ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ ដឹកនាំការទូតរបស់ក្រុមខ្លួន នៅពេលដែលសង្រ្គាមនៅតំបន់ហ្កាហ្សា ផ្ទុះឡើង

2023/11/24 11:26:12 am        116
លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) មេដឹកនាំក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅប្រទេស កាតា មានការចរចាដ៏តឹងតែងពីទំនាក់ទំនងការទូតអន្តរជាតិរបស់ក្រុមប៉ាឡេស្ទីន ខណៈដែលសង្រ្គាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ជាកន្លែងដែលផ្ទះគ្រួសាររបស់ខ្លួន ត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងខែវិច្ឆិកានេះ។ដោយត្រូវបានតែងតាំងឲ្យកាន់ការងារសំខាន់របស់ក្រុមសកម្មប្រយុទ្ធក្នុងឆ្នាំ ២០១៧ លោកបានផ្លាស់ទីលំនៅនៅចន្លោះប្រទេសទួរគី និងរដ្ឋធានីដូហារបស់ប្រទេសកាតា ដោយគេចចេញពីការរឹតបន្តឹងការធ្វើដំណើរនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបិទ និងអាចធ្វើឲ្យលោកដើរតួជាអ្នកចរចា ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយ ឬនិយាយជាមួយអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមហាម៉ាស។ .លោកហានីយ៉េ បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា ភ្លាមៗ បន្ទាប់ពីក្រុមឧទ្ទាមហាម៉ាស បានបើកការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាដែលបានសម្លាប់មនុស្ស១.២០០នាក់់ និងចាប់មនុស្សជាង២០០នាក់ ជាចំណាប់ថ្នូរថា៖«កិច្ចព្រមព្រៀងទាំងអស់នៃការធ្វើឲ្យមានប្រក្រីភាពទំនាក់ទំនងដែលអ្នក(រដ្ឋអារ៉ាប់) បានចុះហត្ថលេខាជាមួយ (អ៊ីស្រាអែល) នឹងមិនអាចបញ្ចប់ជម្លោះនេះទេ»។ ការឆ្លើយតបរបស់អ៊ីស្រាអែល គឺជាយុទ្ធនាការយោធាដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សជាង ១៤.000នាក់ នៅក្នុងតំបន់ហ្កាហ្សា រហូតមកដល់ពេលនេះ។ គ្រួសាររបស់ខ្លួន បាននិយាយថា ចៅពីរនាក់របស់លោកហានីយ៉េ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។

ជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលត្រូវបានបណ្តេញចេញពីប៉ាគីស្ថាន មានធនធានតិចតួចក្នុងរដូវរងា

2023/11/24 11:22:33 am        98
ប្រធានប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកស្រីសាវ វេលី (Hsiao-Wei Lee)បាននិយាយនៅថ្ងៃសុក្រ១៧ ខែវិច្ឆិកាកន្លងទៅថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានគ្មានឯកសារដែលត្រូវបាននិរទេសដោយប៉ាគីស្ថានបានប្រឈម នឹងរដូវរងាដ៏អាក្រក់ក្នុងពេលមានធនធានតិចតួច។ ទីក្រុង Islamabad កាលពីខែមុនបានប្រកាសថា ខ្លួននឹងបណ្តេញជនភៀសខ្លួនដែលគ្មានឯកសារជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ស្របពេលមានជម្លោះជាមួយក្រុងកាប៊ុល ជុំវិញការចោទប្រកាន់ថាក្រុមតាលីបង់ បានផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប៉ាគីស្ថាន។ប្រជាជនអាហ្វហ្គានីស្ថានជាង៣៧០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី១ ខែតុលា ដោយត្រឡប់ទៅរកការប្រឈមក្នុងរដូវរងាជិតមកដល់ ជាប្រទេសមួយដែលរងការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរជាច្រើន និងការកាត់បន្ថយជំនួយមនុស្សធម៌។ អ្នកនិរទេសអាហ្វហ្គានីស្ថានម្នាក់ដែលរស់នៅបានរយៈ១៤ ឆ្នាំ នៅក្នុងប្រទេសប៉ាគីស្ថានបាននិយាយថាលោកមិនត្រូវបានអនុញ្ញាតឱ្យប្រមូលឯកសាររបស់លោកទាំងអស់ទេ ខណៈត្រូវបាននិរទេស។មួយចំនួនប្រឈមនឹងការរស់នៅក្នុងជំរំតង់ ស្របពេលសីតុណ្ហភាពបានចាប់ផ្តើមហក់ឡើងដល់-4°C ជាការបន្ថែមបន្ទុកលើវិបត្តិមនុស្សធម៌ដែលកំពុងបន្ត។ គួរបញ្ជាក់ថាប៉ាគីស្ថានគឺជាជម្រកសម្រាប់ក្រុមជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤លាននាក់ ក្នុងនោះប្រហែល ១,៧ លាននាក់គ្មានឯកសារ។ ការសម្រុកចេញពីប្រទេសកំណើតដ៏ច្រើនបែបនេះ បានកើតឡើងបន្ទាប់ពីពួកតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានមកវិញកាលពីឆ្នាំ២០២១ ហើយចំនួនដ៏ច្រើនបានបន្តមកដល់បច្ចុប្បន្ន ចាប់តាំងពីការឈ្លានពានរបស់សហភាពសូវៀត ឆ្នាំ១៩៧៩៕

ចិន៖ គ្មានមេរោគបង្កជំងឺខុសពីធម្មតា ឬជំងឺឆ្លងនោះទេ បន្ទាប់ពី WHO សាកសួរការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម

2023/11/24 10:47:21 am        104
អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសចិនបានរាយការណ៍ថាពុំមាន មេរោគខុសពីធម្មតា ឬជំងឺឆ្លងណាមួយទេ នៅក្នុងចង្កោមនៃករណីឆ្លងជំងឺរលាកសួតលើកុមារ។អង្គការសុខភាពពិភពលោក ដែលបានស្នើសុំទិន្នន័យបន្ថែមលើករណីនេះ បាននិយាយថា ទីក្រុងប៉េកាំងបានសន្មតថាមានការកើនឡើងនៃជំងឺដែលដូចទៅនឹងជំងឺផ្តាសាយ គឺដោយសារការដកវិធានការទប់ស្កាត់វីរុស Covid-19 ។ ទោះជាយ៉ាងណាក៏ដោយ អង្គការនេះ បានដាស់តឿនប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសចិនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដូចជាទៅទទួលការចាក់វ៉ាក់សាំង និងពាក់ម៉ាស ជាដើម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមន្ទីរពេទ្យជាច្រើនបានផ្ទុកអ្នកជំងឺដ៏ច្រើនលើសលប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានស្នើសុំប្រទេសចិនសម្រាប់ព័ត៌មានបន្ថែមស្ដីពីរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធតាមដានជំងឺ ProMed ដែលជាប្រព័ន្ធឃ្លាំមើលការផ្ទុះឡើងជាសកលនៃ ក្រុមជំងឺរលាកសួតដែលមិនត្រូវបានធ្វើរោគវិនិច្ឆ័យចំពោះកុមារនៅភាគខាងជើងប្រទេសចិន។ ជំងឺរលាកសួត គឺជាពាក្យវេជ្ជសាស្រ្តទូទៅដែលប្រើដើម្បីពិពណ៌នាអំពីការឆ្លងមេរោគ និងការរលាកសួត។ វាអាចបណ្តាលមកពីមេរោគ បាក់តេរី ឬផ្សិតផ្សេងៗ។ បន្ទាប់ពីការស្នើសុំរបស់អង្គការសុខភាពពិភពលោក ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចុះផ្សាយអត្ថបទមួយដែលបានដកស្រង់សម្តីមន្ត្រីនៃគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន (NHC) ដោយនិយាយថាពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្វើរោគវិនិច្ឆ័យ និងការថែទាំកុមារដែលមានជំងឺផ្លូវដង្ហើម៕

ពលរដ្ឋអ៊ីស្រាអែលអន្ទះសារចង់ឃើញការដោះលែងចំណាប់ថ្នូរកាន់តែច្រើន ខណៈបទឈប់បាញ់អុវត្តន៍នៅថ្ងៃសុក្រនេះ

2023/11/24 10:44:35 am        142
ប្រជាជនអ៊ីស្រាអែលនៅទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ២៣ វិច្ឆិកា បាននិយាយថា ពួកគេសប្បាយចិត្តដែលបទឈប់បាញ់រយៈពេល ៤ ថ្ងៃ នឹងចាប់ផ្តើមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយចំណាប់ថ្នូរនឹងត្រូវដោះលែងពីហ្កាហ្សា ប៉ុន្តែបាននិយាយថា ពួកគេចង់ឱ្យចំណាប់ខ្មាំងទាំងអស់វិលត្រលប់មកផ្ទះវិញ។ អ្នកតវ៉ាម្នាក់ គឺ អ្នកស្រី ហ្សានី ហ្គោលែន (Shani Golan) បាននិយាយនៅឯពិធីបួងសួងឲ្យមានការដោះលែងចំណាប់ខ្មាំងក្បែរក្រសួងការពារជាតិថា អ្នកស្រីសប្បាយចិត្តណាស់ ព្រោះយើងបានរង់ចាំដំណឹងនេះជាយូរមកហើយ ។ អ្នកស្រីបន្ថែមថា ម្យ៉ាងវិញទៀត អ្នកដឹងហើយថា យើងមានចំណាប់ខ្មាំងកាន់តែច្រើននៅទីនោះ ហើយ ការសន្យាដោះលែងមនុស្សត្រឹមតែ១៣នាក់ គឺតិចតួចខ្លាំងណាស់បើធៀបទៅនឹងចំនួន ដែលយើងចង់ទទួលបានមកវិញ។ ក្រុមអ្នកសម្របសម្រួលបទឈប់បាញ់រយៈពេលខ្លីនៅក្នុងប្រទេសកាតា បាននិយាយថា អ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ ថ្ងៃ ព្រឹកនៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ដែលនឹងមានក្រុមទីមួយនៃចំណាប់ខ្មាំងស្ត្រី និង កុមារ អ៊ីស្រាអែល ចំនួន១៣ នាក់ដែលត្រូវបានដោះលែងនៅពេលក្រោយនៅថ្ងៃនោះ។ ក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយថា កិច្ចព្រមព្រៀងជាលើកដំបូងនៅក្នុងសង្គ្រាមដ៏ព្រៃផ្សៃ ដែលមានរយៈពេលជិត៧សប្តាហ៍ មកហើយនោះ នឹងចាប់ផ្តើមនៅម៉ោង៧ ព្រឹកម៉ោងក្នុងស្រុក ហើយពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា៕

អ៊ីស្រាអែល និងក្រុមហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេលបួនថ្ងៃនៅថ្ងៃសុក្រនេះ

2023/11/24 10:36:08 am        246
ក្រុមអ្នកសម្រុះសម្រួលក្នុងប្រទេសកាតា បាននិយាយថា អ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នឹងចាប់ផ្តើមបទឈប់បាញ់រយៈពេល ៤ ថ្ងៃនៅព្រឹកថ្ងៃសុក្រនេះ ដោយក្រុមដំបូងនៃចំណាប់ថ្នូរស្ត្រី និងកុមារចំនួន ១៣ នាក់ របស់អ៊ីស្រាអែល នឹងត្រូវបានដោះលែងនៅល្ងាចថ្ងៃដដែលនេះ។បណ្ដាមហាអំណាចពិភពលោកបានស្វាគមន៍យ៉ាងប្រុងប្រយ័ត្នចំពោះដំណឹងនេះ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា មន្ទីរពេទ្យមួយក្នុងទីក្រុងហ្កាហ្សា ស្ថិតក្នុងចំណោមគោលដៅដែលត្រូវបានទម្លាក់គ្រាប់បែក ខណៈនៅសល់ប៉ុន្មានម៉ោងទៀតដល់ការចាប់ផ្តើមនៃការផ្អាកលើកដំបូងនៅក្នុងសង្គ្រាមដ៏ឃោរឃៅជិតប្រាំពីរសប្តាហ៍នេះ។ ភាគីទាំងពីរក៏បានផ្តល់សញ្ញាថាការផ្អាកនេះនឹងមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះមុនពេលការប្រយុទ្ធបន្តទៀត។ក្រសួងការបរទេសរបស់ប្រទេសកាតាបាននិយាយថា បទឈប់បាញ់នឹងចាប់ផ្តើមនៅម៉ោង ៧ ព្រឹក ម៉ោងក្នុងស្រុក ហើយពាក់ព័ន្ធនឹងបទឈប់បាញ់ដ៏ទូលំទូលាយមួយនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ អ្នកនាំពាក្យក្រសួងការបរទេស លោក ម៉ាជេត អាល់អានសារី (Majed Al-Ansari) បាននិយាយនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា ថា ជំនួយបន្ថែមនឹងចាប់ផ្តើមហូរចូលទៅក្នុងតំបន់ហ្កាហ្សា ហើយក្រុមចំណាប់ថ្នូរដំបូងរួមទាំងស្ត្រីវ័យចំណាស់ នឹងត្រូវបានដោះលែងនៅម៉ោង ៤ រសៀល (ម៉ោងក្នុងស្រុក) ព្រមទាំងចំនួនសរុបនៃចំណាប់ថ្នូរទាំង៥០នាក់ នឹងត្រូវដោះលែងក្នុងរយៈពេល ៤ ថ្ងៃនេះ។ក្រុមហាម៉ាស ដែលត្រូវបានគេរំពឹងថានឹងប្រកាសបទឈប់បាញ់ជាមួយអ៊ីស្រាអែល រយៈពេលមួយថ្ងៃមុនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតែបន្តការចរចា បានបញ្ជាក់នៅលើបណ្ដាញតេឡេក្រាមរបស់ខ្លួនថា អរិភាពទាំងអស់ពីកងកម្លាំងរបស់ខ្លួននឹងត្រូវឈប់ ខណៈយោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួននឹងឈរជើងនៅខាងក្រោយតំបន់ខ្សែបន្ទាត់បទឈប់បាញ់មួយនៅខាងក្នុងហ្កាហ្សា ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងរបស់ខ្លួននោះទេ៕

ក្រុមបាតុករតវ៉ាការឈ្នះឆ្នោតរបស់បក្សប្រឆាំងអ៊ីស្លាមនៅហូឡង់ ខណៈពលរដ្ឋម៉ូស្លីមមានការភ្ញាក់ផ្អើល

2023/11/24 10:33:12 am        136
ក្រុមបាតុករជនជាតិហូឡង់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងជ័យជម្នះក្នុងការបោះឆ្នោតរបស់អ្នកនយោបាយនិយមស្តាំនិយមជ្រុល លោក ហ្គឺត វីលឌឺស (Geert Wilders) នៅទីក្រុងអ៊ូត្រេចស៍ (Utrecht) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) រយៈពេលមួយថ្ងៃបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតបានបង្កឱ្យមានការខកចិត្តចំពោះជនជាតិម៉ូស្លីម និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ប្រជាជនម៉ូស្លីមនៅក្នុងប្រទេសហូឡង់ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកឈ្នះការបោះឆ្នោត ដែលពីមុនធ្លាប់បានអំពាវនាវឱ្យមានការហាមឃាត់វិហារអ៊ីស្លាម និងគម្ពីរកូរ៉ាននៅក្នុងប្រទេសហូឡង់។ក្រុមបាតុករបានប្រមូលផ្តុំគ្នា ដោយអ្នកខ្លះកាន់ទង់ឥន្ទធនូ និងទង់ជាតិប៉ាឡេស្ទីន នៅក្នុងការហែក្បួនតវ៉ាប្រឆាំងនឹងលោក វីលឌឺស និងគណបក្សសេរីភាព (PVV) របស់លោក។ ខណៈភាពតានតឹងកើឡើង នគរបាលបានបំបែកហ្វូងបាតុករ ចេញពីក្រុមអ្នកតវ៉ាប្រឆាំងក្រុមបាតុករទាំងនោះ។ប្រជាជនម៉ូស្លីម មានចំនួនប្រហែល ៥% នៃប្រជាជនហូឡង់ ដែលមានចំនួនជិត ១៨ លាននាក់។ ពលរដ្ឋមួយចំនួននៅប្រទេសហូឡង់ គិតថាប្រព័ន្ធរដ្ឋាភិបាលចម្រុះរបស់ហូឡង់មួយនេះ គឺមានន័យថា លោក វីលឌឺស នឹងត្រូវសម្របសម្រួលលើទស្សនៈជ្រុលនិយមបំផុតរបស់ខ្លួន ខណៈក្រុមអ្នកវិភាគនយោបាយក៏បានព្យាករណ៍បែបនោះផងដែរ៕

ប៉ាគីស្ថាន ទារយកប្រាក់៨៣០ដុល្លាអាមេរិក ពីជនភៀសខ្លួនគ្មានឯកសារ ដើម្បីអាចចាកចេញបាន

2023/11/24 10:28:53 am        166
ប្រទេសប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនកំពុងទារយកប្រាក់ចំនួន ៨៣០ ដុល្លារអាមេរិកពីជនភៀសខ្លួនគ្មានឯកសារ ដែលចង់ចាកចេញពីប្រទេសនេះ។ ការបង់ប្រាក់ដើម្បីចាកចេញ អនុវត្តចំពោះអ្នកដែលមកដល់ដោយគ្មានទិដ្ឋាការ។ កាលពីខែតុលា ប្រទេសប៉ាគីស្ថាន បានប្រកាសថា ខ្លួននឹងនិរទេសជនបរទេសគ្មានឯកសារចំនួន១,៧ លាននាក់ចេញពីប្រទេស ប្រសិនបើពួកគេមិនព្រមចាកចេញត្រឹមថ្ងៃទី១ ខែវិច្ឆិកា។ភាគច្រើន ជាជនជាតិអាហ្វហ្គានីស្ថាន រួមទាំងមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន នៅពេលដែលពួកតាលីបង់បានឡើងកាន់អំណាច កាលពីឆ្នាំ ២០២១។ អ្នកដែលមានទិដ្ឋាការផុតកំណត់ នឹងត្រូវគិតប្រាក់អាស្រ័យលើរយៈពេលដែលពួកគេបានស្នាក់នៅលើសពេលវេលាកំណត់។ ការបង់ប្រាក់សម្រាប់ការចាកចេញនេះ មិនអនុវត្តចំពោះអ្នកទាំងឡាយ ដែលធ្វើដំណើរត្រឡប់ទៅអាហ្វហ្គានីស្ថានវិញនោះទេ។ យោងតាមអង្គការលើកលែងទោសអន្តរជាតិ ប្រជាជនអាហ្វហ្គានីស្ថានជាច្រើនដែលបានមកដល់ប៉ាគីស្ថាននៅពេលដែលទីក្រុងកាប៊ុលបានធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមតាលីបង់បានប្រឈម នឹងការពន្យារពេលក្នុងការទទួលបានឯកសារ។ប្រទេសប៉ាគីស្ថានមិនមែនជាភាគីនៃអនុសញ្ញាជនភៀសខ្លួនទេ ហើយបាននិយាយថា ខ្លួនមិនទទួលស្គាល់ជនជាតិអាហ្វហ្គានីស្ថានណាមួយដែលរស់នៅក្នុងព្រំដែនរបស់ខ្លួនជាជនភៀសខ្លួននោះទេ។ អ្នកការទូតជាន់ខ្ពស់មួយរូបនៅប្រទេសប៉ាគីស្ថានបានប្រាប់សារព័ត៌មាន BBC ថា ថ្លៃសេវានេះ មានការព្រួយបារម្ភជាពិសេសនៅពេលដែលត្រូវបានអនុវត្តចំពោះមនុស្សដែលត្រូវបានផ្លាស់ទីលំនៅដោយផ្អែកលើហេតុផលមនុស្សធម៌។ ពួកគេបាននិយាយថា នៅក្នុងប្រទេសជាច្រើន ប្រសិនបើអ្នកស្នាក់នៅលើសកាលកំណត់ក្នុងទិដ្ឋាការ អ្នកត្រូវតែបង់ប្រាក់ ពុំនោះទេ អ្នកត្រូវបានចាកចេញ។ បញ្ហាគឺការគិតប្រាក់ ចំពោះអ្នកទាំងឡាយដែលយើងកំពុងទទួលយកទិដ្ឋាការមនុស្សធម៌។ មិនចាំបាច់ សម្រាប់មនុស្សដែលយើងកំពុងទទួលយកទេ ព្រោះពួកគេបានធ្វើការឱ្យយើង ប៉ុន្តែមនុស្សទាំងនោះសុទ្ធតែមនុស្សដែលអង្គការ UNHCR មើលឃើញថាមានតម្រូវការមនុស្សធម៌៕

កងទ័ពអ៊ីស្រាអែល ចាប់ប្រធានមន្ទីរពេទ្យ Al Shifa ដើម្បីសាកសួរ

2023/11/24 10:25:15 am        120
ប្រធានមន្ទីរពេទ្យ Al Shifa នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងត្រូវបានសាកសួរ កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញភ័ស្តុតាងដែលយោធាអ៊ីស្រាអែល បាននិយាយថា កន្លែងនោះ ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងសម្រាប់ចលនាអ៊ីស្លាមហាម៉ាស។យោធាបាននិយាយថា លោកវេជ្ជបណ្ឌិត Muhammad Abu Salamiyah បានទទួលខុសត្រូវលើអគារដ៏ធំទូលាយនេះ ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា និងរក្សាទុកអាវុធ នៅក្នុងមន្ទីរពេទ្យ និងមូលដ្ឋានរបស់ខ្លួន។យោធានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នៅក្នុងមន្ទីរពេទ្យក្រោមការគ្រប់គ្រងរបស់លោក មានសកម្មភាពដ៏ទូលំទូលាយរបស់ភេរវករហាម៉ាស»។មន្ទីរពេទ្យ Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុត នៅក្នុងទឹកដីប៉ាឡេស្ទីន បានក្លាយជាចំណុចកណ្តាលនៃការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមទាំងសងខាង។ខណៈពេលដែលអ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស បានកំណត់ទីតាំងប្រតិបត្តិការរបស់ខ្លួន នៅកន្លែងនោះ ដោយផ្ទុយនឹងច្បាប់អន្តរជាតិ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើកន្លែងព្យាបាលដែលជនស៊ីវិលរាប់ពាន់នាក់ បានស្វែងរកទីជម្រកពីការវាយប្រហារតាមអាកាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

ស្នងការនគរបាលខេត្តក្រចេះសម្រេចផ្អាកការងារលោកមេប៉ុស្តិ៍ស្រែចារជាបណ្តោះអាសន្ន និងឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ

2023/11/23 03:38:00 pm        32
ក្រចេះ ៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចាវ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុង ពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ អ្នកនាំពាក្យបានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ្យ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។ស្នងការដ្ឋាននគរបាលខេត្ត បានសូមធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត។ ទន្ទឹមនេះដែរ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមថ្លែងអំណរគុណ និងត្រៀមដើម្បីទទួលរាល់ កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គមព័ត៌មាន។ ស្នងការដ្ឋាននគរបាលខេត្តក៏សូមធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត៕ ដោយ ៖ ដារា

សមត្ថកិច្ចរឹបអូសគ្រឿងសម្អាង និងអាហារបំប៉នហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាតជិត៦តោននៅខណ្ឌពោធិ៍សែនជ័យ

2023/11/23 03:31:05 pm        641
ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងនាំចូលគ្រឿងសម្អាង និងអាហារបំប៉នហួសសុពលភាព គ្មានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត បានជិត៦តោន ហើយធ្វើការឃាត់ខ្លួនជនសង្ស័យនាក់នាំយកទៅសាកសួរដើម្បីចាត់វិធានការទៅតាមច្បាប់។យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថាកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។របាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខ ទំងន់៥,៦៤១គីឡូក្រាម នៅក្នុងនោះមានចំនួន២៩មុខគ្មានច្បាប់។ ដោយឡែកចំនួន៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតិជាដើម។ប្រភពបានបញ្ជាក់បន្ថែមទៀតថា វត្ថុតាងខាងលើនេះត្រូវបានលោកព្រះរាជអាជ្ញារង សម្រេចឲ្យបិទផ្លុំបេនៅទីតាំងកើតហេតុ និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕ អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM