អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

ការវាយប្រហារដោយមីស៊ីលរបស់រុស្សី បានកំណត់គោលដៅទៅលើសណ្ឋាគារ ក្នុងទីក្រុងខាកីវ (Kharkiv)

2024/01/11 11:42:38 am        111
អភិបាលតំបន់ខាគីវ ( Kharkiv) លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃទី១០ ខែមករាថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើសណ្ឋាគារមួយ នៅ ទីក្រុងខាកូវ ( Kharkov) ភាគកណ្តាល ជាមួយនឹងមីស៊ីលចំនួនពីរគ្រាប់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ រងរបួស។លោកបាននិយាយថា៖«អំពើភេរវកម្មមួយទៀតប្រឆាំងនឹងជនស៊ីវិល អ្នកកាន់កាប់ទាំងអស់ បានវាយប្រហារនៅជិតសណ្ឋាគារមួយ នៅកណ្តាលទីក្រុងខាកូវ ដោយមីស៊ីលចំនួនពីរគ្រាប់»។មន្ត្រីនោះ បាននិយាយថា មនុស្ស១០នាក់ បានរងរបួស។ ជនរងគ្រោះម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្នាក់ស្ថិតក្នុងស្ថានភាពមធ្យម និងម្នាក់ទៀត រងរបួសស្រាល។លោកស៊ីនីហ៊ុបូវ បានបន្ថែមថា៖«ក្នុងចំណោមអ្នករងរបួស មានអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយទួរ គីដែលស្នាក់នៅក្នុងសណ្ឋាគារនោះ»។សេវាសង្គ្រោះបន្ទាន់ កំពុងដោះស្រាយក្រោយការវាយប្រហារនោះ។យោងតាមប្រធានការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ Kharkiv លោក Oleksandr Filchakov មីស៊ីលត្រូវបានបាញ់ចេញពីតំបន់បែលហ្គោរូដ (Belgorod)របស់រុស្ស៊ី។ មីស៊ីលមួយគ្រាប់ បានវាយប្រហារអគារសណ្ឋាគារ ខណៈមួយទៀត បានផ្ទុះនៅចម្ងាយប៉ុន្មានម៉ែត្រពីទីនោះ។នៅពេលការវាយប្រហារនោះ បានកើតឡើង មានជនស៊ីវិលជាង ៣០នាក់នៅក្នុងអគារ រួមទាំងភ្ញៀវ២៣នាក់នៃសណ្ឋាគារនោះ។

លោកហ្សេឡិនស្គី៖ អ៊ុយក្រែន មិនស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្ត ឲ្យបញ្ឈប់ការប្រយុទ្ធនោះទេ

2024/01/11 11:14:25 am        83
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានថ្លែងកាលពីថ្ងៃពុធថាទីក្រុងគីវ មិនស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តឲ្យបញ្ឈប់ការប្រយុទ្ធជាមួយរុស្ស៊ីទេ ខណៈដែលលោក បានចាប់ផ្តើមការធ្វើដំណើរទៅកាន់បណ្តារដ្ឋបាល់ទិក ដែលមានបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង សង្គ្រាមនេះ។នៅក្នុងដំណើររបស់ខ្លួនទៅកាន់ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី លោកហ្សេឡិនស្គី សង្ឃឹមថា នឹងបញ្ឈប់ភាពនឿយហត់ក្នុងសង្គ្រាមក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀត ហើយពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ទីក្រុងគីវ ដើម្បីចូលរួមជាមួយអង្គការណាតូ និងសហភាពអឺរ៉ុប។ប៉ុន្តែមិនយូរប៉ុន្មានមុនពេលមេដឹកនាំអ៊ុយក្រែនរូបនេះ បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រធានាធិបតីលីទុយអានីលោក Gitanas Nauseda នៅទីក្រុងវីលនីញូស (Vilnius) រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បាននិយាយនៅទីក្រុងរ៉ូមថា ពេលវេលាបានមកដល់សម្រាប់ផ្នែកការទូត ដើម្បីត្រួសត្រាយផ្លូវសម្រាប់សន្តិភាពហើយ។នៅពេលសួរនៅទីក្រុងវីលនីញូសថាតើដៃគូរបស់អ៊ុយក្រែនឥឡូវនេះ កំពុងជំរុញទីក្រុងគីវឲ្យបញ្ឈប់ការប្រយុទ្ធគ្នាឬយ៉ាងណានោះ លោកហ្សេឡិនស្គី បាននិយាយថា៖«មិនមានសម្ពាធពីដៃគូ ដើម្បីបញ្ឈប់ការការពាររបស់យើងទេ។ មិនមានសម្ពាធ ដើម្បីបញ្ឈប់ជម្លោះ នៅឡើយទេ»។លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Nauseda ថា៖«មានសំឡេងផ្សេងៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានអានពួកវាទាំងអស់នោះហើយ»។«ប៉ុន្តែខ្ញុំគិតថា ដៃគូរបស់យើងមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សញ្ញាបែបនេះ ដល់យើងនៅឡើយទេ។ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានឮពួកគេផ្ទាល់ទេ»។

ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាកាន់តែខ្លាំងឡើង បើទោះជាអ៊ីស្រាអែលសន្យាថា កាត់បន្ថយសង្គ្រាមក្តី

2024/01/11 11:03:41 am        107
ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាភាគខាងត្បូង និងភាគកណ្តាល កាន់តែខ្លាំងកាលពីថ្ងៃពុធ ទោះបីជាអ៊ីស្រាអែលសន្យាថា ខ្លួននឹងដកកងទ័ពមួយចំនួនចេញ ហើយផ្លាស់ប្តូរទៅរកយុទ្ធនាការដែលមានគោលដៅបន្ថែមទៀត ហើយការអង្វរករពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោនឲ្យកាត់បន្ថយការស្លាប់ជនស៊ីវិល។នៅក្នុងសញ្ញាចុងក្រោយនៃការរីករាលដាលនៃសង្គ្រាមរយៈពេល៣ខែ នាវាចម្បាំងអាមេរិក និងអង់គ្លេសនៅសមុទ្រក្រហម បានការពារការវាយប្រហារដ៏ធំបំផុតពីចលនាហួទីនៅប្រទេសយេម៉ែន ដែលនិយាយថាខ្លួនកំពុងធ្វើសកម្មភាពគាំទ្រតំបន់ហ្កាហ្សា។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បាននិយាយថា ពួកគេបានបាញ់ទម្លាក់យានដ្រូន និងមីស៊ីលចំនួន ២១គ្រាប់ ដែលសំដៅលើផ្លូវដឹកជញ្ជូន។ គ្មាននរណាម្នាក់រងរបួសទេ។អ៊ីស្រាអែល បាននិយាយនៅសប្តាហ៍នេះថា ខ្លួនគ្រោងនឹងចាប់ផ្តើមដកទ័ព យ៉ាងហោចណាស់ពីផ្នែកខាងជើងនៃតំបន់ហ្កាហ្សា បន្ទាប់ពីសម្ពាធរបស់សហរដ្ឋអាមេរិកជាច្រើនសប្តាហ៍ ឲ្យកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន ហើយប្តូរទៅអ្វីដែលទីក្រុងវ៉ាស៊ីនតោននិយាយថា គួរតែជាយុទ្ធនាការកំណត់គោលដៅបន្ថែម ទៀត។ប៉ុន្តែការប្រយុទ្ធគ្នាហាក់មានសភាពខ្លាំងក្លាដូចមុន ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគកណ្តាល ដែលកងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកថ្មើរជើង កាលពីខែមុន។អង្គការសុខភាពពិភពលោក បានលុបចោលបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្ដដែលបានគ្រោងទុកទៅកាន់តំបន់ហ្កាហ្សា ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ដែលជាការលុបចោលលើកទី៦ ក្នុងរយៈពេលពីរសប្តាហ៍។

បណ្ដាប្រទេសជិតខាងអារ៉ាប់ ព្រមានប្រឆាំងនឹងការកាន់កាប់តំបន់ហ្កាហ្សា ឡើងវិញរបស់អ៊ីស្រាអែល

2024/01/11 11:00:16 am        132
អេហ្ស៊ីប និងហ្ស៊កដានី បានព្រមានប្រឆាំងនឹងការកាន់កាប់ឡើងវិញរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយបានអំពាវនាវឱ្យប្រជាជនដែលត្រូវបានបង្ខំឲ្យជម្លៀសខ្លួនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ខណៈដែលបណ្ដាមេដឹកនាំប្រទេសអារ៉ាប់ទាំងពីរនេះបានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាហ៍ម៉ូដ អាបបាស (Mahmoud Abbas) កាលពីថ្ងៃពុធ (១០ មករា)។ខណៈពេលដែលអ៊ីស្រាអែលបន្តទៅមុខជាមួយនឹងយុទ្ធនាការយោធា ដែលខ្លួននិយាយថានឹងមានរយៈពេលជាច្រើនខែ លោក អាបបាស ព្រះមហាក្សត្រ អាបឌូលឡាហ៍ (Abdullah) របស់ហ្ស៊កដានី និងលោកប្រធានាធិបតី អាបឌែល ហ្វាតតាហ៍ អាល់ស៊ីស៊ី (Abdel Fattah al-Sisi) របស់អេហ្ស៊ីប ក៏បាននិយាយឡើងវិញពីការបដិសេធរបស់ពួកគេចំពោះផែនការណាមួយក្នុងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ដោយជាហានិភ័យមួយដែលអេហ្ស៊ីបនិយាយថាបានកើនឡើង ខណៈសង្គ្រាមអ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាស បានជំរុញអ្នកស្រុកហ្កាហ្សាភាគច្រើនរត់ភៀសខ្លួនទៅភាគខាងត្បូងឆ្ពោះទៅកាន់ព្រំដែនអេហ្ស៊ីប។ហ្ស៊កដានីមានការព្រួយបារម្ភចំពោះកំណើនអស្ថិរភាព និងការវាយប្រហារលើជនជាតិប៉ាឡេស្ទីនដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វនៅតំបន់ វេស បែង (West Bank) កាន់កាប់ដោយអ៊ីស្រាអែល ដែលមានព្រំដែនជាប់ហ្ស៊កដានី។ សេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យរបស់លោកប្រធានាធិបតីអេហ្ស៊ីប ស៊ីស៊ី បាននិយាយថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្ហាញ «ជំហរសម្រេចចិត្ត» ដើម្បីជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗនៅហ្កាហ្សា។សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា មេដឹកនាំទាំងបីរូបបានបញ្ជាក់ «ការបដិសេធទាំងស្រុងចំពោះការប៉ុនប៉ងណាមួយដើម្បីកាន់កាប់ឡើងវិញនូវផ្នែកខ្លះនៃតំបន់ហ្កាហ្សា និងបញ្ជាក់ពីតម្រូវការដើម្បីឱ្យប្រជាជនរបស់តំបន់ហ៊ុមព័ទ្ធមួយនេះបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»៕

អង្គការមនុស្សធម៌ UN ព្រួយបារម្ភចំពោះមនុស្សជាង ៥០ ម៉ឺននាក់ភៀសខ្លួនពីស៊ូដង់ ចូលទៅស៊ូដង់ខាងត្បូង

2024/01/10 03:42:02 pm        124
អង្គការជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសខ្លួន និងអ្នកវិលត្រឡប់ទៅវិញរាប់ម៉ឺននាក់ ដែលភៀសខ្លួនចេញពីជម្លោះនៅប្រទេសស៊ូដង់ ចូលទៅក្នុងប្រទេសស៊ូដង់ខាងត្បូង។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្សជាង ៥០.០០០នាក់ បានឆ្លងកាត់ពីប្រទេសស៊ូដង់ក្នុងរយៈពេល៣សប្តាហ៍កន្លងទៅនេះ ដោយមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា កំពុងរង់ចាំនៅព្រំដែនដើម្បីចូលទៅប្រទេសស៊ូដង់ខាងត្បូង។ ការិយាល័យនេះបាននិយាយថា ចាប់តាំងពីសង្រ្គាមនៅស៊ូដង់ ចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៣ មនុស្សជិត ៥០០.០០០នាក់ បានភៀសខ្លួនចូលទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។ អង្គការ OCHA កំពុងអំពាវនាវបន្ទាន់ សម្រាប់ការផ្តល់មូលនិធិបន្ថែម ដើម្បីបំពេញតម្រូវការមនុស្សធម៌ដ៏ច្រើនលើសលប់នៅកន្លែងឆ្លងកាត់ និងរៀបចំការដឹកជញ្ជូនបន្តសម្រាប់អ្នកមកដល់ថ្មី ដើម្បីកាត់បន្ថយភាពចង្អៀតណែន នៅតាមមជ្ឈមណ្ឌលឆ្លងកាត់។ ការផ្គត់ផ្គង់ និងសេវាកម្មសំខាន់ៗ មានតិចតួច និងមានហានិភ័យនៃការរាលដាលជំងឺ។ការិយាល័យបាននិយាយថា ដៃគូមនុស្សធម៌របស់យើងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ក៏កំពុងឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺគ្រុនលឿង នៅក្នុងរដ្ឋភាគខាងត្បូង នៃរដ្ឋវ៉េស អេក្វាតូរីយ៉ា(West Equatoria) ហើយតំបន់ចំនួនបីនៅទីនោះ បានរាយការណ៍ករណីសង្ស័យចំនួន១៧ករណី និងកើតមាន១ករណី ដែលត្រូវបានបញ្ជាក់ និងមានអ្នកស្លាប់ចំនួន៦នាក់ ក្នុងចំណោមកុមារនៅចន្លោះអាយុ ២ឆ្នាំ និង ៥ ឆ្នាំ។អ្នកវិលត្រឡប់ទៅវិញ ដែលនិយាយយោងទៅរកប្រជាជនស៊ូដង់ខាងត្បូង ដែលបានភៀសខ្លួនចេញពីជម្លោះកាលពីពេលមុន បានចូលមកក្នុងប្រទេសស៊ូដង់ ហើយបច្ចុប្បន្នកំពុងត្រឡប់ចេញមកពីជម្លោះនៅស៊ូដង់វិញ។

នគរបាលខណ្ឌឫស្សីកែវ ធ្វើបង្ហាញមុខជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីកាប់ប្លន់

2024/01/10 02:00:39 pm        520
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវ ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ និង​ធ្វើការ​បង្ហាញ​មុខ​ជា​សាធារណៈ នៅព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន), និងទី២.ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​(មានសារធាតុញៀន)។ការធ្វើបង្ហាញមុខជនសង្ស័យទាំងពីរនាក់នេះលោក វរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ​នគរបាល​​ខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ត្រូវបាន​កម្លាំងជំនាញ​របស់​អធិការដ្ឋានខណ្ឌសហការជាមួយកម្លាំង​នគរបាលការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់កាលពីយប់ ថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០២៤ នៅចំណុច ផ្លូវលេខ ១០០៣ ភូមិ គង្គាផុស សង្កាត់ទួល សង្កែ ទី២ ខណ្ឌឬស្សីកែវ បន្ទាប់​ពី​ធ្វើ​សកម្មភាពប្លន់ បានតែរយៈពេល ៤ថ្ងៃ ។លោកអធិការបានអោយដឹងថាទៀតថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅមានករណី កាប់ ប្លន់យក ម៉ូតូម៉ាក ហុង ដាឌ្រីម ១គ្រឿង នៅចំណុច​ដើម​ប្រេង​ខ្យល់ ស្ថិតនៅខាងជើង កាំកូស៊ីធី តាមផ្លូវលេខ ១០០៣ ក្នុង សង្កាត់ទួល​សង្កែទី២។​ នៅ​ក្នុង​សកម្មភាព ជនសង្ស័យ ២នាក់ បានប្រើដាវកែច្នៃ ភ្ជង់គំរាមជនរងគ្រោះ ដែលកំពុង តែ​ចុះប​ត់​ជើង ​ប្លន់យកម៉ូតូ ម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 1IN.8015 មួយ​គ្រឿង​បាន​សម្រេច​។ បន្ទាប់ពីមានករណី ប្លន់ដោយមានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយ លោក​វរសេនីយ៍ឯក ប៊ុន សត្យា ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌកម្លាំង នគរបាលខណ្ឌ បានសហការជាកម្លាំង ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ២នាក់​ព្រម​ទាំង​ដក​ហូតបានម៉ូតូម៉ាកធូដេ ១គ្រឿងផងដែរ។ លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថាថា ជនសង្ស័យ ជាមុខ សញ្ញាចាស់ ប្លន់ និង លួច យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារ និងបានប្រើប្រាស់គ្រឿងញៀនផងដែរ៕ អត្ថបទ៖ កុម្ភះ

ប្រទេសប៉េរូ ប្រកាសអាសន្ននៅព្រំដែនភាគខាងជើង ខណៈអំពើហិង្សាអង្រួនប្រទេសអេក្វាឌ័រ

2024/01/10 01:22:57 pm        144
រដ្ឋាភិបាលរបស់ប្រទេសប៉េរូ បានប្រកាសកាលពីថ្ងៃអង្គារ (០៩ មករា) នូវភាពអាសន្នតាមបណ្តោយព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយអេក្វាឌ័រ ខណៈដែលការកើនឡើងនៃអំពើហិង្សាបានកើតមានឡើង ដោយភាគច្រើនត្រូវបានស្តីបន្ទោសទៅលើក្រុមឧក្រិដ្ឋជនមកពីប្រទេសជិតខាង។នាយករដ្ឋមន្ត្រីប៉េរូ លោក អាលប៊ឺតតូ អូតារ៉ូឡា (Alberto Otarola) បានធ្វើសេចក្តីប្រកាសដោយបញ្ជាក់ថា សេចក្តីប្រកាសគ្រាអាសន្ននេះនឹងដាក់ពង្រាយកងទ័ពចំនួនមិនជាក់លាក់ ដើម្បីគាំទ្រដល់កងកម្លាំងនគរបាល។ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមហាផ្ទៃរបស់ប្រទេសប៉េរូ ក៏នឹងធ្វើដំណើរទៅកាន់ព្រំដែនផងដែរ ដើម្បីសម្របសម្រួលប្រតិបត្តិការ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី។ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញ៉ែល ណូបូអា (Daniel Noboa) បានចេញក្រឹត្យមួយកាលពីថ្ងៃអង្គារ ដោយចាត់ថ្នាក់ក្រុមជនអន្ធពាលចំនួន ២២ក្រុមជាអង្គការភេរវករ ភ្លាមៗបន្ទាប់ពីក្រុមប្រដាប់អាវុធទាំងនេះបានសម្រុកចូលកាន់កាប់ស្ទូឌីយ៉ូទូរទស្សន៍អំឡុងពេលការផ្សាយបន្តផ្ទាល់ នៅក្នុងឧទាហរណ៍ចុងក្រោយបង្អស់នៃការបង្កើនភាពគ្មានច្បាប់នៅក្នុងប្រទេសនេះ៕

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន ក្នុងជម្លោះតំបន់ហ្កាហ្សា ឡើងដល់ជាង ២៣.០០០នាក់

2024/01/10 01:14:50 pm        81
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៣.២១០នាក់ ហើយមនុស្សប្រហែល ២លាននាក់បានជម្លៀសខ្លួន ស្របពេលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលាមក នេះបើយោងតាមក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (០៩ មករា)។ក្រសួងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២៦នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងមនុស្ស ២៤១នាក់ ផ្សេងទៀតរងរបួសក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយបន្ថែមចំនួនសរុបនៃអ្នករបួសប៉ាឡេស្ទីនបានកើនឡើងដល់ ៥៩.១៦៧ ចាប់តាំងពីថ្ងៃទី០៧ ខែតុលាមក។ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា រួមទាំងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ដែលកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាក៏ដោយ ក៏អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបង្កើនការវាយប្រហារនៅតំបន់ហ្កាហ្សាភាគខាងត្បូងបន្ថែមទៀត។យោងតាមតួលេខដែលចេញផ្សាយដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបកំពុងកើនឡើង ដោយកុមារទាំងអស់ចំនួន ៣៣៥.០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំនៅក្នុងតំបន់ កំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕

អេក្វាឌ័រ ប្រកាសពីជម្លោះប្រដាប់អាវុធផ្ទៃក្នុង នៅពេលដែលខ្មាន់កាំភ្លើងសម្រុកចូលការផ្សាយបន្តផ្ទាល់

2024/01/10 01:07:37 pm        120
ប្រធានាធិបតីអេក្វាឌ័រ បានប្រកាសពី «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង» នៅរសៀលថ្ងៃអង្គារ (០៩ មករា) បន្ទាប់ពីខ្មាន់កាំភ្លើងជាច្រើននាក់បានសម្រុកចូលកាន់កាប់ទីតាំងសាធារណៈទូទាំងប្រទេស រួមទាំងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ដែលបង្ហាញរូបភាពដ៏គួរឲ្យភ័យខ្លាចរបស់ក្រុមបុរសពាក់ម៉ាស់ និងកាន់កាំភ្លើង។កាមេរ៉ាថតបានបុរសពាក់អាវក្រណាត់ បង្ខំឱ្យបុគ្គលិករបស់ទូរទស្សន៍ ធីស៊ី (TC) ក្រាបលើដី ដោយផ្ចង់កាំភ្លើងដាក់អ្នកសារព័ត៌មាន ខណៈសំឡេងស្រែក និងសំឡេងកាំភ្លើងត្រូវបានលាន់ឮនៅផ្ទៃខាងក្រោយ។ វីដេអូនៃការសម្រុកចូលនោះបានចែករំលែកពេញអ៊ីនធឺណិត ហើយក្រុមអ្នកយកព័ត៌មានត្រូវបានចាប់ចំណាប់ខ្មាំងនៅខាងក្នុងស្ថានីយ៍ដែលមានមូលដ្ឋាននៅទីក្រុង ក្វាយ៉ាឃ្វីល (Guayaquil) ដោយបង្កឲ្យមានការផ្ញើសារអង្វរករសុំជំនួយជាច្រើន នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន អ៊ែល យូនីវើសូ (El Universo)។ក្រុមអ្នកវាយប្រហារ ដែលមានគ្នាយ៉ាងហោចណាស់ ១៣នាក់ ដែលត្រូវបាននគរបាលនាំខ្លួនចេញនោះ ត្រូវបានគេរាយការណ៍ថា បាននាំយកគ្រាប់បែកខ្នាតតូច ចូលទៅក្នុងអគាររបស់បណ្តាញទូរទស្សន៍។ នគរបាលជាតិរបស់អេក្វាឌ័រ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពជំនាញរបស់ខ្លួនត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះ ហើយបានចាប់ខ្លួន «មុខសញ្ញាជាច្រើន»៕

មនុស្ស ៣នាក់ បានស្លាប់ ដោយសារខ្យល់ព្យុះ និងអាចជាព្យុះកួច បានបោកបក់កាត់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក

2024/01/10 12:57:32 pm        129
យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ ខណៈព្យុះភ្លៀងដ៏ខ្លាំងក្លា កម្លាំងខ្យល់បក់ដ៏ខ្លាំង និងព្យុះកួច បានបោកបក់ពាសពេញតំបន់ភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៩ ខែមករា) ដោយបានធ្វើឲ្យបង្គោលភ្លើង និងដើមឈើរលំបាក់ ហើយនិងបង្កការខូចខាតដល់អគារជាច្រើន។រូបភាពផ្សព្វផ្សាយតាមអ៊ីនធឺណិតពីទីក្រុងប៉ាណាម៉ា រដ្ឋផ្លរីដា បង្ហាញផ្ទះ ដែលដំបូលប៉ើង អគារផ្ទះល្វែងរលំបាក់ និងផ្លូវថ្នាល់នានាមិនអាចឆ្លងកាត់បាន បន្ទាប់ពីព្យុះកំបុតត្បូងបានបោកបក់មកលើតំបន់នេះកាលពីព្រឹកព្រលឹមថ្ងៃទី៩ ខែមករា។ នៅតំបន់ខ្លះភាគខាងជើងនៃព្រំដែនរដ្ឋអាឡាបាម៉ា ព្យុះបាននាំឲ្យមានព្រិលធ្លាក់ទំហំដុំគ្រាប់បាល់បេស្បល។អាកាសធាតុធ្ងន់ធ្ងរត្រូវបានគេរំពឹងថា នឹងបន្តនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរហូតដល់យប់ថ្ងៃទី៩ ខែមករា។ មនុស្សជាង ២២លាននាក់ កំពុងតាមដានខ្យល់ព្យុះកំបុតត្បូងពីរដ្ឋ Florida ដល់រដ្ឋ Virginia។សេវាអាកាសធាតុជាតិបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលនាំឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ខ្យល់បក់បោកខ្លាំងនៅទីកន្លែងជាច្រើន ដែលមានល្បឿនលើសពី ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះផ្គររន្ទះ ត្រូវបានព្យាករថា កើតមានចាប់ពី «រដ្ឋ Carolina ភាគខាងលិចដល់កណ្តាលអាត្លង់ទិក និងភាគឦសាន»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM