សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្ត​បន្ទាយមានជ័យ ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​អូរ​នាង​ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ​-១៩

2021/05/31 07:18:58 pm        279
​បន្ទាយមានជ័យ​៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានសម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​អូរ​នាង ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត​ចាប់ពី​ថ្ងៃនេះ​ទៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​។​​ក្នុង​សេចក្ដីសម្រេច​ចេញ​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានប្រកាសថា សម្រេច​បិទ​ខ្ទប់​ការធ្វើដំណើរ​ចេញ​-​ចូល​ជា​បណ្ដោះអាសន្ន​លើ​ទីតាំង​មួយផ្នែក​នៃ​ភូមិ​អូរ​នាង ស្ថិតក្នុង​សង្កាត់​ផ្សារកណ្ដាល នៃ​ក្រុង​ប៉ោយប៉ែត​។​​បើតាម​សេចក្ដីសម្រេច​នោះ ការបិទ​ខ្ទប់​បណ្ដោះអាសន្ន​នេះ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃនេះ​រហូត​ទៅដល់​ថ្ងៃទី​១៤ ខែមិថុនា​ខាងមុខនេះ​។​​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា ការសម្រេច​បិទ​ខ្ទប់​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ បន្ទាប់ពី​ក្រុង​ប៉ោយប៉ែត​បាន​មើល​មនុស្ស​ជាច្រើន​នាក់​ឆ្លង​មេរោគ​កូ​វីដ​-១៩​អស់​រយៈ​ជាច្រើន​ថ្ងៃ​មកហើយ​នោះ​។​​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​នេះ អាជ្ញាធរខេត្ត​នេះ​សម្រេច​ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស ហាមឃាត់​ការធ្វើដំណើរ​ចេញ ឬ​ចូល និង​ហាមឃាត់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មិនចាំបាច់​៕​

​ខេត្ត​កែប​រកឃើញ​ពលរដ្ឋ​ ៣៤​នាក់​ឆ្លង​កូ​វីដ​-១៩ បន្ទាប់ពី​ពួកគេ​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ស្រុក​កំពង់ត្រាច​ក្នុង​ខេត្តកំពត​

2021/05/31 06:58:36 pm        315
​កែប​៖ រដ្ឋបាលខេត្ត​កែប​ បានប្រកាស​ពី​ការរកឃើញ​ពលរដ្ឋ​រហូតដល់ ៣៤​នាក់​បន្ថែមទៀត​ បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ពួកគេ​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​ការឆ្លង​មេរោគ​កូ​វីដ​-១៩​នៅឯ​កាស៊ីណូ​មួយ​ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន រដ្ឋបាលខេត្ត​កែប​បាន​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ ត្រូវបាន​រកឃើញ​លើ​បុរស​ចំនួន ២៤​នាក់ និង​ស្ត្រី ១០​នាក់​។​​រដ្ឋបាលខេត្ត​នេះ បញ្ជាក់​បន្ថែមថា ពលរដ្ឋ​ទាំង ៣៤​នាក់​នេះ បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ទៅ​កាស៊ីណូ សុខ គីម​ម៉េង ស្ថិតនៅ​ច្រកទ្វារ​ទ្វេភាគី​តន់​ហន់ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រឹស ក្នុងស្រុក​កំ​ពត់​ត្រាច​។​​បើតាម​រដ្ឋបាលខេត្ត​នេះ ពលរដ្ឋ​ដែល​ឆ្លង​មេរោគ​កូ​វីដ​-១៩​ទាំងអស់នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅឯ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៃ​ខេត្ត​កែប​។​​ទន្ទឹមគ្នា រដ្ឋបាលខេត្ត​កែប​បញ្ជាក់ថា កំពុង​ស្វែងរក​មនុស្ស​ជាច្រើន​ទៀត​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩​ទាំង ៣៤​នាក់​នេះ​៕​

កងទ័ព​ថែម​៥​ថ្ងៃ​ទៀត​ ដើម្បី​ចាក់​ដូ​ស​ទី​១​ដល់​ពលរដ្ឋ​អតីត​តំបន់​ក្រហម​ដែល​នៅសល់​ភាគច្រើន​ជា​កម្មករ​កាត់ដេរ

2021/05/31 04:02:48 pm        257
ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ប្រធាន​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម ថ្លែងថា ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង កងទ័ព​បាន​បន្ថែម​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​ថ្ងៃ​ បន្ថែមទៀត​។ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុងពេល​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ​អគ្គមេបញ្ជាការ​ង​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​អតីត​តំបន់​ក្រហម បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៣០​ថ្ងៃ​នៃ​ដំណើរការ​អនុវត្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ ​កងទ័ព​បាន​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដូ​ស​ទី​១ ​មាន​ចំនួន​ប្រមាណ​៩០​ម៉ឺន​នាក់ ​និង​ដូ​ស​ទី​២ ​មាន​ចំនួន​ជាង​៦៥​ម៉ឺន​នាក់ ​ហើយ​តាមរយៈ​តួលេខ​នេះ​បាន​បង្ហាញ​ពី​ការអនុវត្ត​ស្របតាម​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ខណៈ​ការអនុវត្ត​បន្ត​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​ជូន​ប្រជាពលរដ្ឋ​ដែល​សេសសល់​ភាគច្រើន​ជា​កម្មករ​កាត់ដេរ​មាន​ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។ដើម្បី​ធានាថា​ ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​ ដែល​កងទ័ព​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ទៅ​ផែនការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ប្រមាណ​១​លាន​នាក់​នោះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ​បាន​បញ្ជាក់​ថា កងទ័ព​នឹង​ប្រើប្រាស់​រយៈពេល​យ៉ាង​យូរ​៥​ថ្ងៃ​ប៉ុណ្ណោះ ​ដើម្បី​បញ្ចប់​ការ​ចាក់​ដូ​ស​ទី​១​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​។ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​វាយតម្លៃ​អំពី​ការ​ប្រឹងប្រែង​របស់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ​និង​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​តាម​ផែនការ ​ពិសេស​តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ធ្វើយ៉ាងណា​ឲ្យ​វ៉ាក់សាំង​ស្រោចស្រព ​និង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុងការ​បង្កើត​ភាព​ស៊ាំ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​។បន្ថែម​លើសពីនេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួល​ដូ​ស​ទី​២ ​សូ​ម​មេត្តា​ទៅ​ទទួល​ការ​ចាក់​តាម​កាលបរិច្ឆេទ​កំណត់ ឬ​ចន្លោះ​ក្រោយ​ការ​ចាក់​ដូ​ស​ទី​១​ចំនួន​១៥​ថ្ងៃ​ទៅ​២៨​ថ្ងៃ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​វ៉ាក់សាំង​៕​អត្ថបទ​៖ ឧ​ត្ត​ម​ ភ័ណ​

ខេត្ត​តាកែវ​រក​ឃើញ​ពលរដ្ឋ ​១៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់

2021/05/31 03:58:36 pm        285
តាកែវ៖ ​ខេត្ត​តាកែវ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន ១៩​នាក់​ទៀត​ បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​បាទី និង​ស្រុក​ត្រាំកក់។ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​របាយការណ៍​មួយ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ផ្ញើ​ទៅ​អភិបាល​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។​របាយការណ៍​នោះ បង្ហាញ​ថា ស្រុក​បាទី​បាន​រក​ឃើញ​ពលរដ្ឋ​ចំនួន ៧​នាក់​ទៀត​ឆ្លង​មេរោគ​​កូវីដ-១៩ ក្នុង​នោះ​មាន​អាជីវករ​ផ្សារ​សំរោងយ៉ោង ២​នាក់ កសិករ ២​នាក់ កូន​សិស្ស ២​នាក់ កម្មការិនី​រោងចក្រ​សាន់បូ​ ១​នាក់ និង​អ្នក​បើ​ករថយន្ត ១​នាក់។ចំណែក​ឯ​ស្រុក​ត្រាំកក់​វិញ របាយការណ៍​ដដែល​នេះ​បញ្ជាក់​ថា បាន​រក​ឃើញ​មនុស្ស ៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​មាន​កសិករ ២​នាក់ អាជីវករ​ម្នាក់​​នៅ​ផ្សារ​ត្រពាំងអណ្ដើក កម្មការិនី​​រោងចក្រម្នាក់ អ្នក​លក់​ដូរ​នៅ​ផ្ទះ​ម្នាក់ និង​ជន​ជាតិ​ម្នាក់។របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ​ក្រុង​ដូនកែវ​ក៏​បាន​រក​ឃើញ​​ពលរដ្ឋ ២​នាក់​ទៀត​ឆ្លង​កូវីដ-១៩​ផង​ដែរ ក្នុង​នោះ​មាន​យោធា​ម្នាក់ និង​ពលករ​ខ្មែរ​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។នៅ​ឯ​ស្រុក​សំរោង​ឯណោះ​វិញ កសិករ​ម្នាក់ និង​កម្មការិនី​ម្នាក់ គឺ​ជា​ករណី​ឆ្លង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​តាកែវ​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។សម្រាប់​ស្រុក​ព្រៃកប្បាស និង​ស្រុក​កោះអណ្ដែត បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ស្រុក​នីមួយៗ ដែល​ជា​ពលករ​ខ្មែរ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ពី​រាជ​ធានី​ភ្នំពេញ៕

អភិបាលខេត្ត​តាកែវ​ បន្ត​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩

2021/05/31 01:09:50 pm        215
ភ្នំពេញ ៖ ​អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការ​ក្រើនរំលឹក ក៏ដូចជា​បន្ត​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩ ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ខេត្តតាកែវ ​នឹង​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​អនុវត្ត​៣​កុំ ៣​ការពារ ឱ្យបាន​ល្អប្រសើរ​។ក្នុងឱកាស​ចុះ​ចែក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជាង​៣០០​គ្រួសារ ​នៅក្នុង​បរិវេណ​វត្ត​ត្រពាំង​ព្រះ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ​កាលពី​ម្សិលមិញ ឯកឧត្តម អ៊ូច ភា ​ អភិបាល​ខេត្តតាកែវ ​បាន​រំលឹក​ប្រជាពលរដ្ឋ​ថា ជំងឺ​កូ​វីដ​-១៩ ​នៅតែ​បន្ត​ឆ្លង​រាលដាល​នៅ​តាម​សហគមន៍ ​និង​ពុំ​ធូរស្បើយ​សោះ ​សម្រាប់​ខេត្តតាកែវ ​ដែល​ទាមទារ​ឱ្យ​ពលរដ្ឋ​ទាំងអស់ បន្ត​រួមគ្នា​ទប់ស្កាត់ ​និង​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​កុំ​ឱ្យ​ឆ្លង​ដល់​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ថែមទៀត​។ឯកឧត្តម បាន​បន្ថែមទៀតថា ដើម្បី​ចូលរួម​ទប់ស្កាត់ នឹង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​ ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​ត្រូវ​ថែរក្សា​សុខភាព​ និង​រស់នៅ​ទម្លាប់​មាន​អនាម័យ ​លាងដៃ​នឹង​សាប៊ូ អាល់កុល និង​ត្រូវ​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់ៗ​គ្នា​ពេល​ចេញ​ក្រៅ​ផ្ទះ មិនត្រូវ​ជួបជុំ​គ្នាច្រើន​ ដែលនាំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​របស់ខ្លួន​។ឯកឧត្តម អ៊ូច ភា បាន​បន្តទៀតថា បច្ចុប្បន្ននេះ ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់ ​ក៏មាន​ការកើនឡើង​ដូចគ្នា​ផងដែរ ដូច្នេះ​ប្រជាពលរដ្ឋ ត្រូវ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​បញ្ហា​នេះ ចៀសវាង​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួងសុខាភិបាល ។ឯកឧត្តម​ អភិបាល​ខេត្តតាកែវ បានធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​បន្ត​ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន អំពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ត្រូវ​ធ្វើយ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​ប្រសិនបើ​គ្មាន​ការចូលរួម​អនុវត្ត​ពី​ប្រជាពលរដ្ឋ​នោះទេ​ មិនអាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​បាន​នោះទេ​៕​អត្ថបទ​៖ គុជ វិភាគ

ក្រសួងកសិកម្ម​រៀបចំ​ផែនការ​គោលនយោបាយ​ជំរុញ​ការ​ដាំ​ដំណាំ​ទុរេន

2021/05/31 12:31:40 pm        318
ភ្នំពេញ ៖ ​ដោយបាន​ពិនិត្យឃើញ ដំណាំ​ទុរេន​កំពុង​តែមាន​សក្ដានុពល​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បាន​និងកំពុង​ត្រៀម​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ ​ដើម្បី​ជំរុញ​ដំណាំ​ទុរេន និង​ផ្លែឈើ​មាន​សក្ដានុពល​ទីផ្សារ​ដទៃទៀត​។ការដាំ​ដំណាំ​ទុរេន​នៅ​កម្ពុជា ​នាពេល​បច្ចុប្បន្ន កំពុងតែ​ពេញនិយម ​ដោយសារ​មាន​អតិថិជន​នៅក្នុង​ស្រុក​ជាច្រើន​បាន​គាំទ្រ​ទៅលើ​គុណភាព ​និង​សុវត្ថិភាព​របស់​ផលិតផល​ទុរេន​កម្ពុជា​។ ​ម្យ៉ាងទៀត តម្លៃ​ទុរេន ​ក្នុងស្រុក​គឺ​ខ្ពស់​ជាង​ទុរេន​នាំចូល ​ហើយ​មិន​មាន​បញ្ហា​ទីផ្សារ​ដោយសារ​មាន​តម្រូវការ​ខ្ពស់​។ កសិករ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន គឺ​ក្នុង​១​ហិកតា ​អាច​ទទួលបាន​ប្រមាណ ១-២ ម៉ឺន​ដុល្លារ ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ដាំ​ទុរេន​ដោយ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ​និង​ទទួល​បាន​ទិន្នផល​ល្អ​។ ប្រសិនបើ​កសិករ​ដាំ​ជា​ទ្រង់ទ្រាយ​ធំ ឬ​ច្រើន​គ្រួសារ​ដោយ​មានការ​ចងក្រង​ជា​សហគមន៍ ដំណាំ​ទុរេន​នឹង​អាច​ជួយ​រក​ចំណូលបាន​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។ ​ទោះបីជា​ដំណាំ​នេះ​ ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ប៉ុន្តែ​តម្រូវ​ឱ្យមាន​ការ​វិនិយោគ​ទុន​ច្រើន និង​ទាមទារ​ការអនុវត្ត​បច្ចេកទេស​ត្រឹមត្រូវ​ជា​មួយនឹង​ការថែទាំ​យ៉ាង​ដិតដល់​ទើប​ទទួល​បាន​ជោគជ័យ​។ដោយបាន​ពិនិត្យឃើញ ដំណាំ​ទុរេន​កំពុង​តែមាន​សក្ដានុពល​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និងកំពុង​ត្រៀម​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ - រៀបចំ​ផែនការ និង​ទិសដៅ​ពង្រីក​ការ​ដាំ​ដំណាំ​ទុរេន និង​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​សក្ដានុពល​សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅ​ប្រទេស - បង្កើត​ស្ថានីយ​បង្កាត់ និង​ផលិត​ពូជ​ទុរេន​និង​ដំណាំ​ហូប​ផ្លែ​ដែល​ពេញ​និយម​សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​ដើម្បី​ងាយស្រួល​ដាក់​លក់​នៅ​លើ​ផ្សារ​ក្នុង ​និង​ក្រៅប្រទេស ​និង​- អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ ដើម្បី​ជួយ​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ទុរេន ​និង​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត។ក្រសួង​ក៏​នឹង បណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ​ទំនើប រួមទាំង​បច្ចេកទេស​មុន​និង​ក្រោយ​ប្រមូល​ផល​ដល់​អ្នក​ដាំ​ដុះ​ឱ្យ​ស្របតាម​ស្តង់ដារ​សុវត្ថិភាព ឆ្លើយ​តមនឹង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការនាំចេញ - ចងក្រង​សហគមន៍​ផលិត​ដំណាំ​ទុរេន និង​ដំណាំ​ហូប​ផ្លែ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្របតាម​ស្តង់ដារ​ និង​តម្រូវការ​ទីផ្សារ - លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​បង្កើត​ការ​វិនិយោគ ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញទៅ​ក្រៅប្រទេស ​និង​- រៀបចំ​បង្កើត​សហព័ន្ធ​កសិឧស្សាហកម្ម​កម្ពុជា ដើម្បី​គាំទ្រ ​លើកទឹកចិត្ត និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ក​សិ​ធុរកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។បច្ចុប្បន្ននេះ កម្ពុ​ជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​ចំនួន ៥ ២៨៩​ហិកតា ​ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល មាន​ចំនួន ៣ ៤០៣​ហិកតា ​ដែល​ទទួល​បាន​បរិមាណ​ផល​ប្រមាណ ៣៦ ៦៥៦​តោន​ក្នុង​១​ឆ្នាំ​៕​អត្ថ​ប​ទ ៖ វណ្ណៈ 

ក្រសួង​អប់រំ​ជំរុញឱ្យ​រួមគ្នា​សកម្ម​ទាំង​អ្នកផ្ដល់ ​និង​អ្នកទទួល​សេវា​អប់រំ​ ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩

2021/05/31 12:20:50 pm        72
ភ្នំពេញ ៖ ​​ក្នុងដំណាក់កាល​កូ​វីដ​-១៩ ដែល​ការសិក្សា​ទូទាំង​ប្រទេស​ត្រូវ​ផ្អែកលើ​ការសិក្សា​អន​ឡាញ និង​ការសិក្សា​ពី​ចម្ងាយ​ទាំងស្រុង អ្នកនាំពាក្យ​ក្រសួង​អប់រំ​ បាន​បញ្ជាក់ថា ​ការអប់រំ​ក្នុង​កាលៈទេសៈ​នេះ គឺ​ទាមទារ​ជា​ចាំបាច់​នូវ​ភាព​សកម្ម​រវាង​ភាគី ​អ្នកផ្ដល់​សេវា​អប់រំ និង​ភាព​សកម្ម​នៃ​ភាគី​ទទួល​សេវា​អប់រំ​ដើរ​ទន្ទឹមគ្នា​ ទើប​ធ្វើឱ្យ​ការអប់រំ​ក្នុង​ដំណាក់កាល​នេះ​មាន​ភាពប្រសើរ​។កំឡុង​ពេលដែល​ការសិក្សា​ទូទាំងប្រទេស​ត្រូវ​ពឹង​ផ្អែកលើ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ​និង​ការសិក្សា​ពី​ចម្ងាយ​នាពេលនេះ ​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន ​និង​កីឡា បាន​បញ្ជាក់​ប្រាប់ BTV​ នាពេល​ថ្មីៗ​នេះ​ថា ការអប់រំ​ក្នុង​គ្រា​លំបាក​នេះ​ គឺ​ទាមទារ​ឱ្យ​ភាព​សកម្មភាព តាំងចិត្ត​ខ្ពស់​ពី​ភាគី​ទាំងពីរ ​គឺ​ភាគី​អ្នកផ្ដល់​សេវា​អប់រំ ​និង​ភាគី​អ្នកទទួល​សេវា​អប់រំ​។ឯកឧត្តម ​អ្នកនាំពាក្យ​បញ្ជាក់ថា ​សម្រាប់​ភាគី​ផ្ដល់​សេវា​អប់រំ​គឺ​មាន​ភាគី​ពាក់ព័ន្ធ​ច្រើន រាប់បញ្ចូល​ទាំង​អ្នក​ជំនាញ​ខាង​ខ្លឹមសារ អ្នក​ជំនាញ​ខាង​ដំណើរការ រួម​ទាំង​អ្នក​ជំនាញ​បច្ចេកទេស រួមគ្នា​ក្នុងការ​បង្កើត​នូវ​ខ្លឹមសារ​បង្រៀន​ និង​បង្កើត​នូវ​កម្មវិធីសិក្សា​មួយចំនួន ​ដែល​មាន​ភាព​ងាយស្រួល​សិក្សា​ក្នុង​កំឡុងពេល​ផ្អាក​ការសិក្សា​នេះ​។ទន្ទឹមនឹង​ភាព​សកម្ម​របស់​អ្នកផ្ដល់​សេវា​អប់រំ ឯកឧត្តម រស់ សុ​វាចា លើក​ឡើងថា​ ការចូលរួម​យ៉ាង​សកម្ម និង​ការ​តាំង​ចិត្ត​ខ្ពស់​របស់ អ្នកទទួល​សេវា​អប់រំ ​ក៏ត្រូវ​ដើរ​ទន្ទឹមគ្នា ​មិនអាច​ខ្វះ​បាន​នោះទេ​។ ឯកឧត្តម​ ថា បើ​អ្នកទទួល​សេវា​អប់រំ​គ្មាន​ការចូលរួម គ្មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​សិក្សា​នោះទេ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ​។ក្នុងដំណាក់កាល​បច្ចុប្បន្ន ដែល​សាលារៀន​ទូទាំង​ប្រទេស​នៅ​បន្ត​ផ្អាក​ដំណើរការ ក្រសួង​អប់រំ​ជា​ភាគី​ធំ​ក្នុង​ការ​ផ្ដល់សេវា​អប់រំ បាន​បង្កើត​នូវ​វីដេអូ​បង្រៀន​ជាច្រើន ដោយមាន​ការ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​លើ​មធ្យោបាយ​មួយ​ចំនួន​ដូចជា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ ប្រព័ន្ធ​យូ​ធូប​ផ្លូវការ​របស់​ក្រសួង ទូរទស្សន៍ ទ​ទក ២ កម្មវិធី​ទូរស័ព្ទ MoEYS E-Learning រួមទាំង​ការចូលរួម​របស់​វិស័យ​ឯកជន​មួយ​ចំនួន​ផងដែរ​។ ទន្ទឹម​នឹងមាន​កម្មវិធី​សិក្សា​ទាំងនេះ គ្រូបង្រៀន​ជាច្រើន​ក៏បាន​ចងក្រង​សិស្ស តាម​ប្រព័ន្ធ​អន​ឡាញ ​ដើម្បី​ធ្វើការ​បង្រៀន និង​ដាក់​កិច្ច​ឱ្យធ្វើ​ជាប្រចាំ​រាល់ថ្ងៃ​ផងដែរ​។​​បច្ចុប្បន្ន​ក្រសួង​អប់រំ​ក៏​មិនទាន់​អាច​កំណត់ កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​វិញ​នោះទេ ដោយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​៕​អត្ថបទ​៖ គឹម​ហុក   

ប្រឡាយ​ជាង ៦០០​ម៉ែត្រ​នឹង​ជួយ​ដល់​ដីស្រែ​កសិករ​ជាង៣០០​ហិកតា​ នៅ​ស្វាយរៀង​មាន​ទឹក​គ្រប់គ្រាន់

2021/05/31 10:59:13 am        232
ស្វាយរៀង ​៖​ ប្រឡាយ​មួយ​ខ្សែ​ប្រវែង​ជាង​៦០០​ម៉ែត្រ ​រួម​និង​ស្ពានបេតុង​ប្រវែង​ជាង​១០​ម៉ែត្រ ស្ថិត​នៅក្នុង​ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយជ្រំ ​ខេត្តស្វាយរៀង​ ត្រូវបាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​តាមរយះ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម ​ជីក​ស្ដារ និង​ស្ថាបនា ​បាន​ប្រមាណ​ជាង​៦០% ​និង​ត្រៀម​ដាក់​អោយ​ពលរដ្ឋ​ប្រើប្រាស់ ​ក្នុង​ការងារ​បង្កបង្កើន​ផល និង​ឆ្លងកាត់​។លោក សុខ សំអន មេឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នៅ​ថ្ងៃទី​៣០ ខែឧសភា​ ម្សិលមិញ បាន​ឲ្យ​ដឹងថា ប្រឡាយ និង​ស្ពាន ដែល​គាំទ្រ​គម្រោង​ដោយ​រាជរដ្ឋាភិបាល ​បច្ចុប្បន្ន​ក្រុមការងារ ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត ​បាន​ជីក​ស្តារ ​និង​ស្ថាបនា​ សម្រេច​បាន​ជាង​៦០% និង​ត្រៀម​ដាក់​អោយ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​វិស័យកសិកម្ម ​និង​ធ្វើដំណើរ​ឆ្លងកាត់ ​នាពេល​ឆាប់ៗ ខាងមុខ​។ លោក​ បាន​បន្តថា ប្រឡាយ​ដែល​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ ជីក​ស្តា​នេះ​មាន​ប្រវែង ៦៥០​ម៉ែត្រ បន្ទាប់ពី​ជីក​ស្តារ​រួចរាល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ​មានលទ្ធភាព​បង្កបង្កើនផល​បាន​ទាំង​ប្រាំង ​និង​វស្សា​នៅ​លើ​ផ្ទៃដី ជាង​៣០០​ហិកតា​នៅ​ក្នុង​ភូមិ​មួយចំនួន​របស់​ឃុំ​។លោក ចាន់ ប៉ុន ពលរដ្ឋ​នៅក្នុង​ឃុំ​សា្វ​យ​យា បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី ​ដែល​បាន​គិតគូរ អភិវឌ្ឍន៍​ ប្រព័ន្ធ​ធារាសាស្ត្រ ​ ស្ពាន ជូន​ពលរដ្ឋ​នៅ​គ្រប់​តំបន់ ពិសេស​នៅ​ក្នុង​ឃុំ​របស់​ពួកគាត់ ​ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​បង្កបង្កើន​ផល ​និង​ធ្វើដំណើរ​ឆ្លងកាត់​នាំ​កសិផល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។ឃុំ​ស្វាយ​យា មាន​ភូមិ​ចំនួន​១៥ មាន​ពលរដ្ឋ​រស់នៅ​និង​អាស្រ័យ​ផល​លើ​វិស័យ​កសិកម្ម ​ចំនួន​ជាង​៣​ពាន់​គ្រួសារ ​បច្ចុប្បន្ន​ឃុំ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ​រាល់​ហេដ្ឋា​រចនា​សម្ព័ន្ធ រូបវន្ត​ ប្រព័ន្ធ ទឹក ភ្លើង ផ្លូវ រួម​និង​ជីវភាព​របស់​ពលរដ្ឋ​ត្រូវ​បាន​លើក​កម្ពស់​ តាម​រយះ​វិ​ស័យ​កសិកម្ម​ សិប្បកម្ម​ខ្នាតតូច ​និង​ចំណូល​បន្ទាប់បន្សំ​បន្ថែម​ពី​រោងចក្រ​សហគ្រាស​នៅ​ក្នុង​តំបន់​៕​អត្ថបទ ៖ ភា សារិត​

កងទ័ព​កម្ពុជា ​ស្នើ​ភាគី​ថៃ​កុំ​ឲ្យ​មានការ​បាញ់​ពលរដ្ឋ​ខ្មែរ ​ខណៈ​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់

2021/05/31 10:34:40 am        271
ភ្នំពេញ ៖ ​មន្ត្រី​យោធា​របស់​កម្ពុជា ​បានស្នើ​ទៅ​ភាគី​ថៃ​ជាថ្មី​ម្តងទៀត ​ដោយ​សូម​ឲ្យ​ឆ្មាំ​ការពារ​ព្រំដែន​របស់​ថៃ ​មានការ​យោគយល់ ​និង​កុំ​ធ្វើការ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ​ពេលដែល​ពួកគាត់​លួច​ឆ្លងដែន​ខុសច្បាប់ ​និង​លួច​ទៅ​កាប់​ឈើ​នៅ​លើ​ទឹកដី​ថៃ​ ជាដើម​នោះ​។ការ​ស្នើសុំ​របស់​យោធា​កម្ពុជា​នេះ​ គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ នៅក្នុង​ភូមិសាស្ត្រ​ជូរ​មុខ​តំបន់ភ្នំ​តាថាវ ​ខេត្តព្រះវិហារ ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ក្នុង​ទប់ស្កាត់​បង្ក្រាប​រាល់​បទ​ល្មើស​ ផ្សេងៗ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​(​កម្ពុជា​-​ថៃ​)​។នៅក្នុង​កិច្ចប្រជុំ​នោះ​ភាគី​ទាំងពីរ បាន​ប្ដេជ្ញា​រួមគ្នា​បន្ត​ក្នុង​ការ​បង្ក្រាប ​និង​ទប់ស្កាត់​រាល់​បទល្មើស​ដែល​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ​ពិសេស​បទល្មើស​ឆ្លងដែន​ដោយ​ខុសច្បាប់​ របស់​បងប្អូន​ពលរដ្ឋខ្មែរ​លួច​ឆ្លងដែន​ចូល​ទៅរ​កកាប់​ឈើ​ប្រណិត​ក្នុង​ទឹកដី​ថៃ​ជាដើម​នោះ​។យ៉ាងណាក៏ដោយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​កម្ពុជា​ បានធ្វើការ​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ថ្នាក់ដឹកនាំ ក៏ដូចជា​អាជ្ញាធរ​ថៃ ​កុំ​មានការ​បាញ់សម្លាប់​ពល​រដ្ឋ​ខ្មែរ​ពេល​ដែល​ពួកគាត់​លួច​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​។ រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ តាម​ព្រំដែន​ មិនត្រូវ​ធ្វើ​អ្វី​ថ្មី​នៅ​ចំណុច​ដែល​មិនទាន់​បាន​កំណត់​ រួមគ្នា​ទប់ស្កាត់​ការ​លួច​ឆ្លងដែន ​និង​កាប់​ព្រៃឈើ​ខុសច្បាប់ និង​ការ​ណាត់​ជួបគ្នា​ឡើងវិញ​ក្នុង​រយ​:​ពេល​១​ខែ​ម្តងនោះ​។​​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ ​សុខុន ​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨ បាន​បញ្ជាក់​ផងដែរ​ថា គោលបំណង​សំខាន់​ក្នុង​កិច្ចប្រជុំ​នេះ គឺ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​បន្ថែម​ទៀត​ រវាង​កងកម្លាំង​ឈរជើង​ជួរមុខ ដើម្បី​រក្សា​បាន​សុខ​សន្តិភាព ​និង​ការអភិវឌ្ឍន៍​ ព្រមទាំង​ការរស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ​ឈរលើ​គោលការណ៍​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ជៀសវាង​ការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​កម្លាំង​ប្រដាប់អាវុធ​។ បន្ថែម​ពី​នោះ​ទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ សុខុន ​បានធ្វើការ​ក្រើនរំលឹក​ទៅដល់​គ្រប់​បណ្តា​អង្គភាព​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច ក្នុង​កិច្ចការពារ ​នៅតាម​គោលដៅ​ខ្សែត្រៀម​ជួរមុខ​ព្រំដែន​កម្ពុជា​-​ថៃ​ត្រូវ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ខិតខំ​ប្រឹងប្រែង​បន្ត​ក្នុងការ​ការពារ គ្រប់គ្រង​បាន​យ៉ាង​រឹងមាំ ដោយ​ឈរលើ​ស្មារតី​ប្រុងប្រយ័ត្ន និង​ទទួលខុសត្រូវ​ខ្ពស់​។ ពិសេស​បង្កើន​ការ​ចេញ​ដើរល្បាត​បាន​ជាប់​ជាប្រចាំ ទោះបីជា​សភាពការណ៍​ព្រំដែន ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា​ក្តី ​ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​៕​អត្ថបទ​បាន ចក់

សម្តេចប្រធានកាកបាទក្រហម ថ្វាយសារលិខិតអរព្រះគុណដល់ហ្លួងម៉ែ ដែល​ប្រទានព្រះរាជទ្រព្យ​ ទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា

2021/05/29 03:42:20 pm        549
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា នៅថ្ងៃទី២៩ឧសភានេះ បានថ្វាយនូវសារលិខិតអរព្រះគុណ ដល់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ​និងសុភមង្គលព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជា​ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រទាននូវព្រះរាជទ្រព្យ​ប្រចាំត្រីមាស​សម្រាប់ទ្រទ្រង់ដល់កម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។សម្តេចប្រធាន បានបញ្ជាក់ក្នុងសារលិខិតថា សម្តេចនិង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា មាន សេចក្តី​សោមនស្ស​រីករាយក្រៃលែង ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 6.000 USD (ប្រាំមួយពាន់ ដុល្លារអាមេរិក) របស់ សម្តេចព្រះមហារត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដែលជាព្រះរាជូបត្ថម្ភ ដ៏ថ្លៃថ្លា ចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់២ត្រីមាស (ខែកក្កដា ដល់ ខែធ្នូ)ឆ្នាំ២០២១។តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទ​ក្រហមកម្ពុជា សម្តេចសូម ព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ជារៀងរហូតមកសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទ​ក្រហម​កម្ពុជា។សម្តេច និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ទៅ​តាម​ព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់របស់​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និង​ប្រជារាស្ត្រដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រធាន ក៏បានបួងសួង គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ​ស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមី នៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំ២០២១នេះ​ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គ មានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់​ប្រថាប់​ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទូត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM