TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

កាណាដា គ្រោងនឹងកាត់បន្ថយចំនួនអ្នកស្នាក់នៅបណ្តោះអាសន្ន និងទប់ស្កាត់លំហូរចូលនៃអន្តោប្រវេសន៍

2024/03/22 02:26:05 pm        133
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក ម៉ាក មីលឡឺ (Marc Miller) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ មីនា) ថា ប្រទេសកាណាដា គ្រោងនឹងកាត់បន្ថយចំនួនអ្នកស្នាក់នៅបណ្តោះអាសន្នរបស់ខ្លួន និងដាក់កម្រិតលើការធ្វើអន្តោប្រវេសន៍បណ្តោះអាសន្នជាលើកដំបូងដែលមិនធ្លាប់មាន។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកាណាដា បានមើលឃើញកំណើនយ៉ាងខ្លាំងនៃនិស្សិតអន្តរជាតិ ពលករបរទេស និងអ្នកស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត ដែលចូលក្នុងប្រទេសនេះដោយទិដ្ឋាការដែលមានកំណត់ពេលវេលា ខណៈដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) ពឹងផ្អែកលើការធ្វើអន្តោប្រវេសន៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបំពេញកង្វះខាតពលកម្ម។ប៉ុន្តែរដ្ឋាភិបាលសេរីនិយមនេះ ក៏បានស្ថិតក្រោមសម្ពាធនយោបាយសម្រាប់គោលនយោបាយអន្តោប្រវេសន៍របស់ខ្លួនផងដែរ ជាមួយនឹងការរិះគន់ថា ពួកគេបានធ្វើឱ្យមានវិបត្តិលំនៅដ្ឋានកាន់តែធ្ងន់ធ្ងរ។ សេវាមួយចំនួនដែលផ្តល់ដោយខេត្ត ដូចជាការអប់រំ និងការថែទាំសុខភាព ក៏កំពុងជួបការលំបាកផងដែរ ដើម្បីទប់ទល់នឹងកំណើនប្រជាជនដ៏លើសលប់នេះ។លោក មីលឡឺ បាននិយាយថា រដ្ឋាភិបាលចង់កាត់បន្ថយចំនួនអ្នកស្នាក់នៅបណ្តោះអាសន្នមកត្រឹម ៥ ភាគរយនៃចំនួនប្រជាជនសរុបក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ពីចំនួន ៦,៥ ភាគរយក្នុងឆ្នាំ២០២៣។ នោះនឹងជាការកាត់បន្ថយប្រហែល ២០ ភាគរយពីអ្នកស្នាក់នៅបណ្តោះអាសន្នចំនួន ២,៥ លាននាក់របស់ប្រទេសកាណាដា ក្នុងឆ្នាំ២០២៣៕

មេដឹកនាំសហភាពអឺរ៉ុប អញ្ជើញប្រទេសបូស្នី ឱ្យចូលរួមកិច្ចចរចាសមាជិកភាព ក្នុងជំហានប្រវត្តិសាស្ត្រ

2024/03/22 01:56:22 pm        74
បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) ក្នុងការអញ្ជើញប្រទេសបូស្នី ឱ្យចូលរួមការចរចាសមាជិកភាពបើកចំហសហភាពអឺរ៉ុប ខណៈពេលដែលបានសង្កត់ធ្ងន់ផងដែរថាប្រទេសតំបន់បាល់កង់មួយនេះ នឹងត្រូវធ្វើកំណែទម្រង់បន្ថែមទៀតមុនពេលកិច្ចចរចាអាចចាប់ផ្តើម។លោក ឆាលស៍ មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៃមេដឹកនាំសហភាពអឺរ៉ុប បានប្រាប់បូស្នី នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X បន្ទាប់ពីបានប្រកាសការសម្រេចដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ថា «សូមអបអរសាទរ! តំណែងរបស់អ្នកគឺស្ថិតនៅក្នុងគ្រួសារអ៊ឺរ៉ុបរបស់យើង»។ការសម្រេចនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាជំហានប្រវត្តិសាស្ត្រសម្រាប់បូស្នី ដោយបង្កើនក្តីសង្ឃឹមថាប្រទេសនេះអាចដើរហួសពីអស្ថិរភាព ដែលត្រូវបានបង្កើតឡើងដោយគូប្រជែងជនជាតិភាគតិច និងការគំរាមកំហែងផ្នែកអបគមន៍ ជិត ៣ ទសវត្សរ៍បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមដ៏មហន្តរាយមួយ។បូស្នី បានចាប់យកឱកាសពីការបើកចំហថ្មីសម្រាប់ការពង្រីកសហភាពអឺរ៉ុប ក្នុងចំណោមមន្ត្រីសហភាពអឺរ៉ុប ដែលបាននិយាយថា ការលុកលុយរបស់រុស្ស៊ីនៅឆ្នាំ២០២២ លើអ៊ុយក្រែន បានបង្ហាញពីគ្រោះថ្នាក់នៃការមាន «តំបន់ពណ៌ប្រផេះ» ដែលអស្ថិរភាព ដោយមហាអំណាចបរទេសនៅតាមព្រំដែនរបស់សហភាពអឺរ៉ុប៕

ប្រជាជនហ្កាហ្សា កាន់តែគាំទ្រដំណោះស្រាយរដ្ឋពីរ ខណៈដែលការគាំទ្រសម្រាប់ក្រុមហាម៉ាស កំពុងធ្លាក់ចុះ

2024/03/22 01:47:05 pm        104
ការគាំទ្រសម្រាប់ក្រុមហាម៉ាសជាគណបក្សនយោបាយមួយ បានធ្លាក់ចុះដល់ ៣៤ភាគរយ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាការធ្លាក់ចុះ ១២ពិន្ទុ ពីខែធ្នូ ឆ្នាំ២០២៣ នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយវិទ្យាស្ថានស្រាវជ្រាវប៉ាឡេស្ទីនឈានមុខគេមួយ។ខណៈពេលដែលសង្រ្គាម កំពុងបំផ្លាញទស្សនៈរបស់ជនជាតិប៉ាឡេស្ទីនចំពោះក្រុមហាម៉ាស ជាស្ថាប័នគ្រប់គ្រងនៅតំបន់ហ្កាហ្សា ការគាំទ្រជាក់ស្តែងនៅតែមានកម្រិតខ្ពស់សម្រាប់តួនាទីរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងសង្គ្រាម។ ចំនួន៧០ភាគរយនៃប្រជាជនប៉ាឡេស្ទីន បាននិយាយថា ពួកគេ «ពេញចិត្ត»នឹងការធ្វើសង្រ្គាមរបស់ហាម៉ាស បើប្រៀបធៀបទៅនឹងអង្គភាពប៉ាឡេស្ទីនផ្សេងទៀត ដូចជាគូប្រជែងនយោបាយរបស់ខ្លួនគឺFatah ដែលមេដឹកនាំដែលពុំមានប្រជាប្រិយភាពគឺ លោកម៉ាខ្មូដ អាបាស(Mahmoud Abbas) គ្រប់គ្រងតំបន់វេសបែង។ ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស បានបង្កឲ្យមានសង្គ្រាមជាមួយអ៊ីស្រាអែល ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សជាង ៣១.000នាក់ នៅតំបន់ហ្កាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលនៃដែនដីនេះ។ការស្ទង់មតិ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីថ្ងៃទី៥ ខែមីនាដល់ថ្ងៃទី១០ ខែមីនា នៅដើមខែទី៥ នៃសង្គ្រាមដែលមានទំហំគំរូអ្នកបោះឆ្នោតសរុប១៥៨០នាក់ គឺ៨៣០នាក់នៃអ្នកដែលបានបោះឆ្នោត រស់នៅក្នុងតំបន់វេសបែង និង៧៥០នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងស្រាវជ្រាវស្ទង់មតិប៉ាឡេស្ទីន (PSR) ជាអង្គការស្ទង់មតិឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា ដែលមានអ្នកស្ទង់មតិជាច្រើនន នៅទូទាំងតំបន់ហ្កាហ្សា។ មជ្ឈមណ្ឌលនេះ បានធ្វើការស្ទង់មតិសាធារណៈ នៅក្នុងទឹកដីប៉ាឡេស្ទីនរៀងរាល់ត្រីមាស ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ក្នុងអំឡុងពេលឈានទៅដល់ការស្ទង់មតិនេះ កងកម្លាំងអ៊ីស្រាអែល បានឈានទៅដល់កណ្តាលតំបន់ហ្កា ហ្សា ការភ័យខ្លាចមានកម្រិតខ្ពស់នៃការលុកលុយយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលមានប្រជាជនប្រហែល១,៥លាននាក់ កំពុងជ្រកកោន ហើយវិបត្តិមនុស្សធម៌ បានឈានដល់កម្រិតទាបថ្មី ខណៈដែលអ្នកដែលងាយរងគ្រោះបំផុត បានចាប់ផ្តើមស្លាប់ដោយការស្រេកឃ្លាន និងការចរចាសុំបទឈប់បាញ់មួយមុនខែរ៉ាម៉ាដាន កំពុងផ្ទុះឡើង ប៉ុន្តែនៅតែផ្តល់នូវក្តីសង្ឃឹមមិនច្បាស់លាស់។

ប្រធានរដ្ឋសភាថៃ កោតសរសើរភាពរីកចម្រើនរបស់កម្ពុជា​បើប្រៀបធៀបពីមុន គឺខុសគ្នាដូចមេឃ និងដី

2024/03/22 12:32:31 pm        111
ឯកឧត្តម វ៉ាន់មូហាម៉ាត់ណមៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ណា​ច​ក្រថៃ បានថ្លែងកោសរសើរភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយលោកមើលឃើញថា បើ​ប្រៀប​ធៀបពី មុនគឺខុសគ្នាដូចមេឃ និងដី។ការលើកឡើងរបស់ប្រធានរដ្ឋសភាថៃរូបនេះគឺបានធ្វើឡើង នៅក្នុងកិច្ច​ជំនួបជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមាន​ព្រឹទ្ធសភា​។ ឯកឧត្តម បានថ្លែងថា ការវិនិយោគទុនរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ)​មាន​ការ​កើន​ឡើង​ជា​លំដាប់ ព្រមទាំងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ ហើយ​ឯកឧត្តម «បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ចាប់តាំងពីពេលមុន និ​ង​ក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​ជា​ខ្លាំង​ខុស​ពី​មុន​ប្រៀប​ដូច​មេឃ​និងដី​»។ឯកឧត្ដមប្រធានរដ្ឋសភាថៃ បានគូសបញ្ចាក់ទៀតថា សភានៃប្រទេសទាំងពីរ មានក្រុមមិត្តភាព និង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយគ្នា និងសូមឱ្យទំនាក់​ទំនង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យកាន់​តែ​សកម្ម​ថែម​ទៀត ដើម្បីបុព្វហេតុរួមនៃប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្ដម​បាន​ចាត់​ទុក​ប្រទេស​ថៃ និងប្រទេសកម្ពុជា គឺជាបងប្អូន ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភា​សិត​ថៃ​លើក​ឡើង​ថា មានមិត្តល្អម្នាក់នៅជិត ប្រសើរជាងមានមិត្តល្អ១០នាក់នៅឆ្ងាយ។ថ្លែងនៅ​ក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើង​ថា​ដំណើរ​ទស្សន​កិច្ច​រប​ស់គណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ ពិតជាបានរួមចំណែកថែរក្សាពូនជ្រំចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និង​ប្រទេស​ទាំង​ពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក ទាំង​ពេលបច្ចុប្បន្ន និងពេលអនាគត។សម្តេច​ប្រមុខរដ្ឋស្តីទី បានបន្ថែមទៀតថា កម្ពុជា និងថៃ មានទំនាក់ទំនងគ្នាល្អជាបន្តបន្ទាប់ និង​បាន​ដំឡើង​កម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីបម្រើផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​ទាំងពីរ។ ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រ​គ្រង​ព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ មានព្រំដែនជាប់គ្នា និងប្រើប្រាស់​ប្រភព​ទឹក​ទន្លេ​មេគង្គ​ដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោស​ញ្ចេត​នា​ស្រឡាញ់​រាប់​អាន​គ្នា​ដ៏ជ្រាលជ្រៅ។ជាមួយគ្នានោះដែរសម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅចំពោះព្រះរាជហឫទ័យ ដ៏ទូលំទូលាយ របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន ដែលបាន​ជួយ​បង្កើតវិ​ទ្យាស្ថាន​បច្ចេក​វិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងបានផ្តល់អាហារូបករ​ណ៍​ជា​បន្ត​បន្ទាប់ដល់និស្សិតកម្ពុជា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រមាណជាង៣ពាន់នាក់។សម្តេចប្រមុខរដ្ឋស្តីទីបានអបអរសារចំពោះរដ្ឋាភិបាលទាំងពីរ និងគាំទ្រគំនិតផ្តួចផ្តើម “ព្រះ​រាជា​ណា​ចក្រ​ពីរ គោលដៅតែមួយ” ហើយខិតខំជំរុញឱ្យអាជ្ញាធរខេត្តនៃប្រទេសទាំងពីរ បន្តសម្រួល​ការ​ធ្វើ​ដំណើរឆ្លងដែនរវាងប្រទេសទាំងពីរ និងអ្នកទេសចរមកពីប្រទេសទី៣ ហើយ​លើក​កម្ពស់​ទេសចរណ៍ តាមផ្លូវសមុទ្ររវាងប្រទេសទាំងពីរ។ សម្តេចបានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះគំនិត​ផ្តួច​ផ្តើម​របស់​នាយករដ្ឋមន្រ្តីថៃ “ប្រទេស៥ គោលដៅតែមួយ” រួមមាន៖ ប្រទេសថៃ កម្ពុជា ឡាវ វៀតណាម និងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ទេសចរណ៍ និងការតភ្ជាប់ប្រជាជននិងប្រជាជន៕ អត្ថបទ៖ បាន ចក់ 

មហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសឆ្នាំ២០២៥ ជាឆ្នាំសន្តិភាពនិងទំនុកចិត្ត អន្តរជាតិ

2024/03/22 11:43:01 am        84
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីប្រកាសឆ្នាំ ២០២៥ ជាឆ្នាំនៃសន្តិភាព និងទំនុកចិត្ត អន្តរជាតិ។សេចក្តីសម្រេចនេះ អំពាវនាវឱ្យសហគមន៍អន្តរជាតិដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការចរចារួម ដើម្បីធានាបានការពង្រឹងសន្តិភាព និងទំនុកចិត្ត លើទំនាក់ទំនងរវាងរដ្ឋសមាជិកអង្គការសហប្រជាជាតិ ជាតម្លៃមួយដែលជំរុញការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព និងសន្តិសុខ និងសិទ្ធិមនុស្ស។វាក៏ជំរុញទឹកចិត្តដល់រដ្ឋសមាជិកទាំងអស់ អង្គការនៃប្រព័ន្ធអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ តំបន់ និងអនុតំបន់ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ឱ្យអនុវត្តឆ្នាំអន្តរជាតិនេះក្នុងលក្ខណៈសមស្រប និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃសន្តិភាព និងទំនុកចិត្ត។មហាសន្និបាត បានអញ្ជើញអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ និងផ្នែកកិច្ចការនយោបាយ និងការកសាងសន្តិភាពនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីជួយសម្រួលដល់ការអនុវត្តឆ្នាំអន្តរជាតិ។នៅក្នុងសេចក្តីសម្រេចដាច់ដោយឡែកមួយ មហាសន្និបាតបានប្រកាសថ្ងៃទី ១៥ ខែវិច្ឆិកា ជាទិវាអន្តរជាតិសម្រាប់ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង រាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន។មហាសន្និបាត បានអញ្ជើញការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ក្នុងការសហការជាមួយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយសម្រួលដល់ការអនុវត្តទិវាអន្តរជាតិ។

អាមេរិក៖ ចិនកំពុងកសាងកម្លាំងយោធាក្នុងកម្រិតមិនធ្លាប់ឃើញតាំងពីសង្គ្រាមលោកលើកទី២ និងអាចវាយប្រហារកោះតៃវ៉ាន់នៅឆ្នាំ២០២៧

2024/03/22 11:39:25 am        145
ឧត្តមនាវីឯកអាមេរិក លោក ចន អាគីលីណូ (John Aquilino) បាននិយាយថា ឥទ្ធិពលយោធារបស់ចិនកំពុងកើនឡើងក្នុងកម្រិតមួយដែលមិនធ្លាប់បានឃើញ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោកបាននិយាយថា កត្តានោះធ្វើឱ្យចិនដើរនៅលើផ្លូវឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការត្រៀមខ្លួន វាយលុកក្រសោបយកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧ ។ លោក អាគីលីណូ ប្រធានទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលជិតអស់ណត្តិ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ពន្លឿនការអភិវឌ្ឍន៍យោធា។ ឧត្តមនាវីទោ លោក ចន អាគីលីណូ មកពីអង្គភាពកងទ័ពជើងទឹកអាមេរិក បាននិយាយថា ការកសាងកម្លាំងយោធាយ៉ាងឆាប់រហ័សរបស់ចិន គឺមានទំហំធំជាងអ្វីដែលធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលមានន័យថា ប្រទេសនេះស្ថិតនៅលើផ្លូវគោលដៅ វាយក្រសោបយកកោះតៃវ៉ាន់ នៅឆ្នាំ ២០២៧ ។លោក អាគីលីណូ បានសរសេរនៅក្នុងសក្ខីកម្មមួយទៅកាន់គណៈកម្មាធិការសភាសេវាកម្មសព្វាវុធរបស់សហរដ្ឋអាមេរិកថា ការចង្អុលបង្ហាញទាំងអស់ ចង្អុលទៅកាន់កិច្ចប្រជុំរបស់កងទ័ពរំដោះប្រជាជនចិន( PLA)ក្រោមការណែនាំរបស់លោកប្រធានាធិបតីចិន Xi Jinping ដើម្បីត្រៀមខ្លួនវាយលុកកោះតៃវ៉ាន់នៅឆ្នាំ ២០២៧ ។ លោក អាគីណូ បានប្រាប់សមាជិកសភាក្នុងសវនាការកាលពីថ្ងៃពុធថា លោកក៏ជឿជាក់ផងដែរថា ប្រទេសចិននៅតែសង្ឃឹមថានឹងក្របួចយកកោះតៃវ៉ាន់ដោយគ្មានសង្គ្រាម បើទោះបីជាទីក្រុងប៉េកាំងកំពុងខិតជិតយ៉ាងលឿនឆ្ពោះទៅរកលទ្ធភាពសម្រាប់ការវាយលុកលើកោះនេះក៏ដោយ៕

ប្រទេសចិន លើកឡើងថា ខ្លួនកំពុងពិចារណាលើការពិភាក្សាដែនសមុទ្រជាមួយអូស្ត្រាលី

2024/03/22 11:36:01 am        68
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងពិចារណាចាប់ផ្តើមកិច្ចពិភាក្សាដែនសមុទ្រជាមួយអូស្ត្រាលី ស្របពេលភាពតានតឹងកើនឡើងក្នុងចំណោមប្រទេសជាច្រើនដែលជាប់ព្រំដែនសមុទ្រចិនខាងត្បូង គំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ក្រសួងខាងលើបានប្រកាសពីកិច្ចពិភាក្សានៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបានជួបសមភាគីរបស់លោក និងមេដឹកនាំផ្សេងទៀតនៃប្រទេសនេះក្នុងសប្តាហ៍នេះដែរ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងការខ្វែងគំនិតគ្នាលើសន្តិសុខក្នុងតំបន់។អូស្ត្រាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន កំពុងកសាងទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងបានធ្លាក់ចុះដុនដាបខ្លាំង កាលពីឆ្នាំ២០២០ នៅពេលទីក្រុងកង់បេរ៉ា(Canberra) អំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមវីរុស COVID-19 ហើយទីក្រុងប៉េកាំងបានឆ្លើយតបវិញដោយការដាក់របាំងពាណិជ្ជកម្ម។របាំងភាគច្រើនត្រូវបានដកចេញ ចាប់តាំងពីមានការផ្លាស់ប្តូររដ្ឋាភិបាលអូស្ត្រាលីកាលពីពីរឆ្នាំមុន។បញ្ហាដែនសមុទ្រគឺជាប្រធានបទដ៏ក្តៅគគុករវាងចិន និងអូស្ត្រាលី ស្របពេលមានការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងនៅក្នុងផ្លូវទឹកសេដ្ឋកិច្ចដ៏សំខាន់ដែលចិនអះអាងសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង ទោះបីជាមានការអះអាងសិទ្ធិគ្រប់គ្រងត្រួតស៊ីគ្នាដោយបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ជាច្រើនក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៃដំណើរទស្សនកិច្ចនេះថា ភាគីទាំងពីរបានយល់ព្រមក្នុងការស្តារ និងបង្កើតការសន្ទនាក្នុងវិស័យផ្សេងៗ ដោយបន្ថែមថា ភាគីទាំង២ក៏កំពុងពិចារណា រៀបចំកិច្ចពិភាក្សាស្ដីពីបញ្ហាដែនសមុទ្រផងដែរ៕

ក្រសួងយុត្តិធម៌អាមេរិក ប្តឹងក្រុមហ៊ុន Apple ពីបទប្រើអំណាចផ្តាច់មុខនៅក្នុងទីផ្សារស្មាតហ្វូន

2024/03/22 11:32:57 am        104
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក រួមជាមួយនឹងអគ្គមេធាវីរដ្ឋ និងស្រុកចំនួន ១៦ រូបផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានដាក់ពាក្យបណ្ដឹងប្រឆាំងការទុកចិត្តស៊ីវិល ប្រឆាំងនឹងក្រុមហ៊ុន អេបផល (Apple) ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះថា បានរក្សាការផ្តាច់មុខដោយខុសច្បាប់លើស្មាតហ្វូន។អគ្គមេធាវី មឺរីក ហ្កាលែន (Merrick Garland) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន ថា «ក្រុមហ៊ុន Apple បានរក្សាអំណាចផ្តាច់មុខនៅក្នុងទីផ្សារស្មាតហ្វូន ដោយមិនមែនគ្រាន់តែរក្សាការនាំមុខនៃការប្រកួតប្រជែងលើគុណសម្បត្តិនោះទេ ប៉ុន្តែដោយការបំពានច្បាប់ប្រឆាំងការទុកចិត្តរបស់សហព័ន្ធ»។លោកបានបន្ថែមថា «យើងចោទប្រកាន់ថា Apple បានប្រើប្រាស់យុទ្ធសាស្រ្តដែលពឹងផ្អែកលើការមិនរាប់បញ្ចូល និងអាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង ដែលប៉ះពាល់ទាំងអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី»។ លើសពីនេះ អ្នកប្រើប្រាស់ អាយហ្វូន (iPhone) យល់ឃើញថា ស្មាតហ្វូនគូប្រជែងមានគុណភាពទាបជាង ដោយសារតែបទពិសោធន៍មិនល្អនៃការផ្ញើសារទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ដែលមិនប្រើទូរស័ព្ទ iPhone។បណ្តឹងប្រឆាំងនឹង Apple នេះគឺជាសកម្មភាពចុងក្រោយដែលធ្វើឡើងដោយអាជ្ញាធរប្រឆាំងការទុកចិត្តរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹង «ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងបួន» ដែលរួមមាន ក្រុមហ៊ុន Apple ក្រុមហ៊ុន អាម៉ាហ្សូន (Amazon) ក្រុមហ៊ុន ហ្វេសប៊ុន (Facebook) ដែលឥឡូវនេះមានឈ្មោះថា មេតា (Meta) និងក្រុមហ៊ុន ហ្គូហ្គល (Google)៕

កូរ៉េខាងជើង បញ្ជូនគណៈប្រតិភូទៅប្រទេសចិន វៀតណាម និងឡាវ ក្នុងបំណងពង្រឹកការទូត

2024/03/22 11:29:37 am        77
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រ (២២ មីនា) នេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសចិន វៀតណាម និងឡាវ ខណៈប្រទេសឯកោនេះព្យយាមពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីការបិទខ្ទប់កូវីដ១៩ នៅក្នុងវិធានការមួយដែលត្រូវបានគេមើលឃើញថាមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលចែករំលែកមនោគមវិជ្ជាសង្គមនិយម។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ក្រុមមកពីគណបក្សពលករកូរ៉េខាងជើង ដែលកំពុងកាន់អំណាចដឹកនាំដោយលោក គីម សុងណាម (Kim Song Nam) សមាជិកជំនួសនៃការិយាល័យនយោបាយ និងជាប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមរបស់បក្ស បានទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងដែលត្រូវបានគេដឹង របស់លោក គីម ចាប់តាំងពីលោកត្រូវបានតែងតាំងឱ្យកាន់តំណែងក្នុងឆ្នាំ ២០២១ មក។ លោក គីម ដែលបានបម្រើការជាអ្នកបកប្រែសម្រាប់អតីតស្ថាបនិករបស់កូរ៉េខាងជើង លោក គីម អ៊ីលសុង (Kim Il-sung) និងអតីតមេដឹកនាំ គីម ជុងអ៊ីល (Kim Jong-il) ត្រូវបានគេស្គាល់ថាជាអ្នកជំនាញលើប្រទេសចិន។ឆ្នាំនេះ គឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងជើង និងចិន។ កូរ៉េខាងជើងបានប្រកាសឆ្នាំ២០២៤ ថាជាឆ្នាំនៃមិត្តភាពកូរ៉េខាងជើង-ចិន ដែលជាការចាត់តាំងដំបូងបង្អស់ក្នុងឆ្នាំ២០០៩ ដើម្បីប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូត៕

វិមានក្រឹមឡាំង៖ចិន រងសម្ពាធមិនធ្លាប់មានពីអាមេរិក និងអឺរ៉ុប លើការបង់ប្រាក់របស់រុស្ស៊ី

2024/03/22 11:24:40 am        121
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងស្ថិតនៅក្រោមសម្ពាធមិនធ្លាប់មានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីឱ្យរឹតត្បិតលើទីក្រុងមូស្គូ ដោយធ្វើអត្ថាធិប្បាយលើការបដិសេធរបស់ធនាគារចិនមួយចំនួនក្នុងការទទួលយកការទូទាត់ពីប្រទេសរុស្ស៊ី។ ក្រុមអ្នកជំនួញរុស្ស៊ីកាលពីខែមករា បានខ្វល់ខ្វាយចំពោះបញ្ហានានារួមទាំងការដោះស្រាយជាមួយធនាគារចិន។សហរដ្ឋអាមេរិក បាននិងកំពុងគំរាមកំហែងធនាគារនានានៅក្នុងប្រទេសដូចជាទួរគី និងចិន ដោយការដាក់ទណ្ឌកម្មបន្ទាប់បន្សំសម្រាប់ការសម្របសម្រួលពាណិជ្ជកម្មជាមួយរុស្ស៊ី។ កាសែត អ៊ីសវ៉េទីយ៉ា (Izvestia) ដែលដកស្រង់ប្រភពទីផ្សារនានា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាធនាគារចិន ភីង អាន (Ping An Bank) និង ធនាគារ នីងបូ (Bank of Ningbo) បានបញ្ឈប់ដំណើរការទូទាត់ជារូបិយប័ណ្ណចិនពីប្រទេសរុស្ស៊ី។ កាសែតនេះក៏បាននិយាយផងដែរថាធនាគារ DBS Bank, Great Wall West China Bank និង ធនាគារ ឆាយណា ហ្សែហ្ស៊ាំង (China Zheshang Bank) បានណែនាំការរឹតបន្តឹងមួយចំនួនលើប្រតិបត្តិការជាមួយរុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ស្ថានភាពជាមួយធនាគារចិនបានបង្កឲ្យមានបញ្ហា ប៉ុន្តែបាននិយាយថា ពួកគេអាចជម្នះបាន។ លោក Peskov បានប្រាប់សន្និសីទប្រចាំថ្ងៃតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា ជាការពិតណាស់ សម្ពាធមិនធ្លាប់មានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លើសាធារណរដ្ឋប្រជាមានិតចិននៅតែបន្ត រួមទាំងនៅក្នុងបរិបទនៃទំនាក់ទំនងជាមួយយើងផងដែរ។រុស្ស៊ី បានក្លាយជាប្រទេសនាំចេញប្រេងធំបំផុតទៅកាន់ប្រទេសចិន ស្របពេលខ្លួនផ្លាស់ប្តូរពាណិជ្ជកម្មឆ្ងាយពីអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងទីក្រុងមូស្គូ បន្ទាប់ពីការចាប់ផ្តើមនៃអ្វីដែលវិមានក្រឹមឡាំងហៅថាប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពានភាគីថៃ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា
07/27/2025 06:07 PM
ឯកឧត្តម ឌិត ទីណា ចូលរួមរំលែកទុក្ខវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនដី
07/27/2025 06:07 PM
[BREAKING NEWS] រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ស្តីទីថៃ ជួបគ្នានៅប្រទេសម៉ាឡេស៊ីស្អែកនេះ
07/27/2025 06:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពសៀមឈ្លានពាន ដែនអធិបតេយ្យភាពកម្ពុជា
07/27/2025 05:07 PM
រដ្ឋមន្រ្តីការងារចុះទទួលស្វាគមន៍ពលករខ្មែរ ដែលសម្រុកត្រឡប់មកពីប្រទេសថៃ នៅព្រំដែន
07/27/2025 05:07 PM
ក្រសួងអប់រំបើកកិច្ចប្រជុំពិនិត្យស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសិស្សថ្នាក់បាក់ឌុប
07/27/2025 05:07 PM
ប៉ាគីស្ថាន ព្រមានពីភ្លៀងមូសុងបន្ថែមទៀតនៅសប្តាហ៍ក្រោយ ខណៈអ្នកស្លាប់ឡើងជាង ២៧០នាក់
07/27/2025 05:07 PM
បាតុកររាប់រយនាក់នៅឥណ្ឌូនេស៊ី គោះឆ្នាំងតវ៉ា ជុំវិញវិបត្តិអត់ឃ្លានកាន់តែខ្លាំងនៅតំបន់ហ្កាហ្សា
07/27/2025 05:07 PM
ក្រសួងការពារជាតិ នៅតែហួសចិត្តចំពោះភាគីថៃ បន្តចោទកម្ពុជាថា ជាអ្នកបង្កហេតុមុន ខណៈថៃខ្លួនឯង ជាចោរឈ្លានពានមកលើកម្ពុជាសោះ
07/27/2025 05:07 PM
ចំហេះព្រៃកំពុងគំរាមកំហែងទីក្រុងធំបំផុតទីបួនរបស់ទួរគី ខណៈអ្នកស្រុកសម្រុកជម្លៀសខ្លួនចេញ
07/27/2025 05:07 PM