អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

សន្តិសុខ និង សង្គម

មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅជាយរដ្ឋធានីហៃទី ខណៈភាពតានតឹងកើនឡើងខ្លាំង

2024/03/19 09:59:28 am        59
មនុស្សយ៉ាងតិច១០នាក់ ត្រូវបានសម្លាប់នៅជាយក្រុងដ៏សម្បូរទ្រព្យស្តុកស្តម្ភនៃរដ្ឋធានីរបស់ប្រទេសហៃទី កាលពីថ្ងៃច័ន្ទ (១៨ មីនា) និងមានការរាយការណ៍ពីការលួចទ្រព្យសម្បត្តិ ហើយនិងឧបករណ៍អគ្គិសនី ដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ខណៈដែលសកម្មភាពគ្មានច្បាប់បានរីករាលដាលដល់តំបន់អ្នកមានទាំងនេះ ហើយក្រុមជនអន្ធពាលបានរឹតបន្តឹងការកាន់កាប់ទីក្រុងកាន់តែខ្លាំងឡើង។សាក្សីសាររព័ត៌មាន រ៉យទ័រ ម្នាក់បានឃើញសាកសពមនុស្សយ៉ាងហោចណាស់ ១០ នាក់ ដែលសាកសពខ្លះមានរបួសគ្រាប់កាំភ្លើងកាលពីព្រឹកថ្ងៃច័ន្ទ នៅតាមដងផ្លូវ ប៉េតុងវីល (Petion-Ville) ជាយរដ្ឋធានី ព័រអូប្រាំង ហើយអាជ្ញាធរមិនបានធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍ជុំវិញការស្លាប់នោះទេ។ក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបាននិងកំពុងបង្កើនអំណាចរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានទាញយកប្រយោជន៍ពីការអវត្តមានកាលពីដើមខែនេះរបស់នាយករដ្ឋមន្ត្រីដែលលាលែងពីតំណែង លោក អារីយែល ហុងរី (Ariel Henry) ហើយបង្កើនអំពើហិង្សា ដោយវាយលុកហេដ្ឋារចនាសម្ព័ន្ធរួមទាំងស្ថានីយ៍នគរបាល និងការិយាល័យរដ្ឋាភិបាល។ដោយស្ថិតក្រោមសម្ពាធអន្តរជាតិ និងជាប់គាំងនៅដែនដីព័រតូរីកូ លោក ហុងរី បានប្រកាសលាលែងពីតំណែងដោយរង់ចាំការតែងតាំងក្រុមប្រឹក្សា និងការជំនួសបណ្តោះអាសន្នកាលពីមួយសប្តាហ៍មុន ប៉ុន្តែក្រុមប្រឹក្សាអន្តរកាលមិនទាន់ត្រូវបានតែងតាំងនៅឡើយ ស្របពេលមានការខ្វែងគំនិតគ្នាដោយក្រុមមួយចំនួនក្នុងការរើសតំណាងរបស់ខ្លួន៕

ជប៉ុន៖ មីស៊ីលបាលីស្ទីកផលិតនៅកូរ៉េខាងជើង បាញ់ទៅអ៊ុយក្រែន ដោយរុស្ស៊ី គឺមិនអាចទទួលយកបានជាដាច់ខាត

2024/03/19 09:54:33 am        96
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានថ្កោលទោសចំពោះការផ្គត់ផ្គង់សព្វាវុធពីប្រទេសកូរ៉េខាងជើងដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពី «ការរំសាយអាវុធនុយក្លេអ៊ែរ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ»។លោកស្រី Kamikawa បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា មីស៊ីលបាលីស្ទីកផលិតនៅកូរ៉េខាងជើង បាញ់ចូលទៅប្រទេសអ៊ុយក្រែន ដោយរុស្ស៊ី គឺពិតជាមិនអាចទទួលយកបាននោះទេ។លោកស្រី Kamikawa បានបញ្ជាក់ថា ប្រទេសជប៉ុន ជាប្រទេសតែមួយគត់ ជាជនរងគ្រោះនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ហើយការគំរាមកំហែងនិងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី មិនគួរឲ្យកើតឡើងទៀតឡើយ។លោកស្រី ក៏បានប្រកាសពីការបង្កើតក្រុម FMCT Friends ជាក្រុមអន្តេរតំបន់ដោយមានការចូលរួមពីរដ្ឋមានអាវុធនុយក្លេអ៊ែរ និងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ រួមមាន ប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នីហ្សេរីយ៉ា ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ក្រុមនេះ មានបំណងរក្សា និងបង្កើនការយកចិត្តទុកដាក់ផ្នែកនយោបាយលើក្រុម FMCT (សន្ធិសញ្ញាកាត់ផ្តាច់វត្ថុធាតុបំផ្ទុះបរមាណូ) នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

កូរ៉េខាងត្បូងបានផ្អាកអាជ្ញាបណ្ណវេជ្ជបណ្ឌិតជាន់ខ្ពស់២នាក់ ក្នុងដំណាក់កាលដាក់ទោសលើកដំបូងជុំវិញការដើរចេញពីការងារ

2024/03/19 09:28:24 am        93
វេជ្ជបណ្ឌិតម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរកូរ៉េខាងត្បូងបានផ្អាកអាជ្ញាបណ្ណរបស់វេជ្ជបណ្ឌិតជាន់ខ្ពស់ពីររូបពីបទញុះញង់ឱ្យមានការតវ៉ាដើរចេញពីការងាររយៈពេលមួយសប្តាហ៍ដោយអ្នកហាត់ការ និងអ្នកស្រុករាប់ពាន់នាក់ ដែលបានរំខានដល់ប្រតិបត្តិការមន្ទីរពេទ្យ។ការព្យួរនេះ គឺជាវិធានការដាក់ទណ្ឌកម្មដំបូងរបស់រដ្ឋាភិបាលប្រឆាំងគ្រូពេទ្យ បន្ទាប់ពីគ្រូពេទ្យកំពុងទទួលការបណ្តុះបណ្តាលបានឈប់ពីការងារកាលពីខែមុន ប្រឆាំងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រ។ ក្រុមមន្ត្រីបាននិយាយថា ផែនការជ្រើសរើសបុគ្គលិក មានបំណងបង្កើនចំនួនវេជ្ជបណ្ឌិតបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ប្រជាជនដែលបានកើនឡើងយ៉ាងឆាប់រហ័សរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេសដែលសមាមាត្រវេជ្ជបណ្ឌិតទៅនឹងចំនួនប្រជាជនគឺទាបបំផុត មួយក្នុងប្រទេសអភិវឌ្ឍន៍។ ប៉ុន្តែវេជ្ជបណ្ឌិតនិយាយថា សាលារៀនមិនអាចដោះស្រាយការកើនឡើងរបស់សិស្សានុសិស្សបានភ្លាមៗនោះទេ ហើយទីបំផុតនឹងធ្វើឱ្យប៉ះពាល់ដល់សេវាវេជ្ជសាស្រ្តរបស់ប្រទេសនេះ។ នៅដើមខែមីនានេះ រដ្ឋាភិបាលបានចាប់ផ្តើមចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់វេជ្ជបណ្ឌិតវ័យក្មេងដែលធ្វើកូដកម្ម បន្ទាប់ពីពួកគេបានបដិសេធបទបញ្ជាឱ្យចូលធ្វើការវិញកាលពីចុងខែកុម្ភៈ។នគរបាលកំពុងស៊ើបអង្កេតដាច់ដោយឡែកពីគ្នា លើសមាជិកជាន់ខ្ពស់ចំនួន៥នាក់នៃសមាគមគ្រូពេទ្យកូរ៉េ ហៅកាត់ថា KMAដែលតំណាងឱ្យវេជ្ជបណ្ឌិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ពីបទញុះញង់ និងជំរុញឲ្យធ្វើកូដកម្ម។លោក Park Myung-Ha ម្នាក់ក្នុងចំណោមសមាជិកទាំង៥នាក់បាននិយាយថាលោកបានទទួលលិខិតផ្ញើដោយរដ្ឋាភិបាលដែលនិយាយថាអាជ្ញាបណ្ណរបស់លោក នឹងត្រូវផ្អាករយៈពេលបីខែចាប់ពីថ្ងៃទី១៥ ខែមេសា។លោក Park ដែលបម្រើការនៅគណៈកម្មការសង្រ្គោះបន្ទាន់នៅKMA បាននិយាយថា ប្រធានគណៈកម្មការនេះ លោក Kim Taek-woo ក៏ត្រូវបានផ្អាកបីខែ៕

កង្វះស្បៀងអាហារនៅហ្កាហ្សា មានន័យថា ការស្លាប់យ៉ាងច្រើននឹងកើតឡើង

2024/03/19 08:53:06 am        116
ស្ថាប័នតាមដានការអត់ឃ្លានសកលបាននិយាយកាលពីថ្ងៃចន្ទថា កង្វះស្បៀងអាហារដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៃតំបន់ហ្កាហ្សា បានកើនឡើងលើសពីកម្រិតគ្រោះទុរ្ភិក្ស ហើយការស្លាប់ដ៏ច្រើននឹងកើតឡើងនៅពេលនេះ បើគ្មានបទឈប់បាញ់ភ្លាមៗ ហើយការដឹកជញ្ជូនជំនួយទៅកាន់តំបន់ផ្សេងៗត្រូវបានបង្អាក់ដោយសារតែការប្រយុទ្ធគ្នា។ ការចាត់ចំណាត់ថ្នាក់ស្បៀងអាហារតាមដំណាក់កាលរួមបញ្ចូលគ្នា ហៅកាត់ថា (IPC) ដែលការវាយតម្លៃត្រូវបានផ្អែកលើទីភ្នាក់ងារនានារបស់ង្គការសហប្រជាជាតិ បាននិយាយថា៦០%នៃប្រជាពលរដ្ឋរស់នៅក្នុងតំបន់នានានៅហ្កាហ្សាភាគខាងជើង កំពុងរងទុក្ខដោយសារកង្វះអាហារក្នុងកម្រិតធ្ងន់ធ្ងរបំផុត ក្នុងនោះមនុស្សជាង៦០%អាចនឹងធ្លាក់ក្នុងគ្រោះទុរ្ភិក្ស។ IPC បាននិយាយថា ខ្លួនមិនមានទិន្នន័យគ្រប់គ្រាន់ស្ដីពីចំនួនអត្រាការស្លាប់ទេ ប៉ុន្តែបានប៉ាន់ប្រមាណថា ពលរដ្ឋក្នុងតំបន់នោះនឹងស្លាប់ដោយសារតែលទ្ធភាពនៃគ្រោះទុរ្ភិក្ស ដែលបានកំណត់ថា មនុស្ស២នាក់ក្នុងចំណោម១ម៉ឺននាក់ បានស្លាប់រាល់ថ្ងៃ ដោយសារភាពអត់ឃ្លាន ឬកង្វះអារូបត្ថម្ភនិងជំងឺផ្សេងៗ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា កុមារ២៧នាក់ និងមនុស្សពេញវ័យ៣នាក់បានស្លាប់ព្រោះខ្វះអាហារូបត្ថម្ភ។ សរុបមក ពលរដ្ឋហ្កាហ្សាចំនួន១,១លាននាក់ ប្រហែលពាក់កណ្ដាលនៃប្រជាជនសរុបកំពុងជួបប្រទះកង្វះស្បៀងហារដ៏ធ្ងន់ធ្ងរបំផុត បច្ចុប្បន្នមនុស្សប្រហែល៣០ម៉ឺននាក់នៅក្នុងតំបន់នេះ កំពុងប្រឈមអត្រាស្លាប់ដ៏ច្រើនដោយសារកម្រិតនៃគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ៕

កងទ័ពជើងទឹកឥណ្ឌា បញ្ចេញវីដេអូបង្ហាញជួយសង្គ្រោះនាវា MV Ruen ដែលត្រូវបានចោរសមុទ្រប្លន់

2024/03/18 02:42:18 pm        100
កងទ័ពជើងទឹកប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូដែលបង្ហាញពីការជួយសង្គ្រោះនាវាដឹកទំនិញ ដែលត្រូវបានប្លន់ដោយចោរសមុទ្រប្រទេសសូម៉ាលី។ យោងតាមអ្នកនាំពាក្យរបស់កងទ័ពជើងទឹកបាននិយាយថា កងកម្លាំងជើងទឹកឥណ្ឌា រួមទាំងកងកុម្មង់ដូពិសេស បានរឹបអូសនាវាដឹកទំនិញមួយគ្រឿង ដោយបានជួយសង្គ្រោះសមាជិកនាវិក ១៧នាក់។វីដេអូ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយអ្នកនាំពាក្យ បានបង្ហាញពីចោរសមុទ្រប្រទេសសូម៉ាលី កំពុងត្រូវបានឃុំខ្លួននៅលើនាវា ខណៈសមាជិកនាវិកកំពុងត្រូវបានជម្លៀសចេញតាមនាវាកងទ័ពជើងទឹកតូចៗ។អ្នកនាំពាក្យកងទ័ពជើងទឹក បាននិយាយថា ប្រតិបត្តិការដែនសមុទ្ររបស់ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគេឆ្ពោះទៅរកការពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។កងទ័ពជើងទឹកបាននិយាយថា ចោរសមុទ្រទាំង ៣៥នាក់ ជិះនៅលើនាវា ជានាវាដឹកទំនិញមានទង់ជាតិប្រទេសម៉ាល់តា ឈ្មោះ Ruen បានលើកទង់ជ័យស ហើយនាវាត្រូវបានត្រួតពិនិត្យរកអាវុធ គ្រាប់រំសេវ និងសម្ភារៈប្រើប្រាស់ខុសច្បាប់។ នាវា Ruen ត្រូវបានប្លន់ដោយក្រុមចោរសមុទ្រ កាលពីឆ្នាំមុន ហើយកងទ័ពជើងទឹក បាននិយាយថា ខ្លួនបានស្ទាក់ចាប់នាវានេះ កាលពីថ្ងៃសុក្រ ទី១៥ មីនា។

ជំនួយយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល មានភាពយឺតយ៉ាវណាស់ ចំពេលមានជម្លោះអំពីការលុកលុយក្រុងរ៉ាហ្វា

2024/03/18 02:36:04 pm        120
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូប បាននិយាយថា ជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែល មានភាពយឺតយ៉ាវណាស់ ចំពេលមានជម្លោះជុំវិញប្រតិបត្តិការដែលបានគ្រោងទុកនៅទីក្រុងរ៉ាហ្វា។ដោយមានភាពតានតឹងកើនឡើងរវាងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មន្ត្រីដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ការបញ្ជូនអាវុធ និងគ្រាប់រំសេវ «មានភាពឆាប់រហ័សណាស់» បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។មន្ត្រីរូបនោះ បានប្រាប់ទូរទស្សន៍ ABCរបស់សហរដ្ឋអាមេរិកថា ប៉ុន្តែ«ឥឡូវនេះ យើងមើលឃើញថា វាយឺតណាស់ ដោយបន្ថែមថា អ៊ីស្រាអែលកំពុងអស់គ្រាប់រំសេវនិងគ្រាប់កាំភ្លើងធំ ធុន១៥៥មីលិ្លម៉ែត្រ សម្រាប់រថក្រោះរបស់ខ្លួន។ប្រធានាធិបតីអាមេរិក កំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែលជុំវិញការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា ចំពេលមានសង្រ្គាមដ៏អាក្រក់បំផុតដែលបានវាយលុក ចាប់តាំងពីក្រុមហាម៉ាស ចូលកាន់កាប់ក្នុងឆ្នាំ ២០០៧។កាលពីសប្តាហ៍មុន លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា ដែលជាមន្ត្រីជាប់ឆ្នោតជនជាតិជ្វីហ្វមានឋានៈខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក បាននិយាយថា លោកណេតាន់យ៉ាហ៊ូ (Netanyahu) បានវង្វេងផ្លូវ ហើយគួរតែរៀបចំការបោះឆ្នោតមួយសម្រាប់អ្នកជំនួសដ៏មានសក្តានុពល។លោក Schumer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំជឿថា ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលយើងចង់បាន អ៊ីស្រាអែលត្រូវតែធ្វើការកែតម្រូវមធ្យោបាយសំខាន់ៗមួយចំនួន»។

មនុស្ស២១ នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន

2024/03/18 02:28:24 pm        54
យ៉ាងហោចណាស់អ្នកដំណើរចំនួន ២១ នាក់បានស្លាប់ និងមនុស្ស ១១ នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ហែលម៉ាន់ (Helmand) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ (១៧ មីនា) នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលខេត្ត លោក ម៉ាវវ៉ាលី ម៉ូហាមេដ កាស៊ីមរ៉ាស (Mawlawi Mohammad Qasim Riaz)។គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវមួយក្នុងសង្កាត់ ហ្កេរ៉េស (Gereshk) កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ហើរ៉ាត (Herat) បានបុកជាមួយរថយន្តដឹកប្រេង និងម៉ូតូមួយគ្រឿង។ មន្ត្រីដដែលនោះបានបន្តថា រថយន្តក្រុងបានក្រឡាប់ និងឆេះបណ្តាលឲ្យមនុស្ស ២១ នាក់ស្លាប់នៅនឹងកន្លែង ដោយបន្ថែមថា មូលហេតុនៃគ្រោះថ្នាក់នេះអាចមកពីការបើកបរមិនប្រុងប្រយ័ត្ន ។មន្ត្រីរូបនោះបានបន្ថែមថា ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមលើឧបទ្ទវហេតុនេះ។ ក្នុងពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ បាកតា (Bakhtar) បាននិយាយថាមានមនុស្សស្លាប់ ២១ នាក់ និងរបួសដល់ទៅ ៣៨ នាក់។យោងតាមអគ្គនាយកដ្ឋាននគរបាលចរាចរណ៍អាហ្វហ្គានីស្ថាន បានឱ្យដឹងថា មនុស្សជាង ១.៦០០ នាក់ត្រូវបានសម្លាប់ និងជាង ៤.០០០ នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ១០ ខែចុងក្រោយនេះ៕

សាធារណៈរដ្ឋដូមីនីក ការពារព្រំដែន ខណៈអំពើហិង្សា ធ្វើឲ្យរង្គោះរង្គើប្រទេសហៃទី

2024/03/18 02:22:45 pm        66
អាជ្ញាធរសាធារណៈរដ្ឋដូមីនីក បានឃ្លាំមើលនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសហៃទី កាលពីថ្ងៃអាទិត្យ ក្នុងពេលមានអំពើហិង្សា និងអស្ថិរភាពនៅក្នុងប្រទេសនេះ។ អាជ្ញាធរសាធារណៈរដ្ឋដូមីនីក ក្នុង ទីក្រុង Dajabon ដែលត្រូវបានគេដឹងថាជាតំបន់ទំនិញផ្លាស់ប្តូរគ្នារវាងប្រជាជនហៃទី និងពលរដ្ឋក្នុងតំបន់ ត្រូវបានគេមើលឃើញថា បានកំពុងនិរទេសជនអន្តោប្រវេសន៍ហៃទី រាប់សិបនាក់ កាលពីថ្ងៃអាទិត្យ។ដោយឆ្លងកាត់ព្រំដែនប្រទេសហៃទី ក្នុងទីក្រុងភីសិន វីល (Petion-Ville) អ្នកលក់ដូរតាមដងផ្លូវ បានសម្តែងពីទុក្ខលំបាករបស់ពួកគេអំពីការខ្វះខាតអាជីវកម្ម ខណៈអំពើហិង្សាជាច្រើនខែបានធ្វើឱ្យពលរដ្ឋជាប់គាំងសាច់ប្រាក់ និងមិនអាចទិញទំនិញបាន។ប្រទេសហៃទី កំពុងព្យាយាម ដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌ ដែលអូសបន្លាយពេលជាយូរមកហើយ ដែលទីភ្នាក់ងារកុមារ អង្គការយូនីសេហ្វ បានព្រមានថា កំពុងបង្កឱ្យមានភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់អាយុជីវិត នៅក្នុងផ្នែកខ្លះនៃរដ្ឋធានី ព័រអូប្រាំង។ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដណ្តើមកាន់កាប់ភាគច្រើននៅក្នុងរដ្ឋធានី នៅក្នុងប្រទេសហៃទី ហើយក្រុមសិទ្ធិមនុស្ស បានរាយការណ៍ពីការសម្លាប់រីករាលដាល ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទ។ លោក អារីយ៉ែល ហេនរី (Ariel Henry) ជានាយករដ្ឋមន្ត្រីដែលមិនជាប់ឆ្នោតរបស់ប្រទេស បាននិយាយថាលោកនឹងលាលែចេញពីតំណែងនៅថ្ងៃចន្ទ ទី១៨ ខែមីនានេះ ខណៈលោកប្រឈមមុខនឹងសម្ពាធអន្តរជាតិ ។

ប្រធាន WHO ជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារជើងគោកលើទីក្រុង រ៉ាហ្វា

2024/03/18 01:27:36 pm        139
ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារជើងគោករបស់ខ្លួនទៅលើទីក្រុង រ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ដោយនិយាយថាមនុស្ស ១,២ លាននាក់ដែលស្នាក់នៅទីនោះ មិនមានកន្លែងមានសុវត្ថិភាពដើម្បីរត់គេចនោះទេ។ប្រធាន WHO លោក តេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានសរសេរនៅលើបណ្ដាញសង្គម X ដែលពីមុនជា Twitter ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃផែនការរបស់អ៊ីស្រាអែល ដើម្បីបន្តការវាយលុកថ្មើរជើងលើក្រុងរ៉ាហ្វា។ ការកើនឡើងបន្ថែមទៀតនៃអំពើហឹង្សានៅក្នុងតំបន់ដែលមានប្រជាជនច្រើននេះ នឹងនាំឱ្យមានការស្លាប់ និងការរងទុក្ខជាច្រើន ជាពិសេសកន្លែងថែទាំសុខភាព ដែលបានដួលរលំរួចទៅហើយនោះ»។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បានចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអនុម័តផែនការកាលពីថ្ងៃសុក្រ សម្រាប់ការវាយប្រហារលើទីក្រុងរ៉ាហ្វា ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងស្វែងរកទីជម្រក។ប្រធាន WHO បានបន្ថែមថា មហន្តរាយមនុស្សធម៌នេះ មិនត្រូវអនុញ្ញាតឱ្យកាន់តែអាក្រក់ទៅៗនោះទេ។ ទីភ្នាក់ងារសុខភាពពិភពលោកបានអំពាវនាវដល់អ៊ីស្រាអែលកុំឱ្យបន្តប្រតិបត្តិការយោធា ហើយផ្ទុយទៅវិញធ្វើការឆ្ពោះទៅរកសន្តិភាព «ក្នុងនាមមនុស្សជាតិ» ដើម្បីបញ្ចប់ការរសម្លាប់ដ៏បង្ហូរឈាមនេះ៕

លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្តផែនការវាយប្រហារទីក្រុង Rafah

2024/03/18 01:07:52 pm        101
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោក នឹងបន្តយុទ្ធនាការយោធាប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ជាកន្លែងដែលទីភ្នាក់ងារជំនួយនិយាយថា គ្រោះទុរ្ភិក្ស ជិតចូលមកដល់ ខណៈកិច្ចចរចាបទឈប់បាញ់ ត្រូវបានកំណត់បន្តឡើងវិញ។ លោក Netanyahu បាននិយាយទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា អ៊ីស្រាអែលនឹងរុលចូលទៅក្នុងទីក្រុង Rafah ជាកន្លែងសុវត្ថិភាពចុងក្រោយនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សាដែលមានមនុស្សច្រើន និងតូចចង្អៀត បន្ទាប់ពីសង្រ្គាមរយៈពេលជាងប្រាំខែ ទោះបីជាមានសម្ពាធពីអន្តរជាតិឲ្យអ៊ីស្រាអែល បញ្ចៀសការស្លាប់ និងរងរបួស ជនស៊ីវិល ក៏ដោយ។ លោកបាននិយាយបន្ទាប់ពីជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅទីក្រុងហ្សេរុយសាឡឹម ថា អ៊ីស្រាអែលនឹងមិនទុកឲ្យជនស៊ីវិលនៅជាប់ក្នុងទីក្រុង Rafah ឡើយ នៅពេលដែលកងកម្លាំងរបស់ខ្លួនចាប់ផ្តើមការវាយលុក។ សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានដាក់សម្ពាធលើលោក Netanyahu មិនឱ្យវាយប្រហារទីក្រុង Rafah ជាកន្លែងដែលប្រជាជនជាងមួយលាននាក់ភៀសខ្លួនពីផ្នែកផ្សេងៗនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញបានស្វែងរកទីជម្រក ដោយគ្មានផែនការការពារជនស៊ីវិល។ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងព្រឹត្តិការណ៍ St Patrick's Day នៅសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ លោកលីអូ វ៉ារ៉ាដកា(Leo Varadkar) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាក់លើតម្រូវការក្នុងការបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនាំយកចំណាប់ថ្នូរត្រឡប់មកផ្ទះវិញ។ លោក Biden និយាយថា ការចំណាត់ការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ គឺជា មធ្យោបាយតែមួយគត់សម្រាប់សន្តិភាព និងសន្តិសុខយូរអង្វែង។ លោក Varadkar បាននិយាយថា ប្រជាជននៅតំបន់ហ្កាហ្សា ត្រូវការអាហារ ថ្នាំពេទ្យ និងទីជម្រកយ៉ាងខ្លាំង។ លោកបាននិយាយថា ជាពិសេស ពួកគេត្រូវការឲ្យការទម្លាក់គ្រាប់បែកត្រូវបញ្ឈប់។ នេះត្រូវតែបញ្ឈប់ទាំងសងខាង ចំណាប់ថ្នូរត្រូវនាំយកមកលំនៅឋានវិញ ហើយការផ្តល់ជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាត។ អ៊ីស្រាអែលត្រូវតែផ្លាស់ប្តូរវិញការសម្រេចចិត្ត ដ៏គួឲ្យព្រួយបារម្ភ ក្នុងការអនុញ្ញាតឱ្យមានការវាយលុកជើងគោកចូលទៅក្នុងទីក្រុង Rafah ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលសាលា ប្រាប់ក្រុមការងារបន្តចុះឱ្យដល់ខ្នងផ្ទះដើម្បីស្តាប់ពីតម្រូវការពលរដ្ឋ និងដោះស្រាយ
06/14/2026 09:06 AM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស
06/14/2026 09:06 AM
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM