អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

យន្តហោះរុស្ស៊ី ដែលដឹកមនុស្សចំនួន១៥៩នាក់ បានធ្វើការចុះចតជាបន្ទាន់

2023/09/12 01:44:50 pm        289
រុស្ស៊ី៖ ទីភ្នាក់ងាររុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines របស់រុស្ស៊ី ដែលមានមនុស្ស១៥៩នាក់នៅលើនោះ និងហោះហើរពីទីក្រុង Sochi ទៅកាន់ទីក្រុង Omsk បានចុះចតជាបន្ទាន់នៅក្នុងតំបន់ Novosibirsk ភាគខាងលិចតំបន់ស៊ីបេរី។មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬមូលហេតុនៃការចុះចតបន្ទាន់នេះនោះទេ។ ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថាមានមនុស្ស១៥៩នាក់នៅលើយន្តហោះ ប៉ុន្តែនៅមុននោះ សារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះនោះបានដឹកមនុស្ស១៥៦នាក់ប៉ុណ្ណោះ៕

ប្រជាជនរស្ស៊ី មានប្រតិកម្មផ្សេងគ្នាពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង

2023/09/12 01:41:47 pm        264
រុស្ស៊ី៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ នេះបើតាមសារព័ត៌មានជប៉ុនរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះ ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលនាំឱ្យមានប្រតិកម្មផ្សេងគ្នាពីពលរដ្ឋទីក្រុងមូស្គូ និងប្រជាជននៅទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។អ្នកក្រុងវ្លាឌីវ៉ូស្តុក ជាច្រើនបាននិយាយថា ពួកគេមិនប្រាកដទេថា តើមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងទៅទស្សនាទីក្រុងមួយនេះ ប៉ុន្តែបាននិយាយថារុស្ស៊ី និងកូរ៉េខាងជើងមានផលប្រយោជន៍រួម។អ្នករស់នៅទីក្រុងមូស្គូ ដោយមិនបានប្រាប់ឈ្មោះម្នាក់ បាននិយាយថា «ប្រសិនបើយើងគិតពីស្ថានភាពនេះ ដោយសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី តាមរបៀបត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍ពីខាងក្រៅបន្ថែមទៀត»។ ជាមួយគ្នានោះដែរ អ្នកក្រុងមូស្គូម្នាក់ទៀតបាននិយាយថា «ខ្ញុំគិតថាវាជារឿងល្អ សម្រាប់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍភាពជាដៃគូរបស់ពួកគេ។ ដូច្នេះខ្ញុំសូមស្វាគមន៍ជានិច្ច ដរាបណាអ្វីៗទាំងអស់ត្រូវបានធ្វើក្នុងលក្ខណៈមិត្តភាព»។កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលបានគាំទ្រដោយបើកចំហចំពោះ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយលោកពូទីន បានសន្យាកាលពីសប្តាហ៍មុនថានឹង «ពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់ផ្នែក តាមវិធីដែលបានគ្រោងទុកដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា» ផងដែរ៕

យានអវកាសផ្ទុកទំនិញ ធានចូវ-៥ របស់ចិន ហោះចេញស្ថានីយអវកាសត្រឡប់មកផែនដីវិញ

2023/09/12 01:38:57 pm        408
ចិន៖ យោងតាមទីភ្នាក់ងារអវកាសចិន បានឲ្យដឹងថា យានអវកាសផ្ទុកទំនិញធានចូវ-៥ (Tianzhou 5) បានចាកចេញពីស្ថានីយអវកាសធានកុង (Tiangong) កាលពីរសៀលថ្ងៃច័ន្ទ (១១ កញ្ញា) ហើយគ្រោងនឹងត្រឡប់មកផែនដីវិញនៅថ្ងៃអង្គារ (១២ កញ្ញា) នេះ។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងការចេញផ្សាយខ្លីមួយថា យានអវកាសរូបយន្តនេះបានចាកចេញពីស្ថានីយអវកាសធានកុង នៅម៉ោង៤:៤៦នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយនឹងត្រូវបានដឹកនាំដោយប្រព័ន្ធបញ្ជា ដើម្បីត្រឡប់មកផែនដីវិញនៅថ្ងៃស្អែកនេះ។ទីភ្នាក់ងារនេះបានលើកឡើងថា ក្នុងអំឡុងពេលនៃការវិលត្រលប់មកបរិយាកាសវិញ ផ្នែកភាគច្រើននៃយានអវកាសនឹងឆេះ ហើយកម្ទេចកម្ទីមួយចំនួនតូចត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងតំបន់សុវត្ថិភាពក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ យាននោះ គឺជាយានផ្ទុកទំនិញទីបួន ដែលបានភ្ជាប់ជាមួយស្ថានីយអវកាសធានកុង ដោយឥឡូវនេះត្រូវបានគ្រប់គ្រងដោយអវកាសយានិកបីនាក់នៅក្នុងបេសកកម្មស៊ិនចូវ លើកទី១៦។យានធានចូវ-៥ នេះ បានបាញ់បង្ហោះកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំមុន ពីមជ្ឈមណ្ឌលបង្ហោះយានអវកាស វ៉ិនចាង (Wenchang) ក្នុងខេត្តហៃណាន (Hainan) ហើយបានចូលចតនៅស្ថានីយអវកាសធានកុង នៅថ្ងៃដដែលនោះ។ យាននេះ មានភារកិច្ចក្នុងការចាក់សាំងស្ថានីយអវកាស និងនាំយកសម្ភារៈចាំបាច់សម្រាប់ការរស់នៅ និងការងាររបស់អវកាសយានិកផងដែរ៕

កិច្ចប្រឹងប្រែងរបស់លោកពូទីន ដើម្បីទទួលបានអាវុធកូរ៉េខាងជើង និងក្រុមអ្នកប្រយុទ្ធគុយបា បង្ហាញពីសញ្ញានៃការអស់សង្ឃឹម

2023/09/12 12:48:39 pm        229
រុស្ស៊ី៖ កិច្ចប្រឹងប្រែងដើម្បីចរចាកិច្ចព្រមព្រៀងសព្វាវុធជាមួយលោក គីម ជុងអ៊ុន និង ការចរចាជាមួយទាហានគុយបា គ្រាន់តែជាសញ្ញាចុងក្រោយនៃការអស់សង្ឃឹមកាន់តែខ្លាំងឡើងរបស់រុស្ស៊ី ខណៈដែលខ្លួនកំពុង   តស៊ូ ដើម្បីរក្សាកម្លាំងប្រយុទ្ធរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។ក្រុមមន្ត្រីអាមេរិក សមាជិកសភា និងអ្នកជំនាញ បាននិយាយថា នៅពេលដែលការវាយបករបស់អ៊ុយក្រែនឈានចូលដល់ខែទីបួន កងកម្លាំងរុស្ស៊ីត្រូវទ្រាំទ្រលែងបាន ដោយសារស្លាប់និងរងរបួសដ៏ធ្ងន់ធ្ងរ      កង្វះឧបករណ៍ ការបណ្តុះបណ្តាលមានកម្រិត និងសីលធម៌កម្រិតទាប ដែលបង្ខំឲ្យទីក្រុងមូស្គូមើលទៅខាងក្រៅព្រំដែនរបស់ខ្លួន ដើម្បីជំនួយ ដែលខ្លួនអាចទទួលបាន។ជាមួយនឹងជំនួបថ្មីរវាងលោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាពេលឆាប់ៗខាងមុខនេះ ដំណើរទស្សនកិច្ចបែបនេះ គឺបង្ហាញពីឋានៈអព្យាក្រឹតអន្តរជាតិរបស់មេដឹកនាំរុស្ស៊ី ដែលនាំឲ្យមាន «បញ្ហាក្នុងការទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងផ្នែកយោធា នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Matt Miller។លោក Miller បានប្រាប់អ្នកយកព័ត៌មានរបស់ពូទីនកាលពីថ្ងៃចន្ទថា៖«មិនត្រឹមតែគាត់បរាជ័យក្នុងការសម្រេចគោលដៅរបស់គាត់ នៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែអ្នកឃើញគាត់ ធ្វើដំណើរឆ្លងកាត់ប្រទេសរបស់គាត់ ដោយកាន់មួកនៅក្នុងដៃ ដើម្បីអង្វរ លោក គីម ជុងអ៊ុនឲ្យជួយផ្នែកយោធា៕

មនុស្ស៧នាក់ស្លាប់ និងជាច្រើននាក់ជាប់ក្នុងទឹកជំនន់ ខណៈភ្លៀងធ្លាក់ឥតឈប់ឈរ បង្កជាបំណាក់ដីនៅប្រទេសចិន

2023/09/12 12:37:35 pm        238
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃពីសំណល់នៃអតីតព្យុះទីហ្វុង ហៃខួយ (Haikui) បានបណ្តាលឱ្យមានបំណាក់ដីជាង១០០កន្លែង ដែលបានធ្វើឲ្យអ្នកស្រុកប្រហែល១.៣៦០នាក់ ជាប់នៅក្នុងទឹកជំនន់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ នៅភាគខាងត្បូងនៃប្រទេសចិន។ ព្យុះទីហ្វុង ហៃខួយ បានបោកបក់មកភាគខាងត្បូងប្រទេសចិនកាលពីប្រាំបីថ្ងៃមុន ហើយចាប់តាំងពីពេលនោះមក បានប្រែក្លាយទៅជាព្យុះត្រូពិចវិញ ប៉ុន្តែភ្លៀងមិនឈប់ឈរនៅតែបន្តវាយប្រហារនៅភាគនិរតីនៃខេត្តគ័ងស៊ី (Guangxi)។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ខ្យល់ព្យុះមិនឈប់ឈរក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ នៅក្នុងតំបន់ភាគច្រើននៃទីក្រុងយូលីន (Yulin) បានបណ្តាលឱ្យមានបំណាក់ដីចំនួន១១៥កន្លែង ដែលបានបំផ្លាញផ្លូវថ្នល់ ដើមឈើបាក់រលំ បណ្តាលឱ្យមានទឹកជំនន់ និងនាំឱ្យក្រុមអាជ្ញាធរចេញការព្រមានអំពីភាពអាសន្ននៅលើផ្លូវជាតិ និងផ្លូវខេត្តជាច្រើនផងដែរ។មនុស្ស៣នាក់នៅតែបាត់ខ្លួននៅឡើយ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។ ក្រុមសង្កេតការណ៍របស់ទីក្រុងនេះ បានបង្កើនការព្រមានអំពីព្យុះ ដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធប្រកាសអាសន្នចំនួនបួនកម្រិត បន្ទាប់ពីមានភ្លៀងធ្លាក់លើសពីកម្រិត ១០១មីលីម៉ែត្រ ក្នុងរយៈពេល៣ម៉ោងនៅព្រឹកថ្ងៃអង្គារ (១២ កញ្ញា) នេះ ហើយបានបង្ហាញពីហានិភ័យនៃទឹកជំនន់ដ៏គំហុក គ្រោះមហន្តរាយភូគព្ភសាស្ត្រ និងការលិចលង់ក្នុងទីក្រុង និងតំបន់ជនបទផងដែរ៕

អាមេរិក និងវៀតណាម ព្រមានប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅសមុទ្រចិនខាងត្បូង

2023/09/12 12:33:11 pm        186
អា​មេរិក៖ សហរដ្ឋអាមេរិក និងវៀតណាមបានព្រមានកាលពីថ្ងៃចន្ទ (១១ កញ្ញា) ប្រឆាំងនឹង «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិន។ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន និងប្រធានបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) បាននិយាយថា ការទាមទារប្រកួតប្រជែងលើផ្លូវទឹកយុទ្ធសាស្ត្រនោះ ត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។ទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់។អាមេរិក និងវៀតណាម ក៏បានអំពាវនាវឱ្យមាន «សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ព្រមទាំងពាណិជ្ជកម្មស្របច្បាប់គ្មានការរារាំង នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ»។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបៃដិន និងលោកទុ្រង បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមើលឃើញយ៉ាងទូលំទូលាយថា ជាមធ្យោបាយមួយដើម្បីប្រឆាំងនឹងការអះអាងដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់៕

អតិផរណាប្រចាំខែសីហារបស់អាហ្សង់ទីន គឺខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩១មក

2023/09/12 12:29:12 pm        226
អាហ្សង់ទីន៖ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសអាហ្សង់ទីន បានកើនឡើងចំនួន១១,៨% នៅក្នុងខែសីហា ដែលនោះនឹងក្លាយជាតួលេខប្រចាំខែខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩១មក នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ ពីក្រុមអ្នកវិភាគកាលពីថ្ងៃចន្ទ (១១ កញ្ញា) បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណប្រាក់ប៉េសូក្នុងស្រុកកាលពីខែមុន។រដ្ឋាភិបាលរបស់ប្រទេសនេះ បានបន្ថយតំលៃរូបិយប័ណ្ណរបស់ខ្លួនជិត២០% កាលពីពាក់កណ្តាលខែសីហា បន្ទាប់ពីអ្នកនយោបាយសេរីនិយម លោក Javier Milei ដែលចង់កាត់ផ្តាច់ធនាគារកណ្តាល និងធ្វើឱ្យប្រាក់ដុល្លារក្លាយជារូបិយប័ណ្ណគោលរបស់សេដ្ឋកិច្ច បានឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលដោយសម្លេងចំនួន៣០% នៅក្នុងការបោះឆ្នោតបឋមបើកចំហរបស់ប្រទេសនេះ។អាហ្សង់ទីនកំពុងប្រយុទ្ធនឹងអតិផរណាប្រចាំឆ្នាំរបស់ខ្លួនមានកម្រិតជិត១១៥% ដែលកំពុងជំរុញឱ្យមានវិបត្តិជីវភាពរស់នៅដ៏ឈឺចាប់ និងរុញប្រជាជនឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ។ វិបត្តិនេះក៏កំពុងធ្វើឲ្យកក្រើកឆាកនយោបាយមុនការបោះឆ្នោតសកលនៅប្រទេសអាហ្សង់ទីន ក្នុងខែតុលាខាងមុខនេះផងដែរ៕

មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី ស្របពេលអាមេរិកព្រមានមិនឲ្យមានការលក់អាវុធ

2023/09/12 12:26:49 pm        184
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក គីម បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) តាមរថភ្លើងឯកជនរបស់ខ្លួន ដែលអមដោយក្រុមមន្ត្រីឧស្សាហកម្មអាវុធជានខ្ពស់ និងក្រុមមន្ត្រីយោធា ព្រមទាំងរដ្ឋមន្ត្រីការបរទេសផងដែរ។ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយសំអាងដល់ប្រភពផ្លូវការរបស់រុស្ស៊ីដែលមិនបញ្ចេញឈ្មោះថា រថភ្លើងដឹកលោកគីម បានទៅដល់ស្ថានីយ៍ខាសាន (Khasan) ដែលជាច្រកផ្លូវដែកសំខាន់ទៅកាន់ចុងបូព៌ារបស់រុស្ស៊ីពីកូរ៉េខាងជើង។លោកពូទីន ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) នៅថ្ងៃអង្គារនេះ ជាទីដែលលោកត្រូវបានគ្រោងនឹងចូលរួមសម័យប្រជុំសំខាន់នៃវេទិកាសេដ្ឋកិច្ចបូព៌ាដែលដំណើរការរហូតដល់ថ្ងៃពុធ (១៣ កញ្ញា) ស្អែកនេះ។កិច្ចប្រជុំរបស់លោកពូទីន ជាមួយលោក គីម ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅខាងក្រៅវេទិកានោះ ទោះបីជាមិនទាន់មានការបញ្ជាក់អំពីទីតាំង ឬថាតើលោក គីម នឹងចូលរួមក្នុងព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចបូព៌ា នោះក៏ដោយ៕

លោកត្រាំ ស្នើឲ្យមានការដកសិទ្ធិចៅក្រមអាមេរិកក្នុងសំណុំរឿងបោះឆ្នោតសហព័ន្ធ

2023/09/12 12:22:12 pm        202
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានដាក់សំណើកាលពីថ្ងៃចន្ទ (១១ កញ្ញា) ដើម្បីដកសិទ្ធិចៅក្រមសហព័ន្ធប្រចាំតំបន់របស់អាមេរិក លោកស្រី Tanya Chutkan ពីការធ្វើជាប្រធានលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលចោទប្រកាន់លោកពីបទព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ របស់ខ្លួន។ លោកត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បាននិយាយកាលពីខែមុនថា លោកមានគម្រោងស្វះស្វែងឲ្យមានការដកតំណែងរបស់លោកស្រី Chutkan ក៏ដូចជាការផ្លាស់ប្តូរទីតាំងកាត់ក្ដីសម្រាប់ករណីនេះផងដែរ។លោកត្រាំ បានលើកឡើងនៅក្នុងឯកសារតុលាការ ដែលសេចក្តីថ្លែងការណ៍ពីមុនរបស់លោកស្រី Chutkan បានសំដៅទៅលើតួនាទីរបស់លោកក្នុងការជំរុញឲ្យមានការវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្ររបស់លោកបានចោទជាសំណួរអំពីភាពមិនលំអៀងរបស់លោកស្រីនៅក្នុងសំណុំរឿងនេះ។មេធាវីរបស់លោកត្រាំ បានប្រកែកថា ការអត្ថាធិប្បាយដែលលោកស្រី Chutkan បានធ្វើនៅក្នុងសវនាការកាត់ទោសឆ្នាំ២០២២ លើចុងចោទករណីកុប្បកម្មនៅវិមានកាពីតូល ដោយលោកស្រី បានស្នើថាកុបកម្មនោះត្រូវបានជំរុញដោយ «ភាពស្មោះត្រង់ដោយងងឹតងងុលចំពោះមនុស្សម្នាក់ ដែលនៅមានសេរីភាពរហូតមកដល់សព្វថ្ងៃនេះ» បានបង្ហាញថា ចៅក្រមរូបនោះ ជឿថាលោកត្រាំ «គួរតែត្រូវបានកាត់ទោស និងដាក់ពន្ធនាគារ»។កាលពីថ្ងៃចន្ទ (១១ កញ្ញា) លោកត្រាំ ក៏បានព្យាយាមច្រានចោលការចោទប្រកាន់ចំនួនប្រាំពីរករណី ដែលលោកប្រឈមមុខនៅក្នុងសំណុំរឿងបោះឆ្នោតនៅរដ្ឋ Georgia ដាច់ដោយឡែក ដោយលើកហេតុផលថា លោកមានអភ័យឯកសិទ្ធិពីការកាត់ទោសចំពោះសកម្មភាព ដែលលោកបានធ្វើនៅក្នុងសមត្ថភាពផ្លូវការរបស់ខ្លួនជាប្រធានាធិបតី៕

អាមេរិកបដិសេធសង្គ្រាមត្រជាក់ជាមួយចិន ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម

2023/09/12 12:19:57 pm        190
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបដិសេធថា សហរដ្ឋអាមេរិកមិនបានកំពុងព្យាយាមរារាំងឥទ្ធិពលអន្តរជាតិរបស់ចិននោះទេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រថ្មីមួយជាមួយវៀតណាម។រយៈពេលជាង៥០ឆ្នាំចាប់តាំងពីទាហានអាមេរិកចុងក្រោយបានចាកចេញពីប្រទេសវៀតណាម លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងនាំអតីតសត្រូវមួយនេះឲ្យកាន់តែជិតស្និទ្ធជាងមុន។ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាការលើកកំពស់ទំនាក់ទំនងដ៏សំខាន់សម្រាប់អាមេរិក។ នេះគឺជាចំណុចកំពូលនៃការជំរុញមិនឈប់ឈររបស់ក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដែលខ្លួនមើលឃើញថា ជាគន្លឹះដើម្បីទប់ទល់ឥទ្ធិពលរបស់ចិននៅអាស៊ី។ភាពជាដៃគូជាមួយទីក្រុងវ៉ាស៊ីនតោន គឺជាទំនាក់ទំនងការទូតកម្រិតខ្ពស់បំផុត ពង្រីកដោយវៀតណាម ដែលជាមិត្តចាស់បំផុត និងរឹងមាំបំផុតរបស់ចិន។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហាណូយថា សកម្មភាពរបស់អាមេរិក មិនមែនសំដៅលើការទប់ស្កាត់ ឬដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសចិននោះទេ ប៉ុន្តែលោកបាននិយាយអំពីការរក្សាស្ថិរភាពស្របតាមច្បាប់អន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM