TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីអ៊ីស្រាអែល លាលែងពីរដ្ឋាភិបាលរួបរួម ដោយនិយាយថា ខ្លួនត្រូវគេដាក់ឱ្យនៅក្រៅប្រព័ន្ធ

2024/03/26 09:42:04 am        217
រដ្ឋមន្ត្រីអ៊ីស្រាអែលជើងចាស់ម្នាក់ ដែលបានចូលរួមជាមួយរដ្ឋាភិបាលរួបរួមគ្រាអាសន្នរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា របស់ពួកហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនបានលាលែងពីតំណែង បន្ទាប់ពីមិនត្រូវបានដាក់បញ្ចូលក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមកម្រិតខ្ពស់បំផុត។លោក ហ្គីឌៀន សា (Gideon Saar) បានចូលរួមក្នុងរដ្ឋាភិបាលរួបរួមជាមួយនឹងសមាជិកបក្សប្រឆាំងមួយចំនួនទៀត ដើម្បីជួយគ្រប់គ្រងសង្រ្គាមប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ការចាកចេញរបស់លោក សា រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់លោកផ្សេងទៀត មិនត្រូវបានរំពឹងថានឹងប៉ះពាល់ដល់ស្ថិរភាពនៃរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ដែលនៅតែគ្រប់គ្រងសំឡេងភាគច្រើនច្បាស់លាស់នៅក្នុងសភាទេ។លោក សា ធ្លាប់ជាគូប្រជែងនឹងលោក ណេតាន់យ៉ាហ៊ូ នៅក្នុងគណបក្សស្តាំនិយម លីគុត (Likud) មុនពេលចូលរួមជាមួយប្លុកកណ្តាលនិយម ដែលដឹកនាំដោយអតីតប្រមុខយោធា លោក បេននី ហ្កាន់ស៍ (Benny Gantz) ហើយអ្នកទាំងពីរនេះបានរួមគ្នាចូលទៅក្នុងរដ្ឋាភិបាលគ្រាអាសន្ន។ លោក ហ្កាន់ស៍ បានក្លាយជាសមាជិកនៃវេទិកាតូចក្នុងការធ្វើការសម្រេចចិត្តនៅក្នុងគណៈរដ្ឋមន្ត្រីសង្រ្គាម ខណៈពេលដែល លោក សា មិនត្រូវបានគេដាក់បញ្ចូលនោះទេ។ការលាលែងពីតំណែងនេះមិនមានការភ្ញាក់ផ្អើលឡើយ ខណៈលោក សា បានបែកបាក់សម្ព័ន្ធភាពជាមួយលោក ហ្កាន់ស៍ កាលពីដើមខែនេះ៕

ប្រមុខរបបសឹកនិយាយថា ការបោះឆ្នោតបន្ទាប់របស់មីយ៉ាន់ម៉ា អាចនឹងមិនធ្វើទូទាំងប្រទេសទេ

2024/03/26 09:20:57 am        233
ប្រមុខមេទ័ពរបស់របបសឹកបាននិយាយថា សហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធាគ្រោងនឹងរៀបចំការបោះឆ្នោត ប្រសិនបើមានសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ប៉ុន្តែប្រហែលជាមិនអាចរៀបចំបោះឆ្នោតទូទាំងប្រទេសបានទេ ខណៈដែលរបបសឹកកំពុងប្រយុទ្ធដើម្បីទប់ទល់នឹងការបះបោរនៅលើសមរភូមិមុខជាច្រើន។មេដឹកនាំយោធា លោក មីន អ៊ុងល៉ាំង (Min Aung Hlaing) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថាស (Tass) របស់រុស្ស៊ី ថា យោធាដែលកាន់អំណាចចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីបីឆ្នាំមុន នៅតែគ្រោងនឹងប្រគល់ប្រទេសទៅកាន់ការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យវិញ នេះបើយោងតាមសម្រង់អត្ថបទនៃបទសម្ភាសន៍ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា។របបសឹកបានបន្តច្បាប់គ្រាអាសន្នរបស់ប្រទេសម្តងហើយម្តងទៀតរៀងរាល់ប្រាំមួយខែម្តង ដោយលើកឡើងពីតម្រូវការដើម្បីធ្វើឱ្យមានស្ថេរភាពប្រទេស និងកម្ទេចគូប្រជែងរបស់ខ្លួន ដែលខ្លួនពិពណ៌នាថាជាភេរវករ។ក្រុមអ្នករិះគន់ និងបណ្តាប្រទេសលោកខាងលិចបាននិយាយថា ការបោះឆ្នោតនៅមីយ៉ានម៉ា នឹងក្លាយជារឿងអាម៉ាស់មួយ ដោយគណបក្សជាង ៤០ ត្រូវបានរំលាយចាប់តាំងពីរដ្ឋប្រហារមក និងច្បាប់ហាមឃាត់ជាច្រើនដែលធ្វើឱ្យមានការលំបាកសម្រាប់គណបក្សថ្មីក្នុងការបង្កើត ឬប្រជែងនឹងអ្នកតំណាងនៃយោធា៕

ចិន និយាយថាទំនាក់ទំនងជាមួយហ្វីលីពីន កំពុងស្ថិតនៅផ្លូវបំបែក ស្របពេលឧប្បត្តិហេតុសមុទ្រ

2024/03/26 09:03:02 am        208
ប្រទេសចិន បានព្រមានហ្វីលីពីន កាលពីថ្ងៃចន្ទ (២៥ មីនា) ឱ្យធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងស្វែងរកការសន្ទនា ដោយនិយាយថាទំនាក់ទំនងរបស់ពួកគេគឺកំពុងស្ថិតនៅលើ «ផ្លូវបំបែក» ខណៈដែលការប្រឈមមុខដាក់គ្នាថ្មីៗរវាងឆ្មាំល្បាតឆ្នេរសមុទ្ររបស់ពួកគេជុំវិញការទាមទារដែនសមុទ្រ ធ្វើឱ្យភាពតានតឹងកាន់តែស៊ីជម្រៅ។នេះគឺជាការព្រមានលើកទីពីរដោយក្រសួងការបរទេសចិន ក្នុងរយៈពេល ៣ ខែ ខណៈដែលប្រទេសទាំងពីរបានឈ្លោះគ្នាដោយបើកចំហចំពោះការទាមទារទឹកដីនៅក្នុងប្រជុំកោះ ស្ព្រាតលី (Spratly) ដែលជាប្រជុំកោះភាគច្រើនគ្មានមនុស្សរស់នៅនៅក្នុងសមុទ្រចិនខាងត្បូង។សារព្រមាននេះត្រូវបានបញ្ជូនដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន សាវតុង (Chen Xiaodong) ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វីលីពីន លោកស្រី ថឺរ៉េសា ឡាហ្សារូ (Theresa Lazaro) ស្របពេលមានជម្លោះកាន់តែអាក្រក់ទៅៗ ជុំវិញការប៉ះទង្គិចគ្នានៅឯដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅសមុទ្រចិនខាងត្បូង។ហ្វីលីពីន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ចិន ថាបានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូកស៊ីវិលដែលផ្គត់ផ្គង់កងទ័ពកាលពីថ្ងៃសៅរ៍ នៅឯដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលខ្លួនបាននិយាយថាបានធ្វើឱ្យទូកខូចខាត និងធ្វើឱ្យនាវិកមួយចំនួនរងរបួស។ ឆ្មាំល្បាតឆ្នេរចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចាត់វិធានការចាំបាច់ប្រឆាំងនឹងនាវាហ្វីលីពីន ដែលឈ្លានពាននៅក្នុងដែនទឹករបស់ខ្លួនប៉ុណ្ណោះ៕

លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ប៉ះទង្គិចគ្នា បន្ទាប់ពីការបោះឆ្នោតហ្កាហ្សា នៅ UN

2024/03/26 08:59:10 am        330
ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្លាក់ចុះដល់កម្រិតទាបមួយក្នុងសម័យសង្គ្រាម កាលពីថ្ងៃចន្ទ (២៥ មីនា) ដោយសហរដ្ឋអាមេរិក អនុញ្ញាតឱ្យអនុម័តសេចក្ដីសម្រេចបទឈប់បាញ់តំបន់ហ្កាហ្សា នៅអង្គការសហប្រជាជាតិ និងបានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងពីមេដឹកនាំអ៊ីស្រាអែល។លោក ណេតាន់យ៉ាហ៊ូ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះដែលដឹកនាំដោយគណៈប្រតិភូជាន់ខ្ពស់មួយរូប ដើម្បីពិភាក្សាអំពីការវាយលុករបស់អ៊ីស្រាអែលនៅក្នុងទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុបវាទនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។ការផ្អាកកិច្ចប្រជុំនោះ បានដាក់ឧបសគ្គថ្មីដ៏ធំមួយនៅក្នុងផ្លូវនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលព្រួយបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌ដ៏ស៊ីជម្រៅនៅក្នុងតំបន់ហ្កាហ្សា ដើម្បីឱ្យលោក ណេតាន់យ៉ាហ៊ូ ពិចារណាជម្រើសផ្សេងជំនួសការឈ្លានពានជើងគោកលើក្រុង រ៉ាហ្វា ដែលជាជម្រកសុវត្ថិភាពចុងក្រោយសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ការគំរាមវាយលុកបែបនេះ បានបង្កើនភាពតានតឹងរវាងសម្ព័ន្ធមិត្តដ៏យូររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានចោទជាសំណួរថាតើសហរដ្ឋអាមេរិក អាចនឹងដាក់កម្រិតលើជំនួយយោធាឬយ៉ាងណា ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹងលោក បៃដិន ហើយរឹងទទឹងបន្តទៅមុខជាមួយផែនការក្រុងរ៉ាហ្វានេះ៕

លោក ម៉ាក្រុង និយាយថា ក្រុមរដ្ឋអ៊ីស្លាម ដែលបានវាយប្រហាររុស្ស៊ី បានព្យាយាមវាយប្រហារបារាំង

2024/03/26 08:26:35 am        303
លោកប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron )បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្ស១៣៧នាក់ ក្នុងសាលប្រគំតន្ត្រីខាងក្រៅទីក្រុងមូស្គូ គឺជាផ្នែកមួយនៃសាខារបស់ក្រុមរដ្ឋអ៊ីស្លាម IS ដែលនៅពីក្រោយការប៉ុនប៉ងពុំបានសម្រេចក្នុងការវាយប្រហារនៅប្រទេសបារាំង កាលពីប៉ុន្មានខែមុន។ លោកម៉ាក្រុង និងលោកនាយករដ្ឋមន្ត្រី ហ្កាប្រ៊ីយ៉ែល អាតាល់ ( Gabriel Attal) បាននិយាយថា នេះជាមូលហេតុដែលរដ្ឋាភិបាលបារាំងកាលពីថ្ងៃអាទិត្យបានដំឡើងការព្រមានផ្នែកសន្តិសុខរបស់ប្រទេសនេះដល់កម្រិតខ្ពស់បំផុត ។ ទាហានជាច្រើនបន្ថែមទៀត នឹងត្រូវដាក់ពង្រាយត្រៀម និងល្បាតតំបន់នានាដែលប្រឈមគ្រោះថ្នាក់ខ្លាំង រួមទាំងសាលារៀនផងដែរ។ ក្រុមរដ្ឋអ៊ីស្លាម បាននិយាយថា ការវាយប្រហារនៅព្រឹត្តិការណ៍ប្រគតន្ត្រីនៅទីក្រុង មូស្គូ គឺជាស្នាដៃរបស់ពួកគេ។ លោកប្រធានាធិបតីបារាំងរូបនេះបាននិយាយថាការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុមរដ្ឋអ៊ីស្លាម ហើយហើយព័ត៌មាននេះ ដូចទៅនឹងទីភ្នាក់ងារចារកម្មរបស់យើង ព្រមទាំង ដៃគូរសំខាន់ៗ របស់យើងដែរ បានបង្ហាញថា គឺជារដ្ឋក្រុមរដ្ឋអ៊ីស្លាម ដែលបានរៀបផែនការ និងបានបើកការវាយប្រហារនេះ ។ លោកបានបន្ថែមថា ក្រុមនេះ ធ្លាប់បានប៉ុនប៉ងវាយប្រហារកាលពីប៉ុន្មានខែមុន នៅលើទឹកដីរបស់យើង ។ ក្រោយមកលោកអាតាល់ បាននិយាយថា ទាំងនេះ រួមបញ្ចូលទាំងកម្រោងវាយប្រហារលើទីក្រុង ស្ត្រាស្បើក (Strasbourg ក្នុងប្រទេសបារាំងភាគខាងកើត៕

អបអរសាទរខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

2024/03/26 07:26:58 am        269
ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៤ គឹជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ហើយ ខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលត្រូវប្រកាសជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ នៃការងារបោសសម្អាតមីន និងសំណល់​ជាតិផ្ទុះ​ពីសង្រ្គាម ក្នុងទឹកដីខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រង​កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់ បានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីន និងសំណល់ជាតិ​ផ្ទុះផ្សេងទៀត​ប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូន​ប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។សមិទ្ធផលខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀត​ក្នុង​រយៈពេលជាង ៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែក​ហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីវៀងចន្ទន៍

2024/03/26 07:10:50 am        201
នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្តសមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន៕

រដ្ឋមន្ត្រីហ្វីលីពីន ហ៊ានជំរុញចិន ឱ្យដាក់ការទាមទារអធិបតេយ្យភាពដែនសមុទ្រទៅតុលាការមជ្ឈត្តកម្ម

2024/03/25 02:06:05 pm        107
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃចន្ទ (២៥ មីនា) នេះ បានរុញឱ្យប្រទេសចិន យកការទាមទារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ទៅកាន់តុលាការមជ្ឈត្តកម្មអន្តរជាតិ ប្រសិនបើចិនមានភាពក្លាហានធ្វើបែបនោះ បន្ទាប់ពីការប្រឈមមុខដាក់គ្នាមួយទៀតកាលពីចុងសប្តាហ៍ ប៉ុន្តែបាននិយាយថាទីក្រុងម៉ានីល នឹងមិនរាថយចំពោះជំហររបស់ខ្លួនឡើយ។ហ្វីលីពីន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិន ថាបានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងទូកស៊ីវិលដែលផ្គត់ផ្គង់កងទ័ពឈរជើងលើនាវាចម្បាំង មានមូលដ្ឋាននៅដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលមានជម្លោះ ដោយបានធ្វើឱ្យខូចខាតដល់ទូកផ្គត់ផ្គង់ឡើងវិញ និងធ្វើឱ្យនាវិកមួយចំនួនរងរបួស។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) បានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើចិនមិនខ្លាចក្នុងការបញ្ជាក់ការអះអាងរបស់ខ្លួនទៅកាន់ពិភពលោក ហេតុអ្វីបានជាមិនយកការអះអាងនោះទៅតុលាការមជ្ឈត្តកម្មដើម្បីសម្រេចនៅក្រោមច្បាប់អន្តរជាតិទៅ»។ ប្រទេសចិនបានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលជាកម្មសិទ្ធិរបស់ខ្លួន រួមទាំងដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ចំងាយ ៣២០ គីឡូម៉ែត្ររបស់ហ្វីលីពីន។ទីក្រុងប៉េកាំង បានដាក់ពង្រាយនាវាឆ្មាំល្បាតឆ្នេររាប់រយគ្រឿងនៅទូទាំងសមុទ្រចិនខាងត្បូង ដើម្បីល្បាតនូវអ្វីដែលខ្លួនចាត់ទុកថាជាទឹកដីរបស់ខ្លួន ទោះបីជាតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានបញ្ជាក់យ៉ាងច្បាស់ក្នុងឆ្នាំ២០១៦ ថាការទាមទារដ៏ធំរបស់ខ្លួននេះមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិក៏ដោយ៕

កូរ៉េខាងជើង៖ នាយករដ្ឋមន្រ្តីជប៉ុន បង្ហាញចេតនាចង់ជួបលោក គីម ជុងអ៊ុន កាលពីពេលថ្មីៗនេះ

2024/03/25 02:03:33 pm        100
សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បាននិយាយនៅថ្ងៃចន្ទ (២៥ មីនា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ថ្មីៗនេះបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការជួបមេដឹកនាំកូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ តាមរយៈ «បណ្ដាញមួយផ្សេងទៀត»។លោកស្រី គីម ត្រូវបានដកស្រង់សម្តី ដែលបាននិយាយនៅក្នុងរបាយការណ៍ KCNA ជាភាសាកូរ៉េថា «នាយករដ្ឋមន្ត្រីជប៉ុន គួរតែដឹងថាគ្រាន់តែលោកចង់ និងបានធ្វើការសម្រេចចិត្តលើលទ្ធភាពនៃជំនួបនោះ មិនមានន័យថាលោកអាចជួប ឬមេដឹកនាំនៃប្រទេសរបស់យើងនឹងជួបលោកនោះទេ»។លោក គីស៊ីដា បាននិយាយថា លោកចង់ជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) «ដោយគ្មានលក្ខខណ្ឌណាមួយជាមុន» ហើយកំពុងត្រួតពិនិត្យដោយផ្ទាល់នូវកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចប្រជុំកំពូលមេដឹកនាំបែបនេះជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ដែលបម្រើការនៅក្នុងបក្សពលករដែលកំពុងកាន់អំណាចរូបនេះ កាលពីខែមុន ធ្លាប់បាននិយាយថា លោក គីស៊ីដា ប្រហែលអាចទៅទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃណាមួយ៕

ការចាប់ឆ្នោតលេខរៀងបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តបានបិទបញ្ចប់ដោយរលូន

2024/03/25 11:52:22 am        189
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការ​ចាប់ឆ្នោត​លេខ​រៀង​របស់​គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤ បានបិទបញ្ចប់ដោយរលូន។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពី គ.ជ.ប បានដំណើរការចុះបញ្ជីគណបក្សនយោបាយ និង​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរបោះឆ្នោត​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោតជ្រើ​សរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលបានអនុវត្តរយៈពេលបីសប្តាហ៍មកនេះ គ្រប់​គណៈកម្មការ​រាជ​ធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥ បានបិទ​បញ្ចប់​រួចរាល់​ទៅ​ដោយ​រលូន​ទាំង​ការ​ចុះ​ប​ញ្ជី​គណបក្ស​នយោបាយ, ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងការចាប់ឆ្នោតលេខរៀង។ ឯកឧត្តម បន្តថា ក្នុងចំណោមគណបក្សនយោបាយទាំង៥ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ​ដែល​បានដាក់ចុះបញ្ជី និងដាក់បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​ខ្លួន​ទៅ​ទូទាំង​ប្រទេស។ បន្ទាប់ពីបិទបញ្ចប់ការចុះបញ្ជីបេក្ខជន និងការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ ឯកឧត្តម បានឱ្យដឹងដែរថា គ.ជ.ប បានចាប់​ផ្តើម​ទទួល​ការ​ស្នើ​សុំ​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​ពី​បណ្តាគណបក្សនយបាយ និងអង្គការមិនរដ្ឋាភិបាល ខណៈមកដល់ពេលនេះ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង៣០០នាក់។អ្នកនាំពាក្យរូបនេះ លើកឡើងថា ក្រោយពីដំណើរការ​ស្នើ​សុំ​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​បាន​បញ្ចប់​ គ.ជ.ប នឹងត្រៀម​សម្រាប់​ដំណាក់​កាល​ឃោសនា​រក​សំឡេង​ឆ្នោត​ដែ​ល​នឹង​ប្រព្រឹត្ត​នា​ដើម​ខែ​ឧសភាខាងមុខ។សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យ​ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការ​បោះឆ្នោតនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ដោយ​មាន​អង្គ​បោះឆ្នោត​ជា​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជនកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ចង់បាន«បទឈប់បាញ់បន្ទាន់»
07/26/2025 08:07 AM
ក្រសួងការពារជាតិ បន្តថ្កោលទោសអំពើឈ្លានពានរបស់ថៃ ខណៈនៅម៉ោង០៥:០២នាទីព្រឹកនេះបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង
07/26/2025 07:07 AM
ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យចំនួនជាង ៣ពាន់គ្រួសារទទួលអំណោយពីសប្បុរសជន
07/26/2025 07:07 AM
បងប្អូនប្រជាពលរដ្ឋចំនួន៦​ ១៩៨នាក់ត្រូវបា​នជម្លៀសពីតំបន់សមរភូមិមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប
07/26/2025 07:07 AM
ប្រមុខការពារជាតិកម្ពុជា ​អំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និង​បន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ និងស្តាប់ការណែនាំរបស់អាជ្ញាធរ
07/26/2025 01:07 AM
អភិបាលខេត្តព្រះវិហារ៖ មកដល់ពេលនេះខេត្តបានជម្លៀសពលរដ្ឋចេញមកទីសុវត្ថិភាពចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់
07/26/2025 12:07 AM
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀង​ជូន​ប្រជាពលរដ្ឋ​ភៀស​ខ្លួន​ពី​តំបន់សឹក
07/25/2025 10:07 PM
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែង​អំណរគុណជនរួមជាតិបានមកបរិច្ចាគឈាមយ៉ាងច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រ​ដល់តម្រូវការ​ដែលអាច​នឹង​មាន​សម្រាប់​វីរកងទ័ពជួរមុខ
07/25/2025 10:07 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជនរួមជាតិ ដែលបាន​បរិច្ចាគ​ឈាម​គាំទ្រ​ដល់​តម្រូវ​ការ​ដែលអាចនឹងមាន សម្រាប់វីរកងទ័ព​ក៏ដូចជាប្រជាជនដែលជាជនភៀសសឹក
07/25/2025 10:07 PM
ព្រៃកោងកាងអាម៉ាហ្សូនប្រេស៊ីល ក្លាយជាអាវុធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងជាបរិក្ខារសេដ្ឋកិច្ចសម្រាប់មនុស្សរាប់ម៉ឺនគ្រួសារ
07/25/2025 09:07 PM