ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

លោក Netanyahu ព្រមានពីការចាប់ផ្តើមនៃទីបញ្ចប់សម្រាប់ក្រុមហាម៉ាស និងជំរុញឱ្យចុះចាញ់

2023/12/12 02:02:03 pm        103
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ចុះចាញ់ដោយនិយាយថានេះគឺជា «ការចាប់ផ្តើមនៃទីបញ្ចប់» សម្រាប់អង្គការនេះ ដែលអ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចភាគច្រើនបានកំណត់ថាជាក្រុមភេរវកម្ម។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា យើងទទួលស្គាល់ថាវានឹងត្រូវការពេលវេលា ប៉ុន្តែការកើនឡើងនៃចំនួនយុទ្ធជនហាម៉ាសដែលចុះចាញ់ បានបង្ហាញពីជំនោរនៃសង្គ្រាមដែលកំពុងផ្លាស់ប្ដូរស្ថានការណ៍។លោក ណេតាន់យ៉ាហ៊ូ បាននិយាយ «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភេរវករហាម៉ាសរាប់សិបនាក់បានចុះចាញ់នឹងកងកម្លាំងរបស់យើង។ ពួកគេបានដាក់អាវុធចុះ ហើយប្រគល់ខ្លួនឲ្យទាហានដ៏មានវីរភាពរបស់យើង។ នេះនឹងត្រូវការពេលវេលា ហើយសង្រ្គាមនៅតែបន្ត ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃចុងបញ្ចប់នៃក្រុមហាម៉ាស»។ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ បានកើតឡើងខណៈឧត្តមសេនីយរបស់កងពលតូចការពារអ៊ីស្រាអែលដែលចូលនិវត្តន៍ លោក អាម៊ឺ អាវីវី (Amir Avivi) បាននិយាយថា អ៊ីស្រាអែលជិតទទួលបានការគ្រប់គ្រងនៅតំបន់ហ្កាហ្សា ភាគខាងជើងទាំងមូល ហើយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅភាគខាងត្បូង នៅក្នុងតំបន់នេះ និងជុំវិញទីក្រុងខាន់ យ៉ូនីស (Khan Younis)។អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងភាគកណ្តាលហ្កាហ្សាពេញមួយយប់ ដោយបានវាយប្រហារជំរំភៀសខ្លួនក្នុងចំណោមគោលដៅផ្សេងទៀតគឺជំរំជន ន ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ នុសៃរ៉ាត (Nuseirat)។ ការវាយប្រហារតាមអាកាសនេះក៏បានវាយប្រហារទៅលើលំនៅដ្ឋាននៅភាគខាងលិចនៃទីក្រុងព្រំដែនរ៉ាហ្វាហ្វ និងនៅក្នុងសង្កាត់កណ្តាលនៃទីក្រុង ដែលត្រូវបានកំណត់ថាជាតំបន់ «សុវត្ថិភាព»៕

វេជ្ជបណ្ឌិតអ៊ីស្រាអែល៖ ចំណាប់ថ្នូរ ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន និងធ្វើបាប នៅតំបន់ហ្កាហ្សា

2023/12/12 01:30:09 pm        117
អ្នកជំនាញម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនចូលទៅក្នុងតំបន់ហ្កាហ្សាក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យពួកគេនៅស្ងៀមក្នុងការជាប់ឃុំឃាំង និងទទួលរងការរំលោភបំពានផ្លូវចិត្ត និងផ្លូវភេទ។លោកស្រី Renana Eitan ប្រធានផ្នែកចិត្តសាស្រ្តនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tel Aviv Sourasky-Ichilov បាននិយាយថា៖«ខ្ញុំមិនដែលឃើញអ្វីដូចនេះទេ ក្នុងរយៈពេល២០ឆ្នាំនៃការព្យាបាលជនរងគ្រោះដែលរបួសធ្ងន់ធ្ងរ»។លោកស្រី បានបន្ថែមថា៖ «រំលោភបំពានផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទលើចំណាប់ថ្នូរទាំងនេះ ដែលបានកើតឡើងនេះ គឺគួរឲ្យខ្លាចណាស់»។ «យើងត្រូវសរសេរសៀវភៅសិក្សាឡើងវិញ»។មជ្ឈមណ្ឌលនេះ បានទទួលអតីតចំណាប់ថ្នូរចំនួន ១៤នាក់ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស ដែលមួយចំនួន បានរាយការណ៍ថា ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន រួមទាំងអ្វីដែលគ្រូពេទ្យជឿថាជាថ្នាំជួយឲ្យដេកលក់ (benzodiazapines) ដែលជាប្រភេទថ្នាំជំនួយដល់ការធ្លាក់ទឹកចិត្ត ដែលរួមមានដូចជាថ្នាំសណ្តំ(Valium)ជាដើម។លោកស្រី បានបន្ថែមថា៖«ពួកគេចង់គ្រប់គ្រងកុមារ ហើយជួនកាលវាពិបាកក្នុងការគ្រប់គ្រងកុមារតូចៗ ក្មេងជំទង់ ហើយពួកគេដឹងថា ប្រសិនបើឲ្យពួកគេប្រើប្រាស់គ្រឿងញៀន ពួកគេ នឹងត្រូវ​ស្ងប់ស្ងៀម​។

ផ្លូវសមុទ្រម៉េឌីទែរ៉ាណេទៅអឺរ៉ុប នៅតែមមាញឹកបំផុតសម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់

2023/12/12 12:13:56 pm        135
ទីភ្នាក់ងារត្រួតពិនិត្យព្រំដែនរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទថា ការឆ្លងកាត់ព្រំដែនមិនទៀងទាត់ ចូលទៅក្នុងសហភាពអឺរ៉ុប (EU) បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយទីភ្នាក់ងារការពារព្រំដែន និងឆ្មាំល្បាតឆ្នេរអឺរ៉ុប (Frontex) បានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៣ ចំនួននៃការមកដល់បានកើនលើសពីចំនួនសរុបពេញមួយឆ្នាំរួចហើយ នៅក្នុងឆ្នាំនីមួយៗចាប់តាំងពីឆ្នាំ២០១៦មក។ ទីភ្នាក់ងារ Frontex បាននិយាយថា ចំនួនសរុបនៃជនអន្តោប្រវេសន៍មកដល់សហភាពអឺរ៉ុបតាមមធ្យោបាយមិនទៀងទាត់ក្នុងឆ្នាំនេះ បានឈានដល់យ៉ាងហោចណាស់ ៣៥៥.៣០០នាក់ គិតត្រឹមចុងខែវិច្ឆិកា។ ទោះជាយ៉ាងណា ចំនួននៃការមកដល់មិនទៀងទាត់ កំពុងថយចុះ។ ផ្លូវតាមសមុទ្រមេឌីទែរ៉ាណេភាគកណ្តាល ដែលត្រូវបានសម្គាល់ដោយការឆ្លងកាត់ទៅកាន់ប្រទេសអ៊ីតាលី ពីប្រទេសទុយនីស៊ី ឬលីប៊ី នៅតែជាមធ្យោបាយធម្មតាបំផុតក្នុងការចូលទៅកាន់សហភាពអឺរ៉ុប។ ទីភ្នាក់ងារ Frontex បាននិយាយថា តាមផ្លូវនេះមានប្រហែល៤៣ភាគរយ នៃការមកដល់ទាំងអស់ដែលមានច្រើនជាង ១៥២.០០០នាក់ កើនឡើង៦១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានដាក់តួលេខនេះ ត្រឹមតែជាង ១៥៣.០០០នាក់ប៉ុណ្ណោះ រហូតដល់ថ្ងៃអាទិត្យ។ ទីភ្នាក់ងារ Frontex បានព្រមានថា តួលេខពុំមានលក្ខណៈគ្រប់ជ្រុងជ្រោយនោះទេ ព្រោះវារួមបញ្ចូលតែជនអន្តោប្រវេសន៍ដែលដំណើរការដោយមន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះ និងមិនមែនជាអ្នកដែលចូលមកក្នុងប្លុកនេះដោយមិនត្រូវបានរកឃើញ។ ភាគច្រើននៃការមកដល់មិនទៀងទាត់នៃជនអន្តោប្រវេសន៍នៅឆ្នាំនេះ គឺមានមកពីប្រទេសស៊ីរី ហ្គីណេ និងប្រទេសអាហ្វហ្គានីស្ថាន។

UN ព្រមានពីភាពអត់ឃ្លាន និងការដួលរលំសណ្តាប់ធ្នាប់នៅក្នុងតំបន់ហ្កាហ្សា

2023/12/12 12:04:39 pm        100
លោក ហ្វីលីប ឡាហ្សារីណា (PHILIPPE LAZZARINI) អគ្គស្នងការនៃទីភ្នាក់ងារផ្តល់ជំនួយនិងការងារអង្គការសហប្រជាជាតិ(UNRWA) បាននិយាយថា យើងបានស្តាប់ឮជាលើកដំបូងថា ភាពអត់ឃ្លានកំពុងកើតមាននៅហ្កាហ្សា។ មនុស្សកាន់តែច្រើនឡើង ពុំបានទទួលទានមួយថ្ងៃ ពីរថ្ងៃ និងបីថ្ងៃមកហើយ។ លោក ហ្វីលីប ឡាហ្សារីណា (PHILIPPE LAZZARINI) និងបេសកជនផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បានទាមទារឱ្យបញ្ចប់សង្រ្គាម ខណៈពួកគេបានធ្វើដំណើរឆ្លងកាត់ឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីប ទៅកាន់ច្រកព្រំដែន Rafah ជាចំណុចច្រកចូលតែមួយគត់សម្រាប់ការដឹកជញ្ជូនជំនួយចូលទៅតំបន់ប៉ាឡេស្ទីនដែលត្រូវបានហ៊ុមព័ទ្ធ ។ប៉ុន្មានថ្ងៃ បន្ទាប់ពីអគ្គលេខាធិការលោក Antonio Guterres បានព្រមានថា ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ កំពុងស្រេកឃ្លាន។ លោកបានព្រមានអំពី ការដួលរលំសណ្តាប់ធ្នាប់ ខណៈភាពស្រេកឃ្លានរីករាលដាល ហើយពលរដ្ឋតំបន់ហ្កាហ្សា ដែលមិនបានទទួលទានជាច្រើនថ្ងៃ បានចូលលួចនៅមជ្ឈមណ្ឌលចែកចាយជំនួយ និងបញ្ឈប់រថយន្តដឹកទំនិញនៅលើផ្លូវក្នុងការពុះពារស្វែងរកអាហារសម្រាប់គ្រួសាររបស់ពួកគេ។ ទុក្ខលំបាក កំពុងបង្កការព្រួយបារម្ភនៃការភៀសខ្លួនទ្រង់ទ្រាយធំទៅកាន់ប្រទេសអេហ្ស៊ីប។លោក Lazzarini បាននិយាយខណៈលោកបានមើលឃើញ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកទៅកាន់ តំបន់ហ្កាហ្សា ថា ប្រជាជនកំពុងដេកនៅលើបេតុង។ រដូវរងាគឺនៅទីនេះ មានទឹកស្អុយ ពួកគេកំពុងតស៊ូស្វែងរកទឹកស្អាត ពួកគេកំពុងតស៊ូដើម្បីទទួលបានអាហារ។កាលពីថ្ងៃច័ន្ទ ក្រុមសកម្មប្រយុទ្ធ និងប្រជាជនមួយចំនួន បាននិយាយថា ក្រុមអ្នកប្រយុទ្ធកំពុងរារាំងរថក្រោះរបស់អ៊ីស្រាអែល មិនឱ្យធ្វើដំណើរទៅភាគខាងលិចបន្ថែមទៀតកាត់តាមទីក្រុង និងបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែល បាននិយាយថា ភារកិច្ចរបស់ខ្លួនបានបញ្ចប់ទាំងស្រុងហើយ។

ជំងឺផ្តាសាយបក្សីបានសម្លាប់សត្វភេ និងសត្វតោសមុទ្រជាង ៩០០ក្បាល នៅភាគខាងត្បូងប្រេស៊ីល

2023/12/12 11:44:58 am        276
សត្វភេ និងសត្វតោសមុទ្រជិត ១.០០០ក្បាលនៅភាគខាងត្បូងប្រទេសប្រេស៊ីល បានស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី នេះបើយោងតាមសម្ដីក្រុមអាជ្ញាធរដែលកំពុងព្យាយាមទប់ទល់មេរោគដ៏សាហាវនេះចេញពីហ្វូងសត្វបក្សីពាណិជ្ជកម្ម។រដ្ឋ រីអូ ក្រានដេ ដូសុល (Rio Grande do Sul) ចុងភាគខាងត្បូង បានបញ្ជាក់ពីការស្លាប់របស់ថនិកសត្វសមុទ្រចំនួន ៩៤២ក្បាល ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីការឆ្លងមេរោគដោយជំងឺគ្រុនផ្តាសាយបក្សី(HPAI) ដែលបង្កជាជំងឺធ្ងន់ធ្ងរ និងត្រូវបានរាយការណ៍ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះក្នុងឆ្នាំនេះ។អ្នកស្រាវជ្រាវមហាសមុទ្រម្នាក់ឈ្មោះ ស៊ីលវីណា បូតា (Silvina Botta) នៅសាកលវិទ្យាល័យសហព័ន្ធ រីអូ ក្រានដេ (FURG) បាននិយាយថា សាកសពសត្វទាំងនោះត្រូវកប់ ឬដុតចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងទៅមនុស្ស ឬសត្វដទៃទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញថនិកសត្វសមុទ្រមួយចំនួនមានអាការៈប្រកាច់នៅតាមឆ្នេរក្នុងតំបន់នេះផងដែរ ដោយសារវីរុសវាយប្រហារប្រព័ន្ធសរសៃប្រសាទរបស់ពួកវា។ចាប់តាំងពីរបាយការណ៍ដំបូងរបស់ប្រទេសប្រេស៊ីលអំពីជំងឺផ្តាសាយបក្សីប្រភេទ HPAI នេះនៅក្នុងចំណោមបក្សីព្រៃកាលពីខែឧសភាមក ក្រសួងកសិកម្មនិយាយថាវិធានការបង្ការបានដាក់ចេញដើម្បីបញ្ចៀសការផ្ទុះឡើងលើកសិដ្ឋានចិញ្ចឹមសត្វបក្សីដែលអាចបង្កឱ្យមានការហាមឃាត់ការនាំចេញប្រឆាំងនឹងប្រេស៊ីល ដែលជាប្រទេសនាំចេញសត្វមាន់កំពូលរបស់ពិភពលោក ប៉ុន្តែមេរោគនេះបានរីករាលដាលដល់ហ្វូងសត្វដទៃទៀតរួចទៅហើយ៕

ក្រុមអ្នកសង្រ្គោះស្វែងរកមនុស្សជាប់ក្រោមកម្ទេចថ្ម បន្ទាប់ពីការបាក់រលំអគារដោយផ្នែកនៅទីក្រុងNew York

2023/12/12 11:07:29 am        168
ក្រុមអ្នកពន្លត់អគ្គិភ័យបានស្វែងរកក្រែងមានមនុស្សជាប់នៅក្នុងគំនរកម្ទេចថ្មទាំងយប់ នៃអគារអឹផាតមិនប្រូនស៍ (Bronx)កម្ពស់ ៦ជាន់ ដែលបានដួលរលំកាលពីរសៀលថ្ងៃចន្ទ។ ពុំមានសេចក្តីរាយការណ៍ថាមានអ្នករងរបួសទេគិតត្រឹមល្ងាចថ្ងៃចន្ទនោះ។ការបាក់រលំនេះបានកើតឡើងនៅអគារកម្ពស់៦ ជាន់ ក្នុងប្លុក 1915 Billingsley Terrace លើអគារប្រូនស៍ ក្នុងទីក្រុង New York សហរដ្ឋអាមេរិក នៅប្រហែល ម៉ោង ៣:៣០នាទីរសៀល ជាទីដែលមានអគារលំនៅឋានចំនួន៤៧ ប្លុក និង អាជីវកម្មចំនួន៦កន្លែង។ លោក ជូលៀន រ៉ូឌ្រីក (Julian Rodriguez) បុគ្គលិកម្នាក់នៅហាង Deli ក្បែរនោះ បាននិយាយថា រូបលោកនៅខាងក្រោយបញ្ជរ ពេលដែលលោកបានឮមនុស្សស្រែកថា មានការបាក់រលំអគារ។លោក Eric Adams អភិបាលក្រុង New York បានបញ្ជាក់ថាអគារ ប្រូនស៍ នៅក្នុងតំបន់ ម៉ូរីស ហេតស៍(Morris Heights) បានបាក់រលំដោយផ្នែក កាលពីថ្ងៃន្ទ ។ លោកបាននិយាយថា ព័ត៌មានបឋមលើកឡើងថាពុំមានមនុស្សនៅក្នុងជាន់ទីមួយនៃអគារនោះទេ ពេលបាក់រលំ។អគារនេះមានអាយុកាល៩៦ ឆ្នាំ ។អ្នករាយការណ៍ពីការស៊ើបអង្កេត លោក ទីម មាក់នីកូឡាស់(Tim McNicholas) បានរកឃើញរូបភាព Google កាលពីខែវិច្ឆិកាឆ្នាំមុន ដែលបានបង្ហាញយ៉ាងច្បាស់ពីស្នាមប្រេះនៅតាមជ្រុងអគារជាកន្លែងដែលការបាក់រលំបានកើតឡើង៕

រុស្ស៊ី ទាមទារឲ្យដោះលែងចំណាប់ថ្នូរ ក្នុងការចរចាជាមួយប៉ាឡេស្ទីន

2023/12/12 11:03:28 am        106
ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov បានទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរដែលឃុំខ្លួន នៅតំបន់ហ្កាហ្សា ក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ជាមួយក្រុមហាម៉ាស និងក្រុមប្រឆាំងប៉ាឡេស្ទីនដទៃទៀត។សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំ និងការសន្ទនាតាមទូរស័ព្ទជាបន្តបន្ទាប់រវាងលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងក្រុមមេដឹកនាំមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន។ក្រសួង បាននិយាយថា ការសន្ទនារបស់លោក Bogdanov បានសង្កត់ធ្ងន់ទៅលើស្ថានភាពយោធា និងមនុស្សធម៌ នៅតំបន់ហ្កាហ្សា ដែលរុស្ស៊ី «បានបញ្ជាក់ពីគោលជំហររបស់ខ្លួនលើតម្រូវការក្នុងការបញ្ឈប់ អរិភាព និងដោះស្រាយជាបន្ទាន់នូវរាល់បញ្ហាមនុស្សធម៌ ដែលបានកើតឡើង រួមទាំងការដោះលែងចំណាប់ថ្នូរ»។សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ច្បាស់ថា តើរុស្ស៊ីបានស្វែងរកការដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ក្នុងអំឡុងពេលការប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ខ្លួន ចូលទៅក្នុងអ៊ីស្រាអែលភាគខាងត្បូង ឬគ្រាន់តែជាការដោះលែងជនជាតិរុស្ស៊ីណាមួយ ក្នុងចំណោមពួកគេនោះ ឬយ៉ាងណា?

រដ្ឋមន្ត្រីការពារជាតិ៖ អ៊ីស្រាអែល មិនមានបំណងនៅជាអចិន្ត្រៃយ៍ក្នុងតំបន់ហ្កាហ្សាទេ

2023/12/12 10:53:45 am        72
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ (១១ ធ្នូ) បាននិយាយថាប្រទេសរបស់លោកមិនមានចេតនាក្នុងការស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នោះទេហើយថាខ្លួនបើកចំហដើម្បីពិភាក្សាជម្រើសអំពីអ្នកដែលនឹងគ្រប់គ្រងទឹកដីនេះ ដរាបណាវាមិនមែនជាក្រុមអរិភាពចំពោះអ៊ីស្រាអែល។រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន (Yoav Gallant) ក៏បាននិយាយផងដែរថា អ៊ីស្រាអែលបើកចំហរក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ ក្នុងលក្ខខណ្ឌដែលកិច្ចព្រមព្រៀងណាមួយរួមបញ្ជូលតំបន់សុវត្ថិភាពនៅតាមព្រំដែន និងការធានាត្រឹមត្រូវ។លោកបានប្រាប់អ្នកយកព័ត៌មានថា «អ៊ីស្រាអែលនឹងចាត់វិធានការណាមួយ ដើម្បីកម្ទេចក្រុមហាម៉ាស ប៉ុន្តែយើងមិនមានចេតនាស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ ហើយអ៊ីស្រាអែលបើកចំហដើម្បីពិភាក្សាអំពីជម្រើសអំពីអ្នកដែលអាចគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមបញ្ចប់»។រយៈពេលជាងពីរខែចាប់តាំងពីការវាយលុករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមជុំថ្មីនេះ និងរយៈពេលជាងមួយខែចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយលុកផ្លូវគោករបស់ខ្លួនមក លោក Gallant បាននិយាយថា វឌ្ឍនភាពដ៏ធ្ងន់ធ្ងរត្រូវបានធ្វើឡើង ជាពិសេសនៅតំបន់ហ្កាហ្សាភាគខាងជើង ដែលគ្រប់យ៉ាងបានឈានដល់ចំណុចទប់ទល់លែងបាន៕

មនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់ក្នុងបំណាក់ដីនៅសាធារណរដ្ឋកុងហ្គោ

2023/12/12 10:49:56 am        111
មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទ (១១ ធ្នូ) ថាមនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុង ប៊ុកាវុ (Bukavu) ពេញមួយយប់ ដែលបណ្តាលឱ្យមានបំណាក់ដី និងលំនៅឋានជាច្រើនខ្នងត្រូវដួលរលំ។អភិបាលក្រុងនេះបាននិយាយថា ជនរងគ្រោះទាំងអស់ត្រូវបានសម្លាប់នៅក្នុងឃុំ អ៊ីបានដា (Ibanda) នៃទីក្រុង ប៊ុកាវុ ជាទីដែលមនុស្សជាច្រើនរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ដែលដួលរលំដាយសារភ្លៀង ហើយអភិបាលក្រុងបានបន្ថែមថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈដែលជនរងគ្រោះជាច្រើននាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ។ប្រទេសកុងហ្គោ កំពុងស្ថិតក្នុងយុទ្ធនាការនយោបាយក្នុងការបន្តការបោះឆ្នោតសកលនៅថ្ងៃទី២០ ខែធ្នូ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធដ៏ទន់ខ្សោយនៅទូទាំងប្រទេសធំទីពីររបស់ទ្វីបអាហ្រ្វិកនេះ ជាពិសេសនៅក្នុងខេត្តភាគខាងកើតដែលហែកហួរដោយជម្លោះ ដូចជាខេត្ត សៅ គីវុ (South Kivu) ជាទីដែលក្រុង ប៊ុកាវុ ស្ថិតនៅ។ ភាពក្រីក្រ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ ធ្វើឱ្យសហគមន៍ដូចជាពលរដ្ឋនៅក្នុងឃុំ អ៊ីបានដា កាន់តែងាយរងគ្រោះដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដូចជាភ្លៀងធ្លាក់ខ្លាំងជាដើម៕

អាហ្វហ្គានីស្ថានត្រូវបានដកចេញពី COP28 ខណៈកំពុងរងផលប៉ះពាល់ពីបញ្ហាអាកាសធាតុ

2023/12/12 10:41:02 am        62
ក្តីបារម្ភផ្នែកមនុស្សធម៌ត្រូវបានលើកឡើងជុំវិញបញ្ហាប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានដកចេញពីការចរចាអាកាសធាតុរបស់អង្គការសហប្រជាជាតិសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា ខណៈដែលប្រទេសនេះកំពុងជួបនឹងគ្រោះរាំងស្ងួត និងទឹកជំនន់កាន់តែអាក្រក់ទៅៗ។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតក្នុងពិភពលោកចំពោះបម្រែបម្រួលអាកាសធាតុ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់យ៉ាងគំហុក ដែលបានបោកបក់ពាសពេញប្រទេសដែលរងគ្រោះដោយគ្រោះរាំងស្ងួតកាលពីដើមឆ្នាំនេះ។ប៉ុន្តែប្រទេសនេះអវត្តមានពីកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌុយបៃ ដោយសារត្រូវបានដកចេញពីកិច្ចចរចារបស់អង្គការសហប្រជាជាតិ ចាប់តាំងពីពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល ក្នុងឆ្នាំ ២០២១មក។ មិនមានរដ្ឋាភិបាលបរទេសណាមួយបានទទួលស្គាល់ជាផ្លូវការនូវភាពជាអ្នកដឹកនាំតាលីបង់នោះទេ ហើយប្រទេសនេះមិនមានកៅអីនៅសន្និបាតអគ្គស្នងការអង្គការសហប្រជាជាតិឡើយ។ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះបានចោទសួរពីការបន្តត្រូវដកចេញរបស់ប្រទេសនេះ។ ក្រុមមន្ត្រីមនុស្សធម៌ និងអន្តរជាតិបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេបានខិតខំប្រឹងប្រែងនៅឆ្នាំនេះ ដើម្បីអនុញ្ញាតឱ្យតំណាងអាហ្វហ្គានីស្ថានអាចចូលរួមបាន ស្របពេលជាមួយនឹងការពិភាក្សាកាន់តែទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលបរទេស និងស្ថាប័នពហុភាគី អំពីមធ្យោបាយដោះស្រាយជាមួយពួកតាលីបង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM