រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ប្រកាសដឹកនាំផ្ទាល់ធ្វើយុទ្ធនាការរក្សាសន្ដិសុខនៅខេត្តព្រះសីហនុ

2024/01/31 11:50:20 am        173
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសដឹកនាំដោយផ្ទាល់ធ្វើយុទ្ធនាការរក្សាសន្ដិសុខនៅខេត្តព្រះសីហនុ ខណៈនៅព្រឹកថ្ងៃទី៣១ ខែមករានេះ ខេត្តព្រះសីហនុបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ។ ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា កម្ពុជាខិតខំកសាងជាង ២០ ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាពឱ្យទេសចរមកទស្សនាអង្គរវត្ត ទស្សនាកម្ពុជា។ ប៉ុន្ដែបច្ចុប្បន្ន បើមានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀននៅក្នុងខេត្តព្រះសីហនុផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ដើម្បីឱ្យខេត្តព្រះសីហនុ រក្សាបានការទាក់ទាញវិនិយោគ និងទេសចរ ការរក្សាបាននូវសន្តិសុខជាកត្តាដែលត្រូវគិតគូរ ពីព្រោះបើគ្មានសន្តិសុខមិនអាចអភិវឌ្ឍទៅមុខបានឡើយ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានរម្លឹកឡើងថា ប្រទេសមហាអំណាចខ្លះ មានចោរឆក់ច្រើនជាងនៅភ្នំពេញផង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់គេមិនដែលផ្សព្វផ្សាយពីបញ្ហានោះឡើយ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយខ្លះនៅកម្ពុជា បានផ្សព្វផ្សាយមិនឆ្លើយតបការពិតរបស់កម្ពុជាឡើយ ដោយពួកគេបង្ហាញតែចំណុចអវិជ្ជមានបន្តិចបន្ដួចដែលកើតមានប៉ុណ្ណោះ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី បញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជនពីរនៅព្រះសីហនុ និងហាមមិនឲ្យមានបើកថ្មីឡើយ

2024/01/31 11:44:18 am        129
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាដាច់ខាតមិនអនុញ្ញាតឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះឡើយ ខណៈកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤នេះ សម្ដេចបានសម្រេចឱ្យចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីដោយមិនឲ្យអនុញ្ញាតបើកក្លឹបបាញ់ស៊ីបឯកជននៅក្នុងប្រទេសកម្ពុជាបន្តទៀតឡើយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវបទបញ្ជាបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាឱ្យបិទទីតាំងជួលបាញ់កាំភ្លើងក្នុងខេត្តព្រះសីហនុ ហើយមិនអនុញ្ញាតឱ្យមានការបើកទៀតឡើយ។ សម្តេចធិបតីបានថ្លែងថា អ្នកមកលេងខេត្តព្រះសីហនុ មិនបាច់មកហាត់បាញ់កាំភ្លើងនោះទេ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើង សម្ដេចធិបតី ក៏បានបញ្ជាឱ្យបញ្ឈប់ការអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជនផងដែរ។សូមជម្រាបថា ការបញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងឯកជននេះ ក៏ជាយន្តការបន្ថែមទៀតរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ដើម្បីរក្សាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុផងដែរ។ ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំ ស.ជ.ណ ដើម្បីបញ្ឈប់ឱ្យមានការបើកកន្លែងបាញ់ស៊ីបរបស់ឯកជននៅទូទាំងប្រទេសកម្ពុជាផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

ប្រទេសកេនយ៉ា គាំទ្រផែនការអាហ្រ្វិករបស់អ៊ីតាលី ទោះបីជាមានការរិះគន់ជុំវិញការផ្តល់មូលនិធិក៏ដោយ

2024/01/31 11:23:40 am        129
ប្រធានាធិបតីនៃប្រទេសកេនយ៉ា បានគាំទ្រផែនការរបស់ប្រទេសអ៊ីតាលីសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយទ្វីបអាហ្រ្វិកកាលពីថ្ងៃអង្គារ ដោយនិយាយថា វាជាភ័ស្តុតាងដែលថា អឺរ៉ុបកំពុងយកចិត្តទុកដាក់លើទ្វីបនេះ បើទោះបីជាមានការរិះគន់លើការផ្តល់មូលនិធិដំបូងមានកម្រិតក្តី។នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ហ្គីអ័រហ្គៀ មេឡូនី (Giorgia Meloni) បានបង្ហាញគំនិតផ្តួចផ្តើមដែលទន្ទឹងរង់ចាំជាយូរមកហើយកាលពីថ្ងៃចន្ទ ក្នុងគោលបំណងជួយបណ្តាប្រទេសអាហ្វ្រិករីកចម្រើន ជាថ្នូរនឹងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយបានបញ្ចូលទឹកប្រាក់ចំនួន ៥,៥ ពាន់លានអឺរ៉ូ (៥,៩៦ ពាន់លានដុល្លារ) ទៅក្នុងគម្រោងនេះ។អ្នករិះគន់មួយចំនួន បានចំអកចំពោះទំហំតូចនៃគម្រោងជាច្រើន ខណៈដែលប្រធានគណៈកម្មការសហភាពអាហ្រ្វិក បានស្តីបន្ទោសជាសាធារណៈចំពោះលោកស្រីមេឡូនីជុំវិញការមិនពិគ្រោះឲ្យបានទូលំទូលាយលើអាទិភាពជាមុន។ប៉ុន្តែប្រធានាធិបតីកេនយ៉ា លោក វីល្លៀម រ៉ូតូ ( William Ruto) បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្វីដែលគេហៅថា ផែនការម៉ាតេ (Mattei) ដែលដាក់ឈ្មោះតាមស្ថាបនិកចុងក្រោយនៃក្រុមហ៊ុនថាមពលយក្ស អ៊ីតាលី Eni តំណាងឲ្យការចាប់ផ្តើមដ៏ល្អ។លោករ៉ូតូ បាននិយាយថា៖«រាល់ការធ្វើដំណើរទាំងអស់ចាប់ផ្តើមដោយជំហានដ៏សាមញ្ញមួយ ហើយខ្ញុំគិតថា ជំហានដ៏សំខាន់បំផុត ត្រូវបានធ្វើឡើង ដែលយើងកំពុងរំលឹកឡើងវិញនូវទំនាក់ទំនងរបស់យើងជាមួយប្រទេសអ៊ីតាលី ជាទ្វីបមួយ»។

ចិន និងអាមេរិក បង្កើតក្រុមការងារសហការដោះស្រាយការរីករាលដាលនៃសារធាតុហ្វង់តានីល

2024/01/31 11:15:30 am        84
សហរដ្ឋអាមេរិក និងចិន បានបង្កើតក្រុមការងាររួមគ្នាប្រឆាំងគ្រឿងញៀនកាលពីថ្ងៃអង្គារ (៣០ មករា) នៅក្នុងសញ្ញាដំបូងនៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការរីករាលដាលនៃសារធាតុហ្វង់តានីល ចាប់តាំងពីចុងឆ្នាំ២០១៩ មុនពេលទំនាក់ទំនងទ្វេភាគីរវាងប្រទេសមហាអំណាចបានរង្គោះរង្គើ។សកម្មភាពនេះបានធ្វើឡើងតាមកិច្ចប្រជុំកំពូលដ៏សំខាន់មួយនៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) ក្នុងខែវិច្ឆិកា ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) បានយល់ព្រមធ្វើការរួមគ្នាទប់ស្កាត់ការផលិត និងការនាំចេញសារធាតុហ្វង់តានីល នៅក្នុងរបកគំហើញដ៏សំខាន់មួយ។រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន លោក វ៉ាង សៀវហុង (Wang Xiaohong) បាននិយាយថា លោកសង្ឃឹមថាភាគីទាំងពីរអាចសម្របសម្រួលរាល់កង្វល់របស់គ្នាទៅវិញទៅមក ព្រមទាំង «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ថាមពលវិជ្ជមានបន្ថែមទៀតសម្រាប់ទំនាក់ទំនងចិន-អាមេរិក ដែលមានស្ថិរភាព សុវត្ថិភាព និងនិរន្តភាព»។នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា ភាគីទាំងពីរបានប្តេជ្ញាសហការបង្កើនការសម្របសម្រួលនៃការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការចែកចាយ និងការនាំចេញសារធាតុគីមីសម្រាប់ថ្នាំអាភៀន ដើម្បីដោះស្រាយការផ្តល់ហិរញ្ញប្បទានខុសច្បាប់ និងបង្កើនការចែករំលែកព័ត៌មាន៕

របបសឹកមីយ៉ាន់ម៉ា បន្ធូរបន្ថយច្បាប់ចុះឈ្មោះបោះឆ្នោត មុនពេលផុតកំណត់នៃភាពអាសន្នរបស់ប្រទេស

2024/01/31 11:11:17 am        126
រដ្ឋាភិបាលយោធារបស់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃពុធ (៣១ មករា) នេះបានប្រកាសពីការបន្ធូរបន្ថយច្បាប់ចុះឈ្មោះបោះឆ្នោតសម្រាប់គណបក្សនយោបាយ រយៈពេលជាច្រើនម៉ោងមុនពេលផុតកំណត់នៃការដាក់ប្រទេសក្នុងភាពអាសន្នចាប់តាំងពីមានរដ្ឋប្រហារកាលពីបីឆ្នាំមុនមក។របបសឹក ដែលបានប្តេជ្ញាថានឹងរៀបចំការបោះឆ្នោត ហើយត្រលប់ទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ បាននិយាយថា ខ្លួនបានកាត់បន្ថយកម្រិតអប្បបរមាសម្រាប់សមាជិកភាពគណបក្ស និងភាគរយនៃសង្កាត់ដែលត្រូវតែដំណើរការបោះឆ្នោត។ គេមិនទាន់ច្បាស់ថាហេតុអ្វីបានជាមានការផ្លាស់ប្តូរបែបនេះនោះទេ។ឧត្តមសេនីយ៍ទាំងនោះមិនបានកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតឡើយ ហើយកាលពីឆ្នាំមុនបានរំសាយយ៉ាងហោចណាស់ ៤០គណបក្ស ដោយសារមិនបានចុះឈ្មោះ ក្នុងនោះមានអតីតគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលកាន់អំណាច របស់អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលរបបយោធាបានចាប់ដាក់ពន្ធនាគារ។ភាពអាសន្នរយៈពេលប្រាំមួយខែ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀតនោះ នឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃពុធនេះ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD ដែលបាននិយាយថាការបោះឆ្នោតមានភាពសេរី និងយុត្តិធម៌ ធ្លាប់បានគ្រោងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកាត់ផ្តាច់យោធាចេញពីនយោបាយ ហើយនាំយកប្រទេសឱ្យស្ថិតនៅក្រោមការគ្រប់គ្រងបែបស៊ីវិល៕

លោកដេវីត កាមេរូន បញ្ជាក់ចំពោះឯកអគ្គរដ្ឋទូតអារ៉ាប់ថា ចក្រភពអង់គ្លេស កំពុងពិចារណាអំពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/01/31 11:03:19 am        114
រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេស កំពុងពិចារណាថាតើត្រូវទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ឬយ៉ាងណា។លោក ដេវីត កាមេរូន (Lord Cameron) បានអះអាងថា រដ្ឋាភិបាលមាន «ការទទួលខុសត្រូវ» ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ដែលនឹងនាំឲ្យរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយរួមរស់ជាមួយប្រជាជាតិអ៊ីស្រាអែលបាន។ទស្សនវិស័យនៃសន្តិភាពក្នុងតំបន់ ត្រូវបានស្តារឡើងវិញដោយជម្លោះរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមភេរវករហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារនៅថ្ងៃទី៧ ខែតុលា។លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញារារាំងការបង្កើតរដ្ឋប៉ាឡេស្ទីន។នៅឯពិធីទទួលឯកអគ្គរដ្ឋទូតអារ៉ាប់នៅទីក្រុងវេសមីនស្ទឺរ (Westminster) លោក ដេវីត កាមេរូន បានថ្លែងថា៖«អ្វីដែលសំខាន់បំផុត គឺផ្តល់ឲ្យប្រជាជនប៉ាឡេស្ទីននូវទស្សនវិស័យនយោបាយ ដើម្បីឲ្យពួកគេអាចមើលឃើញថា នឹងមានការរីកចម្រើនដែលមិនអាចត្រឡប់វិញបានចំពោះដំណោះស្រាយរដ្ឋពីរ និងកាន់តែសំខាន់នោះ គឺការបង្កើតរដ្ឋប៉ាឡេស្ទីន។យើងមានការទទួលខុសត្រូវនៅទីនោះ ពីព្រោះយើងគួរតែចាប់ផ្តើមកំណត់ថាតើរដ្ឋប៉ាឡេស្ទីននឹងទៅជាយ៉ាងណា តើវានឹងរួមបញ្ចូលយ៉ាងដូចម្តេច របៀបដែលវានឹងដំណើរការ ហើយសំខាន់ គឺសម្លឹងមើលបញ្ហាដែលកើតឡើង ពួកយើងជាមួយសម្ព័ន្ធមិត្ត នឹងពិនិត្យមើល បញ្ហានៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមទាំងនៅអង្គការសហប្រជាជាតិ។

អាមេរិកនិយាយថា «ការផ្លាស់ប្តូរជាមូលដ្ឋាន» ត្រូវការ មុនពេលការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA បន្ត

2024/01/31 10:57:03 am        82
បេសកជនពិសេសសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវមើលឃើញមាន «ការផ្លាស់ប្តូរជាមូលដ្ឋាន» មុនពេលការផ្តល់មូលនិធិរបស់ខ្លួនដល់ ទីភ្នាក់ងារផ្តល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) អាចបន្ត បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ទីភ្នាក់ងារនេះ មួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការស៊ើបអង្កេត និងពិនិត្យឡើងវិញលើទីភ្នាក់ងារផ្តល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ នៅតំបន់ជិតបូព៌ា។ លោកស្រី និយាយថា យើងចាំបាច់ត្រូវពិនិត្យមើលទីភ្នាក់ងារនេះ របៀបដែលទីភ្នាក់ងារដំណើរការនៅតំបន់ហ្កាហ្សា របៀបដែលពួកគេគ្រប់គ្រងបុគ្គលិក និងដើម្បីធានាបានថា អ្នកដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ដូចជាបុគ្គលទាំង ១២ នាក់របស់ទីភ្នាក់ងារ ត្រូវចេញមកទទួលខុសត្រូវភ្លាមៗ ដូច្នេះទីភ្នាក់ងារ UNRWA អាចបន្តការងារចាំបាច់ ដែលខ្លួនកំពុងធ្វើ។ ការចោទប្រកាន់របស់អ៊ីស្រាអែល បានជំរុញឱ្យប្រទេសមួយចំនួនផ្អាកមូលនិធិសម្រាប់ទីភ្នាក់ងារនេះ។ ឯកសារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល រួមមានការចោទប្រកាន់ថា បុគ្គលិកមួយចំនួនបានចូលរួមក្នុងការចាប់ពង្រត់ និងការសម្លាប់ ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពី ស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ហ្កាហ្សា ហើយបានជំរុញឱ្យភាគីទាំងអស់ ធ្វើការជាមួយអ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញសម្រាប់តំបន់ហ្កាហ្សា។

នាយករដ្ឋមន្ត្រីហុងគ្រី បញ្ជាក់ពីឆន្ទៈរបស់ខ្លួន មិនរារាំងមូលនិធិចំនួន៥០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន ក្រោមលក្ខខណ្ឌមួយ

2024/01/31 10:52:09 am        93
នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán) បានបញ្ជាក់ថា ទីក្រុងប៊ុយដាប៉េស ( Budapest) បានបញ្ជូនកិច្ចព្រមព្រៀងសម្របសម្រួលមួយ ទៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដែលនឹងមិនរារាំងការផ្ដល់មូលនិធិចំនួន៥០ពាន់លានដុល្លាររបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន។នាយករដ្ឋមន្ត្រីហុងគ្រី បានលាតត្រដាងថា ក្រោមការសម្របសម្រួលនេះ លោកនឹងយល់ព្រមបញ្ចេញមូលនិធិទៅឲ្យប្រទេសអ៊ុយក្រែន «ប្រសិនបើអ្នកធានាថា ការសម្រេចចិត្ត បន្តផ្ញើប្រាក់នឹងត្រូវពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។ នៅក្នុងការអនុវត្តជាក់ស្តែង នេះនឹងផ្តល់ឲ្យហុងគ្រីនូវឱកាសមួយផ្សេងទៀត ដើម្បីរក្សាជំនួយជារៀងរាល់ឆ្នាំ។លោកអ័របាន បានកត់សម្គាល់ថា ការអនុម័តប្រចាំឆ្នាំនេះ គួរតែជាឯកច្ឆន្ទក្នុងចំណោមសមាជិកសហភាពអឺរ៉ុបផ្សេងទៀតទាំងអស់។លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖« ជាអកុសល ជំហរនេះ ត្រូវបានយល់ឃើញ ឬបកស្រាយដោយប្រទេសមួយចំនួនថា ជាឧបករណ៍សម្រាប់ការទាមទារជំនួយប្រចាំឆ្នាំ...ជំហររបស់យើង គឺថា វាមិនមែននិយាយអំពីការប្រើវេតូរបស់យើងសម្រាប់ការទាមទារជំនួយនោះទេ ប៉ុន្តែអំពីការស្ដារ និងរក្សាការរួបរួមនៃសហភាពអឺរ៉ុប»។ កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្ត្រីសហភាពអឺរ៉ុប បានបង្ហើបថា ការចរចាដើម្បីអនុម័តកម្មវិធីជំនួយហិរញ្ញវត្ថុ ៥០ពាន់លានអឺរ៉ូរយៈពេល ៤ឆ្នាំសម្រាប់អ៊ុយក្រែន កំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំង ខណៈដែលហុងគ្រី កំពុងបដិសេធមិនព្រមធ្វើ មុនកិច្ចប្រជុំកំពូលថ្ងៃទី១ ខែកុម្ភៈ។ទន្ទឹមនឹងនេះដែរ លោក បាឡាស អ័របាន (Balázs Orbán) នាយកផ្នែកនយោបាយរបស់នាយករដ្ឋមន្ត្រីហុងគ្រី បានអះអាងថា ទីក្រុងប្រ៊ុចសែល កំពុងបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៊ុយដាប៉ែស ទោះបីជាអ្នកចុងក្រោយបានស្នើសុំការសម្របសម្រួលអនុញ្ញាតឱ្យសហភាពអឺរ៉ុប ផ្តល់កញ្ចប់ជំនួយចំនួន៥០ពាន់លានអឺរ៉ូដល់អ៊ុយក្រែនក៏ដោយ។

ក្រុមហ៊ុន Samsung មើលឃើញការស្ទុះងើបឡើងវិញ នៃតម្រូវការឧបករណ៍បច្ចេកវិទ្យានៅឆ្នាំ២០២៤

2024/01/31 09:57:06 am        113
ក្រុមហ៊ុន ស៊ែមសុង អេឡិចត្រូនិច (Samsung Electronics) បានបង្ហាញពីការបន្តស្ទុះងើបឡើងវិញនៃបន្ទះឈីបអង្គចងចាំ (memory chips) និងតម្រូវការបច្ចេកវិទ្យានៅឆ្នាំ២០២៤ នេះ បន្ទាប់ពីបានរាយការណ៍នៃការធ្លាក់ចុះចំនួន ៣៤% ធៀបនឹងឆ្នាំមុននៅក្នុងប្រាក់ចំណេញត្រីមាសទី៤ របស់ខ្លួន បើទោះបីជាតម្លៃអង្គចងចាំបានស្ទុះងើបឡើងវិញក៏ដោយ ហើយនោះដោយសារតែតម្រូវការអ្នកប្រើប្រាស់នៅតែខ្សោយនៅក្នុងអាជីវកម្មជាច្រើន។ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពនេះលោកបាននិយាយថា ខ្លួនរំពឹងថាក្រុមហ៊ុនផលិតទូរស័ព្ទ និងកុំព្យូទ័រ នឹងដាក់បន្ទះឈីបកាន់តែច្រើន និងកាន់តែប្រសើរនៅក្នុងឧបករណ៍ នៅពេលការប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្តរីកធំឡើង ខណៈតម្រូវការដើម្បីជំនួសម៉ាស៊ីនមេចាស់ៗក៏នឹងជួយដល់ការងើបឡើងវិញបន្តិចម្តងៗនៅក្នុងតម្រូវការបន្ទះឈីបផងដែរ។ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងឆ្នាំ២០២៤ នេះ អាជីវកម្មអង្គចងចាំរំពឹងថាទីផ្សារនឹងបន្តងើបឡើងវិញ ទោះបីជាមានឧបសគ្គដែលអាចកើតមានជាច្រើន រួមទាំងគោលនយោបាយអត្រាការប្រាក់ និងបញ្ហាភូមិសាស្ត្រនយោបាយក៏ដោយ»។អស់រយៈពេលពេញមួយឆ្នាំ អាជីវកម្មបន្ទះឈីបរបស់ Samsung បានធ្លាក់ចុះដល់កម្រិតខ្ពស់បំផុតនៃការខាតបង់ចំនួន ១៤,៩ សែនកោដិ៍វ៉ុន ក្នុងឆ្នាំ២០២៣ ពីប្រាក់ចំណេញដែលទទួលបានចំនួន ២៣,៨ សែនកោដិ៍វ៉ុន កាលពីឆ្នាំមុន ដោយរងផលប៉ះពាល់ពីការធ្លាក់ចុះមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីតម្រូវការចុះខ្សោយសម្រាប់ឧបករណ៍ប្រើប្រាស់បន្ទះឈីប៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

2024/01/31 09:30:47 am        196
ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរឱ្យថែរក្សាសន្តិសុខឱ្យបានល្អនៅខេត្តព្រះសីហនុ ព្រោះកត្តាសន្តិសុខនេះ មានសារសំខាន់ណាស់ក្នុងការទាក់ទាញទេសចរ ។ កិច្ចការងារនេះ គឺធំ ដែលអាចឱ្យយើង សម្រេចបាននូវចីរភាពទាញសក្ដានុពលនៃការីកចម្រើនពហុវិស័យ ។ កិច្ចការធំបំផុត គឺបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ។សម្ដេចធិបតី បញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងនៅខេត្តព្រះសីហនុ និងបញ្ឈប់ការចេញអាជ្ញាបណ្ណសុំបង្កើតទីតាំងបាញ់កាំភ្លើងផងដែរ ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន ពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើងក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។-សម្ដេចធិបតីបញ្ជាក់ថា កាលពីម្សិលមិញ (៣០ មករា ២០២៤) សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការបើកថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចនឹងដឹកនាំផ្ទាល់ ដើម្បីធ្វើយុទ្ធនាការជ្រុងសន្ដិសុខមួយនៅខេត្តព្រះសីហនុ។-សម្តេចធិបតី បញ្ជាក់ថា កម្ពុជាកសាងជិត២០ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាព ឱ្យទេសចរមកទស្សនអង្គរវត្ត ទស្សនាកម្ពុជា ប៉ុន្ដែបច្ចុប្បន្ន មានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវដល់វិស័យឯកជន ធ្វើការសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទទួលបានការផ្ដល់ជូនពិសេសពីរាជរដ្ឋាភិបាល បន្ទាប់ពីបានដាក់ចេញនូវ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM