សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និង​អេមីរ៉ាតអារ៉ាប់រួមប្រកបដោយផ្លែផ្កា និងមោទនភាពបំផុត

2024/12/15 10:38:53 am        148
តបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ច​ប់​ដោយ​ជោគ​ជ័យ​នូវ​ទស្សន​កិច្ច​ផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតូកគឺយេ និងអេមីរ៉ាត​អារ៉ាប់រួម ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនៃទស្សនកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា បានជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សមភាគី​ដែលជាប្រធានសភា និងបានជួបពិភាក្សាការងារ​ជាមួយថ្នាក់​ដឹក​នាំសំខាន់​ៗ​នៃ​ប្រទេសនីមួយៗផងដែរ។ ប្រមុខសភានិងថ្នាក់ដឹកនាំនៃបណ្តាប្រទេសទាំង៤ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និងបានផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក្នុង​នាមជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរាល់ជំនួបសវនការ ប្រមុខ​សភា និង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ជា​មិត្តបា​ន​សម្តែង​ការ​កោតសរសើរដ៏ស្មោះស្ម័គ្របំផុត​ចំពោះស​ម្តេច​តេជោ​ថា ជាវីរជននយោបាយដ៏សំខាន់បំផុតដែលបានលះបង់ និងបូជាគ្រប់បែប​យ៉ាង​ក្នុងបុ​ព្វ​ហេតុ​កសាងសន្តិភាព និងអភិវឌ្ឍជាតិ នៃប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប។ សម្តេចតេជោប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាមិត្ត ក៏បានធ្វើការ​ផ្លាស់ប្តូរយោបល់អំពី​បញ្ហា​តំបន់ និងអន្តរជាតិ ដែលជាការប្រឈមនៅចំពោះមុខសភាពការណ៍ ដែលកំពុង​តែវិវ​ត្ត​យ៉ាង​លឿន កាន់តែតានតឹង និងស្មុគស្មាញ ជាពិសេសស្ថានភាពនៅស៊ីរី លីបង់ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងសង្គ្រាមនៅអ៊ុយក្រែន ដើម្បីរួម​ចំណែក​ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជា​យុទ្ធ​សាស្ត្រ​សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាព ក្នុងតំបន់ និងពិភពលោកទាំងមូល។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា យោងតាមបទពិសោធផ្ទាល់របស់កម្ពុជា «សង្គ្រាម​មិន​អាច​បញ្ចប់​សង្គ្រាម​បាន​ទេ គឺមានតែកិច្ចសន្ទនា និងការចរចា» ហើយការដាក់ទណ្ឌកម្ម​ជា​ឯកតោភា​គី​ក៏មិនមែ​ន​ជា​ជម្រើសសម្រាប់ដំណោះស្រាយបញ្ហាដែរ ប៉ុន្តែផ្ទុយទៅវិញបានបង្កនូវ ភាព​ស្មុគ​ស្មាញ​កាន់​តែច្រើន និងដាក់បន្ទុកដល់ប្រជាជន និងប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ក្នុង​ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរសភា ថ្នាក់ដឹកនាំសភាទាំងអស់បានគូសបញ្ជាក់ពី សារៈ​សំខាន់នៃការទូតសភា និងបានឯកភាពជំរុញទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ​រវាង​សភា និង​សភា ឱ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅ ចាប់ពីកម្រិតគណៈកម្មការ ដល់កម្រិត នៃ​កិច្ច​ប្រជុំ​កំពូលថ្នាក់ដឹកនាំសភា ជាពិសេសការរៀបចំកិច្ចប្រជុំជាទៀងទាត់ តាមរយៈយន្តការ នៃ​ក្រុម​មិត្តភាព​សភាដែលមានស្រាប់របស់ ប្រទេសទាំង៤ ជាមួយកម្ពុជា ឬកិច្ចពិគ្រោះយោបល់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អន្តរសភាតំបន់ និងក្នុងវេទិកាអន្តរជាតិ នានា។ សម្តេចតេជោ ក៏បានជម្រាបជូនផងដែរអំពីលទ្ធផលនៃមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បី ភាពអត់ឱននិងសន្តិភាព (IPTP) ដែលបានអនុម័តដាក់ចេញនូវ “ធម្មនុញ្ញសន្តិភាពសកលលោក” នៅ រាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តបាន យល់ស្របថា ធម្មនុញ្ញសន្តិភាពសកលលោក មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនងសភា និងសម្រាប់អ្នកស្រឡាញ់សន្តិភាព ព្រមទាំងប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីសន្តិភាព និងវិបុលភាព ពិភពលោក។ ស្របជាមួយគ្នានេះ សម្តេចតេជោបានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានសភាកាតា ក្នុងការ បង្កើតឱ្យមានកិច្ចប្រជុំកំពូលសភាអាស៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភាអាស៊ីឱ្យកាន់តែ ប្រសើរឡើង។ សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស និងក្រសួងការបរទេស ព្រមទាំងបានស្នើសមភាគីជាមិត្តជំរុញការរៀបចំកិច្ចប្រជុំនេះឱ្យ បានទៀងទាត់។ ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សាស៊ីជម្រៅអំពីការជំរុញ និងការគាំពារដល់កិច្ចសហ ប្រតិបត្តិការក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្មសេរី និងវិនិយោគ ដោយផ្អែកលើភាពខ្លាំងនៃប្រទេសនីមួយៗ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានសន្តិសុខស្បៀង ហើយបណ្តាប្រទេសជាមិត្តទាំង៤ មានសន្តិសុខថាមពល ធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងក៏ អាចជាយន្តការរួមគ្នាសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ សម្តេចតេជោ បានស្នើភាគីមិត្តជំរុញ ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដូចជា ស្រូវនិងអង្គរ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀតរបស់កម្ពុជា ដើម្បីនាំចេញទៅក្នុងទីផ្សារ តំបន់ និងលើពិភពលោក។សម្តេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចូលជាធរមាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានសក្តានុពលជាច្រើន សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយ បានស្នើដល់ប្រទេសជាមិត្តផ្សេងទៀតជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ ជាមួយកម្ពុជា រួមទាំងការបង្កើននិងបង្កើតការហោះហើរត្រង់មកកាន់កម្ពុជា។ MURIDety & ភាគីទាំងអស់បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដទៃទៀតដែលមាន សក្តានុពលនិងផលប្រយោជន៍រួម ដូចជា អប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះភាគីមិត្ត និងស្នើបន្តគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា ព្រមទាំងជំនួយអភិវឌ្ឍន៍និង បច្ចេកទេសនានា។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិភាគីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការរួម វិភាគទានរបស់ប្រទេសនីមួយៗ ដើម្បីជាគុណប្រយោជន៍រួមសម្រាប់តំបន់ និងជាសកល។ ជាមួយនឹង ការគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការធ្វើសមាហរណកម្មតំបន់ និងពាណិជ្ជកម្មសេរី ដែលបើកចំហ មាន តម្លាភាព និងប្រកបដោយបរិយាបន្ន សម្តេចតេជោបានផ្តោតសារៈសំខាន់ខ្លាំងលើទំនាក់ទំនងរវាងក្រុម ប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាមួយអាស៊ាន ជាពិសេសការលើកកម្ពស់ភាពជាដៃគូ ពាណិជ្ជកម្មដ៏ធំរវាងតំបន់ទាំងពីរ។ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថា ការចរចាស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងអាស៊ាន និង GCC គួរត្រូវបានពន្លឿន និងបញ្ចប់ឱ្យបានឆាប់រហ័ស ខណៈពេល ដែលសហភាពអឺរ៉ុប (EU) និងអាស៊ាន នៅមានឧបសគ្គមួយចំនួនក្នុងការចរចានៅឡើយ។ សម្តេចតេជោ បានបង្ហាញទស្សនៈប្រកបដោយសុទិដ្ឋិនិយមខ្ពស់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង GCC និងអាស៊ាន នឹងមានភាពងាយស្រួល ដោយសារពុំមានការដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ ទាំងពីរស្ថិតនៅក្នុងទ្វីបអាស៊ីដូចគ្នា។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ប្រធានសភានៃប្រទេសទាំង៤ បានទទួលយក ការអញ្ជើញរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។ លើសពីនេះទៀត តាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃរដ្ឋកាតាបានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋកាតា តាម ពេលវេលាសមស្រប។ នៅក្នុងឱកាសនៃទស្សនកិច្ចនោះផងដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជួបសន្ទនាជាមួយ ឯកឧត្តម ថាយីប អ៊ែរដូអាន ប្រធានាធិបតីតួកគីយេ, ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា, និងបានអនុញ្ញាតទទួលជួបសម្តែង ការគួរសមពីឯកឧត្តម សេក្ខ ហ្វេសាល ប៊ីន ថានី ប៊ីន ហ្វេសាល អាល ថានី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្ម នៃរដ្ឋកាតា។ ជាមួយគ្នានេះដែរ ក្នុងពេលស្នាក់នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោ ត្រូវ បានអញ្ជើញចូលរួមជាភ្ញៀវពិសេសរបស់ប្រទេសម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍វប្បធម៌តួកគីយេ-ហុងគ្រី នៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលនាពេលនោះ សម្តេចតេជោ ក៏បានជួបសន្ទនាជាមួយឯកឧត្តម វីកទ័រ អរបាន នាយករដ្ឋមន្ត្រីហុងគ្រី ផងដែរ៕

គណបក្សប្រជាជន ឈរនៅខាងប្រជាជន កៀកជាមួយប្រជាជន កសាង និងការពារនូវសន្តិភាព

2024/12/15 10:01:32 am        117
គណបក្សប្រជាជនកម្ពុជា បង្ហាញឱ្យឃើញពីគោលគំនិត ដែលតែងតែឈរនៅខាងប្រជាជន និង​កៀក​ជាមួយ​ប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការរួមសុខទុក្ខ​រវាង​រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជា​ធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជា​ប្រធាន​ក្រុម​ការងារ​ចុះមូលដា្ឋនស្រុកសន្ទុក លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ឃុំ​បឹងល្វា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ធ្នូ ម្សិលមិញនេះថា ក្នុងរយៈ​ពេល​ជាង ៤៥ ឆ្នាំ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះ គណបក្សប្រជាជនកម្ពុជា បាន ដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និង​ការ​លំបាក​ច្រើន​រាប់​មិន​អស់ ដោយមិនរត់ចោលប្រជាជនរួមសុខរួមទុក្ខ យកប្រជាជនជាធំ ទើបសម្រេច​បាន​សមិទ្ធ​ផល​ធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនរាប់មិនអស់។ ហើយថ្មីៗនេះ ដោយបានមើល​ឃើញ​ពី​ស្នាដៃ​ដ៏​ធំធេង មិនអាចប្រកែកបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ICAPP សម្រេចប្រគល់ពាន រង្វាន់“សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ជូន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅអំឡុងមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃ​បណ្ដាគណបក្សនយោបាយអាស៊ី (ICAPP)។លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានភាព​រឹងមាំ​មក​ដល់​សព្វ​ថ្ងៃ គឺត្រូវមានកត្តាចូលរួម ជាច្រើន ក្នុងនោះមានទាំងកត្តារូបវន្ត និងកត្តាស្មារតី។ កត្តារូបវន្ត បាន​បង្ហាញយ៉ាងច្បាស់ តាមរយៈអគារដែលបាននិងកំពុងសម្ពោធ ដាក់ឱ្យប្រើប្រា​ស់នា​ពេល​នេះ​។ ដោយសារឱកាសនេះ យើងទាំងអស់គ្នាបានមកជួបជុំ និងប្រារព្ធពិធី​សម្ពោធ​អ​គា​រ​ទីស្នាក់​ការ​បក្ស​ថ្មី ដែលបង្ហាញពីភាពរឹងមាំនៃគណបក្ស ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ លោកជំទាវបណ្ឌិត ជា សិរី បន្ថែមថា ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា បាន​រៀបចំ​ក្រុម​ការងារ​ចុះតា​មភូមិ-ឃុំ ដែលជា ផ្នែកមួយនៃកត្តារចនាសម្ព័ន្ធចាត់តាំង ដោយមានការរៀបចំ​យ៉ាង​ច្បាស់​លាស់ និងមានគោលដៅជាក់លាក់ សមតាមយុទ្ធសាស្ត្រដាក់ ចេញរបស់គណបក្ស។ តាមរយៈ​ការរៀបចំក្រុមការងារនេះ គណបក្សបានបង្ហាញឱ្យឃើញពីគោលគំនិត ដែលតែង​តែឈ​រ​នៅខាង ប្រជាជន និងកៀកជាមួយប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការ​រួម​សុខទុក្ខរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។ ការណ៍នេះសរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់របស់គណបក្ស និងការលើកកម្ពស់អត្តចរិត គុណធម៌ សីលធម៌ របស់មន្ត្រី​គណបក្ស​ព្រមទាំងសាម្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ឱ្យមានការឯកភាពគ្នាខាងទស្សនៈ នយោ​បាយ សតិអារម្មណ៍ និងការចាត់តាំងក្នុងការបម្រើប្រជាជនដោយសេចក្តីស្មោះត្រង់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅតួកគីយេហើយបន្តទស្សនកិច្ចផ្លូវការទៅកាន់​ប្រទេសអេមីរ៉ាតអារ៉ាប់រួម

2024/12/13 02:49:29 pm        293
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើ​ដំណើរចាកចេញពីរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយេ ហើយបានបន្តដំណើរ​ទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ក្នុងឱកាសដំណើរអញ្ជើញដល់ប្រទេសតួកគី សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគីយ៉េ-កម្ពុជា, ឯកឧត្តម សុខ ជាឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយេព្រមទាំងវត្ត មានឥស្សរជនជាន់ខ្ពស់សភាតួកគីយ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។វត្តមាននៃការអញ្ជើញដល់សណ្ឋាគារ ក្នុងរដ្ឋធានីអង់ការ៉ា នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពីសំណាក់បងប្អូនជនរួមជាតិខ្មែរ និងនិស្សិតកម្ពុជា ដែលកំពុងប្រកបរបរចញ្ចឹមជីវិត និងធ្វើកម្មសិក្សា នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយេ។ ដំណើរទស្សនកិច្ចនៅតួកគី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ, អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធានាធិបតីទី១ នៃប្រទេសតួកគីយ៉េ លោក Mustafa Kemal Atatuk។ សម្ដេចក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េផងដែរ។ បន្ទាប់មកនៅថ្ងៃដដែលនេះ សម្តេចតេជោ បានអញ្ជើញធ្វើកិច្ចប្រជុំចង្អៀតជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគីយេ។ ក្នុងឱកាសជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចៅបង្កើត និងអនាគតចៅប្រសារ ដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភាតួកគីយេ។ ក្រោយបញ្ចប់កិច្ចប្រជុំចង្អៀត សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញកិច្ចប្រជុំពេញអង្គជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស ប្រធានរដ្ឋសភាតួកគីយេផងដែរ។នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស ប្រធានរដ្ឋសភាតួកគីយេ ក៏បានសន្និសីទសារព័ត៌មានរួមគ្នារវាងផងដែរ។ ក្នុងសន្ដិសីទនេះ សម្តេចតេជោ បានជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាង កម្ពុជា និងតួគីយ៉េឱ្យបានទំហំ១ពាន់លានដុល្លារ។ សម្តេចតេជោក៏បានប្រកាសជំហរថា កម្ពុជានៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងជួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ទាក់ទងនឹងបញ្ហាតំបន់ និងពិភពលោក សម្តេច បានជំរុញឱ្យតួគីបន្តតួនាទីជួយផ្សះផ្សាបញ្ចប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែនផងដែរ។ ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ថា នយោបាយទណ្ឌកម្មមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាទេ ប៉ុន្ដែ ផ្ទុយទៅវិញការដាក់ទណ្ឌកម្មមកលើប្រទេសណាមួយដោយឯកតោភាគីនោះបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក។ សម្តេចតេជោ បានបានជម្រាបទៅឯកឧត្តមប្រធានរដ្ឋសភាតួគីថា សម្ដេចទើបតែរៀនធ្វើប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាការងារនីតិប្បញ្ញត្តិទើបតែបាន៩ ខែទេ។ ប៉ុន្ដែបើរាប់តាំងពីការធ្វើជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងធ្វើជានាយករដ្ឋមន្រ្ដី គឺសម្ដេចបានធ្វើរយៈពេល៤៥ឆ្នាំមកហើយ ដូច្នេះសម្ដេចស្នើសុំរៀនសូត្រការងារនីតិប្បញ្ញត្តិពីឯកឧត្តមប្រធានរដ្ឋសភាតួគីផង។សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា «មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា»។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។ ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោបានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមប្រធានរដ្ឋសភបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោ និងសូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសតួកគីយេ នៅថ្ងៃទី១២ ខែធ្នូនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ថាយីប អ៊ែរដូអាន ( Tayyip Erdogan) ប្រធានាធិបតីតួកគីយ៉េ ក្នុងឱកាសនៃការប្រារព្ធពិធីបិទមហោស្រពវប្បធម៌តួកគីយ៉េ-ហុងគ្រីផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា 

ក្រុមមហ៊ុនប្រមាណជាង ៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

2024/12/13 02:06:11 pm        51
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតីលេីកដំបូង។ លោកប្រធានបានបន្ថែមទៀតថាបណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលេីជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ, ផ្លូវល្បឿនលឿន, ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្សក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងយកចិត្តទុកដាក់លើជំនាញយានយន្ត និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយ និងយន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពជា ដែលធានាដល់បរិយាកាសវិនិយោគមួយដែលមានភាពប្រកួតប្រជែងខ្ពស់ ដោយក្នុងនោះសម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតួគីបន្តតួនាទីជួយផ្សះផ្សាបញ្ចប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន

2024/12/13 02:02:17 pm        66
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំពោះមុខប្រធានរដ្ឋសភាសាធារណរដ្ឋតួគី បានបង្ហាញនូវការពេញចិត្តចំពោះតួនាទី របស់តួគី ក្នុងការចូលរួមដំណោះស្រាយជាអន្តរជាតិ ពិសេសជម្លោះរវាងរុស្ស៉ី-អ៊ុយក្រែន។ សម្តេច បង្ហាញនូវក្តីសង្ឃឹមថា តួគីនឹងបន្តដើរតួនាទីនេះថែមទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចនៅប្រទេសតួគីយេ។ សម្តេចថ្លែងថា សម្ដេចពិតជាមានការពេញចិត្តជាមួយតួនាទី នៅក្នុងដំណោះស្រាយជាអន្តរជាតិ ហើយចាប់តាំងពីគ្រាដំបូងនៃការចាប់ផ្តើមជម្លោះរុស្ស៉ី-អ៊ុយក្រែន តួគីបានដើរតួនាទីនេះ។ សម្ដេចសង្ឃឹមថា តួគី នឹងបន្តដើរតួនាទីនេះតទៅទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។ សម្ដេចតេជោបញ្ជាក់ថា បញ្ហាប្រដាប់អាវុធ គេមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរាចមួយគត់ ដែលអាចឈានដល់ការបញ្ចប់សង្គ្រាម ដែលរឿងនេះបានបង្ហាញឱ្យពិភពលោកបានឃើញរួចមកហើយ។ក្នុងឱកាសនោះសម្តេចតេជោបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ទីក្រុងអង់ការ៉ា នៃប្រទេសតួគី សម្តេចទើបតែនឹងរៀនធ្វើជាប្រធានព្រឹទ្ធសភាទេ ចាប់ពីខែមេសា ដល់ពេលនេះ សម្តេចទើបតែធ្វើប្រធានព្រឹទ្ធសភា បាន៩ខែប៉ុណ្ណោះ ខណៈសម្តេចធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងធ្វើជានាយករដ្ឋមន្ត្រី គឺមានរយៈពេល៤៥ឆ្នាំ ដូច្នេះសម្តេចសុំរៀនសូត្រពី ប្រធានព្រឹទ្ធសភាតួគី។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាតួគីយេ ធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ដើម្បីពង្រឹងថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ កម្ពុជានៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងជួយតួគីក្លាយជាដៃគូសន្ទនា​ពេញលេញរបស់អាស៊ាន

2024/12/13 01:53:03 pm        63
ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពីការប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជួយដល់ប្រទេសតួគី ក្នុងការពង្រីកភាពជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា តួនាទីរបស់តួគី គឺសំខាន់ណាស់ ក្នុងអាស៊ាន ដែលនឹងជួយតភ្ជាប់ទំនាក់ទំនងកាន់តែប្រើរវាងអាស៊ានអឺរ៉ុបផងដែរ។ សម្តេចបន្តថា ចំពោះកិច្ចសន្ទនាតាមវិស័យរវាងតួគី ជាមួយអាស៊ាន សម្ដេចបានខិតខំជំរុញទាំងនយោបាយ និងទំនាក់ទំនងតាំងពីពេលដែលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីពង្រីកស្ថានភាពតួគីទៅជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ក្នុងឱកាសនោះសម្ដេចតេជោ បញ្ជាក់ថា ទោះបីជាការជួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន នេះត្រូវមានកុងសង់ស៊ីសនៃអាស៊ាន ក៏ប៉ុន្តែកម្ពុជា គឺជាសមាជិកម្នាក់ ដែលផ្តល់នូវការគាំទ្រ ហើយសម្រេច និងរួមជាមួយដៃគូដទៃទៀតជួយពង្រឹងការងារនេះ ព្រោះថាមានសារសំខាន់នៅក្នុងទំនាក់ទំនង រវាងតំបន់ពីរ ដែលតួគី គឺផ្នែកមួយរបស់អាស៊ីផង និងជាផ្នែកមួយរបស់អឺរ៉ុបផង ហើយសម្ដេចសង្ឃឹមថា ការតភ្ជាប់សម្រាប់តំបន់ទាំងពីរនេះ តាមរយៈតួនាទីរបស់តួគីនឹងធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន ជាមួយតួគីកាន់តែប្រសើរ។សូមម្រាបថា តួគីយេ បានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងអាស៊ានតាំងពីឆ្នាំ ១៩៩៩ ដោយព្យាយាមពង្រីកទំនាក់ទំនងជាមួយអាស៊ានក្នុងកម្រិតកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំរបស់អាស៊ាន៕

សម្តេចតេជោ ជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគកម្ពុជា-តួគីឱ្យបានទំហំ ១ពាន់លានដុល្លារ

2024/12/13 01:46:30 pm        91
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាល​ពីថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគី រួមគ្នាក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្ម ១ ពាន់​លានដុល្លារ។សម្ដេចតេជោ បានជំរុញបែបនេះ ក្នុងសន្និសីទ​សារព័ត៌​មាន​រួម​គ្នា​ជាមួយឯកឧត្តមសាស្ត្រាចារ្យ​បណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងនោះ គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រទេសទាំងពីរគួរតែផ្តោតការយកចិត្តទុកដាក់ជំរុញការងារនេះឱ្យសម្រេចគោលដៅ។ សម្ដេចបន្តថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងបន្តិចម្តងៗ ហើយគង់នឹងឈានទៅសម្រេចកម្រិត ១ពាន់លានដុល្លារ ខណៈប្រទេសកម្ពុជា និងតួកគី មានទំហំពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត សម្រេចបានលើសពី ១ពាន់លាន ឬរហូតដល់៤ពាន់លាន ឬ ១០ ពាន់លានដុល្លារដែលអាចធ្វើទៅរួច។ ក្នុងឱកាសផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅតួគី ដោយទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងការចរចាប្រកបដោយផ្លែផ្កា។ សម្តេចតេជោបង្ហាញនូវការពេញចិត្ត ចំពោះការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត អំពីទំនាក់ទំនងកម្ពុជា-តួគី ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។សម្តេចបញ្ជាក់ថា សម្តេចពិតជាមានភាពរីករាយ ដែលបានមកទស្សនកិច្ចនៅតួគីយេ សារជាថ្មីម្តងទៀត បន្ទាប់ពីសម្តេចបានមកទស្សនកិច្ចកាលពីឆ្នាំ២០១៨ ដែលពេលនោះ សម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបង្កើតឱ្យមាននូវការរៀបចំស្ថានទូត នៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីតួគីមានស្ថានទូតនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៣៕ អត្ថបទ៖ វ៉ន ដារ៉ា

មន្ត្រីជំនាញ ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការដឹកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ

2024/12/11 03:44:14 pm        206
សៀមរាប៖ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បាន​ដឹក​នាំ​គណៈ​កម្មការ​អន្តរ​ក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយ​តម្លៃ ប្រគល់-ទទួលលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៣,​០០០​ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេ​ត្ត​សៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និង​គណៈ​កម្មការ​អន្តរ​ក្រសួង​រួច​មក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ការអនុវត្ត ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ។ ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បានជួបសំណេះសំណាល និងពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋ ព្រម​ទាំង​បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និង​បាន​សំណូមពរ​សូម​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ជួយ​ថែ​ទាំ​ផ្លូវ​នេះឱ្យ​បាន​ដិត​ដល់​ដើម្បី​ធានា​ថា​ផ្លូវ​នេះ​អាច​ប្រើ​ប្រាស់​បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះដែរ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល ក៏បានស្នើឱ្យអាជ្ញាធរ​មូលដ្ឋាន​ជួយ​សហការ​ចូល​រួម​ណែនាំដល់រថយន្តធុនធ្ងន់ សូមកុំឱ្យដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវ ពីព្រោះរាជ​រដ្ឋាភិបាល​បាន​ចំណាយថវិកាអស់ជាច្រើន ដើម្បីស្ថាបនាផ្លូវនានានៅទូទាំងប្រទេសកម្ពុជា សម្រាប់​បម្រើ​ការធ្វើដំណើរ និងជញ្ជូន។ប្រជាពលរដ្ឋរស់នៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន បានបង្ហាញនូវការសប្បាយរីករាយ ដែល​រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស​ផ្លូវ​ថ្នល់​ដែល​ជា​សរសៃ​ឈាមដ៏មានសារសំខាន់បំផុត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ ឱ្យ​កាន់​តែ​មានភាពល្អប្រសើរឡើង។ពួកគាត់បានលើកឡើងថា ពួកគាត់កំពុងរីករាយ នឹងផ្លូវដ៏ស្អាតមួយខ្សែ ដែលបាន​កើត​ឡើង​ក្នុង​មូល​ដ្ឋាន​របស់ពួកគាត់ ដោយផ្លូវនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើរ និង​ការ​ដឹក​កសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ កាន់តែងាយស្រួលជាងមុន ៕ បានសុខរិទ្ធិ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ប្រធានរដ្ឋសភា រដ្ឋកាតា

2024/12/10 03:32:33 pm        269
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ហាសសាន ប៊ីន អាប់​ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា រដ្ឋធានីដូហា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបថា ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌិត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតតេជោ ហ៊ុន សែន បានបន្តដំណើរទស្សនកិច្ចផ្លូវការនៅ រដ្ឋធានីដូហា រដ្ឋកាតា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាមអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦ ម៉ោងនៅរដ្ឋធានីដូហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋធានីដូហា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប៕

សកម្មជនមកពីគណបក្សផ្សេងៗ ស្ម័គ្រចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា

2024/12/09 12:50:35 pm        164
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន​គណៈ​កម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់ សកម្ម​ជន​ដែលមកពីគណបក្សផ្សេងៗ មកពី ៩ក្រុង/ស្រុក សរុប ១៦០នាក់។មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​គណបក្សខេត្ត បានសម្ដែងមនោសញ្ចេតនារីករាយ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​សមាជិក​ថ្មី​ដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និង​ជឿជាក់យ៉ាងមុតមាំថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេសធ្វើប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដែល​ពុំ​មាន​គណបក្ស​ណា​អាចធ្វើបាន។ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះ​ត្រង់​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្រប​តាម​ទិសស្លោក" សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក" និង​សូម​ចលនា​សាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បី​គណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និង​ការរីកចម្រើនទ្វេឡើង៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា
06/25/2025 09:06 PM
ក្រុមហ៊ុននេប៉ាល់ ប្រើប្រាស់យានដ្រូន ដើម្បីដឹកជញ្ជូនសម្ភារៈ និងកាកសំណល់នៅលើភ្នំ Everest
06/25/2025 08:06 PM
លោក Macron ៖ អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើថ្លៃការពារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី
06/25/2025 08:06 PM
ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM