ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

សហជីពកម្មករប្រទេសឈីលី ធ្វើកូដកម្មទូទាំងប្រទេស ទាមទារគោលនយោបាយការងារថ្មី

2024/04/12 11:15:11 am        32
សហជីពកម្មករ បានធ្វើកូដកម្មនៅទូទាំងប្រទេសឈីលីកាលពីថ្ងៃព្រហស្បតិ៍ ទី១១ មេសា ដើម្បីទទួលបានប្រាក់ឈ្នួលកាន់តែប្រសើរ និងគោលនយោបាយការងារថ្មី។ជាមួយនឹងកូដកម្មនេះ កម្មករបានចេញដើរធ្វើបាតុកម្មនៅទីក្រុង Santiago ឆ្ពោះទៅកាន់វិមានប្រធានាធិបតី ឡា ម៉ុនណេដា(La Moneda) ដោយស្រែកទាមទារពីតម្រូវការរបស់ពួកគេ។កូដកម្មនៅទូទាំងប្រទេសឈីលី ត្រូវបានអំពាវនាវដោយសហជីពការងារកណ្តាល (CUT) ដែលបានចេញការទាមទារជាបន្តបន្ទាប់ រួមមានការដំឡើងប្រាក់ឈ្នួល ប្រព័ន្ធថែទាំសុខភាពប្រសើរជាមុន និងកំណែទម្រង់ពន្ធ និងប្រាក់សោធននិវត្តន៍។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អង្គការនានា មកពីវិស័យផ្សេងៗដូចជាសុខភាព ដឹកជញ្ជូន និងអប់រំ ក៏បានចូលរួមក្នុងកូដកម្មនេះ ផងដែរ។

UN៖ ជម្លោះស៊ូដង់បានឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសមនុស្សរាប់លាននាក់ក្នុងរយៈពេលមួយឆ្នាំ

2024/04/12 11:11:30 am        43
អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់បានរាយការណ៍ថាជិតមួយឆ្នាំនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសនេះបានធ្វើឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងរាប់លាននាក់ទៀតត្រូវបានរត់ភៀសខ្លួនចេញពីទីលំនៅ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ចាប់តាំងពីសង្រ្គាមនេះបានចាប់ផ្តើមផ្ទុះឡើងកាលពីខែមេសាឆ្នាំមុន។នៅថ្ងៃចន្ទទី១៥មេសាសប្ដាហ៍ក្រោយ គឺជាខួបមួយឆ្នាំនៃជម្លោះដែលកំពុងរីករាលដាលរបស់ប្រទេសនេះ។ អ្នកនាំពាក្យរូបនេះបាននិយាយថា មនុស្សជាង ៦ លាននាក់ត្រូវបានរត់ភៀសខ្លួនចេញពីជម្រក នៅក្នុងប្រទេសរបស់ខ្លួន ខណៈជនភៀសខ្លួនជិត ១ លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ ជាមួយគ្នានោះ មនុស្សជិត២៤លាននាក់ ត្រូវការជំនួយ។លោក Dujarric បាននិយាយថា ប្រទេសបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប នឹងធ្វើជាសហម្ចាស់ផ្ទះនៃសន្និសីទមនុស្សធម៌សម្រាប់ស៊ូដង់ និងប្រទេសជិតខាងក្នុងទីក្រុងប៉ារីសនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ។ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងមានសារជាវីដេអូសម្រាប់សន្និសីទនេះ។ ប្រទេសស៊ូដង់ដែលស្ថិតនៅអាហ្វ្រិកខាងជើងមួយនេះ បានធ្លាក់ក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ ។ អំពើហិង្សាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ បង្ខំឲ្យមនុស្សរាប់លាននាក់ផ្សេងទៀតរត់គេចពីជម្លោះ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសនេះ ពិសេសនៅក្នុងរដ្ឋធានីខាទុំ (Khartoum)៕

កងកម្លាំងការពារអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការជាថ្មី នៅតំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល

2024/04/12 10:47:24 am        60
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្តើមការដាក់ពង្រាយថ្មីនៅតំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល កាលព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។សេចក្តីប្រកាសនេះ បានសំដៅទៅលើ «ប្រតិបត្តិការដ៏ច្បាស់លាស់ និងផ្អែកលើព័ត៌មានចារកម្ម ដើម្បីលុបបំបាត់ក្រុមប្រតិបត្តិករភេរវកម្ម និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវករ នៅតំបន់ហ្កាហ្សាភាគកណ្តាល។សេចក្តីប្រកាសបានបន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅខាងលើ និងខាងក្រោមដី មុនពេលកងកម្លាំងជើងគោករបស់IDF ធ្វើការចល័តចូលទៅខាងក្នុង។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងទ័ពរបស់ខ្លួន «បានកំណត់អត្តសញ្ញាណ ភេរវករប្រដាប់អាវុធម្នាក់ ដែលបានចេញពីច្រកផ្លូវរូងក្រោមដីភេរវកម្មដែលនៅជាប់នឹងកងទ័ពIDF ហើយចូលទៅក្នុងរចនាសម្ព័ន្ធយោធា។ យន្តហោះចម្បាំងមួយគ្រឿង បានកំណត់គោលដៅគាត់ ពេលគាត់ចូលទៅជិតទាហានរបស់IDF។កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់ថា រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានគេរកឃើញបាញ់ ហើយកងទ័ពជើងទឹកអ៊ីស្រាអែល បានបាញ់ទៅលើគោលដៅនានា នៅក្នុងតំបន់នេះ។បុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងតំបន់ បានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៥ នាក់ បានស្លាប់នៅក្នុងប្លុកលំនៅដ្ឋានមួយ នៅជំរុំ Nuseirat សម្រាប់ជនភៀសខ្លួន ដែលស្ថិតនៅភាគនិរតីនៃទីក្រុងហ្កាហ្សា។

ការស្លាប់ពីជំងឺគ្រុនឈាមនៅប៉េរូ កើនឡើងលើសបីដង ដោយសារបម្រែបម្រួលអាកាសធាតុជំរុញកំណើនមូស

2024/04/12 10:21:28 am        42
ការស្លាប់ដោយសារជំងឺគ្រុនឈាមដែលបង្កឡើងពីមូសខ្លាខាំ បានកើនឡើងច្រើនជាងបីដងនៅក្នុងប្រទេសប៉េរូ រហូតមកទល់ពេលនេះ នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលរបស់ប្រទេសអាមេរិកខាងត្បូង ដែលកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីទប់ស្កាត់ការរាតត្បាតដែលបានវាយប្រហារតំបន់ក្រីក្រខ្លាំងបំផុត។ក្រសួងសុខាភិបាលរបស់ប៉េរូបាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍(១១ មេសា) មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ១១៧ នាក់ដែលបានចុះបញ្ជីនៅឆ្នាំនេះ បើធៀបនឹងចំនួន ៣៣ នាក់ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ករណីសង្ស័យក៏មានច្រើនជាងបីដងដែរ រហូតទៅដល់ប្រហែល ១៣៥.០០០ ករណី។រោគសញ្ញាទូទៅរួមមាន ចង្អោរ កន្ទួល និងឈឺចាប់រាងកាយ ខណៈពេលដែលទម្រង់ធ្ងន់ធ្ងរដ៏កម្រ គំរាមកំហែងដល់ទារក និងស្ត្រីមានផ្ទៃពោះ អាចបណ្តាលឱ្យមានការហូរឈាមខាងក្នុង និងអាចស្លាប់បាន។រដ្ឋាភិបាលរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតតេ (Dina Boluarte) ក្នុងសប្តាហ៍នេះបាននិយាយថា ខ្លួនបានអនុម័តលើ «ក្រឹត្យស្តីពីភាពអាសន្ន» ដែលអនុញ្ញាតឱ្យមានវិធានការសេដ្ឋកិច្ចវិសាមញ្ញ ដើម្បីជំរុញផែនការដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺនេះ ដែលអ្នកជំនាញនិយាយថាកាន់តែធ្ងន់ធ្ងរឡើងដោយសារបម្រែបម្រួលអាកាសធាតុបានជំរុញកំណើនមូស៕

ក្រុមបាតុកររាប់រយនាក់ តវ៉ាជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល សម្រេចបាននូវកិច្ចព្រមព្រៀងចំណាប់ថ្នូរ

2024/04/12 10:17:55 am        49
ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង តែលអាវីវ (Tel Aviv) កាលពីយប់ថ្ងៃព្រហស្បតិ៍ (១១ មេសា) ដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល និងគណៈរដ្ឋមន្ត្រីសង្គ្រាមឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស លើការដោះលែងចំណាប់ថ្នូរ ដោយភ័យខ្លាចថាពេលវេលានឹងអស់សម្រាប់អ្នកដែលនៅសេសសល់ក្នុងការឃុំខ្លួន។រដ្ឋាភិបាលអ៊ីស្រាអែល បានប្រឈមមុខនឹងសម្ពាធកើនឡើងពីក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល ចំនួន ១៣៣ នាក់ ដែលនៅតែត្រូវបានគេជឿថាត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ខណៈកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា មិនទាន់ទទួលបានកិច្ចព្រមព្រៀងជាក់ស្ដែងមួយ។ក្រុមហាម៉ាស កំពុងទាមទារឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល ការដកកងកម្លាំង និងការអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ អ៊ីស្រាអែល ចង់ធានាការវិលត្រឡប់របស់ចំណាប់ថ្នូរ ប៉ុន្តែនិយាយថាខ្លួននឹងមិនបញ្ចប់សង្រ្គាមទេ រហូតទាល់តែក្រុមហាម៉ាសត្រូវបានបំផ្លាញ ឬពុំមានកម្លាំងវាយប្រហារ ហើយថាខ្លួននៅតែគ្រោងនឹងវាយលុកទីក្រុងរ៉ាហ្វា ភាគខាងត្បូង ដែលមានជនស៊ីវិលភៀសខ្លួនជាងមួយលាននាក់កំពុងជ្រកកោន៕

អាមេរិក ប្រាប់បុគ្គលិកខ្លួននៅអ៊ីស្រាអែល កុំឱ្យធ្វើដំណើរទៅក្រៅក្រុង ស្របពេលអ៊ីរ៉ង់គំរាមសងសឹក

2024/04/12 10:14:38 am        64
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ថាខ្លួនបានដាក់កម្រិតបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល និងសមាជិកគ្រួសាររបស់ពួកគេពីការធ្វើដំណើរផ្ទាល់ខ្លួននៅខាងក្រៅទីក្រុង តែលអាវីវ (Tel Aviv) ហ្សេរុយសាឡឹម (Jerusalem) និង បេអឺសេវ៉ា (Be'er Sheva) ស្របពេលមានការគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងការសងសឹកប្រឆាំងនឹងសត្រូវក្នុងតំបន់។អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃទី០១ ខែមេសា លើបរិវេណស្ថានទូតរបស់ខ្លួនក្នុងក្រុងដាម៉ាស ដែលបានបង្កើនភាពតានតឹងបន្ថែមក្នុងតំបន់ដែលតានតឹងរួចទៅហើយនោះដោយសង្រ្គាមហ្កាហ្សា។ស្ថានទូតអាមេរិក បាននិយាយនៅក្នុងការដាស់តឿនសន្តិសុខនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ថា «ជាការប្រុងប្រយ័ត្ន បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេត្រូវបានដាក់កម្រិតក្នុងការធ្វើដំណើរផ្ទាល់ខ្លួននៅខាងក្រៅតំបន់នានានៃទីក្រុង តែលអាវីវ ដែលរួមទាំងតំបន់ ហឺសលីយ៉ា (Herzliya) ណេតាន់យ៉ា (Netanya) និង យ៉េហ៊ូដា (Yehuda), ទីក្រុងហ្សេរុយសាឡឹម និងទីក្រុងបេអឺសេវ៉ា រហូតដល់មានការជូនដំណឹងបន្ថែម»។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់ កំពុងគម្រាមបើកការវាយប្រហារដ៏សំខាន់មួយនៅអ៊ីស្រាអែល ហើយថាសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្តខ្លួន។ នៅពេលសាកសួរអំពីការដាស់តឿនសន្តិសុខ អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលឡឺ (Matthew Miller) បានលើកឡើងថា អ៊ីរ៉ង់ បាននិងកំពុងធ្វើការគំរាមកំហែងជាសាធារណៈលើអ៊ីស្រាអែល៕

ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា កើនឡើងដល់ជាង ៣៣.៥០០ នាក់

2024/04/12 10:08:53 am        195
ក្រសួងសុខាភិបាលហ្កាហ្សា បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ថា ការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៣.៥៤៥ នាក់ និងរបួស ៧៦.០៩៤ នាក់ទៀត ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៣ នាក់ និងមនុស្ស ៤៥ នាក់ផ្សេងទៀតរងរបួស។យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) និងតំបន់ជុំវិញនៅកណ្តាលហ្កាហ្សាស្ទ្រីប តាំងពីយប់ថ្ងៃពុធ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើលំនៅឋាន សាលារៀន និងវិហារអ៊ីស្លាម ក្នុងចំណោមកន្លែងផ្សេងទៀត ហើយកងកម្លាំងជើងគោករបស់ប្រទេសនេះ បានកាន់កាប់ទីតាំងនៅភាគខាងជើងនៃជំរំជនភៀសខ្លួន នូសៃរ៉ាត់។នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការយោធានៅភាគកណ្តាលហ្កាហ្សា កាលពីយប់ថ្ងៃពុធ ដោយផ្អែកលើព័ត៌មានចារកម្ម ដោយមានគោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ក្រុមហាម៉ាស៕

ពូទីន៖ រុស្ស៊ីត្រូវតែវាយប្រហារទីតាំងថាមពលអ៊ុយក្រែន ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគីវ

2024/04/12 08:55:15 am        280
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីត្រូវតែមានកាតព្វកិច្ចបើកការវាយប្រហារ ដែលបានបង្កការបំផ្លាញធ្ងន់ធ្ងរលើទីតាំងថាមពលអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគីវ ទៅលើគោលដៅជាច្រើនរបស់រុស្ស៊ី។មេដឹកនាំវិមានក្រឹមឡាំង ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលកំពុងនិយាយទៅកាន់សម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីបេឡារុស លោក អាឡិចសានឌ័រ លូកាសេនកូ(Alexander Lukashenko) បន្ទាប់ពីការវាយប្រហារកាលពីពេលយប់ដែលបានបំផ្លាញរោងចក្រអគ្គិសនីដ៏ធំមួយ នៅជិតទីក្រុងគីវ និងបានវាយប្រហាររោងចក្រថាមពលនៅក្នុងតំបន់ជាច្រើនរបស់អ៊ុយក្រែន។លោកប្រធានាធិបតី បាននិយាយថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃដំណើរការ គ្មានយោធាអ៊ុយក្រែន ជាគោលបំណងមួយដែលលោកបានលើកឡើងនៅពេលលោក បានបញ្ជូនទាហានរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។លោកនិយាយថា រុស្ស៊ី បានទប់មិនធ្វើការវាយប្រហារបែបនេះនៅក្នុងរដូវរងារ ដោយគិតគូរអំពីមនុស្សធម៌។ លោកបាននិយាយថា «អ្វីដែលលោកចង់និយាយគឺថា យើងមិនចង់បន្សល់ទុក ស្ថាប័នសង្គម គ្មានអគ្គិសនីប្រើប្រាស់នោះទេ ដូចជាមន្ទីរពេទ្យ និងកន្លែងជាច្រើនផ្សេងទៀត។ ប៉ុន្តែលោកបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ភាគច្រើនទៅលើរោងចក្រចម្រាញ់ប្រេង នៅក្នុងតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានជំរុញឱ្យទីក្រុងមូស្គូឆ្លើយតប។

ទាហានមីយ៉ាន់ម៉ា បានដកថយទៅកាន់ស្ពានព្រំដែនថៃ ក្រោយការប្រយុទ្ធគ្នាអស់ច្រើនថ្ងៃ

2024/04/11 01:42:10 pm        244
យោងតាមអ្នកនាំពាក្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានោឱ្យដឹងថា បុគ្គលិកយោធាមីយ៉ាន់ម៉ា ប្រមាណ ២០០ នាក់បានដកខ្លួនចេញទៅកាន់ស្ពានតភ្ជាប់ពីភូមិព្រំដែន មីយ៉ាវ៉ាឌី (Myawaddy) ទៅកាន់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (១១ មេសា) នេះ បន្ទាប់ពីមានការវាយលុកជាច្រើនថ្ងៃនៅក្នុងតំបន់ដោយក្រុមឧទ្ទាមប្រឆាំងរបបសឹក ខណៈប្រជាជនជាច្រើនកំពុងតម្រង់ជួរចាកចេញពីព្រំដែនខាងមីយ៉ាន់ម៉ា ឆ្ពោះទៅថៃ។រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់សហភាពមីយ៉ាន់ម៉ា កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមប្រដាប់អាវុធនៅជួរមុខជាច្រើន ហើយបានទទួលរងនូវការបរាជ័យជាច្រើននៅក្នុងតំបន់ព្រំដែន។ ការដកថយរបស់ទាហានរដ្ឋាភិបាលនៅ មីយ៉ាវ៉ាឌី ដែលនៅជាប់នឹងសហគមន៍ មេសុត (Mae Sot) របស់ថៃនេះ បង្ហាញពីការបាត់បង់សក្តានុពលនៃច្រកព្រំដែនដ៏សំខាន់មួយផ្សេងទៀតដែលមានផ្លូវល្បឿនលឿនដោយផ្ទាល់ទៅកាន់ផ្នែកខ្លះនៃភាគកណ្តាលមីយ៉ាន់ម៉ា។លោក ស ថនី (Saw Taw Nee) អ្នកនាំពាក្យនៃក្រុមសហភាពជាតិ ការ៉ែន (KNU) ដែលជាក្រុមប្រឆាំងរដ្ឋាភិបាលដឹកនាំការវាយលុកនៅ មីយ៉ាវ៉ាឌី បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ទាហានរត់ភៀសខ្លួនប្រហែល ២០០ នាក់ត្រូវបានប្រមូលផ្តុំនៅច្រកព្រំដែនចូលទៅក្នុងប្រទេសថៃ។ សារព័ត៌មានក្នុងស្រុក ឃីតធីត (Khit Thit) បានរាយការណ៍ថា អាជ្ញាធរថៃកំពុងពិភាក្សាជាមួយទាហាន ដើម្បីសម្រេចថាតើត្រូវផ្តល់កន្លែងភៀសខ្លួនឱ្យពួកគេ ឬយ៉ាងណា។អគ្គនាយកអន្តោប្រវេសន៍នៅតំបន់ មេសុត បាននិយាយថា មនុស្សជិត ៤.០០០ នាក់បានឆ្លងចូលទៅក្នុងភូមិព្រំដែនថៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកើនឡើងពីចំនួនប្រហែល ២.០០០ នាក់ក្នុងពេលធម្មតា៕

សម្ដេចធិបតី៖ នៅពេលខាងមុខ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញ

2024/04/11 01:24:20 pm        414
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យជូនទាំងប្រជាពលរដ្ឋ និងម្ចាស់បុរីនានា ហើយនៅពេលខាងមុខវិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញ។សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសងអញ្ជើញ ជា​អធិបតីពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ​ស្ថិតភូមិឱភាសាំង ​ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ដែលមាន​បញ្ហានៅតាមបុរីនានានោះទេ។ ​រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយឱ្យម្ចាស់​គម្រោង​អាចបន្តដំណើរការទៅបាន ហើយដោះស្រាយជូនប្រជាពលរដ្ឋជាអតិថិជន​ឱ្យទទួល​បាន​នូវអ្វីដែលបានទិញពីបុរីនោះ។សម្តេចធិបតី បានបញ្ជាក់ថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងមានស្ថានភាពល្អប្រសើរឡើងវិញ​នាពេលខាងមុខ។ សម្ដេចបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ជាសាល ក្នុងនោះក្រុមហ៊ុន​បរទេសជាច្រើន ក៏ត្រូវបានបិទឬបិទសាខាផងដែរ បញ្ហាទាំងនេះ កើតឡើងតាំងពីវិបត្តិជំងឺ​រាតត្បាយ​កូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសាកល រួមនឹងសង្គ្រាមនៅលើពិភពលោកផ្ទួនៗបន្តគ្នា។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ​ប្រឹងប្រែង​ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ល្អប្រសើរឡើងវិញ ដូចកាលពីមុនវិបត្តិកូវីដ-១៩៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ G7ទាមទារឲ្យមានបទឈប់បាញ់នៅលីបង់ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-អាមេរិក
06/17/2026 06:06 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM
លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​
06/17/2026 05:06 PM