សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការទូតកម្ពុជា ៖ ការយល់ដឹង និងការគោពសិទ្ធិមនុស្ស ត្រូវមានភាព​គ្រប់​ជ្រុងជ្រោយ រួមទាំងគ្មានស្ដង់ដារពីរ

2021/08/03 05:14:54 am        862
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបទេសខ្មែរ ឯកឧត្តម ប្រាក់ សុខុន បានលើក​ឡើងថា ការយល់ដឹង និងការគោពសិទ្ធិមនុស្សត្រូវមានភាពគ្រប់ជ្រុងជ្រោយ​រួមទាំងគ្មាន​ស្តង់ដារទ្វេ ហើយគោរព​អធិបតេយ្យភាពជាតិ​របស់ប្រទេសនីមួយៗ ក៏ស្របតាមគោលការណ៍​មិនជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងផងគ្នាដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈវីដេអូពីចម្ងាយ ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះនោះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា ខណៈដែល​អាស៊ាន​កំពុងប្រឈមមុខ នឹងផលប៉ះពាល់ដែលបង្កដោយការរីករាលដាលជំងឺកូវីដ-១៩ បាន​ជះ​ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ មកលើប្រជាជនក្រីក្រ អាស៊ានគួរខិតខំប្រឹងប្រែងរួមគ្នា ដើម្បី​កាត់​បន្ថយ​ការលំបាករបស់ប្រជាជនទាំងនោះ និងបន្ត​វឌ្ឍនភាព​នៃការកាត់បន្ថយភាពក្រីក្រ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់«ក្នុងការបែងចែករវាងការគោរព​សិទ្ធិមនុស្ស​ និងសេរីភាព ក្នុងការលើកកម្ពស់ភាព​សុខដុមរមនា​ និងវឌ្ឍនភាពរបស់មនុស្សជាតិ ពី​ការបន្លំ​ប្រើប្រាស់​គោលការណ៍​ពិសិដ្ឋ​ទាំងនេះ ដើម្បីបង្កឱ្យមានការ​ស្អប់ខ្ពើម ភាពមិនចុះសម្រុង​ក្នុង​សង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយការយល់ដឹង និង​ការគោពសិទ្ធិមនុស្សត្រូវមានភាពគ្រប់ជ្រុងជ្រោយរួមទាំង​គ្មានស្តង់ដារទ្វេ ហើយគោរព​អធិបតេយ្យ​ភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតជ្រែក​​កិច្ចការផ្ទៃ​ក្នុងផងគ្នាផងដែរ»។បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនោះរដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់របៀបវារៈសិទ្ធិមនុស្ស រួមទាំងការការពារ និងលើកកម្ពស់សេរីភាពស្នូលរបស់ប្រជាជនអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានជំរុញឱ្យ AICHR កាន់តែសកម្មក្នុងការបំពេញភារកិច្ចលើកកម្ពស់ និងការពារសិទ្ធិមនុស្សទូទាំងអាស៊ាន ជាពិសេសអំឡុងពេលដ៏លំបាកដែលបណ្តាល​មក​ពីការរីក​រាលដាលជំងឺកូវីដ-១៩នេះដែរ។សេចក្តីប្រកាសព័ត៌មាន ក៏បានឲ្យដឹងផងដែរថា កិច្ចប្រជុំបានពិភាក្សាលើបញ្ហានានាពាក់ព័ន្ធ​នឹង​កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់​សមាហរណកម្ម​​តំបន់ ទិដ្ឋភាពនយោបាយ និងសន្តិសុខ និងបញ្ហាចាំបាច់បន្ទាន់ ដទៃទៀតដែលជាការយកចិត្តទុកដាក់ និងការបារម្ភរួម សម្រាប់តំបន់អាស៊ាន រួមទាំងបញ្ហាទំនាក់ទំនង ខាងក្រៅផងដែរ។ប្រទេសជា​សមាជិកអាស៊ានបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតម្រូវការក្នុងការចាប់ផ្តើមឱ្យមានអភិក្រមរួម ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ក្នុងការឆ្លើយតបចំពោះការប្រឈមភ្លាមៗ ជាពិសេស ដើម្បី​បញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័ស​នៅ​ក្នុងតំបន់។ ក្នុងន័យនេះ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្ត ក៏ដូចជា គំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតដែលបានឯកភាពគ្នារួច រួមមាន កិច្ចព្រមព្រៀងច្រករបៀងធ្វើដំណើរនៅក្នុងតំបន់អាស៊ាន ដើម្បីធានាថា អាស៊ានងើបចេញ​ពីជំងឺ​រាតត្បាតកូវីដ-១៩ ប្រកបដោយភាពកាន់តែរឹងមាំជាងមុន ។រដ្ឋមន្រ្តីការបរទេសបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញតំបន់និយម និងពហុភាគីនិយម ក៏ដូចជា ពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងផ្អែកលើគោលការណ៍ច្បាប់ ដោយយកអាស៊ានជាស្នូលក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជា​ចំណាប់​អារម្មណ៍ និងការបារម្ភរួម រួមមាន កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ រួមមាន បញ្ហាសន្តិសុខអ៊ីនធឺណិត។កិច្ចប្រជុំបានឯកភាពធ្វើឱ្យប្រសើរឡើងនូវការអនុវត្តវិស័យយុទ្ធសាស្ត្រចំនួន៤ នៃកិច្ច​សហប្រតិបត្តិការ​ក្រោមទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ក្នុងការចូលរួមរបស់​អាស៊ាន​ជាមួយដៃគូខាងក្រៅ ជាពិសេស តាមរយៈក្របខ័ណ្ឌអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា (EAS)។ដើម្បីតាមដានលទ្ធផលពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការប្តេជ្ញាចិត្ត​ពន្លឿនការអនុវត្ត​ការព្រមព្រៀង​ជាឯកច្ឆន្ទ ៥ចំណុច ជាពិសេស ការចាប់ផ្តើមបេសកកម្មរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្រុះសម្រួលដំណើរការនៃកិច្ចសន្ទនា និងជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា។រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពចាប់ផ្តើមផ្តល់នូវជំនួយមនុស្សធម៌ ដោយគ្មានការ​ពន្យារពេល តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតបការរីករាលដាលនៃជំងឺកូវីត១៩ នៅក្នុងមីយ៉ាន់ម៉ា៕អត្ថបទ ៖ បាន ចក់

ប្រមុខការពារជាតិកម្ពុជា អរគុណជាថ្មីចំពោះភាគីចិន ដែលបានកំពុងបន្តជួយ​ដល់កម្ពុជា​គ្រប់បែប​យ៉ាង​ជាពិសេសវ៉ាក់សាំង

2021/08/03 04:10:07 am        326
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ថ្លែងកោតសរសើរ និងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានកំពុងបន្តជួយ​ដល់​កម្ពុជា​គ្រប់បែបយ៉ាង ជាពិសេសជំនួយផ្នែកវ៉ាក់សាំងការពារមេរោគកូវីដ១៩ ដោយចាប់ពីដើម​ឆ្នាំ២០២១ មកនេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជា សរុប១៨.៧លានដូស ក្នុងនោះ​៣.២លានដូស​ជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញ​របស់ភាគីកម្ពុជានោះ។តាមរយៈផេកហ្វេសបុកនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា «សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ​ចំពោះមិត្តចិន ដែលបាននិងកំពុងជួយកម្ពុជា ​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ​តាមរយៈជំនួយសុខាភិបាលនានា ជាពិសេស ការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទោះបីជា មិត្តចិនមិនទាន់​បាន​បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនក៏ដោយ»។សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ​ចិននិងកម្ពុជាបានជួយគ្នាទៅវិញ​ទៅ​មក និងរួមគ្នាជំនះ​រាល់ការលំបាកទាំងឡាយ ​បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ជំងឺវីរុស​ក្នុង​សហគមន៍អន្តរជាតិ ។ ដោយចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់​សាំង​​​កូវីដ​ដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។ក្នុងពេលឆាប់ៗនេះ ភាគីចិន នឹងបន្តផ្តល់ជំនួយជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជា​ទៀតសម្រាប់​កិច្ច​ទប់ស្កាត់​ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែន​សម្រាប់​វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម​ និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជា​ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។សាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារ​ប្រយុទ្ធប្រឆាំង​ជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិន​មកកម្ពុជាក៏មិនអាចបញ្ឈប់បាននោះដែរ។ នេះជាការបញ្ជាក់របស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានថ្លែង​តាមរយៈផេកហ្វេស​បុកស្ថានទូតចិន​នាពេល​កន្លងមកថ្មីៗនេះ៕អត្ថបទ បាន ចក់

អភិបាលខេត្តកំពត ប្រាប់អាជ្ញាធរឲ្យរិតបន្តឹងការអនុវត្តដើម្បីការពារកូវីដ១៩ និងកូវីដបំប្លែងថ្មី

2021/08/02 12:50:07 pm        478
កំពត ៖ អភិបាលខេត្តកំពត បានប្រាប់អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវបង្កើនការ​រិតបន្តឹង​ការអនុវត្ត​សារាចរណែនាំលេខ០៤ របស់រាជរដ្ឋាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើន​ការប្រុងប្រយ័ត្នទ្វេដង ហើយមិនត្រូវជួបជុំគ្នាច្រើនឡើយ ព្រោះមានតែការចូលរួមទាំងអស់គ្នាទេ ទើបអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ​និងកូវីដ១៩បំប្លែងថ្មី ប្រភេទ“ដែលតា”បាន។ ថ្លែងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត តាមរយៈវីដេអូ Zoom ដើម្បីបូកសរុបលទ្ធផលការងារប្រចាំ​ខែកក្កដា ២០២១ នាសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី០២ ខែសីហានេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីធានាបានប្រសិទ្ធភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈម​នឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ​ដែលតា (Delta) រដ្ឋបាលខេត្តកំពត បានចេញសេចក្តីណែនាំសំខាន់រួចទៅហើយ ប៉ុន្តែរយៈពេលពីរបីថ្ងៃនេះ ឃើញការអនុវត្ត និងការចូលរួមរបស់ប្រជាពលរដ្ឋនៅមិនទាន់បានល្អប្រើសើរនោះទេ ខណៈដែល​កូវីដ​ប្រភេទ(Delta) បានឆ្លងរាលដាលកើនដល់ជាង១០០ករណី ក្នុងនោះក៏មាននៅរាជធានីខ្លះដែរ។ ឯកឧត្តម បានប្រាប់ដល់អាជ្ញាធរតាមបណ្តា ក្រុងស្រុក ត្រូវរិតបន្តឹងការអនុវត្តតាមសេចក្តី​ណែនាំ​ឲ្យ​បានម៉ឺងមាត់។ ពិសេសសារាចរណែនាំ លេខ០៤ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញយុទ្ធនាការ​ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពត ឲ្យមានប្រសិទ្ធភាព។ចំណែកប្រជាពលរដ្ឋសូមកុំជួបជុំគ្នាច្រើន ក្រៅពីសមាជិកគ្រួសារខ្លួនឡើយ នៅក្នុងអំឡុងពេលនេះ។វិធានការសំខាន់ៗ របស់រដ្ឋបាលខេត្តមានដូចជា ៖ ផ្អាកការធ្វើអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ, រង្គសាល កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ រោងភាពយន្ត។ល។ ហាមលក់ និងសេពគ្រឿងស្រវឹង ហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើន និងបានដាក់​បម្រាម​គោរចរ​ពីចន្លោះម៉ោង ២១ រហូតដល់ម៉ោង ៣ភ្លឺ ។ ប្រសិនបើមានការល្មើសនឹងបទបញ្ជានេះ ត្រូវចាត់វិធានការណែនាំអប់រំ ឬផាកពិន័យ ឬបិទទីតាំងអាជីវកម្មល្មើសនោះតែម្តង៕អត្ថបទ ៖ សារីម 

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន០១លានដូស និងម្ជុលចាក់វ៉ាក់សាំងចំនួន០១លាន ជាជំនួយរបស់ចិន ដឹកមកដល់កម្ពុជាហើយ

2021/08/01 12:25:55 pm        320
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន០១លានដូស និងម្ជុលចាក់វ៉ាក់សាំង ចំនួន០១លាន ថ្មីបន្ថែមទៀត ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកតាមយន្តហោះពិសេសមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូហ្វាមនេះ ចាក់បានតែមនុស្សមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៥៩ឆ្នាំ តែប៉ុណ្ណោះ។សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានដាក់ចេញផែនការផ្តល់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ គឺជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ។ តាមផែនការនៅត្រឹមខែ​សីហា ឆ្នាំ២០២១នេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូស​សម្រាប់​ចាក់ជូន​ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។ ដោយឡែកកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កាលពីម្ស៊ិលម៉ិញនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូស ព្រមទាំងឧបករណ៍តេស្តរហ័ស ចំនួន៣០ម៉ឺនតេស្ត របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ រដ្ឋា 

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ការ​ដឹកនាំ​ជា​កត្តា​ជួយ​ជំរុញ​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​បាន​លឿន​នៅ​កម្ពុជា

2021/08/01 10:16:13 am        443
ភ្នំពេញ ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា អាច​នឹង​បញ្ចប់​លឿន​ជាង​ការ​គ្រោង​រហូត​ដល់​ទៅ ៦​ខែ បើ​ពិនិត្យ​មើល​តាម​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​រហូត​មក​ដល់​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូនក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ​ នៅ​ព្រឹក​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​​បាន​បញ្ជាក់​ថា កត្តា​ដឹកនាំ​ គឺ​ជា​ចំណុច​សំខាន់​សម្រាប់​ដំណើរការ​ចាក់​វ៉ាក់សាំង​លឿន​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​​ទៀត​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​នេះ អាច​មាន​ល្បឿន​លឿន​ជាង​នេះ ១​ខែ​ទៀត ប្រសិនបើ​សម្ដេច​ជឿ​​តាម​មតិ​យោបល់​របស់​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​ជាង ៧​លាន ៣០​ម៉ឺន​នាក់​ហើយ ឬ​ស្មើ​នឹង​ ៧៣.០៥​ភាគរយ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤​លាន ៧៨​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូស​រួច​រាល់​ហើយ​ដែរ៕

សម្ដេច​តេជោ ហ៊ុន សែន អនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​ជំរុញ​ការ​បង្កើត​អង់ទីករ​ប្រឆាំង​ជំងឺ​កូវីដ-១៩

2021/08/01 10:09:01 am        559
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេច​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​សម្រាប់​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ ​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេចតេជោ​ បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​លើក​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នេះ​ហើយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ បន្ទាប់​ពី​មាន​ការ​សិក្សា​រួច។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ AstraZeneca ចំនួន ១​ដូស នឹង​ប្រើ​ប្រាស់​ធ្វើ​ជា​ដូស​ទី​៣ សម្រាប់​ធ្វើ​ជា​ដូស​ជំរុញ​ដល់​ការ​បណ្ដុះ​អង់ទីករ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​​ដូស​ទី​៣​នេះ នឹង​ផ្ដល់​ជូន​ក្រុម​ការងារ​ជួរ​មុខ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា​ ក្រុម​ជួរ​មុខ​នេះ មាន​ចំនួន​ចន្លោះ​ពី ៥០ ទៅ ៦០​ម៉ឺន​នាក់ ដែល​ជា​ក្រុម​អាទិភាព​សម្រាប់​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣​នេះ។សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​ទាំង​ពីរ​ដូស​រួច​ហើយ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣ ដែល​ជា​វ៉ាក់សាំង AstraZeneca៕

សម្ដេច​តេជោ ហ៊ុន សែន ប្រាប់​ក្រសួង​សុខាភិបាល​ឱ្យ​បញ្ជា​ទិញ​រថយន្ត​ ៤០​គ្រឿង​ថែម​ទៀត​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង

2021/08/01 12:03:22 pm        453
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅលោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខា​ធិ​ការ​ក្រសួង​​សុខា​​ភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់​សាំងទូទាំងប្រទេសបញ្ជារទិញរថយន្តដឹកវ៉ាក់សាំងចំនួន ៤០គ្រឿង​បន្ថែម​ទៀត សម្រាប់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះចំនួន ២០គ្រឿងបានមកដល់ប្រទេសកម្ពុជាហើយ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តយកវ៉ាក់សាំងចិនធ្វើជាបង្អែកដ៏ធំ ខណៈវ៉ាក់សាំងប្រទេសផ្សេងទៀតទុក​លទ្ធ​ភាពឲ្យក្រសួងការពារជាតិកម្ពុជា​ជាអ្នកចាត់ចែក និងទាក់ទង។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​ជាង ៧​លាន ៣០​ម៉ឺន​នាក់​ហើយ ឬ​ស្មើ​នឹង​ ៧៣.០៥​ភាគរយ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤​លាន ៧៨​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូស​រួច​រាល់​ហើយ​ដែរ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនទៅទទួលវ៉ាក់សាំងអាមេរិក​ដោយសារវ៉ាក់សាំង​ផ្ដល់​មកតាមយន្តការ COVAX

2021/08/01 02:56:01 am        637
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយផ្ដល់ដោយសហរដ្ឋអាមេរិកនោះឡើយ ដោយថា វ៉ាក់សាំងនោះ មិនត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគីនោះឡើយ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទបើកយុទ្ធនាការចាក់​វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃនេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយរបស់ចិន និងជប៉ុន ដែលត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណែកឯវ៉ាក់សាំងអាមេរិក Johnson & Johnson ចំនួន ១លានដូស ត្រូវបានផ្ដល់មកកម្ពុជា​តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលបែបនេះ មិនមែនជាការរើសអើងចំពោះវ៉ាក់សាំងអាមេរិកនោះឡើយ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន នឹងទៅទទួលវ៉ាក់សាំង​ដែលជាជំនួយរបស់រដ្ឋាភិបាលអង់គ្លេស ដែលគ្រោងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ៕

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងឧបករណ៍តេស្តរហ័សរបស់មិត្តចិន បានដឹកមកដល់កម្ពុជា នៅថ្ងៃនេះ

2021/07/31 04:22:37 pm        467
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូសរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ និងឧបករណ៍តេស្តរហ័ស ចំនួន៣០ម៉ឺនតេស្ត​របស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ឆ្លៀតក្នុងឱកាសដែរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បី​ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំង​ឧបករណ៍​តេស្តរហ័ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូស គឺជាវ៉ាក់សាំងកូវីដ-១៩ បញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយវ៉ាក់សាំងស៊ីណូវ៉ាក់ បានមកដល់នាព្រឹកនេះ មិនមែន​អស់​ត្រឹមថ្ងៃនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមវ៉ាក់សាំង សម្រាប់ចាក់ជូនដល់កុមារ។ ជាពិសេសនៅកម្មវិធីស្អែកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ។ ដូច្នេះកម្ពុជា នឹងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជាបន្តបន្ទាប់។ ដោយឡែកវ៉ាក់សាំងអាស្រ្តាហ្សេនីកា ក៏ដូចជាវ៉ាក់សាំង ចនសុន-ចនសុន ដែលកម្ពុជា បាន​ទទួលនោះ យើងបានរៀបចំផែនការពង្រាយនៅតាមបណ្តាខេត្ត ទន្ទឹមនឹងនោះ សម្រាប់វ៉ាក់សាំង​ចនសុន-ចនសុន គឺគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានពង្រាយទៅកាន់ខេត្តទាំង០៩ នៅជាប់ព្រំដែន។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នាថ្ងៃស្អែកនោះ យើងមិនខ្វះនៅវ៉ាក់សាំងសម្រាប់ចាក់ជូនកុមារ និងយុវវ័យនោះឡើយ យើងមានវ៉ាក់សាំង​គ្រប់គ្រាន់​នៅក្នុងដៃ។ ហើយសម្តេចតេជោ លោកបានបញ្ជាក់ច្បាស់ហើយថា វ៉ាក់សាំងកូវីដ-១៩ ជាវ៉ាក់សាំងយុទ្ធសាស្រ្តដែលកម្ពុជា បញ្ជាទិញពីសាធារណរដ្ឋប្រជាមានិត ចិន។ ក្រៅពីនោះកម្ពុជា នៅមានវ៉ាក់សាំងគាំទ្រជាច្រើនទៀត ពីខាងកូវ៉ាក់ ដែលកម្ពុជា នឹងទទួលជាបន្តបន្ទាប់។ វ៉ាក់សាំងសម្រាប់កម្ពុជា គឺមិនខ្វះនោះទេ គឺយើងមានផែនការច្បាស់លាស់។ នៅចំពោះមុខ អ្វីដែលកម្ពុជា បានបញ្ជាទិញរួចហើយ និងទទួលការមកដល់វ៉ាក់សាំងកូវីដ-១៩ជា​បន្តបន្ទាប់ទៀត សរុបមានចំនួនជាង២៦លានដូស ដែលយើងត្រូវទទួលរហូតដល់ពាក់​កណ្តាល​ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ហើយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់អង់គ្លេស បើមិន​មាន​ការប្រែប្រួលនោះទេ នឹងដឹកមកដល់កម្ពុជា ចន្លោះពីថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២១ នាសប្តាហ៍​ក្រោយនេះ ហើយនៅមានប្រទេសអូស្រ្តាលី ដែលបានគាំទ្រក្នុងការផ្តល់វ៉ាក់សាំងជូន​កម្ពុជា​ផងដែរ៕អត្ថបទ រដ្ឋា 

ឧត្តមសេនីយ៍ទោ សេង ធារិន អំពាវនាវដល់ពលករដែលធ្វើការនៅប្រទេសថៃ​សូមកុំឆ្លងដែនមកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ

2021/07/31 01:56:35 pm        358
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធ​ភូមិភាគទី៥ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង​នូវ​វិធានការ​បិទខ្ទប់តាមបណ្ដាលច្រកព្រំដែនកម្ពុជា-ថៃ ទិសទី១​ខេត្តបន្ទាយមានជ័យ ។ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ គឺអនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល​ក្នុងការ​បិទខ្ទប់​តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទ​ដែលតា ។លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមអំពាវនាវ ដល់បងប្អូនដែលជាពលករធ្វើការ​នៅប្រទេសថៃ​សូមមេត្តាកុំធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជា ក្នុងដំណាក់កាលនេះ ព្រោះវាអាចបង្កឱ្យមានការ​ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា ចូលខ្លួនយើងនិងក្រុមគ្រួសារយើង ហើយពេលនេះ​ប្រទេសកម្ពុជា កំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូល​កម្ពុជាយើង ។ ដូច្នេះសូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លី ដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារ​យើង​និងដើម្បីកម្ពុជាយើងឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវី-១៩ក្នុងដំណាក់កាលនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យកុមារ ១៤ នាក់ស្លាប់
07/01/2026 09:07 AM
ទួរគីនិយាយថា ណាតូកំពុងសម្របខ្លួនទៅនឹងទស្សនសន្តិសុខ ហើយសហរដ្ឋអាមេរិកមិនដកខ្លួនចេញទេ
07/01/2026 08:07 AM
អ៊ីរ៉ង់ថាខ្លួននឹងមិនជួបបេសកជនអាមេរិកទេ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព
07/01/2026 08:07 AM
អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM