BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការប្រកួតប្រជែងគ្នាជាថ្មីរវាងលោកTrump និងលោកBiden លេចចេញកាន់តែច្បាស់

2024/03/08 02:30:14 pm        196
អ្នកធ្វើយុទ្ធនាការទាំងពីរនេះ ត្រូវបានគេមើលឃើញទៅក្នុងសប្តាហ៍នេះ ជាមួយនឹងកម្មវិធី Super Tuesday របស់ទូរទស្សន៍ CNN និងសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិអាមេរិក ជារយៈពេលដ៏សំខាន់ដែលនឹងកំណត់សំឡេង និងកំណត់ទម្រង់នៃការបោះឆ្នោតសកលនាពេលខាងមុខ នៅសហរដ្ឋអាមេរិក។យុទ្ធនាការនេះ គឺជាការលេចចេញនូវការប្រកួតឡើងវិញរបស់លោក Biden និង លោកTrump យ៉ាងច្បាស់។លោកស្រី Nikki Haley បានបោះបង់ចោលការប្រកួតប្រជែងតំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ប៉ុន្តែមិនបានគាំទ្រលោក Trumpទេ ហើយបាននិយាយថា វាអាស្រ័យលើគាត់ក្នុងការ«ទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ដែលមិនគាំទ្រគាត់ពីដំបូង។អ្នកបោះឆ្នោតជិត ៥៧០.00នាក់នៅក្នុងរដ្ឋសមរភូមិសំខាន់ៗចំនួនបីគឺរដ្ឋ Nevada រដ្ឋ North Carolina និង Michigan បានបោះឆ្នោតឲ្យលោកស្រី Haley ក្នុងការប្រកួតប្រជែងជ្រើសរើសគណបក្សសាធារណរដ្ឋ ដែលជាក្រុមតូចមួយ ប៉ុន្តែសំខាន់ក្នុងការប្រណាំងប្រជែងដែលត្រូវបានសម្រេចដោយមានការគាំទ្រ តិចតួច នៅក្នុងការបោះឆ្នោត នាពេលថ្មីៗនេះ។ឧទាហរណ៍ លោកស្រី Haley បានទទួលសំឡេងគាំទ្រចំនួន២៥០.000 សំឡេង នៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ North Carolina ជារដ្ឋមួយដែល Trump ឈ្នះតិចជាង ៧៥.000 សំឡេង ក្នុងឆ្នាំ ២០២០។ទាំងលោកលោក Biden និង លោក Trump បានចេញនូវសេចក្តីថ្លែងការណ៍យ៉ាងឆាប់រហ័ស ដោយអំពាវនាវឲ្យអ្នកបោះឆ្នោត Haley ចូលរួមក្រុមរបស់ពួកគេ ទោះបីជាពួកគេ បានប្រើយុទ្ធសាស្ត្រខុសគ្នាយ៉ាងខ្លាំងក៏ដោយ។ឥឡូវនេះ ជាមួយនឹងការរៀបចំឡើងវិញនៃយុទ្ធនាការដ៏ជូរចត់ឆ្នាំ ២០២០ របស់ពួកគេទាំងអស់ ប៉ុន្តែត្រូវបានកំណត់ជាផ្លូវការបន្ទាប់ពីកម្មវិធី Super Tuesday អ្នកធ្វើយុទ្ធនាការទាំងពីរ កំពុងបង្ហាញពីយុទ្ធសាស្រ្តរបស់ពួកគេសម្រាប់ការផ្គូរផ្គងរវាងប្រធានាធិបតី និងអ្នកស្នងតំណែងមុនរបស់គាត់ភ្លាមៗ។អ្នកធ្វើយុទ្ធនាការទាំងពីរ នឹងប្រកួតប្រជែងយ៉ាងលំបាកបំផុតនៅក្នុងរដ្ឋដែលមានភាពប្រទាញប្រទង់ ចំនួន៧ ដែល៥ក្នុងចំណោមនោះ បានផ្លាស់ប្តូរពីលោកTrump ក្នុងឆ្នាំ ២០១៦ ទៅគាំទ្រលោក Biden កាលពី៤ឆ្នាំមុន។ យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Biden ទាមទារឲ្យមានការកើនឡើងលើការជួលបុគ្គលិក និងកំណត់គោលដៅអ្នកបោះឆ្នោតក្នុងរដ្ឋដែលគណបក្សទាំងពីរបានឈ្នះ។ មន្ត្រីយុទ្ធនាការរបស់លោកTrump កំពុងបញ្ចប់ការគ្រប់គ្រងគណៈកម្មាធិការជាតិសាធារណរដ្ឋ នៅសប្តាហ៍នេះ ហើយសម្លឹងមើលការពង្រីកប្រតិបត្តិការខាងក្រៅរបស់ពួកគេ។

ស៊ុយអែតចូលជាសមាជិកណាតូ ខណៈសង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យគិតពីបញ្ហាសន្តិសុខឡើងវិញ

2024/03/08 02:20:08 pm        190
ស៊ុយអែត បានចូលរួមជាមួយអង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ពីរឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្ខំឲ្យខ្លួនគិតឡើងវិញនូវគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន ហើយសន្និដ្ឋានថា ការគាំទ្រសម្រាប់សម្ព័ន្ធភាព គឺជាការធានាសុវត្ថិភាពដ៏ល្អបំផុតរបស់ប្រទេសនៅតំបន់ស្កែនឌីវ៉ានៀ។នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រគល់ឯកសារចុងក្រោយដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដែលជាជំហានចុងក្រោយក្នុងដំណើរការរយៈពេលយូរ ដើម្បីទទួលបានការគាំទ្រពីសមាជិកទាំងអស់ ដើម្បីចូលរួមសម្ព័ន្ធភាពយោធានេះ។លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយ ខណៈដែលលោកបានទទួលឯកសារចូលជាសមាជិករបស់ស៊ុយអែតពីលោក Kristersson ថា៖ «រឿងល្អៗ បានមកដល់អ្នកដែលរង់ចាំហើយ»។លោកប្ល៊ីនខិន បានថ្លែងថា៖«អ្វីគ្រប់យ៉ាង បានផ្លាស់ប្តូរ» បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលើកឡើងពីការស្ទង់មតិបង្ហាញពីការផ្លាស់ប្តូរដ៏ធំនៅក្នុងមតិសាធារណៈស៊ុយអែតលើការចូលរួមក្នុងអង្គការណាតូ។«ប្រទេសស៊ុយអែត បានដឹងអ្វីមួយយ៉ាងស៊ីជម្រៅ: ប្រសិនបើលោកពូទីន មានឆន្ទៈព្យាយាមលុបបំបាត់ប្រទេសជិតខាងមួយចេញពីផែនទី នោះលោកប្រហែលជាមិនឈប់នៅទីនោះទេ»។សម្រាប់អង្គការណាតូ ការចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ ដែលចែកព្រំដែន ១.៣៤០គីឡូម៉ែត្រ (៨៣០ម៉ាយ) ជាមួយរុស្ស៊ី គឺជាការបន្ថែមដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ វាក៏ជាការវាយប្រហារមួយផងដែរសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្យាយាមរារាំងការពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត។

អភិបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជាដល់កម្លាំសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់

2024/03/08 01:30:03 pm        139
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ប៉ែន កុសល្យ បានដាក់បទបញ្ជាដល់កងកម្លាំង​សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធទាំងអស់ ត្រូវ​បង្រ្កាបល្បែងស៊ីសង​គ្រប់រូបភាព ពិសេសការលេងល្បែង​ស៊ីសង​ឆ្នោតតាមប្រព័ន្ធអនឡាញ ត្រូវបង្រ្កាបឲ្យមាន​ប្រសិទ្ធភាព ប្រសិនបើក្នុងដែនសមត្ថកិច្ច​ណាមួយ​ហ៊ាន​លបលួច​បើក​ឲ្យមាន​ករណីលេងល្បែង​ស៊ីសងនោះ និងត្រូវទទួលខុសត្រូវ​ចំពោះច្បាប់។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាឯកភាពខេត្ត​ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីកងកម្លាំង​សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាថ្ងៃទី៨មីនាឆ្នាំ២០២៤នេះ។ឯកឧត្តមប្រធានគណៈបញ្ជាការខេត្ត បានធ្វើការណែនាំជំរុញដល់អាជ្ញាធរ និងមេឃុំ មេភូមិ នៅតាមបណ្តាលក្រុងស្រុកទាំងប្រាំរបស់ខេត្ត ត្រូវអនុវត្តធ្វើការពន្លឿនការដោះស្រាយបញ្ហា​ទំនាស់​វិវាទដីធ្លី ដែលមាននៅសេសសល់ទាំង​ប៉ុន្មាន​នៅក្នុងមូលដ្ឋាន​របស់ខ្លួន​ត្រូវធ្វើការដោះស្រាយ​ឲ្យ​លឿន និងឆាប់បំផុតទៅតាមអ្វីដែលអាច​ធ្វើបានដើម្បី​សម្រួល​ដល់ការធ្វើប្លង់ជូន​ប្រជាពលរដ្ឋ​ប្រកបដោយកម្លាភាព​ និងមានភាពជឿជាក់​ ដើម្បីពលរដ្ឋបានអាស្រ័យ​ផលលើដីរបស់​គាត់បាន​ស្របច្បាប់ផងដែរ។ឯកឧត្តម ប៉ែន កុសល្យ បានសង្កាត់ធ្ងន់ថា ដោយឡែកចំពោះបញ្ហា នៅតាមបណ្តាលច្រកព្រំដែន​កម្ពុជា ថៃ នានាក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ កងកម្លាំងជំនាញស្ថាប័នពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើការពង្រឹងការងារភារកិច្ចតួរនាទីស្នូលរបស់ខ្លួន​ឲ្យមានប្រសិទ្ធភាព​ក្នុងការក្តាប់​ឲ្យ​បានរាល់​សភាពការណ៍​ព័ត៌មានផ្សេងៗ និងត្រូវចេះ​សាមគ្គីភាពគ្នាផ្ទៃក្នុងតែមួយក្នុងការរួម​សហការគ្នា​ដើម្បីបម្រើផលប្រយោជន៍រួម ជូនដល់ប្រជាពលរដ្ឋក្នុងសង្គម​ឲ្យ​ទទួលភាពកក់ក្តៅផងដែរ៕

ពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃនេះ

2024/03/08 12:59:01 pm        127
ពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានៅថ្ងៃសុក្រនេះ ប៉ុន្តែអំឡុងការប្រារព្ធតែងមានសកម្មភាពតវ៉ាផ្សេងៗបានកើតឡើង ។ស្ត្រីនៅទូទាំងពិភពលោកនឹងទាមទារប្រាក់ឈ្នួលស្មើគ្នា សិទ្ធិបន្តពូជ ការអប់រំ យុត្តិធម៌ ការសម្រេចចិត្តលើការងារ និងតម្រូវការចាំបាច់ផ្សេងទៀតក្នុងអំឡុងពេលបាតុកម្មប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានៅថ្ងៃសុក្រសប្ដាហ៍នេះ។ ដោយត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិក្នុងឆ្នាំកាលពីឆ្នាំ១៩៧៧ ទិវានារីអន្តរជាតិត្រូវបានប្រារព្ធឡើងតាមរបៀបផ្សេងៗគ្នា និងទៅតាមកម្រិតផ្សេងៗគ្នានៅតាមប្រទេសនានាជុំវិញពិភពលោក។ ការតវ៉ាជាច្រើនជាញឹកញាប់តែងមានលក្ខណៈនយោបាយ ហើយជួនកាលមានអំពើហិង្សា ចាក់ឫសក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីក្នុងការលើកកម្ពស់សិទ្ធិជាកម្មករ។ ការធ្វើបាតុកម្មត្រូវបានគ្រោងធ្វើចាប់ពីទីក្រុងតូក្យូ ដល់ទីក្រុងម៉ិកស៊ិក ហើយប្រធានបទសកលសម្រាប់ឆ្នាំនេះគឺ ការជំរុញចិត្តក្នុងការផ្ដល់តម្លៃរួម។ ទិវាសិទ្ធិនារីអន្តរជាតិគឺជាការប្រារព្ធពិធីជាសាកល ហើយអំពាវនាវឱ្យចាត់វិធានការ ដែលត្រូវបានកើតឡើងដោយមានបាតុកម្ម ភាគច្រើនជាស្ត្រីនៅជុំវិញពិភពលោក រាប់ចាប់ពីការតវ៉ាប្រឆាំង រហូតដល់ការរត់សប្បុរសធម៌។ខ្លះអបអរសាទរសមិទ្ធិផលសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ស្ត្រី ខណៈខ្លះទៀតជំរុញឱ្យរដ្ឋាភិបាលធានានូវប្រាក់ឈ្នួលស្មើគ្នា លទ្ធភាពទទួលបានការថែទាំសុខភាព យុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើហិង្សាផ្អែកលើយេនឌ័រ និងការអប់រំសម្រាប់ក្មេងស្រី ជាដើម ។ថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងប្រទេសជាង២០ រួមទាំងអាហ្វហ្គានីស្ថាន ប៊ួគីណាហ្វាស៊ូ អ៊ុយក្រែន រុស្ស៊ី និងគុយបា និងមានប្រទេសតែមួយគត់នៅក្នុងទ្វីបអាមេរិក។ ដូចនៅក្នុងទិដ្ឋភាពផ្សេងទៀតនៃជីវិត ប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងទិវាសិទ្ធិនារីអន្តរជាតិ ជាពិសេសតាមរយៈការពង្រីកការយកចិត្តទុកដាក់ចំពោះបាតុកម្មដែលបានធ្វើឡើងនៅក្នុងប្រទេសដែលមានរដ្ឋាភិបាលគាបសង្កត់ចំពោះស្ត្រី និងការមិនយល់ស្របជាទូទៅ៕

រុស្សី ដណ្តើមបានមកវិញការគ្រប់គ្រងផ្នែកមួយនៅទីតាំងលំនៅឋាន ក្នុងតំបន់ Zaporizhzhia

2024/03/08 12:55:11 pm        211
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ប្រទេស ដណ្តើមបានមកវិញ ផ្នែកខាងត្បូងទីក្រុង Robotyne ជាទីតាំងលំនៅឋាន ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ពីការអះអាងនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីសមាជិកនៃចលនាគាំទ្រវិមានក្រឹមឡាំងនៅក្នុងតំបន់។ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីខែសីហា ឆ្នាំមុនថា ខ្លួនបានដណ្តើមមកវិញទីតាំងលំនៅឋាន ជាផ្នែកមួយនៃការវាយលុករបស់ខ្លួនលើកងកម្លាំងរុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (Think Tank) របស់សហរដ្ឋអាមេរិក បាននិយាយថា វីដេអូភូមិសាស្ត្រ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ «បង្ហាញថាកងកម្លាំងរុស្ស៊ីនាពេលថ្មីៗនេះ បានរុលចូលទៅដល់ភាគខាងកើតទីក្រុង Robotyne។ កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារដោយមីស៊ីលក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ ស្ត្រីម្នាក់ត្រូវបានសម្លាប់ខណៈមីស៊ីលមួយគ្រាប់បានបាញ់លើលំនៅឋានរបស់នាង នៅតំបន់ភាគខាងកើតទីក្រុង Kharkiv។ សាលារៀន មន្ទីពេទ្យ និងសម្ភារៈបរិក្ខារផ្សេងទៀត បានរងការខូចខាតនៅតំបន់ភាគឦសាននៃខេត្ត Sumy ។ទន្ទឹមនឹងនេះ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ក្រសួងបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី Lynne Tracy កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្រមានលោកស្រីថា ទីក្រុងមូស្គូនឹង «ដាក់គំនាបយ៉ាងតឹងរ៉ឹង និងដាច់ខាត» ចំពោះការប៉ុនប៉ងចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក្រសួងនិយាយថា ក្រសួងអាចនឹងបណ្ដេញបុគ្គលិកស្ថានទូតអាមេរិកណាមួយដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពបែបនេះ ហើយការប៉ុនប៉ងជ្រៀតជ្រែករួមមាន «យុទ្ធនាការក្នុងការរារាំង និងព័ត៌មានមិនពិត នៅក្នុងបរិបទនៃការបោះឆ្នោត និងប្រតិបត្តិការយោធាពិសេស។ប្រទេសរុស្ស៊ី មានផែនការរៀបចំការបោះឆ្នោតប្រធានាធិបតី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ហើយចាត់ទុកការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនថាជា «ប្រតិបត្តិការសឹកពិសេស»។

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារ​ទាហាន​អាមេរិក​បាត់ខ្លួន​នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

2024/03/08 12:53:59 pm        191
នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធាន​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួប​សម្តែង​ការ​គួរសម ព្រមទាំងបានចូលរួមអបអរសាទរ​ចំពោះជោគជ័យ​នៃដំណើរបំពេញបេសកកម្ម​ការងារ​របស់សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុង​ម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា ​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។ លោកស្រី ក៏បានគោរពថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សកម្មភាព​របស់​សហព័ន្ធជាតិ នៃ​គ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណ​ជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូ​ដ៏ល្អបំផុត​ក្នុង​ការ​គាំទ្រ​សកម្ម​ភាព​ការងារ​របស់​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ​ចំពោះក្រុម​គ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាង​ច្បាស់រវាង​ការងារ​មនុស្ស​ធម៌ និងបញ្ហានយោបាយ។ ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពី​អ្នក​ដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែល​លោក​នឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិ​នៃគ្រួសារ​ទាហាន​អាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។ សម្តេចធិបតី ក៏បានបញ្ជាក់ផង​ដែរថា​ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជ​រដ្ឋាភិបាល​នឹង​ខិតខំបន្ថែមទៀតក្នុងការសម្របសម្រួល​លើ​សកម្មភាព​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ ទោះបីជានៅតំបន់ខ្លះ​នៅមានលក្ខណៈស្មុគស្មាញក៏ដោយ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់​ជូនលោកស្រីថា​ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់​និងយូរអង្វែង​រាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុល សារឿន បន្តទៀត​ក្នុងការសម្របសម្រួល និងសហកា​រជា​មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុ​ជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសា​រនៃទាហានដែលបានបាត់ខ្លួន ៕

សម្តេច ឃួន សុដារី៖ ការដោះស្រាយវិសមភាពយេនឌ័រមិនមែន ដើម្បីតែស្ត្រីប៉ុណ្ណោះទេ តែនឹងធ្វើឱ្យសង្គមមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា

2024/03/08 12:38:32 pm        169
ភ្នំពេញ៖ នៅពេលអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងវេទិកាតុមូលលើកទី២ ស្តីពី សមភាព និង​ចំនួនស្មើគ្នារវាងស្រ្តី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងពីតួនាទីគម្រូរបស់ស្រ្តី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមោះមុត​ក្នុងកា​រពង្រឹង​សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី ៧ ជាផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៨) បាន​គូស​បញ្ជាក់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅលើ​វិស័យ​សំខាន់ៗរួមមាន សេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំសាធារណៈ។ សម្តេច​រដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា រដ្ឋសភា​បា​នប្តេជ្ញា​ចិត្ត​ក្នុង​បុព្វ​ហេតុ​លើក​កម្ពស់​សម​ភាព​យេនឌ័រ តាមរយៈការងារនីតិកម្ម ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ និង​ភាព​ជាតំ​ណាង​របស់​ខ្លួន “យើងបានបញ្ជាក់ច្បាស់នូវវិធីសាស្ត្រផ្តោតលើយេនឌ័រ និងការរឆ្លើយត​ប​ទៅ​នឹង​តម្រូវ​ការ​យេនឌ័រ​ក្នុងការស្វែងរកការគាំទ្រមតិលើការបង្កើតច្បាប់ និងគោលនយោបាយ”។ សម្តេចប្រធានរដ្ឋសភា បានបន្តទៀតថា នៅពេល​យើង​អាច​លើក​កម្ពស់​កម្រិត​នៃ​សមភាព​យេនឌ័របាន យើងមិនត្រឹមតែអាចកៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ ហើយ​យើង​ក៏​អាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកទី១ ដែលរដ្ឋសភាប្រទេសបាំងធ្វើជាម្ចាស់ផ្ទះ មាន​ការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តី មកពីប្រទេសចំនួន២៥ នៅទូទាំងពិភពលោក ដែល​មក​ជួប​ជុំគ្នាដើម្បីជំរុញបន្ថែមទៀតនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរ​ពី​បញ្ហា​ស្រ្តី​ និង​ក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តី និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ ជាង​នេះ​ទៀត អ្វីដែលសំខាន់គឺ សភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈ​ការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ចំនួនពីរ គឺទី១ មានប្រធានបទ ការអប់រំ​ប្រកប​ដោយ​សមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងទី២មានប្រធានបទ សមភាព និង​ចំនួនស្មើគ្នារវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទី​គម្រូ​របស់​ស្ត្រី។​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងទៅកាន់អង្គប្រជុំបន្តថា ភាពជាអ្នកដឹកនាំរបស់ស្ត្រី មិន​មែន​គ្រាន់​តែជារឿងនិទាននោះទេ តែជាសក្ខីកម្មនៃភាពធន់ និងសមត្ថភាពរបស់ស្រ្តី។ ស្ត្រីបាន​បង្ហាញ​នូវ​ភាពជាអ្នកដឹកនាំដែលរួមបញ្ចូលដោយលក្ខណៈនៃការយល់ចិត្ត ការយកចិត្តទុកដាក់ ការ​ចែក​រំលែក និងភាពជាអ្នកដឹកនាំល្អិតល្អន់ទាំងនៅតាមគេហដ្ឋាន និងក្នុងវិស័យវិជ្ជាជីវៈ។សម្តេច​ប្រធានរដ្ឋសភា បានជម្រាបជូនអង្គប្រជុំថា គេត្រូវទទួល​ស្គាល់​ពី​ធម្មជាតិ​ដែល​បាន​ចាក់​ឫស​យ៉ា​ងជ្រៅក្នុងវិសមភាពយេនឌ័រ។ ស្ត្រីនិងក្មេងស្រីតែងប្រឈមទៅនឹងអំពើហិង្សា ការ​រំលោភ​បំពាន និងការផ្តល់តម្លៃមិនស្មើគ្នា ទាំងនៅតាមផ្ទះ កន្លែងធ្វើការ និងតាមសហគមន៍ ព្រមទាំង​មិន​ទាន់​បាន​នូវឱកាសរៀនសូត្រ រកប្រាក់ចំណូល និងដឹកនាំថែមទៀតផង។ ការដោះស្រាយ​វិសម​ភាព​យេនឌ័រ គឺជាបញ្ហាសកលមួយដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប មិនមែន​សម្រាប់​តែ​ស្ត្រីប៉ុណ្ណោះទេ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើង​ថា​ការ​ជួប​ជុំ​ប្រធាន​សភា​ជា​ស្រ្តី​នាឱកាសនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តី។ តំណាងស្រ្តីដែលបានជជែក ពិភាក្សាយ៉ាងហ្មត់​ចត់​អំពី​ប្រធាន​បទ​ដ៏​មា​ន​សក្តា​នុពល​រវាង​សម​ភាព​យេន​ឌ័រ ភាពស្មើគ្នា និងការពង្រឹងអំណាចនៅក្នុងនយោបាយ បានគូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​គម្រូក្នុងសង្គម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “ស្ត្រីត្រូវកសា​ង​សមត្ថ​ភាព និងជំនាញរបស់ខ្លួន ដើម្បីចាប់យកនូវកាលានុវត្តភាព ដែលគាំទ្រដោយ​បរិយាកាស​អំណោយ​ផល រួមបញ្ចូលទាំងការគាំទ្រពីក្រុមគ្រួសារ ដៃគូ និងសហគមន៍។ យើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរបទដ្ឋានសង្គម រួមមានផ្នត់គំនិត ក៏ដូចជាប្រព័ន្ធនយោបាយ និង​សេដ្ឋកិច្ច សំដៅផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដើម្បី​ឱ្យ​ពួក​គេអាចសម្រេច​បាន​នូវ​សក្តា​នុពលរបស់​ខ្លួន”៕​

រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជំរុញឲ្យមានការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន

2024/03/08 11:50:16 am        102
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរូន បានតស៊ូមតិយ៉ាងម៉ឺងម៉ាត់ លើការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍។លោកបានថ្លែងបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អានណាឡេណា បែបក់ (Annalena Baerbock) នៅទីក្រុងប៊ែរឡាំងថា៖«នៅពេលនិយាយអំពីអាវុធរយៈចម្ងាយឆ្ងាយ ខ្ញុំអាចនិយាយសម្រាប់តែបទពិសោធរបស់ចក្រភពអង់គ្លេសអំពីប្រសិទ្ធភាពនៃអាវុធទាំងនេះក្នុងការជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់នេះ»។មីស៊ីលតម្រង់គោលដៅ Storm Shadow ជាអាវុធដែលអង់គ្លេស កំពុងផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ។ ទោះជាយ៉ាងណាក៏ដោយ លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បដិសេធមិនផ្តល់មីស៊ីល តម្រង់គោលដៅរយៈចម្ងាយឆ្ងាយ Taurus របស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដោយសារលោក បារម្ភថា អាល្លឺម៉ង់ អាចចូលរួមក្នុងសង្គ្រាមនេះ។លោកកាមេរូន បានជំទាស់យ៉ាងដាច់អហង្ការចំពោះទ្រឹស្តីដែលថា ការផ្តល់ប្រព័ន្ធសព្វាវុធថ្មី អាចនាំទៅដល់ការពង្រីកសង្រ្គាមនេះ។ លោកកាមេរូន បាននិយាយថា៖ «នៅគ្រប់ដំណាក់កាល វាត្រូវបានគេនិយាយថា ប្រសិនបើអ្នកផ្តល់អាវុធប្រឆាំងរថក្រោះដល់អ៊ុយក្រែន នោះគឺជាការកើនឡើងភាពតានតឹង។ ទេ វាមិនមែនទេ។ ប្រសិនបើអ្នកផ្តល់រថក្រោះដល់អ៊ុយក្រែន នោះគឺជាការកើនឡើងភាពតានតឹង។ ទេ វាមិនមែនទេ។ ប្រសិនបើអ្នកផ្តល់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ ឬអាវុធបាញ់បានចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន។ នោះ គឺជាការកើនឡើងភាពតានតឹង។ លោកកាមេរូន បានបន្តទៀតថា៖«ប្រសិនបើអ្នកកំពុងធ្វើអ្វីដែលអ្នកកំពុងធ្វើ គឺជួយប្រទេសមួយការពារខ្លួនពីការឈ្លានពានខុសច្បាប់ និងអយុត្តិធម៌ទាំងស្រុងនោះ វាមិនគួរមានអ្វីមករារាំងអ្នកក្នុងការជួយប្រទេសនោះឲ្យទទួលបានមកវិញនូវទឹកដីរបស់ខ្លួន»។

លោក Bidenវាយប្រហារលោក Trump ពាក់ព័ន្ធបញ្ហារុស្ស៊ី ក្នុងសុន្ទរកថាប្រចាំឆ្នាំដ៏តានតឹង

2024/03/08 11:47:06 am        152
លោកប្រធានាធិបតី Joe Biden បានវាយប្រហារអតីតប្រធានាធិបតីលោក Donald Trump សម្រាប់ឥរិយាបទចំពោះប្រទេសរុស្ស៊ី ដោយពុំបានខ្វល់ខ្វាយអំពីការរាតត្បាតជំងឺ COVID-19 និងសកម្មភាព លុកលុយរបស់លោកនៅក្នុងវិមាន Capitol កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ក្នុងសុន្ទរកថាប្រចាំឆ្នាំដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ ២០២៤នេះ ។ ថ្លែងនៅមុនសម័យប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភា លោក Biden បានចាប់ផ្ដើមសុន្ទរកថារបស់លោកដោយការរិះគន់ចំៗលើលោក Trump ចំពោះការអត្ថាធិប្បាយដែលថានឹងបើកដៃឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឈ្លានពានប្រទេសជាស ម្ព័ន្ធមិត្តណាតូផ្សេងទៀត ប្រសិនបើពួកគេមិនបង់លុយឲ្យថ្លៃការពារជាតិឲ្យបានគ្រប់ចំនួន។ លោក Biden បាននិយាយដោយដកស្រង់សម្ដីលោក Trump ថា ឥឡូវនេះ អ្នកកាន់តំណែងមុនរបស់ខ្ញុំ ដែលជាអតីតប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ប្រាប់លោក Putin ថា ចង់ធ្វើអីក៏ធ្វើតាមចិត្តចុះ។ខ្ញុំគិតថានេះជារឿងហួសចិត្ត គ្រោះថ្នាក់ ហើយមិនអាចទទួលយកបានឡើយ។ លោក Biden ដែលបាននិងកំពុងជំរុញសភាឲ្យផ្តល់ថវិកាបន្ថែមដល់អ៊ុយក្រែនសម្រាប់សង្រ្គាមជាមួយរុស្ស៊ីនោះ ក៏មានសារមួយផងដែរផ្ដាំទៅលោក Putin ថា យើងនឹងមិនដើរចោលអ៊ុយក្រែនឡើយ។លោកប្រធានាធិបតីរូបនេះ មានគំនិតផ្ទុយគ្នាជាមួយលោក Trump ដែលជាគូប្រជែងរបស់លោកមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា២០២៤ អំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិរំលូតកូន និងសេដ្ឋកិច្ច អំឡុងពេលសុន្ទរកថាដែលគណបក្សប្រជាធិបតេយ្យមើលឃើញថាជាឱកាសមាសសម្រាប់លោក Biden ប្រមូលប្រជាប្រិយភាពសម្រាប់អាណត្តិទីពីរនៅចំពោះមុខជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងទស្សនាតាមកញ្ចក់ទូរទស្សន៍៕

អាមេរិក គំរាមចាត់វិធានការប្រឆាំងអ៊ីរ៉ង់ នៅទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិជុំវិញការបន្តសកម្មភាពនុយក្លេអ៊ែរ

2024/03/08 11:02:15 am        173
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានគំរាមចាត់វិធានការនាពេលអនាគតប្រឆាំងនឹងអ៊ីរ៉ង់ នៅឯអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ប្រសិនបើទីក្រុងតេអេរ៉ង់ បន្តមិនឆ្លើយតបអ្នកឃ្លាំមើល ដោយបដិសេធកិច្ចសហប្រតិបត្តិការ និងចម្លើយដែលអង្គការនេះ ស្វែងរកលើបញ្ហាមួយចំនួនរួមទាំងភ័ស្តុតាងអ៊ុយរ៉ានីញ៉ូមដែលមិនអាចពន្យល់បានជាយូរមកហើយនោះ។នៅឯកិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាអភិបាលប្រទេសចំនួន៣៥ របស់ទីភ្នាក់ងារថាមពលបរិមាណូ អន្តរជាតិ (IAEA) ទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ៊ីរ៉ង់ម្តងទៀតឲ្យសហការជាមួយក្រុមអធិការកិច្ច IAEA ដែលស្វែងរកការពន្យល់ពីទីក្រុងតេអេរ៉ង់អស់រយៈពេលជាច្រើនឆ្នាំអំពីប្រភពដើមនៃភាគល្អិតអ៊ុយរ៉ានីញ៉ូមនៅកន្លែងមួយចំនួនដែលមិនបានបញ្ជាក់។ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិកបានឈប់រយៈពេលខ្លីក្នុងការស្វែងរកដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់។ ក្រុមអ្នកការទូត បានលើកឡើងពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាថា ជាហេតុផលដែលក្រុងវ៉ាស៊ីនតោនស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះ។ ទីក្រុងតេអេរ៉ង់ ប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចបែបនេះ ហើយជារឿយៗឆ្លើយតបដោយការបង្កើនសកម្មភាពរបស់ខ្លួន។សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា៖«យើងជឿថា យើងបានឈានដល់ចំណុចដែលយើង និងសហគមន៍អន្តរជាតិ ត្រូវតែពិចារណាឡើងវិញពីរបៀបដើម្បីឆ្លើយតបទៅនឹងការបន្តសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់" ។ «យើងមិនអាចអនុញ្ញាតឲ្យគំរូនៃអាកប្បកិរិយាបច្ចុប្បន្នរបស់អ៊ីរ៉ង់បន្តទៅទៀតទេ។ឥឡូវនេះ វាមានរយៈពេលជាងមួយឆ្នាំហើយ ចាប់តាំងពីសេចក្តីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាភិបាលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានបញ្ជាឲ្យទីក្រុងតេអេរ៉ង់សហការជាបន្ទាន់ជាមួយនឹងការស៊ើបអង្កេតលើភាគ ល្អិតអ៊ុយរ៉ានីញ៉ូមទាំងនោះ។ ទីក្រុងតេអេរ៉ង់ បានច្រានចោលសេចក្តីសម្រេចនេះថា ជា «នយោបាយ» និង «ប្រឆាំងអ៊ីរ៉ង់» ទោះបីជាមានតែប្រទេសចិន និងរុស្ស៊ីដែលជំទាស់ក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នេប៉ាលផ្តល់ការឡើងកំពូលភ្នំចំនួន ៩៧ដោយឥតគិតថ្លៃ ពេលដែលវិស័យទេសចរណ៍ហក់ឡើងខ្ពស់នៅភ្នំ Everest
08/12/2025 08:08 PM
រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តថ្នាក់ដឹកនាំទាំងអស់ មានភាពក្លាហានក្នុងការស្វែងយល់ពីស្ថានភាពជុំវិញខ្លួន និងហ៊ានដាក់ចេញសកម្មភាព ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយនវានុវត្តន៍
08/12/2025 08:08 PM
និស្សិតនៅតំបន់ហ្កាហ្សាអះអាងថា សង្រ្គាមរបស់អ៊ីស្រាអែលបានប្លន់ការសិក្សារបស់ពួកគេ
08/12/2025 08:08 PM
ក្រុមស្ម័គ្រចិត្តអ៊ីរ៉ាក់នៅទីក្រុងបាកដាដ ចែកចាយដើមឈើដោយឥតគិតថ្លៃដើម្បីប្រយុទ្ធប្រឆាំងនឹងវាលរហោដ្ឋាន
08/12/2025 08:08 PM
ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកនៅសាកលវិទ្យា Emory បង្កើតឧបករណ៍ជីវសាស្រ្ត ដើម្បីការពារកសិករពីរលកកម្តៅ
08/12/2025 08:08 PM
មន្រ្តីរដ្ឋាភិបាល៖ ក្រុមសកម្មប្រយុទ្ធបានសម្លាប់ទាហានប៉ាគីស្ថាន ៩នាក់ នៅខេត្ត Balochistan
08/12/2025 08:08 PM
អ៊ីរ៉ង់៖ ជនសង្ស័យ ២១.០០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែល
08/12/2025 08:08 PM
ហ៊្សកដានីធ្វើជាម្ចាស់កិច្ចប្រជុំដើម្បីពិភាក្សាលើការកសាងប្រទេសស៊ីរីឡើងវិញ
08/12/2025 08:08 PM
ទាហានគ្រវីទង់ជាតិរុស្ស៊ីនៅភូមិអ៊ុយក្រែនដែលពួកគេអះអាងថាដណ្តើមកាន់កាប់បាន
08/12/2025 08:08 PM
ក្រុមឃ្លាំមើលសមុទ្រអាល្លឺម៉ង់សង្រ្គោះជនអន្តោប្រវេសន៍ ៧៣នាក់នៅជិតតំបន់ឆ្នេរប្រទេសលីប៊ី
08/12/2025 08:08 PM