សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

គិតត្រឹមខែសីហា ឆ្នាំ២០២១ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២៧លានដូស

2021/08/31 12:17:39 pm        390
ភ្នំពេញ ៖ នាឱកាសដែរលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ ប្រតិបតិ្តការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញមកទទួលការមកដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន០២លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២៧លានដូស។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានឲ្យដឹងទៀតថា យើងមានវ៉ាក់សាំងកូវីដ-១៩ ចំនួន២៧លានដូស ដោយរាប់​បញ្ចូល​ទាំងការបញ្ជាទិញ និងវ៉ាក់សាំងជំនួយ។ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ឲ្យក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស គិតគូរបញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន៥លានដូសទៀត ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែលត្រូវដឹកមក​ដល់ព្រះរាជាណាចក្រកម្ពុជា នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ មកដល់ថ្ងៃនេះ ផែនការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា បានដើរលឿនមែនទែន ទន្ទឹមនឹងនោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកំណត់ឲ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សា និងពិនិត្យលទ្ធភាព ថាតើទីតាំងណាចាក់វ៉ាក់សាំងបាន១០០% មិនមានការឆ្លងមេរោគកូវីដ-១៩នោះទេ នឹងរៀបចំឲ្យមានការបើកសាលារៀនឡើងវិញ ដើម្បីឲ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ។ ដូច្នេះហើយដូសជំរុញនេះ នៅចំពោះមុខយើងនឹងចាក់វ៉ាក់សាំងជូនដល់ក្រុមជួរមុខ (មន្រ្តីសុខាភិបាល កងកម្លាំងមានសមត្ថកិច្ចដែលប្រតិបត្តិការផ្ទាល់ជាមួយទីតាំងដែលប្រឈម) ទៅអនាគតសម្តេចតេជោ ហ៊ុន សែន លោកបានគិតគូរម៉ត់ចត់ក្នុងការផ្តល់ដូសជំរុញ ជូនដល់​ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់។ ឥលូវយើងយកប្រជាជន ចំនួន១០លាននាក់ជាគោល ទៅថ្ងៃខាងមុខទៀតយើងនឹងចាក់ដូសជំរុញ នៃចំនួនប្រជាជនទាំង១០លាននាក់ ហើយសម្រាប់​កុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ មកដល់ថ្ងៃនេះ យើងចាក់វ៉ាក់សាំង​ជូន​ពួកគាត់ បានចំនួនជិត១លានកន្លះហើយ។ ដូច្នេះនាខែកញ្ញា ភាពស៊ាំរបស់វ៉ាក់សាំង​ទៅលើស​រីរាង្គមនុស្ស កាន់តែបន្តថែមទៀត យើងនឹងបន្តផ្តល់វ៉ាក់សាំងដូសទី៣ ទៅលើប្រជាជនទាំងអស់ យ៉ាងតិចក៏១២លាននាក់ផងដែរ។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានសង្ក់តធ្ងន់ថា វ៉ាក់សាំងដែលបានមកដល់កម្ពុជា ក្នុង​ខែសីហា ឆ្នាំ២០២១ គឺអត់មានរក្សាទុកទេ។ សម្តេចតេជោ បានបញ្ជាទាំងយប់ ឲ្យក្រុមការងារ​ចម្រុះ​ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូន នៅជួរមុខបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ក្នុងនាមមន្រ្តីក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស​ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តែងតែផ្ញើសារតាមរយៈប្រព័ន្ធព័ត៌មាន​ជារៀងរាល់​ថ្ងៃទាំងអស់ ដោយក្រើនរំលឹកប្រជាពលរដ្ឋ កុំព្រងើយកន្តើយ កុំផ្តេកផ្តួលទៅលើលទ្ធផលដែល​យើង​កំពុងគ្រប់គ្រងសភាពការណ៍បាន ព្រោះថាប្រទេសជិតខាងយើង មិនទាន់ធូរស្រាលនោះទេ ហើយក៏មានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ខ្លាំងណាស់។ ប៉ុន្តែកម្ពុជា មានការគ្រប់គ្រងច្បាស់លាស់ មានគោលនយោបាយក្នុងការទប់ស្កាត់បានត្រឹមត្រូវ និង​មានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់ផ្នែកទាំងអស់ ​ទាំងអាជ្ញាធរមូលដ្ឋាន ទាំងប្រជាពលរដ្ឋ​នៅក្នុងសហគមន៍។ ដូច្នេះយើងអាចគ្រប់គ្រងសភាពការណ៍បាន ក៏ប៉ុន្តែមិនមែនបានន័យថា​ទាំង​ស្រុងនោះទេ តែយើងគ្រប់គ្រងឲ្យមានស្ថេរភាព ដោយគ្មានការផ្ទុះរីករាលដាលទ្រង់ទ្រាយធំ។ ដូចនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តវិធានការណ៍ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕អត្ថបទ រដ្ឋា

សម្តេចតេជោ ប្រាប់ទៅក្រសួងអប់រំពិភាក្សាជាមួយអាជ្ញាធររាជធានី-ខេត្តបើកសាលារៀន​មួយចំនួន​ឡើងវិញ

2021/08/31 11:13:43 am        525
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រាប់ទៅក្រសួងអប់រំ យុវជន និងកីឡា​ធ្វើការ​ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីធ្វើការពិចារណាក្នុងការ​បើកសាលារៀន​មួយចំនួនឡើងវិញ ជាពិសេសសាលារៀននៅតាមជនបទ ឬជាទីកន្លែងដែលពុំមានការណី​ឆ្លង​រីក​រាលដាលនៃមេរោគកូវីដ១៩។តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបញ្ជាក់ថា ការបិទសាលារៀននៅទូទាំងប្រទេសគឺវាបានអូសបន្លាយអស់រយៈពេលជាយូរណាស់មកហើយ ហើយការបិទនេះ ក៏វាអាចនឹងធ្វើឲ្យសិស្សានុសិស្សខ្លះមានការខ្ចិលបោះបង់សាលារៀន និងធុញទ្រាន​ចំពោះការសិក្សានេះផងដែរ។ ដូច្នេះក្រសួងអប់រំគប្បីធ្វើការពិភាក្សាជាមួយអាជ្ញាធររាជធានី-ខេត្តធ្វើការបើកសាលារៀនមួយ​ចំនួន​ឡើងវិញ ប៉ុន្តែការបើកនេះ គឺក៏ត្រូវធ្វើការរក្សាគម្លាត និងអនុវត្តវិធានការឲ្យបាន​ខ្ជាប់ខ្ជួន​របស់​ក្រសួងសុខាភិបាលដែលបានណែនាំនាពេលកន្លងទៅ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈប្រទេស​​កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកក៏ពិតមែន ប៉ុន្តែបើប្រទេសមាន​ការបិទ​​សាលារៀន​បន្តទៀត ដោយពុំបានធ្វើការ​វែកញែក​ឲ្យច្បាស់លាស់ត្រង់កន្លែងមានការឆ្លង និង​កន្លែងមិនមាន​ការ​ឆ្លងនោះ វានឹងធ្វើឲ្យសិស្សមានការបោះបង់ចោលសាលារៀន បើទោះបីជាយើង​បានបង្កើត​ការរៀន​ពីចម្ងាយក្តី ក៏ប៉ុន្តែសិស្សានុសិស្សដែលនៅទីតាមជនបទពួកគាត់មានការប្រឈមនឹងអ៊ិនធើណែត ឬ សិស្សខ្លះពុំមានលទ្ធភាពរៀនជាដើម។ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឲ្យមានការបើក​សាលារៀនមួយចំនួន​ឡើង​វិញនេះ គឺដោយសារតែប្រទេសកម្ពុជាយើងបានធ្វើការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ បានជាងមួយលានបួនសែននាក់ និងមនុស្សចាប់ពី១៨ឆ្នាំឡើង​ទៅបាន​ជិត១០លាននាក់​ហើយផងដែរ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបើកនូវសាលាឡើងវិញនេះ គឺនឹងមិនទូលំទូលាយនោះឡើយ​ពោលគឺបើកត្រងកន្លែងជនបទ និងកន្លែងដែលពុំមានការផ្ទុះនូវជំងឺកូវីដ១៩នេះតែប៉ុណ្ណោះ៕អត្ថបទ បាន ចក់

ពលករខ្មែរ ឆ្លងដែនមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះច្រើន

2021/08/30 10:39:20 am        551
ភ្នំពេញ៖ នារយៈពេលចុងក្រោយនេះ ស្ថានភាពនៃការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះជាបន្តបន្ទាប់ ខណៈអត្រានៃការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តមួយនេះ ក៏មានតួលេខទាបជាងមុន នៅចុងខែសីហានេះ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកព្រំដែនឲ្យពលករត្រឡប់មកពីប្រទេសថៃ ចូលស្រុកកំណើតវិញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ គឺនៅច្រកខេត្តបន្ទាយមានជ័យ គឺពលករឆ្លងដែនមកពីថៃ ចន្លោះពី៤០០ ទៅ៥០០នាក់ បានរកឃើញពលករក្នុងចំណោមនេះ ប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ។ ឯកឧត្តម បន្តថា ប៉ុន្តែរយៈពេលចុងក្រោយនេះ ចំនួនពលករឆ្លងដែននកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ បានមានការថយចុះ ហើយសម្រាប់ពលករដែល​ទើបត្រឡប់​មកពី​ថៃទាំង​អស់នោះ ក៏បានចូលរួមសហកាល្អជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ដោយពួកគេបានឲ្យមន្ត្រីសុខាភិបាល​ពិនិត្យ​ធ្វើសំណាក និងធ្វើចត្តាឡីស័ក​បានត្រឹមត្រូវគ្រប់គ្នា និងអ្នកមានវិជ្ជមានក៏នាំទៅសម្រាកព្យាបាល ។ ឯកឧត្តមអភិបាល បញ្ជាក់ថា សម្រាប់រយៈពេលដូចគ្នានេះ សកម្មភាពការលួចនាំ ពលករឆ្លងដែន​ទៅមកប្រទេសថៃ ដោយខុសច្បាប់ពីសំណាកពួកមេខ្យល់ក៏គ្មាននោះដែរ នៅតាមច្រកនានា ក្នុង​ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខណៈកម្លាំងព្រំដែន បាននិងកំពុងពង្រឹងការពារយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់សកម្មភាពលួចឆ្លងដែននេះ ។សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅចុងខែសីហា ឆ្នាំ២០២១ ចំនួនអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន គឺមួយថ្ងៃអាជ្ញាធររកឃើញ​នៅ​ក្រោម​១០០នាក់ ឬលើស១០០នាក់តិចតួច ខុសប្លែកពីដើមខែ និងពាក់កណ្ដាលខែ ដែលរកឃើញ​ប្រមាណពីជាង ២០០នាក់ ទៅ៦០០នាក់ ។ កាលពីថ្ងៃទី២៩ ខែសីហា អាជ្ញាធរបានរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៣នាក់ មានទាំងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករត្រឡប់មកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ៦៣នាក់ ។ ប៉ុន្តែយ៉ាងណា បច្ចុប្បន្ន អាជ្ញាធរខេត្តមិនទាន់​បាន​បន្ធូរបន្ថយ​ ឬ​បញ្ចប់​នៃការបិទខ្ទប់ផ្សារមួយចំនួន និងដាក់តំបន់​ដែលបានរកឃើញការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ ទៅជាតំបន់ក្រហម រួមទាំងអនុវត្ត​នូវបំរាមគោចរនៅពេលយប់នោះទេ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ​ចំនួន៣២៥នាក់ ខណៈនៅទូទាំងប្រទេសកម្ពុជា បានរកឃើញសរុបចំនួន ១ ៧៥២នាក់ ប៉ះពាល់រាជធានីខេត្ត ចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះ ៕

លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា ការចាក់ដូសទី៣​ នឹងធ្វើឲ្យអង់ឌីគ័រ​របស់​​មនុស្ស​កាន់តែខ្លាំង​អាច​តទល់​កូវីដបំប្លែងថ្មីប្រភេទ​ ដែលតាបាន

2021/08/30 10:23:07 am        379
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នូវដូសទី៣ ឬក៏ដូសជំរុញ វានឹងធ្វើឲ្យសរីរាង្គរបស់មនុស្សកាន់តែខ្លាំង ហើយវាអាចទប់ទល់ជាមួយមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDeltaបានផងដែរ ខណៈការចាក់ដូសទី៣ នឹងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១២ ឆ្នាំឡើងទៅ ផ្តើមចេញពីខែសីហាឆ្នាំ២០២១នេះ ​​​រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់បុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដលេខរៀងទី៩លាន​ ស្ថិតនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការចាក់វ៉ាក់សាំងនូវដូសទី៣ហើយ កម្លាំងនៃវ៉ាក់សាំង​នឹង​ធ្វើការ​រុញច្រានឲ្យ​សន្ទុះកងការពារ ឬឌ័គ័ររបស់មនុស្សយើងឲ្យខ្លាំងឡើងវិញ ហើយវាចាំបាច់បំផុត​ក្នុងការពិចារណាចាក់នូវដូសជំរុញនេះឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺក្រុមគ្រូពេទ្យជូរមុខ និងមន្រ្តីស្រួចជាដើម។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធ​សាស្រ្ត​គន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារ​អាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាននូវភាពសុំាក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈាន​ឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ គ្រប់វិស័យ និងការរស់នៅជាមួយ​មេរោគនេះ តាមបែបគន្លងថ្មីជាដើមនោះ។ការចាក់ដូសទី៣ ឬដូសជំរុញនេះ រាជរដ្ឋាភិបាលបានសម្រេចយកវ៉ាក់សាំង AstraZeneca) ចាក់ជូន​ដល់មន្រ្តីសុខាភិបាល និងមន្រ្តីបម្រើការជួរមុខក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ នៅតាមតំបន់​ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា កាល​ពី​ដើម​ខែសីហា កន្លងទៅថ្មីៗនេះ ខណៈការចាក់នូវដូសទី៣នេះ វាបានបង្កើនបាននូវប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ប្រភេទដែលតា និងបំប្លែងថ្មីផ្សេងៗទៀត​បានយ៉ាងល្អផងដែរ។យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះ​មិនទាន់បានបើកជាទូលំទូលាយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនៅឡើយទេ ដោយ​លោកជំទាវ អះអាងថា ប្រមុខរាជរដ្ឋាភិបាលកំពុងតែគិតពិចារណា និងយកចិត្តទុកដាក់ខ្ពស់​លើករណីនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាជំហានបឋមគឺរាជរដ្ឋាភិបាលពន្លឿង​ចាក់​មនុស្សឲ្យបាន១០លាននាក់ ឲ្យរួចរាល់ជាមុនសិនទើបនឹងគិតគួរបន្តទៀតនោះ៕អត្ថបទ បាន ចក់

ផ្លែមៀនប៉ៃលិនចំនួន៥តោន អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ត្រូវបាន​ប្រគល់​ជូនរដ្ឋ​បាល​ខេត្តសៀមរាប

2021/08/28 03:09:02 pm        501
សៀមរាប ៖ ផ្លែមៀនប៉ៃលិន ចំនួន៥តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងត្រូវបានដឹកជញ្ជូនមកដល់សាលាខេត្តសៀមរាប ដោយឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាររងកងអង្គរក្ស នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ។លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដែលមានវត្តមានទទួលស្វាគមន៍ទទួល​អំណោយ​ដ៏ថ្លៃថ្លានេះ បានថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ​សម្ដេចតេជោ ប្រមុខនៃរាជ​រដ្ឋាភិបាល​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់តំណាងនាំយកផ្លែមៀនចំនួន៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចាត់ចែង​ឧបត្ថម្ភជូនដល់កងកម្លាំង​អាវសជួរមុខ កងកម្លាំង​សមត្ថកិច្ច មន្ត្រីរាជការនៃបណ្តាក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំង​ឧបត្ថម្ភ​ឲ្យបាន​ដល់​ផងដែរ អ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាក្នុងខេត្តសៀមរាប។អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា អ្វីដែលត្រូវបានបង្កប់នៅក្នុងអំណោយផ្លែមៀននេះ គឺ​ការរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំ​ជាមួយប្រជាពលរដ្ឋនៅក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ក្នុងនោះ​គោលដៅសំខាន់ គឺជួយសម្រាលការខូចខាត ចេញពីបញ្ហាប្រឈមទីផ្សាររបស់​ប្រជាកសិករ​ដាំដំ​ណាំមៀន (តាង៉ែន) ដែលក្នុងរដូវប្រមូលផលឆ្នាំនេះ ត្រូវបានស្ថិតក្នុងស្ថានភាពនៃការបាត់បង់ទីផ្សារ យ៉ាងធ្ងន់ធ្ងរ​នោះ ដែលនេះ​គឺជាគុណភាពគំរូរបស់ថ្នាក់ដឹកនាំកំពូល និងជា​សម្បត្តិ​ធនាគារ​មនសិកា​នៃសង្គមកម្ពុជា។ក្នុងនាមថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បាន​បួងសួង​ដល់វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងលោក និងបារមី​ព្រះមហាក្សត្រខ្មែរ​គ្រប់ជំនាន់ សូមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា គោរពជូនពរជូន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូម​សម្តេច​ទាំង​ទ្វេព្រមទាំង​បុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបដោយ​ពុទ្ធពរ​បួនប្រការ​គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕Ngin Kimleng

ចំនួន​​អ្នក​ឆ្លង​ជំងឺ​«ដែលតា» ក្នុងខេត្តឧត្តរមានជ័យ កើនឡើងដល់២០៦ករណី

2021/08/28 02:53:03 pm        535
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០២១នេះ អាត្រាកំណើនអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដែលតា(delta) មានការកើនឡើងរហូតដល់ចំនួន២០៦ករណី។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនអាត្រាកំណើនអ្នកឆ្លងវីរុសជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ (delta) គិតត្រឹមថ្ងៃទី២៨ សីហានេះ មានកើនឡើងរហូតដល់២០៦ករណី​ហើយ​ ដែលជាទិន្នន័យឆ្លងសរុប​នៅតាម​បណ្តា​ក្រុង/ស្រុក ក្នុងខេត្តឧត្តរមានជ័យ។លោកវេជ្ជបណ្ឌិត បន្តថា ក្នុងនោះ រួមមានករណីឆ្លងលើមន្រ្តីបុគ្គលិកសុខាភិបាល ពលករ អាជីវករ កងកម្លាំង សិស្ស នឹងក្រុមហ៊ុនcasino ជាដើម។ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត បានរំលឹកដល់ប្រជាពលរដ្ឋរស់នៅក្នុង​ភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ​ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ តាមវិធានការណែនាំ​របស់​រដ្ឋបាលខេត្ត ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល​ បើទោះបី​ជា​បច្ចុប្បន្ន​ចំនួន​អ្នកឆ្លង​ជំងឺកូវីដ-១៩ មានការថមថយចុះច្រើនយ៉ាងណា​ក៏ដោយនោះ​យើងអាចនឹងភ្លេចខ្លួនចំពោះកូវីដ ប៉ុន្តែកូវីដមិនអាចភ្លេចយើងបាននោះឡើយ ពិសេសជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ(delta) ដែល​ជាប្រភេទជំងឺម្យ៉ាង អាចនឹងឆ្លងរាលដាលបានលឿន ដូច្នេះ​គប្បី​យើងត្រូវតែអនុវត្តវិធាន៣កុំ ៣ការពារ ឲ្យ​ខ្ជាប់ខ្ជួន​ដោយការពាក់ម៉ាស រក្សា​គម្លាត​ មិនត្រូវជុំ​មនុស្ស​ច្រើន នឹងមាន​អនាម័យ​ជាប់ជា​​ប្រចាំ​ទើប​អាចកាត់​បន្ថយ​ការ​ចម្លង​បានធ្លាក់នៅកំរិតទាប៕អត្ថបទ ៖ ឃិន សារិទ្ធ

មន្រី្ត​សុខាភិបាល ស្នើពលរដ្ឋអនុវត្តនូវយុទ្ធសាស្រ្តធំចំនួន០២ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

2021/08/28 10:51:06 am        559
ភ្នំពេញ ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង តាមរយៈបណ្តាBTV ព័ត៌មាននៅថ្ងៃនេះ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវយុទ្ធសាស្រ្តធំៗចំនួន០២ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ការអនុវត្តវិធានការសុខាភិបាល នៅតែ​សំខាន់ និងជាយុទ្ធសាស្រ្តចម្បង។ ហើយយុទ្ធសាស្រ្តធំៗចំនួនពីរនោះ គឺការអនុវត្តវិធាន​ការសុខាភិបាលឲ្យបានល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាតែម្តង។ ជាពិសេសត្រូវអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ តាមអនុសាសន៍របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងសោះ សូមអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅនឹងមនី្ទរពេទ្យបង្អែកទាំង០៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ដូចជា ៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យ​បង្អែកពោធិ៍ចិនតុង, មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមន្ទីរពេទ្យបង្អែកព្រែកព្នៅ។ ដោយក្រុមការងារគ្រូពេទ្យចំនួន៥០០នាក់ រងចាំចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋរាល់ថ្ងៃ ចាប់​ពីម៉ោង៨ព្រឹក រហូតដល់១៧ល្ងាច ដោយក្នុងមួយថ្ងៃកម្លាំងក្រុមការងារគ្រូពេទ្យក្រោមឱវាទ​នៃមនី្ទរ​សុខាភិបាលរាជធានីភ្នំពេញ អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន១ម៉ឺននាក់ជាង។ និយាយដោយឡែងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានថ្លែងថា ឲ្យតែបងប្អូនប្រជាពលរដ្ឋណា ក៏ក្រុមការងារគ្រូពេទ្យចាក់ វ៉ាក់សាំងជូនដែរ ឲ្យតែបងប្អូនប្រជាពលរដ្ឋអញ្ជើញមកកាន់មណ្ឌលចាក់វ៉ាក់សាំង ហើយផ្ទៀងផ្ទាត់ទៅ ថាពួកគាត់មិនទាន់បានចាក់វ៉ាក់សាំង គឺក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូន ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងគោលដៅទប់ស្កាត់ និងឈានទៅកាត់ផ្តាច់ចរន្តចម្លងកូវីដ-19 ជាពិសេសមេរោគ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)៕អត្ថបទ រដ្ឋា

សហគមន៍ទេសចរណ៍ចំនួន៥ នៅខេត្តគោលដៅ៤ ត្រូវរៀបចំទទួលភ្ញៀវក្នុងបរិបទកូវីដ១៩

2021/08/27 08:39:56 am        381
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានសហការជាមួយសហគ្រិនខ្មែរ មានការគាំទ្រថវិកាទាំងស្រុងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំតំបន់សហគមន៍ទេសចរណ៍ចំនួន៥កន្លែង ស្ថិតក្នុងខេត្តគោលដៅចំនួន៤ ដើម្បីឲ្យភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩។ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ស្តីពីគម្រោងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និង​លើក​កម្ពស់​សកម្មភាពទេសចរណ៍ ក្នុងសហគមន៍​ទេសចរណ៍ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ខេត្តគោលដៅ​ទាំង៤ រួមមាន ខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយសហគមន៍​ទេសចរណ៍​ទាំងអស់នោះ មានលក្ខណៈពិសេសប្លែកៗពីគ្នា ហើយភាគច្រើនជាអេកូរទេសចណ៍។ឯកឧត្តម បានបន្តថា សម្រាប់ការរៀបចំសហគមន៍ទេសចរណ៍នេះ មានតម្រូវឲ្យពលរដ្ឋ ធ្វើម្ហូប​ជា​លក្ខណៈស្ដង់ដារ រួមទាំងមានការបណ្ដុះបណ្ដាលពួកគាត់ ​ទៅលើសេវាកម្មមួយចំនួនទៀត ក្នុងនោះ​ក៏មានផ្នែកអាយធីផងដែរ (IT) ។សម្រាប់ឯកឧត្តម ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ​បានលើកឡើងថា កិច្ច​សហប្រតិបត្តិការនេះ គឺជាជំហ៊ានដំបូង តែយ៉ាងណាដៃគូទាំងពីរ នឹងខិតខំជួយពង្រីកកម្រិត​អាជីវកម្ម​របស់ពលរដ្ឋនៅក្នុងតំបន់ទេសចរណ៍ទាំងនោះ ឲ្យកាន់តែមានភាពរីកចម្រើន ។ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចុះអនុស្សារណៈយោគយល់គ្នា តាមរយៈវីដេអូ Zoom ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កិច្ចសហការនេះ បើទោះជាផ្នែកតូចមួយ ក្នុងការចាប់ផ្ដើមវិស័យទេសចរណ៍នៅកម្ពុជា ដែលបានប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩ តែវា​ក៏អាច​ជួយពង្រឹងវិស័យនេះ ឡើងវិញជាបណ្ដើរៗ ។ឯកឧត្តម បន្តថា កម្ពុជាមានសហគមន៍ទេសចរណ៍ច្រើនកន្លែង ហើយនៅពេលសហគមន៍​ជា​គោលទាំង៥ សម្រេចបានជោគជ័យ នឹងបន្តប្រមូលសហគមន៍ផ្សេងៗ ដើម្បីអភិវឌ្ឍន៍ និង​បញ្ចូល​ទៅគម្រោងរួមគ្នានេះបន្ថែមទៀត ។ឯកឧត្តម ក៏បានអំពាវនាវកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ ព្រោះ​សម្បត្តិធម្មជាតិ​ទាំងអស់នេះ គឺជាទីតាំងដ៏ទាក់ទាញសម្រាប់ទេសចរណ៍ទស្សនា ៕អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាទិញរថយន្តពន្លត់​អគ្គិភ័យ​ ដែល​បាញ់​បានកម្ពស់​ឡើង​លើ​១០០ម៉ែត្រ​ ជាលើក​ដំបូង​ចំនួន​២គ្រឿង

2021/08/26 01:40:37 pm        576
ភ្នំពេញ ៖ ខណៈដែលប្រទេសកំពុងមានការអភិវឌ្ឍ ហើយ​អគារ​បានកំពុងរីក​ស្គុះស្គាយ​ជាបន្តបន្ទាប់​ពីមួយឆ្នាំទៅមួយឆ្នាំនោះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចបញ្ជាទិញរថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មានបច្ចេកវិទ្យាទំនើប ហើយមានសមត្ថភាពបាញ់ទឹកឡើង​លើ​កម្ពស់​រហូត​ដល់១០០ម៉ែត្រ ចំនួន២គ្រឿង​ជាដំណាក់កាលទីមួយ ដើម្បីទុកបម្រុងពន្លត់អគ្គិភ័យ​ដែលកើតឡើង​ដោយយថាហេតុណាមួយ សម្រាប់អគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្វើការប្រគល់ថយន្ត ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាន​បង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានលើកឡើងថា រថយន្តពន្លត់អគ្គិភ័យដែលប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជាទិញជាលើកដំបូងនេះ គឺបានផលិតនៅប្រទេសលោកខាងលិច ហើយមានតម្លៃរាប់លានដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយមានធុងផ្ទុកទឹកបានចំនួនបីពាន់លីត្រ និងហ្វម ​(ទឹកសាប៊ួរ)ចំនួនមួយពាន់លីត្រ មានជណ្ដើរឡើងរហូតដល់កម្ពស់៥៤ម៉ែត្រ និងកម្លាំង​ទឹក​បាញ់បានយ៉ាងលឿនជាងរថយន្តធម្មពន្លត់អគ្គិភ័យធម្មតាមផងដែរ។យ៉ាងណាក៏ដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ផងដែរថា ថ្វីត្បិតតែរថយន្ត​ពន្លត់អគ្គិភ័យ​នេះ មានបច្ចេកវិទ្យាទំនើប ហើយអាចបាញ់បានឡើងលើខ្ពស់​រហូត​ដល់១០០ម៉ែត្រ​ក៏ពិតមែន ប៉ុន្តែវាមិនអាចចូលទៅផ្លូវតូចៗ បាននោះឡើយ ពោលគឺផ្លូវចាប់​ពី៧ម៉ែត្រឡើង​ទៅទើប​វា​អាចធ្វើការកើត ហើយប្រកបដោយប្រសិទ្ធភាពថែមទៀតផងដែរ៕អត្ថបទ បាន ចក់

ក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកធំៗចំនួន៣ ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា បង្កើតថ្នាល​ទូរទស្សន៍​ឌីជីថលជាតិ

2021/08/26 01:12:09 pm        882
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ មានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky និងលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រង «ថ្នាលទូរទស្សន៍ឌីជីថលជាតិ» ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅ​សម្រេចឲ្យ​បានតាមផែនការរបស់អាស៊ាន និយាយជារួម និងនិយាយដោយឡែក​ស្របតាម​យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជា​កាលបរិច្ឆេទ​នៃការដាក់ឲ្យដំណើរការថ្នាល ទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍​អាណាឡូក​ឯកជនទាំងអស់ មកប្រើប្រាស់សេវាថា្នលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធ​អាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុន នឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់​បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង៣ បានបង្ហាញនូវក្តីរីករាយក្នុងការសហការគ្នា បង្កើតថ្នាលទូរទស្សន៍​ឌីជីថលនេះ ដែលជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោម​ម្លប់​សន្តិភាព និងស្ថិរភាពនយោបាយ ។ ការចូលរយមសហការគ្នានេះ គឺជាការចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា​ក្នុងវិស័យ​សោត​ទស្សន៍ និងផ្សព្វផ្សាយឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជ​រដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។សូមជំរាបថា ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និងស្តង់ដារថ្មីស្រឡាង​មួយទៀត ដែលមានកម្រិតផ្សាយគុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក កម្រិត UHD 4K ។ ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ ​កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្ត្រី និងទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀតដែល ធានានូវការផ្ដល់ជូនចំណីចក្ខុដ៏រីករាយ​ជូន​ទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services ។ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈ កម្សាន្ត ក្នុង​វិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជា អស់រយៈពេល២៥ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែក​លើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថា​នឹង​អភិវឌ្ឍ ឧស្សាហកម្មសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM