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ឥណ​ទាន សម្បទាន សម្រាប់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយ​នៅ​រាជ​ធានី​ភ្នំពេញ​ជំហាន​ទី២ ដែលជាកញ្ចប់ឥណទានទី ៣ មាន ទឹកប្រាក់ចំនួន ៧ ៩៨៨ លានយ៉េនជប៉ុន ត្រូវ​ជា​ប្រមាណ ៥៤,៣ លានដុល្លារអាម៉េរិក។គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២នេះ មាន​គោលបំ​ណង​ពង្រឹងស្ថេរភាព និងពង្រីក សមត្ថភាពក្នុងការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ តាមរយៈ​ការ​សាងសង់អនុស្ថានីយអគ្គិសនីថ្មី, ការសាងសង់ប្រព័ន្ធខ្សែបញ្ជូន អគ្គិសនីអាកាស តង់​ស្យុង​ខ្ពស់, និងការសាងសង់ប្រព័ន្ធខ្សែបញ្ជូន អគ្គិសនីបង្កប់ក្រោមដី តង់ស្យុងខ្ពស់ និងមធ្យម ដើម្បី​ការ​ធ្វើ​ឱ្យប្រសើរឡើង នូវអនុស្ថានីយអគ្គិសនីដែលមានស្រាប់ផងដែរ។ ជាមួយគ្នានេះ កញ្ចប់ឥណ​ទាន​ទី៣នេះ គឺជាហិរញ្ញប្បទានបំពេញ បន្ថែម សម្រាប់ការងារសាងសង់អនុស្ថានីយអគ្គិសនី និង​ប្រព័ន្ធ​ខ្សែប​ញ្ជូនអគ្គិសនីបន្តបន្ទាប់ទៀតដែលតភ្ជាប់ទៅតំបន់ច្បារអំពៅ។ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តម រស់ សីលវ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន និងគ្រប់ស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេស​ទីភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែបានផ្តល់នូវកិច្ច សហប្រតិបត្តិការ​ដ៏​ល្អ​ប្រ​សើរ និងបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបាន​បន្ត​ផ្តល់​ហិរញ្ញប្ប​ទាន​សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយបានឆ្លើយតប​ចំ​ទិសដៅ​នៃ​កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល កម្ពុជា និងយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា ជោគជ័យក្នុងការនាំចេញនាំផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូងទៅកាន់ទីផ្សារខេត្តហឺណាន នៃប្រទេសចិន

2024/09/22 06:04:30 pm        546
បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន២លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា (មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading) កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០តោន/ឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។សមិទ្ធិផលនេះ គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយការដាចេញគោលនយោបាយ ការណែនាំ និងដោយមានការអនុវត្តតាមដោយយ៉ាងយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន។ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៥៦ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេសរួចហើយ។ សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីចំនួន ២តោនលើកទីមួយ នៅថ្ងៃទី២២ ខែកញ្ញានេះតាមផែនការមានគម្រោងនាំចេញទៅចំនួន ២០០តោនក្នុង១ឆ្នាំទៅកាន់ខេត្តហឺណាន ប្រទេសចិន។

ធនាគារជាតិលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ បើកគណនីលុយរៀលជូនអតិថិជនឱ្យបានច្រើន

2024/09/20 12:42:27 pm        164
ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បើក​គណនី​ជា​លុយ​រៀល​ជូន​ដល់​អតិថិជនរបស់ខ្លួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលាយ ជា​ពិសេស​ជា​ការចូលរួមដល់ការអនុវត្តប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀល និង​ប្រាក់​ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​នៅ​ក្នុង​ជំនួប​អ្នក​សារ​ព័ត៌មាន ស្តីពីការប្រើប្រាស់ ប្រព័ន្ធ QR Code សម្រាប់ការទូទាត់ថ្មីៗនេះថា, ជុំវិញការ​លើក​ទឹកចិត្ត​ឱ្យ​បង្កើតជាគណនីប្រាក់រៀលនេះ គឺជាការជំរុញឱ្យប្រជាជន QR Code ជាប្រាក់រៀល ដើម្បី​ស្រួលក្នុងការទូទាត់នៅលើការចាយវាយផ្សេងៗ។ ការបង្កើតគណនីប្រាក់រៀលនេះ គឺមិន​មែន​ជា​បន្ទុកបន្ថែម សម្រាប់ប្រជាជននោះឡើយ ផ្ទុយទៅវិញគឺ​ជា​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​ប្រជាជន​ក្នុងការទូទាត់តាម QR Code ។លោកជំទាវ​បណ្ឌិត បានបញ្ជាក់ថា ទាក់ទិនការបង្កើតគណនីនេះ ប្រសិនប្រជា​ពលរដ្ឋ​ចង់​ប្រើ​គណនី​ជា​ដុល្លារ ដោយមិនចង់ ប្រើជាគណនីជារៀល នេះជាសិទ្ធរបស់ពួកគាត់, ហើយពួក​គាត់​នៅ​តែ​ដូរ​លុយជាដុល្លារបាននៅក្នុង App ធនាគាររបស់ពួកគាត់បាន ជាធម្មតា។ សម្រាប់​បញ្ហា​នេះ​, ចំពោះការជំរុញឱ្យបង្កើតជាគណនីរៀល របស់ធនាគារជាតិនៃកម្ពុជា គឺដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ ប្រជាពលរដ្ឋទៅវិញ។ លោកជំទាវ បណ្ឌិត ជា សិរី បន្ថែមថា ក្នុងនាមជាពលរដ្ឋខ្មែរ ប្រសិ​ន​យើងមានគណនីជាដុល្លារ យើងគួរតែមាន គណនីជាប្រាក់រៀល ដើម្បីលើកកម្ពស់គាំទ្រ ដល់​ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយទាំងអស់គ្នា។សូមបញ្ជាក់ថា ការជំរុញឱ្យបើកគណនីប្រាក់រៀលនេះ នៅពេលខាងមុខ, ធនាគារជាតិ​នៃ​កម្ពុជា​ក៏​គ្រោង​ដាក់​ឱ្យប្រើប្រាស់ QR Code តែមួយ គឺមានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ ដោយការជំរុញ QR តែមួយនេះ គឺត្រូវឱ្យប្រជាពលរដ្ឋមានគណនីទាំងពីរប្រភេទ ទើប អាចធ្វើការទូទាត់តាម QR Code បាន ។ នេះគឺជាការផ្តល់ភាពងាយស្រួល ទៅដល់អតិថិជនក្នុងការទូទាត់ ជាពិសេស​រវាង​អ្នក​ទិញ និងអ្នកលក់ និងក៏ជាការចូលរួមលើកកម្ពស់វិស័យទេសចរ និងការជំរុញ​ប្រើ​ប្រាស់​ប្រាក់​រៀល​ឱ្យ​កាន់​តែទូលាយផងដែរ។ ជុំវិញការលើកកម្ពស់ប្រាក់រៀលនេះផងដែរ, ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម ស្តីពីការលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀល​សម្រាប់​សេវា​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​ផង​ដែរ ដោយក្នុងនោះធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ទាំងអស់ ក្នុង​នោះ​ចំពោះ​កាតព្វ​កិច្ចបើក គណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើ​ប្រាស់​សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន ត្រូវ អនុវត្តរួមមាន៖ មិនតម្រូវ​ឱ្យយ​ក​កម្រៃ​សេវា​សម្រាប់ការបើកនិងបិទគណនីជាប្រាក់រៀលខាងលើ, មិនតម្រូវឱ្យយក​កម្រៃ​សេវា​គណនី ប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ, និងពន្យល់និង​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​សេចក្ដី​ណែនាំនេះ​ជូនសាធារណជនបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសដល់ម្ចាស់អចលនទ្រព្យបង់ពន្ធឱ្យបានរួសរាន់ ក្នុងរយៈពេលខ្លីនេះ

2024/09/20 12:26:07 pm        169
អគ្គនាយកដ្ឋានពន្ធដារ ចេញដំណឹងដល់ម្ចាស់អចលនទ្រព្យ ដែលខកខានមិនបាន​បំពេញ​លិខិត​ប្រកាស និងបង់ប្រាក់ពន្ធលើ អចលនទ្រព្យ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានទាន់ពេលវេលា ដែល​ការ​បង់​ពន្ធប្រភេទនេះ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ អគ្គនាយកដ្ឋានពន្ធដារ បើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ ចេញ​សេចក្តី​ជូន​ដំណឹង​ពន្ធ​លើ​អចលនទ្រព្យសម្រាប់ឆ្នាំ ២០២៤ ដែលការបង់ពន្ធលើអចលនទ្រព្យនេះ នឹងត្រូវផុត​កំណត់​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ, ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបាន​បំពេញ​កាតព្វ​កិច្ច​ប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាន់ពេលវេលា នឹងត្រូវទទួលរងនូវទណ្ឌកម្ម រដ្ឋបាល​ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ក្នុងនោះចំពោះអចលន​ទ្រព្យ​ដែ​ល​បាន​ចុះ​បញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌ មានអចលនទ្រព្យរបស់ខ្លួនរួចរាល់ អាចប្រកាសនិង​បង់​ប្រាក់​ពន្ធ​បាន​ទាំងផ្ទាល់ និងអនឡាញណាមួយរបស់អគ្គនាយកដ្ឋានពន្ធដារ រួមមាន៖ តាមកម្ម​វិធី​ទូរស័ព្ទ​ដៃ អ្នកជាប់ពន្ធ GDT Taxpayer App, នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធ​នាគារ​ពាណិជ្ជ​ដៃគូរបស់ អគ្គនាយកដ្ឋានពន្ធដារ, ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែល​អចលន​ទ្រព្យ​ស្ថិត​នៅ​។ដោយឡែកអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី ឬធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​អចលន​ទ្រព្យ​របស់​ខ្លួន ត្រូវរួសរាន់មកចុះបញ្ជី ធ្វើបច្ចុប្បន្នភាពនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ដោយភ្ជាប់មកជាមួយនូវ ឯកសារមួយចំនួន តាមការ​កំណត់​របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជំរុញការចុះបញ្ជីអនុវត្តទៅដោយរលូន។សូមបញ្ជាក់ថា នៅក្នុងវិស័យអចលនទ្រព្យនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី បានសម្រេចជាគោលការណ៍លើក ទឹកចិត្តក្នុងវិស័យអចលនទ្រព្យ ដែល​បាន​កាត់​បន្ថយ​បន្ទុក​ចំណាយ​បង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជាម្ចាស់ អចលនទ្រព្យ​រួម​មាន​៖ ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ, ការអនុញ្ញាត​ការ​បង់​ពន្ធ​ជា​កញ្ចប់​តាម​គម្រោង​ដល់ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់, និងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ជាលក្ខណៈ ជាបុរី ដែលមានថ្លៃក្រោមឬស្មើ ៧ ម៉ឺនដុល្លារ​។ ចំណែកពន្ធលើដីធ្លីមិនប្រើប្រាស់ សម្តេចធិបតី ក៏បានសម្រេចលើកលែងការ យកពន្ធ លើដី​ធ្លី​មិន​ប្រើប្រាស់​សម្រាប់​ដីក្រោម ៥ ហិកតា ក្នុងមួយកន្លែងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា ទទួលជួបក្រុមហ៊ុនផ្គត់ផ្គង់ម្រេច ដើម្បីពិភាក្សាអំពីការពង្រឹងគុណភាព និងពង្រីកទីផ្សារនាំចេញ

2024/09/18 02:14:36 pm        596
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី ដើម្បីពិភាក្សាគ្នាក្នុងការលើកកម្ពស់បន្ថែមដល់ទីផ្សារនាំចេញ ក៏ដូចជាការពង្រឹងគុណភាពម្រេច។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរក្នុងបណ្តាញសង្គមឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការរក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។ លើសពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយផ្តោតលើគុណភាពល្អប្រណិត មានស្តង់ដាខ្ពស់ ជួយកសិករនៅផ្នែកកែច្នៃ និងនាំចេញទៅទីផ្សារ ធ្វើយ៉ាងណាឱ្យខ្សែច្រវាក់តម្លៃ មានភាពល្អប្រសើរ ផ្ដោតលើគុណភាព ជាជាងប្រកួតប្រជែងលើបរិមាណ។បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រុមហ៊ុនអាចពិចារណាសហការជាមួយសហគមន៍កសិកម្មទំនើប ដែលអាចផលិតទៅតាមតម្រូវការរបស់ក្រុមហ៊ុន មានគុណភាពល្អ មានធនធានគ្រប់គ្រាន់សម្រាប់ផលិតកម្ម មានប្រសិទ្ធភាពសេដ្ឋកិច្ច ទទួលបានការវិនិយោគ និងចែករំលែកផលចំនេញទាំងអស់គ្នា។ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យកសិកម្មត្រូវការការចូលរួមពីវិស័យឯកជន និងក្រុមហ៊ុន លើកកម្ពស់ការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ផលិតកសិផលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់។សម្រាប់កម្ចីដែលមានអត្រាការប្រាក់ទាប ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអោយក្រុមហ៊ុនសហការជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីអាចមានលទ្ធភាពក្នុងការធ្វើការជាមួយធនាគារពាក់ព័ន្ធ ក្នុងការផ្តល់កម្ចី ដោយឆ្លងកាត់ការគិតគូរនិងការវាយតម្លៃច្បាស់លាស់ ព្រមទាំងមានលទ្ធភាពសងត្រលប់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាដាក់គោលដៅប្រើប្រាស់រថយន្តអគ្គិសនី ៣ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០

2024/09/18 01:56:23 pm        110
កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ឱ្យសម្រេចឱ្យបានចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធចំនួន ៧២ ម៉ឺនគ្រឿង និងត្រីចក្រយានចំនួន២ម៉ឺនគ្រឿងផងដែរ។ នេះបើ​តាម​ការ​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​គោល​នយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។ ។ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា គោល​នយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ បាន​កំណត់​គោល​ដៅ​ច្បាស់លាស់ ក្នុងនោះមានការដាក់ចេញជាកញ្ចប់វិធានការគោលនយោបាយគន្លឹះ ក្នុងន័យ​ជំរុញ​ការ​ប្រើប្រាស់ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី ក៏ដូចជាការការពារបរិស្ថាន ដោយ​មាន​ការ​កំណត់​ក្រសួង ស្ថាប័នទទួលខុសត្រូវអនុវត្តច្បាស់លាស់ នៅក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់។ ក្នុងពិធីផ្សព្វផ្សាយនេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើក​ឡើងដែរថាវិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោម វិស័យ​ដែល​មាន​សក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរ​ឡើង​នូវ​សុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការ ធ្វើពិពិធកម្ម​មូល​ដ្ឋាន​សេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។ឯកឧត្តមថ្លែងថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួម យ៉ាងសំខាន់​ក្នុង​ការ​កាត់​បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញ​ពី​យាន​យន្ត​ប្រភេទប្រេងឥន្ធនៈ។ ខណៈក្រសួង​សាធារណការ​ក៏​បាន​និង​កំពុង​ខិត​ខំ​អនុវ​ត្ត​ស្រប​តាម​ទិស​ដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ ស្របតាមយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត្យ​កាបូន​ដើម្បី​ជំរុ​ញស​ម្រេច​ឱ្យបា​ន​នូវ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។បើ​តាមក្រសួងសាធារណការ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជាគិតត្រឹមខែ សីហា ឆ្នាំ២០២៤ មានចំនួន ៣ ៦៧៦គ្រឿង។ ចំណែកស្ថានីយទីតាំងបញ្ចូលថាមពលអគ្គិសនីគិតត្រឹម​ដើមឆ្នាំ២០២៤ មានចំនួន២១កន្លែង៕ អត្ថបទ៖ គឹម ហុក

ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើសុំឲ្យម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញ​ស្រូវពី​កសិករបន្ថែមទៀត

2024/09/16 01:13:12 pm        266
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៤កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលកសិករ​នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ ជាដើម។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានស្នើសុំឲ្យរោងម៉ាស៊ីនបន្តប្រមូលទិញ​ស្រូវពី​កសិករបន្ថែមទៀត។ ជាមួយគ្នានេះ ក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើងបាន និងត្រៀមខ្លួនក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមមាន៖ ទី១ រោង ម៉ាស៊ីន ឆាយ គឹមទឹង ,ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ និងទី៣ រោងម៉ាស៊ីនកិនស្រូវ កៅង៉ែត ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និងOM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស ។ដោយឡែកនារសៀលថ្ងៃទី១៥ ខែកញ្ញាដដែលនោះឯកឧត្តមបណ្ឌិត កៅ ថាច និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីន និងការប្រមូលទិញស្រូវទី៤ ឈ្មោះ ភួកុកគី ដែលស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ទន្ទឹមនោះឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ និងណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ភួកុកគី ត្រូវធ្វើយ៉ាងណា នាពេលប្រមូលផលស្រូវត្រូវបង្កើតការទិញស្រូវពីកសិករ​ឲ្យបាន​ច្រើនថែមទៀត ​ដើម្បីជួយរក្សាស្ថេរភាពតម្លៃដល់កសិករ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM