ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាផ្ទេរមូលនិធិសម្រាប់ពលរដ្ឋអារ៉ាប់

2023/08/10 02:37:29 pm        298
អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចាមីន នេតានីយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធថា មូលនិធិសាធារណៈសម្រាប់បណ្តាទីក្រុងអារ៉ាប់ នឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងដែលបានកំណត់ក្នុងការបម្រើដល់ពលរដ្ឋអារ៉ាប់ បន្ទាប់ពីការវាយតម្លៃ និងការត្រួតពិនិត្យ មួយថ្ងៃបន្ទាប់ពីការប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី ដើម្បីបញ្ឈប់ពួកគេពីការរិះគន់។លោកនេតានីយ៉ាហ៊ូ ត្រូវបានគេដកស្រង់សម្តី ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ពលរដ្ឋអារ៉ាប់របស់អ៊ីស្រាអែល សមនឹងទទួលបាននូវអ្វីដែលពលរដ្ឋទាំងអស់សមនឹងទទួលបាន ហើយខ្ញុំបានប្តេជ្ញាចិត្តចំពោះរឿងនេះ»។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក បេហ្សាឡែល ស្មូទ្រិច( Bezalel Smotrich) បាននិយាយកាលពីថ្ងៃអង្គារថា លោកបានបង្កកមូលនិធិសម្រាប់បណ្តាក្រុងអារ៉ាប់ក្នុងប្រទេសអ៊ីស្រាអែល និងកម្មវិធីអប់រំឧត្តមសិក្សារបស់ប៉ាឡេស្ទីន នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ដោយផ្អែកលើមូលដ្ឋានដែលពួកគេអាចផ្តល់អត្ថប្រយោជន៍ធំធេងដល់ «អង្គការឧក្រិដ្ឋកម្ម» នៅក្នុងសហគមន៍អារ៉ាប់។ការសម្រេចចិត្តនេះពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ២០០លានសេកែល (ប្រហែល ៥៣,៨១លានដុល្លារអាមេរិក) ដែលនឹងមានក្នុងទម្រង់ជាអាហារូបករណ៍សម្រាប់អ្នកស្រុកប៉ាឡេស្ទីន ដែលមានចំណូលទាបនៅក្រុងហ្ស៊េរុយសាឡិម ខាងកើត ដើម្បីចុះឈ្មោះចូលរៀនថ្នាក់ត្រៀមនៅសាកលវិទ្យាល័យ Hebrew ក្នុងក្រុងហ្ស៊េរុយសាឡិម និងមហាវិទ្យាល័យពីរផ្សេងទៀតនៅក្នុងទីក្រុងនេះ៕

និស្សិតសាកលវិទ្យាល័យកូរ៉េខាងត្បូង តវ៉ាផែនការបង្ហូរសំណល់ទឹកហ្វូគូស៊ីម៉ារបស់ជប៉ុន

2023/08/10 02:29:45 pm        310
ជប៉ុន៖ និស្សិតសាកលវិទ្យាល័យកូរ៉េខាងត្បូងមួយក្រុម បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ ដើម្បីតវ៉ាចំពោះផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរទឹកសំណល់មានជាតិនុយក្លេអ៊ែរចេញពីរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា ដែលរងការខូចខាតពីការរញ្ជួយដី ចូលទៅក្នុងសមុទ្រ។កាលពីរសៀលថ្ងៃពុធ និស្សិតចំនួន២៤នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ដោយកាន់ស្លាកសញ្ញា និងបដា ខណៈកំពុងស្រែកពាក្យស្លោកដើម្បីរិះគន់ផែនការបង្ហូរទឹក ដែលជិតមកដល់នេះ។ពលរដ្ឋទីក្រុងតូក្យូ ប្រហែល២០នាក់ក៏បានចូលរួមការតវ៉ានេះផងដែរ ដើម្បីសម្តែងការគាំទ្ររបស់ពួកគេចំពោះនិស្សិតកូរ៉េខាងត្បូងមួយក្រុមនោះ។ ពួកគេបាននិយាយថា រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានជ្រើសយកការគណនាសេដ្ឋកិច្ចដោយមិនគិតពីសុវត្ថិភាពប្រជាជន ហើយកម្រិតសុវត្ថិភាពនៃផែនការបង្ហូរទឹកនេះមិនមានភាពជឿជាក់ច្បាស់លាស់នោះទេ។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយនៅក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់មានមេរោគនុយក្លេអ៊ែរនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានរងគ្រោះដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ ផងដែរ៕

អ្នកនេសាទប្រទេសប៉េរូជួបការលំបាក ខណៈបញ្ហាអាកាសធាតុជះឥទ្ធិពលដល់ការនេសាទ

2023/08/10 02:27:10 pm        780
ប៉េរូ៖ ក្រុមអ្នកនេសាទនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសប៉េរូ កំពុងជួបផលលំបាកបន្ទាប់ពីបានឃើញផលនេសាទរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារផលប៉ះពាល់អាកាសធាតុ ដែលនាំមកដោយបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ។ ក្រោមលក្ខខណ្ឌអាកាសធាតុខុសពីធម្មតាក្នុងរយៈពេលបីខែកន្លងមកនេះ ផលនេសាទពីសមុទ្រនៅឆ្នេររបស់ប្រទេសនេះ បានធ្លាក់ចុះជាង ៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។សីតុណ្ហភាពសមុទ្រក្តៅខ្លាំងជាងឆ្នាំមុនៗ ដែលបណ្តាលឱ្យត្រីធ្វើបម្លាស់ទីទៅកាន់ទឹកជ្រៅឆ្ងាយពីច្រាំង។ រលកសមុទ្រធំៗ និងថ្ម ជារឿយៗនាំឲ្យមានការផ្អាកប្រតិបត្តិការសមុទ្រ។ សីតុណ្ហភាពលើផ្ទៃទឹកសមុទ្រកាន់តែខ្ពស់ បានកាត់បន្ថយបរិមាណត្រីមួយចំនួន ដែលជាធម្មតារស់នៅក្នុងតំបន់នោះ និងនៅឆ្នេរសមុទ្រ ដើម្បីស្វែងរកលក្ខខណ្ឌសីតុណ្ហភាពល្អប្រសើរជាងមុន។នោះអាចមានន័យថា ការនេសាទត្រីរបស់ក្រុមហ៊ុននេសាទធំៗ ដែលមាននាវានេសាទធំៗមានការកើនឡើង ប៉ុន្តែអាចបង្កការគំរាមកំហែងដល់ជីវភាពរបស់អ្នកនេសាទខ្នាតតូច ដែលប្រកបមុខរបរដោយខ្លួនឯងនៅក្នុងភូមិឆ្នេរសមុទ្ររបស់ប្រទេសនេះ។ ជាលទ្ធផល គឺមានតែប្រជាជនប្រកបរបរនេសាទតូចតាចប៉ុណ្ណោះ ដែលទទួលរងឥទ្ធិពលពីបម្រែបម្រួលអាកាសធាតុ៕

ប្រជាជនអេក្វាឌ័រតវ៉ាទាំងកំហឹងនៅខាងក្រៅគ្លីនិក បន្ទាប់ពីបេក្ខជនប្រធានាធិបតីត្រូវបានសម្លាប់

2023/08/10 02:24:37 pm        333
អេក្វាឌ័រ៖ ប្រជាជនអេក្វាឌ័រ បានតវ៉ាទាំងកំហឹងនៅខាងក្រៅគ្លីនិក ជាទីដែលបេក្ខជនប្រធានាធិបតីអេក្វាឌ័រ លោក Fernando Villavicencio បានស្លាប់កាលពីថ្ងៃពុធ (៩ សីហា) បន្ទាប់ពីត្រូវបានបាញ់ប្រហារនៅក្នុងការជួបជុំយុទ្ធនាការបោះឆ្នោតមួយក្នុងទីក្រុងគីតូ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបាញ់ប្រហារប្រហែល៣០គ្រាប់បានកើតឡើង ខណៈវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា លោក Villavicencio ព្យាយាមចូលទៅក្នុងរថយន្តបន្ទាប់ពីព្រឹត្តិការណ៍នេះ នៅមុនពេលមានសំឡេងកាំភ្លើង និងសម្រែកកើតឡើង។ការិយាល័យអគ្គមេធាវីបាននិយាយថា ក្រោយមកមានជនសង្ស័យម្នាក់ក្នុងឧក្រិដ្ឋកម្មនោះបានស្លាប់ដោយសាររបួស នៅក្នុងការបាញ់ប្រហារ។ អំពើហិង្សានេះបានធ្វើឲ្យមនុស្ស៩នាក់ផ្សេងទៀតរងរបួស ដែលក្នុងនោះមានបេក្ខជនតំណាងរាស្រ្តម្នាក់ និងមន្ត្រីនគរបាលពីរនាក់។រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Guillermo Lasso បានទម្លាក់កំហុសលើកំណើននៃអំពើហឹង្សានៅតាមដងផ្លូវ និងនៅក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុងរបស់ក្រុមឧក្រិដ្ឋជន ក្នុងការដណ្តើមគ្រប់គ្រងច្រករត់ពន្ធ ដែលប្រើប្រាស់ដោយក្រុមជួញដូរម៉ិកស៊ិក ក្រុមម៉ាហ្វីយ៉ា អាល់បានី និងក្រុមឧក្រិដ្ឋជនដទៃទៀតក្នុងការដឹកជញ្ចូនគ្រឿងញៀន។ លោកបាននិយាយថា លោកនឹងទទួលក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់នៅឯកិច្ចប្រជុំបន្ទាន់មួយ។លោក Villavicencio អតីតអ្នកសហជីព និងអ្នកកាសែត គឺជាអ្នករិះគន់ដោយឥតសំចៃមាត់អំពើពុករលួយ និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ហើយបានសន្យាថានឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងកាត់បន្ថយការគេចពន្ធផងដែរ ប្រសិនបើលោកជាប់ឆ្នោត៕

ភាពជាប់គាំងនយោបាយចេះតែអូសបន្លាយរបស់ប្រទេសថៃ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច

2023/08/10 02:21:59 pm        311
ថៃ៖ រយៈពេលជិត៣ខែបន្ទាប់ពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា អនាគតនយោបាយមិនច្បាស់លាស់របស់ប្រទេសថៃ បានដាក់សម្ពាធលើសេដ្ឋកិច្ច ដែលទំនងជាពន្យារការចំណាយរបស់រដ្ឋាភិបាល ដែលជាគន្លឹះក្នុងការងើបឡើងរបស់ប្រទេសនេះក្រោយការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។វិស័យធុរកិច្ចបានលើកឡើងពីក្តីបារម្ភអំពីល្បឿនដ៏យឺតនៃការបង្កើតរដ្ឋាភិបាលថ្មី និងការជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបង្កឱ្យមានក្តីបារម្ភថា ភាពជាប់គាំងនយោបាយអាចបង្អាក់ទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស ខណៈដែលសេដ្ឋកិច្ចត្រូវការការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។នាយកធនាគារពិភពលោកប្រចាំប្រទេសថៃ លោក Fabrizio Zarcone ហាក់ដូចជាយល់ស្របលើការលើកឡើងនោះ ដោយបាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃអង្គារនៅទីក្រុងបាងកកថា បញ្ហានយោបាយដែលអូសបន្លាយនេះ ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ប្រទេសថៃបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ៣៦៤ពាន់លានបាត (១០,៤ពាន់លានដុល្លារ) ពីគម្រោងចំនួន៨៩១គម្រោង នេះបើយោងតាមក្រុមប្រឹក្សាវិនិយោគ ជាទីភ្នាក់ងាររដ្ឋាភិបាលដែលមានភារកិច្ចទាក់ទាញអាជីវកម្មបរទេស។ តួលេខនោះនៅតែទាបជាងគោលដៅចំនួន៥០០ពាន់លានបាតសម្រាប់ឆ្នាំ២០២៣ទាំងមូល ជាពិសេសសម្រាប់ការវិនិយោគក្នុងបណ្ដាឧស្សាហកម្មដូចជាថ្នាំពេទ្យ គ្រឿងយន្ត និងរថយន្តអគ្គិសនីជាដើម៕

Assad បានទម្លាក់កំហុសលើអំពើភេរវនិយមដែលនាំឲ្យមានការបំផ្លិចបំផ្លាញនៅប្រទេសស៊ីរី

2023/08/10 01:47:23 pm        78
ស៊ីរី៖ ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ (Bashar al-Assad) បាននិយាយកាលពីល្ងាចថ្ងៃពុធថា អំពើភេរវនិយម បានបង្កឲ្យមានការបំផ្លិចបំផ្លាញ នៅក្នុងប្រទេសស៊ីរី ដោយនិយាយថា អ្នកដែលគាំទ្រភេរវនិយម គួរតែទទួលខុសត្រូវ។ថ្លែងទៅកាន់សារព័ត៌មាន Sky News Arabia ក្នុងបទសម្ភាសន៍មួយ លោកអាសាដ បានសង្កត់ធ្ងន់លើវិសាលភាពនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយអំពើភេរវកម្មនៅក្នុងប្រទេសស៊ីរី ដោយបញ្ជាក់ថា គ្មានរដ្ឋណាមួយ មានចេតនាបំផ្លាញទឹកដីកំណើតរបស់ខ្លួនទេ។ លោកបានច្រានចោលទស្សនៈដែលថាកិច្ចប្រឹងប្រែងប្រឆាំងអំពើភេរវកម្ម អាចបំផ្លាញប្រទេសនេះ។យោងតាមលោកអាសាដ ប្រសិនបើប្រទេសស៊ីរី បានធ្វើតាមការទាមទាររបស់ប្រទេសមួយចំនួន សង្គ្រាមនេះ អាចត្រូវបានរារាំង។ ទោះជាយ៉ាងណា ការធ្វើដូច្នេះ នឹងធ្វើឲ្យមហន្តរាយដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនស៊ីរី។ទាក់ទងនឹងទំនាក់ទំនងរបស់ស៊ីរីជាមួយបណ្តាប្រទេសជាមិត្ត លោកបាននិយាយថា ការគាំទ្ររបស់ពួកគេ គឺចាំបាច់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ភាពធន់ពិតប្រាកដ គឺស្ថិតនៅជាមួយប្រជាជនស៊ីរី៕

ប្រទេសចិនបញ្ជូននាវា និងយន្តហោះចម្បាំងជាច្រើនគ្រឿងទៅកាន់កោះតៃវ៉ាន់ ក្នុងការបង្ហាញកម្លាំងថ្មី

2023/08/10 12:38:25 pm        110
ចិន៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន បានបញ្ជូននាវារបស់កងទ័ពជើងទឹក និងយន្តហោះចម្បាំងមួយក្រុមធំ ទៅកាន់កោះតៃវ៉ាន់ ដោយបន្តដាក់សម្ពាធយោធារបស់ខ្លួននៅលើកោះនេះ។ប្រទេសចិន បានអះអាងថាកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងមួយនេះ ជាទឹកដីរបស់ខ្លួន ហើយបានបញ្ជូនយន្តហោះជាទៀងទាត់ទៅកាន់កោះនេះ ដើម្បីជាប្រតិកម្មតបរាល់សកម្មភាពនយោបាយរបស់កោះនេះ។ កាលពីឆ្នាំមុន ខ្លួន ក៏បានបញ្ជូននាវារបស់កងទ័ពជើងទឹក ក៏ដូចជាយានដ្រូន ដើម្បីឆ្វែលមើលជុំវិញដែនទឹកនៅជិតកោះនេះ។ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៣គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៦ នៅចន្លោះម៉ោង ៦ព្រឹកថ្ងៃពុធ ដល់ម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ យន្តហោះចម្បាំង J-10 និង J-16 បានហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន និងទៅភាគនិរតីនៃកោះតៃវ៉ាន់។ក្រសួងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា យោធារបស់កោះតៃវ៉ាន់ បានតាមដាននាវាចំនួន៥គ្រឿង នៅពេលពួកគេ បានធ្វើដំណើរក្នុងការសម្របសម្រួលជាមួយនឹងការហោះហើររបស់យន្តហោះចម្បាំង៕

អ្នកការទូត៖ ប្រទេសប៉ូឡូញចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មី ក្រោមលេសសិប្បនិម្មិត

2023/08/10 12:34:45 pm        105
រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីកហេល ហ្គាលុហ្ស៊ីន (Mikhail Galuzin) បានថ្លែងប្រាប់សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញ បានចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មី ដោយផ្អែកលើលេសក្លែងក្លាយ។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានTASSថា៖ ការដាក់ពង្រាយកងកម្លាំងទាហានស៊ីឈ្នួលWagner របស់ PMC [ក្រុមហ៊ុនយោធាឯកជន] នៅក្នុងសាធារណៈរដ្ឋបងប្អូនរបស់យើង គឺគ្មានអ្វីក្រៅពីលេសសិប្បនិម្មិតមួយផ្សេងទៀតសម្រាប់ទីក្រុងវ៉ាសូវី ( Warsaw) ដើម្បីចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មីនោះទេ។យោងតាមលោកហ្គាលុហ្ស៊ីន ផែនការរបស់ប៉ូឡូញ ដើម្បីពង្រឹងព្រំដែនជាមួយបេឡារុស បន្ទាប់ពីការដាក់ពង្រាយកងកម្លាំង Wagnerរបស់PMC នៅក្នុងសាធារណរដ្ឋនេះ គឺពិតជាគំរាមកំហែងដល់សន្តិសុខរបស់រដ្ឋសហភាពនេះ។អ្នកការទូតរូបនេះ បានកត់សម្គាល់ថា៖«វាមិនងាយស្រួលទេក្នុងការពិចារណាការសម្រេចចិត្តបែបនេះ ក្រៅពីគោលនយោបាយយូរអង្វែងនៃការកសាងវឌ្ឍនភាពយោធាដ៏មានសក្ដានុពលរបស់អង្គការណាតូនៅតាមបរិវេណនៃព្រំដែនភាគខាងលិចនៃរដ្ឋសហភាពនេះ និងយោធូបនីកម្មជាក់ស្តែងរបស់ប្រទេសប៉ូឡូញ រួមជាមួយនឹងគោលនយោបាយបង្កហេតុរបស់ខ្លួនទាក់ទងនឹងប្រទេសរុស្ស៊ី និងបេឡារុស»៕

រដ្ឋមន្ត្រីការពារជាតិ៖ រុស្ស៊ីនឹងបង្កើនសន្តិសុខនៅព្រំដែនភាគខាងលិច

2023/08/10 12:30:37 pm        142
រុស្ស៊ី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបង្ហាញពីផែនការដើម្បីបញ្ជូនកងទ័ពបន្ថែមទៀតនៅតាមបណ្តោយព្រំដែនរុស្ស៊ីភាគខាងលិច ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជាការគំរាមកំហែងធ្វើឡើងដោយសម្ព័ន្ធយោធាណាតូ។ លោក shoigu បានថ្លែងសុន្ទរកាថា នៅក្នុងកិច្ចប្រជុំក្រសួងការពារជាតិ កាលពីថ្ងៃពុធ។ លោកបានទទូចថា ការគាំទ្រផ្នែកយោធាដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប សម្រាប់អ៊ុយក្រែន កំពុងបង្កើតឲ្យមានការគំរាមកំហែងចំពោះហានីភ័យដើម្បីធ្វើឲ្យស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើង។ លោកនិយាយថា ការគំរាមចំពោះសន្តិសុខរបស់រុស្ស៊ីមានច្រើនឡើង នៅប្រទេសរុស្ស៊ីភាគពាយព្យ និងភាគខាងលិច ដោយលើកឡើងពីការពង្រីកខ្លួនរបស់ណាតូ ជាមួយប្រទេសហ្វាំងឡង់ដែលបានចូលរួមជាសម្ព័ន្ធមិត្ត។ លោកបានកត់សំគាល់ថា ប្រទេសប៉ូឡូញ ជាសមាជិកណាតូ បានទិញអាវុធពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដើម្បីបង្កើនកងកម្លាំងយោធារបស់ខ្លួន។ លោក Shoigu និយាយថា ការឆ្លើយតបគ្រប់គ្រាន់គឺចាំបាច់ចំពោះដំណោះស្រាយចំពោះការគំរាមកំហែងទាំងនេះ។ រដ្ឋាភិបាលប៉ូឡូញ មានការប្រុងប្រយ័ត្នខ្ពស់ខណៈប្រទេសបេឡារុស ត្រូវបានគេជឿថាកំពុងទប់ទល់ក្រុមអ្នកប្រយុទ្ធពីក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជន Wagner បន្ទាប់ពីពួកគេ ធ្វើការប៉ះបោប្រដាប់អាវុធរយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ី។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃពុធថា ប្រទេសនេះនឹងដាក់ពង្រាយកងទ័ពបន្ថែមចំនួន២.០០០នាក់ ទៅកាន់តំបន់មួយនៅជិតព្រំដែនជាមួយប្រទេសបេឡារុស។  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពិខែមុនថា ការឈ្លានពានណាមួយទៅលើប្រទេសបេឡារុស នឹងត្រូវបានពិចារណាខណៈជាការឈ្លានមកលើរុស្ស៊ី។ ក្រសួងការពារជាតិប្រទេសបេឡារុស បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងធ្វើសមយុទ្ធយោធា នៅក្នុងតំបន់មួយជិតប្រទេសប៉ូឡូញ ដែលធ្វើឲ្យមានការព្រួយបារម្ភថា ភាពតានតឹងអាចកើនឡើងបន្ថែមទៀត៕

អាជ្ញាធររដ្ឋធានីប៉េកាំង សន្យាស្តារក្រុងឲ្យបានពេញលេញឡើងវិញក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយ

2023/08/10 12:27:21 pm        70
ចិន៖ រដ្ឋធានីប៉េកាំង ប្រទេសចិន គ្រោងនឹងចំណាយពេល៣ឆ្នាំខាងមុខ ដើម្បីស្តារក្រុងឡើងវិញយ៉ាងពេញលេញពីផលប៉ះពាល់នៃភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានវាយលុកទីក្រុងនេះចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី២ ខែសីហា ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់ និងមនុស្ស១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នេះបើតាមក្រុមអាជ្ញាធរក្រុងកាលពីថ្ងៃពុធ។ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងការងារសង្គ្រោះចុងក្រោយបង្អស់នៅក្នុងទីក្រុង អភិបាលរងក្រុងប៉េកាំងលោក សៀ លីនម៉ៅ (Xia Linmao) បានបង្ហាញពីផែនការដ៏ទូលំទូលាយរបស់ទីក្រុង ក្នុងការការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ និងតាមដានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។យោងតាមលោក សៀ បានឲ្យដឹងថា ផែនការនេះពាក់ព័ន្ធនឹងវិធីសាស្រ្ត៣យ៉ាងគឺ ការងើបឡើងវិញជាមូលដ្ឋានក្នុងរយៈពេលមួយឆ្នាំ ការកែលម្អយ៉ាងទូលំទូលាយក្នុងរយៈពេលបីឆ្នាំ និងចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យោងតាមក្រុមមន្ត្រីក្រុងប៉េកាំង បានឲ្យដឹងថា ភ្លៀងធ្លាក់ដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១៤០ឆ្នាំនោះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ក្រុមជួយសង្គ្រោះប្រហែល៣០.០០០នាក់បានចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយនៅរដ្ឋធានីប៉េកាំង។ យោងតាមក្រុមអាជ្ញាធរក្រុងបានឱ្យដឹងថា ផ្លូវទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៃស្រុកម៉ិនថូវហ្គូវ និងស្រុកហ្វាងសាន ត្រូវបានស្តារឡើងវិញជាបណ្តើរៗ ហើយទីក្រុងកំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបន្តការផ្គត់ផ្គង់ទឹក ថាមពល និងសេវាទូរគមនាគមន៍នៅកន្លែងទាំងនោះឡើងវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM