ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ចំហេះព្រៃនៅកាណាដា គំរាមដល់ទីក្រុងនានា ខណៈរដ្ឋាភិបាលចេញបទបញ្ជាជម្លៀសពលរដ្ឋ

2023/08/17 12:08:59 pm        114
កាណាដា៖ ក្រុមមន្ត្រីប្រទេសកាណាដា បានចេញបទបញ្ជាជម្លៀសពលរដ្ឋ នៅរដ្ឋធានី Yellowknife ដែនដីភាគពាយព្យ និងសហគមន៍តូចៗជាច្រើនកាលពិថ្ងៃពុធ ខណៈចំហេះព្រៃទ្រង់ទ្រាយធំ បានគំរាមកំហែងដល់ទីក្រុងទន្លេ Hay កាលពីពេលយប់។ ក្រុមជាច្រើនកំពុងធ្វើការជម្លៀស នៅតំបន់ទន្លេ Hay ជាសហគមន៍មួយមានពលរដ្ឋប្រមាណ៣.០០០នាក់ នៅលើបឹងធំ Great Slave Lake ដឹកជញ្ជូនដោយរថយន្តក្រុង ឬយន្តហោះ កាលពីយប់ថ្ងៃពុធខណៈអគ្គិភ័យខិតជិតមកដល់។ មន្ត្រីព័ត៌មានអគ្គិភ័យ លោក Mike Westwick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធថា នៅតំបន់ទន្លេHay បានឃើញអគ្គិភ័យ នៅភាគខាងត្បូងសហគមន៍របស់ពួកគេកើនឡើង ដែលខិតកាន់តែកៀកទីក្រុងនៅថ្ងៃនេះ។ យើងបានមើលឃើញអគ្គិភ័យមានសកម្មភាពខ្ពស់នៅក្នុងតំបន់នោះ ហើយវាកំពុងរាលដាលយ៉ាងឆាប់រហ័ស។ លោក Westwick និយាយថា អណ្តាតភ្លើង នឹងទៅដល់ទីក្រុង Yellowknife នៅចុងសប្តាហ៍នេះដោយពុំមានភ្លៀងធ្លាក់ ហើយពលរដ្ឋនៅរដ្ឋធានី កំពុងត្រូវបានស្នើសុំឲ្យចាកចេញ ជាផ្នែកមួយនៃ ការជម្លៀសតាមដំណាក់កាល ដោយចាប់ផ្តើមជាមួយសហគមន៍ដែលមានការគំរាមកំហែងខ្លាំងបំផុត។អង្គភាពអគ្គិភ័យនៅដែនដីភាពពាយព្យ បាននិយាយថា មានហានីភ័យដល់ទីក្រុង Yellowknife ។ ក្រុមរបស់យើង រួមជាមួយទីក្រុង Yellowknife កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីពន្យឿតការកើនឡើងអគ្គិភ័យ និងការពារសហគមន៍។ ដែនដីភាគពាយព្យ បានប្រកាសរដ្ឋក្នុងគ្រាអាសន្នកាលពីល្ងាចថ្ងៃអង្គារ ហើយយោធានាកាណាដា ត្រូវបានដាក់ពង្រាយដើម្បីជួយទប់ទល់អណ្តាតភ្លើង និងដឹកជញ្ជូនពលរដ្ឋមួយចំនួនតាមយន្តហោះទៅកាន់ទីសុវត្ថិភាព៕

ទាហាននីហ្សេជាង១០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅជិតព្រំដែនប្រទេសម៉ាលី

2023/08/17 12:05:38 pm        133
នីហ្សេ៖ ក្រសួងការពារជាតិរបស់ប្រទេសបាននិយាយថា ទាហាននីហ្សេ យ៉ាងហោចណាស់១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមប្រដាប់អាវុធ នៅជិតព្រំដែនជាមួយប្រទេសម៉ាលី។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារបានឲ្យដឹងថា ការផ្តាច់ខ្លួនរបស់កងកម្លាំងប្រដាប់អាវុធនីហ្សេ ដែលកំពុងធ្វើសកម្មភាពរវាងតំបន់ Boni និង Torodi គឺជាជនរងគ្រោះនៃការពួនស្ទាក់វាយប្រហារដោយក្រុមភេរវកម្ម នៅជិតទីក្រុង Koutougou មានចម្ងាយ៥២គីឡូម៉ែត្រភាគនិរតី តំបន់ Torodi។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាហាន២០នាក់ផ្សេងទៀត បានរងរបួស ដោយពួកគេទាំងអស់ត្រូវបានជម្លៀសទៅកាន់ទីក្រុង Naimey ជារដ្ឋធានី។ ទាហាននិយាយថា អ្នកវាយប្រហារជាង១០០នាក់ ត្រូវបានរារាំងអំឡុងប្រតិបត្តិការរបស់ពួកគេ។ កាលពីទសវត្សរ៍មុន តំបន់ព្រំដែន នៅកន្លែងមានការប្រសព្វគ្នាប្រទេសម៉ាលីភាគកណ្តាល ប្រទេសបួរគីណាហ្វាសូ និងប្រទេសនីហ្សេភាគខាងលិច បានក្លាយជាចំណុចកណ្តាលនៃអំពើហិង្សាដោយក្រុមប្រដាប់អាវុធ ទាក់ទងទៅនឹងក្នុងអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន នៅក្នុងតំបន់សាហ៊ែល(Sahel) ។ កំហឹងនៅក្នុងការបង្ហូរឈាម បានបង្កឲ្យមានការដណ្តើមអំណាចយោធា នៅក្នុងប្រទេសចំនួន៣ ចាប់តាំងពីឆ្នាំ២០២០ ដោយប្រទេសនីហ្សេ ចុងក្រោយធ្លាក់ចូលក្នុងរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា នៅពេលនោះប្រធានាធិបតីលោក Mohamed Bazoum ត្រូវបានបណ្តេញចេញ។ ប្រទេសនីហ្សេ ភាកអាគ្នេយ៍ ក៏ជាគោលដៅរបស់ក្រុមប្រដាប់អាវុធដែលកំពុងឆ្លងកាត់ពីប្រទេសនីហ្សេរីយ៉ា ភាគឦសាន ជាប្រភពនៃយុទ្ធនាការដែលផ្តើមឡើងដោយក្រុម Boko Haram នៅក្នុងឆ្នាំ២០១០។ មេដឹកនាំរដ្ឋប្រហារ បាននិយាយថាការបណ្តេញចេញលោក Bazoum ដោយសារតែភាពអសន្តិសុខនៅក្នុងប្រទេសនិងការធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនស្ថានភាពសន្តិសុខ និងអភិបាលកិច្ចខ្សោយ។ ប៉ុន្តែអ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន Al Jazeera ដែលរាយការណ៍ពី ទីក្រុង Abuja នៅជិតប្រទេសនីហ្សេរីយ៉ា បាននិយាយថា ការលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលយោធារបស់ប្រទេសនីហ្សេ ជាមួយយោធាបារាំង និងការផ្អាកការផ្តល់ជំនួយដោយដៃគូផ្សេងទៀតរបស់ទីក្រុង Niamey ធ្វើឲ្យជីវិតកាន់តែលំបាក៕

កុមារជាច្រើនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ ខណៈទូកតូចមួយគ្រឿង បានមកដល់អង់គ្លេសភាគខាងត្បូង

2023/08/17 12:02:49 pm        73
បារាំង៖ កុមារតូចៗជាច្រើននាក់ ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍រាប់សិបនាក់ ត្រូវបានជួយសង្គ្រោះនិងនាំយកទៅកាន់ឆ្នេរសមុទ្រពីព្រែកជីកអង់គ្លេសកាលពីថ្ងៃពុធ ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្ស៦នាក់បានស្លាប់ដែលកំពុងព្យាយាមឆ្លងកាត់រវាងប្រទេសបារាំង និងចក្រភពអង់គ្លេស។ ផ្លូវទឹកអង់គ្លេស គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដោយមានអាកាសធាតុពុំអាចព្យាករណ៍ទុកជាមុនបានធ្វើឲ្យការឆ្លងកាត់តាមទូកតូចៗមានគ្រោះថ្នាក់។ ស្ថានភាពអាកាសធាតុកាន់តែមានអំណោយផលច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ តួលេខរបស់រដ្ឋាភិបាលអង់គ្លេស បានបង្ហាញថាចំនួនជនអន្តោប្រវេសន៍ដែលឆ្លងកាត់ផ្លូវទឹកនេះរហូតមកដល់ពេលនេះនៅឆ្នាំនេះ មានចំនួនជាង១៦.០០០នាក់ ដោយជាង១.១០០នាក់ បានមកដល់កាលពីសប្តាហ៍មុនតែមួយ។ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ភាគច្រើននៃជនអន្តោប្រវេសន៍នៅលើទូកតូចៗ មានមកពីប្រទេសអាហ្វហ្គានីស្ថាន ឥណ្ឌា អ៊ីរ៉ង់ ឬអ៊ីរ៉ាក់។ កាលពីឆ្នាំមុន ក្នុងខែសីហា បានបង្ហាញពីចំនួនខ្ពស់បំផុតនៃការមកដល់នៅលើទូកតូចៗសម្រាប់ខែនេះមានចំនួនខ្ពស់បំផុត ខណៈពាក់កណ្តាលនៃជនអន្តោប្រវេសន៍ទាំងអស់ បានមកដល់ក្នុងអំឡុងខែសីហា រហូតដល់អំឡុងខែតុលា៕

ចំនួនអ្នកស្លាប់បន្ទាប់ពីបំណាក់ដីនៅតំបន់ភ្នំហិម៉ាល័យប្រទេសឥណ្ឌាកើនឡើងដល់៧១នាក់

2023/08/17 11:59:46 am        69
ឥណ្ឌា៖ ក្រុមមន្ត្រី បានពិនិត្យឡើងវិញពីការកើនឡើងចំនួនអ្នកស្លាប់ ដោយបំណាក់ដីកាលពីចុងសប្តាហ៍ក្នុងក្រុង Shimla តំបន់ភ្នំហិម៉ាល័យប្រទេសឥណ្ឌាមានចំនួនពី៥៧ ដល់៧១នាក់ កាលពីថ្ងៃពុធ ប៉ុន្តែការស្វែងរកសាកសពនៅតែបន្តខណៈរហូតមកដល់ពេលនេះសាកសពមួយចំនួនប៉ុណ្ណោះត្រូវបានរកឃើញ។មនុស្សប្រមាណ២.៥០០នាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងរដ្ឋ Himachal Pradesh ហើយរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Onkar Chand Sharmaបាននិយាយថា តម្លៃនៃការខាតបង់អាចមានរហូតដល់រាប់លាន់ ខណៈភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅក្នុងតំបន់ភ្នំ បានបំផ្លាញលំនៅឋាន អគារ បណ្តាញដឹកជញ្ជូន និងបណ្តាលឲ្យមានការកាត់ផ្តាច់ផ្លូវរថភ្លើង និងអគ្គិសនី។ ក្រុមអ្នកជួយសង្គ្រោះ បានជីកកកាយក្នុងដីល្បប់ ដើមឈើ និងកម្ទេចកម្ទី ចាប់តាំងពីថ្ងៃចន្ទ នៅជិតទីតាំងវិហារមួយកន្លែងដែលបានបាក់រលំដោយបំណាក់ដី។ កាលពីថ្ងៃអង្គារ សាកសពន្ថែមចំនួន៣នាក់ ត្រូវបានទាញចេញពីទីតាំងនោះក្នុងក្រុង Shimla ជាកន្លែងដែលមានមនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុទាក់ទងទៅនឹងភ្លៀងធ្លាក់៕

ទីភ្នាក់ងារអវកាស និយាយថា យានអវកាស Luna-25 របស់រុស្ស៊ី ចូលដល់គន្លងភពព្រះចន្ទហើយ

2023/08/17 11:48:44 am        67
រុស្ស៊ី៖ យានអវកាស Luna-25 នឹងធ្វើដំណើរវិលជុំវិញព្រះចន្ទ ដែលជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី ក្នុងរយៈពេលប្រហែល ៥ ថ្ងៃ បន្ទាប់មកផ្លាស់ប្តូរទិសដៅសម្រាប់ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាល នៅលើប៉ូលខាងត្បូងភពព្រះចន្ទដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែសីហា សប្ដាហ៍ក្រោយនេះ។ក្រុមហ៊ុនអវកាសរុស្ស៊ី Roskosmos បាននិយាយថាយានអវកាស Luna-25 បានចូលទៅក្នុងគន្លងរបស់ភពព្រះចន្ទនៅម៉ោង ១១:៥៧ ព្រឹកម៉ោងក្នុងតំបន់។  យានអវកាស Luna-25 នឹងធ្វើដំណើរវិលជុំវិញព្រះចន្ទ ដែលជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី ក្នុងរយៈពេលប្រហែល ៥ ថ្ងៃ បន្ទាប់មកផ្លាស់ប្តូរទិសដៅសម្រាប់ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាល នៅលើប៉ូលខាងត្បូងភពព្រះចន្ទដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែសីហា សប្ដាហ៍ក្រោយនេះ។  យានអវកាស ចន្ត្រាយាន -៣ (Chandrayaan-3) របស់ឥណ្ឌាបានចូលទៅក្នុងគន្លងភពព្រះចន្ទនៅដើមខែនេះ មុនពេលចុះចតដែលបានគ្រោងទុកនៅលើប៉ូលខាងត្បូងភពព្រះចន្ទនៅចុងខែនេះ។  យានអវកាស Luna-25 ដែលមានទំហំប៉ុនរថយន្តតូចមួយគ្រឿង នឹងមានបំណងដំណើរការរយៈពេលមួយឆ្នាំនៅលើប៉ូលខាងត្បូង ជាទីដែលក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងទីភ្នាក់ងារអវកាសផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានរកឃើញដាននៃទឹកកកនៅក្នុងរណ្ដៅមួយចំនួន។ វត្តមានទឹកនៅលើភពព្រះចន្ទ បានផ្ដល់ភាពស្មុគស្មាញដល់មហាអំណាចអវកាសធំៗ ដែលអនុញ្ញាតឲ្យមានការធ្វើដំណើររបស់មនុស្សបានយូរជាងមុននៅលើភពនេះ ដែលអាចឲ្យមានការជីកយករ៉ែធនធានតាមនៅភពព្រះចន្ទ។ យោងតាមលោកអាណាតូលីហ្សាក ( Anatoly Zak) ដែលជាអ្នកបង្កើតនិងផ្សព្វផ្សាយ ដែលបានតាមដានកម្មវិធីអវកាសរបស់រុស្ស៊ី គ្មានយានអវកាសរុស្ស៊ីណាមួយបានចូលក្នុងគន្លងភពព្រះចន្ទទេ ចាប់តាំងពី យានអវកាស Luna-24 ដែលជាបេសកកម្មទៅកាន់ភពព្រះចន្ទ កាលពីឆ្នាំ ១៩៧៦ របស់សហភាពសូវៀត មកនោះ ៕

បេសកជនUN៖ ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅប្រទេសយ៉េម៉ែន រារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព

2023/08/17 11:26:00 am        119
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែនជាថ្មី កំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព ខណៈដែលប្រទេសក្រីក្របំផុតរបស់ពិភពអារ៉ាប់ ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។លោក Hans Grundberg តំណាងពិសេសរបស់UNប្រចាំប្រទេសយ៉េម៉ែន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អរិភាពរវាងពួកឧទ្ទាមហ៊ូធី (Houthi) និងកងកម្លាំងរដ្ឋាភិបាល មិនបានវិលមករកកម្រិត នៅមុនពេលបទឈប់បាញ់រយៈពេល៦ខែ ដែលបានបញ្ចប់ក្នុងខែតុលា ប៉ុន្តែលោកបាននិយាយថា ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ និងការបាញ់តគ្នានៅវិញទៅមក បានបន្ត។ លោកបានលើកឡើងនូវតំបន់ជួរមុខចំនួន៦។ ពួកគេរាប់បញ្ចូលទាំងទីក្រុងធំបំផុតទី៣ របស់យ៉េម៉ែនគឺ ទីក្រុងតៃ (Taiz) ដែលស្ថិតនៅក្រោមការឡោមព័ទ្ធដោយពួកហ៊ូធី ចាប់តាំងពីឆ្នាំ ២០១៦។ ទីក្រុងហូដេដា ( Hodeida) ជាកន្លែងដែលកំពង់ផែសំខាន់របស់យ៉េម៉ែនស្ថិតនៅ និងខេត្តម៉ារីប ( Marib) ភាគខាងកើតសម្បូរប្រេង ដែលពួកហ៊ូឌី ប៉ុនប៉ងដណ្តើមយកក្នុងឆ្នាំ២០២១។សង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែន បានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៤ នៅពេលដែលពួកហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារចេញពីតំបន់ការពាររឹងមាំភាគខាងជើងរបស់ពួកគេ ហើយបានបណ្តេញរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណា។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ក្នុងនាមរដ្ឋាភិបាល ហើយនៅពេលនោះជម្លោះ បានប្រែក្លាយទៅជាសង្រ្គាមមហាអំណាចរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់៕

មនុស្សរាប់ពាន់នាក់រត់គេចពីអំពើហិង្សារបស់ក្រុមជនអន្ធពាលរយៈពេល២៤ម៉ោងក្នុងរដ្ឋធានីប្រទេសហៃទី

2023/08/17 11:06:30 am        109
ហៃទី៖ អ្នកតាមដានស្ថានការណ៍ម្នាក់មកពីសារព័ត៌មាន AFP បាននិយាយថា កាលពីថ្ងៃអង្គារប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចចេញពីស្រុកមួយគ្រប់គ្រងដោយក្រុមជនអន្ធពាលក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ។  ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុក កាហ្វ័រ ហ្វឺយ (Carrefour-Feuilles) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince) បាននិយាយថា ពួកគេកំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង បំផុត ។  លោក បានប្រាប់សារព័ត៌មាន AFP ថា លោកមិនដឹងថាត្រូវទៅទីណាទេ  តែលោកត្រូវតែគេចចេញពីផ្ទះសម្បែងរបស់លោក។   យោងតាមការប៉ាន់ប្រមាណពីក្រសួងការពារជនស៊ីវិលហៃទី និងក្រុមមន្ត្រី មនុស្សយ៉ាងហោចណាស់៣.១២០នាក់ បានរត់ភៀសខ្លួនចេញពីស្រុកនេះ ។ស្រុកមួយនេះ តែងរងការវាយប្រហារជាទៀងទាត់ដោយក្រុមជនអន្ធពាល ដឹកនាំដោយ លោក រីណេល ដេស្ទីណា( Renel Destina) ត្រូវគេស្គាល់ថា Ti Lapli ដែល ត្រូវបានក្រុមអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ដោយសារការចាប់ជម្រិតពលរដ្ឋអាមេរិក។ ក្រុមអាជ្ញាធរហៃទី ក៏បាននិយាយផងដែរថា លំនៅឋានជាច្រើននៅក្នុងតំបន់នេះ ត្រូវបានដុតបំផ្លាញនិងមានមនុស្សបាត់បង់ជីវិតទៀតផង ប៉ុន្តែ ពួកគេពុំបានផ្ដល់ព័ត៌មានលម្អិតទេ។ គេបានមើលឃើញភាពរំជើបរំជួលបានកើតឡើងនៅតាមដងផ្លូវនានាក្នុងស្រុកនេះ កាលពីថ្ងៃអង្គារ ។ ប្រជាពលរដ្ឋខ្លះ ទូលវ៉ាស៊ីសម្លៀកបំពាក់នៅលើក្បាល ចំណែកអ្នកខ្លះទៀត ដឹកពូក និងគ្រឿងសង្ហារឹម តាមរថយន្តរបស់ពួកគេ៕

រុស្សីស្ទាក់ចាប់យានដ្រូនជាច្រើនគ្រឿងរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសរុស្ស៊ី

2023/08/17 10:33:36 am        170
រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួន បានវាយបកជាច្រើនលើកទៅលើអ៊ុយក្រែនក្នុងទិសដៅនៃតំបន់ហ្សាប៉ូរ៉ូហ្ស៊ី ( Zaporozhy) លូហានស្ក៍ ( Luhansk) និង ដូណិតស្ក៍ (Donetsk) ខណៈដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសពីវឌ្ឍនភាពក្នុងទិសដៅនៃ   តំបន់មេលីតូប៉ូល (Melitopol) និង ប៊ឺដ្យានស្ក៍ ( Berdiansk) នៅថ្ងៃតែមួយ។កងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែន នៅទីក្រុងដូណិតស្ក៍ និងស្ទាក់ចាប់មីស៊ីល HIMARS ចំនួន ៤ គ្រាប់ មីស៊ីល BM-30 ចំនួន ២ គ្រាប់ និងយានអាកាសគ្មានមនុស្សបើក (UAVs) ចំនួន២៦គ្រឿង នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍មួយនៅព្រឹកថ្ងៃពុធ ដោយនិយាយថា ប្រតិបត្តិការវាយលុក នៅតែកំពុងដំណើរការក្នុងទិសដៅនៃទីក្រុងមេលីតូប៉ូល និងប៊ឺដ្យានស្ក៍ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។របាយការណ៍នោះ បាននិយាយថា កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារចំនួន៧លើកទៅលើទាហាននិងយុទ្ធោបករណ៍របស់រុស្ស៊ី។ យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រាប់រ៉ុក្កែត និងកាំភ្លើងធំជាច្រើនរបស់អ៊ុយក្រែន ក៏បានវាយប្រហារកាំភ្លើងធំរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងគោលដៅសំខាន់ៗផ្សេងទៀតផងដែរ៕

ក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ ដុតព្រះវិហារ និងលំនៅឋាន ជុំវិញការជេរប្រមាថនៅប៉ាគីស្ថាន

2023/08/17 10:29:59 am        149
ប៉ាគីស្ថាន៖ នគរបាលបាននិយាយថា ក្រុមជនមូស្លីមរាប់ពាន់នាក់នៅក្នុងទីក្រុងមួយក្នុងប្រទេសប៉ាគីស្ថានបានដុតព្រះវិហារ និងបំផ្លាញផ្ទះសម្បែងរបស់គ្រិស្តបរិស័ទជុំវិញការអះអាងដែលថាបុរសពីរនាក់បានប្រមាថគម្ពីរ គូរ៉ាន(Quran)។  នគរបាលបាននិយាយថា ព្រះវិហារយ៉ាងហោចណាស់៤កន្លែង ត្រូវបានដុតបំផ្លាញ ស្របពេលក្រុមអ្នកស្រុកបាននិយាយថា អគារជាច្រើនដែលនៅជាប់នឹងព្រះវិហាទាំងនោះ ក៏រត្រូវបានខូចខាត។ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង ចារ៉ានវ៉ាឡា (Jaranwala) ក្នុងខេត្ត ពុនចាប (Punjab) ខាងកើត ។ការប្រមាថ ត្រូវបានផ្តន្ទាទោសទោសប្រហារជីវិតនៅប៉ាគីស្ថាន។គ្មាននរណាម្នាក់ត្រូវបានគេប្រហារជីវិតទេពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែមនុស្សរាប់សិបនាក់ បានស្លាប់ដោយសារក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនេះ។  សហគមន៍មូស្លីមត្រូវបានគេជឿថាមានជាង ៩៦% នៃចំនួនប្រជាជនរបស់ប៉ាគីស្ថាន។សារព័ត៌មាន Reuters បានរាយការណ៍ថា នគរបាលទទួលបន្ទុករឿងក្តីប្រឆាំងនឹងបុរសគ្រិស្តសាសនិកទាំងពីរនាក់បាននិយាយថា ពួកគេបានរកឃើញគម្ពីគូរ៉ានជាច្រើនទំព័រ ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាឥស្លាម អមដោយការនិយាយប្រមាថដែលសរសេរជាពណ៌ក្រហម។លោក អាមៀ មៀ (Amir Mir) រដ្ឋមន្ត្រីមន្ទីរព័ត៌មានប្រចាំខេត្ត Punjab បានថ្កោលទោសចំពោះការប្រមាថដែលត្រូវបានចោទប្រកាន់ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នគរបាលរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ហើយមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួន៕

អភិបាលរដ្ឋហាវ៉ៃ៖ ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី កើនដល់១១០នាក់ហើយ

2023/08/17 10:11:24 am        204
អាមេរិក៖ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងចំហេះព្រៃកោះម៉ូអ៊ី ឥឡូវនេះមានចំនួន១១០នាក់ហើយ ខណៈដែលទីភ្នាក់ងារផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ ប្រឈមមុខនឹងសំណួរជាច្រើនពីការមិនបិទបណ្តាញអគ្គិសនី នៅពេលដែលខ្យល់ដ៏ខ្លាំងបានបង្កើតឲ្យមានលក្ខខណ្ឌចំហេះដ៏គ្រោះថ្នាក់នេះ។កាលពីព្រឹកថ្ងៃពុធ ក្រុមហ៊ុនដែលដំណើរការបណ្តាញឧបករណ៍ចាប់សញ្ញានៅលើកោះម៉ូអ៊ី នេះ បាននិយាយថា ខ្លួនបានរកឃើញកំហុសបណ្តាញឧបករណ៍ប្រើប្រាស់សំខាន់ៗជាច្រើនម៉ោង មុនពេលចំហេះចាប់ផ្តើម។ កំហុសមួយក្នុងចំណោមនោះគឺជា "សៀគ្វីខ្លី ឬសៀគ្វីខ្លីមួយផ្នែក" ដែលបណ្តាលឱ្យមានចរន្តលើសលប់ហូរតាមប្រព័ន្ធអគ្គិសនី នេះបើយោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក។ក្រុមមន្ត្រីជំនាញកំពុងបន្តពន្លត់ភ្លើង ហើយមូលហេតុផ្លូវការនៃចំហេះនេះ នៅមិនទាន់កំណត់បាននៅឡើយទេ ។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ បាននិយាយថា ការផ្តោតការយកចិត្តទុកជាបន្ទាន់របស់ខ្លួន គឺទៅលើការស្តារថាមពលឡើងវិញដល់អតិថិជន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រាអាសន្ន ព្រមទាំងការបង្កើតផែនការស្តារឡើងវិញរយៈពេលវែងផងដែរ។ចំហេះនៅទីក្រុងឡាហេណា នៅរដ្ឋហាវ៉ៃ ឥឡូវនេះ គឺជាគ្រោះធម្មជាតិដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាង១០០ឆ្នាំ នេះបើយោងតាមការវិភាគរបស់រដ្ឋបាលអគ្គិភ័យរបស់សហរដ្ឋអាមេរិក និងអ្នកវិភាគរបស់សារព័ត៌មានCNN។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយថា សំណង់ប្រហែល២.២០០ទីតាំងត្រូវបានបំផ្លាញ ឬខូចខាតនៅលើកោះម៉ូអ៊ី ដែលចំនួន៨៦% នៃការខូចខាតទាំងនោះជាលំនៅឋានប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM
ក្រសួង៖ ការនាំចេញអាវុធរបស់អ៊ីស្រាអែល បាន​ឈានដល់កម្រិតខ្ពស់បំផុតមួយ​លើក​ទៀត
06/02/2026 07:06 PM
អ៊ីរ៉ង់ព្រមានឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងអ៊ីស្រាអែល ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារទីក្រុងបេរូត
06/02/2026 07:06 PM
អ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន «ល្អ​ជាងពី​មុន​ច្រើន​ណាស់​» បើមានសង្គ្រាម​ថ្មី​ជាមួយអាមេរិក
06/02/2026 07:06 PM
យានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី វាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែន
06/02/2026 06:06 PM
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
06/02/2026 06:06 PM