សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជ័យលាភីអាហារូបករណ៍ទៅជប៉ុនត្រូវបង្ហាញពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ

2021/07/23 02:52:17 pm        793
ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់អនុសាសន៍ឲ្យនិស្សិត​ជ័យលាភី ដែលត្រូវចេញទៅសិក្សានៅជប៉ុន​ ត្រូវមានការ​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិយើង។ការណែនាំរបស់ឯកឧត្តមបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលទទួលជួបសម្តែងការគួរសមតាម​ប្រព័ន្ធ​វីដេអូពីចម្ងាយពីបេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ ចំនួន២៤រូប មុនពេលចេញដំណើរទៅ​បន្តការ សិក្សានៅប្រទេសជប៉ុន ។ក្នុងជំនួបកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅទីស្តីការក្រសួង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់អនុសាសន៍ ចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញ​នូវគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ដែលជាទស្សនទានដ៏មានតម្លៃបំផុត​សម្រាប់​បេក្ខជន ក្នុងការយកទៅ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោល​បំណង​ឱ្យពិភពលោកបានដឹង បានយល់ និងមកទស្សនាកម្ពុជា ដើម្បីស្វែងរក​​កាលានុវត្តភាព​ក្នុងការ​វិនិយោគផងដែរ។នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់បេក្ខជន​​ជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ទៅបន្តការ សិក្សានៅប្រទេសជប៉ុន និង​សង្ឃឹមជឿជាក់ថា ៖ បេក្ខជនជ័យលាភីទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយក​ចំណេះដឹង និងបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានបន្ថែមថា ធនធានមនុស្សជាកត្តាសំខាន់ដែលយើងត្រូវតែខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលដើម្បីចូលរួមកសាងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកតែងតែបានក្រើនរម្លឹកថា​ ដើម្បីកសាង​ប្រទេសជាតិ​មាតុភូមិឱ្យបានរុងរឿង យើងត្រូវមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួងក្នុងការស្វែងរកជំនួយកសាងវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលវិស្វករកម្ពុជាឱ្យ​មានចំណេះ​លើការ​កសាង ហេដ្ឋារចនាសម្ព័ន្ធ ហើយជាលទ្ធផលដំណើរការចាប់​ផ្តើមដំបូងរបស់​វិទ្យាស្ថាននេះ​មាន​និស្សិត​​ចំនួន១៩១ រូបសិក្សាតាមប្រព័ន្ធអនឡាញក្នុងបរិបទជំងឺកូវីដ-១៩។ ជាងនេះទៀត វិទ្យាស្ថានកំពុងត្រៀមចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយ​សាកល​វិទ្យាល័យប្រទេសចិន មួយដែលឈ្មោះល្បីល្បាញលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបណ្ដុះ​បណ្ដាល​និស្សិតយើង​ ក្រៅពីនោះវិទ្យាស្ថានត្រៀមបណ្ដុះ បណ្ដាលមន្ត្រីក្រសួង ដើម្បីឱ្យមានចំណេះ​ដឹង​ចូលរួមកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕អត្ថបទ ៖ មុត សុទ

កាកបាទក្រហមកម្ពុជាផ្ដល់ថវិកា៥ម៉ឺនដុល្លា និងសម្ភារៈការពារកូវីដ១៩ ដល់​កន្ទីរពេទ្យ​កុមារអង្គរ​ខេត្ដសៀមរាប

2021/07/23 02:23:51 pm        550
សៀមរាប ៖ លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏​ខ្ពង់ខ្ពស់​លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាននាំយក​ថវិកា​៥ម៉ឺនដុល្លារ និងសំភារៈប្រើប្រាស់ការពារជំងឺកូវី១៩ ជាច្រើទៀត ជូនដល់កាកមន្ទីរពេទ្យកុមារអង្គរ​ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។ការជួយឧបត្ថម្ភថវិកា និងសំភារៈទាំងនេះ ក្នុងគោលបំណងជួយសង្គ្រោះដល់កុមារកម្ពុជា ដែល​កំពុង​មាន​ជំងឺដែលទៅព្យាបាលនៅក្នុងមន្ទីរកុមារអង្គរនេះ។សំភារៈការពារជំងឺកូវីដ១៩ទាំងនោះរួមមាន អាកុល៥កាន ស្មើ១៥០លីត្រ ម៉ាស់៩កេស ស្មើរ៥០០០ម៉ាស់ ស្រោមដៃ២កេស ស្មើ២០០០រាយ ទឹកថ្នាំសម្លាប់មេរោគ ១០ប៊ីដុង ស្មើរ៥០លីត្រម៉ាស៊ីនចាំហាយ ២គ្រឿង និងថវិកា៥ម៉ឺនដុល្លារ។លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍​ផ្ដាំផ្ញើ​កាកបាទក្រហម​កម្ពុជា​ដែល​មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់​យ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋពិសេសកុមារដែលកំពុងប្រឈមនឹងជំងឺ និងងាយរងគ្រោះ ទោះបី​ស្ថិត​ក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រាលំបាកនានា​ពោលគឺទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា។លោកជំទាវ បញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រមានកូនច្រើនជាពិសេសជួយសង្គ្រោះកុមារ។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក ។ជាមួយគ្នានោះលោក ពុំ ច័ន្ទីនី បានបញ្ជាក់ថា សម្ដេចតេជោ គិតពីសុខទុក្ខកុមារជានិច្ច។លោកជំទាវ ក៏បានផ្ដាំផ្ញើឲ្យ​អាណាព្យាបាលត្រូវយកចិត្ដទុកដាក់អនុវត្ដវិធានការតាមការណែនាំ​របស់​ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលផង ៣ការពារ៣កុំផងដែរ។លោក ងួន ច័ន្ទភក្ដ្រា ប្រធានមន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប មានប្រសាសន៍ថា មន្ទីរពេទ្យ​កុមារអង្គរ​ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមាន​បេសកកម្មលើកកម្ពស់​សុខុមាលភាព​កុមារកម្ពុជាគ្រប់រូប។ មិនត្រឹមតែផ្តល់សេវាសុខាភិបាលដល់កុមារដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩៩ ប៉ុណ្ណោះទេ តែមន្ទីរពេទ្យកុមារអង្គរក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវេជ្ជសាស្ត្ររបស់សិស្ស និស្សិត និងមន្ត្រីសុខាភិបាលផ្សេងទៀតផងដែរ។ នៅចំពោះមុខវិបត្តិជំងឺកូវីដ១៩ ការផ្ដល់មូលនិធិពីក្រៅ​ប្រទេស​ដែលជាប្រភព​ហិរញ្ញវត្ថុ​ដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរបានធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលឲ្យមន្ទីរពេទ្យដ៏សប្បុរសមួយនេះ រងការប្រឈមយ៉ាងខ្លាំងក្នុងបេសកកម្ម​ផ្តល់​សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជា ដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់​និងក្តីមេត្តា យ៉ាងតិចណាស់ចំនួន៤០០នាក់ក្នុងមួយថ្ងៃៗ។ បេសសកម្មរបស់មន្ទីរពេទ្យនេះ ផ្ដោតកម្មវិធីនៃការព្យាបាលមាន៣សំខាន់ៗ ការព្យាបាល ការអប់រំ និងការការពារ ហើយមន្ទីរពេទ្យនេះពឹងផ្អែកទាំងស្រុកលើមូលនិធិសប្បុរសធម៌៕អត្ថបទ ៖ ឈិត សាវី 

ទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផលការងារ​បោសសម្អាតមីន​របស់មជ្ឈមណ្ឌល​សកម្មភាពមីនកម្ពុជា (CMAC)

2021/07/23 07:51:26 am        545
បាត់ដំបង ៖ ថ្ងៃទី២២ ខែកក្កដានេះ​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបាន​ដឹកនាំក្រុម​ការងារចុះ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា(CMAC)ប្រចាំ​ទិសបាត់ដំបង។​ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​ការងារ​បោសសម្អាតមីន​របស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC)។ជាមួយគ្នានោះដែរ​ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង បុគ្គលិកស៊ីម៉ាក់ទាំងអស់​ក្រោម​ការ​ដឹក​នាំ​របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលស៊ីម៉ាក់​ដែលបាននឹងកំពុង​បំពេញការងារសកម្មភាព​មីន​មនុស្សធម៌នៅកម្ពុជាសម្រេចបាន​នូវសមិទ្ធផលយ៉ាងត្រចះត្រចង់ និងជាទីមោទនៈ​ក្នុងការបម្រើជាតិ​មាតុភូមិ និងចូលរួម​លើកកម្ពស់ជីវភាព​រស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា​នៅទីជនបទតាម រយៈសកម្មភាពបោសសម្អាតមីន។ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាដែលកំពុងបង្កហានិភ័យ ខ្ពស់ដល់សុខភាព និងជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តីបានណែនាំឲ្យ​បុគ្គលិកស៊ីម៉ាក់ទាំងអស់​ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់​រក្សាអនាម័យ និងថែរក្សាសុខភាព​ជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ​ឲ្យបានជាប្រចាំ​ ។ឯកឧត្តម​ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​(ស៊ីម៉ាក់) បានឲ្យដឹងថា​គិតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រី​ស៊ីម៉ាក់ ចំនួន៩នាក់បានឆ្លងជំងឺកូវីដ១៩ក្នុង​នោះ​នៅ​ទិស​ខេត្តបាត់ដំបង​ចំនួន៣នាក់ ភ្នំពេញចំនួន២នាក់ និងនៅទិសខេត្តព្រះវិហារ ចំនួន៥នាក់​(នៅក្នុងសហគមន៍ស្រអែម)។ក្នុងឱកាសនោះដែរ ក៏មានការ​ផ្ដល់​អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជូនដល់​ទីបញ្ជាការមជ្ឈមណ្ឌលស៊ីម៉ាក់​ប្រចាំទិស​បាត់ដំបង និងឧបត្ថម្ភបុគ្គលិកដោះមីនស៊ីម៉ាក់ចំនួន០២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងម្នាក់ទទួល​បានថវិកា​ចំនួន៨០ម៉ឺនរៀល​ផងដែរ៕ 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ពីឧកញ៉ា លី ឃុនថៃ

2021/07/22 01:17:25 pm        483
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោក ឧកញ៉ា លី ឃុនថៃ ​បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ សកម្មភាពទាំងនេះ ​គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ដែលបានរួមចំណែកជាមួយ​រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសការរួមគ្នាកាត់ផ្តាច់អំពីការឆ្លង​ដែលកើត​ចេញ​ពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានឆាប់នាពេលខាងមុខ។អំណោយនាពេលនេះ រួមមាន ៖ ១. សំលៀកបំពាក់ពេទ្យ PPE ៣.០០០ឈុត ២. ទឹកសុទ្ធ ៣០០ កេស ៣. ម៉ាស ១០,០០០ម៉ាស ៤. ថ្នាំបុរាណចិន ៨០០ប្រអប់ និង៥. ស្បែកជើង ៥០០គូរអំណោយ​​ ទាំងអស់នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបែងចែកមួយផ្នែកជូន ដល់​ឯកឧត្តម ជាក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង និងខេត្តមណ្ឌលគិវី ផងដែរ៕

ទេសរដ្ឋមន្ត្រី លី ធុជ នាំយកអំណោយសម្តេចតេជោ ឧបត្ថម្ភ​ដល់មន្ដ្រី​ដោះមីន១៨៤នាក់ ​ដែលកំពុង ធ្វើចត្តាឡីស័ក នៅស្រុកសំឡូត

2021/07/22 06:02:24 am        624
បាត់ដំបង ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រគល់នូវគ្រឿង ឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនដល់​មន្ដ្រី​ដោះមីន​បម្រើការងារ​នៅអង្គការ MAG ចំនួន១៨៤នាក់ ដែលកំពុងជាប់ ធ្វើចត្តាឡីស័ក នៅស្រុកសំឡូត ខេត្តបាត់ដំបង ។ជួសមុខឲ្យ​មន្ដ្រី​ដោះមីនទាំងអស់ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បាន​សម្ដែងនូវការដឹងគុណ​ជូន​ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែយកចិត្ត ទុកដាក់ អាណិតអាសូរនិងគិតគួរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាការឧបត្ថម្ភគាំទ្រ ដល់បុគ្គលិកដោះ មីនទាំងអស់រាល់ទុក្ខលំបាកនិងគ្រប់ពេលវេលា។ជាមួយគ្នានេះ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តបាត់ដំបង ចំពោះការផ្តល់ កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ និងការគាំទ្រចំពោះគ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ -អន្តរជាតិ ដែលកំពុងបំពេញការងារមនុស្សធម៌ ក្នុងការជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកប ដោយសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋយើង ព្រមទាំងចូលរួមប្រែក្លាយទឹកដីអតីតសមរភូមិ និងការគម្រាមកំហែងខ្ពស់ ដោយសារមីន ទៅជាដីដែលមានសុវត្ថិភាពនិងការអភិវឌ្ឍ ដែលការ រួមចំណែកទាំងនេះ ពិតជាបានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានការរីកចម្រើន និង មានភាពធូរធារជាមុន ។ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តទៀតថា ការងារបោសសម្អាតមីននៅកម្ពុជានៅតែបន្តទៅ មុខជានិច្ច ទោះបីមានការរីករាលជំងឺកូវីដក៏ដោយ ព្រមទាំង បានណែនាំឲ្យបុគ្គលិកអ្នកដោះមីន ទាំងអស់ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្ត អនុវត្តន៍តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ឲ្យបាន​ ខ្ជាប់ខ្ជួន ។អំណោយ​គ្រឿងឧបភោគបរិភោគ ​ទាំងនោះ មានការចូលរួមចំណែកឧបត្ថម្ភពីអាជ្ញាធរមីន សាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា រួមមាន ៖ អង្ករ,ទឹកបរិសុទ្ធ ,ទឹកស៊ីអ៊ីវ,មី,ត្រីខកំប៉ុង,សាច់ក្រក,ត្រីងៀត,ម៉ាស់ និងអាកុល។ក្រៅពីគ្រឿង ឧបភោគបរិភោគ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកនូវថវិកាឧបត្ថម្ភដល់អ្នកវិជ្ជមានកូវីដជា បុគ្គលិកអង្គការMAGចំនួន៣នាក់ដោយក្នុងម្នាក់៥០ម៉ឺនរៀលនិងថវិកា៤លានរៀល សម្រាប់ ការងារធ្វើចត្តាឡីស័កនេះផងដែរ៕

​សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​មាន​សារ​សំខាន់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩

2021/07/22 05:12:19 am        566
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ មាន​សារ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​ដឹក​ជញ្ជូន​មក​​ដល់​នៃ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ស៊ីណូហ្វាម ១​លាន​ដូស​ទៀត​នៅ​ថ្ងៃ​នេះ។​បើ​តាម​ទំព័រ​ហ្វេសប៊ុក​សម្ដេច វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម​ចំនួន ១​លាន​ដូស​ទៀត ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ថ្ងៃ​នេះ គឺ​ជា​វ៉ាក់សាំង​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​សរុប​ជាង ១៦​លាន​ដូស​ហើយ​​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ភាព​ស៊ាំ​ដល់​ប្រជាជន​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យដឹង​ផង​ដែរ​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ចំនួន ៤​លាន​ដូស​ទៀត នឹង​ត្រូវ​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន​មក​កម្ពុជា​នៅ​ខែ​សីហា​ខាង​មុខ​នេះ។កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ៦​លាន ៣៣​ម៉ឺន​នាក់​ហើយ​ ឬ​ស្មើ​នឹង ៦៣.៣៤​ភាគរយគិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ៕

ពលរដ្ឋខេត្តកំពតជាង៣ម៉ឺននាក់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងជំហ៊ានទី៣

2021/07/21 01:15:11 pm        153
កំពត ៖ ដំណើរកាចាក់វ៉ាក់កូវីដ១៩នៅខេត្តកំពត បាននឹងកំពុងប្រព្រឹត្តទៅដោយរលូន ទោះជា​ពលរដ្ឋ​បានមកចូលរួមចាក់ច្រើនក៏ដោយ ​ប៉ុន្តែសណ្តាប់ធ្នាប់ និង​គម្លាតសង្គម​នៅ​តែរក្សា​បាន​យ៉ាងល្អ។ បើតាមមន្ត្រីជំនាញបានឲ្យដឹងថា រយៈពេល៨ថ្ងៃកន្លងមកនេះ មានពលរដ្ឋជាង​៣ម៉ឺននាក់ បានមកទទួលវ៉ាក់សាំងកូវីដ១៩។ប្រធានការិយាល័យថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ស៊ីន ចូវ បានប្រាប់ឲ្យដឹងថា ការ​ចាក់វ៉ាក់សាំងជំហ៊ានទី៣ ជូនដល់ពលរដ្ឋទូទៅនៅក្រុងកំពត ក្រុងបូកគោ និងនៅ​ទីប្រជុំជន​ស្រុកទឹកឈូ ស្រុកជុំគិរី និងស្រុកកំពង់ត្រាច បានចាប់ផ្តើមពីថ្ងៃទី១៣ ខែកក្កដា មានមណ្ឌលផ្តល់​វ៉ាក់សាំងចំនួន ៧ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត សាលាបឋមសិក្សាហ៊ុនសែន១មករា មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល មណ្ឌលសុខភាពត្រពាំងរពៅ មណ្ឌលសុខភាព​ត្រពាំងសង្កែ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី ដែលមាន​វ៉ាក់សាំងកូវីដ-១៩ ចំនួនពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥.៨៥២ដូស។ លោក បានបន្តថា ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋទូទៅនៅខេត្តកំពត កាន់តែប្រព្រឹត្តទៅល្អប្រសើរជាលំដាប់ ហើយពលរដ្ឋនៅតែបន្តមកចាក់ច្រើនដដែល។ តែយ៉ាងណាក៏ដោយ សណ្តាប់ធ្នាប់ និងគម្លាតសង្គម នៅតែត្រូវរក្សាបានយ៉ាងល្អ ដោយសារមាន​ការចូលរួមសហការរៀបចំពីអាជ្ញាធរ និងសមត្ថិច្ច និងក្រុមការងារយុវជន ។លោក ស៊ីន ចូវ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់​សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋដោយស្ម័គ្រចិត្តនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣២.១២៣នាក់ ក្នុងនោះស្រីចំនួន ១៧.៦៥៦នាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងជំហ៊ានទី៣នេះ នឹងបន្តធ្វើរហូតដល់​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ខាងមុខ ក្នុងចំនួនវ៉ាក់សាំងសរុប ១៣៥.៨៥២ដូស។ហើយមកដល់ពេលនេះ មិនមានបញ្ហាណាមូយគួរឲ្យកត់សំគាល់ទេ៕អត្ថបទ ៖ សារីម 

រដ្ឋមន្ដ្រីការបរទេសខ្មែរ-ឥណ្ឌា នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១១ នាល្ងាចនេះ

2021/07/21 12:04:15 pm        71
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-គង្គា លើកទី១១ (11th MGC FMM) នាល្ងាចថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ តាមរយៈវិដេអូពីចម្ងាយ ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីរដ្ឋមន្រ្តីការបរទេសមេគង្គ ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញកាលពីថ្ងៃ១៩ កក្កដាកន្លងទៅនេះ បានឲ្យដឹងថា រដ្ឋមន្រ្តីទាំងអស់រំពឹងថា នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការព្រួយបារម្ភរួម។ប្រភពបានបន្តទៀតថា កិច្ចប្រជុំ 11th MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់ពីសមិទ្ធផលថ្មីបន្ថែម​ទៀត​ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមក សម្រាប់​កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេល​ជាមួយ​ការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។ ជាមួយគ្នានោះដែរ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើក​សម្ពោធ​ឲ្យដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែល​ឆ្លុះបញ្ចាំងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌​ដ៏សម្បូរបែបរបស់​ប្រទេស​សមាជិក៕អត្ថបទ បាន ចក់

ក្រសួងវប្បធម៌ ផ្ទៀងផ្ទាត់កំណត់ និងចុះបញ្ជីបុរាណដ្ឋាន បានជាង១ពាន់បុរាណដ្ឋាន

2021/07/21 11:50:49 am        207
ភ្នំពេញ ៖ ក្នុងបរិបទដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ គិតត្រឹមថ្ងៃនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែបញ្ជូនមន្រី្តជំនាញ ចុះវាយតម្លៃ​បញ្ចូល និងចាត់ថ្នាក់​បុរាណដ្ឋាន រមណីយដ្ឋាន បានចំនួនជាង១ពាន់ស្ថានីយ ក្នុងចំណោមបុរាណដ្ឋានជាង៦ពាន់ ដែលមាននៅក្នុងបញ្ជី។លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះថា មន្រី្តជំនាញនាយកដ្ឋាន​បុរាណ​វិទ្យា បានធ្វើការផ្ទៀតផ្ទាត់កំណត់ និងចុះបញ្ជីបានចំនួន១១៧០ស្ថានីយ ព្រមទាំង​បោះបង្គោល​កំណត់​ទំហំនិយាមការឃ្វៀលដែនរក្សាការពារ ទុកសម្រាប់រាជរដ្ឋាភិបាលអភិវឌ្ឍន៍ និងប្រជាជន​ធ្វើកសិកម្ម។ សកម្មភាពខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល បានដាក់ទិសដៅបោះបង្គោលការពារ បានចំនួនជាង៧០០ស្ថានីយ ក្នុងចំណោមជាង៦ពាន់ស្ថានីយ មាននៅក្នុងបញ្ជី។លោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា ក្រសួងវប្បធម៌ មានវិធានការការពារបុរាណដ្ឋាននោះ គឺទី១. កំណត់ទំហំ តម្រូវឲ្យអាជ្ញាធរដែនដីភូមិ-ឃុំ ទទួលស្គាល់ និងទី២. បើតម្រូវការខានមិនបាន មន្រី្តជំនាញពិនិត្យមើលតម្លៃការពារអភិរក្ស និងតម្លៃសេដ្ឋកិច្ច។ ក្នុងគោលការណ៍ទាំងពីរខាងលើនេះ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ តែងតែពិនិត្យហើយ ពិនិត្យទៀត និងមានវិន័យមួយដ៏តឹងរ៉ឹង ​គឺមិនឲ្យ​មាន​មន្រី្តជំនាញណាមួយ ទៅឃុបឃិតជាមួយជនខិលខូច ដើម្បីទៅបំផ្លាញ​ស្ថានីយ​នោះឡើយ។ ដូច្នេះក្នុងនាមក្រសួងវប្បធម៌ សូមអំពាវនាវដល់ជនរួមជាតិ ជាពិសេសប្អូនៗដែលជាមហាជន ឬ ក៏យុវជនសម័យក្រោយ ចូលរួមថែរក្សាការពារ ផ្តល់ព័ត៌មាន បើឃើញអ្នកណាដែលបំផ្លាញ​ស្ថានីយបុរាណ ឬវត្ថុបុរាណ និងមានការជួញដូរ សុំរាយការណ៍ជូនមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដូច្នេះការចូលរួម និងថែរក្សា មិនចាំបាច់ ចាំតែអង្គុយយាមនោះទេ បើម្នាក់ ឃើញម្នាក់ខុស ត្រូវតែផ្តល់ព័ត៌មាន ឃើញជនខិលខូចត្រូវរាយការណ៍។ ការមិនរាយការណ៍ បានន័យថាការឃុបឃិត គឺខ្លួនឯងមិនបានស្រលាញ់វប្បធម៌នោះទេ៕រូបភាព អត្ថបទ រដ្ឋា \

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដចុះពិនិត្យគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ​នៅ​ក្នុង​ក្រុងសៀមរាប

2021/07/20 05:22:58 pm        807
សៀមរាប ៖ រដ្ឋមន្ដ្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះ​ពិនិត្យវឌ្ឍនភាព​គម្រោង​ស្ថាបនា​ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ដើម្បីដើម្បី ពិនិត្យវឌ្ឍនភាព​នៃការរៀបចំពី​សោភណ្ឌភាព​ផ្លូវការ​រៀបចំខឿនចិញ្ចើម ផ្លូវសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងពិនិត្យ​គុណភាព​នៃការចាក់​បេតុងស្ពាន និងផ្លូវដើម្បីធានាបាន គុណភាពរឹងមាំស្របតាមបទដ្ឋាន​បច្ចេកទេស។ក្នុងឱកាសចុះពិនិត្យ​នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណង​ដើម្បីពិនិត្យ​ការរៀប​ចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើង ​ដើម្បីលើកកម្ពស់សោភ័ណភាព សុវត្ថិភាព​សងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យស្របតាមបទដ្ឋានបច្ចេកទេស សក្តិសម​ជាទីក្រុងទេសចរណ៍សម័យទំនើប ​និងពិនិត្យគុណភាព នៃការចាក់បេតុងស្ពាននិងផ្លូវ ដើម្បីធានា​បានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង នៃគម្រោងសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប​ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់​ក្នុងការ​រៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ឋិតក្រៅគម្រោង​សាងសង់ខ្សែផ្លូវទាំង​៣៨នេះ។គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យ​បច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥២,៥៩៦ គីឡូម៉ែត្រ។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅ​ប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ​រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាច​ទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីក​ចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជន​ក្រុងសៀមរាបទៅកាន់តំបន់​ដាច់ស្រយាល​ផងដែរ។សូមជម្រាបជូនថា ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួង​សាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវចំនួន៣៨ខ្សែ​នៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦.៣៤% ប្រើប្រាស់រយៈពេលសាង សង់ចំនួន៧ខែ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី
07/01/2026 01:07 PM
Ronald Koeman លាលែងពីតំណែងគ្រូបង្វឹកហូឡង់ ខណៈសហព័ន្ធបាល់ទាត់ថ្កោលទោសការរើសអើងជាតិសាសន៍លើកីឡាករ
07/01/2026 01:07 PM
ទឹកជំនន់នៅហ្គាណា បណ្តាលឲ្យនុស្ស១២នាក់ស្លាប់ ដោយរដ្ឋាភិបាលនិយាយថាមានភ្លៀងធ្លាក់ខ្លាំង
07/01/2026 01:07 PM
កម្មវិធីស្បៀងអាហារពិភពលោក រកជំនួយ៥០លានដុល្លារសម្រាប់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា
07/01/2026 12:07 PM
Spurs ព្រមព្រៀងផ្ទេរ Mateus Fernandes ពី West Ham តម្លៃបំបែកកំណត់ត្រាក្លិប ៨៥ លានផោន
07/01/2026 12:07 PM
មេដឹកនាំអ៊ីស្រាអែល៖ខ្លួននឹងមិនចាកចេញពីលីបង់ទេ ដរាបណាក្រុមហេសបូឡានៅតែជាការគំរាមកំហែង
07/01/2026 12:07 PM
អ្នកវិភាគ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ស្ទាក់ស្ទើរក្នុងការបង្ហាញខ្លួននៅទីក្រុងដូហា ជុំវិញការពន្យារពេលអនុវត្តMoU
07/01/2026 12:07 PM
Tuchel ព្រមានអង់គ្លេសកុំមើលស្រាលកុងហ្គោមុនជំនួបវគ្គ ៣២ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក
07/01/2026 12:07 PM
អាមេរិក និងសម្ព័ន្ធមិត្តឈូងសមុទ្រ ដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុមានទំនាក់ទំនងជាមួយក្រុមហេសបូឡា
07/01/2026 12:07 PM
សិស្សជាង៣០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីការវាយប្រហារនៅសាលារៀនប្រទេសនីហ្សេរីយ៉ា
07/01/2026 12:07 PM