អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

តុលាការអាមេរិក នឹងពិចារណាបង្ខំឱ្យរដ្ឋតិចសាស់ ដករបាំងរារាំងជនអន្តោប្រវេសន៍ពីទន្លេ Rio Grande

2024/01/18 10:53:11 am        96
តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៧ មករា) បាននិយាយថាខ្លួននឹងពិចារណាឡើងវិញនូវការសម្រេចចិត្តនាពេលថ្មីៗនេះដែលតម្រូវឱ្យរដ្ឋតិចសាស់ ដករបាំងបណ្តែតទឹកប្រវែង ៣០៥ម៉ែត្រ ដែលខ្លួនបានដាក់នៅក្នុងទន្លេ រីអូ ក្រានដេ (Rio Grande) ដើម្បីរារាំងជនអន្តោប្រវេសន៍ពីការឆ្លងដែនខុសច្បាប់ជាមួយប្រទេសម៉ិកស៊ិក។ការសម្រេចដោយសាលាឧទ្ធរណ៍ប្រចាំតំបន់ទី៥ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុង ញ៉ូវ អរលៀនស៍ (New Orleans) នេះទុកចោលមួយឡែកនូវសេចក្តីសម្រេចក្នុងខែធ្នូ របស់ក្រុមប្រឹក្សាចៅក្រមបីក្រុម ដែលនៅខាងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ហើយបាននិយាយថា រដ្ឋមិនអាចដំឡើងរបាំងដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលសហព័ន្ធបានទេ។សេចក្តីសម្រេចនោះគឺជាជំហានថយក្រោយសម្រាប់អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបបុត (Greg Abbott) មកពីគណបក្សសាធារណរដ្ឋ ដែលបានរិះគន់យ៉ាងខ្លាំងចំពោះការចាត់ចែងរបស់ប្រធានាធិបតីប្រជាធិបតេយ្យលោក ចូ បៃដិន លើចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ សាលាឧទ្ធរណ៍ប្រចាំតំបន់ទី៥ នេះបាននិយាយថា ខ្លួននឹងស្តាប់ទឡ្ហីករណ៍ក្នុងសំណុំរឿងនេះក្នុងខែឧសភា ខាងមុខ។របាំងអណ្តែតទឹកនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់លោកអភិបាល អាបបុត ក្នុងការរារាំង និងដាក់ទណ្ឌកម្មលើការឆ្លងកាត់ព្រំដែនខុសច្បាប់ ដែលត្រូវបានគេស្គាល់ថាជាប្រតិបត្តិការ ឡូន ស្តារ (Operation Lone Star)៕

អាមេរិក ដាក់ក្រុមហ៊ួទី ជាក្រុមភេរវករឡើងវិញ ក្នុងការឆ្លើយតបនឹងការវាយប្រហារនៅសមុទ្រក្រហម

2024/01/18 10:44:12 am        145
រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៧ មករា) បានដាក់ក្រុមឧទ្ទាមហ៊ួទី (Houthi) ដែលមានមូលដ្ឋាននៅយេម៉ែន ទៅក្នុងបញ្ជីក្រុមភេរវករឡើងវិញនៅក្នុងការប៉ុនប៉ងចុងក្រោយដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ។ក្រុមមន្ត្រីបាននិយាយថា ការចាត់តាំងជា «ភេរវករសកលកំណត់ជាពិសេស» (SDGT) ដែលវាយប្រហារក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នេះជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ គឺសំដៅកាត់ផ្តាច់ការផ្តល់មូលនិធិ និងអាវុធដែលពួកហ៊ួទី បានប្រើដើម្បីវាយប្រហារ ឬប្លន់នាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់។រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ក៏បានដាក់ចេញ «ករណីលើកលែង» ក្នុងគោលបំណងជៀសវាងផលប៉ះពាល់ដល់ប្រជាជនយេម៉ែន ដែលពឹងផ្អែកលើការនាំចូលស្បៀងអាហារ និងជំនួយមនុស្សធម៌ ហើយបានសន្យាថានឹងធ្វើការផ្សព្វផ្សាយទៅកាន់ក្រុមនានា រួមទាំងទីភ្នាក់ងារជំនួយ មុនពេលការកំណត់ចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃ។យុទ្ធនាការរបស់ក្រុមហ៊ួទី បានបង្អាក់ពាណិជ្ជកម្មពិភពលោក បង្កការភ័យខ្លាចនៃអតិផរណា និងការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការរាលដាលចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចធ្វើឲ្យមជ្ឈិមបូព៌ាមានអស្ថិរភាព៕

រដ្ឋមន្ត្រីការពារជាតិ៖ កងកម្លាំងអ៊ីរ៉ង់មើលមិនឃើញពីដែនកំណត់ក្នុងការការពារផលប្រយោជន៍ជាតិ និងពលរដ្ឋទេ

2024/01/18 10:35:57 am        144
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ដឹងថា គ្មានព្រំដែនកំណត់ក្នុងការការពារផលប្រយោជន៍ជាតិ និងការពារប្រទេសជាតិនោះទេ បន្ទាប់ពីប្រទេសនេះ បានអនុវត្តប្រតិបត្តិការមីស៊ីលប្រឆាំងនឹងមូលដ្ឋានរបស់ពួកភេរវករប្រឆាំងអ៊ីរ៉ង់ និងទីតាំងគ្រប់គ្រងដោយទីភ្នាក់ងារចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែល នៅតំបន់ពាក់កណ្តាលស្វយ័ជនជាតិភាគតិចឃឺដ របស់អ៊ីរ៉ាក់ និងស៊ីរី។លោកឧត្តមសេនីយទោមហាម៉ាដរ៉េហ្សា អាសធៀនី (Mohammad Reza Ashtiani) បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរដ្ឋធានី តេអេរ៉ង់ (Tehran) កាលពីថ្ងៃពុធ។លោកបានសង្កត់ធ្ងន់ថា យើងមើលមិនឃើញពីដែនកំណត់ក្នុងការការពារផលប្រយោជន៍ជាតិនិងប្រជាជនរបស់យើងទេ ហើយប្រាកដជានឹងធ្វើបែបនេះដោយស្របច្បាប់ មិនថាការគំរាមកំហែងប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមកពីណាទេ យើងនឹងឆ្លើយតបវិញ ហើយការឆ្លើយតប នឹងប្រាកដជាមានសមាមាត្រ ប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងខ្លាំងខ្លា។ លោកបានបន្ថែមថា យើងថ្កោលទោសអំពើភេរវកម្មគ្រប់ទីកន្លែងក្នុងពិភពលោក។ យើងពិតជានឹងឆ្លើយតបចំពោះសកម្មភាពណាមួយដែលមានបំណងរំលោភលើសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ ក៏ដូចជាអំពើភេរវកម្មណាមួយដែលដាក់គោលដៅលើមនុស្ស។ យើងបានតវ៉ាដោយបង្ខំរួចហើយ ហើយមើលពុំឃើញមានការកំណត់ក្នុងរឿងនេះទេ។ លោកបាននិយាយថា អ៊ីរ៉ង់គោរពអធិបតេយ្យភាព ផលប្រយោជន៍ សិទ្ធិ ច្បាប់ និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ ពិសេសប្រទេសជិតខាងរបស់យើង ប៉ុន្តែ នឹងមិនអត់ឱនឲ្យសកម្មភាពព្យាបាទណាមួយនៅតាមព្រំដែនរបស់ខ្លួនឡើយ។ កងកម្លាំងឆ្នាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទីកចំនួន២៤គ្រាប់ ទៅលើមូលដ្ឋាននានារបស់ក្រុមភេរវករ នៅក្នុងប្រទេសស៊ីរី និងទីស្នាក់ការចារកម្មម៉ូសាដ របស់អ៊ីស្រាអែលនៅក្នុងតំបន់ឃឺដ អ៊ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារភេរវកម្មនៅក្នុងភាគខាងត្បូងអ៊ីរ៉ង់ និងការស្លាប់ថ្មីៗរបស់ជនជាតិអ៊ីរ៉ង់ និងក្រុមមេបញ្ជាការអ៊ីរ៉ង់ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។ លើសពីនេះទៅទៀត កាលពីថ្ងៃពុធប៉ាគីស្ថានបានចោទអ៊ីរ៉ង់ពីបទបំពានដែនអាកាសរបស់ខ្លួនដែលបានសម្លាប់កុមារ២នាក់ បន្ទាប់ពីសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាអ៊ីរ៉ង់បានបើកការវាយប្រហារកាលពីថ្ងៃអង្គារលើមូលដ្ឋានក្រុមភេរវករនៅក្នុងខេត្តបាលូជីស្ថានរបស់ប៉ាគីស្ថាន៕

មនុស្ស២៣នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតកាំជ្រួចភ្ញី នៅក្នុងខេត្តភាគកណ្ដាលប្រទេសថៃ

2024/01/18 10:31:16 am        105
អភិបាលខេត្តបាននិយាយថា មនុស្ស២៣នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍ផ្ទុះឆេះនៅរោងចក្រផលិតកាំជ្រួចភ្ញីក្នុងខេត្តភាគកណ្ដាលប្រទេសថៃកាលពីថ្ងៃពុធទី១៧ខែមករាសប្ដាហ៍នេះ។ ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅម៉ោងប្រហែល៣រសៀល ជិតទីក្រុងសាលាខាវ (Sala Khao) ក្នុងខេត្តស៊ូផាន ប៊ូរី (Suphan Buri) ភាគកណ្ដាល។ អភិបាលខេត្តស៊ូផាន ប៊ូរី លោក ណាតាផាត់ ស៊ូវ៉ាន់ប្រាទីប (Nattapat Suwanprateep) បានប្រាប់សារព័ត៌មាន AFP ដោយសំដៅលើការផ្ទុះនៅរោងចក្រនោះថា យើងទទួលបានរាបាយការណ៍ពីក្រុម EOD ថាមនុស្ស២៣នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់។ លោក ក៏បានប្រាប់សារព័ត៌មាន Reuters ផងដែរថា ពួកគេមិនអាចប្រាប់បានទេថាតើ អ្នកស្លាប់ទាំងអស់គឺជាកម្មករ ឬយ៉ាងណា ហើយថាការស៊ើបអង្កេតកំពុងធ្វើនៅឡើយ។ពុំមានតម្រុយណាមួយបញ្ជាក់ពីមូលហេតុបណ្ដាលឲ្យមានការផ្ទុះនេះកើតឡើងទេ។ លោកថាមានមនុស្សជាមធ្យមប្រហែលចន្លោះពី២០ទៅ៣០នាក់កំពុងបម្រើការនៅរោងចក្រនេះជារៀងរាល់ថ្ងៃ នៅក្នុងសេចក្ដីថ្លែងការណ៍ជាផ្លូវការណ៍មួយតាមអនឡាញ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋ (Srettha)បានបង្ហាញការសោកស្ដាយសម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងហេតុការណ៍នោះ។ លោក ក៏បានបញ្ជាឲ្យបើកការស៊ើបអង្កេតផងដែរថាតើរោងចក្រនោះត្រូវបានដំណើរការដោយខុសច្បាប់ឬយ៉ាងណា ក៏ដូចជាមូលហេតុនាំឲ្យមានការផ្ទុះនេះកើតឡើងផងដែរ៕

អ្នកស្លាប់ និងរងរបួសជាង៦ពាន់នាក់ដោយសារគ្រោះថ្នាក់ចរចរណ៍ក្នុងឆ្នាំ២០២៣កន្លងទៅ

2024/01/17 09:34:06 pm        167
ភ្នំពេញ÷ មនុស្សយ៉ាងតិចចំនួន១,៥៩០នាក់បានស្លាប់ និងចំនួន៤,៥១៥នាក់បានរងរបួសធ្ងន់ស្រាល ដោយសារ ពេជ្ឈឃាតតាមផ្លូវ(គ្រោះថ្នាក់ចរាចរណ៍) នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ មូលហេតុដែលបណ្តាលឲ្យ គ្រោះថ្នាក់ច្រើនជាងគេ គឺដោយសារល្បឿន។ យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលទូរទស្សន៍BTVទទួលបាននាយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣,៣១៧លើក កើនឡើងចំនួន៣៤១លើក ស្មើនិង១១ភាគរយ ដែលឆ្នាំ ២០២២គ្រោះថ្នាក់បានកើតឡើងត្រឹមតែចំនួន២៩៧៦លើក។របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងឆ្នាំ ២០២៣ គឺមានចំនួន១,៥៩០នាក់ ថយចុះចំនួន១១៩នាក់ស្មើនឹង៧ភាគរយ ដោយឆ្នាំ២០២២បានស្លាប់រហូតដល់១,៧០៩នាក់ ខណៈអ្នករងរបួសបានកើតឡើងចំនួន៤,៥១៥នាក់កើនឡើងចំនួន ៤៨៩នាក់ស្មើនឹង១២ភាគរយ។ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដដែល ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារតែល្បឿន៤១ភាគរយ, មិនគោរពសិទ្ធ ២២ភាគ រយ, មិនប្រកាន់ស្ដាំ ៩ភាគរយ បត់មិនប្រយ័ត្ន៩ភាគរយ, ជែងគ្រោះថ្នាក់៧ភាគរយ, កត្តយាន ៥ភាគរយ, ស្រវឹង ៣ភាគរយ, សញ្ញាចរាចរណ៍ ១ភាគរយ, ងងុយដេក១ភាគរយ, ខណៈបណ្តាលមកពីអាកាសធាតុ១ភាគរយ។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា ប្រភេទយានដែលបានបង្ករឲ្យមានគ្រោះថ្នាក់មានម៉ូតូ, ៤៧ភាគរយ រថយន្តធុនស្រាល ៣៤ភាគរយ, រថយន្តធុនធ្ងន់ ១១ភាគរយ, យានផ្សេងៗចំនួន៧ភាគរយខណៈថ្មើរជើង២ភាគរយ៕អត្ថបទ ÷ បាន ចក់

ប្រធានការិយាល័យសារព័ត៌មាន Al Jazeera ចាកចេញពីហ្កាហ្សា ក្រោយការវាយប្រហារបានសម្លាប់កូន ប្រពន្ធ និងសហការី

2024/01/17 03:22:45 pm        128
លោក Wael al-Dahdouh ប្រធានការិយាល័យសារព័ត៌មាន Al Jazeera នៅតំបន់ហ្កាហ្សា បានចាកចេញពីទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រពន្ធរបស់ខ្លួន កូនជាច្រើននាក់ និងសហការីម្នាក់។ស្ថានភាពរបស់លោកDahdouh កាន់ទុក្ខគ្រួសាររបស់ខ្លួន និងការភៀសខ្លួនដោយថ្មើរជើងពីទីក្រុងហ្កាហ្សា ត្រូវបានចាក់ផ្សាយពាសពេញពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ថ្លែងទៅកាន់អ្នកសារព័ត៌មាន AFP នៅតំបន់ហ្កាហ្សាភាគខាងត្បូង បុរសវ័យ៥៣ឆ្នាំរូបនេះ បាននិយាយថាខ្លួនបានឆ្លងកាត់ប៉ុស្តិ៍ព្រំដែនរ៉ាហ្វា(Rafah) ជាមួយប្រទេសអេហ្ស៊ីប។លោក Dahdouh បាននិយាយថា ខ្លួននឹងត្រូវធ្វើដំណើរបន្តទៅកាន់ប្រទេសកាតា ជាកន្លែងដែលខ្លួននឹងទទួលការវះកាត់សម្រាប់មុខរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុន ដែលបានសម្លាប់អ្នកថតរូប Samer Abu Daqqa របស់បណ្តាញសារព័ត៌មាននេះ ដែលមានមូលដ្ឋាននៅកាតា និងអ្នកផ្សេងទៀត។ប្រពន្ធរបស់លោក កូនពីរនាក់ និងចៅប្រុសម្នាក់ បានស្លាប់នៅក្នុងខែតុលា ការទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន Nuseirat តំបន់ហ្កាហ្សាភាគកណ្តាល ខណៈដែលកូនប្រុសច្បងរបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្នុងខែនេះ ដែលកំណត់គោលដៅទៅលើរថយន្តមួយគ្រឿងនៅព្រំដែនរ៉ាហ្វា។លោក Dahdouh បានប្រាប់សារព័ត៌មានAFPថា ខ្លួនបានចូលទៅក្នុងប្រទេសអេហ្ស៊ីបជាមួយនឹងសាច់ញាតិម្នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីកូន៤ នាក់របស់លោក បានឆ្លងកាត់កាលពីសប្តាហ៍មុន ។

ពលរដ្ឋហ្កាហ្សា នៅទីក្រុង Rafah និយាយថា កង្វះអាហារកំពុងធ្វើឱ្យពួកគេធ្លាក់ខ្លួនឈឺ

2024/01/17 03:16:58 pm        200
ប្រជាជនប៉ាឡេស្ទីន នៅភាគខាងត្បូងតំបន់ហ្កាហ្សា បានតម្រង់ជួរនៅផ្ទះបាយសប្បុរសធម៌មួយកន្លែងកាលពីថ្ងៃអង្គារ ដោយសង្ឃឹមថានឹងទទួលបានអាហារក្តៅៗដើម្បីផ្តល់ឲ្យកូនៗរបស់ពួកគេ ខណៈអ៊ីស្រាអែល បន្តការវាយប្រហាររបស់ខ្លួននៅក្នុងទឹកដីនេះភាគច្រើន។ក្រុមអ្នកស្ម័គ្រចិត្តនៅទីក្រុង Rafah កំពុងមមាញឹកចែកអាហារដែលមានបន្លែក្រៀម និងប៉ាស្តា។ រយៈពេលជាង ១០០ថ្ងៃ នៃការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន គ្រួសារមួយចំនួន បាននិយាយថា អ្វីដែលត្រូវបានចែកចាយគឺមិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសាររបស់ពួកគេទាំងមូលនោះទេ។ លោក Mohammed Al-Shondogli ពលរដ្ឋប៉ាឡេស្ទីន ដែលភៀសខ្លួនពីទីក្រុង Jabalia បាននិយាយ ថា នេះមិនគ្រប់គ្រាន់ទេ។ វាស្ទើរតែមិនគ្រប់គ្រាន់សម្រាប់មនុស្សពីរនាក់ផង។ នេះ ត្រូវការសម្រាប់មនុស្សប្រាំពីរនាក់។អ្នកស្ម័គ្រចិត្តនៅផ្ទះបាយសប្បុរសធម៌បាននិយាយថា ក្មេងៗចង់ភ្លក់រសជាតិនៃអ្វីដែលពួកគេធ្លាប់ទទួលទាន។ កុមារជាច្រើននាក់បានយំ ពួកគេយំទាំងយប់ទាំងថ្ងៃ។ ពួកគេចង់បានទាំងបង្អែម និងផ្លែឈើ ឬសូកូឡាមួយដុំ ឬក៏បន្លែ។ របាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែធ្នូ បាននិយាយថា ប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សាទាំងអស់ ប្រឈមទៅនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លាន ជាមួយនឹងហានិភ័យនៃគ្រោះទុរ្ភិក្សកើនឡើងជារៀងរាល់ថ្ងៃ ហើយសមាមាត្រនៃចំនួនប្រជាជន ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅទូទាំងពិភពលោក ដែលបានកត់ត្រាទុក។ នៅខាងក្នុងតំបន់ហ្កាហ្សា ភាពអត់ឃ្លាន មិនបានរាលដាលស្មើៗគ្នានោះទេ។ ជំនួយស្ទើរតែទាំងអស់ ដែលមកដល់ក្នុងតំបន់ហ៊ុមព័ទ្ធ គឺឆ្លងកាត់ទីក្រុង Rafah នៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប ហើយភ្នាក់ងារមនុស្សធម៌ បានលើកឡើងពីបញ្ហាក្នុងការបែងចែកការផ្គត់ផ្គង់។

ប្រទេសអេក្វាឌ័រ ចុះល្បាតតាមដែនទឹក ដើម្បីប្រយុទ្ធប្រឆាំងក្រុមឧក្រិដ្ឋជន

2024/01/17 01:58:49 pm        326
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអេក្វាឌ័រ បានចេញល្បាតនៅតាមដែនទឹករបស់ប្រទេស ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងអង្គការឧក្រិដ្ឋជន។ នៅក្នុងឈូងសមុទ្រ Guayaquil មន្ត្រីកងទ័ពជើងទឹក បានពិនិត្យមើលលើនាវាពាណិជ្ជកម្ម និងទូកអ្នកនេសាទ ដែលកំពុងធ្វើនាវាចរនៅជិតកំពង់ផែ កាលពីថ្ងៃអង្គារ។មន្ត្រីកងទ័ពជើងទឹកម្នាក់បាននិយាយថា ប្រតិបត្តិការនេះ ផ្តល់ឱកាសដល់អាជ្ញាធរដើម្បីទប់ស្កាត់គ្រឿងញៀន ឬសារធាតុខុសច្បាប់ ពីការផ្ទុកទៅក្នុងនាវាឬទូក ឆ្ពោះទៅកាន់អឺរ៉ុប។ បន្ទាប់ពីរលកនៃអំពើហឹង្សា ដែលបានវាយប្រហារប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ប្រធានាធិបតី លោក Daniel Noboa បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃ កាលពីសប្តាហ៍មុន រួមទាំងបម្រាមគោចរពេលយប់ និងបានកំណត់ក្រុមឧក្រិដ្ឋជនចំនួន ២២នាក់ ថាជាក្រុមភេរវករ។

ការប្រយុទ្ធនៅហ្កាហ្សា ចាប់ផ្តើមខ្លាំងក្លាឡើងវិញ ខណៈរថក្រោះអ៊ីស្រាអែល វាយលុកចូលតំបន់ដែលពួកគេបានចាកចេញ

2024/01/17 12:28:08 pm        352
អ្នកស្រុកបាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថារថក្រោះអ៊ីស្រាអែល បានវាយលុកចូលទៅក្នុងផ្នែកខ្លះនៃភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ដែលពួកគេបានចាកចេញកាលពីសប្តាហ៍មុន ដោយបានគ្រប់គ្រងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយចំនួនចាប់តាំងពីឆ្នាំថ្មីមក នៅពេលដែលអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបង្កើនប្រតិបត្តិការនៅទីនោះ។ការផ្ទុះដ៏ធំអាចត្រូវបានគេមើលឃើញនៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា ពីព្រំដែនជាមួយអ៊ីស្រាអែល ដែលជាកម្រមានក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសដកកងកម្លាំងនៅភាគខាងជើងជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់ប្រតិបត្តិការតូចជាងមុន និងកំណត់គោលដៅ។សំឡេងកាំភ្លើងបានបន្លឺឡើងពេញព្រំដែនពេញមួយយប់ ហើយនៅពេលព្រឹក មីស៊ីលបានហោះពាសពេញផ្ទៃមេឃ ខណៈដែលប្រព័ន្ធការពារដែនអាកាស អាយរ៉ុនដូម (Iron Dome) របស់អ៊ីស្រាអែលបានបាញ់ទម្លាក់គ្រាប់រ៉ូកែតដែលបាញ់ដោយពួកសកម្មប្រយុទ្ធឆ្លងកាត់របង ដែលជាភស្តុតាងថាពួកគេរក្សានូវសមត្ថភាពក្នុងការបាញ់បង្ហោះទោះបីជាមានសង្រ្គាមជាង ១០០ថ្ងៃក៏ដោយ។អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់យុទ្ធជនហាម៉ាស រាប់សិបនាក់ពេញមួយយប់នៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) នៅតំបន់ភាគខាងជើងហ្កាហ្សា។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរយៈពេល ២៤ម៉ោងចុងក្រោយបានសម្លាប់មនុស្ស ១៥៨នាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ ដែលបង្កើនចំនួនអ្នកស្លាប់ដោយសារសង្គ្រាម ឥឡូវនេះនៅក្នុងខែទី៤ របស់ខ្លួនដល់ចំនួន ២៤.២៨៥នាក់ ជាមួយនឹងសាកសពរាប់ពាន់នាក់ទៀតដែលគេភ័យខ្លាចថាបានបាត់បង់នៅក្នុងគំនរបាក់បែក៕

អារ៉ាប៊ីសាអូឌីតអាចទទួលស្គាល់អ៊ីស្រាអែល ប្រសិនបើបញ្ហាប៉ាឡេស្ទីនត្រូវបានដោះស្រាយ

2024/01/17 11:48:28 am        379
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថារាជាណាចក្រនេះអាចទទួលស្គាល់អ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយត្រូវបានឈានដល់ដែលរួមបញ្ចូលភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន ការពិភាក្សាប្រកបដោយមហិច្ឆិតា ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនបង្ហាញសញ្ញានៃការបន្ធូរបន្ថយ។ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីនហ្វាហាន (Faisal bin Farhan) បានមានបន្ទូលប្រាប់ក្រុមប្រជុំមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស ថា «យើងយល់ស្របថាសន្តិភាពក្នុងតំបន់អាចរួមមានសន្តិភាពសម្រាប់អ៊ីស្រាអែល ប៉ុន្តែវាអាចកើតឡើងបានតែតាមរយៈសន្តិភាពសម្រាប់ប៉ាឡេស្ទីន ដោយផ្ដល់ជារដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះ»។ព្រះអង្គម្ចាស់ ហ្វៃសាល មានបន្ទូលថា ការធានាសន្តិភាពក្នុងតំបន់ តាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជា «អ្វីមួយដែលយើងពិតជាកំពុងធ្វើការជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ហើយវាពាក់ព័ន្ធខ្លាំងជាងនៅក្នុងបរិបទនៃតំបន់ហ្កាហ្សា»។ការធានាឲ្យមានកិច្ចព្រមព្រៀងធ្វើឱ្យមានប្រក្រតីភាពជាមួយអារ៉ាប៊ីសាអូឌីត នឹងក្លាយជារង្វាន់ដ៏ធំសម្រាប់អ៊ីស្រាអែល បន្ទាប់ពីខ្លួនបានបង្កើតទំនាក់ទំនងការទូតជាមួយអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ហើយអាចផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៃមជ្ឈិមបូព៌ា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM