សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្តម អាគីបា តាខេអូ (Akiba Takeo)ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន

2024/12/20 01:42:24 pm        157
នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Akiba Takeo និង ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។ នៅក្នុងឱកាសជំនួបនេះ ឯកឧត្តម Akiba Takeo បានសម្តែងនូវក្តីសោមនស្សរីករាយ និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ ឯកឧត្តម បានលើកបន្តដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរបស់កម្ពុជា បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ នៅក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម Akiba Takeo ចំពោះការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ជាពិសេសនៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាព ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងក្នុងន័យនេះ សម្តេចតេជោ បានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ ជាមួយនឹងការលើកឡើងនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីតម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានលើកឡើងបន្តដោយគូសបញ្ជាក់ថា ការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ក៏មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាដែរ ពោលគឺប្រទេសទាំងពីរបានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។ នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខវិញ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានបញ្ជូនកងស្វ័យការពារជប៉ុន (JSDF) ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះ សម្តេចតេជោ បានចេញមុខគាំទ្រ ទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាន និងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។ សម្តេចតេជោ បានលើកបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក ក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ។ បន្ថែមពីលើនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ដោយសង្កេតឃើញថា ប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីការគំាទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។ ដោយសង្កេតឃើញថា មានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗ មកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ឡើងវិញថា កម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នៅក្នុងស្មារតីនេះ សម្តេចបានបន្ថែមថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដែលកាន់តែមានភាពតានតឹងនោះ សម្តេចតេជោ បានធ្វើការវាយតម្លៃថា ឫសគល់នៃបញ្ហាគឺកើតឡើងមកពីការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗ ខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ដែលបណ្តាលឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក។ សម្តេចតេជោ និងឯកឧត្តម អាគីបា តាខេអូ ក៏បានពិភាក្សា និងចែករំលែកទស្សនៈគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ ដូចជាករណីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនផងដែរ។ នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តម និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលចាត់ទុកការញុះញង់របស់ទណ្ឌិតក្បត់ជាតិឱ្យពលរដ្ឋធ្វើបដិវត្តន៍នៅកម្ពុជាជាអំពើ «ភេរវកម្ម»

2024/12/19 11:44:18 am        279
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ រួម​បណ្តុំ​អង្គការសមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបោរ និងញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​ទណ្ឌិត​ក្បត់​ជាតិបីជំនាន់សម រង្ស៊ី ឱ្យធ្វើ បដិវត្តន៍ នៅកម្ពុជាតាមរយៈគម្រោង «ផ្ការីក» ឬ​ចលនា​ផ្សេងទៀតនោះ គឺជាអំពើ«ភេរវកម្ម»សុទ្ធសាធ។ការចាត់ទុករបស់ លោកហេង សំណាង បែបនេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់​ពី​លោក​សង្កេត​ឃើញលោក សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមាន​វ័យ​ចាស់​ជិត​ចូលក្តារមឈូស បានបំផុស បំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌ «ផ្ការីក» ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។លោក ហេង សំណាង បានថ្លែងថា « ចលនាក្បត់ជាតិរបស់ សម រង្ស៊ី តែងតែ​បង្កើត​បំផុស​ញុះ​ញង់ ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍៖ ថ្មីៗនេះ ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា ក្រុម​យុវជន​សង្គម​ស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នា ធ្វើការថ្កោលទោស និង​វាយ​បក​ត្រឡប់ទៅវិញពីការបើកវាំងនន នយោបាយខ្មៅកខ្វក់ អំពីមនោគមន៍​វិទ្យា​ខ្មៅ​កខ្វក់ ដើម្បី​ឱ្យ​មហាជន​បានដឹង»។លោកបញ្ជាក់ទៀតថា ដោយឡែកកាលពីពេលថ្មីៗនេះ ការបំផុសសារជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច តែងតែមានចរិតកោងកាចសាហាវទៅ ៗ ដោយមិនខ្វល់ពីសុខសន្តិភាព និង​ការអំភិវឌ្ឍន៍ដែលប្រជាពលរដ្ឋ និងឥស្សរជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែល​បានស្វះស្វែងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ទាំង​មូល​រហូត​មកទល់នឹងបច្ចុប្បន្ននេះ ។ក្នុងនាមជាយុវជនសកម្មនយោបាយក្នុងការដឹកនាំក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រុមសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តា​គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺ បានធ្វើ​សកម្មភាព​ថ្កោល​ទោស​ក្នុង​រូបភាព​ផ្សេងៗ លើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មនេះ ជាពិសេសពួកគាត់បានស្នើសុំ និង​អំពាវ​នាវ​ទៅដល់រដ្ឋាភិបាលនីតិកាលទី៧ ដើម្បីពិនិត្យ​មើល​លទ្ធភាព​តាក់​តែង​ច្បាប់​ដើម្បី​ចាត់​វិធានការ​ទៅលើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មដែលហៅថា «ច្បាប់ភេរវកម្ម»នោះ។មេដឹកនាំសង្គមស៊ីវិលរូបនេះ លោក ហេង សំណាង នៅតែប្រកាសដឹកនាំក្រុមយុវជន និង​ក្រុម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បន្តធ្វើសកម្មភាព វាយ​បករុញច្រាននយោបាយខ្វៅកខ្វក់របស់ក្រុមទណ្ឌិត ក្បត់ជាតិ សម រង្ស៊ី ដើម្បីឱ្យមហាជន បាន​ដឹងអំពីក្រយៅរបស់មេដឹកនាំទាំងនោះ ពិសេស​ធ្វើការ​អំពាវ​នាវ​ដល់​អ្នក​បងប្អូន​ដែល​មាន​និន្នាការ​ប្រឆាំង សុំកុំចូលសូងចាញ់ឧបាយកល់ទុច្ចរិត របស់ទណ្ឌិត្បត់ជាតិរូបនេះ ព្រោះ​កាល​ដែល​ធ្វើ​សកម្មភាពណាមួយពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ រមែងនឹងមានបញ្ហាដល់ខ្លួនឯង ក្រុម​គ្រួសារ និងសង្គមជាតិ៕

អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ

2024/12/18 04:18:07 pm        832
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅ​ថ្ងៃ​នេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្រប​សម្រួល​ដោះ​ស្រាយ​ការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់​កាល​ទី​មួយ ខណៈគ្រោងបើកឲ្យដំណើរការជាផ្លូវក្នុងកំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។នៅក្រោយចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សយ សុខាន់ រដ្ឋ​លេខា​ធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កិច្ច​ប្រជុំ​ថ្ងៃ​នេះ មានការចូលរួមរបស់ក្រុមការងារបច្ចេកទេសចំនួន៣ រួមមាន ១.មកពីរដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល ២.ប្រតិបត្តិករអាកាសយានដ្ឋាន (CAIC) និង៣.មកពី​គ្រប់គ្រង​ចរាចរណ៍​ដែន​អាកាស ក្នុងគោលបំណង​ ដើម្បី​ចុះ​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ និងការកំណត់យកខែកក្កដា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទ​បើក​ដំណើរ​ការអាកាសយានដ្ឋានអន្តរជាតិតេជោផ្លូវការ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា គិតចាប់ពីបើកដំណើរការសាងសង់ក្នុងឆ្នាំ២០២០ រហូត​មក​ដល់​ចុង​ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចបាន​ការ​សាង​សង់​ប្រមាណ​ ៩២% នៃគម្រោងសាងសង់ទាំងមូល។ ឯកឧត្តមបានបន្ថែមថា ចំពោះការងារ​ដែល​នៅ​សល់​ ៨%ថែមទៀត ក្រុមការងារពាក់ព័ន្ធបានកំពុងខិតខំប្រឹងប្រែង ដើម្បីឲ្យគម្រោង​នេះ​សម្រេច​រួច​រាល់​ត្រឹម​ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥។ឯកឧត្តម សយ សុខាន់ បានឲ្យដឹងទៀតថា ចំពោះ​ការងារ​របស់​ការ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​នេះ​ដែរ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្ត​បើក​កិច្ច​ប្រជុំ​ថែម​ទៀត ដើម្បីធ្វើការបូកសរុបការងារ និងការកំណត់​កាល​បរិច្ឆេទ​របស់​បណ្តា​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និងក្រុមហ៊ុនដទៃផ្សេងៗទៀតក្នុងការដាក់តាំងបង្ហាញលក់ ក៏ដូចជា​សេវា​កម្ម​នៅ​ក្នុង​ព្រលាន​ថ្មី​មួយនេះ ធ្វើយ៉ាងណាឲ្យគម្រោងទាំងមូល បានបញ្ចប់ព្រមៗ​គ្នា​តាម​ការ​កំណត់​ក្នុង​ពេ​ល​វេលា​ខាង​លើ។លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បាន​បញ្ជាក់​ថា នៅពេលដែលព្រលានយន្តហោះតាខ្មៅសាងសង់រួចរាល់ នឹងជួយលើក​មុខ​មាត់​ប្រទេស​កម្ពុជា​ ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ជាពិសេសរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ អាកាស​យានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ សាងសង់លើផ្ទៃដី ២,៦០០ហិកតា ស្ថិត​នៅ​ចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងអាចស្រូបយក និងទទួល​បាន​ការ​ហោះ​ហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្ត​ហោះ ​Boeing 747-800 ចុះចតបាន៕ អត្ថបទ ឈិត បូរ៉ាវី 

មន្ត្រីបក្សប្រឆាំងបន្តសុំចូលគណបក្សប្រជាជន និងគាំទ្រឱ្យមានច្បាប់ដាក់ក្រុមជ្រុលនិយម​ជាក្រុមភេរវកម្ម

2024/12/18 12:57:53 pm        153
ដោយមើលឃើញកាន់តែច្បាស់អំពីទង្វើញុះញង់ ចិញ្ចឹមចិត្តបង្កអស្ថិរភាព អសន្តិសុខ បំផ្លាញ​នូវ​សន្តិភាព​ដ៏សុខសាន្ត​ដែលកំពុង​កើតមាននា​សព្វថ្ងៃនេះ​ពី​ក្រុម​ជ្រុល​និយម​មួយ​ក្តាប់​តូច​នៅ​ក្រៅ​ប្រទេស ​អ្នកគាំទ្របក្ស ប្រឆាំងជាហូរហែ បានប្រកាសផ្តា​ច់​ខ្លួន​មក​រួមរស់ក្នុងជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា ព្រម ទាំងបានគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាក្រុមភេរវកម្ម ។រយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញថា មន្ត្រីមូលដ្ឋានរបស់គណបក្សប្រឆាំង ជា​ពិសេស​បេក្ខជនមកពីគណបក្សភ្លើងទៀន អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន បាន​ប្រកាស​ផ្តាច់​ខ្លួន​មកចូលរួមក្នុងជីវ ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ ព្រោះ​ពួកគេកាន់តែមើលឃើញច្បាស់ អំពីសារធាតុ ពិតរបស់​គណបក្ស​ខ្លួន​ដែល​មាន​ក្រុម​ជ្រុល​និយម​ក្បត់​ជាតិនៅក្រៅស្រុក តែងតែបំផុសញុះញង់ចង់ផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ខណៈ​ដែល​ប្រទេស និងប្រជាជនកម្ពុជា កំពុងទទួលនូវមនុញ្ញផលពីសុខសន្តិភាព។ជាក់ស្តែង កាលពីម្សិលមិញ តាមរយៈតេឡេក្រាមផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​ឃើញ​មាន​បេក្ខជន​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ភ្លើង​ទៀន ឃុំសំរោង សែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន៥រូប បានប្រកាសផ្តាច់ខ្លួន និង​បាន​គោរព​ស្នើសម្តេចតេជោ សុំចូល រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។គួរបញ្ជាក់ថា សកម្មភាពនៃការចុះចូលបែបនេះ បាននឹងកំពុង​កើត​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ខែមកហើយ។ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនចំនួន៥រូបមកពីឃុំសំរោងសែន ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង ដែលបានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង និងគោរព​ស្នើ​សម្តេច​តេជោ​សុំ​ចូល​រួម​ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានេះ ពួកគេក៏បាន​ប្រកាស​គាំទ្រ​ឱ្យ​រាជ​រដ្ឋាភិបាល​បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជា ក្រុមភេរវកម្ម ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

2024/12/18 10:38:08 am        85
នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង ២០០០ នាក់។អង្គសន្និបាតគណៈចលនាមហាជន បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តាមរយៈអង្គសន្និបាតនេះបានបង្ហាញពីវឌ្ឍនភាពការងារ ការរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលនានា ក៏ ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររួមផងដែរ។ក្រោយពីបានស្តាប់នូវរបាយការណ៍លទ្ធផលការងាររបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជនរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ សម្តេចបានមានប្រសាសន៍បន្តថា តាមរយៈការរួមចំណែកដ៏សំខាន់របស់គណៈចលនាគណចលនាមហាជន ក្នុងការនាំមកនូវជ័យជំនះជូនគណបក្ស គណៈចលនាមហាជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាសេនាធិការជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះ របស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្សក្នុងចំណោមមហាជនទូទៅផងដែរ។ជាទិសដៅអនុវត្តបន្ត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលយើងសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ដោយ សម្ដេចតេជោ បានបញ្ជាក់ថា សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។-បន្តពង្រឹង និងពង្រីកអង្គការចាត់តាំង, ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។-នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះ ត្រូវតាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។-បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជា និងបែបឌីជីថលឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសជម្រុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ ប្រព័ន្ធអនឡាញ ជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌ ត្រូវមានវិធានការជាបន្ទាន់។-បន្តការកំណែទម្រង់ ទាំងក្នុងបក្ស និងរដ្ឋ ដោយការធ្វើកំណែទម្រង់រដ្ឋ និងការធ្វើកំណទម្រង់ក្នុងបក្សត្រូវតែដើរទន្ទឹមគ្នាទើបការកែទម្រង់ទទួលបានជោគជ័យ។ បន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពិសេសត្រូវពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។-បន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក។ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់ការប្រមូលចំណូល និង បានជម្រុញការយកចិត្តទុកដាក់ប្រមូលចំណូលអោយអស់លទ្ធភាពបន្ថែមទឿត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលថ្មីៗនេះបាន ប្រកាសអោយការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល ដែលនេះគឺកាន់តែផ្ដល់ភាពងាយស្រួល និងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជម្រុញអោយយកចិត្តទុកដាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធអោយបានខ្លាំង។សម្ដេចតេជោ បានកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជម្រុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនអោយចំគោលដៅ។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានរៀបចំគណកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រសិទ្ធពរជ័យ ជូន សម្តេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា អង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរទាំង ០៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំក្រុមការងារអន្តរក្រសួងចុះវាយតំលៃការងារថែទាំផ្លូវ ក្នុងខេត្តពោធិ៍សាត់

2024/12/17 04:37:08 pm        188
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនប​ទ​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន​ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ​លើ​ការ​ងារថែទាំផ្លូវខួប ចំនួន ៣កំណាត់ ដោយស្រោចផ្លូវកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST)​ ប្រវែងសរុប ៧០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ព្រមទាំងមានគូសគំនូសចរាចរណ៍ ទំហំ ១ ០៥០ ម៉ែត្រការ៉េ ស្ថិតនៅក្នុងឃុំបឹងខ្នារ ឃុំតាលោ ស្រុកបាកាន ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តបញ្ចប់ ១០០%ស្របតាមបទដ្ឋានបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំក្នុងការលុបបំបាត់ផ្លូវលំដីសរជនបទមកជាផ្លូវក្រាលក្រួសក្រហមជំនួសវិញ និងកំពុងកែប្រែផ្លូវជនបទកាលក្រួសក្រហមឱ្យមកជាផ្លូវកៅស៊ូរជាបន្តបន្ទាប់ ដើមជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្រៅពីការងារស្ថាបនាកសាងហេដ្ឋារចនាសម្ធ័នជនបទ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរលើការងារថែទាំផ្លូវដើម្បីអាយុកាលប្រើប្រាស់បានយូរអង្វែង ៕

ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានធ្វើពិធីតភ្ជាប់ នឹងអាចប្រើប្រាស់បានមុនចូលឆ្នាំខ្មែរឆ្នាំ​២០២៥​​ខាងមុខ​នេះ

2024/12/17 04:16:52 pm        253
ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានធ្វើពិធីតភ្ជាប់ នឹងអាចប្រើប្រាស់បានមុនចូលឆ្នាំខ្មែរ ឆ្នាំ​២០២៥ ខណៈស្ពានអាកាសជាន់ទី២ កំពុងប្រើប្រាស់បណ្ដោះអាសន្នយ៉ាងមមាញឹក។ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង​មហា​វិថី​​យោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈាន​ដល់​ការ​ធ្វើ​ពិធី​ភ្ជាប់​​ស្ពាន​ហើយ ដែលពិធីតភ្ជាប់ស្ពានអាកាសជាន់ទី១នេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​​ក្រុ​មប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែ ពោល​គឺនឹងបញ្ចប់មុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥ ដែលក្នុងគម្រោងគឺបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយ​មាន​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លង​ទៅ​រដ្ឋបាល​រាជ​ធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាព​លរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។  ស្ពានអាកាសថ្មីនេះ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។ ស្ពាន​អាកាស​នេះ​សាង​សង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចំណាយថវិកាជាង ៣៦លានដុល្លារ និង​ចំណាយ​ពេល​វេលាសាងសង់ ៣៦ខែ។  ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននូវលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀតអាច​កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។ ស្ពានអាកាសថ្មីនេះ មានការសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវ​តភ្ជាប់​រវាង​មហា​វិថី​ព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងវិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និង​ផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពាន​រង្វង់​មូល​ នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពាន​ព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជា​ផ្លូវ​ទ្វេ​ទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និង​កំពុងប្រើប្រាស់រួមមានស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន​អាកាស​៥​មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពាន​អាកាស​ចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីទៅទូតអ៊ុយក្រែនថា «មិនអាចយកសង្រ្គាម​បញ្ចប់សង្រ្គាម​បានទេ»

2024/12/17 02:56:06 pm        143
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម Oleksandr Gaman ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ នៃប្រទេសអ៊ុយក្រែន ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម។ សម្តេច​តេជោ​ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាម​ដែល​បាន​កើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជា​ស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិន​អាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ សម្តេចតេជោ ក៏បានបន្តថា សម្តេច បាន​លះ​បង់​អំណាច​ពេល​ដែលសម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹង​សុខ​សន្តិភាព និងស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។នាឱកាសនោះ ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និង​សម្តែង​នូវ​ក្តី​រីក​រាយ​ដែលបានជួបសម្តេច សាជាថ្មី បន្ទាប់ពីជំនួបនៅក្នុងអំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២​។ ឯកឧត្តម បានថ្លែងអំណរគុណ សម្តេច ដែល ប្រទេសកម្ពុជាកន្លងមក មានគោល​ជំហរ​ជ្រើស​យកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្ត​ចំពោះ​ប្រទេស​អ៊ុយ​ក្រែន ​តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ កិច្ចប្រជុំ​កំពូល​លើក​ទី១ ស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២៤ និង​បច្ចុប្បន្ន​ភាព​នៃស្ថានភាពដ៏លំបាកលំបិនដែលអ៊ុយក្រែនកំពុងជួបប្រទះផងដែរ។ឯកឧត្តម Oleksandr Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា ដែល​បាន​ជួយបណ្តុះបណ្តា​ល​អ្នកដោះមីនអ៊ុយក្រែន ជាច្រើនលើក ។ ឯកឧត្តម បានបញ្ជាក់ថា អ៊ុយ​ក្រែន អាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិន​បើ​គ្មាន​ការ​ចូល​រួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំង កម្ពុជា។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ជំនួប​ថ្នាក់​ដឹក​នាំ​របស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយ សម្តេចតេជោ នាពេលកន្លងមក ស​បញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ។ ឆ្លៀតក្នុងជំនួបនេះ ឯកឧត្តម សូម​ពាំ​នាំ​ការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះ សម្តេច​តេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពី​សម្តេច​បាន​អញ្ជើញ​ទៅ​អ៊ុយក្រែន​កាល​ពីឆ្នាំ១៩៨១។ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ ឯកឧត្តម Oleksandr Gaman ចំពោះការវាយតម្លៃ​របស់ ឯកឧត្តមអំពីស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជា​យល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជា​ជ្រើស​យក​ការ​គោរព​តាម​ច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះ កម្ពុជានឹងមិនផ្លាល់​ប្តូរ​នោះ​ឡើយ​។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះ​បណ្តាល​អ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។ សម្តេចបានរំលឹកថា សម្តេច បាន​ឆ្លើយ​តប​ទៅនឹង ឯកឧត្តម ប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំង អ្នកដោះមីន) ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌ​ក្រោម​ឆ័ត្រ​នៃ​អង្គការ​សហ​ប្រជាជាតិ​ប៉ុណ្ណោះ។ ក្នុងឋានៈជាមេដឹកនាំកម្ពុជានិងប្រធានអាស៊ាន នាពេលកន្លងមក សម្តេចតេជោ បានបន្តចែក​រំលែក​ជា​មួយនឹង ឯកឧត្តម Oleksandr Gaman នូវបទពិសោធ និងទស្សនៈរបស់សម្តេច លើ​អភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និង យុទ្ធសាស្ត្រ​នៃ​កិច្ចការ​ចរចា​ស្វែង​រកសន្តិភាពជូនកម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវ​តែ​មានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។សម្តេច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយកម្ពុជា ហើយ សូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នា​ពេល​វេលា​សម​ស្រប​ខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុង គៀវ នៅឆ្នាំ១៩៨១។ ជាថ្មី​ម្តងទៀត ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងកម្ពុជា ចំពោះ​ជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចតេជោ នាពេលខាង​មុខ​នៅ​អ៊ុយក្រែន​។នៅចុងបញ្ចប់ សម្តេចតេជោ បានស្នើ ឯកឧត្តម Oleksandr Gaman ពាំនាំនូវការសួរ​សុខទុក្ខ​របស់​សម្តេចជូនឯកឧត្តម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង ប្រធានសភាអ៊ុយក្រែន និង ជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្ម និងកិច្ចសហ​ប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំង​ពីរ​៕

អ្នកនយោបាយ៖ ព័ត៌មានក្លែងក្លាយជាឧបករណ៍របស់ក្រុមប្រឆាំងដើម្បីបំភាន់សាធារណជន

2024/12/17 12:40:28 pm        126
អ្នកនយោបាយ បានចាត់ទុកការបង្កើតព័ត៌មានក្លែងក្លាយជាឧបករណ៍របស់ក្រុមប្រឆាំង ដើម្បី​វាយប្រហាររាជរដ្ឋាភិបាល និងបំភាន់សាធារណជនតែប៉ុណ្ណោះ ។កាលពីថ្មីៗនះតាមរយៈការផ្សព្វផ្សាយព័ត៌មានពីក្រុមប្រឆាំងទាក់ទងនឹង ចិនឈប់ផ្ដល់​កម្ចីដល់​កម្ពុជា លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រាប់BTV នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ថា ក្នុងនាមអ្នក​នយោបាយមួយរូបចាត់​ទុកការនិយាយព័ត៌មានមិន​ពិត​របស់ក្រុមប្រឆាំងគ្រាន់តែឧបករណ៍ និងជាយុទ្ធសាស្រ្តដដែលៗ ដើម្បីបំភ្លៃខុសការពិត ជាពិសេស​អំឡុងពេលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​ជាតិកំពូល​បំពេញទស្សនកិច្ចទៅ​កាន់បណ្តា​ប្រទេសធំៗ។លោកបណ្ឌិត ហ៊ាង គឹមស្រឿន បញ្ជាក់ថា ការបំភាន់​ព័ត៌មាន​មិនពិត​របស់​ក្រុម​ប្រឆាំង​នា​ពេល​បច្ចុប្បន្ន​មិន​ត្រូវបានប្រជាពលរដ្ឋជឿទាំងស្រុងនោះទេ ដោយសារនោះជាលេស​នយោបាយ​ដដែលៗ​របស់​ក្រុមប្រឆាំងតែប៉ុណ្ណោះ។ជាមួយគ្នា លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ លើកឡើងថា ក្រុមប្រឆាំងតែង​មាន​ចេតនា​បំផុសបំផុស និងញុះញង់ឱ្យមានបញ្ហាក្នុងសង្គមតាមរយៈព័ត៌មានមិនពិត។សូមបញ្ជាក់ថា ជុំវិញព័ត៌មានអំពី ចិនឈប់ផ្ដល់កម្ចីដល់កម្ពុជា ត្រូវបា​​ន​អ្នក​នាំពា​ក្យ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្រាលចោលទាំងស្រុង ដោយលើកឡើងថា ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ គឺជាទំនាក់ទំនង ដែលបន្ដមានការស្អិតរមួត ត្រូវបានពង្រឹង តាមរយៈការវិនិយោគ និង​តាម​រយៈ​កិ​ច្ចសហប្រតិបត្ដិការនានា ដែលមានជាធរមាន។ លើសពីនេះ កម្ពុជា-ចិន មាន​គម្រោង​ជា​ច្រើន​ដែលបន្ដចុះពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការ និង​ក្រប​ខណ្ឌ​នៃ​ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥណសំណង រាប់ទាំងហិរញ្ញប្បទានសមទាន ជាច្រើន​ទៀត​៕ អត្ថបទ សេក ឧត្តម  

ប្រមុខការទូតកម្ពុជា-វៀតណាម ឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

2024/12/17 09:15:19 am        157
ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ូយ ថាញ់សិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម បានឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណ ឯកឧត្តម ប៊ុយ ជាញ់សិន ដែលបានសម្តែងការ អបអរសាទរចំពោះឯកឧត្តម ដែលទទួលបានការតែងតាំងឡើងវិញ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង រទ្វេភាគីរវាងប្រជាជាតិទាំងពីរបន្ថែមទៀត។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីររួមមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង នៅវៀតណាម កាលពីខែវិច្ឆិកា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អគ្គលេខាធិការ តូ ឡិម អតីតប្រធានរដ្ឋវៀតណាម នៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៨ ដែលបាន ពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អកម្ពុជា-វៀតណាម បន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ទាំងពីរ ក៏បានឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់នានានាពេលអនាគត។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានា រួមមានកិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចប្រជុំនៅលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមឆ្នាំ២០២៥ ដែលនឹងរៀបចំឡើងនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលករខ្មែរមកពីថៃថ្លែងអំណរគុណអភិបាលខេត្តប៉ៃលិនចំពោះការយកចិត្តទុកដាក់លើសុខភាពពួកគេ
06/25/2025 05:06 PM
កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអង្គកា UNAIDS លើកទី៥៦ នៅ ហ្សឺណែវ
06/25/2025 05:06 PM
មនុស្ស ៣នាក់ស្លាប់ ក្រោយអគ្គិភ័យឆាបឆេះរោងចក្រថង់ប្លាស្ទិកនៅរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា
06/25/2025 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អឺរ៉ុបគ្រោងនឹងដាក់ពង្រាយគ្រាប់មីនរាប់លានគ្រាប់ នៅតាមបណ្តោយព្រំដែនរុស្ស៊ី
06/25/2025 05:06 PM
បារាំងព្រមានអ៊ីរ៉ង់ថា ទណ្ឌកម្មនៅតែអាចកើតមាន ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
06/25/2025 05:06 PM
អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្ត្រយ៉ាងតិច ១៤នាក់ ក្នុងការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់
06/25/2025 05:06 PM
អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត សង្កត់ធ្ងន់ពីតម្រូវការទប់ស្កាត់កុំឲ្យមានការកើនឡើងនៃជម្លោះនិងសកម្មភាពយោធា
06/25/2025 05:06 PM
លោក Rutte ជឿថា ណាតូនឹងឯកភាពគ្នាលើគោលដៅចំណាយខ្ពស់ជាងមុន អំឡុងកិច្ចប្រជុំកំពូលក្រុងឡាអេ
06/25/2025 05:06 PM
មន្ត្រីអ៊ីស្រាអែល៖ អ៊ីរ៉ង់បានបាញ់មីស៊ីលជាង ៥០០គ្រាប់ ទៅលើអ៊ីស្រាអែល ក្នុងអំឡុងពេលភាពតានតឹង កើនឡើង
06/25/2025 04:06 PM
ការស្តារប្រទេសលីបង់ឡើងវិញ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ខណៈជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅបន្ត
06/25/2025 04:06 PM