ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

សន្តិសុខ និង សង្គម

ប្រទេសជប៉ុន បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA

2024/04/02 02:05:00 pm        63
ប្រទេសជប៉ុន បាននិយាយនៅថ្ងៃអង្គារ (០២ មេសា) នេះថា ខ្លួននឹងលុបចោលការផ្អាកផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ខណៈដែលស្ថាប័នផ្តល់ជំនួយនេះកំពុងធ្វើការដើម្បីទទួលបានការជឿទុកចិត្តឡើងវិញ បន្ទាប់ពីការចោទប្រកាន់ថាបុគ្គលិករបស់ខ្លួនមួយចំនួនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយធំជាងគេទីប្រាំមួយដល់ទីភ្នាក់ងារនេះ និងប្រទេសចំនួន ១៥ ផ្សេងទៀត បានផ្អាកការផ្តល់មូលនិធិប្រហែល ៤៥០ លានដុល្លារ បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល កាលពីខែមករា ដោយបានធ្វើឱ្យប្រតិបត្តិការរបស់ទីភ្នាក់ងារនេះនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម។ក្រោយមក បណ្តាប្រទេសរួមទាំងអូស្ត្រាលី និងកាណាដា បានស្ដារមូលនិធិឡើងវិញដល់ទីភ្នាក់ងារ UNRWA ដែលជាស្ថាប័នសង្គ្រោះដ៏ធំបំផុតកំពុងប្រតិបត្តិការនៅតំបន់ហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែលចាប់តាំងពីការវាយប្រហារ។រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកុ ខាមីកាវ៉ា (Yoko Kamikawa) ដែលបានជួបជាមួយប្រធាន UNRWA លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) នៅទីក្រុងតូក្យូ កាលពីសប្តាហ៍មុន បាននិយាយថា តួនាទីរបស់ទីភ្នាក់ងារនេះក្នុងការដោះស្រាយវិបត្តិតំបន់ហ្កាហ្សា គឺ «មិនអាចខ្វះបានឡើយ» ទោះបីជាកំពុងស្ថិតក្រោមការកែលម្អអភិបាលកិច្ច និងគ្រប់គ្រងហានិភ័យក៏ដោយ៕

ឧប្បត្តិហេតុប្រឆាំងមូស្លីមនៅអាមេរិក កើនឡើងខ្ពស់បំផុតក្នុងឆ្នាំ ២០២៣ ដោយសារសង្គ្រាមហ្កាហ្សា

2024/04/02 01:55:52 pm        64
ទិន្នន័យពីក្រុមតស៊ូមតិមួយបានបង្ហាញនៅថ្ងៃអង្គារ (០២ មេសា) នេះថា ការរើសអើង និងការវាយប្រហារលើជនជាតិមូស្លីម និងប៉ាឡេស្ទីនដែលបានរាយការណ៍ បានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៣ ដែលជំរុញដោយការកើនឡើងនៃភាពភ័យខ្លាចចំពោះអ្នកកាន់សាសនាអ៊ីស្លាម និងភាពលំអៀង ខណៈដែលសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា បានផ្ទុះឡើងនៅចុងឆ្នាំនេះ។ពាក្យបណ្តឹងសរុបមានចំនួន ៨.០៦១ ករណីក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើង ៥៦ ភាគរយពីឆ្នាំមុន និងខ្ពស់បំផុតចាប់តាំងពីក្រុមប្រឹក្សាស្តីពីទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) បានចាប់ផ្តើមកំណត់ត្រាជិត ៣០ ឆ្នាំមុន។ ក្រុមប្រឹក្សា CAIR បាននិយាយថាប្រហែល ៣.៦០០ ករណីនៃឧប្បត្តិហេតុទាំងនោះបានកើតឡើងចាប់ពីខែតុលា ដល់ខែធ្នូ។ក្រុមតស៊ូមតិផ្នែកសិទ្ធិមនុស្សបានរាយការណ៍ស្រដៀងគ្នានេះថា ការកើនឡើងជាសាកលនៅក្នុងភាពភ័យខ្លាចចំពោះអ្នកកាន់សាសនាអ៊ីស្លាម ការលំអៀងប្រឆាំងនឹងប៉ាឡេស្ទីន និងការប្រឆាំងជនជាតិជ្វីហ្វ ចាប់តាំងពីការផ្ទុះចុងក្រោយនៃជម្លោះនៅមជ្ឈិមបូព៌ា។របាយការណ៍របស់ក្រុមប្រឹក្សា CAIR បាននិយាយថា ឆ្នាំ ២០២៣ បានឃើញ «ការកើតឡើងវិញនៃការស្អប់ខ្ពើមប្រឆាំងនឹងមូស្លីម» បន្ទាប់ពីការធ្លាក់ចុះនៃពាក្យបណ្តឹងបែបនេះប្រចាំឆ្នាំលើកដំបូងក្នុងឆ្នាំ ២០២២។ ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៣ ឧប្បត្តិហេតុបែបនេះកើតឡើងជាមធ្យមប្រហែល ៥០០ ករណីក្នុងមួយខែ មុនពេលកើនឡើងដល់ជិត ១.២០០ ករណីក្នុងមួយខែនៅក្នុង ត្រីមាសចុងក្រោយនៃឆ្នាំនោះ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងលើសពី ៣២.៨០០ នាក់

2024/04/02 01:52:06 pm        107
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ (០១ មេសា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ៣២.៨០០ នាក់។យោងតាមក្រសួងបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២.៨៤៥ នាក់ និងរបួសដល់ ៧៥.៣៩២ នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។កាលពីថ្ងៃចន្ទ យោធាអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កងទ័ពរបស់ខ្លួនបានធ្វើប្រតិបត្តិការយោធាដាក់គោលដៅលើមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ដោយបានសម្លាប់បុគ្គលិកយោធាជាង ២០០ នាក់ និងចាប់ខ្លួនប្រហែល ៥០០ នាក់ផ្សេងទៀត។ នៅថ្ងៃចន្ទផងដែរនោះ កងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាសបាននិយាយថា បុគ្គលិកយោធារបស់ខ្លួនបានបើកការវាយប្រហារដោយគ្រាប់រ៉ូកែតទៅលើទាហានអ៊ីស្រាអែល និងរថយន្តយោធានៅក្រុង ខាន់ យូនីស (Khan Yunis) ហើយបានចូលរួមក្នុងការប៉ះទង្គិចជាមួយកងកម្លាំងជួយសង្គ្រោះអ៊ីស្រាអែល ដែលបណ្តាលឱ្យទាហានអ៊ីស្រាអែលរងរបួសជាច្រើន៕

អង្គការសហប្រជាជាតិ បន្តផ្តល់ជំនួយបន្ទាន់ដល់ប្រទេសហៃទី

2024/04/02 01:23:04 pm        100
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន បន្តធ្វើការងារជម្នះគ្រប់ឧបសគ្គដើម្បីផ្តល់ជំនួយបន្ទាន់ប្រចាំថ្ងៃដល់ប្រជាជនដែលរងផលប៉ះពាល់ដោយអំពើហិង្សានៅក្នុងរដ្ឋធានី ព័រ អូប្រាំង ប្រទេសហៃទី។លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) អាចផ្តល់អាហារជាង ២៨.០០០កញ្ចប់ ដល់ប្រជាជនដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដោយសារតែអំពើហិង្សា។ទោះបីជាមានអសន្តិសុខរីករាលដាលក៏ដោយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) រាយការណ៍ថា ខ្លួនបានផ្តល់ជំនួយស្បៀងអាហារដល់បុរស ស្ត្រី និងកុមារប្រមាណ ៤៨០.០០០នាក់នៅទូទាំងប្រទេស ចាប់តាំងពីដើម ខែមីនា មក។ លោកនិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ អាចធ្វើទៅបានដោយសារដៃគូនានាក្នុងតំបន់ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសហៃទី អាជីវកម្មក្នុងស្រុក និងអង្គការកសិករហៃទី។ក្នុងរយៈពេលមួយខែកន្លងទៅនេះ ដៃគូមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានផ្តល់ទឹកស្អាតជាង ២,៣លានលីត្រទៅកាន់មជ្ឈមណ្ឌលជម្លៀសប្រមាណ២៩កន្លែង ដែលបានផ្តល់ប្រយោជន៍ដល់ជនភៀសខ្លួនប្រមាណ ៦០.០០០នាក់ ហើយដៃគូផ្នែកសុខាភិបាល ក៏បានផ្តល់ឱសថ និងផ្តល់ជំនួយផ្លូវចិត្តដល់អ្នកទាំងឡាយណាដែលមានរបួស។លោកបាននិយាយថា វិស័យសុខាភិបាលរបស់ប្រទេសហៃទី បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអំពើហឹង្សាកាលពីខែមុន ដោយយ៉ាងហោចណាស់ពាក់កណ្តាលនៃមណ្ឌលសុខភាព នៅក្នុងរដ្ឋធានីត្រូវបានបិទ ឬដំណើរការក្រោមសមត្ថភាពធម្មតា។នៅទូទាំងប្រទេស មនុស្សជាង ៣៦០.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន ដែលក្នុងនោះ ១៦០.០០០នាក់ ស្ថិតនៅក្នុងទីក្រុងព័រអូប្រាំង។ សាលារៀនជាង ១.០០០កន្លែង ត្រូវបានបិទទ្វារនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ តម្រូវការមនុស្សធម៌ និងផែនការឆ្លើយតបសម្រាប់ប្រទេសហៃទី នៅតែបន្តខ្វះមូលនិធិយ៉ាងធ្ងន់ធ្ងរ ដោយទទួលបានមូលនិធិតិចជាង ៧ ភាគរយ នៃមូលនិធិ ៦៧៤ លានដុល្លារអាមេរិក ដែលត្រូវការ។

UN ត្រៀមបេសកកម្មទៅកាន់មន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលដកកងទ័ពចេញ

2024/04/02 01:09:03 pm        89
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិ កំពុងរៀបចំបេសកកម្មទៅកាន់មន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការដកខ្លួនរបស់កងទ័ពអ៊ីស្រាអែលចេញពីបរិវេណនេះ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា យើងកំពុងរៀបចំផែនការបេសកកម្មទៅកាន់មន្ទីរពេទ្យនេះឱ្យបានឆាប់តាមដែលយើងអាចធ្វើទៅបាន ដើម្បីជួយប្រជាជនឱ្យទទួលបានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ និងដើម្បីវាយតម្លៃស្ថានភាពមន្ទីរពេទ្យ។ បេសកកម្មនេះ ធ្វើឡើងខណៈយើងបានឃើញរបាយការណ៍ថា កងកម្លាំងការពារជាតិអ៊ីស្រាអែលចាកចេញពីបរិវេណមន្ទីរពេទ្យAl Shifa ។ អ្នកនាំពាក្យរូបនេះ បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) កំពុងរង់ចាំការកាត់បន្ថយជម្លោះ និងការធានាបានសុវត្ថិភាពសមស្របពីរដ្ឋាភិបាលអ៊ីស្រាអែល។ ទន្ទឹមនឹងនេះ នៅមន្ទីរពេទ្យ Al Aqsa តំបន់ហ្កាហ្សាភាគកណ្តាល ក្រុមអង្គការសុខភាពពិភពលោក កំពុងបំពេញបេសកកម្មមនុស្សធម៌នៅទីនោះ នៅពេលដែលជំរំតង់មួយកន្លែងនៅក្នុងបរិវេណមន្ទីរពេទ្យ ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ មនុស្ស៤នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស ។ លោក Dujarric និយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ពុំមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះបរិមាណនៃការផ្គត់ផ្គង់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ឬដំណើរការប្រសើរឡើងសម្រាប់ការចូលទៅកាន់ភាគខាងជើងឡើយ ។ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមីនា រថយន្តដឹកជំនួយចំនួន ១៥៩គ្រឿងជាមធ្យម បានឆ្លងកាត់តំបន់ហ្កាហ្សាក្នុងមួយថ្ងៃ។ ចំនួនច្រើនបំផុត គឺកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលរថយន្តដឹកជំនួយ ២៦៤គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា។ លោកបាននិយាយបន្តថា នេះនៅតែមានកម្រិតទាបជាងគោលដៅប្រតិបត្តិការ នៃរថយន្តដឹកជំនួយចំនួន ៥០០ គ្រឿងក្នុងមួយថ្ងៃ។

ទាហានអ៊ីស្រាអែល ដកខ្លួនចេញពីមន្ទីរពេទ្យហ្កាហ្សា ដោយបន្សល់ទុកកម្ទេចថ្ម និងសាកសពជាច្រើន

2024/04/02 11:51:39 am        110
កងកម្លាំងអ៊ីស្រាអែលបានចាកចេញពីមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃច័ន្ទ (០១ មេសា) បន្ទាប់ពីប្រតិបត្តិការរយៈពេលពីរសប្តាហ៍ដោយកងកម្លាំងពិសេស ដែលបានឃាត់ខ្លួនជនសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់រយនាក់ដែលសង្ស័យ និងបានបន្សល់ទុកនូវសំណល់កម្ទេចកម្ទីនៃអគារដែលត្រូវបានបំផ្លាញ ព្រមទាំងសាកសពជាច្រើន។ក្រុមមន្ត្រីប៉ាឡេស្ទីនបានហៅការវាយឆ្មក់លើមន្ទីរពេទ្យព្យាបាលអ្នកជំងឺរងរបួសធ្ងន់ធ្ងរនេះ ថាជាឧក្រិដ្ឋកម្មសង្គ្រាម ខណៈដែលក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា កងកម្លាំងពិសេសបានធ្វើការវាយប្រហារតាមគោលដៅប្រឆាំងនឹងមូលដ្ឋានរឹងមាំរបស់ក្រុមហាម៉ាស ដែលមានចេតនាដាក់ទីតាំងក្នុងចំណោមជនស៊ីវិលដែលងាយរងគ្រោះ។យោងទៅតាមយោធាអ៊ីស្រាអែលបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនចំនួនប្រហែល ៦.២០០ នាក់ ធ្លាប់បានជ្រកកោននៅក្នុងបរិវេណនោះ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងទៀតនៅភាគខាងជើងហ្កាហ្សា ដែលមានការផ្គត់ផ្គង់អគ្គិសនី និងទឹកមួយចំនួន។លោក អ៊ីស្មែល អាល់ថាវ៉ាបតា (Ismail Al-Thawabta) នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយតំបន់ហ្កាហ្សា របស់ក្រុមហាម៉ាស បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤០០ នាក់នៅក្នុង និងជុំវិញមន្ទីរពេទ្យនោះ រួមទាំងវេជ្ជបណ្ឌិតស្ត្រីម្នាក់ និងកូនប្រុសដែលជាវេជ្ជបណ្ឌិតផងដែរនោះ ហើយបានបញ្ឈប់សកម្មភាព និងប្រតិបត្តិការរបស់មន្ទីរពេទ្យទាំងមូល៕

ចំហេះព្រៃដ៏ច្រើនកន្លែងមិនធ្លាប់មាន បានវាយប្រហារវេណេស៊ុយអេឡា ក្នុងអំឡុងពេលគ្រោះរាំងស្ងួត

2024/04/02 11:48:38 am        82
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលថ្ងៃចន្ទ (០១ មេសា) បានឱ្យដឹងថា ប្រទេសវេណេស៊ុយអេឡា កំពុងទប់ទល់នឹងចំហេះព្រៃដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន ខណៈគ្រោះរាំងស្ងួតដែលជំរុញដោយបម្រែបម្រួលអាកាសធាតុបានលេបត្របាក់ប្រទេសតំបន់ព្រៃអាម៉ាហ្សូនមួយនេះ។យោងតាមទីភ្នាក់ងារស្រាវជ្រាវ អ៊ីនប៉េ (Inpe) របស់ប្រេស៊ីល ដែលឃ្លាំមើលទ្វីបអាមេរិកខាងត្បូង បានឱ្យដឹងថា ផ្កាយរណបបានចុះបញ្ជីចំណុចចំហេះជាង ៣០.២០០ កន្លែងនៅក្នុងប្រទេសវេណេស៊ុយអេឡា ចាប់ពីខែមករា ដល់ខែមីនា ដែលជាកម្រិតខ្ពស់បំផុតសម្រាប់រយៈពេលនោះ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៩ មក។នោះរាប់បញ្ចូលទាំងចំហេះព្រៃនៅព្រៃអាម៉ាហ្សូន ក៏ដូចជាព្រៃឈើ និងវាលស្មៅផ្សេងទៀតរបស់ប្រទេស។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ចំហេះដែលបង្កើតដោយមនុស្ស ដែលតែងតែធ្វើឡើងដើម្បីបោសសម្អាតដីសម្រាប់កសិកម្ម កំពុងរីករាលដាលដោយមិនអាចគ្រប់គ្រងបាន ដោយសារសីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់ទាបនៅភាគខាងជើងអាមេរិកខាងត្បូង ក៏ដូចជាកង្វះផែនការបង្ការជាដើម។នៅក្នុងប្រទេសវេណេសុយអេឡា ក្រុមពន្លត់អគ្គិភ័យប្រហែល ៤០០ នាក់បានប្រយុទ្ធនឹងចំហេះដ៏ធំមួយនៅថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទ័រ (Easter) នៅចុងសប្តាហ៍ ដែលគំរាមកំហែងដល់ឧទ្យានជាតិ ហិនរី ពីទៀ (Henri Pittier) ដែលជាតំបន់ឆ្នេរអភិរក្ស មានព្រៃឈើកម្រ នេះបើយោងតាមសេវាឧទ្យានជាតិ៕

ជនអន្តោប្រវេសន៍៤៨០នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រប្រទេសលីប៊ី កាលពីសប្តាហ៍មុន

2024/04/02 11:45:10 am        47
អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃចន្ទ បាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ៤៨០នាក់ ត្រូវបានជួយសង្គ្រោះនៅឆ្នេរសមុទ្រប្រទេសលីប៊ី កាលពីសប្តាហ៍កន្លងទៅនេះ។អង្គការ IOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៤ ជនអន្តោប្រវេសន៍ចំនួន ៤៨០នាក់ ត្រូវបានស្ទាក់ចាប់ ហើយបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសលីប៊ីវិញ។អង្គការ IOM បាននិយាយថា ជនអន្តោប្រវេសន៍ ដែលត្រូវបានជួយសង្គ្រោះរួមមានស្ត្រី ២៦ នាក់ និងកុមារ ៥ នាក់ ហើយសាកសពជនអន្តោប្រវេសន៍ពីរនាក់ត្រូវបានស្រង់យកមកវិញ។ជនអន្តោប្រវេសន៍សរុបចំនួន ៣.៧៩១នាក់ ត្រូវបានជួយសង្គ្រោះ ខណៈ១២០នាក់ បានស្លាប់ និង ២៥៣នាក់ផ្សេងទៀត បានបាត់ខ្លួននៅឆ្នេរសមុទ្រលីប៊ី។ជនអន្តោប្រវេសន៍គ្មានឯកសារជាច្រើននាក់ ដែលភាគច្រើនមកពីទ្វីបអាហ្រ្វិក បានជ្រើសរើសឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់ឆ្នេរសមុទ្រអឺរ៉ុបពីប្រទេសលីប៊ី ដែលទទួលរងភាពចលាចលចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលអតីតមេដឹកនាំចុងក្រោយ លោក មួម៉ាហ្គាដាហ្វី(Muammar Gaddafi) ត្រូវបានផ្ដួលរំលំ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសលីប៊ី លោក Emad al-Tarabelsi កាលពីពេលថ្មីៗនេះបាននិយាយព្រលយពាក្យថា ក្រសួងគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវសេន៍ខុសច្បាប់ជាង ២០.០០០ នាក់ក្នុងឆ្នាំនេះ។

ម៉ិកស៊ិក ជម្លៀសប្រជាជនរបស់ខ្លួន៣៤នាក់ ចេញពីប្រទេសហៃទី គេចពីវិបត្តិអំពើហិង្សា

2024/04/02 11:42:23 am        67
ប្រទេសម៉ិកស៊ិក បានជម្លៀសប្រជាជនរបស់ខ្លួនចំនួន ៣៤ នាក់ ដែលមានបំណងចាកចេញពីប្រទេសហៃទី ខណៈអំពើហឹង្សារបស់ក្រុមជនអន្ធពាល បានរាលដាលនៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។ កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក បានចែករំលែកវីដេអូបង្ហាញពីឧទ្ធម្ភាគចក្រ ចុះចតនៅចំណតឧទ្ធម្ភាគចក្ររបស់ស្ថានទូតសាធារណរដ្ឋដូមីនីក ក្នុងទីក្រុង ព័រ អូប្រាំង ដើម្បីទទួលយកប្រជាជនម៉ិកស៊ិក ដែលរួមមានអនីតិជន៧នាក់។ឧទ្ធម្ភាគចក្រ បាននាំយកអ្នកជម្លៀសខ្លួនទៅកាន់នាវាមួយគ្រឿងរបស់កងទ័ពជើងទឹក ដែលដឹកជនជាតិរបស់ខ្លួនត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ។ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការពិសេសនេះត្រូវបានដាក់ពង្រាយ ដោយសារតែអាកាសយានដ្ឋានអន្តរជាតិ របស់ប្រទេសហៃទីត្រូវបានគ្រប់គ្រងដោយខុសច្បាប់ ដោយក្រុមប្រដាប់អាវុធ។ការចាកចេញរបស់ជនជាតិបរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈអនាគតនយោបាយរបស់ប្រទេសនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រងរបស់ពួកគេនៅរដ្ឋធានី និងនៅតំបន់ដាច់ឆ្ងាយបន្ថែមទៀត។ ជម្លោះនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់សែននាក់បានភៀសខ្លួន ហើយការវាយប្រហារជាបន្តបន្ទាប់ រួមមានទាំង ការវាយឆ្មក់ទៅលើប៉ុស្តិ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ នាំឱ្យមានការផ្អាកជើងហោះហើរពាណិជ្ជកម្មជាច្រើនជើង។

នាវាដំបូងគេ បានឆ្លងកាត់ផ្លូវទន្លេជាបណ្តោះអាសន្ន បន្ទាប់ពីការបាក់ស្ពាននៅទីក្រុង Baltimore

2024/04/02 11:18:46 am        132
យោងតាមឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បាននិយាយថា នាវា ថាក់បូត គ្រីស្តាល់ ខូសថ៍(Tugboat Crystal Coast) ដែលមានផ្ទុកប្រេង គឺជានាវាដំបូងគេ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទន្លេដែលទើបបង្កើតថ្មី ជាបណ្តោះអាសន្ន នៅទីក្រុង Baltimore បន្ទាប់ពីការបាក់រលំស្ពាន Key Bridge ។ នាវានេះ ធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Dover ដោយមានផ្ទុកប្រេងឥន្ធនៈ។ផ្លូវឆ្លងកាត់គ្រាអាសន្ន មានទទឹង ២៦៤ ហ្វីត និងជម្រៅ ១១ហ្វីត ត្រូវបានសម្អាតកាលពីថ្ងៃចន្ទ ដើម្បីអនុញ្ញាតឱ្យនាវាសំខាន់ៗឆ្លងកាត់តាមដងទន្លេ Patapsco ជុំវិញបំណែកបាក់បែកនៅកន្លែងគ្រោះមហន្តរាយស្ពានបាក់។ផ្លូវទឹកជម្រៅ១៥ហ្វីត ទីពីរ ត្រូវបានគេរំពឹងថានឹងបើកក្នុងពេលឆាប់ៗនេះដើម្បីអនុញ្ញាតឱ្យនាវាសមុទ្រចូលទៅកាន់កំពង់ផែ Baltimore រួមជាមួយនឹងផ្លូវទឹកទីបីដែលមានជម្រៅកាន់តែជ្រៅជាងនេះ។អភិបាលរដ្ឋ លោក Wes Moore បាននិយាយកាលពីថ្ងៃច័ន្ទថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការនៃការចាប់ផ្តើមទាញយកបំណែកស្ពានចេញ ដោយចាប់ផ្តើមបើកបណ្តាញផ្លូវទឹក។ លោក ដាវីដ អូ ខន់នែល (David O'Connell) ប្រធានក្រុមឆ្មាំល្បាតឆ្នេរអាមេរិក ដែលជាអ្នកសម្របសម្រួលនៅកន្លែងកើតហេតុរបស់សហព័ន្ធ ទទួលបន្ទុកការឆ្លើយតបរួមចំពោះការបាក់ស្ពាន បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS News ថា បណ្តាញផ្លូវទឹកជំនួយត្រូវបានគ្រោងនឹងបើកនៅតាមបណ្តោយភាគឦសាននៃផ្លូវទឹក និងមួយខ្សែទៀតនឹងដំណើរការតាម បណ្តោយភាគខាងត្បូង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ជាមួយគ្នាបន្ថែមទៀត
06/15/2026 11:06 AM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្កើនក្តីសង្ឃឹមថា «សន្តិភាពនឹងត្រឡប់មកវិញ» នៅមជ្ឈិមបូព៌ា
06/15/2026 10:06 AM
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ លើកទី៩​
06/15/2026 09:06 AM
មេដឹកនាំពិភពលោកបញ្ចេញប្រតិកម្មចំពោះការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់
06/15/2026 08:06 AM
[UPDATE] ប៉ាគីស្ថាន៖ អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ហើយការចុះហត្ថលេខាត្រូវធ្វើឡើងនៅថ្ងៃសុក្រ
06/15/2026 08:06 AM
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM