សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំអាស៊ានបូកបី បញ្ជាក់អំពីការងារដែលបានធ្វើរួមគ្នា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

2021/10/27 10:04:16 am        514
ភ្នំពេញ ៖នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី ពោលគឺអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយនៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបី បានគូសបញ្ជាក់អំពីការងារដែលបានធ្វើរួមគ្នា គឺការប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺកូវីដ១៩។ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ច​ប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាត្បូង) លើកទី២៤ នៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាល​អាស៊ាន​បូកបី បានគូសបញ្ជាក់ ពីការងារដែលបានធ្វើរួមគ្នាទី១ គឺការប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺកូវីដ១៩ ហើយប្រទេសបូកបី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រទេសអាស៊ាន ជាពិសេស​ក្នុងការជួយលើវិស័យសុខភាពសាធារណៈ ដែលជាការងារសំខាន់។ លើសពីនេះទៀតប្រមុខរដ្ឋាភិបាលពីប្រទេសអាស៊ានបូកបី ក៏បានលើកឡើងអំពីសារសំខាន់នៃការ បន្តធ្វើការរួមគ្នា ដោយប្រើប្រាស់យន្តការនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​អស់ ។ប្រមុខរដ្ឋាភិបាលអាស៊ានបូកបីបានលើកពីយន្តការដែលមានស្រាប់ជាពិសេស ពាក់ព័ន្ធ នឹង​សន្តិសុខ​ស្បៀង សន្តិសុខស្បៀងបម្រុង ហើយមួយទៀត គឺអំពីការតភ្ជាប់ ជាពិសេសគឺនៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែលមានផែនការមេ នៃការតភ្ជាប់ឆ្នាំ ២០២៥, ហើយក៏មានចក្ខុវិស័យ​ក្នុងការ​កសាងសហគមន៍ ​មិនមិនត្រឹមតែអាស៊ាន គឺកសាងសហគមន៍អាស៊ានបូកបីនេះ ។បើតាមឯកឧត្តម កៅ គឹមហួន ក្នុងកិច្ចប្រជុំនោះ ​មេដឹកនាំអាស៊ានបូកបី ក៏បានអនុម័តទៅ​លើ​ឯកសារមួយ ​គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពីកិច្ចសហប្រតិបត្តិការលើ​សុខភាព​ផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយ គឺរបាយការណ៍វឌ្ឍនភាពលើកទី៤ ស្ដីពីអនុវត្ត​ផែនការ​សកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ ២០១៨-២០២២។ឯកឧត្តម បន្តថា ជារួមមេដឹកនាំអាស៊ានបូកបីបានធ្វើការកត់សម្គាល់ ការរីកចម្រើននៃកិច្ច​សហប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌអាស៊ានបូក៣នេះ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៧ មក ដែល​ពេលនោះ មានវិបត្តិ​ហិរញ្ញវត្ថុ​នៅអាស៊ី ​ហើយតាំងពីពេលនោះមក មេដឹកនាំអាស៊ានបូក៣ មានកិច្ចប្រជុំរាល់ឆ្នាំ៕អត្ថបទ មុត សុត

កម្ពុជាទទួលបានជោគជ័យ ក្នុងការហ្វឹកហាត់សុនខ ឲ្យស្វែងរកមេរោគកូវីដ១៩ គ្រោងនឹងអនុវត្តផ្ទាល់នាពេលឆាប់ៗនេះ

2021/10/27 09:40:02 am        407
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានធ្វើការហ្វឹកហាត់នូវសត្វសុនខ ដើម្បីឲ្យចេះស្វែងរកមេរោគកូវីដ១៩ ការហ្វឹកហាត់នេះ ទទួលបានជោគជ័យក្នុងដំណាក់កាលទី១ ដោយសត្វសុនខទាំងនោះ អាចប្រើប្រាស់រយៈពេល ១៥វិនាទីប៉ុណ្ណោះដឹងមុខសញ្ញានៃមេរោគកូវីដ១៩នេះ។ថ្លែងប្រាប់ទូរទស្សន៍BTV ក្នុងឱកាសចុះត្រួតពិនិត្យ នៃការវិវត្តនៃការហ្វឹកហាត់សុនខ ឲ្យចេះ​ស្រាវជ្រាវ និង​ហិតក្លិន​នៃវីរុសកូវីដ១៩ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង រតនា អគ្គនាយCMAC កម្ពុជា​លើកឡើងថា ក្រោយពីការ​ហ្វឹកហាត់​នូវសត្វសុនខរយៈពេលជាងបីខែមកនេះ គឺ​ទទួល​បាន​ជោគជ័យយ៉ាងធំធេង ​ដោយសុនខទាំងនេះ ​អាចធ្វើការ​ហិតក្លិន​ដឹងនៃមេរោគកូវីដ១៩ បើទោះបីជា​ការ​ហិតក្លិន​នេះ​ទាំង​បញ្ច្រាស​ខ្យល់​ ឬបណ្តោយខ្យល់យ៉ាងណាក៏ដោយនោះ។ជាមួយគ្នានោះដែរ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា សត្វសុនខ ​គឺជាឧបករណ៍មួយ ដ៏សំខាន់សម្រាប់ជួយដល់មន្រ្តីក្រសួងសុខាភិបាល​ ក្នុងការស្វែងរកអ្នកផ្ទុកមេរោគកូវីដ១៩ ដោយ​ប្រើប្រាស់​រយៈពេលខ្លី និងអាចទទួលលទ្ធផលច្រើន​ ជាពិសេសអាចប្រើប្រាស់ពួកគេនៅទីប្រជុំជន កន្លែងច្រកទ្វារអន្តរជាតិ និងកន្លែងហ្វូងមនុស្សរាប់ម៉ឺននាក់ ដែលធ្វើការប្រមូលផ្តុំគ្នាជាដើមនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីការសម្រេចប្រើប្រាស់បែបណានោះគឺអាស្រ័យ​លើក្រសួងសុខាភិបាល​ជាអ្នក​សម្រេចតែប៉ុណ្ណោះ។សូមបញ្ជាក់ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មន្រ្តីជំនាញ CMAC បានសហការគ្នាជាមួយមន្រ្តីក្រសួងសុខាភិបាល ដោយបានធ្វើការហ្វឹកហាត់​នូវ​សត្វសុនខ​ចំនួន១២ក្បាល​ជាលើកដំបូង ឲ្យចេះស្វែងរក និង​ហិតក្លិន​មេរោគកូវីដ១៩។បន្ទាប់ពីធ្វើកា​រ​ហ្វឹកហាត់​អស់​រយៈពេលជាងបីខែមកនេះ ​សត្វសុនខទាំងនេះ​ មានលទ្ធភាព​អាច​ស្វែងរក​ក្លិន​វីរុស កូវីដ១៩ បានដោយជោគជ័យក្នុងដំណាក់កាលទី១នេះ ហើយ​នឹង​អនុវត្ត​នូវ​​ដំណាក់កាល​ទី២ជាមួយនឹងមនុស្សផ្ទាល់នាពេលឆាប់ៗ ខាងមុខនេះផងដែរ៕អត្ថបទ ៖ បាន ចក់

ជប៉ុនប្រកាសផ្តល់កម្ចីនិងជំនួយសន្ធឹកសន្ធាប់សម្រាប់អាស៊ាន

2021/10/27 04:23:02 pm        554
ភ្នំពេញ ៖ អាស៊ាន-ជប៉ុន នៅថ្ងៃនេះ បានបើកកិច្ចប្រជុំកំពូលរបស់ខ្លួន លើកទី២៤ ដែលក្នុងកិច្ចប្រជុំនេះ ជប៉ុនបានប្រកាសផ្ដល់កម្ចី និងជំនួយសន្ធឹកសន្ទាប់សម្រាប់អាស៊ាន និងប្រកាសបន្តគាំទ្រដល់តួនាទីស្នូលរបស់អាស៊ាន នៅក្នុងតំបន់ ហើយជប៉ុន នឹងបន្តគាំទ្ររាល់គម្រោងទាំងឡាយរបស់អាស៊ាន។ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលអាស៊ាន បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍប្រទេសតំបន់អាស៊ាន ជាពិសេសការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅអាស៊ាន និងទៅប្រទេសសមាជិកអាស៊ាន។ ប្រមុខដឹកនាំអាស៊ាន ក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានប្រកាសផ្តល់​វិភាគទាន​នូវថវិកា៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និង​ជំងឺ​កើតថ្មី នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានប្រកាសស្វាគមន៍ជប៉ុន ចំពោះការប្រកាសផ្តល់កម្ចី ២៥០ពាន់​លាន​ដុល្លារ ព្រមទាំងការឆ្លើយតបនឹងគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ និងបានស្វាគមន៍ចំពោះការផ្តល់​ជំនួយ​សរុបជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារ ជាគ្រឿងបរិក្ខារពេទ្យ ឧបករណ៍ និង​បច្ចេកទេសផ្សេងៗ សម្រាប់អាស៊ាន។ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើជប៉ុន ជួយកសាងសហគមន៍អាស៊ាន ជា​ពិសេស​ផែនការមេ នៃការតភ្ជាប់របស់អាស៊ានឆ្នាំ២០២៥ និងជួយដល់ការធ្វើសមាហរណកម្មអាស៊ាន។ ស្នើជប៉ុន ជួយកាត់បន្ថយគម្លាតការអភិវឌ្ឍប្រទេសសមាជិកអាស៊ាន និងជួយដល់ប្រទេស​តំបន់​មេគង្គ។ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងស្នើបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែប្រសើរ។ ជាពិសេសពង្រីកពង្រឹងកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​ រួមទាំងវិស័យឌីជីថល​ សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ និងវិស័យផ្សេងៗទៀត។លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា បានប្រកាសថា ជប៉ុននឹងបន្តគាំទ្រដល់តួនាទីស្នូល​របស់​អាស៊ាននៅក្នុងតំបន់ ហើយជប៉ុន នឹងបន្តគាំទ្ររាល់គម្រោងទាំងឡាយរបស់អាស៊ាន។ក្នុងកិច្ចប្រជុំនេះ​ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន​ បានកត់សម្គាល់លើឯកសារចំនួនពីរ ទី១៖ របាយការណ៍វឌ្ឍនភាព ស្តីពីការកែសម្រួលការអនុវត្តសេចក្តីប្រកាស​ចក្ខុវិស័យ​ស្តីពីមិត្តភាព និង​កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងទី២ របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តសេចក្តីប្រកាស​រួម ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន ​លើចក្ខុវិស័យអាស៊ាន ​ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក។ជាចុងក្រោយ ​ប្រមុខរដ្ឋាភិបាលជប៉ុន-អាស៊ាន​ បានពិភាក្សាទៅលើបញ្ហាតំបន់ ដូចជា​សមុទ្រចិន​ខាងត្បូង មីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េ ជាដើម។ ​នេះបើតាមការឱ្យដឹងពីឯកឧត្ដម កៅ គឹមហួន ៕អត្ថបទ៖ មុត សុទ្ធ 

អាស៊ាន-អូស្ត្រាលី នឹងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូឱ្យដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2021/10/27 04:16:44 pm        403
ភ្នំពេញ ៖ អាស៊ាន និងអូស្ត្រាលី បានស្រុះស្រួលគ្នាថា នឹងលើកកម្ពស់ទំនាក់ទំនងរបស់ផងខ្លួន ឱ្យដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយសារភាគីទាំងពីរ បានមើលឃើញពីតួនាទីស្នូលរបស់គ្នាទៅវិញទៅមក។អាស៊ាននិងអូស្ត្រាលី នៅថ្ងៃទី២៧ ខែតុលានេះ បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនលើកទី១ តាមរយៈប្រព័ន្ធវីដេអូ ដែលក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអូស្ត្រាលី បានផ្លាស់ប្ដូរ​យោបល់គ្នាជាច្រើន ហើយជាពិសេស គឺការបើកទំព័រថ្មី នៃទំនាក់ទំនងប្រទេសដៃគូសន្ទនា រវាង​អាស៊ាន-អូស្ត្រាលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងការ​ចូលរួមចំណែក​បន្ត​លើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើតាមការឱ្យដឹង​ពី​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ក្នុងចំណោមប្រទេសជាដៃគូសន្ទនារបស់អាស៊ាននោះ ប្រទេសអូស្ត្រាលី​ គឺជាប្រទេសចាស់ជាងគេ ប៉ុន្តែជាលើកដំបូងហើយ ដែលមានកិច្ចប្រជុំកំពូលបែបនេះ។ឯកឧត្ដម កៅ គឹមហួន បានឱ្យ​ដឹង​ទៀតថា ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពក្នុងការ​លើក​កម្ពស់ នៃទំនាក់ទំនងភាពជាដៃគូ រវាងអាស៊ាន-អូស្ត្រាលី ឱ្យដល់ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ ហើយប្រមុខ​រដ្ឋា​ភិបាល​អាស៊ាន បានស្វាគមន៍អូស្ត្រាលី ក្នុងការបន្តការគាំទ្រតួនាទីស្នូល​របស់អាស៊ាន ជាពិសេស​សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះ អូស្ត្រាលី ក៏បានផ្តល់​ជំនួយ​ជាច្រើន។លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានចាត់ទុកថា អាស៊ាន ជាតំបន់មួយ ដែលមានពាណិជ្ជកម្មធំ​ជាង​គេ សម្រាប់អូស្ត្រាលី។ អ្វីដែលជាយន្តការ ដែលដឹកនាំដោយអាស៊ាន គឺលោកគាំទ្រទាំងស្រុង ជា​ពិសេស​គាំទ្រ​ការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងកាត់បន្ថយគម្លាត​ផ្នែក​ការ​អភិវឌ្ឍនៅតំបន់អាស៊ាន។លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលជានីតិវិធីរបស់អូស្ត្រាលី គឺធ្វើយ៉ាងណាឲ្យចូលរួម​ដោយ​វិជ្ជមាន និងដោយស្ថាបនា រវាងអូស្ត្រាលី និងអាស៊ាន។ ជាចុងក្រោយ កិច្ចប្រជុំ ក៏មានការផ្លាស់ប្តូរ​មតិ​ជុំវិញបញ្ហាតំបន់ ជាពិសេសសមុទ្រចិនខាងត្បូង សភាពការណ៍នៅមីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េ ជាដើម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម កៅ គឹមហួន ៕អត្ថបទ៖ មុត សុទ្ធ

សាលារៀនខ្លះនៅខេត្តបាត់ដំបង អាចនឹងមិនទាន់បើកដំណើរការបាននៅដើមខែក្រោយ

2021/10/27 03:54:14 pm        312
បាត់ដំបង ៖ សាលារៀនមួយចំនួននៅក្នុងខេត្តបាត់ដំបង អាចនឹងមិនទាន់បើកដំណើរការបាន នៅដើមខែក្រោយ តាមការគ្រោងទុក ដោយសារសាលាខ្លះ នៅជាប់ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងជាមណ្ឌលចត្តាឡីស័ក ទោះបីជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ក៏ដោយ។អ្នកជំងឺកូវីដ១៩នៅទូទាំងខេត្តបាត់ដំបង ជាពិសេសអ្នកកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ ដើម្បីយកសាលារៀន​ប្រគល់​ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រឡើងវិញ។លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបង្ហាញពីការត្រៀម​លក្ខណៈ​រួចរាល់ហើយ សម្រាប់បើកដំណើរការសាលារៀនដំណាក់កាលទី២ ​នៅគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យបឋម ដល់មធ្យមសិក្សា ​តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។លោក បានបញ្ជាក់ថា សម្រាប់ថ្នាក់មធ្យមសិក្សា គឺបើកដំណើរការគ្រប់ថ្នាក់ ចាប់ពីថ្នាក់ទី៧​ដល់ទី១២ ហើយថ្នាក់បឋមសិក្សា គឺបើកសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ ។ ចំពោះមត្តេយ្យសិក្សា គឺបើកតែមត្តេយ្យដាច់ដោយឡែក និងមត្តេយ្យសហគមន៍តែប៉ុណ្ណោះ។លោក បានឱ្យដឹងបន្ថែមថា ចំពោះសាលារៀនដែលជាប់ជាមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាល​អាចនឹងមានការយឺតយ៉ាងតិចតួច ​ក្នុងការបើកដំណើរការនៅដើមខែក្រោយ។រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងមកនេះ បានសម្រេចអនុញ្ញាតឲ្យបើក​ឡើង​វិញ​នូវគ្រឹះស្ថានសិក្សាសាធារណៈ ​និងឯកជនដំណាក់កាលទី១ សម្រាប់តែអនុវិទ្យាល័យ ថ្នាក់ទី៩ និងវិទ្យាល័យថ្នាក់ទី១២។ បន្ទាប់ពីបើកដំណើរការបានមួយរយៈពេល ក៏មានសាលារៀន​មួយចំនួន ត្រូវបានបិទវិញជាបន្តបន្ទាប់ ដោយសារកំណើននៃការឆ្លងរីករាលដាល​នៃជំងឺ​កូវីដ១៩ ក្នុង​សហគមន៍។រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលទទួលបានការ​អនុញ្ញាត​ឲ្យបើកដំណើការត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការ​សាលារៀន​ឡើងវិញ និងយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំង​ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្របតាមបរិការណ៍ សកម្មភាពបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩៕អត្ថបទ៖ នឿត សុភក្ត្រ

ការីទេសចរណ៍រៀបចំលក់កញ្ចប់ទេសចរណ៍ ខណៈទេសចរណ៍វ៉ាក់សាំងនឹងត្រូវបើកតាមតំបន់ឆ្នេរ

2021/10/27 01:20:29 pm        804
ភ្នំពេញ ៖ ខណៈក្រសួងទេសចរណ៍ ប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង មកដល់ពេលនេះ មានក្រុមហ៊ុនការីទេសចរណ៍មួយចំនួន បានចាប់ផ្តើមសហការជាមួយដៃគូការីទេសចរណ៍ រៀបចំលក់កញ្ចប់ទេសចរវ៉ាក់សាំងក្នុងតំលៃពិសេស សម្រាប់ភ្ញៀវក្នុងស្រុក និងសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ចាប់ពីក្រោយខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បាន​ថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែតុលានេះថា សម្រាប់ការផ្សព្វផ្សាយលក់កញ្ចប់ខ្សែទស្សនកិច្ច​ដើរ​ទេស្សនា​នៅក្នុងប្រទេសកម្ពុជា នៅក្នុង​អំឡុងពេលនេះ ​គឺជាកញ្ចប់ទេសចរណ៍មានតំលៃពិសេស មាន​ការកញ្ចុះតំលៃសមរម្យនោះ ខណៈនៅ​ក្នុង​កញ្ចប់​ទេសចរណ៍នោះ មានបណ្តាសណ្ឋាគារធំៗ​ទំនើបៗនានា បានសហការជាមួយក្រុមហ៊ុនការីទេសចរណ៍ធ្វើការ​បញ្ចុះ​ថ្លៃ​ស្នាក់នៅពី៣០% ទៅ៤០% ​ហើយ​ភ្ញៀវ​ក៏​ទទួលបានការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍​ប្រណិតៗ​ច្រើន​កន្លែង មាន​ការ​អភិវឌ្ឍន៍ដោយរាជរដ្ឋាភិបាលជាមួយ​ នឹងដៃគូវិស័យឯកជននានាទៀត។លោកស្រី ឆាយ សៀវលីន បន្តថា បច្ចុប្បន្នកញ្ចប់ទេសចរណ៍ដែលមានតំលៃពិសេសនោះ គឺមានទេសចរ​ជាតិ​អន្តរជាតិបានទិញ ​និងបន្តកក់ទុកត្រៀមដើរកម្សាន្តនៅថ្ងៃឈប់សំរាកនានា។ដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរ​ជាតិ​ដែល​មានចាក់វ៉ាក់សាំងរួចហើយ គឺយើងកំពុងរៀបចំ​សហការជាមួយដៃគូនៅក្រៅ​ប្រទេស​ផ្សព្វ​ផ្សាយ​បើក​ដំណើរការ​លក់ ខណៈនៅក្នុងដំណាក់កាល​ដំបូង​នៃការបើកទទួលទេសចរវ៉ាក់សាំងសាកល្បងទៅទស្សនាខេត្តព្រះសីហនុ កោះរុង និងខេត្តកោះកុងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១តទៅនោះ ក៏​ជា​គោលដៅ​ទេសចរណ៍​ល្អ​ប្រណិត​របស់​កម្ពុជា​ផងដែរ។លោកស្រី ប្រធានសមាគមន៍ CATA ថ្លែងថា សម្រាប់ប្រទេសដែលបណ្តាក្រុមហ៊ុន​ការីទេសចរណ៍​នៅកម្ពុជា សហការ​ផ្សព្វផ្សាយ​លក់កញ្ចប់ទេសចរណ៍ជាមួយដៃគូការីទេសចរណ៍នៅក្រៅប្រទេស ភាគច្រើនជាប្រទេស​ដែល​មាន​ជើង​យន្តហោះ ​ហោះហើរត្រង់មកកាន់កម្ពុជាដោយផ្ទាល់ ក្នុងនោះ​មានដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ប្រទេស​ចិន កូរ៉េ ជប៉ុនជាដើម ។​ដោយឡែកប្រទេស​ដែលមិនមានជើងហោះត្រង់មកកម្ពុជា គឺយើងត្រូវការពេលវេលា​ច្រើន​ ដើម្បី​ធ្វើការផ្សព្វផ្សាយ។បើតាមលោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ទេសចរណ៍ ​ដឹកជញ្ជូន និង​មគ្គុទេស​ក៏ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍​ បានថ្លែងថា ជាក់ស្តែងបណ្តាក្រុមហ៊ុន​ការីទេសចរណ៍​គឺ​បានរៀបចំកញ្ចប់ទេសចរណ៍ខ្សែ​ទស្សនកិច្ច​តាំងពីយូរមកហើយ ​ហើយកញ្ចប់ខ្សែទស្សនកិច្ចនោះ បណ្តាក្រុមហ៊ុន​នានា​បានធ្វើការអភិវឌ្ឍន៍កែប្រែ​ជា​ប​​ន្តបន្ទាប់ តែមិនទាន់មានការផ្សព្វផ្សាយ​លក់​ទៅក្រៅប្រទេស ដោយសារកាលនោះរាជរដ្ឋាភិបាល​មិនទាន់​មាន​គោលការណ៍​បើក​ទេសចរណ៍​ផ្លូវការ ប៉ុន្តែចាប់ពីថ្ងៃស្អែកនេះតទៅ​ ក្រសួងនឹងធ្វើការផ្សព្វផ្សាយទៅបណ្តាក្រុមហ៊ុន​ការីទេសចរណ៍​ធ្វើការផ្សព្វផ្សាយទៅកាន់ដៃគូ ​និងអតិថិជនរបស់គាត់​ ខណៈរាជរដ្ឋាភិបាលបានធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​ផែន​ការយុទ្ធសាស្ត្រទទួលទេស​ចរណ៍វ៉ាក់សាំង ​និងវិធានការ​គោល​នយោបាយ​ជំរុញចលនា​ទេសចរណ៍​ផ្ទៃ​ក្នុង​៕អត្ថបទ ស៊ុម សុខជា

មនី្ទរពេទ្យបង្អែករាជធានី ពន្លឿនការជួសជុលអគារ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដកម្រិតធ្ងន់

2021/10/27 01:10:12 pm        341
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះថា មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ កំពុងពន្លឿនដំណើរការជួសជុលអគារ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ឲ្យចូលមកសម្រាកព្យាបាលជំងឺ។លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានបន្តថា អគារ C នៅក្នុងមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ កំពុង​ដំណើរ​ការ​​ជួសជុលនេះ ​គឺដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ ​ដែលមានកំពស់៥ជាន់ មាន​ចំនួន​៨០គ្រែ និងក្រុមការងារគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង៨០នាក់ផងដែរ ​សម្រាប់​ជួយ​សង្គ្រោះ​អាយុ​ជី​វិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។ទន្ទឹមនឹងនោះអ្នកកើតជំងឺកូវីដ-១៩ កម្រិត​សម្រាល គឺយើងលើកទឹកចិត្តឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សម្រាកព្យាបាលនៅតាមខ្នងផ្ទះ ឬនៅតាម​មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩របស់រដ្ឋ ដែលមានស្រាប់។លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានបញ្ជាក់ទៀតថា អគារព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់នេះ ជា​ទីតាំង​ចុង​ក្រោយ​សម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្នុងករណីមាន​បញ្ហា​ធ្ងន់ធ្ងរ​ដែលមិន​អាច​ដោះស្រាយបាន យើងនឹងបញ្ជូនបន្តទៅព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែចំពោះ​សកម្មភាពដែលក្រុមការងារគ្រូពេទ្យបានធ្វើកន្លងមក និងក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ បញ្ហា​កូវីដ-១៩ បើទោះបីធូរស្រាលបន្តិចក្តី ​តែឋិតក្នុងការព្រួយបារម្ភដដែល។ ដូច្នេះបុគ្គលិកទាំងអស់​នៅក្នុង​មនី្ទរ​ពេទ្យបង្អែករាជធានីភ្នំពេញ ​នៅតែតាំងចិត្ត​ ស្មារតីយ៉ាងមុះមុត ខំប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​និងអស់ពីសមត្ថភាព ដើម្បីជួយស្រោចស្រង់នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ​ឲ្យបានល្អប្រសើរ៕អត្ថបទ រដ្ឋា 

អាជ្ញាធរកំពុងខិតខំទប់ស្កាត់បន្ថយកម្លាំងទឹកហូរកាត់ផ្លូវជាតិលេខ២០A

2021/10/27 12:23:34 pm        440
ភ្នំពេញ ៖ ទឹកជំនន់កំពុងវាយប្រហារនៅតាមបណ្តាយផ្លូវជាតិលេខ២០A នៅថ្ងៃទី២៧ ខែតុលានេះ ខណៈអាជ្ញាធរក្នុងមូលដ្ឋាន និងកម្លាំងកងអង្គរក្ស នៃបញ្ជាការដ្ឋានអង្គរក្ស បានសហការគ្នាខិតខំទប់ស្កាត់កាត់បន្ថយ កម្លាំងទឹក កុំឱ្យហូរខ្លាំងលើដងផ្លូវ។លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅនេះ បានប្រាប់BTVឱ្យដឹងថា ស្ថានភាពទឹកជំនន់ នៅតាមបណ្តាយផ្លូវជាតិលេខ២០A បានបន្តហក់ឡើងជាងម្សិលមិញ ហើយដើម្បីជួយសម្រួលដល់អ្នកធ្វើដំណើតាមផ្លូវ អាជ្ញាធរមូលដ្ឋាន និងកម្លាំងកងអង្សរក្ស បានខិតខំទប់កម្លាំងទឹក កុំឱ្យហូរខ្លាំងលើដងផ្លូវ។ ក្រៅពីនេះ លោកចៅសង្កាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹក ដែលអាចនឹងបន្តហក់ឡើងបន្ថែមទៀត។ពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ បានឱ្យដឹងថា មុនពេលទឹកលិចផ្ទះពួកគេ គឺអាជ្ញាធរ បានជូនដំណឹងដល់ពួកគេឱ្យត្រៀមខ្លួនទុកជាមុន ហើយពួកគេ ក៏បានមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចរាល់ផងដែរ។ ពួកគេ កំពុងតែជួបផលលំបាកមួយចំនួន ក្នុងពេលទឹកផ្ទះនេះ។ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកបានជន់លិចផ្ទះប្រជាពលរដ្ឋក្នុងរាធានីភ្នំពេញ ដោយ សារទឹកហូរធ្លាក់យ៉ាងគំហុកពីខេត្តកំពង់ស្ពឺ ចូលស្ទឹងព្រែកត្នោត រួចបន្តធ្លាក់ចុះមកក្រោម។ យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហាជន់លិចនេះ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត មានវិធានការជាបន្តបន្ទាប់៕អត្ថបទ៖ ទូច សោភ័ណ 

ពលរដ្ឋគាំទ្រការបើកសកម្មភាពសង្គមវិញ និងការរៀនរស់ជាមួយកូវីដ១៩

2021/10/27 12:06:48 pm        575
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបើកសកម្មភាពសង្គមវិញដោយសន្សឹមៗ និងប្រុងប្រយ័ត្ន រួមទាំងឲ្យពលរដ្ឋរៀនរស់ជាមួយកូវីដ១៩ ដោយពួកគេចូលរួមខិតខំទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នេះ ។ប្រជាពលរដ្ឋ បានលើកឡើងថា នៅកម្ពុជា ពិតជាជោគជ័យខ្លាំងណាស់ក្នុងការទទួល​បាន​នូវ​វ៉ាក់សាំង​កូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំស្វែងរក ​ទាំងការបញ្ជាទិញ និងជំនួយពីប្រទេស​ផ្សេងៗ ដើម្បីចាក់ជូនពលរដ្ឋបានគ្រប់គ្នា ដែលរហូតដល់ពេលនេះ គឺដូសទី៣ ឬដូសជំរុញ ។ពួកគេបានបន្តថា មួយវិញទៀត ក្រោយបានចាក់វ៉ាក់សាំងជូនពលរដ្ឋស្ទើរគ្រប់ផែនការហើយនោះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយកមន្ត្រី ក៏បានបើកប្រទេស​វិញ រួមទាំងឲ្យប្រជាពលរដ្ឋរៀនរស់ជាមួយកូវីដ១៩ ដោយការធ្វើបែបនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា នឹងមានដំ ណើរការល្អឡើងវិញ ។ប្រជាពលរដ្ឋ បានបញ្ជាក់ថា បើទោះបីជាបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសក៏ដោយ ក៏ពួកគេនៅ​តែ​បន្តអនុវត្តនូវវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅដល់កម្ពុជា កាត់បន្ថយ​កាន់​តែ​ទាបបំផុត នៃការចម្លងជំងឺកូវីដ១៩ ។កាលពីថ្ងៃទី២៦ ខែតុលា នេះ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីជូនដំណឹង នៃ​លក្ខខណ្ឌ​ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចំពោះអ្នកជំងឺកូវីដ១៩ ដែលបានបញ្ចប់ការព្យាបាល ​នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ​និងអ្នកជំងឺ ​សម្រាកថែទាំ ​និងព្យាបាលនៅតាមផ្ទះ ដែលបាន​ដាក់​ឲ្យប្រើប្រាស់នាពេលកន្លងមក ត្រូវទុកជានិរាករណ៍ ។ តែអ្នកជំងឺកូវីដ១៩ ដែលត្រូវបានអនុញ្ញាត​ឲ្យបញ្ចប់ការព្យាបាល ​ទោះបីត្រូវបានលើកលែងកាតព្វកិច្ចចត្តាឡីស័ក ត្រូវបន្តអនុវត្តវិធានការ​​សុខា​ភិបាលជាធរមាន ដោយចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ អំពាវនាវដល់អាមេរិក-អាស៊ានបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ

2021/10/27 12:01:58 pm        324
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យអាមេរិក និងអាស៊ាន បន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព។សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៩ នៅយប់ថ្ងៃទី២៦ ខែតុលា នេះ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកផងនោះ បានស្នើអាមេរិក និងអាស៊ាន យកចិត្តទុកដាក់ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ដូចជា វិស័យសុខាភិបាល ឌីជីថល ដឹកជញ្ជូន ថាមពល បរិស្ថាន និងកាប្រែប្រួលអាកាសធាតុ ការពង្រឹង និងលើកកម្ពស់តួនាទីស្ត្រី។សម្តេចតេជោ បានលើកទៀតថា វិបត្តិសកល នៃជំងឺកូវីដ១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់ នៃការរួបរួមសាមគ្គីគ្នា កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ​ដោយមិនប្រកាន់ជាតិសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ។ ក្នុងស្មារតីនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្តើមរៀបចំ «សេចក្តីព្រាងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកល ស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេស​ចំពោះការកំណត់យកគោលដៅ ចាក់វ៉ាក់សាំង ឱ្យបានយ៉ាងតិច៧០ភាគរយ នៃប្រជាជន​សកល​លោក។សម្តេចតេជោ ក៏បានស្នើឱ្យសហរដ្ឋអាមេរិក បន្តផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​អាស៊ាន​ក្នុងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ជាពិសេសតាមរយៈក្របខណ្ឌស្តារឡើងវិញ​គ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ក្នុងកិច្ចប្រជុំនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសថា នឹងបន្តធ្វើជាស្នូល​របស់​អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ​ជាពិសេសក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។ អាមេរិក នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន លើវិស័យផ្សេងៗទៀត ​ជាពិសេសលើវិស័យឌីជីថល ដូចជា សន្តិសុខ មិនប្រពៃណី ជាពិសេសធ្វើយ៉ាងណាឲ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ។លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា អ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺជាទំនាក់​ទំនង​មួយរឹងមាំ និងបានប្ដេជ្ញាចិត្តខ្ពស់បន្តការគាំទ្រដល់អាស៊ាន ​ដោយលោកបានចាត់ទុកថា អាស៊ាន គឺបានដើរតួនាទីជាស្នូលនៅក្នុងតំបន់​ មិនត្រឹមតែសេដ្ឋកិច្ចទីផ្សារ ជាពិសេសក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់តែម្តង៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អាចស្តុកទឹកបានប្រមាណ ១១៥​លាន​ម៉ែត្រ​គូប ជួយធានាសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់
06/26/2026 06:06 PM
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
06/26/2026 05:06 PM
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
06/26/2026 05:06 PM
ទឹកទន្លេ Kamo ស្ថិតក្នុងទីក្រុង Kyoto របស់ជប៉ុន កញ្រ្ជោលឡើងជាមួយចរន្តល្បាប់ភក់ ក្រោយភ្លៀងធ្លាក់ខ្លាំង
06/26/2026 05:06 PM
អ៊ីតាលីច្រានចោលការលើកឡើងរបស់ប្រមុខណាតូដែលថា ខ្លួនចូលរួមសង្គ្រាមរបស់អាមេរិកប្រឆាំងនឹង អ៊ីរ៉ង់
06/26/2026 05:06 PM
អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរ
06/26/2026 05:06 PM
អូស្ត្រាលីពិចារណាអនុវត្តច្បាប់កាន់​តែ​តឹង​រ៉ឹង លើបម្រាម​បណ្ដាញ​សង្គម សម្រាប់ក្មេងជំទង់
06/26/2026 05:06 PM
ក្រសួងការពារជាតិ៖ ​កូរ៉េខាងត្បូងនឹង​បណ្តុះបណ្ដាល​​អ្នកចម្បាំង​យាន​ដ្រូន​ ៥០០.០០០​នាក់​ ដើម្បី​​ទប់កូរ៉េខាងជើង
06/26/2026 05:06 PM
ក្រុមអ្នកជំនាញជួយសង្រ្គោះមកពីឈីលី ធ្វើដំណោះរទៅដល់វេណេស៊ុយអេឡា ក្រោយការរញ្ជួយដ៏ខ្លាំងក្លា ២លើក
06/26/2026 05:06 PM
អគ្គនាយកស៊ីម៉ាក់៖គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 របស់ទាហានសៀមរកឃើញនៅលើទឹកដីកម្ពុជា សុទ្ធតែមានកំណត់ត្រា ទីតាំង អត្តសញ្ញាណច្បាស់លាស់
06/26/2026 05:06 PM