សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

កន្លះខែមកនេះ អាជ្ញាធររាជធានីផ្តល់ស្បៀងជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជាង ២៦ម៉ឺនគ្រួសារ

2021/05/05 11:28:47 am        27
ភ្នំពេញ  ៖ អាជ្ញាធររាជធានី​ ផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ បានជាង ២៦ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី៤ឧសភានេះ។អាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង២៦ម៉ឺនគ្រួសារ ក្នុងរយៈពេលកន្លះខែមកនេះ ។លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ បានសហការជាមួយ កងទ័ពជើងគោកដឹកជញ្ជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួន ២៦៤.២០២គ្រួសារ ដោយគិតចាប់ពីថ្ងៃទី១៩ ​ខែមេសា ដល់ថ្ងៃ០៤ខែ ឧសភា ម្សិលមិញនេះ ។ ចំពោះយុទ្ធនាការនៃការដឹកជញ្ជូនស្បៀង ទៅចែកជូនប្រជាពលរដ្ឋ ជាទ្រង់ទ្រាយធំ រហូតដល់រាប់ម៉ឺនគ្រួសារក្នុងមួយថ្ងៃ ដូចសកម្មភាពកន្លងមកនេះបានឈានដល់ទីបញ្ចប់នៅថ្ងៃ០៥ ខែមេសានេះហើយ។លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចែកជូន​អំណោយនេះដែរ គឺនៅតែបន្តសកម្មភាពដដែល​ នៅតាមមូលដ្ឋានសង្កាត់ និងខណ្ឌជាក់ស្ដែង គ្រាន់តែមិនមានសកម្មភាពកងទ័ពដឹកជញ្ជូនស្បៀងទ្រង់ទ្រាយធំដូចពេលកន្លងមកប៉ុណ្ណោះ។ លោកបញ្ជាក់ថា « អាជ្ញាធរនៅតែបន្តទទួលព័ត៌មាន ពីតម្រូវការរបស់ប្រជាពលរដ្ឋ ហើយនៅតែបន្តចែកអំណោយជូនជាធម្មតា »។អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីចែកជូនឱ្យទាន់ពេលវេលាដែលប្រជាពលរដ្ឋត្រូវបានបិទខ្ទប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង ១​លាន​ដូស​ទៀត​នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​ក្រោយ​នេះ

2021/05/05 09:40:24 am        617
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា វ៉ាក់សាំង​ចំនួន ១​លាន​ដូស​ទៀត នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ធានា​ដល់​ដំណើរការ​​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​នៅ​ក្នុង​«តំបន់​ក្រហម»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​ផ្ញើ​ជូន​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​​នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​​ចាក់​ចំនួន ៥២​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ក្រហម គឺ​មិន​ខ្វះ​ទេ។ ថ្ងៃ​ទី​១១ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស ថ្ងៃ​ទី​១៥ នឹង​មក​ដល់​ ៥០​ម៉ឺន​ដូស​ទៀត គឺ​មាន ១​លាន​ដូស​នៅ​ក្នុង​ដៃ​បន្ថែម​ទៀត»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រាប់​ផង​ដែរ​ទៅ​សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឱ្យ​ដំណើរការ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​ដូច​ធម្មតា​ ហើយ​ចាក់​ដូស​ទី​១​រួច​ហើយ ត្រូវ​បន្ត​ចាក់​ដូស​ទី​២​ទៀត​រហូត​ទាល់​តែ​គ្រប់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​«តំបន់​ក្រហម»។សម្ដេច​តេជោ មាន​ប្រសាសន៍​សង្កត់​ធ្ងន់​​ថា មិន​ថា​ប្រជាជន​ក្នុង​«តំបន់​ក្រហម»​មាន​ចំនួន​ខ្ទង់ ៥២​ម៉ឺន​នាក់ ឬ​ច្រើន​ជាង​នេះ​ទេ រាជ​រដ្ឋាភិបាល​នៅ​តែ​មាន​លទ្ធភាព​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​។ទោះជាយ៉ាងណា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​ទៅ​ប្រជាជន​នៅ​តំបន់​ផ្សេង កុំ​ឱ្យ​ចូល​មក​«តំបន់​ក្រហម»​ដើម្បី​ទទួ​ល​បាន​ការ​ចាក់​វ៉ាក់សាំង ខណៈ​ដែល​សម្ដេច​តេជោ​បញ្ជាក់​ច្បាស់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ពេល​នេះ ត្រូវ​បាន​បង្វែរ​ទៅ​រក​ប្រជាជន​ស្ថិត​ក្នុង​«តំបន់​ក្រហម» ជា​តំបន់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កម្រិត​ធ្ងន់​ធ្ងរ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឱ្យ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាជន​«តំបន់​ក្រហម»​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា​កន្លង​មក​នេះ រហូត​ដល់​ចាក់​ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​គ្រប់​រូប៕ 

ប្រជាពលរដ្ឋ រស់នៅតំបន់ក្រហមតាមបន្ទប់ជួល ​ចំនួន៨០គ្រួសារ​ បានទទួលអំណោយ ស្បៀង​អាហារ

2021/05/03 04:25:22 pm        155
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសបងប្អូនពលរដ្ឋ ដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់​ និងរីករាលដាលខ្លាំងនៅជំងឺ ​covid19 ត្រូវការជំនួយ និងស្បៀងអាហារ។ជាក់ស្ដែង នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៣ ខែ ឧសភានេះ ​អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ តាមរយៈ​រដ្ឋបាលរាជធានីភ្នំពេញ ចំនួន៨០គ្រួសារ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទប់ជួល  ស្ថិតនៅភូមិឬស្សីទី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋ ទ្រាំលំបាកក្នុងរយះពេលខ្លីទាំងអស់គ្នា ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជំងឺ covid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ​បានជោគជ័យ និងមួយទៀតនោះគឺបងប្អូនពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ចាប់ខ្ចួន៕អត្ថបទ ៖ កុម្ភះ

សំណាកទី២ លើអ្នកពាក់ព័ន្ធបុរសវិជ្ជមានកូវីដ១៩ នៅស្រុករុក្ខគិរី លទ្ធផលអវិជ្ជមានទាំងអស់

2021/05/03 09:29:41 am        184
បាត់ដំបង ៖ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានធ្វើសំណាកលើកទី២ លើមនុស្សជាង១០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់វិជ្ជមានកូវីដ១៩ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេតម្រូវធ្វើចត្តាឡីស័ក ឲ្យគ្រប់ចំនួន ១៤ថ្ងៃ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។ដោយអ្នកពាក់ព័ន្ធនឹងបុរសនោះទាំងអស់ ក្រៅពីធ្វើសំណាករកជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌល ឬនៅផ្ទះរបស់ពួកគេ ហើយសម្រាប់ភូមិអ្នកជំងឺកូវីដ១៩នោះ រស់នៅក៏ត្រូវបានបិទខ្ទប់មិនឲ្យចេញចូលរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រៅពីអ្នកដែលបានយកសំណាក រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ពុំបានរកឃើញបន្តនៃអ្នកប៉ះពាល់ដោយផ្ទាល់​ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ រស់នៅស្រុករុក្ខគិរីនេះបន្ថែមទៀតនោះទេ ។សម្រាប់ពលរដ្ឋ កំពុងរស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ជាតំបន់បិទខ្ទប់ បានលើកឡើងថា ពួកគាត់មិនមានការខឹងសម្បារអ្វី នឹងអាជ្ញាធរខេត្តនោះទេ ចំពោះវិធានការបិទភូមិរបស់ពួកគាត់នេះ ដោយចាត់ទុកថា នេះជាវិធានការដ៏ល្អមួយ កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ពួកគាត់រស់នៅ ។ពួកគាត់ ប្ដេជ្ញាថា នឹងបន្តអនុវត្តនូវការស្ថិតក្នុងផ្ទះ មិនចេញទៅណា តាមការណែនាំរបស់អាជ្ញាធរខេត្ត ឲ្យគ្រប់ចំនួនថ្ងៃដែលបានកំណត់ រួមទាំងបន្តអនុវត្តនូវ ៣កុំ ៣ការពារ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ក្នុងឱកាសចុះសំណេះសំណាល និងយកអំណោយជូនចែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្នាចអំពរ និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅភូមិផ្សេងទៀត ក្នុងស្រុករុក្ខគិរី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសូមការយោគយល់ពីប្រជាពលរដ្ឋ ពីវិធានការបិទខ្ទប់ភូមិ និងការឲ្យធ្វើចត្តាឡីស័ក និងស្នើរួមគ្នាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងគ្រប់កាលកំណត់របស់អាជ្ញាធរ ។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវពលរដ្ឋ មានសាច់ញាតិរស់នៅក្នុងរាជធានីភ្នំពេញ ឬនៅតាមតំបន់បិទខ្ទប់ នៃខេត្តណាមួយ សូមប្រាប់ពួកគេកុំឲ្យទាន់ត្រឡប់មកផ្ទះ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរខេត្តពួកគេកំពុងរស់នៅ ។ បើសិនបានជាត្រឡប់មកវិញ កុំគេចវេះ ត្រូវចូលខ្លួនឲ្យមន្ត្រីសុខាភិបាលពិនិត្យសុខភាពយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា ៕អត្ថបទ សុខរិទ្ធ

ទេសរដ្ឋមន្រ្តី លី ធុជ ​នាំយកអំណោយ​របស់​សប្បុរសជន​ ផ្ដល់​ជូន​ពលរដ្ឋ នៅតំបន់បិទខ្ទប់ក្នុង រាជធានីភ្នំពេញ

2021/05/03 10:24:24 am        508
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា  ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បាន​​នាំយក​សប្បុរសជន​ខ្មែរនៅប្រទេស ​អូស្ត្រាលី នូវគ្រឿង ឧបភោគ បរិភោគ ​ប្រគល់​ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយ សារកូវីដ-១៩ និងកំពុងរស់នៅតាមតំបន់បិទខ្ទប់ ក្នុង​រាជធានីភ្នំពេញ។សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគនេះ ឧបត្ថម្ភ ដោយ សមាគមន៍ Australasian Business Association Inc (ABA) ដែលមានលោក Jason Sara ជាប្រធាន លោក Tee Tan អនុប្រធាន រួមជាមួយបងប្អូនជាអនុប្រធាន សមាជិកក្រុមការងារសមាគមន៍ ABA និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី រួមមាន៖ ត្រីខកំប៉ុង ៥០ កេស, អង្ករ ៨ តោន, ទឹកត្រី ៤០០យូរ និងទឹកស៊ីអ៊ីវ ៤០០យូរ ព្រម ទាំង មាន ការ ចូលរួម ពី លោក ស្រី ប៊ុត រតនា នាយិកា មូលនិធិ Sir Bobby Charlton មី ជាតិ ចំនួន ១០០ កេស ។ក្នុង​ឱកាសនោះ លោកជំទាវ​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន  មានប្រសាសន៍ថា ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បាន កៀរគរ​បងប្អូនខ្មែរនៅក្រៅប្រទេស រួមជាមួយនឹងកម្លាំងកាយចិត្ត កម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរងផលប៉ះពាល់ ដោយសារ វិបត្តិកូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាពេលនេះ។ អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុក ដាក់ក្នុងចូលរួមចំណែកពីសំណាក់ ឯកឧត្តម លោកស្រី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ ។ជាមួយគ្នានេះ ឯកឧត្តតម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះសមាគមន៍ ABA និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលី ក៏ដូចជា សប្បុរសជន ដទៃទៀត ដែល បានចូលរួមឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩នេះ។ឯកឧត្តតម បានបន្តទៀតថា ការឧបត្ថម្ភស្បៀង នេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខ្វះខាត ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាបែបនេះ ហើយក៏ជាការ បង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេស ដើម្បី រួមសាមគ្គីគ្នា ជួយជ្រោមជ្រែង​ទៅដល់ការឆ្លើយតបទៅ នឹងវិធានការការ ទប់ស្កាត់ ការរីករាលជំងឺ កូវីដ -១៩ ផងដែរ៕

សម្តេចតេជោ ៖ ព័ត៌មានជាចំណីអាហារប្រចាំថ្ងៃ ដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈនៃការឆ្លងជម្ងឺកូវីដ១៩

2021/05/03 09:30:05 am        204
ភ្នំពេញ ៖ នៅ​ថ្ងៃទី៣ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតក្នុងឱកាស « ទិវាសេរីភាពសារព័ត៌មានសកល លោក»លើកទី២៨ ថ្ងៃទី៣ឧសភានេះថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃ ដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយ និងសោកនាដកម្មការឆ្លងជម្ងឺកូវីដ១៩ ។ សម្តេច ក៏បានសូមឱ្យអ្នកសារព័ត៌ មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់​សារអប់រំ និងវិធាន ការបង្ការជំងឺឆ្លងកូវីដ -១៩ របស់ក្រសួងសុខាភិបាល។ក្នុងឱកាសទិវា សេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀង រាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន ការ លើក ស្ទួយឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងធានា សុវត្ថិភាពដល់អ្នកសារ ព័ត៌មានក្នុងការបំពេញភារកិច្ចតាមវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែម ទៀត ដើម្បីបំរើផលប្រយោជន៍ សាធារណជនក្នុងការចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម និងសុខដុមនីយកម្មសកល ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទាំងសកល លោក ។ សម្តេច មានប្រសាសន៍ថា ទិវាសេរីភាព សារព័ត៌មានសកលលោក លើកទី២៨ ដែលបានលើកយកប្រធាន បទស្តីពី «ផលប្រយោជន៍នព័ត៌មានចំពោះ សាធារណ ជន »គឺពិតជាមានសារសំខាន់ណាស់ ជាពិសេស នៅក្នុងកាលៈទេសៈដែលសកលលោក បាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លងរាត ត្បាតសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់បានឆ្លងមេរោគដ៏កាចសាហាវនេះ។ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ សម្តេចបានសូមឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូរី -១៩ របស់ក្រសួងសុខាភិ បាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញ ពីផ្ទះនៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។សម្តេច បញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ ។ ដូច្នេះសូមបងប្អូន ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូរីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លង ថ្មី ដែលអាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បី ឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត។សម្តេចក៏បានយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំសា្ថប័នសារព័ត៌មានទាំងអស់បង្កើន ការយកចិត្តទុកដាក់ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការ រីកចម្រើន បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ ការ បំពេញភារកិច្ចមាន ប្រសិទ្ធភាព ព្រមទាំង ចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យ បានហ្មត់ចត់ខ្ជាប់ខ្ជួននិងរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា ក៏ដូចជានៅទូទាំង សកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែល តែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន៕អត្ថបទ មុត សុទ្ធ

ក្រសួងការងារ អំពាវនាវអ្នករស់នៅតំបន់ក្រហម មុនទៅចាក់វ៉ាក់សាំង សូមឲ្យមានលេខរៀងជាមុនសិន

2021/05/01 08:37:16 am        504
ភ្នំពេញ ៖  ឯកឧត្តម អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែឧសភានេះ ​បានផ្ញើសារជូនដល់កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម គប្បីទៅចុះឈ្មោះ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ជាមុនសិន និងកុំព្រួយបារម្ភពីការមិនបានចាក់វ៉ាក់សាំង ព្រោះថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនគ្រប់ៗគ្នា។ក្នុងសារជាសំឡេង​ផ្ញើជូនកម្មករនិយោជិត ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចាក់វ៉ាសាំងជូនបងប្អូនកម្មករ និយោជិត ក៏ដូចជាបងប្អូនទូទៅដែលរស់នៅក្នុងខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ និងខណ្ឌកំបូល គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ចំណែក ចំពោះនីតិវិធីការចាក់នោះ គឺទាល់តែមានលិខិតអញ្ជើញពីភូមិ ឬមានលេខរៀងពីភូមិ ឬសង្កាត់ជាមុនសិន។ ហេតុនេះ បើបងប្អូនមិនទាន់មានលេខរៀងអញ្ជើញ ទេ កុំអាលទៅកាន់កន្លែងចាក់វ៉ាក់សាំង ពីព្រោះថា តាមគោលដៅនីមួយៗ គឺមានចំនួនកំណត់ ហេតុនេះបើបងប្អូននាំគ្នាទៅ មិនមានលេខរៀងនោះ នាំឱ្យជួបបញ្ហាប្រឈមខ្ពស់ នៃការរាលដាលឆ្លងជំងឺមួយនេះ។ឯកឧត្តម ហេង សួរ បន្ថែមទៀតថា នៅពាក់កណ្តាល ខែឧសភាខាងមុខ វ៉ាក់សាំងបង្ការកូវីដ១៩ នឹងមកបន្ថែមទៀត ហេតុនេះ សូមមបងប្អូននឹង-ន ចិត្ត ហើយទៅចាក់វ៉ាក់សាំង ឱ្យមានរបៀបរៀបរយទៅតាមការកំណត់របស់ភូមិ សង្កាត់ ដែលមានន័យថា ទាល់មានលិខិតអញ្ជើញ​ មានលេខរៀងត្រឹមត្រូវ ទើបអាចទៅធ្វើការ ចាក់ដូសទី១បាន ខណៈដែលពេលនេះក្រុម ពេទ្យយោធា កំពុងតែឈរជើង នៅក្បែរបងប្អូនរស់នៅស្រាប់៕អត្ថបទ ៖ ឈិត បូរ៉ាវី

ស្រ្តីកម្ពុជាជាង៩០ភាគរយ ក្នុងវិស័យការងារមិនទាន់បានទទួលកិច្ចគាំពារមាតុភាព

2021/05/01 07:57:25 am        247
ភ្នំពេញ ៖  អង្គការអុកស្វាម (Oxfam) នៅថ្ងៃនេះ បានប្រកាសបើកយុទ្ធនាការកិច្ចគាំពារមាតុភាពក្នុងទិវាពលកម្មអន្តរជាតិ ដើម្បីបង្កើនការយកចិត្តទុកដាក់ទៅដល់កម្មការិនីនៅតាមវិស័យនានា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជារឿយៗពុំទាន់ត្រូវបានគេគិតគូរពេញលេញនៅឡើយ ទាំងនៅប្រទេសកម្ពុជា និងតំបន់អាស៊ាន។នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣៥នាឆ្នាំនេះ អង្គការអុកស្វាម បានលើកឡើងថា ឆ្នាំនេះអង្គការ និងដៃគូនៅកម្ពុជា ឡាវ និងវៀតណាម បានរួមគ្នារៀបចំយុទ្ធនាការកិច្ចគាំពារមាតុភាពមួយ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ និងដោះស្រាយលើរាល់បញ្ហាប្រឈមរបស់កម្មការិនីនៅក្នុងវិស័យខាងលើ ដើម្បីទទួលបានកិច្ចគាំពារមាតុភាពពេញលេញ និងសមស្រប និងខណៈដែលនៅក្នុងប្រទេសកម្ពុជាស្ត្រីប្រមាណជាង ៩០ភាគរយ ក្នុងវិស័យការងារមិនទាន់បានទទួលកិច្ចគាំពារមាតុភាពនៅឡើយទេ ដោយសារស្ថានភាពការងារក្រៅប្រព័ន្ធរបស់ពួកគេ ដែលយុទ្ធនាការនេះមានរយៈពេល ២ខែ ធ្វើឡើងតាមប្រព័ន្ធ អនឡាញ។លោកស្រី លឹម សូលីន នាយិកាអង្គការ អុកស្វាម មានប្រសាសន៍ថា កិច្ចគាំពារមាតុភាព គឺជាសិទ្ធិមូលដ្ឋាន និងសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញ ហើយកិច្ចគាំពារនេះ គឺជាការចាំបាច់ណាស់ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ សុខុមាលភាព និងសុខភាពរបស់ម្តាយនិងកូន ក៏ដូចជាក្នុងការទទួលបានឱកាស និងភាពស្មើគ្នាក្នុងវិស័យការងាររវាងស្រ្តី និងបុរស ក៏ដូចជាពលរដ្ឋក្នុងក្រុមផ្សេងៗផងដែរ។នៅក្នុងសេចក្តីប្រកាសខាងលើនេះ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានបញ្ជាក់ថា កិច្ចគាំពារមាតុភាព គឺជាតម្លៃរបស់មនុស្សទូទៅ និងជាមូលដ្ឋាន នៃសមភាពយេនឌ័រ និងសេដ្ឋកិច្ចដែលគិតគូរលើការគាំពារនិងថែទាំ។ នៅកម្ពុជា ការចូលរួមនៃកម្លាំងពលកម្មស្ត្រីកំពុងតែមានការកើនឡើងជាលំដាប់ ហើយតម្រូវការកិច្ចគាំពារមាតុភាពកាន់តែមានសារៈសំខាន់ និងត្រូវយកចិត្តទុកដាក់សម្រាប់គ្រប់ៗគ្នា។ ឯកឧត្តម លើកឡើងបន្តថា ក្រសួងកិច្ចការនារី តាមរយៈផែនការយុទ្ធសាស្ត្រ នារីរតនទី៥ ឆ្នាំ២០១៩-២០២៣ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវពីគ្រប់មជ្ឈដ្ឋានលើរបៀបវារៈនេះ។ របាយការណ៍របស់ធនាគារពិភពលោក ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីដែលស្ថិតនៅក្នុងវ័យសកម្មក្នុងការពរពោះនៅចន្លោះពីអាយុ ២៥ដល់៣៤ឆ្នាំ ហាក់មានចំនួនច្រើនលើសលប់នៅក្នុងចំណោមអ្នកមានជីវភាពខ្វះខាត។ សម្រាប់កម្ពុជា ស្ត្រីចំណាយពេលជាមធ្យម ៣.៥ម៉ោង ច្រើនជាងបុរសទៅលើការមើលថែកូនដោយមិនទទួលបានប្រាក់ចំណូល និងការងារផ្ទះ សូម្បីតែអំឡុងមានផ្ទៃពោះ និងមាតុភាពក៏ដោយ ហើយជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩តែម្តង៕អត្ថបទ ៖ បូរ៉ាវី 

សម្តេចតេជោ បន្តអំពាវនាវ ដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

2021/05/01 10:03:26 am        304
ភ្នំពេញ ៖ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតទៅកាន់ជនរួមជាតិក្នុង ឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២១។តាមរយៈសាលិខិតនេះ សម្តេច ក៏បានអំពាវនាវ ដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូន កម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តអោយបានហ្មត់ចត់បំផុត។សម្តេច បានមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាក់ស្ដែង រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកដំណើរការថ្មី ដែលផ្តល់ការងារដល់កម្មករនិយោជិតសរុបជាង ៦ម៉ឺននាក់បន្ថែម។ លើសពីនេះ ចំនួនរោងចក្រ សហគ្រាស ដែលបានព្យួរកិច្ចសន្យាការងារបានធ្លាក់ចុះពីចំណុចកំពូលនៅខែមិថុនា ឆ្នាំ២០២០ ពីចំនួន ៤៣៣ ស្មើនឹងកម្មករ និយោជិតជាង ១៥ម៉ឺននាក់ មកត្រឹម ១៥០រោងចក្រ សហគ្រាស ស្មើនឹងកម្មករជាង ២ម៉ឺននាក់ គិតត្រឹមបំណាច់ ឆ្នាំ២០២០ និងបន្តធ្លាក់ចុះជាបណ្តើរ ៗផងដែរ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានចុះឈ្មោះ ស្វែងរកការងារចំនួន ១៧ ២០១នាក់, បានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ១៨៤ ៨០៨នាក់ និងបានបន្តជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំ។កន្លងទៅនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម សម្តេចផ្ទាល់បាន ចុះជួបជាមួយបងប្អូនកម្មករនិយោជិត បានចំនួន៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដែលតាមរយៈជំនួបទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ ចេញនូវគោលការណ៍ និងវិធានការជាច្រើន ជាពិសេសអនុសាសន៍១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ហើយសម្តេចនឹងបន្តសកម្មភាព នេះជារៀងរហូតនៅក្នុងតំណែង របស់សម្តេច ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែសម្តេចក៏សូមការអធ្យាស្រ័យ ដែលនៅឆ្នាំ២០២១នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វដង ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាម កំហែងសុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងសកលលោក។ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈលើវិស័យការងារសម្តេច ក៏បញ្ជាក់ថា ជាអកុសល វិបត្តិនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩បានជះ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយប្រទេសកម្ពុជាក៏មិន អាចចៀសផុតពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ ហើយដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ៧ជុំ រួចមកហើយ។សម្តេច បន្តថា ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បានបណ្តាលឱ្យ ករណី​វិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាង គំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ផងដែរ។ រាជរដ្ឋាភិបាលបាន បន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណង (១) កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម សេដ្ឋកិច្ចដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ, (២) បន្តសុពលភាពនៃវិធានការដែល បានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗខាងមុខ , (៣) បន្តដាក់ចេញ និងអនុវត្តនូវ វិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៤) បន្តជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរួមមាន ៖១-វិធានការបន្តជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍បន្ទាប់ពី រោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកតាមលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិ បាល។ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានបន្តអំពាវនាវ ជាថ្មីម្ដងទៀតដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូន កម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងអនុវត្តឱ្យបានហ្មត់ចត់បំផុតនូវ វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន «៣ការពារ» និង «៣កុំ»៕អត្ថបទ មុត សុទ្ធ

អាជ្ញាធរបន្ដបិទខ្ទប់ តំបន់មួយចំនួនទៀត ក្នុងក្រុងសៀមរាប ខណៈរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១៥នាក់បន្ថែមទៀត

2021/04/30 01:50:58 pm        142
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប តំបន់មួយចំនួន នៅក្រុងសៀមរាប បានបន្ដបិទខ្ទប់មិនចេញចូល ព្រមទាំងផ្អាកការលក់ដូរគ្រឿងស្រវឹងបណ្ណោះអាសន្ន ខណៈដែលអាជ្ញាធរខេត្ដនេះ ​បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយកាលពីថ្ងៃទី២៩ខែមេសានេះ បានបង្ហាញថា អ្នកឆ្លងកូវីដ១៩ចំនួន១៣ជាធ្វើដំណើរមកពីខេត្ដផ្សេង រួមមាន រាជធានីភ្នំពេញ ខេត្ដកំពង់ធំ និងខេត្ដព្រះសីហនុ និង២នាក់ជាអ្នកឆ្លងនៅក្នុងសហគមន៍នៃខេត្ដសៀមរាប។បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង១៥រូបខាងលើ។ លិខិតដដែល បានបន្ដថា គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាម លទ្ធផលនៃការស្រាវជ្រាវ នឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូននាពេលខាងមុខ។ក្នុងសេចក្ដីបប្រកាសព័ត៌មានដដែល ក៏​អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹង វិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ជាមួយគ្នានោះដែរ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនេះ អាជ្ញាធរខេត្ដសៀមរាប ក៏​បានបន្ដផ្អាកជាបណ្ដោះអាសន្ន នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនុលោមទៅតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រដ្ឋបាលខេត្តសៀមរាប។ លិខិតក៏​បានហាមឃាត់រាល់ការជួបជុំប្រមូលផ្តុំគ្នាពីគេហដ្ឋានមួយទៅគេហដ្ឋាន ឬទីកន្លែងផ្សេងៗ ដើម្បីពិសារគ្រឿង ស្រវឹង និងការចាក់ឧបករណ៍បំពងសំឡេង​ការច្រៀង រាំកម្សាន្ត ត្រូវហាមជាដាច់ខាតផងដែរ។ក្នុងករណីបុគ្គលណា ឬម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ត ហាងលក់កសត្វ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ បងប្អូន អាជីវករ ប្រជាពលរដ្ឋ និងសាធារណជន មិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមាន សមត្ថកិច្ចនឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋាន់គតិយុត្តជាធរមាន។សូមជម្រាបថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩កើនឡើងដល់ចំនួន៣៦នាក់ក្នុងនោះ ១២នាក់ បានព្យាបាលជាសះស្បើយ និងមួយចំនួនទៀតកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ៕អត្ថបទ ៖ សាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM