សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា និងឡាវប្ដេជ្ញាបន្តសហការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន

2021/11/23 11:39:12 am        463
ភ្នំពេញ ៖ អាជ្ញាធរនៃប្រទេសកម្ពុជា និងប្រទេសឡាវ បានប្ដេជ្ញាបន្តសហការគ្នា ក្នុងកាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ខណៈបទល្មើសប្រភេទនេះ តែងតែត្រូវបានសមត្ថកិច្ចព្រំដែនបង្ក្រាបបាន និងរឹបអូសគ្រឿងញៀនបានជាច្រើនគីឡូក្រាម ។បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ​ឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ ​នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ​រវាងក្រសួង​មហាផ្ទៃកម្ពុជា​ និងក្រសួងសន្តិសុខសាធារណៈឡាវ ​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា​ តាមរយៈការបង្ក្រាបបទល្មើសគ្រឿងញៀន ​ឲ្យបានជោគជ័យនោះ ​ភាគីទាំងពីរ ត្រូវ​ពង្រីកវិសាលភាពការ ផ្លាស់ប្ដូរព័ត៌មាន​ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពគ្រឿងញៀន ដឹកជញ្ជូន​គ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន ។ក្នុងកិច្ចព្រមព្រៀងគ្នាដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និងឯកឧត្តម វីល័យ ឡាំខាំហ្វង ​រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នោះ​ ក៏បានប្ដេជ្ញាបន្តបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែន​សមត្ថកិច្ច​រៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ​ជាពិសេសការ ​លួចឆ្លងដែនខុសច្បាប់ ​និងសកម្មភាពផ្សេងទៀត ដែលផ្ទុយ​នឹង​បទប្បញ្ញត្តិ​ព្រំដែន ។ ក្រៅពីនោះ ភាគីទាំងពីរ បានបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូល តាមច្រក ទ្វារអន្តរជាតិ ស្របតាមនីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ ការ​ពិនិត្យព្យាបាល ជំងឺ ការសួរសុខទុក្ខបងប្អូន ​និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំង​សហការ​ដោះស្រាយបាតុភាពនានា តាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ។ក្នុងឱកាសនោះ សម្ដេចក្រឡាហោម និងឯកឧត្តម វីល័យ ឡាំខាំហ្វង បានសម្ដែងនូវការកោត សរសើរ ​និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាខេត្តជាប់ព្រំដែន និងកងកម្លាំង​អនុវត្តច្បាប់ ​នៃប្រទេសទាំងពីរ ​ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏​ស្មុគស្មាញ បង្កឡើង​ដោយ​ជំងឺកូវីដ១៩ ​យ៉ាងណាក្តី ​ក៏នៅតែបន្តកិច្ចសហការ​ជិតស្និទ ក្នុងការថែរក្សា​បរិយាកាស​សន្តិសុខ​តាមបន្ទាត់ព្រំដែន​បាយយ៉ាងល្អ ប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយ​ផលដល់ការ​ប្រកប​ជីវភាព​រស់នៅរបស់ប្រជាជន ​និងការយក ចិត្តទុកដាក់ខ្ពស់ ក្នុងការកិច្ចសហការបង្ការ​ ទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ៕អត្ថបទ៖ បាន សុខរិទ្ធ

សម្តេចតេជោ៖ មិត្តចិន បានរួមចំណែកយ៉ាងច្រើនជួយកម្ពុជា ក្នុងការកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់

2021/11/23 11:28:00 am        380
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា មិត្តចិន បានរួមចំ ណែកយ៉ាងច្រើនជួយដល់កម្ពុជា ក្នុងការកសាងសមិទ្ធផលជាច្រើន ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១Cផងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិនបានជួយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមានប្រវែងសរុបរហូតដល់ទៅជាង ៣ពាន់គីឡូម៉ែត្រ ហើយនៅមានគម្រោងជាច្រើនទៀត ដែលគាំទ្រថវិកាដោយប្រទេសចិន។សម្តេចតេជោ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) នេះជាស្ពានទី១០ ហើយ ដែលបានកើតឡើងក្រោមជំនួយហិរញ្ញប្បទានសម្បទានពីមិត្ត-ចិន។ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ដែលត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ នេះ គឺជាមិទ្ធផលថ្មីមួយ តភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដើម្បីសម្រួលដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែលធ្លាប់តែឆ្លងដរ។ ស្ពាននេះ មានប្រវែងជាងមួយពាន់ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ បានបើកការដ្ឋាន កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ​និងត្រូវបានស្ថាបនារួចរាល់ក្នុងរយៈពេល៤២ខែ សាងសង់​ដោយក្រុមហ៊ុនសំណង់សៀងហៃ (SG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាងចូវវ៉ានអាន ​ដោយចំណាយថវិកា​អស់ជាង ៥៦លានដុល្លារ។ចំណែកផ្លូវជាតិលេខ៧១C ដែលត្រូវបើកការដ្ឋានស្ថាបនានៅថ្ងៃនេះដែរ ​មានប្រវែងជាង១១៤គី ឡូម៉ែត្រ ភ្ជាប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅស្រុកចំការលើ ខេត្តកំពង់ចាម។ គម្រោងសាងសង់ ភាគច្រើនក្រាលកៅស៊ូបេតុងAC កម្រាស់៧សង់ទីម៉ែត្រនោះ នឹងប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន៤២ខែ​ សាងសង់​ដោយក្រុមហ៊ុន​សំណង់​សៀងហៃ (SCG) និង​ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលគ្រោង​ចំណាយ​ថវិកា​ប្រមាណ ១២៩,៩៨លានដុល្លារ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ មិនថាកាលៈទេសៈណាទេ សម្តេចមិនឱនក្បាល​ទទួលយកការ​គាបសង្កត់​ពី​ប្រទេស​ណា​នោះ​ឡើយ​

2021/11/23 11:02:06 am        299
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មិនថាក្នុងកាលៈទេសៈណានោះឡើយ សម្តេចមិនឱនក្បាលទទួលយកការគាបសង្កត់ ឬគំនាបពីប្រទេសណាមួយនោះទេ ខណៈការកាន់តំណែងនាយករដ្ឋមន្រ្តីរបស់សម្តេច នាពេលបច្ចុប្បន្ន និងអនាគតគឺកើតចេញពីការបោះឆ្នោតពីបងប្អូនប្រជាពលរដ្ឋទាំងអស់។ថ្លែងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មា) ឬស្ពានភ្ជាប់និស្ស័យ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង​ ដើម្បី​កសាង​សុខសន្តិភាព ​និងការអភិវឌ្ឍជូនប្រជាពលរដ្ឋក៏ដូចជាប្រទេសទំាងមូល ​ហើយប្រសិនបើមានគំនាប ឬ​ការគាបសង្កត់​ណាមួយពីខាងក្រៅ ខណៈដែលប្រទេសកម្ពុជា កំពុងមាន​សុខសន្តិភាពនោះ គឺ​មិនអាច​ទៅ​រួចនោះឡើយ។សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ថាមិនទាន់បានកាន់អំណាច​ផង​មានចិត្ត និង​សម្តី​ផ្តាច់ការ​ទៅហើយ ​ខណៈដែល​ទណ្ឌិត​រត់ចោលស្រុករូបនេះ ព្រមាន​ដក​សញ្ជាតិ​អាមេរិក​របស់​ពលរដ្ឋខ្មែរ​ដែល​កំពុងរស់នៅអាមេរិក ដោយសារតែបងប្អូនខ្មែរ​ទាំងនោះ​ មាន​និន្នាការ​ប្រឆាំង​នឹងពួកគេជាដើមនោះ។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅអាមេរិក​ ហើយគាំទ្រសម្តេចនោះនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ីនេះ ហើយ​នាំគ្នា​ទៅសួរដល់វិមានកាពីតូល ឬក៏ព្រឹទ្ធសភារបស់អាមេរិកថា ការធ្វើរបស់បងប្អូន (គាំទ្ររាជរដ្ឋាភិបាលកម្ពុជា)នេះខុស ឬក៏ត្រូវ ហើយគប្បីប្រទេសអាមេរិក ដែល​ជា​ប្រទេស​បិតាប្រជាធិបតេយ្យ​នោះ ត្រូវដកសញ្ជាតិដែរ ឬទេ? ៕អត្ថបទ ៖ បាន ចក់

ក្រោយបើកប្រទេសពេញលេញ អាជីវករផ្នែកទេសចរណ៍ផ្តើមកើនចំណូល ពិសេសអំឡុងបុណ្យអុំទូក

2021/11/22 02:28:41 pm        553
ភ្នំពេញ ៖ បណ្តាអាជីវករ ឬអ្នកប្រកបរបរផ្នែកសេវាទេសចរណ៍ បានចាប់ផ្តើមរកបានចំណូលល្អប្រសើរឡើងវិញ ក្រោយរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសពេញលេញ ជាពិសេសនៅក្រោយថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ។អាជីវករប្រកបរបរលក់ដូរអាហារ និងជួលគ្រែទឹក ដើម្បីបម្រើសេវាទេសចរណ៍ នៅក្នុងរមណីយដ្ឋាន​គ្រៀនស្វាយ បានប្រាប់ BTV នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះថា នៅក្នុងអំឡុងពេលកម្ពុជា ជួបវិបត្តិការ​រាតត្បាតជំងឺកូវីដ១៩ជាង១ឆ្នាំកន្លះកន្លងមកនេះ រមណីយដ្ឋានគៀនស្វាយ ពុំសូវមានភ្ញៀវច្រើន​មកលេងក​ម្សាន្តនោះទេ ប៉ុន្តែក្រោយ​ពេល​រាជរដ្ឋាភិបាល​ប្រកាស​បើកប្រទេសពេញលេញឡើងវិញ ​ទេសចរក្នុងស្រុក បានសម្រុកមកលេង​កម្សាន្តច្រើន ដោយបានធ្វើចំណូលរបស់ពួកគាត់ មាន​ការកើន​ឡើងប្រមាណពី៦០ទៅ៧០% ក្នុងអំឡុងពេលអុំទូក ដែលទើបបញ្ចប់ទៅថ្មីៗនេះ។លោក លូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា ថ្លែងថា នៅក្នុងអំឡុងថ្ងៃឈប់សំរាក​បុណ្យអុំទូកនេះ ទេសចរក្នុងស្រុកបានចេញដើរកម្សាន្ត ពោលគឺ​បានប្រើប្រាស់សេវានៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋានពេញពេញ​ ហើយបន្ទប់ស្នាក់តាមសណ្ឋាគារ ផ្ទះសំណាក់ និងតាម​ផ្ទះស្នាក់​នានា ក៏ត្រូវបានគេជួលស្នាក់នៅពេញផងដែរ ដែលនេះ គឺជាចំណុចចាប់ផ្តើមធ្វើ​អោយ​បណ្តាអាជីវកម្មដ្ឋានទេសចរណ៍ មានចំណូលល្អឡើងវិញ។ជារួមគ្នានៅថ្ងៃឈប់សំរាកបុណ្យអុំទូក លោក លូ ម៉េង បានវាយតំលៃថា សម្រាប់ភ្ញៀវទេសចរ​ដែល​ចេញ​កម្សាន្ត​នៅតាមគោលដៅទេសចរណ៍នៅជិតៗផ្ទះ គឺបានចំណាយថវិកា​ដើរកម្សាន្ត​ជា​មធ្យមជាង ១០ម៉ឺនរៀលម្នាក់ក្នុងមួយថ្ងៃ ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលចេញដើរកម្សាន្ត​ តាមគោលដៅ​ទេសចរណ៍តាមបណ្តាខេត្តរាជធានីឆ្ងាយៗពីផ្ទះ ជាមធ្យមគេចំណាយថវិកា​ដើរ​កម្សាន្ត​ប្រមាណពី ៥០ម៉ឺនទៅ ៧០ម៉ឺនរៀលក្នុង១ក្រុមតូចៗ​ ដោយ​មិនគិតបូក​បញ្ចូល​ថ្លៃធ្វើដំណើរ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ​អំឡុងថ្ងៃឈប់សំរាកបុណ្យអុំទូក៣ថ្ងៃ​បូកនឹងថ្ងៃអាទិត្យមួយថ្ងៃទៀតនេះ ​មានភ្ញៀវទេសចរជាង ១លាន ១សែននាក់ ​ចេញដើរកម្សាន្ត ដោយ​កើនឡើង ២៥.៨% បើធៀប​នឹងរយៈពេលដូចគ្នា នៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១៕អត្ថបទ ស៊ុម សុខជា

អាណាព្យាបាលអះអាងថា នៅតែបង្កើនការយកចិត្តទុកចំពោះកូនៗ ទោះបីបានចាក់វ៉ាក់សាំងរួចក្តី

2021/11/22 02:19:37 pm        554
ភ្នំពេញ ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ អាណាព្យាបាល បានបន្តនាំកុមារអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកុមារជាតិ និងនៅតែបន្តយកចិត្តទុកដាក់ចំពោះពួកគេ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ បើទោះជាចាក់វ៉ាក់សាំងហើយក្ដី។អាណាព្យាបាល ដែលមានកូនអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យ កុមារជាតិ នាថ្ងៃទី២២ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះ អាចការពារកុំឲ្យឆ្លងជំងឺកូវីដ និងអាចឲ្យពួកគាត់ចូលសាលារៀនឡើងវិញបាន ហើយនៅតែបង្កើនការ យកចិត្តទុកចំពោះកូនៗ បើទោះបីបានចាក់វ៉ាក់សាំងរួចក្តី។ជាមួយគ្នានេះ កុមារ ដែលបានចាក់វ៉ាក់សាំង បានឲ្យដឹងដែរថា ក្រោយពីចាក់វ៉ាក់សាំងរួចសុខភាព ធម្មតា ហើយសប្បាយចិត្តព្រោះអាចចូលសាលារៀនវិញបាន ជួបមិត្តរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ។ពលរដ្ឋមិនទាន់ទទួលបានការចាក់វ៉ាក់សាំង រាប់បញ្ចូលទាំងកុមារអាយុពី៥ឆ្នាំឡើងទៅដែរនោះ គឺ អាចទៅទទួលការការចាក់វ៉ាក់សាំងកូវីដ-១៩ បាននៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋាន​រស់នៅរបស់ពួកគេ ដោយភ្ជាប់ទៅជាមួយសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគ ជ័យលើនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ ដែលរហូតមកដល់ពេលនេះ គឺចាក់ជូនបានជាង ១៤លាននាក់ហើយ ធៀបនឹងចំនួនប្រជាជន១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ 

រដ្ឋសភា នឹងបោះឆ្នោតជ្រើសតំាងអនុប្រធានទី១ នៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ

2021/11/22 01:44:38 pm        542
ភ្នំពេញ ៖ រដ្ឋសភា នឹងធ្វើការបោះឆ្នោតជ្រើសតំាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ ​ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ​ដែលបានទទួលមរណភាព កាលពីដើមខែនេះ។គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា នេះ បានបើកកិច្ចប្រជុំ ក្រោមអធិប តីភាពរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន។ នៅក្នុងអង្គប្រជុំ បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅ​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះដោយមានរបៀបវារៈចំនួន៦ មានដូចជា៖ទី១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ធំ​ ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។២- ការបោះឆ្នោតជ្រើសតំាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ។៣- ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ ៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ។ ៥- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។៦- ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់ គ្រងឆ្នាំ២០២០៕អត្ថបទ៖ បាន សុខរិទ្ធ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកការចាក់បញ្ចាំងភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១

2021/11/22 12:35:44 pm        629
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកការចាក់បញ្ចាំងខ្សែភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ក្រោមប្រធានបទ អាស៊ី-អឺរ៉ុប៖ ចំណងវប្បធម៌ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ទោះបីត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩យ៉ាងណាក្តី។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា កម្មវិធីចាក់បញ្ចាំងភាពយន្តនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប រៀបចំឡើង​ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហការ​ជាមួយសហភាពអឺរ៉ុប ​មូលនិធិអាស៊ីអឺរ៉ុប (ASEF) គាំទ្រហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប និង​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។គោលបំណងសំខាន់នៃការរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តនាពេលនេះ ដែល​ជាព្រឹត្តិការណ៍​អមមួយ​នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ គឺដើម្បីចូលរួមលើកស្ទួយទំនាក់ទំនង​មិត្ត​ភាព​សាមគ្គី​ភាពរវាងប្រជាជន​ និងប្រជាជន ​នៃទ្វីបទាំង២ អាស៊ី ​និងអឺរ៉ុប ពិសេសបង្កើនការ​យល់​ដឹង​ពីគ្នាទៅវិញទៅមក ​ក្នុងជីវភាពរស់នៅ​ ប្រពៃណីទំនៀមទំលាប់ និងភាពចម្រុះនៃវប្បធម៌អាស៊ី និងអឺរ៉ុប។ ភាពយន្តដែលបានដាក់ស្នើសុំចាក់បញ្ចាំងក្នុងមហោស្រពនេះ គឺសុទ្ធសឹងតែជាស្នា​ដៃ​ភាព​យន្ត​ដែល​ផលិតរួមគ្នារវាងផលិតករអាស៊ី ​និងអឺរ៉ុប ​(សហផលិតកម្ម) ឬជាស្នាដៃភាពយន្ត​ដែលមាន​ខ្លឹមសារ​បង្ហាញ​ពីទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប​ ព្រមទាំងទទួលបានជោគជ័យលើឆាកអន្តរជាតិ។ លោក បានបន្ថែមទៀតថា ​ភាពយន្តទាំង០៤ចំណងជើង​ នោះរួមមាន៖ ១. ភាពយន្តរឿង ទ្វាររបង (The Gate) ផលិតក្នុងឆ្នាំ២០១៤ ​នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោម​កិច្ច​សហការ​ផលិតរវាងកម្ពុជា បារាំង​ និងប៊ែលហ្សិក។ ភាពយន្តនេះ​ដឹកនាំរឿងដោយ​លោកRégisWargnier​ជនជាតិបារាំង។ ២. ភាពយន្តរឿង កង្វះរូបភាព (Missing the Picture) ផលិតក្នុងឆ្នាំ២០១៣ នៅក្នុង​ប្រទេសកម្ពុជា ​ក្រោមកិច្ចសហការផលិតរវាង កម្ពុជានិងបារាំង ។ រឿងកង្វះរូបភាព ដឹកនាំរឿងដោយ លោក ប៉ាន់ រិទ្ធី ​ជាផលិតករជនជាតិខ្មែរ ហើយស្នាដៃភាពយន្តរឿង​កង្វះ​រូបភាព​នេះ ទទួលបានពានរង្វាន់ពីមហាស្រពភាពយន្តអន្តរជាតិជាច្រើន ​ក្នុងនោះពានរង្វាន់ Un Certain regard Prize ក្នុងមហោស្រពភាពយន្តកាន ឆ្នាំ២០១៣។ ៣. ភាពយន្តរឿង ទាហ៊ានស្បែកស (White Soldier) ផលិតក្នុងឆ្នាំ២០១៥ ដោយប្រើប្រាស់ទីតាំងថតនៅកម្ពុជា ​ជំនួសប្រទេសវៀតណាម។ ភាពយន្តនេះ ដឹកនាំរឿងដោយលោក ÉrickZoncaជនជាតិបារាំង។ ភាពយន្តរឿង ទាហ៊ានស្បែកស ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា"ភាពយន្តទូរទស្សន៍ ឬរឿងភាគល្អបំផុត" ក្នុង​កម្មវិធី​ពានរង្វាន់ InternationalEmmy Awards។ ៤. ភាពយន្តរឿង ដុំហ្វីលចុងក្រោយ ​(The Last Reels) ផលិត​ក្នុងឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ​ដោយផលិតកម្មហនុមាន ​ដឹកនាំរឿងដោយ លោកស្រី សុទ្ធោ កូលីកា​ និងនិពន្ធដោយលោកIan Master ជនជាតិអង់គ្លេស។ ភាពយន្តរឿង ដុំហ្វីលចុង​ក្រោយ​ទទួល​បាន​ពានរង្វាន់«Spirit of Asia Award» ដែលជារង្វាន់ពិសេសពីមូលនិធិជប៉ុន​នៅក្នុង​មហោស្រព​ភាព​យន្តអន្តរជាតិតូក្យូឆ្នាំ២០១៤។ជាពិសេសនៅក្នុងព្រឹត្តិការណ៍​មហោស្រពវប្បធម៌​អាស៊ីអឺរ៉ុបនេះដែរ ភាពយន្តកម្ពុជា​មួយចំណង​ជើង​ទៀត គឺរឿង ប៊ូឌីញស (White Building) ក៏បានធ្វើការចាក់បញ្ចាំងនៅក្រុងព្រុចសែល ប្រទេសប៊ែលសហ្សិក​ ក្នុងកម្មវិធី Curtain Raiser កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ​ឆ្នាំ២០២១ កន្លងទៅ​ផងដែរ។ ភាពយន្តរឿងប៊ូឌីញស ដែលនិពន្ធ ​និងដឹកនាំរឿងដោយលោក នាង កាវិច ផលិត​ក្នុងឆ្នាំ២០១៩​ នៅក្នុងប្រទេសកម្ពុជា ទទួល​បានពានរង្វាន់តួសម្តែងបុរសឆ្នើម ក្នុង​មហោស្រព​ភាព​យន្តអន្តរជាតិ ទីក្រុង Venice ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​បណ្ឌិត​សភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានថ្លែងអំណរគុណសហភាពអឺរ៉ុប មូល​និធីអាស៊ី-អឺរ៉ុប សម្រាប់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះ និងសូមថ្លែងអំណរ​គុណ​ដល់លោក លោកស្រីផលិតករនៃភាពយន្តទាំងអស់ខាងលើដែល​ចូលរួម​ផ្តល់កិច្ច​សហការ​ផ្តល់​ស្នាដៃ​ភាពយន្តសម្រាប់ចូលរួមក្នុងកម្មវិធីនេះ។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះរោងភាពយន្តLegend Cinema ​រោងភាពយន្ត Prime Cineplex ដែល​បានចូលរួមសហការផ្សព្វផ្សាយ ។ ជាពិសេសរោងភាពយន្ត​Major Cineplex by Smart ដែលបានគាំទ្រផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីនាឱកាសនេះ និងសម្រាប់ការចាក់​បញ្ចាំង​នា​ថ្ងៃ​បន្តបន្ទាប់៕អត្ថបទ រដ្ឋា

សម្តេចតេជោ៖ អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម

2021/11/22 12:09:20 pm        364
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងស្នើឱ្យអាស៊ាន-ចិន គប្បី បន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះ ស្រាយនូវរាល់បញ្ហាប្រឈមរួម។ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើក ទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញ កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួមក្នុងតំបន់ និងសកល លោកដោយសន្តិវិធី ​និងឈរលើស្មារតី នៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កា នៅក្នុងតំបន់។សម្ដេចតេជោ ​បានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្ដើម ​ប្រារព្ធខួប២០ឆ្នាំ នៃការ ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ ២០២២។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់លើវឌ្ឍនភាព នៃការចរចា​ឆ្ពោះ​ទៅ​រកការ​បញ្ចប់​ក្រុមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ ​និងប្រសិទ្ធភាពខ្ពស់។សម្តេចតេជោ ​បានបន្តថា កម្ពុជា​សូមគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធ សាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​និងការអនុម័តសេចក្ដីថ្លែងការណ៍រួម ​ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន​ ដើម្បីរំលឹក ខួប​អនុស្សាវរីយ៍លើកទី៣០​ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ កម្ពុជាក៏សូមស្វាគមន៍ផងដែរ នូវគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ​ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់ ​សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅ​ក្នុងការ​ស្ដារ​សង្គម-សេដ្ឋកិច្ចឡើងវិញ ​ក្រោយវិបត្តិជំងឺកូវីដ-១៩​ និងក្នុងការលើកស្ទួយ​សិទ្ធិមនុស្ស តាម​រយៈការ​អភិវឌ្ឍ​ប្រកបដោយចីរភាព ​និងការកាត់បន្ថយភាពក្រីក្រ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ​គំនិតផ្ដួចផ្តើមនេះ​ នឹងបំពេញបន្ថែម​ និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​របស់អាស៊ាន-ចិន​ ឱ្យកាន់តែមានអត្ថន័យខ្លឹមសារ ផ្អែក​លើ​កិច្ច​សហប្រតិបត្តិ ​ការជាក់ស្តែង ​ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ស្នើឱ្យចិនបើកការធ្វើដំណើរចេញចូលប្រទេសរវាងអាស៊ាន-ចិនឡើងវិញឆាប់ៗ

2021/11/22 12:03:28 pm        363
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើលើកទឹកចិត្តឱ្យចិនបើក ការធ្វើដំណើរចេញ-ចូលប្រទេសរវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះអាស៊ាន-ចិន បានបង្កើតទំនាក់ទំនង​ដ៏ស្អិត​រមួត​ប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព​ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ​និងបរិយាប័ន្ន ​នៅក្នុងតំបន់ទាំងពីរ។ស្របពេលដែលចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខមួយ ​និងមានតួនាទីកាន់តែសំខាន់ និង​ច្រើនឡើង ទាំងក្នុងតំបន់​ និងសកលលោក​ ហើយអាស៊ាន​ ក៏បានបំពេញ តួនាទីកាន់​តែ​ទូលំទូលាយ​នោះ ​ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និង​ចាំបាច់ និងដែលមានអត្ថន័យធំធេង ​និងប្រកបដោយផ្លែផ្កា ​សម្រាប់តំបន់ទាំងពីរ ក៏ដូចជា សម្រាប់​សកលលោក​ទាំងមូល ​ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ ​និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។សម្តេចតេជោ បានបន្តថា ជាទិសដៅអនាគត កម្ពុជាសូមលើកទឹកចិត្តឱ្យអាស៊ាន-ចិន​ បន្តពង្រឹង ការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំ​ផែនការ​មេតភ្ជាប់ អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) ​និងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បី​បង្កើន​ប្រសិទ្ធភាព រំហូរទំនិញ សេវាកម្ម​ និងចលនាប្រជាជន​។ ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ការទាញប្រយោជន៍​ជា​អតិបរិមា​ពីកិច្ចព្រមព្រៀង ​ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ​ក្នុងតំបន់ (RCEP) គួរ​ត្រូវ​បាន​ជំរុញ​ និងយកចត្តិទុកដាក់បន្ថែម​ ដែលការណ៍នេះ​ នឹង​ពង្រឹងមូលដ្ឋានគ្រឹះ នៃ​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេលវែង ​ព្រមទាំង​នឹងនាំមកនូវវិបុលភាពទៅវិញទៅមក​ ស្របតាមចក្ខុ វិស័យ នៃ​ភាព​ជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន ឆ្នាំ ២០៣០។សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា សូមអបអរសាទរចំពោះប្រទេសចិន ​ដែលបានស្តារ និងជំរុញ កំណើន​សង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ​ជាមួយនឹងកំណើនប្រមាណ៩,៨% ក្នុង​រយៈពេលត្រឹម​តែ៩ ​ខែដំបូង ក្នុងឆ្នាំនេះ។ ​កម្ពុជា ក៏សូមអរគុណ​ និងវាយតម្លៃ ​ខ្ពស់ចំពោះចិន ដែលបានចូលរួម​យ៉ាង​សកម្ម ​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ និង​ការស្តារ​ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូច ជានៅក្នុងតំបន់ និងសកលលោក៕អត្ថបទ៖ មុត សុទ្ធ

៤ថ្ងៃភ្ញៀវទេសចរដើរកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ប្រមាណ១៤ម៉ឺននាក់

2021/11/22 11:51:09 am        726
សៀមរាប ៖ មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានអះអាងថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីពីថ្ងៃទី១៨-២១ ខែ វិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង១៤ម៉ឺននាក់ ទៅដើរកំសាន្ដនៅរណីយដ្ឋានខេត្ដសៀមរាប នាឱកាសព្រះរាជពិធីបុណ្យអំទូកអកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅខេត្ដសៀមរាប។លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប មានប្រសាសន៍ថា ក្នុង​ចំណោម​ភ្ញៀវទេសចរ​ទាំង១៤១,២១៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា មាន​ចំនួន ១.២១៩ នាក់ ។លោកបញ្ជាក់ថា ភ្ញៀវជាតិមានចំនួនប្រមាណ ១៤០.០០០ នាក់ អ្នកទេសចរមក​ពី​តាម​បណ្តាខេត្ត​មាន​ចំនួនប្រមាណ ៧០-៨០% និងប្រមាណជា ១០០,០០០-១១០.០០០ នាក់ ដែល​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈគ្រួសារ។ទីតាំងដែលពួកគាត់ទៅទស្សនា​កំសាន្ដនោះ​ រួមមាន រមណីយដ្ឋាន​អង្គរ​មាន​ចំនួនប្រមាណ ​៩៣.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១៥.៤០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ ​និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ៣១.៦០០ នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM