អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

នគរបាលទីក្រុង Kansas ភ្ជាប់ការបាញ់ប្រហារការជួបជុំកីឡា Super Bowl ទៅនឹងជម្លោះ ពុំមែនភេរវកម្មទេ

2024/02/16 12:45:56 pm        49
អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះដែលពាក់ព័ន្ធនឹងមនុស្សជាច្រើន បានបង្កឱ្យមានការបាញ់ប្រហារនៅក្នុងទីក្រុង Kansas បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស២២នាក់ បន្ទាប់ពីការប្រារព្ធពិធីមួយសម្រាប់ក្រុម NFL ដែលទទួលរង្វាន់កីឡា Super Bowl របស់ទីក្រុង ដោយអាជ្ញាធរបង្ហាញថា ពុំមានការជាប់ទាក់ទងទៅនឹងភាពជ្រុលនិយមនោះទេ។ ស្នងការនគរបាល លោកស្រី ស្តាស៊ី ហ្គ្រេវ(Stacey Graves) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Missouri ថា អនីតិជនពីរនាក់ និងមនុស្សពេញវ័យម្នាក់ ត្រូវបានឃុំខ្លួនជាជនសង្ស័យ។ លោកស្រី និយាយថា អាវុធមួយចំនួនត្រូវបានរកឃើញ។ លោកស្រី Graves និយាយថា ជម្លោះ រវាងមនុស្សមួយចំនួន គឺនៅពីក្រោយការបាញ់ប្រហារ ដែលបានប្រែក្លាយការប្រារព្ធពិធីរបស់ក្រុម Chiefs ដែលបានយកឈ្នះលើក្រុម San Francisco 49ers ក្នុងការប្រកួតកីឡា Super Bowl ទៅជាហេតុការណ៍នៃការបង្ហូរឈាម និងការភ័យតក់ស្លុត។ ក្រុមអ្នកគាំទ្ររាប់លាននាក់ បានមកប្រមូលផ្តុំគ្នាសម្រាប់ការហែរក្បួន និងការជួបជុំ ហើយសំឡេងនៃការបាញ់ប្រហារ បានធ្វើឲ្យអ្នកចូលរួមយ៉ាងច្រើន រកន្លែងលាក់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានបង្កើនចំនួនជនរងគ្រោះដោយការបាញ់កាំភ្លើងដល់ ២៣នាក់ និងបាននិយាយថា អាយុរបស់ពួកគេមានចាប់ពី ៨ឆ្នាំ ដល់៤៧ឆ្នាំ ។ នគរបាល នៅតែព្យាយាមកំណត់ថាតើមាននរណាផ្សេងទៀតពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។ លោកស្រីស្នងការ បាននិយាយថា លោកស្រីចង់ឱ្យអ្នកទទួលខុសត្រូវទាំងអស់នេះ ត្រូវបាននាំទៅកាន់តុលាការ ។ មន្ទីរពេទ្យកុមារ បាននិយាយថា ខាងមន្ទីពេទ្យ បានព្យាបាលកុមារចំនួន៩នាក់ ដែលរងការបាញ់ប្រហារ ហើយជនរងគ្រោះទាំងអស់ដែលយើងបានឃើញ ត្រូវបានគេរំពឹងថានឹងជាសះស្បើយឡើងវិញ។

ក្រុមហ៊ុន Google នឹងចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅមុនការបោះឆ្នោតសហភាពអឺរ៉ុប

2024/02/16 12:38:19 pm        60
ក្រុមហ៊ុន Google កំពុងរៀបចំចាប់ផ្តើមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចំនួន ៥ ក្នុងសហភាពអឺរ៉ុប ដែលក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Reuters នៅមុនការបោះឆ្នោតសភារបស់ប្លុកនេះ និងការរឹតបន្តឹងច្បាប់ថ្មី សម្រាប់ដោះស្រាយមាតិកា នៅតាមប្រព័ន្ធអនឡាញ។ នៅខែមិថុនា ពលរដ្ឋសហភាពអឺរ៉ុប នឹងបោះឆ្នោតសភាអឺរ៉ុបថ្មី ដើម្បីអនុម័តគោលនយោបាយ និងច្បាប់នានានៅក្នុងតំបន់ ហើយសមាជិកសភា ព្រួយបបារម្ភថាការរាលដាលព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត អាចជះឥទ្ធិពលដល់អ្នកបោះឆ្នោត។ ប្រទេសបារាំង ប៉ូឡូញ និងអាល្លឺម៉ង់ បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ពីការដាក់បញ្ចូលគ្នានូវបណ្តាញពិនិត្យពិច័យនៃគេហទំព័រ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្ររុស្ស៊ី។ ច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ដែលចូលជាធរមានក្នុងសប្តាហ៍នេះ នឹងតម្រូវឱ្យវេទិកាប្រព័ន្ធអនឡាញធំៗ និងម៉ាស៊ីនស្វែងរក ធ្វើការបន្ថែមទៀតដើម្បីដោះស្រាយមាតិកាខុសច្បាប់ និងហានិភ័យចំពោះសន្តិសុខសាធារណៈ។ ចាប់ពីខែមីនា អង្គភាព Jigsaw ផ្ទៃក្នុងរបស់ក្រុមហ៊ុន Google ដែលធ្វើប្រតិបត្តិការដើម្បីដោះស្រាយការគំរាមកំហែងដល់សង្គម នឹងដំណើរការការផ្សាយពាណិជ្ជកម្មដែលមានចលនាជាច្រើនជាបន្តបន្ទាប់ នៅលើវេទិកាដូចជា TikTok និង YouTube នៅក្នុងប្រទេសចំនួន៥ នៅសហភាពអឺរ៉ុប មានប្រទេស បែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសប៉ូឡូញ។ ដោយផ្អែកលើយុទ្ធនាការមុនៗ ដែលក្រុមហ៊ុនបានសាកល្បងនៅក្នុងប្រទេសអាល្លឺម៉ង់ និងនៅអឺរ៉ុបកណ្តាល អង្គភាព Jigsaw បាននិយាយថា គម្រោងថ្មីនេះគឺជាឱកាសមួយ ដើម្បីទៅដល់ប្រជាជននៅក្នុងបណ្តាប្រទេសមានចំនួនអ្នកបោះឆ្នោតច្រើនបំផុតនៅក្នុងសហភាពអឺរ៉ុប ដោយប្រើប្រាស់អ្នកជំនាញក្នុងស្រុករបស់ក្រុមហ៊ុន នៅក្នុងតំបន់ទាំងនោះ។ការផ្សាយពាណិជ្ជកម្ម នឹងបង្ហាញនូវបច្ចេកទេសគេហៅថា«យុទ្ធសាស្ត្រថ្មីដើម្បីជួយប្រជាជន» ដែលត្រូវបានបង្កើតឡើង ក្នុងភាពជាដៃគូជាមួយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge និង Bristol ក្នុងគោលបំណងជួយអ្នកចូលមើល កំណត់អត្តសញ្ញាណមាតិកាដែលបំភាន់ មុនពេលជួបប្រទះវា។

ក្រុមសកម្មជនសិទ្ធិមនុស្សឥណ្ឌូណេស៊ី តវ៉ាប្រឆាំងជ័យជម្នះការបោះឆ្នោតរបស់លោក Prabowo

2024/02/16 12:34:58 pm        110
ក្រុមបាតុករ និងសកម្មជនសិទ្ធិមនុស្សក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ១៥ កុម្ភៈ បានតវ៉ាប្រឆាំងនឹងជ័យជម្នះរបស់លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីលទ្ធផលការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ ដែលបានផ្តល់ជ័យជម្នះឱ្យទៅលើអតីតមេបញ្ជាការកងកម្លាំងពិសេស នៅក្នុងការបោះឆ្នោតតែមួយជុំ។ ក្រុមបាតុករបានលើកបដា និងផ្ទាំងប្រកាសនានាមានរូបថតរបស់ជនរងគ្រោះនៃការចាប់ជំរិតនៅក្បែរលោកPrabowo។ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ ត្រូវបានរងការចោទប្រកាន់ជាយូរមកហើយពីបទប្រព្រឹត្តខុសកន្លងមក រួមទាំងការជាប់ពាក់ព័ន្ធក្នុងការចាប់ជំរិតសកម្មជននិស្សិតក្នុងឆ្នាំ ១៩៩៨ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសប៉ាពួ និងទីម័រខាងកើត។ ការចោទប្រកាន់ទាំងនេះ ពុំមានភស្តុតាងបញ្ជាក់ទេ ហើយលោកតែងតែបដិសេធមិនទទួលខុសត្រូវណាមួយឡើយ។ លោក Prabowo វ័យ៧២ ឆ្នាំបានប្រកាសជ័យជម្នះនៅចំពោះមុខប្រជាជនឥណ្ឌូនេស៊ីដែលជាអ្នកគាំទ្រលោកដ៏រីករាយទាំងអស់កាលពីល្ងាចថ្ងៃពុធបន្ទាប់ពីអ្វីដែលគេហៅថាការរាប់សន្លឹកឆ្នោតរហ័សដោយក្រុមអ្នកបោះឆ្នោតឯករាជ្យ ត្រឹមត្រូវនៅក្នុងការបោះឆ្នោតកន្លងមក បង្ហាញថារូបបានឈ្នះសំឡេងឆ្នោតជិត ៦០%។ គេរំពឹងថាទីភ្នាក់ងារជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា៕

ក្រុមកសិករប៉ូឡូញ គប់ស៊ុតលើការិយាល័យសហភាពអឺរ៉ុប អំឡុងការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប

2024/02/16 12:24:09 pm        80
ក្រុមប្រជាកសិករប៉ូឡូញបានដុតសំបងកង់រថយន្តនៅលើកាំជណ្ដើរការិយាល័យរដ្ឋាភិបាលក្នុងតំបន់ និងបានគប់ស៊ុតទៅលើការិយាល័យគណៈកម្មការអឺរ៉ុប នៅក្នុងទីក្រុង រ៉ូក្លាវ (Wroclaw)ភាគខាងលិចកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១៥ ខែកុម្ភៈ សប្ដាហ៍នេះ ខណៈពួកគេតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប។ កសិករនៅទូទាំងទ្វីបអឺរ៉ុបកំពុងតវ៉ាប្រឆាំងនឹងឧបសគ្គដែលដាក់លើពួកគេដោយវិធានការរបស់សហភាពអឺរ៉ុបដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ក៏ដូចជាការកើនឡើងនៃការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាអ្វីដែលពួកគេនិយាយថាគឺជាការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស ជាពិសេសអ៊ុយក្រែន។យោងតាមអ្នករៀបចំបាតុកម្ម មានអ្នកតវ៉ាចូលរួមប្រហែល ១ពាន់នាក់ និងត្រាក់ទ័រ ៥០០គ្រឿង និងរថយន្តកសិកម្មផ្សេងទៀតនៅក្នុងបាតុកម្មនោះ។ វីដេអូពីទូរទស្សន៍ឯកជន TVN24 បានបង្ហាញក្រុមបាតុករដើរដង្ហែតាមដងផ្លូវដោយកាន់ទង់ជាតិប៉ូឡូញ បដា និងមានការដុតបំពួកភ្លើងផងដែរ។ ក្រុមប្រជាកសិករបានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការរដ្ឋាភិបាលប្រចាំតំបន់ ជាកន្លែងដែលពួកគេដុតសំបងកង់រថយន្ត បង្កឲ្យមានផ្សែងហុយឡើងលើអាកាស។ទោះបីជាអ្នករៀបចំស្នើឱ្យបំបែកជួរក៏ដោយ វីដេអូបង្ហាញថា មនុស្សជាច្រើនពុំបានបំបែកគ្នានោះទេ។កសិករប៉ូឡូញគ្រោងបិទច្រកព្រំដែនទាំងអស់ជាមួយអ៊ុយក្រែន និងការតវ៉ាដ៏ធំមួយនៅក្នុងរដ្ឋធានី វ៉ាសូវី នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខ៕

ពលរដ្ឋប៉ាឡេស្ទីន៖ នឹងមិនចាកចេញពីក្រុង Rafah ទេ ខណៈការវាយលុករបស់អ៊ីស្រាអែជិតមកដល់

2024/02/16 12:15:54 pm        52
ខណៈការគំរាមកំហែងការវាយលុករបស់អ៊ីស្រាអែលនៅទីក្រុង Rafah ជិតមកដល់ ជនភៀសខ្លួនប៉ាឡេស្ទីន ដែលរស់នៅក្នុងជំរំតង់ និងទីជម្រកបណ្តោះអាសន្ន នៅតាមតំបន់ព្រំដែនជាមួយប្រទេសអេហ្ស៊ីបបាននិយាយថា ពួកគេនឹងមិនចាកចេញពីតំបន់ហ្កាហ្សាឡើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលប្រឈមទៅនឹងសម្ពាធកាន់តែខ្លាំងឡើងពីអន្តរជាតិ ដើម្បីទប់ស្កាត់ការវាយប្រហារតាមផែនការ មិនបានបង្ហាញថាតើពេលណាដែលប្រតិបត្តិការយោធាប្រឆាំងក្រុមហាម៉ាស់នៅទីក្រុង Rafah ដែលជាទីជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងត្បូងតំបន់ហ្កាហ្សា នឹងធ្វើឡើងនោះទេ។ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនមានបំណងបណ្តេញក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមចេញពីទីតាំងលាក់ខ្លួនក្នុងទីក្រុង Rafah និងដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅទីនោះបន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីផែនការដែលបានស្នើឡើងដើម្បីជម្លៀសជនស៊ីវិលនោះទេ។ ប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានប្រមូលផ្តុំគ្នាចូលទៅកាន់ទីក្រុង Rafah នៅចុងភាគខាងត្បូងតំបន់ហ្កាហ្សា។ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍អំពីលទ្ធភាពនៃការហៀរចេញនៃពលរដ្ឋប៉ាឡេស្ទីនដែលបានមកប្រមូលផ្តុំនៅទីក្រុង Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប ប្រសិនបើ អ៊ីស្រាអែលបើកប្រតិបត្តិការយោធានៅទីក្រុងព្រំដែន។ លោក ម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) បានប្រាប់អ្នកការទូតនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា លទ្ធភាពនៃប្រតិបត្តិការយោធានៅទីក្រុង Rafah ជាមួយនឹងលទ្ធភាពនៃការឆ្លងកាត់ព្រំដែនដែលបិទ នឹងលទ្ធភាពនៃការហៀរចេញ គឺជាសុបិន្តអាក្រក់របស់ប្រទេសអេហ្ស៊ីប ប៉ុន្តែជារឿងមួយដែលត្រឹមត្រូវនៅចំពោះមុខយើង។ ប្រភពសន្តិសុខប្រទេសអេហ្ស៊ីបចំនួនពីរ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប្រទេសអេហ្ស៊ីប បានបញ្ជូនរថក្រោះ និងរថពាសដែក ប្រមាណ ៤០ គ្រឿង ទៅកាន់ភាគឦសានឧបទ្វីប Sinai ជាផ្នែកនៃវិធានការណ៍បន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនរបស់ខ្លួនជាមួយតំបន់តំបន់ហ្កាហ្សា ។

ស្ថាប័នពាណិជ្ជកម្មUN៖ ការកសាងឡើងវិញក្រោយសង្គ្រាមនៅហ្កាហ្សា ត្រូវប៉ាន់ប្រមាណថា ត្រូវចំណាយ ២០ពាន់លានដុល្លារ

2024/02/16 10:42:56 am        81
តំបន់ហ្កាហ្សានឹងត្រូវការ «ផែនការស្តារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចក្រោយសង្គ្រាម[ Marshall Plan]» ថ្មីមួយដើម្បីងើបឡើងវិញពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាមន្ត្រីស្ថាប័នពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា ការខូចខាតពីជម្លោះ រហូតមកទល់ ពេលនេះ មានចំនួនប្រហែល ២០ពាន់លានដុល្លារ។ថ្លែងនៅខាងក្រៅកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក រីឆាដ កូហ្សុល វ្រៃRichard Kozul-Wright ប្រធានសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បាននិយាយថា ការខូចខាតមានចំនួន៤ដងរួចទៅហើយ ដែលបានកើតឡើងនៅហ្កាហ្សាក្នុងអំឡុងពេលសង្គ្រាម ៧សប្តាហ៍ ក្នុងឆ្នាំ២០១៤។លោកបាននិយាយថា៖«យើងកំពុងនិយាយអំពីទឹកប្រាក់ប្រហែល ២០ពាន់លានដុល្លារ ប្រសិនបើសង្គ្រាមត្រូវបញ្ឈប់ នៅពេលឥឡូវនេះ»។លោកកូហ្សុល វ្រៃ បានថ្លែងថា ការប៉ាន់ប្រមាណនេះ គឺផ្អែកលើរូបភាពផ្កាយរណប និងព័ត៌មានផ្សេងទៀត ហើយការប៉ាន់ប្រមាណច្បាស់លាស់ជាងនេះ នឹងតម្រូវឲ្យអ្នកស្រាវជ្រាវចូលទៅកាន់តំបន់ហ្កាហ្សា។លោកបាននិយាយថា ការកសាងឡើងវិញនឹងតម្រូវឲ្យមានផែនការ « Marshall Plan»ថ្មី ដោយសំដៅទៅលើផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ការងើបឡើងវិញសេដ្ឋកិច្ចរបស់អឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទី២។UNCTAD បាននិយាយរួចហើយនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា វាអាចចំណាយពេលរហូតដល់ឆ្នាំបញ្ចប់នៃសតវត្សន៍សម្រាប់សេដ្ឋកិច្ចរបស់តំបន់ហ្កាហ្សា ដើម្បីទទួលបានទំហំមុនជម្លោះរបស់ខ្លួនឡើងវិញ ប្រសិនបើអរិភាព នៅក្នុងដែនដីប៉ាឡេស្ទីន ត្រូវបញ្ឈប់ភ្លាមៗនោះ។

ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅហ្វីលីពីន កើនឡើងដល់ ៩២ នាក់ ខណៈប្រតិបត្តិការស្វែងរកនៅតែបន្ត

2024/02/16 10:36:52 am        58
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាចំនួនអ្នកស្លាប់ពីបំណាក់ដីដែលបានកើតឡើងនៅភាគខាងត្បូងប្រទេសហ្វីលីពីន កើនឡើងដល់ ៩២ នាក់ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត។ ក្រុមមន្រ្តីខេត្តបាននិយាយថា មនុស្ស ៣៦ នាក់ដែលបាត់ខ្លួន នៅតែមិនទាន់រកឃើញ បន្ទាប់ពីបំណាក់ដីវាយប្រហារភូមិ ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ (Davao de Or) កាលពីថ្ងៃទី០៦ ខែកុម្ភៈ មក។ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារខេត្តដាវ៉ាវ ដឺ អូរ៉ូ ក្នុងប៉ុន្មានសប្ដាហ៍នេះ ដែលបង្កជាទឹកជំនន់ និងបំណាក់ដី ហើយបង្ខំក្រុមគ្រួសារជាច្រើនឱ្យជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ កងកម្លាំងយោធាសហរដ្ឋអាមេរិក និងហ្វីលីពីន បាននិងកំពុងជួយក្នុងប្រតិបត្តិការសម្រាលបន្ទុកសម្រាប់សហគមន៍ជាច្រើនដែលរងគ្រោះដោយបំណាក់ដីនេះ។ដោយស្ថិតនៅតំបន់កងភ្លើងប៉ាស៊ីហ្វិក ប្រទេសប្រជុំកោះនេះត្រូវបានវាយលុកជាញឹកញាប់ដោយព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលបង្កឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ហើយបានរងគ្រោះដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់៕

អ្នកបើករថយន្តដឹកទំនិញកំពុងធ្វើកូដកម្ម បានបិទផ្លូវហាយវ៉េនៅម៉ិកស៊ិក ជុំវិញភាពគ្មានច្បាប់

2024/02/16 10:31:19 am        84
អ្នកបើកបររថយន្តដឹកទំនិញដែលកំពុងធ្វើកូដកម្ម បានបិទផ្លូវដឹកជញ្ជូនសំខាន់ៗនៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឲ្យកកស្ទះផ្លូវហាយវ៉េសំខាន់ៗ ក្នុងការតវ៉ាជុំវិញភាពគ្មានច្បាប់នៅ តាមដងផ្លូវ ដែលនាំឱ្យមានការកើនឡើងចោរកម្ម និងការគំរាមទាប្រាក់។អ្នកបើកបររថយន្ត បានជំរុញឱ្យរដ្ឋាភិបាលបង្កើនសន្តិសុខ ដោយបាននិយាយថា អ្នកបើកបររថយន្តដឹកទំនិញ ចន្លោះពីម្នាក់ទៅពីរនាក់ ត្រូវបានសម្លាប់ជារៀងរាល់ខែនៅលើដងផ្លូវដោយសារតែខ្វះសុវត្ថិភាព។យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ចរាចរណ៍នៅលើផ្លូវហាយវ៉េ យ៉ាងហោចណាស់ប្រាំបួនខ្សែ បានរងផលប៉ះពាល់ដោយការតវ៉ានេះ។ មេដឹកនាំសហជីពដឹកជញ្ជូន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កូដកម្មកាន់តែច្រើន អាចត្រូវបានអំពាវនាវ ប្រសិនបើរដ្ឋាភិបាលមិនបំពេញទៅតាមការទាមទាររបស់ពួកគេ។នៅក្នុងសេចក្តីថ្លែងការណ៍ សហជីពAmotac ជាក្រុមរបស់អ្នកបើកបរដែលកំពុងដឹកនាំការធ្វើកូដកម្មបានអំពាវនាវឱ្យរដ្ឋាភិបាល ធានាសុវត្ថិភាពនៅលើដងផ្លូវ ព្រមទាំងបញ្ចប់ការយកថ្លៃឈ្នួលក្នុងការដឹកជញ្ជូនលើផ្លូវហាយវ៉េមួយចំនួន និងការបង់ថ្លៃសេវានៅទីក្រុងសម្រាប់ការផ្ទុកទំនិញ ក្នុងចំណោមវិធានការផ្សេងៗទៀត។រដ្ឋាភិបាលរបស់ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបិទផ្លូវ ដែលបង្កើតឡើងដោយអ្នកបើកបរធ្វើកូដកម្មគឺ «មិនត្រឹមត្រូវ និងមិនសមហេតុផល» ។

ប្រធាន UNRWA៖ ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន ប្រឈមមុខនឹងវិបត្តិសាច់ប្រាក់យ៉ាងជ្រៅនៅក្នុងខែមេសា

2024/02/16 10:27:52 am        82
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) ថាវិបត្តិសាច់ប្រាក់អវិជ្ជមានដែលខ្លួនកំពុងប្រឈមមុខនៅខែក្រោយនេះ នឹងកាន់តែអាក្រក់ទៅៗក្នុងខែមេសា ប្រសិនបើខ្លួនមិនអាចទទួលបានមូលនិធិថ្មី ឬបញ្ចុះបញ្ចូលម្ចាស់ជំនួយឱ្យបន្តការបរិច្ចាគដែលត្រូវបានផ្អាកនោះទេ។ប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីប ឡាហ៊្សារីនី (Philippe Lazzarini) បានលើកឡើងបែបនេះនៅទីក្រុងឌុយប្លាំង (Dublin) ជាទីដែលប្រទេសអៀរឡង់ បានប្រកាសផ្តល់ជំនួយដល់ទីភ្នាក់ងារនេះចំនួន ២០ លានអឺរ៉ូ ហើយបានជំរុញបណ្ដាប្រទេសដែលបានផ្អាកការផ្តល់មូលនិធិ ឱ្យ «លុបចោលការសម្រេចនោះជាបន្ទាន់» ហើយបន្ត និងពង្រីកការគាំទ្ររបស់ពួកគេបន្ថែមទៀត។ទីភ្នាក់ងារជនភៀសខ្លួន UNRWA ដែលផ្តល់សេវាថែទាំសុខភាព ការអប់រំ និងសេវាកម្មផ្សេងទៀតដល់ជនជាតិប៉ាឡេស្ទីន បានធ្លាក់ចូលទៅក្នុងវិបត្តិចាប់តាំងពីអ៊ីស្រាអែល បានចោទប្រកាន់ថាបុគ្គលិក ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ របស់ទីភ្នាក់ងារនេះនៅតំបន់ហ្កាហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលដឹកនាំដោយក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល ដែលបានធ្វើឱ្យមានសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។លំហូរសាច់ប្រាក់អវិជ្ជមាន កើតឡើងនៅពេលដែលអង្គការមួយមានលំហូរប្រាក់ចេញ ច្រើនជាងលំហូរប្រាក់ចូល ដែលប៉ះពាល់ដល់សមត្ថភាពក្នុងការទ្រទ្រង់ខ្លួនឯង ហើយអាចនិងបង្ខំផ្អាកប្រតិបត្តិការ៕

ក្រុមហេសបូឡា ប្តេជ្ញាសងសឹក បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏សាហាវរបស់អ៊ីស្រាអែល នៅលីបង់

2024/02/16 10:24:38 am        128
ក្រុមហេសបូឡា បានប្តេជ្ញាសងសឹកអ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដ៏សាហាវ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា បានបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់។ សារព័ត៌មាន AP បានរាយការណ៍ថា ការសន្យានេះ ធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់លីបង់ បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់កាលពីថ្ងៃពុធ ដែលជំរុញឲ្យអ៊ីស្រាអែលឆ្លើយតបជាមួយនឹងការវាយបកយ៉ាងសាហាវ ដែលបានវាយប្រហារទីក្រុងណាបាទីយេ (Nabatiyeh) និងភូមិមួយនៅប្រទេសលីបង់ភាគខាងត្បូង។ អ៊ីស្រាអ៊ែល បានស្តីបន្ទោសក្រុមហេសបូឡាចំពោះការវាយប្រហារនេះ ប៉ុន្តែក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ មិនបានអះអាងទទួលខុសត្រូវនោះទេ។ មន្ត្រីជាន់ខ្ពស់ហេសបូឡា និងជាសមាជិកសភា លោក ហាសាន ហ្វាដឡាល់ឡា (Hassan Fadlallah) បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា៖«សត្រូវ [អ៊ីស្រាអែល] នឹងរងផលវិបាកដ៏ធ្ងន់ធ្ងរ សម្រាប់ឧក្រិដ្ឋកម្មទាំងនេះ»។លោក ហ្វាដឡាល់ឡា ក៏បាននិយាយផងដែរថា ក្រុមហេសបូឡា មាន «សិទ្ធិស្របច្បាប់ក្នុងការការពារប្រជាជនរបស់ខ្លួន ហើយនឹងមិនព្រងើយកន្តើយក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារវា» ហើយបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាម នៅតំបន់ហ្កាហ្សា។លោក អាវី ហ៊ីម៉ាន (Avi Hyman) អ្នកនាំពាក្យការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏បាននិយាយផងដែរថា កងទ័ពអ៊ីស្រាអែល នឹងបន្តឆ្លើយតបចំពោះការវាយប្រហារពីក្រុមហេសបូឡា។សារព័ត៌មាន AP បានរាយការណ៍ថា លោកហ៊ីម៉ាន បាននិយាយថា៖«យើងមានសាររបស់យើងទៅកាន់ក្រុមហេសបូឡា ហើយតែងតែថា«កុំសាកល្បងជាមួយពួកយើង»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM