សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

មនុស្សយ៉ាងហោចណាស់៥០នាក់ បានរងរបួស ខណៈយន្តហោះក្រុមហ៊ុនអាកាសចរណ៍ LATAM ជួបឧបទ្ទវហេតុ

2024/03/12 10:29:05 am        200
យោងតាមក្រុមហ៊ុនអាកាសចរណ៍ និងអង្គភាពសេវាសុខភាពប្រទេសនូវែលហ្សេឡង់ដែលបានព្យាបាលអ្នករងរបួស បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ បានរងរបួសនៅពេលដែលយន្តហោះ Boeing ៧៨៧ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ LATAM Airlines LTM.SN បានជួបឧបទ្ទវហេតុភ្លាមៗនៅពាក់កណ្តាលជើងហោះហើរពីទីក្រុងស៊ីដនី(Sydney) ទៅកាន់ទីក្រុងអក់លែន(Auckland) កាលពីថ្ងៃចន្ទ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខាងត្បូងមួយនេះ បាននិយាយថា យន្តហោះបានជួបប្រទះដំណើរញ័រខ្លាំង។ជើងហោះហើរមានអ្នកដំណើរ ២៦៣នាក់ និងសមាជិកយានិក ៩នាក់ បានចុះចតនៅអាកាសយានដ្ឋាន ទីក្រុង Auckland តាមការគ្រោងទុកកាលពីរសៀលថ្ងៃច័ន្ទ។ មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកផ្សេងទៀតបានរងរបួសស្រាល ទៅមធ្យម។អ្នកជំនាញផ្នែកសុវត្ថិភាពនិយាយថា ឧបទ្ទវហេតុយន្តហោះភាគច្រើន គឺបណ្តាលមកពីកត្តារួមផ្សំដែលចាំបាច់ត្រូវស៊ើបអង្កេតឱ្យបានហ្មត់ចត់។ក្រុមហ៊ុន Boeing បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីប្រមូលព័ត៌មានបន្ថែម ហើយនឹងផ្តល់ការគាំទ្រណាមួយដល់ក្រុមហ៊ុនអាកាសចរណ៍។ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះជិតប្រហែល ៣ភាគរយ បន្ទាប់ពីឧបទ្ទវហេតុចុងក្រោយដែលពាក់ព័ន្ធនឹងយន្តហោះមួយគ្រឿងរបស់ខ្លួន។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កាលពីខែមករា បានរារាំងក្រុមហ៊ុនផលិតយន្តហោះដែលមានបញ្ហាពីការពង្រីកការផលិតយន្តហោះខ្នាតតូច 737 MAX ដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីបញ្ហាគុណភាព ដែលពុំអាចទទួលយកបាន។

ក្រុមហេសបូឡាអះអាងថា ខ្លួនបានវាយប្រហារដោយយានដ្រូនទៅលើប៉ុស្តិ៍អ៊ីស្រាអែល នៅហ្គោឡែនហៃស៍

2024/03/12 10:13:43 am        109
ក្រុមហេសបូឡានៅប្រទេសលីបង់ បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃចន្ទ ទៅលើទីស្នាក់ការការពារដែនអាកាសរបស់អ៊ីស្រាអែលឆ្លងកាត់ព្រំដែន នៅតំបន់ហ្គោឡែនហៃស៍ (Golan Heights)ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ក្រុមនេះ បានអះអាងថា ការវាយប្រហារដ៏កម្រ ដែលក្នុងនោះ ខ្លួនបានដាក់ពង្រាយយានដ្រូនចំនួន ៤ គ្រឿង បានវាយប្រហារគោលដៅរបស់ពួកគេជាមួយនឹង«ភាពត្រឹមត្រូវ» នៅក្នុងអ្វីដែលខ្លួនបាននិយាយថា ជាប្រតិបត្តិការមួយផ្សេងទៀត ក្នុងការគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។អ៊ីស្រាអែល បានដណ្តើមយកតំបន់ហ្គោឡែនហៃស៍ពីប្រទេសស៊ីរី ក្នុងឆ្នាំ១៩៦៧។ក្រុមហេសបូឡា ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងយោធាអ៊ីស្រាអែល បាននិងកំពុងបាញ់គ្នានៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីខែតុលា នៅពេលដែលក្រុមនេះ បានបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស ដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប។ការវាយប្រហាររបស់អ៊ីស្រាអែលភាគច្រើន ត្រូវបានកំណត់ត្រឹមតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាពួកគេ បានឆ្ពោះទៅភាគខាងជើងបន្ថែមទៀតក៏ដោយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ក្រុមហេសបូឡាកាលពីខែមុន បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតទៅលើគោលដៅដូចគ្នា នៅតំបន់ហ្គោឡែនហៃស៍។

ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា និងបញ្ឈប់អរិភាពក្នុងប្រទេសស៊ូដង់ ខណៈបុណ្យរ៉ាម៉ាដានចាប់ផ្តើម

2024/03/12 07:56:20 am        137
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យ "បញ្ឈប់ស្នូរអាវុធ" នៅតំបន់ហ្កាហ្សា ដើម្បីរំឭកដល់ខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ។លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា បុណ្យរ៉ាម៉ាដានប្រារព្ធឡើង បញ្ជាក់ពីការចង់បាន សន្តិភាព ការផ្សះផ្សា និងសាមគ្គីភាព។ ទោះបីជាពិធីបុណ្យរ៉ាម៉ាដានបានចាប់ផ្តើមក៏ដោយ ការសម្លាប់ ការទម្លាក់គ្រាប់បែក និងការបង្ហូរឈាមនៅតែបន្តនៅក្នុងហ្កាហ្សា។ លោកនិយាយថាការអំពាវនាវដ៏ម៉ឺងម៉ាត់បំផុតរបស់ខ្ញុំនៅថ្ងៃនេះគឺដើម្បីរំដល់បុណ្យរ៉ាម៉ាដានដោយការបញ្ឈប់ស្នូរអាវុធ និងសម្អាតរាល់ឧបសគ្គទាំងអស់ដើម្បីធានាបាននូវការផ្តល់ជំនួយសង្គ្រោះជីវិតឲ្យបានឆាប់បំផុត និងចំនួនដ៏ធំដែលត្រូវការ។ នៅពេលនោះ លោកក៏បានអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ផងដែរ។ ជាមួយគ្នានោះ លោក Guterres ក៏បានអំពាវនាវជាថ្មីឲ្យបញ្ឈប់អរិភាពក្នុងខែរ៉ាម៉ាដានក្នុងប្រទេសស៊ូដង់ ផងដែរ ដោយនិយាយថា ការប្រយុទ្ធនៅទីនោះត្រូវតែបញ្ចប់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនស៊ូដង់ដែលប្រឈមនឹងភាពអត់ឃ្លាន ការភ័យខ្លាច និងការលំបាកដែលមិនអាចរៀបរាប់បាន។លោកបានបន្ថែមថា ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំនយោបាយ សាសនា និងសហគមន៍នៅគ្រប់ទីកន្លែងឲ្យធ្វើអ្វីៗគ្រប់យ៉ាងតាមអំណាចដែលខ្លួនមាន ដើម្បីធ្វើឲ្យឱកាសដ៏បរិសុទ្ធនេះ ក្លាយជាពេលវេលាសម្រាប់ការយល់ចិត្ត សកម្មភាព និងសន្តិភាព៕

មនុស្សម្នាក់ស្លាប់ និង ១១នាក់រងរបួស ក្នុងការផ្ទុះកាំជ្រួច ក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់

2024/03/11 02:27:21 pm        238
ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១១នាក់ផ្សេងទៀត រួមទាំងអ្នកពន្លត់អគ្គិភ័យពីរនាក់ បានរងរបួសនៅក្នុងការផ្ទុះកាំជ្រួចនៅក្នុងរដ្ឋធានី តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។លោក Jalal Maleki អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតេអេរ៉ង់ បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតតំបន់ Grand Bazaar ទីក្រុងតេអេរ៉ង់ បន្ទាប់មកក្រុមអ្នកពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ។ លោកនិយាយថា ការផ្ទុះនិងអគ្គិភ័យជាបន្តបន្ទាប់ បានបណ្តាលឱ្យបាក់រលំដោយផ្នែកនៃអគារលំនៅឋានចាស់មួយកន្លែងមានកម្ពស់ពីរជាន់ ហើយបានលើកឡើងពីមូលហេតុនៃឧបទ្ទវហេតុនេះថាជាការផ្ទុះកាំជ្រួចផលិតក្នុងស្រុកក្នុងចំនួនយ៉ាងច្រើន។យោងតាមលោក ម៉ូហាម៉ាដ អ៊ីស្មេល តាវ៉ាកូលី (Mohammad Esmaeil Tavakoli) ប្រធានអង្គភាពសង្គ្រោះបន្ទាន់ទីក្រុងតេអេរ៉ង់ បាននិយាយថា អ្នករងរបួសពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ឧបទ្ទវហេតុជាច្រើន ដែលបង្កឡើងដោយកាំជ្រួច គឺកើតមានជាញឹកញាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងប៉ុន្មានថ្ងៃមុនពិធីបុណ្យភ្លើងជាប្រពៃណី។

ស៊ូដង់រកមធ្យោបាយដោះស្រាយជម្លោះឥតស្រាកស្រាន ខណៈបុណ្យរ៉ាម៉ាដាន ចាប់ផ្ដើម

2024/03/11 02:23:11 pm        209
ការប្រយុទ្ធគ្នាខ្លាំង បានបន្តរវាងភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ ទោះបីជាមានការអនុម័តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានក្នុងប្រទេសដែលញាំញីដោយជម្លោះក៏ដោយ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនៅក្នុងប្រទេសស៊ូដង់ ក្នុងអំឡុងខែបុណ្យរ៉ាម៉ាដាន។ ទាំងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅស៊ូដង់ បានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ។ ទោះយ៉ាងណា ភាគីទាំងសងខាងបាន បញ្ជាក់ពីលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់បទឈប់បាញ់។ កងកម្លាំងប្រដាប់អាវុធស៊ូដង់ ទាមទារឱ្យកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បំពេញសេចក្តីប្រកាសទីក្រុង Jeddah ដែលត្រូវបានព្រមព្រៀងគ្នាកាលពីពេលមុន រវាងភាគីជម្លោះទាំងពីរ ឲ្យដកថយចេញពីទីក្រុង និងតំបន់ទាំងអស់ ដែលពួកគេបានចូលគ្រប់គ្រងតាំងពីខែឧសភា ឆ្នាំ ២០២៣ ហើយប្រគល់មកវិញសម្បត្តិសាធារណៈ និងឯកជនទាំងអស់ដែលពួកគេបានរឹបអូសយក។ ជាការឆ្លើយតបកងកម្លាំងគាំទ្ររហ័ស(RSF) បានអំពាវនាវឱ្យមានការសន្ទនាដើម្បីបង្កើតយន្តការត្រួតពិនិត្យសម្រាប់ការអនុវត្តន៍សេចក្តីសម្រេច។ ការប្រយុទ្ធគ្នាបានបន្តនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។ ក្នុងពេលមានការប្រយុទ្ធគ្នានៅតែបន្ត នៅក្នុងតំបន់ផ្សេងៗរបស់ប្រទេស ប្រទេសស៊ូដង់បច្ចុប្បន្នប្រឈមមុខនឹងវិបត្តិជនភៀសខ្លួននៅខាងក្នុងប្រទេសដ៏ច្រើនបំផុតរបស់ពិភពលោក ដោយមានមនុស្សចំនួន ៦,៣ លាននាក់កំពុងស្វែងរកទីសុវត្ថិភាពនៅក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមជម្លោះ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជន១,៧លាននាក់ផ្សេងទៀត បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ឃាត់ខ្លួនចិនតៃវ៉ាន់ម្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដកហូតសារធាតុញៀន ៣៥ដុំ

2024/03/11 01:24:54 pm        446
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយ​នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ម្នាក់ និងដកហូតម្សៅសង្ស័យ​ជាសារធាតុញៀន ចំនួន៣៥ដុំ ខណៈដែលជនសង្ស័យត្រៀមឡើង​យន្តហោះ ចេញពីរាជធានីភ្នំពេញ។នគរបាលអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃការិយាល័យ​ត្រួតពិនិត្យគយអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យ​ការអមសាលា​ដំបូងរាជធានីភ្នំពេញ នាយកដ្ឋានច្រកទ្វារទី១ ​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ និង​នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការនៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យលើអ្នកដំណើរម្នាក់​ ឈ្មោះ HUANG TENG YAO ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ​ចិនតៃវ៉ាន់​ ធ្វើដំណើរតាមជើងយន្តហោះ ភ្នំពេញ-ហូជីមីញ រួចបន្តដំណើរពី ហូជីមីញ-តូក្យូ ។ ករណីនេះ មន្ត្រីគយ និងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញ​សមត្ថកិច្ចចម្រុះចូលរួម ​ដើម្បីត្រួតពិនិត្យជាក់ស្តែង និងបានផ្អាកដំណើរជនសង្ស័យ​ដើម្បីបន្ត​កសាង​កំណត់ហេតុបន្តនីតិវិធីច្បាប់។ក្រោយការត្រួតពិនិត្យជាក់ស្តែងលើដងខ្លួនរបស់ជនសង្ស័យរូបនេះ​ឃើញមានម្សៅក្រាមពណ៌ ស ច្រកក្នុងថង់រុំបង់ពណ៌ ស ដែលសង្ស័យជាសារធាតុញៀនចំនួន ​៣៥ដុំ និងបានធ្វើតេស្តម្សៅ​ក្រាមពណ៌ស ដោយប្រើម៉ាស៊ីនស្កែន TruNarc ជា​លទ្ធផលមានតម្រុយ​ជា​សារធាតុញៀន​ប្រភេទមេតំហ្វេតាមីន (METHAMPHETAMINE) ​ដែលស្ថិតនៅក្នុងតារាង II នៃច្បាប់ស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន។បច្ចុប្បន្នជនជាតិចិនតៃវ៉ាន់ឈ្មោះ HUANG TENG YAO ត្រូវបានសមត្ថកិច្ចកម្ពុជាសម្រេចឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ក្រុមហាម៉ាស បន្ទោសអ៊ីស្រាអែល លើការជាប់គាំងនៃកិច្ចចរចាបទឈប់បាញ់ តែនៅតែទុកឱកាសចរចា

2024/03/11 12:43:16 pm        213
ប្រធានក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) បានស្តីបន្ទោសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១០ មីនា) ចំពោះភាពជាប់គាំងនៃកិច្ចចរចាបទឈប់បាញ់ និងការច្រានចោលការទាមទាររបស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាមនៅលើតំបន់ហ្កាហ្សា ប៉ុន្តែបាននិយាយថាក្រុមនេះនៅតែស្វែងរកដំណោះស្រាយចរចា។លោក ហានីយ៉េ បាននិយាយថា អ៊ីស្រាអែលមិនទាន់បានផ្តល់ការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការវាយលុកយោធា និងដកកងកម្លាំងរបស់ខ្លួន ហើយអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបទេ។ ក្រុមហាម៉ាស បានប្តេជ្ញាចិត្តការពារប្រជាជនរបស់ខ្លួន ហើយទន្ទឹមនឹងនោះក៏ស្វែងរកដំណោះស្រាយដោយការចរចាផងដែរ។ក្រុមហាម៉ាស បានបង្កាត់ភ្លើងសង្គ្រាមដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ខ្លួនមនុស្ស ២៥៣ នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយលុកជើងគោក និងការទម្លាក់គ្រាប់បែកពីលើអាកាសទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើនកុះករ ដោយគិតត្រឹមថ្ងៃអាទិត្យ (១០ មីនា) បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣១.០៤៥ នាក់ និងបង្ករបួស ៧២.៦៥៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

គ្រឿងផ្គត់ផ្គង់ត្រូវបានទម្លាក់តាមយន្តហោះនៅហ្កាហ្សា ដែលផ្តល់ជំនួយមានកំណត់ដល់ប្រជាជន

2024/03/11 12:22:03 pm        241
យោងតាមប្រជាជនតំបន់ហ្កាហ្សា ដែលបានភៀសខ្លួនចេញ បាននិយាយថា ការទម្លាក់ជំនួយតាមយន្តហោះ នូវគ្រឿងផ្គត់ផ្គង់ទ្រទ្រង់ជីវិត ចូលទៅក្នុងតំបន់ហ្កាហ្សា ដោយបណ្តារដ្ឋអារ៉ាប់ បានធ្វើឡើងតិចតួចប៉ុណ្ណោះ ដើម្បីជួយក្នុងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលត្រូវបានហ៊ុមព័ទ្ធមួយនេះ ដោយសារការចំណាយខ្ពស់ ភាពច្បាស់លាស់មានកម្រិតទាប និងការគ្រប់គ្រងតំបន់មិនបានល្អ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន China Media Group (CMG) បានឲ្យដឹងថា ប្រជាជនដែលស្រេកឃ្លាន គ្មានជម្រើសអ្វីក្រៅពីប្រញ៉ាយគ្នាសម្រាប់ការផ្គត់ផ្គង់ដែលត្រូវបានពង្រាយ និងមានកំណត់ ហើយពួកគេជាច្រើននាក់ បានដួលសន្លប់ដោយសារតែអស់កម្លាំង។ ប្រជាជន លោក Mahmoud Al បាននិយាយថា យើងបានទៅរង្វង់មូល Nabulsi ដើម្បីទទួលបានម្សៅខ្លះ ប៉ុន្តែយើងមិនបានទទួលវានោះទេ។ ដូច្នេះយើងមកទីនេះដើម្បីទទួលបានការផ្គត់ផ្គង់តាមការទម្លាក់ជំនួយតាមយន្តហោះ។ លោកបានមកទីនេះមួយសប្តាហ៍មកហើយ ប៉ុន្តែទទួលបានតែជំនួយបីកំប៉ុងប៉ុណ្ណោះ។ កន្លែងនេះនៅដាច់ឆ្ងាយពីពិភពខាងក្រៅ និងមានការដឹកជញ្ជូនមិនបានល្អ។ ការផ្គត់ផ្គង់ភាគច្រើន បានធ្លាក់ចូលទៅក្នុងសមុទ្រ។ យើងមិនទទួលបានអ្វីទាំងអស់ ហើយយើងចង់បានមធ្យោបាយផ្តល់ជំនួយប្រសើរជាងការ ទម្លាក់ជំនួយតាមយន្តហោះ។កាលពីចុងខែកុម្ភៈ លោក រ៉ាម៉េស រ៉ាចាសស៊ីងហាម(Ramesh Rajasingham) ប្រធាន និងជាអ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានព្រមានថា យ៉ាងហោចណាស់មនុស្ស ៥៧៦.០០០នាក់ មួយភាគបួននៃប្រជាជនជាង ២ លាននាក់នៅតំបន់ហ្កាហ្សា អាចនឹងធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស។

ជប៉ុន ប្រារព្ធខួប១៣ឆ្នាំចាប់តាំងពីរញ្ជួយដី រលកយក្សស៊ូណាមិ និងឧបទ្ទវហេតុនុយក្លេអ៊ែរ ឆ្នាំ ២០១១

2024/03/11 12:18:19 pm        205
ប្រជាជននៅទូទាំងប្រទេសជប៉ុន កំពុងរំលឹកដល់អ្នកបាត់បង់ជីវិត ក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។ នៅថ្ងៃច័ន្ទនេះ គឺជាខួប ១៣ឆ្នាំ នៃការរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្នុងប្រទេសជប៉ុន។ ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបង្កឲ្យមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏ធំ ដែលនៅតែពុំទាន់ត្រូវបានដោះស្រាយនៅឡើយ។ ការរញ្ជួយដីកម្រិត ៩,0 រិចទ័រ បានវាយប្រហារនៅម៉ោង ២:៤៦នាទីរសៀលម៉ោងក្នុងស្រុក នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅឆ្នេរសមុទ្រនៃតំបន់ភាគឦសានទីក្រុង Tohoku ដែលវាបានកើតមានរលកយក្សស៊ូណាមិ កម្ពស់ជាង ១០ ម៉ែត្រ ដោយបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន។អាជ្ញាធរបាននិយាយថា មនុស្សជាង ២២.០០០នាក់បានបាត់ខ្លួន ឬស្លាប់ ដោយសារគ្រោះមហន្តរាយនេះ។ ការបំផ្លិចបំផ្លាញ បានបង្ខំឲ្យមនុស្សរាប់សែននាក់ទៀត ចាកចេញពីលំនៅឋានរបស់ពួកគេ ដែលរហូតមកដល់ពេលនេះ មនុស្សជាង ២៩.០០០ នាក់នៅតែពុំអាចវិលត្រឡប់មកវិញបាន។ រលកយក្សស៊ូណាមិ ក៏បានបោកបក់ចូលទៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគុស្ស៊ីម៉ា ដាយអ៊ីឈី (Fukushima Daiichi)។កាលពីឆ្នាំមុន ប្រតិបត្តិកររោងចក្រ គឺក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ឬ TEPCO បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួច ចេញពីរោងចក្រទៅក្នុងសមុទ្រ។ ទឹកត្រូវបានពង្រាវដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានរកឃើញការបញ្ចេញទឹកនេះថា ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។

ឯកអគ្គរដ្ឋទូតចិន៖ អ្នកនិពន្ធអូស្ត្រាលីដែលត្រូវកាត់ទោសស្លាប់នៅចិន ប្រហែលជាមិនត្រូវប្រហារជីវិតឡើយ

2024/03/11 12:14:45 pm        209
ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃចន្ទ (១១ មីនា) នេះថាការកាត់ទោសប្រហារជីវិតដែលត្រូវបានព្យួរ កាលពីខែមុនដល់អ្នកនិពន្ធជនជាតិអូស្ត្រាលី ដែលកំពុងជាប់ពន្ធនាគារលោក យ៉ាង ហេងជុន (Yang Hengjun) ប្រហែលជាមិនត្រូវបានអនុវត្តទេ ប្រសិនបើអតីតអ្នកសរសេរប្លុកគាំទ្រលទ្ធិប្រជាធិបតេយ្យរូបនេះមិនប្រព្រឹត្តបទឧក្រិដ្ឋអ្វីទៀត។លោកឯកអគ្គរដ្ឋទូត សាវ ឈាន (Xiao Qian) បាននិយាយនៅឯកិច្ចប្រជុំកំពូលធុរកិច្ចត្រួតពិនិត្យហិរញ្ញវត្ថុអូស្ត្រាលី នៅថ្ងៃចន្ទនេះថា ការព្យួរទោសពីតុលាការក្រុងប៉េកាំង លើបទចោទប្រកាន់ចារកម្ម មិនតម្រូវឱ្យមានការប្រហារជីវិតភ្លាមៗចំពោះលោក យ៉ាង នោះទេ។ ប្រសិនបើលោក យ៉ាង គោរពតាមលក្ខខណ្ឌនៃការជាប់ពន្ធនាគាររបស់ខ្លួនហើយមិនប្រព្រឹត្តបទឧក្រិដ្ឋអ្វីទៀតនោះ «តាមទ្រឹស្តីគឺមានឱកាសដែលលោកនឹងមិនត្រូវបានប្រហារជីវិត»។ការអត្ថាធិប្បាយរបស់លោក សាវ គឺជាលើកដំបូងដែលមន្ត្រីចិនបានបញ្ជាក់ថា លោក យ៉ាង អាចនឹងមិនត្រូវបានគេប្រហារជីវិត។ អ្នកសរសេរប្លុកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាអ្នកសរសេរប្រលោមលោកចារកម្ម លោក យ៉ាង ហេងជុន គឺជាពលរដ្ឋអូស្ត្រាលីកើតក្នុងប្រទេសចិន ដែលធ្វើការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មុនពេលត្រូវចាប់ខ្លួននៅអាកាសយានដ្ឋានក្វាងចូវ ក្នុងឆ្នាំ ២០១៩។តុលាការក្រុងប៉េកាំង កាលពីខែមុនបានព្យួរទោសប្រហារជីវិតរបស់លោក លើបទចោទប្រកាន់ចារកម្មដែលធ្វើឱ្យក្រុមគ្រួសារ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃុំខ្លួនរយៈពេលប្រាំឆ្នាំនៅទីក្រុងប៉េកាំង និងបីឆ្នាំបន្ទាប់ពីការកាត់ក្តីបិទទ្វាររបស់លោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM