សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​ពលរដ្ឋ​កម្ពុជា​ជាង ២​លាន​នាក់​ហើយ​ ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់

2021/06/01 09:30:44 pm        312
ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ៦៤​​​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ជាង ៣​ខែ​​កន្លង​មក​នេះ។​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ទើប​ចេញ​នៅ​យប់​នេះ។​របាយការណ៍​​នោះ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​​ប្រទេស​ម្រេច​បាន ២៦.៤៩​ភាគរយ​​នៃ​ចំនួន​ប្រជា​ពលរដ្ឋ ១០​លាន​នាក់ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ជាង ២​លាននាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​​ហើយ។យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បានចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ យុទ្ធនាការ​នេះ​បាន​ដំណើរការ​អស់​រយៈ​ពេល ១១២​ថ្ងៃ​ហើយ។ក្នុង​រយៈ​ពេល​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស បាន​ទទួល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ២​លាន ៧០​ម៉ឺន​នាក់ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជាង ៥​​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ៕

លោកជំទាវ អនុរដ្ឋមន្ត្រីការបរទេសអាមេរិករីករាយដែលបានឃើញទំនាក់ទំនងកាន់តែល្អរវាងកម្ពុជា និងអាមេរិក ហើយសម្តេចតេជោ ក៏ស្នើឱ្យអាមេរិកពិចារណាបញ្ហាលុបបំបាត់បំណុលដែលកម្ពុជាជំពាក់

2021/06/01 09:18:17 pm        538
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសា​សន៍​ស្នើឱ្យសហរដ្ឋ​អាមេរិក ជាពិសេសប្រធានាធិបតី ចូ បៃដិន ពិនិត្យពិចារណា​ទៅលើបញ្ហាបំ​ណុលដែលក​ម្ពុជា​ជំពាក់​អាមេរិក​តាម​វិធីទ្វេភាគី។ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក​ ចូល​ជួប​សំដែង​ការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃ​ទី១មិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ​ បានបញ្ជាក់ប្រាប់ដល់​ក្រុមអ្នក​យក​ព័ត៌មានថា៖​ នៅ​ក្នុង​ជំនួបនេះ​សម្តេចតេជោ បានមានប្រសាសន៍ថា៖បញ្ហាបំណុលដែលកម្ពុជាជំពាក់អាមេរិក គឺសូមអនុញ្ញាត​ឱ្យក​ម្ពុជា​អាចសង អាមេរិកបន្តិចម្តងៗឬបង្វែរការជំពាក់នេះ​មក​ជាជំ​នួយសម្រាប់កា​រអ​ភិ​វ​ឌ្ឍលើវិស័យផ្សេ​ង​ៗ​ដ​ល់ប្រទេស​កម្ពុជា។ សូមបញ្ជាក់ថា៖ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក អញ្ជើញបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ គឺនៅ ថ្ងៃទី០១ ខែមិថុនា ដោយកម្ពុជាស្ថិតក្នុងប្រទេសបី ក្នុងចំណោម​ប្រទេស​១០របស់អាស៊ាន ដែលត្រូវបានលោកជំទាវជ្រើសរើសយកក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ១១ថ្ងៃ ទៅកាន់​ប្រទេសចំនួន ៥ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ ដោយទស្សនកិច្ចដំបូង លោក​ជំទាវ បានទៅកាន់ប្រទេសប្រទេសបែលហ្ស៊ិក ហើយបន្តទៅ តួកគី , ឥណ្ឌូនេស៊ី ,កម្ពុជា និងបន្ត​ទៅ​ប្រទេស ថៃ ផងដែរ៕ អត្ថបទ៖ មុត សុទ្ធ

អាជ្ញាធរខេត្តបាត់ដំបង ស្នើកសិករបង្កើនការយល់ដឹងលើការធ្វើកសិកម្មទំនើប និងតាមដានធាតុអាកាស

2021/06/01 08:01:30 pm        292
បាត់ដំបង៖ ខណៈរដូវវស្សាបានឈានមកដល់ និងល្បាយទឹកភ្លៀងនាដើមឆ្នាំនេះ បានធ្លាក់រាយប៉ាយល្អនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញទៅប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនការដាំដុះស្រូវ ដំណាំផ្សេងៗឲ្យបានទាន់ពេលវេលា និងត្រូវចេះតាមដានស្ថានភាពការប្រែប្រួលអាកាសធាតុ ពិសេសការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។ក្នុងឱកាសយកអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ នៅស្រុកសង្កែ នាថ្ងៃទី០១ ខែមិថុនាឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នវិស័យជាច្រើននៅលើពិភពលោកកំពុងមានការរីកចម្រើន ក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ ដែលមានការភ្ជួររាស់ ការប្រើប្រាស់ថ្នាំ ការប្រើជី ការប្រមូលផល និងការដឹកជញ្ជូនជាដើម មានលក្ខណៈទំនើប និងាយស្រួលជាងមុន។ ឯកឧត្តមបន្តថា ស្របតាមការអភិវឌ្ឍជឿនលឿនទៅមុខរបស់ពិភពលោកកសិករគួរខិតខំរៀនបច្ចេកទេសការធ្វើកសិកម្ម ពិសេសការធ្វើដំណាំស្រូវ តាមរយៈការចេះជ្រើសរើសពូជឲ្យត្រូវតម្រូវការទីផ្សារ ការថែទាំជាដើម ដើម្បីទទួលបានទិន្នផលល្អ និងស្របតាមស្ដង់ដារ ហើយត្រូវចេះតាមដានការព្យាករណ៍របស់ក្រសួងធនធានទឹក ដើម្បីឲ្យការបង្កបង្កើនដំណាំស្រូវ ឲ្យបានទាន់ពេលវេលា។ ឯកឧត្ដម ក៏បានជំរុញកសិករទាំងអស់ ត្រូវចេះជ្រើសរើសពូជស្រូវឲ្យឆ្លើយតបនិងពេលវេលារដូវកាល ពិនិត្យលទ្ធភាពទឹកសម្រាប់ស្រោចស្រព ពិសេសប្រភពទឹក តើអាចបំពេញតាមតម្រូវការបានកម្រិតណា ចៀសវាងជួបបញ្ហាខ្វះខាតទឹកដាក់ស្រូវ ធ្វើឲ្យមានការខាតបង់ថវិកា និងពេលវេលា។ឯកឧត្តម ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅក្នុងមូលដ្ឋានទាំងអស់ រួមទាំងប្រជាពលរដ្ឋត្រូវបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់រដ្ឋបាលខេត្តឲ្យខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕អត្ថបទ៖ បាន សុខរិទ្ធ

ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​នាំមក​នូវ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​

2021/06/01 06:47:38 pm        593
​ភ្នំពេញ៖ ​ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​០១​មិថុនា​នេះ ដែល​ទស្សនកិច្ច​នេះ នឹង​នាំមក​នូវ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អប្រសើរ​ជាង​មុនរវាងសហរដ្ឋអាមេរិក និង​កម្ពុជា​។​​បើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ដែល​បាន ប្រាប់ដល់​ប្រព័ន្ធ​សារព័ត៌មាន បាន​បញ្ជាក់​ថា អំឡុងពេល​បំពេញ​ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០១ មិថុនា គឺដើម្បី​ពិភាក្សា​អំពីការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាងប្រទេសទាំងពីរ​កម្ពុជា អាមេរិក វាជា ទម្លាប់​ការទូត​មួយ ក្រោយមន្ត្រីការទូតថ្មី នៃ​រដ្ឋាភិបាល​ថ្មី របស់​ប្រទេសមួយ​ឡើងកាន់តំណែង​នោះ អ្នកការទូត នៃ​រដ្ឋាភិបាល​ថ្មី នៃ​ប្រទេស​នោះ តែងទៅកាន់តំបន់សំខាន់ៗ ដែលត្រូវតែពង្រឹង ទំនាក់ទំនង ឬ​ក៏ដើម្បីរក្សាផលប្រយោជន៍នៅក្នុងតំបន់នោះ។​​​ដោយឡែក​ខាង​ភាគី​សហរដ្ឋអាមេរិក​វិញ បើតាម​ក្រសួងការបរទេសអាមេរិក ក៏បាន​ឱ្យដឹងថា លោកជំទាវ Wendy Ruth Sherman និង​ពាំនាំ​ការ​ប្តេជា្ញ​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះភាពចាំបាច់ នៅ​អាស៊ាន និង​ដំណោះស្រាយ​បញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញប្រទេស មីយ៉ាន់ម៉ា​ឲ្យ​បញ្ឈប់​អំពើហិង្សា ដោះលែង​អ្នកជាប់ឃុំ ដែលខ្លួនថា ជាអំពើអយុត្តិធម៌ និងស្តារ ប្រទេស​មីយ៉ាន់​។​​សូម​បញ្ជាក់​ថា​​ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក អញ្ជើញ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១ ខែមិថុនា ដោយ​កម្ពុជា ស្ថិត​ក្នុង​ប្រទេស​បី ក្នុងចំណោម​ប្រទេស​១០​របស់​អាស៊ាន ដែល​ត្រូវ​បាន​លោកជំទាវ​ជ្រើស​រើស​យក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ១១​ថ្ងៃ ទៅកាន់​ប្រទេស​ចំនួន៥ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ទស្សនកិច្ច​ដំបូង លោកជំទាវ បាន​ទៅកាន់​ប្រទេស​ប្រទេសបែ​លហ្ស៉ិ​ក ហើយ​បន្តទៅតួ​ក​គី , ឥណ្ឌូនេស៊ី ,​កម្ពុជា និង​បន្តទៅ​ប្រទេស ថៃ ផងដែរ​៕ ​អត្ថបទ​៖ មុត សុទ្ធ ​

កាកបាទក្រហមកម្ពុជា​ ប្រគល់​ថវិកា ​១​លាន​ដុល្លារ​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

2021/06/01 06:15:30 pm        497
​ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា លោកជំទាវ​ ពុំ​ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តំណាង​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន ​ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមការងារ​។ ដោយ​នៅ​ក្នុងជំនួប​នេះ ​បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា និង​ការងារ​សំខាន់ៗ​របស់​កាកបាទក្រហម​កម្ពុជា ព្រមទាំង​ការ​ផ្តល់​វិភាគទាន​ប្រចាំឆ្នាំ​នូវ​ថវិកា​ចំនួន​១​លាន​(១ ០០០ ០០០) ដុល្លារ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ​។​​តាម​ការផ្តល់​ព័ត៌មាន​ពី​ឯកឧត្តម តាំង សាមឿន លេខាធិការ សម្តេច​កិ​ត្ត​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​អោយដឹងថា ក្នុងជំនួប​នេះ​លោកជំទាវ ពុំ ចន្ទី​នី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ជាមួយគ្នា​នោះ​លោកជំទាវ​អគ្គលេខាធិការ ក៏បាន​ពាំនាំ​នូវ​ក្តី​នឹករលឹក និង​ការសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​កុមារ​ទាំងអស់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ជាពិសេស​ក្នុង​ថ្ងៃ​នៃ​ទិវា​កុមារ​អន្តរជាតិ​១ មិថុនា​នេះ សូមឱ្យ​បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ទាំងឡាយ​។​​ក្នុងឱកាស​នេះដែរ លោកជំទាវ ពុំ ចន្ទី​នី បាន​ជម្រាប​ជូន​អំពី​សកម្មភាព​កៀរគរ និង​ទទួល​ថវិកា​សប្បុរស និង ការអនុវត្ត​សកម្មភាព​សប្បុរសធម៌ របស់​កាកបាទក្រហម​កម្ពុជា​នាពេល​កន្លងមក ដូច​ជា​ការ​ចុះជួយ​ដល់​បណ្តា​ប្រជាជន​រងគ្រោះ និង​មានការ​លំបាក​ផ្នែក​ជីវភាព ជាពិសេស​ក្នុងខណៈ​ពេល​ដែល​ជំងឺ​កូ​វី​៨-១៩ បាននិងកំពុង​រាតត្បាត ក៏​ដូចជា​សកម្មភាព​សំខាន់​ផ្សេងៗ​ទៀត​។ បន្ថែម​លើ​សកម្មភាព​មនុស្សធម៌​សំខាន់ៗ​ជាច្រើន​នោះ កាកបាទក្រហមកម្ពុជា​បាននិងកំពុង អនុវត្ត​ការបន្ត​ជួយឧបត្ថម្ភ​ថវិកា​ប្រចាំឆ្នាំ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។ លោកជំទាវ​បាន​អោយដឹងទៀតថា នេះ​ជា​លើក​ទី​១០​ហើយ ដែល​កាកបាទក្រហមកម្ពុជា បានផ្ដល់​វិភាគទាន​ប្រចាំ​ឆ្នាំ​ដល់​មន្ទីរពេទ្យ​គ​ន្ធ​បុប្ផា ដែល​ក្នុង​មួយឆ្នាំៗ​នូវ​ថវិកា​ចំនួន​១​លាន​(១.០០០ ០០០)​ដុល្លារ​អាមេរិក​។ ចាប់តាំងពី​ឆ្នាំ​២០១២​មក ក្នុង​គោលដៅ​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា តាមរយៈ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​។​​ឯកឧត្តម រស់ សីល​វ៉ា ក៏បាន​ជម្រាប​ជូន​លោកជំទាវ ពុំ ចន្ទី​នី អំពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ ទាំង​ក្នុង​ទិដ្ឋភាព​ប្រតិបត្តិការ និង​ទិដ្ឋភាព​ហិរញ្ញវត្ថុ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​កៀរគរ​មូលនិធិ ដែល​បាននិងកំពុង​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូដ​-១៩ ដែល​ធ្វើឱ្យមាន​ការថយចុះ នៃ​ទំហំ​ថវិកា​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​នានា ដូចជា​ការថយចុះ​នៃ​ថវិកា ដែល​ទទួលបាន​ពី​ការ​កាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​អង្គរ​ដើម ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​។ ​លោកជំទាវ ពុំ ចន្ទី​នី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន ចំពោះ​ឯកឧត្តម រស់ សីល​វ៉ា និង​លេខាធិការដ្ឋាន​​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អនុវត្ត​ការងារ និង​កៀរគរ​មូលនិធិ​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងការ​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា​។ និង​ជូនពរ​លោកគ្រូ​-​អ្នកគ្រូ​ពេទ្យ និង​បុគ្គលិក​ទាំងអស់​របស់​ម​ន្ទីរ​ពេទ្យ ដែល​បាននិងកំពុង​បំពេញបេសកកម្ម​ពិនិត្យ និង​ព្យាបាល​កុមារ​នៅ​កម្ពុជា​យ៉ាង​សស្រាក់សស្រាំ ប្រកបដោយ​គុណភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ និង​ជៀស​ផុតពី​ជំងឺ​ចង្រៃ​ទាំងឡាយ​៕ ​​

ខេត្តកំពត ​រកឃើញ​ពលរដ្ឋ​ ៥៧​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ភាគច្រើន​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ច្រក​ទ្វារ​ព្រំដែន​តន់​ហន់​

2021/06/01 05:26:45 pm        350
​កំពត​៖ រដ្ឋបាល​ខេត្តកំពត​ ប្រកាស​ពី​ការរកឃើញ​ប្រជាពលរដ្ឋ ៥៧​នាក់​ទៀត​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅ​ថ្ងៃនេះ ដែល​ភាគច្រើន​ជា​បុគ្គលិក​កាស៊ីណូ និង​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​កំពង់ត្រាច​ដែល​បាន​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ច្រក​តន់​ហន់​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាល​ខេត្តកំពត​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ ត្រូវបាន​រកឃើញ​លើ​បុគ្គលិក​កាស៊ីណូ​ចំនួន ១៧​នាក់ ដែល​បម្រើ​ការងារ​នៅកាស៊ី​ណូ សុខ គឹម​ម៉េង ស្ថិតនៅ​ច្រកទ្វារ​ភាគី​តន់​ហន់ នៅក្នុង​ស្រុក​កំពង់ត្រាច​។​​រដ្ឋបាលខេត្ត​នេះ​បានឱ្យដឹង​ទៀតថា ករណី​ឆ្លង​ថ្មី​នេះ ក៏ត្រូវ​បាន​រកឃើញ​លើ​កសិករ​ចំនួន ៣៤​នាក់​ផងដែរ ដែលជា​ពលរដ្ឋ​រស់នៅ​ស្រុក​នានា​របស់​ខេត្ត​មួយ​នេះ​។​​ក្រៅពីនេះ ករណី​ឆ្លង​ថ្មី​នេះ ក៏បាន​កើតឡើង​ផងដែរ​លើ​កុមារា​ម្នាក់​អាយុ ៧​ឆ្នាំ និង​កុមារី​ម្នាក់​អាយុ ៥​ឆ្នាំ​។​​រដ្ឋបាល​ខេត្តកំពត​ប​ញ្ជា​ក់ថា អ្នកជំងឺ​កូ​វីដ​-១៩​ទាំង ៥៧​នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩​ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​ព្រះបិតា​ជាតិ និង​មណ្ឌល​ព្យាបាល សុខ គីម​ម៉េង​៕​

ខេត្តតាកែវ សម្រេច​ផ្អាក​បណ្ដោះ​អាសន្ន​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សោ សុខុម ពាក់​ព័ន្ធ​អ្នក​ជំងឺ​កូវីដ-១៩

2021/06/01 05:18:46 pm        195
តាកែវ​​​​​​៖ រដ្ឋបាល​ខេត្តតាកែវ បាន​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព សោ សុខុម ស្ថិតនៅភូមិ​ឡូរី សង្កាត់​រកាក្នុង ក្រុងដូន​កែវ ដែលជាទីតាំងមាន​អ្នក​វិជ្ជមាន​​ជំងឺ​កូវីដ-១៩។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​តាកែវ​ បាន​​​​​បញ្ជាក់​ថា មន្ទីរ​ពេទ្យខាងលើ​នេះ​ត្រូវ​បាន​សម្រេច​ផ្អាកដំណើ​រការ​​ជា​បណ្ដោះអាសន្ន​ ព្រោះ​ជា​ទីតាំង​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩ បាន​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយប្រយោល​ជា​ច្រើន​នាក់​ពាក់​ព័ន្ធ​ក្នុង “ព្រឹត្ត​ការណ៍សហគមន៍ ២០ កុម្ភៈ។ រដ្ឋបាល​ខេត្តតាកែវ​ បាន​ឱ្យដឹង​ទៀត​ថា គោល​បំណង​នៃ​ផ្អាក​នេះ​ គឺ​ដើម្បី​ការ​ឆ្លង​រាល​ដាល​នៃ​​ជំងឺ​កូវីដ​-១៩ នៅក្នុង​ភូមិ​សាស្រ្ដ​ ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ និង​ទប់​ស្កាត់​ជំងឺនេះ​មិន​ឱ្យឆ្លង​រាល​ដាលទៅតំបន់​ផ្សេងទៀត។ រដ្ឋបាល​ខេត្ត​តាកែវ ​ក៏បាន​អំពាវនាវ​ឱ្យម្ចាស់​មន្ទីរសម្រាក​ព្យាបាល​ បុគ្គលិក​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ផ្ដល់​សំណាកដល់​មន្រ្ដី​សុខាភិបាល​ ដើម្បីវិភាគ​រក​មេរោគកូវីដ-១៩។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ៣០ ៧១០​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

កូរ៉េប្រគល់​អំណោយ​ឧបករណ៍​បរិក្ខារ​វេជ្ជ​សាស្ត្រជូន​កម្ពុជា ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

2021/06/01 10:19:32 am        318
​ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ រួមជាមួយ​ឯកឧត្តម Prak Heung-Kyeong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​-​ទទួល អំណោយ​ឧបករណ៍​បរិក្ខារ​វេជ្ជ​សាស្ត្រ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ ៣០០.០០០​ដុល្លារ​អាមេរិក (​សាមសិប​ម៉ឺន​ដុល្លារ​អាមេរិក​)​នៅ​ទី​សី្ត​ការ​ក្រសួង នា​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​​ឯកឧត្តម រដ្ឋ​ម​ន្រី្ត ម៉ម ប៊ុនហេង បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំណងមិត្តភាព​ជា​ប្រពៃណី កម្ពុជា​-​កូរ៉េ ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ឥត​ឈប់ឈរ ហើយ​ភាគី​កូរ៉េ បាន​ផ្តល់​ជំនួយឥតសំណង​ជាច្រើន​ ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរឡើង​វិស័យ​សុខាភិបាល​កម្ពុជា​។ ជាក់ស្តែង​ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ភាគី​មិត្ត​កូរ៉េ បានផ្តល់​ជំនួយ​ជា​ឧបករណ៍​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន និង​ថវិកា​។​​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម Prak Heung-Kyeong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ជាពិសេស​លើ​វិស័យ​សុខាភិបាល​។​​​​ជាមួយគ្នា​នោះដែរ ឯកឧត្តម Prak Heung-Kyeong បាន​ជម្រាបជូន​ឯកឧត្តម រដ្ឋ​ម​ន្រី្ត​ថា ស្ថានទូត​កូរ៉េ មាន​កី្ត​រីករាយ​ជាខ្លាំង​ដោយសារ​រដ្ឋាភិបាល​កូរ៉េ បានផ្តល់​ធ្វើការ​ឧបត្ថម្ភ​សម្ភារៈ​វេជ្ជសាស្ត្រ​ដែលមាន​តម្លៃ​៣០​ម៉ឺន​ដុល្លារ​លើក​នេះ ក្នុង​គោលបំណង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ជាពិសេស​ក្នុងដំណាក់កាល​នេះ ប្រជាជន​កូរ៉េ ដែល​បាន​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន​ជិត​១០០០​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បុគ្គលិក​នៃ​ស្ថានទូត​កូរ៉េ រហូតដល់​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២​។ ដូច្នេះ​ស្ថានទូត​កូរ៉េ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល​ផងដែរ​៕ អត្ថបទ រដ្ឋា​

រយៈពេល​១​ខែ​នៃ​ខែឧសភា កម្ពុជា​រកឃើញ​និង​រឹង​អូស​អាល់កុល​ក្លែងក្លាយ​ជាង ៥៣​តោន​

2021/06/02 04:06:50 am        129
ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា គិត​ក្នុង​រយៈពេល​ពេញ​១​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ និង​រឹបអូស​នូវ​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​សរុប​ចំនួន​ប្រមាណ​ជាង ៥៣​តោន​។​​​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​លើកឡើង​ថា ខណៈដែល​ជំងឺ​កូ​វីដ​១៩ កំពុង​បន្ត​រាលដាល​នៅ​កម្ពុជា និង​ដោយមាន​ការណែនាំ ចង្អុលបង្ហាញ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ អគ្គនាយកដ្ឋាន​ក​.​ប​.​ប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​អាល់កុល​ក្លែងក្លាយ​នៅតាម​ផ្សារ ហ្វា​ម៉ា​ស៊ី ឱសថស្ថាន ឬ​តាម​កន្លែង​លក់​ថ្នាំពេទ្យ​នានា​យ៉ាងហោច ៨​លើក ដោយមាន​អាល់​ក្លែងក្លាយ​សរុប​ជាង ៥៣​តោន ស្មើនឹង​ប្រមាណ ៥៣,០០០​លីត្រ ក្នុងនោះ​រឹបអូស​ច្រើនជាងគេ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តព្រៃវែង ក្រចេះ កោះកុង ត្បូងឃ្មុំ ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ​។​​​ទាក់ទិន​ករណីនេះ ក​.​ប​.​ប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូម​ប្រកប​របរ​អាជីវកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​សុចរិត​ភាព ដោយ​គិតពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្ពស់ជាង​ផលចំណេញ​របស់ខ្លួន​។ ក​.​ប​.​ប បាន​អំពាវនាវ​ថែមទៀត​ទៅដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់ សូម​ពិនិត្យ​និង​ជ្រើសរើស​ផលិតផល​ដែលមាន​ស្លាក​សញ្ញា និង​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ មុននឹង​សម្រេចចិត្ត​ជាវ​អាល់កុល ឬ​ជែ​ល យកមកប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ​។ ​សូមបញ្ជាក់ថា អាល់កុល ឬ​អេតាណុល គឺជា​សារធាតុ​ដែល​គេ​យកមកប្រើ​សម្រាប់​សម្លាប់​មេរោគ ពិសេស​ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​មានកា​រ​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យមាន​បុគ្គល​ឆ្លៀតឱកាស​មួយចំនួន បាន​បន្លំ​យក​សារធាតុ​មេ​តា​ណុល មក​លក់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​សម្លាប់​មេរោគ ឬ​ធ្វើជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ជែ​ល​សម្លាប់​មេរោគ​ជាដើម​។ សារធាតុ​គីមី​មេ​តា​ណុល គឺជា​សារធាតុពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើជា​សារធាតុ​សម្រាប់​រំលាយ​។ ការប្រើប្រាស់​មេ​តា​ណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើ ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី ​

បារាំង​ សន្យា​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ពី​១០០​ ទៅ​១២០​លាន​អ៊ឺ​រ៉ូ​ក្នុង​មួយឆ្នាំ

2021/06/01 02:32:45 pm        479
ភ្នំពេញ ៖ រដ្ឋាភិបាល​បារាំង សន្យា​បង្កើន​ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ​សម្រាប់​កម្ចីសម្បទាន​ក្នុង​រង្វង់​ពី ១០០​ ទៅ ១២០ លាន​អឺរ៉ូ ​ក្នុង​មួយឆ្នាំ ​ដើម្បី​គាំទ្រ​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ការសន្យា​នេះ ធ្វើឡើង នៅ​កិច្ចប្រជុំ ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៤ ដោយមាន​ការចូលរួម​ដោយ​ឯកឧត្តម ​វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ លោក R–mi GENEVEY ​តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ AFD និង​លោកជំទាវ Eva ​NGYEN BINH ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ដឹកនាំ ​ដោយ ​តាមរយៈ Video Conference​ នៅ​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១​។តំណាង​ភាគី​បារាំង ​បញ្ជាក់ថា បារាំង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ប្រមូល​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគម​អឺរ៉ុប ជួយ​កម្ពុជា និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ឱ្យ​បាន​ច្រើន​ ស្រប​ទៅតាម​ពេល​វេលា​ បច្ចុប្បន្ន ក៏ដូចជា​នៅ​ពេល​ក្រោយ​កូ​វីដ​-១៩​។ ជាការ​ឆ្លើយតប ឯកឧត្តម វ​ង្សី វិស្សុត ថ្លែងថា ប្រទេស​បារាំង​មិន​ត្រឹមតែ​ជា​មិត្ត ភក្តិ និង​ជា​បណ្តា​ប្រទេស​ឈានមុខ​គេ ​ដែល​ចូល​រួមចំណែក​ក្នុង​ការ​នាំមក​នូវ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ បន្ទាប់ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ផ្អែកលើ​មូលដ្ឋាន​នេះ កម្ពុជា​បាន​ទទួល​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ជា​បន្តបន្ទាប់​ប្រមាណ ៨៦៧​លាន​អឺរ៉ូ ក្នុង​នោះ​ឥណទាន​សម្បទាន​របស់​រដ្ឋ មាន​ទឹកប្រាក់ ៥០៧ លាន​អឺរ៉ូ​។ ​ហិរញ្ញប្បទាន​ទាំងនេះ បាន​និងកំពុង​រួមចំណែក​យ៉ាងសកម្ម​ដល់​ការ​ទ្រទ្រង់​ការ​អភិវឌ្ឍ និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច ស្របតាម​កម្មវិធី និង​គោលនយោបាយ​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ​។ ឯកឧត្តម បន្តថា ស្ថិតនៅក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​បាន​បង្ក​ជា​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ប៉ះ ពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម រួមទាំង​សុខភាព​សាធារណៈ ​ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម ការបាត់បង់​ការងារ និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក​ ក្នុងនោះ​ សម្រាប់​កម្ពុជា​ក៏បាន​រង​នូវ​ការរីក​រាលដាល​ជំងឺ​នេះ​ផងដែរ​។ ​ប្រការនេះ ​បានធ្វើឱ្យ​ផលិតផល​សរុប​ក្នុងស្រុក​នៅ​ក្នុង​ឆ្នាំ​២០២០ បាន​ធ្លាក់​ចុះ​ប្រមាណ ៣,០% ក្នុងនោះ​ការនាំចេញ​បាន​ធ្លាក់ចុះ​ប្រមាណ -១,១% ឱនភាព​ថវិកា​កើនឡើង​ដល់ ៩,២៥% ។ឯកឧត្តម វ​ង្សី វិស្សុត បន្ត​លើកឡើងថា ​សេដ្ឋកិច្ច​របស់​យើង​នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំ​២០២១ ​ប៉ុន្តែ​ការ​ងើបឡើង​នេះ នៅ​មាន​ភាព​មិនប្រាកដ​ប្រជា​កម្រិត​ខ្ពស់​នៅឡើយ​ ប្រសិនបើ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ កុម្ភៈ មាន​កម្រិត​នៃ​ផល​ប៉ះពាល់​នៅតែ​ខ្ពស់ និ​ង​មាន​ជម្រៅ​ជ្រៅ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​មិន​អាច​សម្រេច​បាន​ឆាប់រហ័ស​៕​អត្ថបទ​៖ សុន រ៉ា​ឌី​​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM