TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើងបង្ហាញរថក្រោះប្រយុទ្ធថ្មី ខណៈលោក Kim Jong-un អួតថាជារថក្រោះដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក

2024/03/14 10:17:11 am        273
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការបង្ហាញផ្នែកយោធា ដែលពាក់ព័ន្ធនឹងអង្គភាពរថក្រោះ។ ប្រទេសកូរ៉េខាងជើងបានបង្ហាញរថក្រោះប្រយុទ្ធថ្មី អំឡុងពេលសមយុទ្ធយោធា ស្របពេលមានសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ លោក គីម បានសម្តែងការពេញចិត្តជាខ្លាំង ដែលរថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មី បានបង្ហាញដោយជោគជ័យនូវឥទ្ធិពលដ៏ទាក់ទាញ នៅក្នុងការបង្ហាញលើកដំបូង ជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ KCNA ពិពណ៌នាថាជា «ការប្រកួតហ្វឹកហាត់»។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ថា ព្រឹត្តិការណ៍យោធានេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យយ៉ាងហ្មត់ចត់ នូវសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់ក្រុមសមាជិករថក្រោះ និងធ្វើឱ្យពួកគេស៊ាំទៅនឹងវិធីសាស្ត្រប្រយុទ្ធក្នុងបេសកកម្មតាកទិកផ្សេងៗគ្នា។ សេចក្តីរាយការណ៍បាននិយាយថា ការបង្កើតមធ្យោបាយយ៉ាងឆាប់រហ័សរបស់ពួកគេ ឆ្លងកាត់កាលៈទេសៈប្រយុទ្ធដ៏តានតឹងបំផុត រថក្រោះធុនធ្ងន់វាយប្រហារគោលដៅភ្លាមៗ និងបានបំបែកខ្សែការពារដ៏រឹងមាំជាមួយនឹងភាពបត់បែនខ្ពស់ ។ លោក Kim បានបញ្ជាក់អំពីតម្រូវការក្នុងការរៀបចំសមយុទ្ធ ក្លែងប្រដូចធ្វើជាសង្រ្គាមពិត និងការប្រកួតហ្វឹកហ្វឺនជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ ដែលអាចអនុវត្តបេសកកម្មប្រយុទ្ធបានភ្លាមៗ និងច្បាស់លាស់ក្នុងកាលៈទេសៈណាមួយ។ការបង្ហាញខ្លួនរបស់លោក Kim នៅក្នុងការបង្ហាញផ្នែកយោធាបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំធ្វើឡើងដោយកងទ័ពប្រជាជនកូរ៉េ ជាកងកម្លាំងយោធារបស់ប្រទេស កាលពីសប្តាហ៍មុន។

ចិន លើកឡើងថា បម្រាមលើ បណ្ដាញសង្គមTikTok នឹងផ្តល់ផលត្រឡប់ទៅលើអាមេរិកវិញ

2024/03/14 09:35:44 am        134
ប្រទេសចិន បានព្រមានថា បម្រាមដែលបានស្នើលើក្រុមហ៊ុនបណ្ដាញសង្គម TikTok នឹងផ្តល់ផលត្រឡប់ទៅលើអាមេរិកវិញ ខណៈក្រុមតំណាងរាស្ត្រអាមេរិក បានអនុម័តលើពង្រាងច្បាប់មួយដែលអាចនាំឲ្យអេប (app) នេះត្រូវបានហាមប្រាម។ ពង្រាងច្បាប់នៅក្នុងសភា នឹងបង្ខំឲ្យអេប (app)គ្រប់គ្រងដោយប្រទេសចិន ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសចិន ឬមិនអាចមាននៅក្នុងសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីកង្វល់ជាយូរមកហើយចំពោះកម្មវិធីវីដេអូកម្សាន្តខ្លីៗ TikTok ដោយយោងទៅលើកត្តាហានីភ័យផ្នែកសន្តិសុខជាតិដ៏សំខាន់។ម្ចាស់ក្រុមហ៊ុន TikTok បានច្រានចោលដដែលៗ ដែលថាបណ្ដាញសង្គមមួយនេះមានការគំរាមកំហែង។ មុនពេលបោះឆ្នោត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន (Wang Wenbin) បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ គាបសង្កត់បណ្ដាញសង្គម TikTok ទោះបីជាការពិតដែលថាខ្លួន មិនដែលរកឃើញភស្តុតាងដែលថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ។លោក Wang បន្ថែមថាអាកប្បកិរិយាសម្លុតបែបនេះដែលមិនអាចឈ្នះក្នុងការប្រកួតប្រជែងដោយយុត្តិធម៌បាន រំខានដល់សកម្មភាពអាជីវកម្មធម្មតារបស់ក្រុមហ៊ុន បំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិក្នុងបរិយាកាសវិនិយោគនិងធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិធម្មតា។ កាលពីថ្ងៃពុធ ពង្រាងច្បាប់នេះ បានអនុម័តដោយមានការគាំទ្រពីបក្សទាំង២ពីភាគីទាំង២ក្នុងសភា។ ដោយត្រូវបានគេស្គាល់ជាផ្លូវការថា ការការពារជនជាតិអាមេរិកពីច្បាប់កម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស ឥឡូវនេះបានបញ្ជូនទៅកាន់ព្រឹទ្ធសភា ជាទីដែលគេមិនច្បាស់ថាតើ ពង្រាងច្បាប់នេះ មានការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តឬអត់។សេតវិមានបាននិយាយថា ប្រសិនបើអាចទៅរួច លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខាលើច្បាប់នេះ៕

ប្រធានាធិបតីហ្វីលីពីន នឹងជួបលោក Blinken នៅសប្តាហ៍ក្រោយ ខណៈភាពតានតឹងសមុទ្រចិនខាងត្បូងកើនឡើង

2024/03/14 09:31:29 am        147
ការិយាល័យរបស់មេដឹកនាំទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ (១៣ មីនា) ថាប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅថ្ងៃទី១៩ ខែមីនា ដើម្បីដោះស្រាយកិច្ចសហប្រតិបត្តិការ និងបញ្ហាសន្តិសុខ។ជំនួបនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិន ជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ លោក ម៉ាកូស បានប្តេជ្ញាការពារការទាមទារដែនសមុទ្ររបស់ហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធដើម្បីសម្របសម្រួលការរៀបចំសម្រាប់ជម្លោះយោធានៅដែនសមុទ្រ។សារព័ត៌មានជប៉ុន អាសាហ៊ី (Asahi) ក៏បានរាយការណ៍ដែរថា បណ្ដាមេដឹកនាំមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅខែក្រោយនេះ។សេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានរកឃើញថា ការទាមទារដ៏លើសលប់របស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលសេចក្តីសម្រេចនេះ ដោយអះអាងថាខ្លួនមាន «អធិបតេយ្យភាពដែលមិនអាចប្រកែកបាន» លើដែនទឹកភាគច្រើននៃសមុទ្រចិនខាងត្បូង៕

សភាអាមេរិក អនុម័តច្បាប់បង្ខំឱ្យ ByteDance លក់ TikTok បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់

2024/03/14 09:28:39 am        221
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តយ៉ាងលើសលប់លើសេចក្ដីស្នើច្បាប់មួយកាលពីថ្ងៃពុធ (១៣ មីនា) ដែលនឹងផ្តល់ឱ្យម្ចាស់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) គឺក្រុមហ៊ុនចិន បៃឌែន (ByteDance) រយៈពេលប្រហែលប្រាំមួយខែ ដើម្បីលក់ទ្រព្យសម្បត្តិសហរដ្ឋអាមេរិកនៃកម្មវិធីវីដេអូកម្សាន្តមួយនេះ បើមិនដូច្នេះទេក្រុមហ៊ុននេះនឹងប្រឈមមុខនឹងការហាមឃាត់ នៅក្នុងការគំរាមកំហែងដ៏ធំបំផុតចំពោះ TikTok ចាប់តាំងពីរដ្ឋបាលលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មក។សេចក្ដីស្នើច្បាប់នេះបានអនុម័តក្នុងសំឡេងគាំទ្រ ៣៥២ ទល់នឹងការប្រឆាំង ៦៥ សំឡេងនៅក្នុងការបោះឆ្នោតទ្វេបក្ស ប៉ុន្តែសំណើនេះប្រឈមមុខនឹងផ្លូវមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ដែលអ្នកខ្លះគាំទ្រវិធីសាស្រ្តផ្សេងទៀតចំពោះចំណាត់ការលើកម្មវិធីដែលគ្រប់គ្រងដោយបរទេស និងបានបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនេះ។ ជោគវាសនារបស់ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០ លាននាក់ បានក្លាយជាបញ្ហាចម្បងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ សមាជិកសភាបាននិយាយថាការិយាល័យរបស់ពួកគេបានទទួលការហៅទូរស័ព្ទយ៉ាងច្រើនពីអ្នកប្រើប្រាស់ TikTok វ័យជំទង់ ដែលប្រឆាំងនឹងច្បាប់នេះ។វិធានការនេះ គឺជាជំហានចុងក្រោយបង្អស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបនឹងកង្វល់សន្តិសុខជាតិរបស់អាមេរិកចំពោះប្រទេសចិន។ ក្រសួងការបរទេសចិន បានរិះគន់ច្បាប់នេះកាលពីថ្ងៃអង្គារ ដោយលើកហេតុផលថា «ទោះបីជាសហរដ្ឋអាមេរិក មិនដែលបានរកឃើញភស្តុតាងណាមួយដែលថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ ក៏អាមេរិកមិនដែលឈប់ធ្វើទុកបុកម្នេញ TikTok នោះទេ»៕

អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

2024/03/14 09:25:22 am        128
នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុ​រដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ​វិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​វេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារ។ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជប៉ុន​នឹង​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្រប​តាម​ស្មារតី នៃ​ការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា​ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ​។ ទន្ទឹម​នឹងនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ​​ ១៥០​លាន​ដុល្លារ​ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ​ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរ​ព្រៃគុក​ ដោយឯកឧត្តមបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជា​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​គំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ និង​គណៈ​ប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​បាន​ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជា​ទំនាក់​ទំនង​ស្ថិតក្នុ​ងក​ម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការ​ដំឡើង​កម្រិត​ទំនាក់​ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣។ សម្តេច​ធិបតី​ បានគូសបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រីផងដែរថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បាន​សម្រេច​នូវសមិទ្ធផលរួមគ្នាជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការ​សម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការ​ជំរុញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ជាដើម។ ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការ ដំឡើង​កម្រិត​នៃ​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​នៃប្រទេសទាំងពីរ និងការធ្វើសកម្មភាពរួមគ្នាមួយចំនួន ដូចជា ទស្សនកិច្ច​កងនាវានៃ​កង​កម្លាំង​ស្វ័យការពារជើងទឹកជប៉ុន ព្រមទាំង​ការធ្វើលំហាត់រួមគ្នាផងដែរ។ ជាងនេះទៅទៀត សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុន តាមរយៈយន្តការ ICC-Angkor ដែលជាយន្តការមួយក្នុងការចូលរួមថែរក្សា និងអភិរក្ស​បេតិកភណ្ឌ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រមទាំងបានកត់សម្គាល់ពីភាពរីកចម្រើននៃយន្តការនេះ ដោយបាន​ពង្រីក​ដល់​ការ​អភិរក្ស​នៅ​តំបន់ប្រាសាទសំបូរព្រៃគុក និងការបន្តសុពលភាពនៃយន្តការនេះ រយៈពេល ១០​ឆ្នាំ​បន្ថែម​ទៀត​ផងដែរ។ មុននឹងបញ្ចប់ សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អំពី​ការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកក្នុងការគាំពារដល់សន្តិភាព និង​វិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕

ប្រធាន IAEA សង្កត់ធ្ងន់លើការត្រួតពិនិត្យបន្ថែមទៀតនៃការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា

2024/03/14 09:04:50 am        84
អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្គ្រូស៊ី (Rafael Grossi) បានសង្កត់ធ្ងន់លើការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យការបង្ហូរទឹកសំណល់ដែលមានមេរោគនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ដែលរងការខូចខាត របស់ប្រទេសជប៉ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ (១៣ មីនា)។ប្រធានទីភ្នាក់ងារ IAEA រូបនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អង្គការនេះក្នុងការត្រួតពិនិត្យបន្ថែមលើការបង្ហូរសំណល់ទឹក នៅពេលដែលលោកបានជួបជាមួយក្រុមអ្នកនេសាទក្នុងស្រុកនៅទីក្រុង អ៊ីវ៉ាគី (Iwaki) នៃខេត្តភាគឦសាន ហ្វ៊ូគូស៊ីម៉ា (Fukushima) ក្នុងអំឡុងពេលធ្វើដំណើររយៈពេលបីថ្ងៃនៅក្នុងប្រទេសជប៉ុន។លោក ហ្គ្រូស៊ី ដែលបានសង្កត់ធ្ងន់លើតួនាទីរបស់ទីភ្នាក់ងារ IAEA ជាអ្នកសង្កេតការណ៍ឯករាជ្យ បានរំលឹកឡើងវិញនូវជំហររបស់អង្គការនេះលើការបន្តប្រុងប្រយ័ត្នពេញមួយដំណើរការត្រួតពិនិត្យ។ខណៈពេលដែលរដ្ឋាភិបាលជប៉ុន និងប្រតិបត្តិកររោងចក្រអគ្គិសនីតូក្យូ (TEPCO) បានអះអាងពីសុវត្ថិភាព និងភាពចាំបាច់នៃការបញ្ចេញទឹកនេះ ការព្រួយបារម្ភជាច្រើនត្រូវបានលើកឡើងដោយបណ្ដាប្រទេសជិតខាង និងអ្នកពាក់ព័ន្ធក្នុងតំបន់ទាក់ទងនឹងផលប៉ះពាល់បរិស្ថានដែលអាចកើតមាន៕

គណ:កម្មការទី៣ នៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន

2024/03/14 08:36:56 am        67
គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងបំណងស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន។ជំនួបពិភាក្សាការងាររវាងគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ជាមួយគណ:ប្រតិភូក្រសួងបរិស្ថានបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនៃរដ្ឋសភា។ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយបានអនុវត្តផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើបញ្ហាបរិស្ថាន ជាពិសេសគឺពង្រឹងច្បាប់លើកវិស័យព្រៃឈើដោយគ្មានយោគយល់នោះទេដោយអនុវត្តពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិដើម្បីរួមគ្នាថែរក្សាអនុផលព្រៃឈើឱ្យគង់វង់រក្សាសម្រស់ធម្មជាតិបៃតង និងទុកជាជម្រកសត្វព្រៃ។ នាពេលបច្ចុប្បន្នក្រសួងបរិស្ថានក៏បានធ្វើការផ្សព្វផ្សាយដល់សាធារណជនទូទាំងប្រទេសឱ្យយល់ពីការថែរក្សាបរិស្ថាន និងធ្វើការផ្សព្វផ្សាយលុបបំបាត់មិនឱ្យមានថង់ផ្លាស្ទីក ជាពិសេសក្រសួងបានដាក់ចេញនៅផែនការភាពស្អាតដោយបញ្ចូលភាពស្អាតបរិស្ថានជុំវិញខ្លួន បញ្ជ្រាបក្នុងផ្នត់គំនិតរបស់ប្រជាជន និងពិភពលោកឱ្យចូលរួមថែរក្សាបរិស្ថាន ដោយធ្វើការរស់នៅស្អាត ហូបស្អាតដែលជាកត្តាចាំបាច់ក្នុវការរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបន្តថាក្រសួងបានធ្វើការជម្រុញផ្សព្វផ្សាយដល់ប្អូនប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីប្រែក្លាយទៅជាតំបន់បៃតងគ្រប់ទីកន្លែងជាពិសេសក្រសួងក៏នឹងមានគម្រោងធ្វើការចែកជូនកូនឈើដល់ប្រជាជនចំនួន១០ម៉ឺនដើមសម្រាប់ដាំដុះទៅតាមតម្រូវរបស់បងប្អូន។ ក្រសួងក៏មានគោលដៅមួយចំនួនទៀតធ្វើការកែប្រែតំបន់ការពារទៅជាគោលដៅលំហែបៃតងនៅតាមតំបន់សហគមមួយចំនួនដើម្បីធ្វើការចូលរួមទាក់ទាញនៅភ្ញៀវទេសចរណ៍មកកាន់តែច្រើនក្នុងកែប្រែជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង។បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យបរិស្ថានដែលបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាបរិស្ថានឱ្យភាពល្អប្រសើរ ៕

រុស្ស៊ី ចិន និងអ៊ីរ៉ង់ ចាប់ផ្ដើមដំណាក់កាលដ៏សកម្មនៃសមយុទ្ធកងទ័ពជើងទឹករួមគ្នាក្នុងសមុទ្រអូម៉ង់

2024/03/14 08:09:52 am        140
យន្តហោះ និងនាវារបស់ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងចិន បានចូលក្នុងដំណាក់កាលដ៏សកម្មនៅឈូងសមុទ្រ អូម៉ង់ (Oman) សម្រាប់សមយុទ្ធកងទ័ពជើងទឹករួមគ្នា។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា បេសកកម្មសម្រាប់ថ្ងៃនេះ រួមមានការរំដោះនាវាឈ្មួញដឹកទំនិញដែលចាប់បានដោយចោរសមុទ្រ ការដាក់ពង្រាយឧទ្ធម្ភាគចក្រ និងអង្គភាពស្វែងរក និងជួយសង្គ្រោះ។ យោងតាមក្រសួងបានឲ្យដឹងថា សមយុទ្ធដែលមានឈ្មោះ Maritime Security Belt 2024 នឹងបន្ត រហូតដល់ថ្ងៃទី ១៥ ខែមីនា រួមទាំងការអនុវត្តការបាញ់គ្រាប់ពិតលើគោលដៅដែលត្រាប់តាមយន្តហោះនិងយានដ្រូន នៅលើដែនសមុទ្រ។ ភាគីរុស្ស៊ីមាននាវាបង្ហាញទិស វ៉ាយ៉ាក (Varyag) និងនាវាចម្បាំង ម៉ាសាល សាផូស្នីកូវ (Marshal Shaposhnikov)។ប្រទេសចិន បានផ្តល់នាវាពិឃាតបំពាក់មីស៊ីល អ៊ូរ៉ាំគី (Urumqi) នាវាចម្បាំងបំពាក់ដោយមីស៊ីល លីនយី (Linyi) និងនាវាផ្គត់ផ្គង់ដ៏ធំ តុងភីងហ៊ូ(Dongpinghu)។ចំណែកប្រទេសអ៊ីរ៉ង់ បានដាក់ពង្រាយជាផ្នែកមួយនៃមីស៊ីលបំបាំងកាយ កាតាម៉ារ៉ាន(Catamaran)ចុងក្រោយបំផុតរបស់ខ្លួន ដែលបានចូលបម្រើសកម្មភាពយោធាកាលពីខែមករា។ សមយុទ្ធនេះកើតឡើងនៅពេលកងកម្លាំងអាមេរិក និងអង់គ្លេស បន្តការវាយប្រហារតាមអាកាសទៅលើក្រុមហ៊ូទីនៅប្រទេសយេម៉ែន ដែលវាយប្រហារលើនាវាពាណិជ្ជករអន្តរជាតិ និងការប៉ុនប៉ងវាយប្រហារទៅលើគោលដៅកងទ័ពជើងទឹករបស់លោកខាងលិចនៅក្នុងតំបន់៕

កិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ

2024/03/13 01:55:54 pm        32
នៅរសៀលថ្ងៃទី១២ ខែមីនា ម្សិលមិញនេះ នៅអគារសាលាខេត្ត ជាន់ទី៣ មានរៀបចំ កិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក សុខ សាន្ត តារ៉ា អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងថ្នាក់ដឹកនាំទីចាត់ការ សាលាខេត្ត និងមន្ត្រីនៃ មន្ទីរទេសចរណ៍ខេត្តជាច្រើនរូប។នៅក្នុងឱកាសនោះលោក សុខ សាន្តតារ៉ា បានឱ្យដឹងថា ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់​ឯកឧត្តម គីម រិទ្ធី ជាអភិបាលនៃគណៈអភិបាលខេត្ត បានខិត ខំប្រឹងប្រែងយកចិត្តទុកដាក់​អភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះក្រុងព្រះវិហារ ត្រូវបានយក ចិត្តទុកដាក់ អភិវឌ្ឍន៍​អោយក្លាយជាទីក្រុងប៉ៃតង និងបានគិតគូរ លើកកម្ពស់ សោភ័ណភាព បរិស្ថាន អនាម័យ ពិសេសបញ្ហាសម្រាម។ អាស្រ័យហេតុនេះ កិច្ចប្រជុំនាថ្ងៃនេះពិតជាមាន សារៈសំខាន់ណាស់ ដើម្បី​ពិនិត្យនិងពិភាក្សាទៅលើសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការ អនុវត្តបណ្តុំប្តេជ្ញាចិត្តដើម្បី​ប្រឡងប្រណាំង​ទីក្រុងស្អាត ដែលនឹងធ្វើបទបង្ហាញដោយមន្ទីរ ទេសចរណ៍ខេត្ត ព្រមទាំងពិភាក្សាទៅលើ សំណើរបស់ សាលាក្រុង ដែលមិនទាន់បានចេញជា ផ្លែផ្កាដូចអ្វីដែលយើងបានគ្រោងទុក។លោកក៏បានស្នើអោយ លោក លោកស្រី ដែលជា ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ ដែលបានចូលរួមក្នុងអង្គប្រជុំ មេត្តាចូលរួមលើក ឡើងនូវមតិយោបល់ ក៏ដូចជាសំណូមពរ​មកកាន់​ក្រុមការងារ ដើម្បីធ្វើការពិភាក្សាទៅលើបញ្ហា ខាងលើ អោយបានផុសផុល​ដើម្បីធានាដល់​ការចូលរួម អនុវត្តក្នុងចលនា ប្រឡងប្រណាំង ទីក្រុងស្អាត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលអាចឈានទៅទទួលបាន ជ័យលាភី ផ្ការំដួលកាន់តែខ្ពស់ សម្រាប់កិត្តិយសបេក្ខភាព ក្រុងព្រះវិហាររបស់យើង។បន្ថែមពីនេះ លោកក៏បានស្នើដល់ក្រុមការងារត្រូវត្រៀមលក្ខណៈ ក្នុងការរៀបចំកម្មវិធី ​បញ្ជ្រាប​ការយល់ដឹងនិងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី ១២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”។ លោកអភិបាលរងខេត្តក៏បានតម្រូវឱ្យ គ្រប់បណ្តាមន្ទីរអង្គភាព ត្រូវរៀបចំពាក្យស្លោកចំនួនម្នាក់មួយផ្ទាំងផងដែរ៕

រដ្ឋបាលខេត្តព្រះវិហារ បើកសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤

2024/03/13 01:43:43 pm        142
រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែមីនាម្សិលមិញនេះ បានរៀបចំសិក្ខាសាលា ឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តជាន់ទី៣ ក្រោមអធិបតីភាពលោក មិន ស៊ីថា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងក្រុង/ស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធ អង្គការដៃគូ និងមេឃុំ/ចៅសង្កាត់ជាច្រើនរូប។នាឱកាសនោះ លោក មិន ស៊ីថា បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំង ស្តីពីការ អនុវត្តការងារ គណនេយ្យភាពសង្គម ឆ្នាំ២០២៣ និងលើកទិសដៅ​ឆ្នាំ២០២៤ ដើម្បីធានាបាន ប្រសិទ្ធភាព និរន្តរភាព នៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម តាមរយៈការចែករំលែក ​បទពិសោធន៍ល្អៗដល់ឃុំផ្សេងៗ ដែលបានគាំទ្រថវិកាដល់គម្រោង​គណនេយ្យភាពសង្គម។លោកបានបន្ថែមថា សម្រាប់ខេត្តព្រះវិហារការអនុវត្តគណនេយ្យភាពសង្គម បានអនុវត្ត លើ៣វិស័យ គឺសេវារដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ដែលមានវិសាលភាព គ្របដណ្តប់តំបន់គោលដៅលើឃុំសង្កាត់ចំនួន៥១ សាលាបឋមសិក្សាចំនួន២១៦ និងមណ្ឌល សុខភាពចំនួន៣០។ បានអនុវត្តផ្តល់សេវាដល់រដ្ឋបាលស្រុកចំនួន២ គឺស្រុករវៀង និងស្រុកឆែប ក្នុងចំណោម៨ក្រុង/ស្រុកទូទាំងខេត្តព្រះវិហារ។ ហើយត្រូវបានអនុវត្តជា២ ផ្នែកគឺ ទីមួយ ផ្នែកផ្គត់ផ្គង់ គឺជាតួអង្គរដ្ឋ ដែលសំដៅលើអ្នកផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទីពីរ ផ្នែកតម្រូវការ គឺជាក្រុមប្រជាពលរដ្ឋដែលសំដៅទៅលើតួអង្គមិនមែនរដ្ឋ និងមានការជួយ សម្របសម្រួលដោយអង្គការសង្គមស៊ីវិល ជាដៃគូនិងជាអ្នកគាំទ្រអនុវត្តផ្នែកជាដៃគូ និងជាអ្នក គាំទ្រអនុវត្តផ្នែកតម្រូវការ ដែលបានដឹកនាំធ្វើសកម្មភាពដោយគម្រោងឆ្នៃប្រឌិតថ្មី សម្រាប់ គណនេយ្យភាពសង្គម នៅក្នុងប្រទេសកម្ពុជាហៅកាត់ថា(ISAC)។ជាមួយនេះផងដែរ លោកក៏បានសង្ឃឹមថា សិក្ខាសាលា និងទទួលបាននូវលទ្ធផល ល្អប្រសើរ ស្របតាមការរំពឹងទុកស្របតាមការរំពឹងទុក ហើយនិងទទួលបានការគាំទ្រ ពីសំណាក់​អង្គការជាដៃគូ មកដល់រដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ បន្ថែមទៀត ពិសេសគឺការ គាំទ្រឱ្យមានផ្នែកតម្រូវការសម្រាប់ចូលរួមក្នុងដំណើរការអនុវត្តការងារ គណនេយ្យភាពសង្គម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ព្រមទាំងធ្វើការពង្រីកវិសាលភាពទៅកាន់ស្រុកគោលដៅបន្ថែមទៀត របស់ខេត្តព្រះវិហារ។ បន្ទាប់មក អង្គសិក្ខាសាលាក៏បានស្តាប់នូវបទបង្ហាញជាបន្តបន្ទាប់ទៅតាម កម្មវិធីដែលបានគ្រោងទុក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឱសានវាទរបស់លោក Trump សម្រាប់រុស្ស៊ីជិតមកដល់ ប៉ុន្តែលោកPutinពុំបង្ហាញសញ្ញានៃការធ្វើសម្បទានទេ
08/05/2025 09:08 AM
លោក Trump គំរាមឥណ្ឌាម្តងទៀតជាមួយនឹងការដំឡើងពន្ធកាន់តែតឹងរ៉ឹង ជុំវិញការទិញប្រេងពីរុស្ស៊ី
08/05/2025 09:08 AM
អ៊ីស្រាអែល នឹងសម្រេចជំហានបន្ទាប់នៅហ្កាហ្សា ក្នុងសប្ដាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាបទឈប់បាញ់ដួលរលំ
08/05/2025 09:08 AM
សហភាពអឺរ៉ុប នឹងផ្អាកវិធានការប្រឆាំងការដំឡើងពន្ធរបស់អាមេរិករយៈពេល ៦ ខែ
08/05/2025 08:08 AM
ចំនួនអ្នកស្លាប់ក្នុងពេលទទួលជំនួយនៅហ្កាហ្សាកើនឡើង ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពង្រីកការវាយលុក
08/05/2025 08:08 AM
សប្បុរសជន បន្តឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ
08/05/2025 08:08 AM
PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)
08/05/2025 07:08 AM
PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)
08/05/2025 07:08 AM
ក្រសួងការបរទេសកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបង្ករឿងរបស់ទាហានថៃ មកលើកម្ពុជាជាថ្មី
08/05/2025 07:08 AM
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand
08/05/2025 07:08 AM