អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

នគរបាលបញ្ជូនជនសង្ស័យ០៣ ទៅតុលាការ ពាក់ព័ន្ធករណីកំហែងយកប្រាក់

2024/01/31 02:38:16 pm        300
ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ម្នាក់និងជន ក្លែង បន្លំ ជាប្រជាការពារចំនួន០២នាក់ទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងយកប្រាក់ពីយុវជន ចំនួន៥នាក់ ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ម្នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។ជនសង្ស័យចំនួនទាំង០៣នាក់ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានករណីយុវជន០៥នាក់ ដែលបានត្រូវបានកម្លាំងចម្រុះធ្វើសកម្មភាព កំហែងយកប្រាក់ បន្ទាប់មកក៏មានបណ្ដាញសង្គម សម្ភាសន៍ជាមួយក្រុមយុវជនទាំងនោះ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ផ្ទុះការតវ៉ានៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីរារាំងការស៊ើបអង្កេតថ្មី លើករណីប្រជ្រៀតគ្នាស្លាប់ក្នុងថ្ងៃបុណ្យ Halloween

2024/01/31 02:37:09 pm        69
ក្រុមសាច់ញ្ញាតិជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នាកាលពីឆ្នាំ២០២២នៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងតវ៉ា កាលពីថ្ងៃអង្គារទី៣០ខែមករា បន្ទាប់ពីលោកប្រធានាធិបតី យ៉ុន សុក យុល (Yoon Suk Yeol)បានរារាំងសំណើបើកការស៊ើបអង្កេតថ្មីមួយក្នុងករណីឧបទ្ទវហេតុដ៏សាហាវ ។ គួររម្លឹកថាឧបទ្វវហេតុនោះបានឆក់យកជីវិតមនុស្សចំនួន១៥៩នាក់នៅក្នុងសង្កាត់ អ៊ីតេវ៉ុន(Itaewon) របស់រដ្ឋធានីសេអ៊ូល នៅថ្ងៃបុណ្យ Halloween។ ការិយាល័យរបស់លោកយ៉ុន បានប្រកាសពីការសម្រេចចិត្តនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានហៅពង្រាងច្បាប់គាំទ្រដោយបក្សប្រឆាំងថាជាលេសនយោបាយ និងបំពានរដ្ឋធម្មនុញ្ញ។ វិធានការបិទផ្លូវសំណើនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាច់ញ្ញាតិជនរងគ្រោះនិងក្រុមមន្ត្រីបក្សប្រឆាំង។ ពួកគេបានប្រឆាំងជាយូរមកហើយថា ដំណោះស្រាយរបស់រដ្ឋាភិបាលលើគ្រោះមហន្តរាយនេះពុំមានហេតុផលគ្រប់គ្រាន់ទេ។ លោកស៊ីន ជុងសេប (Shin Jung-Seob) ជាឪពុករបស់ម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើនបានថ្កោលទោសវិធានការនេះ។ លោកថា រដ្ឋាភិបាល បានសម្រេចចិត្តបិទបាំងឧបទ្ទវហេតុនេះដោយគ្មានការស៊ើបអង្កេតរកការពិត ។ កាលពីឆ្នាំមុន ការស៊ើបអង្កេតរបស់នគរបាលបានសន្និដ្ឋានថា កង្វះការរៀបចំនិងការឆ្លើយតបមិនគ្រប់គ្រាន់ គឺជាមូលហេតុចម្បងនាំឲ្យមានការប្រជ្រៀតជាន់គ្នាស្លាប់រង្គាលបែបនេះ៕

ការវិភាគថ្មីបង្ហាញថា យ៉ាងហោចណាស់ពាក់កណ្តាលនៃអគារក្នុងតំបន់ហ្កាហ្សាបានខូចខាត ឬបំផ្លាញ

2024/01/31 02:33:08 pm        68
ការវិភាគថ្មី ដែលទទួលបានដោយ ទូរទស្សន៍ BBC បានបង្ហាញថាជាងពាក់កណ្តាលនៃអគារក្នុងតំបន់ហ្កាហ្សាត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ នៅទូទាំងហ្កាហ្សា តំបន់លំនៅដ្ឋានយ៉ាងច្រើនត្រូវបានបំផ្លិចបំផ្លាញ ផ្លូវដើរទិញទំនិញដែលធ្លាប់តែមមាញឹក បានក្លាយជាគំនរកម្ទេចថ្មបាក់បែក សាកលវិទ្យាល័យទាំងឡាយត្រូវបានបំផ្លាញ និងដីស្រែចំការត្រូវបានបោះបង់ចោល ខណៈគ្របណ្ដប់ដោយជំរំតង់កាន់តែច្រើននៅតាមព្រំដែនភាគខាងត្បូង សម្រាប់ជាលំនៅឋានរបស់មនុស្សរាប់ពាន់នាក់ដែលបាត់បង់ផ្ទះសម្បែងក្នុងសង្រ្គាមនេះ។យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រហែល១,៧ លាននាក់ ច្រើនជាង ៨០% នៃចំនួនប្រជាជនសរុបនៅតំបន់ហ្កាហ្សាត្រូវបានភៀសខ្លួន ដោយមានជិតពាក់កណ្តាលប្រមូលផ្ដុំគ្នារស់នៅក្នុងតំបន់តូចចង្អៀតនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ ការវិភាគបន្ថែមដោយសារព័ត៌មាន BBC Verify បង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញនៃដីស្រែចំការ ដែលបានបញ្ជាក់ពីវិសាលភាពនៃការបំផ្លិចបំផ្លាញនៅក្នុងតំបន់ជាច្រើន ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងដាក់គោលដៅទាំងយុទ្ធជនក្រុមហាម៉ាស ទាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម។ ឥឡូវនេះការវិភាគទិន្នន័យដោយផ្កាយរណបដែលទទួលបានដោយសារព័ត៌មាន BBC បង្ហាញពីវិសាលភាពពិតនៃការបំផ្លិចបំផ្លាញ។ ការវិភាគបានបង្ហាញថាអគារចន្លោះពី១៤៤.០០០ ទៅ ១៧៥.០០០ កន្លែង នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូលត្រូវបានខូចខាត ឬបំផ្លាញ។ ចំនួននោះគឺចន្លោះពី ៥០% ទៅ ៦១% នៃអគារសរុបនៅក្នុងតំបន់ហ្កាហ្សា ។ការវិភាគដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវខូរ៉េស្គ័រ(Corey Scher)នៃសាកលវិទ្យាល័យ City of New York និង Jamon Van Den Hoek នៃសាកលវិទ្យាល័យ Oregon State ប្រៀបធៀបរូបភាពដើម្បីបង្ហាញពីចំនួននៃអគារដែលរងផលប៉ះពាល់ ឬរចនាសម្ព័ន្ធនៃអគារដែលបង្ហាញពីការខូចខាត៕

នគរបាលប្រទេសស្រីលង្កា ប្រើកាណុងបាញ់ទឹក ឧស្ម័នបង្ហៀរទឹកភ្នែក លើក្រុមបាតុករដែលប្រឆាំងការដំឡើងពន្ធ

2024/01/31 02:27:37 pm        60
នគរបាលទីក្រុងកូឡុំបូ កាលពីថ្ងៃអង្គារ បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងប្រើកាណុងបាញ់ទឹក ទៅលើក្រុមបាតុករ ដែលប្រឆាំងការដំឡើងពន្ធច្រើនហួសហេតុ និងវិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសស្រីលង្កា។បាតុករប្រមាណ ១០.០០០នាក់ បានចូលរួមក្នុងបាតុកម្មនេះ ដែលអំពាវនាវដោយគណបក្សប្រឆាំងធំ គណបក្សអំណាចប្រជាជនរួបរួម (United People's Power) ដែលបានតវ៉ាប្រឆាំងការចំណាយលើជីវភាពរស់នៅខ្ពស់ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសក្ស័យធនកាលពីខែមេសា ឆ្នាំ ២០២២។ មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសស្រីលង្កា លោក សាជីត ព្រីម៉ាដាសា(Sajith Premadasa) បានចូលរួមជាមួយក្រុមបាតុករ និងបានរិះគន់ខ្លាំងៗដល់រដ្ឋាភិបាលចំពោះការដាក់សម្ពាធអមនុស្សធម៌បំផុតលើប្រជាជន និងជំរុញឱ្យមនុស្ស ២២ លាននាក់ ធ្លាក់ក្នុងភាពអត់ឃ្លាន។ ប្រទេសដីកោះមួយនេះ កំពុងប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈប្រទេសនេះត្រៀមរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតី។ កាលពីថ្ងៃអង្គារ ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា បានរក្សាអត្រាការប្រាក់ថេរ ស្របតាមការរំពឹងទុករបស់ទីផ្សារ ដោយបានអាក់ខានការកាត់អត្រាការប្រាក់ ខណៈពន្ធថ្មី បានគំរាមកំហែងសម្ពាធកើនឡើងលើការចំណាយ និងបានជំរុញឱ្យមានការព្រួយបារម្ភអំពីអតិផរណា។នៅដើមឆ្នាំ ២០២៤នេះ ប្រទេសដីកោះមួយនេះ បានដំឡើងពន្ធលើតម្លៃបន្ថែម (VAT) របស់ខ្លួនដល់ ១៨ភាគរយ ពី ចំនួន១៥ភាគរយ ដើម្បីបំពេញតាមគោលដៅចំណូលក្រោមកម្មវិធីរបស់មូលនិធីរូបីយវត្ថុអន្តរជាតិ(IMF)ចំនួន ២,៩ពាន់លានដុល្លារ រយៈពេលបួនឆ្នាំ។

កសិករបារាំង ខកចិត្តចំពោះសុន្ទរកថារបស់នាយករដ្ឋមន្ត្រី លោក Attal ខណៈការបិទផ្លូវនៅតែបន្ត

2024/01/31 02:23:25 pm        109
កសិករប្រទេសបារាំង បានបង្ហាញការខកចិត្តកាលពីថ្ងៃអង្គារ ចំពោះសុន្ទរកថា ដែលថ្លែងដោយនាយករដ្ឋមន្ត្រី លោកហ្កាប្រៀល អាតាល់(Gabriel Attal) ទៅកាន់សមាជិកសភា ដោយកសិករជាច្រើន បាននិយាយថា សម្តីរបស់មន្ត្រី នឹងមិនស្មើចំពោះវិធានការគ្រប់គ្រាន់ ដើម្បីដោះស្រាយកំហឹងរបស់ក្រុមបាតុករឡើយ។លោក Attal បាននិយាយ កាលពីថ្ងៃអង្គារថា កសិករបារាំង ដែលកំពុងធ្វើការតវ៉ានៅទូទាំងប្រទេស រយៈពេលជាងមួយសប្តាហ៍រហូតមកដល់ពេលនេះ នឹងក្លាយជាប្រធានបទចំពោះការលើកលែង។ លោកបាននិយាយបន្ថែមថា ប្រទេសបារាំង បានជួបប្រជុំក្រុមចម្រុះនៃប្រទេសសហភាពអឺរ៉ុបចំនួន ២២ប្រទេស ដែលព្រមព្រៀង លើការបន្តការលើកលែងរបស់សហភាពអឺរ៉ុបលើដីទំនេរ។ កសិករជាច្រើននាក់ បានចតត្រាក់ទ័រកាត់ផ្លូវហាយវេ ក្បែរទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ជាថ្ងៃទីពីរនៃការបិទផ្លូវ ខណៈពួកគេបានបន្តបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យជួយរកប្រាក់ចំណូលពីការងាររបស់ពួកគេ និងមានវិធានការប្រឆាំងការនាំចូលមានតម្លៃថោក។ កសិករនៅក្នុងប្រទេសបារាំង ជាប្រទេសផលិតផ្នែកកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប និយាយថា ពួកគេ មិនទទួលបានប្រាក់កម្រៃគ្រប់គ្រាន់ និងត្រូវបានរំខានដោយបទប្បញ្ញត្តិច្រើនហួសហេតុ លើការការពារបរិស្ថាន។ ការតវ៉ា បានបន្តរយៈពេលជាងមួយសប្តាហ៍ ប៉ុន្តែបានកើនឡើងកាន់តែខ្លាំងកាលពីថ្ងៃចន្ទ ដែលនាំទៅដល់ការរៀបចំកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ នៅពេលពួកគេសង្ឃឹមថាសកម្មភាពរបស់ពួកគេ និងកសិករផ្សេងទៀតនៅអឺរ៉ុប នឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកនយោបាយ ដែលបានផ្តោតតែទៅលើជំនួយសម្រាប់ប្រទេសអ៊ុយក្រែន និងថវិការបស់ប្លុកនេះ។ ការតវ៉ានៅប្រទេសបារាំង កើតមានឡើងបន្ទាប់ពីសកម្មភាពស្រដៀងគ្នានេះនៅក្នុងបណ្តាប្រទេសសហភាពអ៊ឺរ៉ុបផ្សេងទៀត រួមមានប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ នៅមុនការបោះឆ្នោតសភាអឺរ៉ុប ក្នុងខែមិថុនា។

មនុស្ស១៩នាក់ស្លាប់ ដោយគ្រោះថ្នាក់លើផ្លូវហាយវេ នៅប្រទេសម៉ិកស៊ិក

2024/01/31 02:13:55 pm        82
យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នានៅលើផ្លូវហាយវេ រវាងរថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរនៅក្នុងរដ្ឋ Sinaloa ភាគពាយ័ព្យប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់ស្លាប់។អាជ្ញាធរក្នុងតំបន់ មិនទាន់បានប្រកាសអំពីចំនួនអ្នកស្លាប់ពិតប្រាកដនៅឡើយ ឬថាតើមនុស្សចំនួនប៉ុន្មាននាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវហាយវេនៅតំបន់ឆ្នេរ ដែលតភ្ជាប់ទីក្រុងឆ្នេរ ម៉ាហ្សាតឡាន(Mazatlan) និងទីក្រុង ឡូស ម៉ូឈីស(Los Mochis)។ យោងតាមការរាយការណ៍ បានឱ្យដឹងថា ចរាចរណ៍នៅលើផ្លូវហាយវេ ត្រូវបានបិទដោយសារតែគ្រោះថ្នាក់នេះ។ រូបភាពនៃឧបទ្ទវហេតុគ្រោះថ្នាក់ បានបង្ហាញឲ្យឃើញរថយន្តឆេះខ្លោច នៅតែមានភ្លើងឆេះ ដោយមានអណ្តាតភ្លើងនិងផ្សែងហុយចេញ ខណៈបុគ្គលិកសង្គ្រោះ បានមកដល់កន្លែងកើតហេតុ។

ការតវ៉ារបស់ក្រុមកសិករបែលហ្ស៊ិក ឈានចូលដល់ថ្ងៃទី៣ជុំវិញការឡើងថ្លៃទំនិញ នៅទីផ្សារ និងតម្លៃផលិតផលកសិកម្មទាប

2024/01/31 11:31:26 am        178
កសិករបែលហ្ស៊ិកបានបិទផ្លូវហាយវេនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ៣០ មករា ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានៃការតវ៉ាប្រឆាំងនឹងស្តង់ដារកសិកម្មដែលពួកគេនិយាយថាខ្ពស់ពេក ធ្វើឲ្យរងផលប៉ះពាល់ដោយសារតែការនាំចូលពីបរទេសមានតម្លៃទាប ហើយពលរដ្ឋត្រូវបានចំណាយខ្ពស់សម្រាប់កាជីវភាពប្រចាំថ្ងៃ។ ក្រុមកសិករបែលហ្ស៊ិក បានបិទផ្លូវសំខាន់ៗចូលទៅក្នុងកំពង់ផែរ ហ្ស៊ី ប្រាក់ (Zeebrugge) កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ជាការពង្រីកការតវ៉ាដែលបង្កឲ្យមានក្ដីបារម្ភជុំវិញអនាគតការងារកសិកម្ម ដែលស្រដៀងទៅនឹងការតវ៉ានៅក្នុងប្រទេសបារាំងដែរ ។ ក្រុមអាជ្ញាធរនៅកំពង់ផែ ហ្ស៊ី ប្រាក់ ជាកំពង់ផែដឹកជញ្ជូនទំនិញអេឡិចត្រូនិក និងរថយន្តគ្រប់ប្រភេទ និងជាកំពង់ផែធំបំផុតទី២ របស់ប្រទេសនេះ បាននិយាយថាហាក់ដូចជាឆាប់ពេកក្នុងការវាយតម្លៃកម្រិតនៃការរំខានដោយបន្ថែមថា មានតែការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញប៉ុណ្ណោះត្រូវបានប៉ះពាល់ ខណៈដែលក្រុមកសិករអនុញ្ញាឲ្យតែរថយន្តតូចខ្នាតឆ្លងកាត់។ ត្រាក់ទ័រមួយចំនួនបានសម្រុកទៅកាន់កំពង់ផែ កាលពីរសៀលថ្ងៃអង្គារ ដោយបិទផ្លូវហាយវេសំខាន់ឆ្ពោះទៅកាន់ច្រកចេញ ។រថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាឲ្យឆ្លងកាត់រហូតដល់ពេលនគរបាលបានបិទច្រកចេញ។ កសិករបែកហ្ស៊ិក ក៏ដូចជាកសិករនៅក្នុងប្រទេសបារាំង កំពុងខឹងសម្បារយ៉ាងខ្លាំង ចំពោះការហក់ឡើងតម្លៃម្ហូបអាហារនិងទំនិញផ្សេងៗនៅតាមទីផ្សារ ហើយផលិតផលកសិកម្មក្នុងស្រុកមានតម្លៃទាប ប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ ព្រមទាំងគោលនយោបាយបរិស្ថានរបស់សហភាពអឺរ៉ុបជាដើម។ កសិករភាគច្រើននិយាយថា ពួកគេមានបំណងបិទទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាថ្ងៃដែលក្រុមមេដឹកនាំសហភាពអឺរ៉ុប ជួបជុំគ្នាក្នុងរដ្ឋធានី សម្រាប់កិច្ចប្រជុំកំពូលដែលបានធ្វើឡើងមុនការគ្រោងទុក៕

អគារជាច្រើនខ្នង ត្រូវបានកប់ក្នុងដីល្បប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានបំណាក់ដីនៅប៉េរូ

2024/01/31 11:28:30 am        211
ហេតុការណ៍សោកនាដកម្មនៅប្រទេសប៉េរូ បន្ទាប់ពីលំនៅឋានជាច្រើនខ្នង ត្រូវបានកប់នៅក្នុងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់នានាក្នុងប្រទេសប៉េរូ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ការធ្លាក់ព្រិលបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុង Haural ក្នុងតំបន់ឆ្នេរភាគកណ្តាលប្រទេសប៉េរូ។ពលរដ្ឋ បានយកប៉ែល និងចបកាប់ ដើម្បីបង្វែរទឹកជំនន់នៅក្បែរលំនៅឋានរបស់ពួកគេ។ ការិយាល័យការពារជនស៊ីវិលទីក្រុង Huaral កំពុងវាយតម្លៃការខូចខាតដែលបានបង្កឡើង និងព្យាយាមកំណត់ការខាតបង់សេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ទន្ទឹមនឹងនេះ នៅក្នុងទីក្រុងLa Oroya ទីក្រុងJunin ទឹកទន្លេដែលពេញហៀរ បានជន់លិចស្ពានមួយកន្លែងក្នុងតំបន់។ នៅទីក្រុងចានចាម៉ាយ៉ូ(Chanchamayo) រថយន្តក្រុងមួយគ្រឿង បានជាប់គាំងដោយសារតែចរន្តទឹកហូរខ្លាំង បង្កឡើងដោយទឹកភ្លៀងនៅក្នុងតំបន់។

មនុស្ស៤នាក់ស្លាប់ និងជាង១០នាក់រងរបួស បន្ទាប់ពីទូកលិចនៅជិតទីក្រុង Cancun ប្រទេសម៉ិកស៊ិក

2024/01/31 11:19:39 am        144
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤ នាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលទូកមួយគ្រឿង បានលិចនៅជិតទីក្រុងរមណីយដ្ឋានដ៏ពេញនិយមរបស់ម៉ិកស៊ិក។ឧបទ្ទវហេតុនេះ បានកើតឡើងនៅតាមផ្លូវពី តំបន់ អ៊ីស្លា មូជឺរ៉េស (Isla Mujeres) ទៅកាន់កំពង់ផែ ពូអឺតូ ជូអារ៉េស(Puerto Juarez)។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា សមាជិកនាវិក និងអ្នកបញ្ជាទូក ត្រូវបានឃុំខ្លួន បន្ទាប់ពីឧបទ្ទវហេតុនេះ។មនុស្សសរុបមានចំនួន១៩នាក់ ដែល១៦នាក់ជាអ្នកទេសចរ និង៣នាក់ជាសមាជិកនាវិក ស្ថិតនៅលើទូកនៅពេលទូកលិច។ ក្រុមមន្ត្រី និយាយថាមនុស្ស៨នាក់ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេនោះទេ។ ទូកដែលមានប្រវែង ២៨ ហ្វីត តាមសេចក្តីរាយការណ៍ ជារបស់ក្រុមហ៊ុនមួយ មានទីតាំងនៅទីក្រុង Puerto Juárez មានសមត្ថភាពផ្ទុកមនុស្សត្រឹមតែ៦នាក់ប៉ុណ្ណោះ ដែលបានដាក់ចំនួនមនុស្សលើសចំណុះ៣ដង។អ្នកដំណើរដែលរងរបួស ត្រូវបានក្រុមគ្រូពេទ្យបឋមបញ្ជូនទៅកាន់មន្ទីរពេទ្យ Cancun យ៉ាងប្រញាប់ប្រញាល់ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុបន្ថែមនៃគ្រោះថ្នាក់នេះ។

មនុស្ស ១៥នាក់ បានស្លាប់ បន្ទាប់ពីការវាយប្រហាររបស់ពួកឧទ្ទាមនៅខេត្តមួយរបស់ប្រទេសប៉ាគីស្ថាន

2024/01/31 11:08:15 am        117
យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយពួកសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅក្នុងខេត្ត បាលុចឈីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃច័ន្ទ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ រួមទាំងជនស៊ីវិលពីរនាក់ និងភ្នាក់ងារអនុវត្តច្បាប់បួននាក់។ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) របស់យោធាប៉ាគីស្ថាន បាននិយាយថា ក្រុមសកម្មប្រយុទ្ធ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារបរិវេណតំបន់ ម៉ាច (Mach) និងតំបន់ ខូលពួរ (Kolpur) ក្នុងខេត្តភាគនិរតី បាលុចឈីស្ថាន។ របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនសកម្មប្រយុទ្ធ ៩នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់ត្រូវបានសម្លាប់។កងទ័ពរំដោះ បាលុច (BLA) ដែលជាក្រុមលេចធ្លោបំផុតនៃក្រុមផ្ដាច់ខ្លួនជាច្រើននៅក្នុងខេត្តភាគនិរតី បាលុចឈីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ក្រុមនេះមានគោលបំណងសម្រេចបាននូវឯករាជ្យភាពសម្រាប់ខេត្ត បាលុចឈីស្ថាន ដែលសម្បូរទៅដោយភ្នំ និងរ៉ែ និងជាខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថានតាមទំហំទឹកដី ប៉ុន្តែមានចំនួនប្រជាជនតិចបំផុត ហើយបានជួបប្រទះការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM