អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី កើនឡើងខ្ពស់បំផុតក្នុងខែសីហាចាប់ពីឆ្នាំ២០២២មក

2023/09/05 12:49:23 pm        71
ទួរគី៖ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី បានកើនឡើងដល់៥៨,៩៤ភាគរយនៅក្នុងខែសីហា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។ តួលេខពីវិទ្យាស្ថានស្ថិតិទួរគីបានបង្ហាញពី សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែសីហាបានកើនឡើងដល់កម្រិត៥៨,៩៤ភាគរយ ពីតួលេខ៤៧,៨៣ភាគរយកាលពីខែមុននោះ។ការដឹកជញ្ជូន គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនអត្រាអតិផរណាដែលបានកើនឡើងចំនួន១៦,៦១ភាគរយក្នុងមួយខែ។ តួលេខនោះ ក៏ត្រូវបានតាមពីក្រោយដោយកំណើនតម្លៃទំនិញប្រើប្រាស់ចំនួន៩ភាគរយ និងកំណើនតម្លៃអាហារចំនួន៨ភាគរយផងដែរ។រដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគី លោក Mehmet Simsek បាននិយាយថា ការប្រយុទ្ធប្រឆាំងអតិផរណា នឹងត្រូវការពេលវេលាយូរទៀតសម្រាប់ប្រទេសទួរគី ដែលជាប្រទេសស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ហើយទួរគីនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីគ្រប់គ្រងអតិផរណា។ គួររម្លឹកផងដែរថា ប្រទេសទួរគីបាននឹងកំពុងមើលឃើញអត្រាអតិផរណាកើនឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក៕

ភាពតានតឹងបានផ្ទុះឡើងក្នុងទីក្រុង ប៊ុយណូ ស៊ែរ ខណៈប្រជាជនអាហ្សង់ទីនតវ៉ាការត្រឡប់មកវិញនៃក្រុមស្តាំនិយមជ្រុល

2023/09/05 12:47:01 pm        65
អាហ្សង់ទីន៖ ភាពតានតឹងបានកើនឡើងនៅតាមដងផ្លូវនៃទីក្រុងប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃចន្ទ (៤ កញ្ញា) ខណៈប្រជាជនអាហ្សង់ទីនបានតវ៉ាប្រឆាំងបេក្ខជនស្តាំនិយម លោក Javier Milei ដោយចោទប្រកាន់ក្រុមចម្រុះ La Libertad Avanza របស់លោក Milei ថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅរបស់ប្រទេស។ក្រុមបាតុករបានតវ៉ាទាំងកំហឹង ប្រឆាំងនឹងបេក្ខភាពរបស់លោក Milei ទៅកាន់អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Victoria Villarruel។ កាលពីថ្ងៃចន្ទ (៤ កញ្ញា) លោកស្រី Villrarruel បានរៀបចំព្រឹត្តិការណ៍មួយជាមួយសមាជិកគ្រួសារនៃជនរងគ្រោះ ដែលត្រូវបានសម្លាប់ដោយក្រុមឆ្វេងនិយមក្នុងទសវត្សរ៍ទី៧០។ ក្រុមអ្នកតវ៉ាបានព្យាយាមបង្អាក់ព្រឹត្តិការណ៍នេះដោយទម្លុះរបាំងសន្តិសុខនៅជិតស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេស។អ្នករិះគន់លោកស្រី Villarruel និងលោក Milei ចោទប្រកាន់ពួកគេថា បានប្រើប្រាស់អំពើឃោរឃៅក្នុងអំឡុងពេលរបបផ្តាច់ការ។ មនុស្សប្រហែល៣០.០០០នាក់ ត្រូវគេគិតថាបានបាត់ខ្លួនក្នុងអំឡុងពេលរបបផ្តាច់ការដ៏ឃោរឃៅអំឡុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៣ នោះ។លោក Milei ជាមួយនឹងរចនាប័ទ្មប្រយុទ្ធរបស់ខ្លួន បានបណ្ដាលឲ្យអ្នកបោះឆ្នោតខឹងសម្បារនឹងអតិផរណាកម្រិត១១៦% និងការកើនឡើងនៃភាពក្រីក្រក្នុងប្រទេស។ លោកប្រឆាំងនឹងច្បាប់រំលូតកូន ហើយគាំទ្រសិទ្ធិកាំភ្លើង។ លោក Milei ក៏បានរិះគន់ច្បាប់ការងារ ដែលមានភាពងាយស្រួលដល់កម្មករថាជា «បញ្ហារីករាលដាលដូចជំងឺមហារីក» ដោយបាននិយាយថារដ្ឋជាមូលដ្ឋាននៃបញ្ហាទាំងអស់ ហើយបានលើកសរសើរអតីតជនអន្ធពាលសហរដ្ឋអាមេរិក លោក Al Capone ថាជាវីរបុរសផងដែរ៕

ប្រជាជនធ្វើការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Assad នៅក្នុងខេត្ត Sweida ប្រទេសស៊ីរី

2023/09/05 12:44:35 pm        86
ស៊ីរី៖ ប្រជាជនបានដើរតវ៉ាតាមដងផ្លូវក្នុងខេត្ត Sweida ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ (៤ កញ្ញា) ដែលជាការតវ៉ាចុងក្រោយបង្អស់ប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ ការតវ៉ានេះ បានចាប់ផ្តើមជិតពីរសប្តាហ៍មុនជុំវិញស្ថានភាពជីវភាពក្រីក្រ និងបានឈានទៅរកការអំពាវនាវជាថ្មីសម្រាប់ការផ្លាស់ប្តូរនយោបាយ។ប្រទេសស៊ីរី ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅ ដែលបានឃើញរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះដល់កំណត់ត្រា១៥.៥០០ផោនស៊ីរីទល់នឹងប្រាក់ដុល្លារអាមេរិក កាលពីខែមុន ក្នុងការបង្កើនល្បឿនធ្លាក់ចុះដោយសេរី។ ប្រទេសនេះបានជួញដូរក្នុងតម្លៃ៤៧ផោនក្នុង១ដុល្លារ នៅដើមជម្លោះកាលពី១២ឆ្នាំមុន។បាតុកម្មបានផ្ទុះឡើងនៅទីក្រុង Sweida ក្នុងខែសីហា ជុំវិញការដកថវិកាឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ។ ខេត្តដើមកំណើតនៃសហគមន៍ Druze ភាគច្រើននៃប្រទេសស៊ីរី គឺខេត្ត Sweida នៅតែស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលពេញរយៈពេលសង្គ្រាម ហើយតំបន់ភាគច្រើនត្រូវបានរួចផុតពីអំពើហឹង្សា ដែលគេឃើញកើតមាននៅកន្លែងផ្សេងទៀតក្នុងប្រទេសនេះ៕

ទ្វីបអាហ្រ្វិក ស៊ូទ្រាំនឹងការឡើងកម្ដៅខ្លាំងជាងកន្លែងផ្សេងទៀតក្នុងពិភពលោក

2023/09/05 12:37:56 pm        71
ទ្វីបអាហ្រ្វិក៖ របាយការណ៍រួមរបស់សហភាពអង្គការសហប្រជាជាតិ-អាហ្វ្រិក បាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា ទ្វីបអាហ្រ្វិកកំពុងឡើងកម្ដៅក្នុងអត្រាលឿនជាងកន្លែងផ្សេងទៀតក្នុងពិភពលោក ហើយស៊ូទ្រាំនឹងគ្រោះមហន្តរាយអាកាសធាតុ និងអាកាសធាតុធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួតផងដែរ។ទ្វីបនេះត្រូវបានវាយប្រហារដោយអាកាសធាតុធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ទៅ៨០ករណីកាលពីឆ្នាំមុននេះ នេះបើយោងតាម របាយការណ៍ដែលផ្ញើដោយអង្គការឧតុនិយមពិភពលោក (WMO) ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាកាសធាតុដំបូងរបស់ទ្វីបអាហ្រ្វិកនៅប្រទេសកេនយ៉ា ដែលការផ្តល់ហិរញ្ញប្បទានអាកាសធាតុត្រូវបានកំណត់ផ្តោតជាសំខាន់។គ្រោះមហន្តរាយដូចជា គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ទ្វីបអាហ្រ្វិក ក្នុងរយៈពេល៤០ឆ្នាំ និងចំហេះព្រៃព្រៃនៅអាល់ហ្សេរី បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥.០០០នាក់ និងការខូចខាតសេដ្ឋកិច្ចជាង៨,៥ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការបង្ហាញរបស់របាយការណ៍ ដោយសំអាងដល់មូលដ្ឋានទិន្នន័យសង្គ្រោះបន្ទាន់។ តួរលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ ដោយសារគម្លាតនៃការរាយការណ៍។កម្ដៅបានកើនឡើងលឿនបំផុតនៅអាហ្រ្វិកខាងជើង ដែលត្រូវបានទទួលរងនូវរលកកម្ដៅជាច្រើនចាប់តាំងពីឆ្នាំមុន។ របាយការណ៍បាននិយាយថា នោះបានរួមចំណែកដល់ការធ្លាក់ចុះនៃផលិតកម្មធញ្ញជាតិមកត្រឹម៣៣លានតោន ឬប្រហែល១០% ទាបជាងមធ្យមភាគប្រាំឆ្នាំមុន បើទោះបីជាផលិតកម្មនៅក្នុងតំបន់មួយចំនួននៃទ្វីបនេះដូចជាអាហ្វ្រិកខាងលិច បានកើនឡើងស្របពេលមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ៕

ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រទេសបែលហ្ស៊ិកទិញមីស៊ីល Sea Sparrow ពីអាល្លឺម៉ង់ ដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន

2023/09/05 12:34:54 pm        65
អ៊ុយក្រែន៖ សារព័ត៌មានបែលហ្ស៊ិក L'Echo ( ឡេសូ) បានរាយការណ៍កាលពីថ្ងៃទី៤ ខែកញ្ញាថា ក្រសួងការពារជាតិបែលហ្ស៊ិកបានទិញមីស៊ីល Sea Sparrow រយៈចម្ងាយខ្លីពីប្រទេសអាល្លឺម៉ង់ ហើយគ្រោងនឹងបញ្ជូនជាងពាក់កណ្តាលទៅឲ្យអ៊ុយក្រែន។ប្រទេសបែលហ្ស៊ិក បានទិញមីស៊ីលដែលបាញ់ចេញពីសមុទ្រទៅអាកាសដែលបំពាក់ដោយរ៉ាដាចំនួន១៤គ្រឿង ដែលត្រូវបានប្រើនៅលើនាវាចម្បាំងអាល្លឺម៉ង់ ហើយនៅពេលនេះត្រូវបានដកចេញ ក្នុងតម្លៃ ៧.000 អឺរ៉ូ (៧.៦00 ដុល្លារ) ក្នុងមួយគ្រឿង។រដ្ឋាភិបាលបែលហ្ស៊ិក គ្រោងផ្តល់អាវុធចំនួន៨គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិកដល់ទីក្រុងគីវ។ខណៈពេលដែលការផ្តល់ឲ្យនេះ គឺជាទម្រង់ស្រាលនៃជំនួយយោធា វាបង្ហាញពីលក្ខណៈនៃការបំពេញបន្ថែមនៃការគាំទ្ររបស់ប្រទេសបែលហ្ស៊ិក នេះបើយោងតាមប្រភពរបស់សារព័ត៌មានL'Echo នៅក្នុងក្រសួងការពារជាតិ។សារព័ត៌មាន L'Echo បានបន្ថែមថា មីស៊ីលទាំងនោះ អាចកែច្នៃទៅជាមីស៊ីលបាញ់ពីផ្ទៃដីរាបទៅលើអាកាស ឬ ប្រើសម្រាប់បំពាក់លើយានដ្រូន។នៅក្នុងខែមករា សារព័ត៌មាន Politico បានរាយការណ៍ថា មីស៊ីល Sea Sparrows នឹងត្រូវបញ្ចូលទៅក្នុងកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិក ហើយថា យោធាអ៊ុយក្រែន បានរកឃើញវិធីដើម្បីកែសម្រួលជើងទម្របាញ់មីស៊ីល BUK សម័យសូវៀត ដើម្បីបាញ់មីស៊ីលទាំងនោះ៕

គណៈកម្មាការUN មិនបានរកឃើញភ័ស្តុតាងគ្រប់គ្រាន់នៃអំពើប្រល័យពូជសាសន៍ នៅអ៊ុយក្រែនទេ

2023/09/05 11:47:37 am        71
អ៊ុយក្រែន៖ លោកអេរីក ម៉ូស( Erik Møse) ដែលជាប្រធានគណៈកម្មាការ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវ កាលពីថ្ងៃទី៤ ខែកញ្ញាថា គណៈកម្មាការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន មិនទាន់អាចសន្និដ្ឋានបានថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែនទេ។ លោកម៉ូស បាននិយាយថា៖ «នៅដំណាក់កាលបច្ចុប្បន្ន យើងនៅមិនទាន់សន្និដ្ឋានបានថា មានអំពើប្រល័យពូជសាសន៍ដែលកើតឡើងនៅអ៊ុយក្រែនទេ»។ “ខ្ញុំសូមនិយាយថា យើងដឹងច្បាស់អំពីកង្វល់និងការចោទប្រកាន់ជុំវិញឧក្រិដ្ឋកម្ម… យើងកំពុងស៊ើបអង្កេតរឿងនេះជាជំហានៗ។ រហូតមកដល់ពេលនេះ យើងមិនមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបំពេញតាមលក្ខណៈសម្បត្តិផ្លូវច្បាប់នៃអនុសញ្ញាស្តីពីប្រល័យពូជសាសន៍នោះទេ»។ស្របពេលជាមួយគ្នានេះ លោកម៉ូស បានចង្អុលបង្ហាញថា គណៈកម្មការនេះ បានកត់ត្រានូវការរំលោភបំពានមួយចំនួនធំ ដោយកងកម្លាំងរុស្ស៊ី រួមទាំងការសម្លាប់ដោយចេតនា ការឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម ការចាប់រំលោភ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ និងការនិរទេសកុមារជាដើម៕

ភាពភ័យខ្លាចអាកាសធាតុ ធ្វើឲ្យកុមារ១,៨៥លាននាក់ផ្លាស់លំនៅ នៅអាហ្វ្រិកនៅអនុតំបន់សាហារ៉ាឆ្នាំ២០២២

2023/09/05 11:45:10 am        78
អាហ្វ្រិក៖ អង្គការសប្បុរសធម៌ពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា កុមារយ៉ាងហោចណាស់១,៨៥លាននាក់ នៅអនុតំបន់សាហារ៉ាអាហ្វ្រិក បានភៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេ ដោយសារតែគ្រោះមហន្តរាយបង្កឡើងដោយអាកាសធាតុនៅចុងឆ្នាំ២០២២ ជាតួលេខដែលស្ទើរតែជិតទ្វេដងកាលពីឆ្នាំមុន។ អង្គការសង្គ្រោះកុមារ (Save the Children) ជាអង្គការសប្បុរសធម៌បង្កើតឡើងនៅក្នុងទីក្រុងឡុងដ្រ៍លើកឡើងពីទិន្ន័យពីមជ្ឈមណ្ឌលតាមដានការភៀសខ្លួនខាងក្នុងប្រទេសបាននិយាយថា ក្នុងចំណោមកុមារទាំងនេះ មួយចំនួន បានភៀសខ្លួនចេញច្រើនដង ខណៈអ្នកផ្សេងទៀតទើបតែម្តង ប៉ុន្តែទាំងអស់នេះ នៅតែភៀសខ្លួនចេញពីលំនៅឋាននៅចុងឆ្នាំ ដោយរស់នៅក្នុងជំរំ ឃ្លាតឆ្ងាយពីគ្រួសារ ឬការរៀបចំបណ្តោះអាសន្នផ្សេងទៀត។លោកស្រី Kijala Shako ប្រធានគាំទ្រ ទំនាក់ទំនង យុទ្ធនាការ និងប្រព័ន្ធផ្សព្វផ្សាយប្រចាំនៅការិយាល័យតំបន់អាហ្វ្រិកខាងត្បូង និងខាងកើត របស់អង្គការ Save the Children បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅក្នុងទីក្រុង Nairobi រដ្ឋធានីប្រទេសកេនយ៉ាថា នៅពេលកុមារបាត់បង់ផ្ទះសម្បែង ពួកគេបានបាត់បង់ស្ទើរតែគ្រប់អ្វីៗ ដូចជាដំណើរការចំពោះការថែទាំសុខភាព ការសិក្សាអប់រំ អាហានិងសុវត្ថិភាព។ លោកស្រី Shako និយាយថា លោកស្រីសង្ឃឹមថា មេដឹកនាំដែលកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុអាហ្វ្រិកដែលកំពុងបន្តក្នុងទីក្រុង Nairobi នឹងទទួលស្គាល់ថាវិបត្តិអាកាសធាតុ នឹងមានផលប៉ះពាល់ដ៏មហន្តរាយលើជីវិតរស់នៅរបស់កុមារ និងមានការឆ្លើយតបចំពោះតម្រូវការនិងសិទ្ធរបស់កុមារ៕

លោក Putin៖ «គ្មានកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិថ្មីនោះទេ លុះត្រាតែលោកខាងលិចបំពេញតម្រូវការរបស់ខ្ញុំ»

2023/09/05 11:41:53 am        72
រុស្ស៊ី៖ រុស្ស៊ី បានច្រានចោលក្នុងការបន្ថែមពេលកិច្ចព្រមព្រៀងកាលពីខែកក្កដាដោយត្អូញត្អែរថា កិច្ចព្រមព្រៀងមួយដែលសន្យាដកចេញឧបសគ្គចំពោះការនាំចេញស្បៀងអាហារ និងផលិតផលជីរបស់រុស្ស៊ី ពុំត្រូវបានផ្តល់ឲ្យឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅនឹងមិនត្រូវបានស្តារឡើងវិញឡើយលុះត្រាតែលោកខាងលិច បំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីសម្រួលដល់ការនាំចេញកសិកម្មរបស់ខ្លួន។លោក Putin បានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan រួមជាមួយអង្គការសហប្រជាជាតិ បានសម្របសម្រួលកិច្ចព្រមព្រៀងនេះ ដែលត្រូវបានចាត់ទុកថាសំខាន់សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារសកល ជាពិសេសនៅទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា និងនៅអាស៊ី។រុស្ស៊ីនិយាយថាការរឹតត្បិតលើការដឹកជញ្ជូន និងការធានារ៉ាប់រង បានរារាំងដល់ពាណិជ្ជកម្មផ្នែកកសិកម្មរបស់ខ្លួន ទោះបីជារុស្ស៊ីបានដឹកជញ្ជូននូវចំនួនដ៏ច្រើននៃស្រូវសាឡីចាប់តាំងពីឆ្នាំមុនមកក៏ដោយ។ លោក Putin និយាយថាប្រសិនបើការប្តេជ្ញាចិត្តទំាងនោះ ត្រូវបានផ្តល់ឲ្យ រុស្ស៊ីអាចវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃឆាប់ៗនេះ។លោកនិយាយថារុស្ស៊ី ខិតកាន់តែជិតដើម្បីបញ្ជាក់ចុងក្រោយកិច្ចព្រមព្រៀងមួយដើម្បីផ្តល់គ្រាប់ធញ្ញជាតិមិនគិតថ្លៃដល់ប្រទេសអាហ្វ្រិកចំនួន៦។ មេដឹកនាំរុស្ស៊ីនិយាយថារុស្ស៊ីនឹងដឹកជញ្ចូនគ្រាប់ធញ្ញជាតិមានតម្លៃថោកចំនួន១,១ លានតោន ទៅកាន់ប្រទេសទួរគីសម្រាប់ដំណើរការ និងផ្តល់ដល់ប្រទេសក្រីក្រ៕

ប្រធានាធិបតីហ្សីមបាបវ៉េ ស្បថចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់

2023/09/05 11:39:29 am        59
ហ្សីមបាបវ៉េ៖ ប្រធានាធិបតីប្រទេសហ្សីមបាបវ៉េ លោក Emmerson Mnangagwa កាលពីថ្ងៃចន្ទបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ បន្ទាប់ពីត្រូវបានប្រកាស់ជាអ្នកទទួលជ័យជម្នះនៃការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែមុន ខណៈលោក បានសន្យាធ្វើឲ្យមនុស្សរាប់លាននាក់ចេញផុតពីភាពក្រីក្រ។ ពលរដ្ឋហ្សីមបាបវ៉េ បានទៅបោះឆ្នោត កាលពីថ្ងៃទី២៣ ខែសីហា ដើម្បីបោះឆ្នោតប្រធានាធិបតីថ្មី សមាជិកសភា និងសមាជិកក្រុមប្រឹក្សាតំបន់ ប៉ុន្តែគណបក្សប្រឆាំងធំ បានចាត់ទុកលទ្ធផលនេះថាជាការបន្លំធំសម្បើម។នៅក្នុងសុន្ទរកថារបស់លោក បន្ទាប់ពីបានស្បថចូលកាន់តំណែង លោក Mnangagwa បានថ្លែងទៅកាន់ពលរដ្ឋហ្សីមបាបវ៉េ ពីចំណុចបំបែកភាពទាល់ច្រកដ៏ជោគជ័យ ដោយសន្តិវិធី សេរីនិងយុត្តិធម៌ តម្លាភាព និងជាការបោះឆ្នោតសកលចុះសម្រុងគ្នាដែលគួទុកចិត្តបាន។លោក បានស្បថចូលកាន់តំណែង នៅមុខប្រធានតុលាការ លោក Luke Malaba ដែលកាលពីឆ្នាំ២០១៨ បានប្រកាសថាលោក Mnangagwa ជាអ្នកទទួលជ័យជម្នះ បន្ទាប់ពីការប្រឈមមុខនៅតុលាការរដ្ឋធម្មនុញ្ញ។មេដឹកនាំអាហ្វ្រិកជាច្រើនរូប រួមមានទាំង ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa មេដឹកនាំប្រទេសម៉ូហ្សំប៊ិកលោក Phillipe Nyusi និងប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះ ខណៈប្រធានាធិបតីហ្សាំប៊ី លោក Hakainde Hichilema បានជ្រើសរើសការមិនចូលរួម។លោក Mnangagwa បានជំរុញដល់គណបក្សប្រឆាំងខិតទៅរកតុលាការ ប៉ុន្តែបាននិយាយថា ការបោះឆ្នោតយកជាការបាន និងបានព្រមានថានឹងមានការបង្ក្រាបលើនណាម្នាក់ដែលធ្វើឲ្យរាលដាលភាពចលាចល៕

នាយករដ្ឋមន្ត្រីតែងតាំងដោយយោធានីហ្សេ រំពឹងថាកងទ័ពបារាំងនឹងដកចេញឆាប់ៗ

2023/09/05 11:36:28 am        64
នីហ្សេ៖ នាយករដ្ឋមន្ត្រីតែងតាំងដោយយោធារបស់ប្រទេសនីហ្សេ លោក Ali Mahamane Lamine Zeine ( អាលី ម៉ាហាម៉ាណេ ឡាមីន សេន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាជាមួយប្លុកប្រចាំតំបន់សហគមន៏សេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងលិច (ECOWAS) កំពុងដំណើរការ ហើយលោករំពឹងថាកងទ័ពបារាំង នឹងចាប់ចាប់ផ្តើមដកចេញក្នុងពេលឆាប់ៗនេះពីប្រទេស។មេដឹកនាំយោធាប្រទេសនីហ្សេ កាលពីថ្ងៃចន្ទបានបើកឡើងវិញដែនអាកាសរបស់ប្រទេសចំពោះជើងហោះហើរពាណិជ្ជកម្មទាំងអស់ដែលបានបិទកាលពីថ្ងៃទី៦ ខែសីហា បន្ទាប់ពីពួកគេបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ។ ការនិយាយលើកឡើងរបស់លោក Zeine បានធ្វើឡើងខណៈមានការតវ៉ាធំមួយទាមទាការដកកងទ័ពបារាំងនៅមូលដ្ឋានយោធាបារាំង នៅទីក្រុង Niamey ដែលបានរាលដាលចូលដល់ថ្ងៃទី៣។គំនិតប្រឆាំងបារាំង បានកើនឡើង ចាប់តាំងពីរដ្ឋប្រហារ ប៉ុន្តែបានច្របូកច្របល់បន្ថែមទៀតកាលពី សប្តាហ៍មុននៅពេលដែលប្រទេសបារាំងធ្វើព្រងើយចំពោះបទបញ្ជារបស់យោធា ដើម្បីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។ ប្រទេសនីហ្សេ បានកាត់ផ្តាច់ការសម្របសម្រួលយោធាជាមួយកងកម្លាំងបារាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM