សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

នយោបាយ​ និង ការអភិវឌ្ឍន៍

សហជីពនានានៅអាហ្សង់ទីន លើកឡើងពីបញ្ហាប្រឈមចំពោះប្រធានាធិបតីថ្មី ដោយធ្វើកូដកម្មនិងតវ៉ា

2024/01/25 12:33:24 pm        77
សហជីពធំបំផុតរបស់ប្រទេសអាហ្សង់ទីន បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ១២ ម៉ោងកាលពីថ្ងៃពុធ ជាមួយកម្មកររាប់ម៉ឺននាក់ ធ្វើបាតុកម្មនៅកណ្តាលទីក្រុង Buenos Aires ប្រឆាំងវិធានការរឹតត្បិតថវិកាតឹងរ៉ឹងផ្នែកសេដ្ឋកិច្ច និងកំណែទម្រង់ ធ្វើឡើងដោយប្រធានាធិបតីសេរីនិយមថ្មី លោក Javier Milei ។កម្មករជាច្រើន បានមកប្រមូលផ្ដុំគ្នានៅទីលាន Congress Plaza ខណៈអ្នកធ្វើកូដកម្មភាគច្រើន បានជ្រើសរើសការទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅក្បែរៗនោះ។សកម្មភាពនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ចាប់ពីការដឹកជញ្ជូនរហូតដល់វិស័យធនាគារ គឺជាការបង្ហាញដ៏ធំបំផុតនៃការប្រឆាំងទៅនឹងផែនការរបស់ លោក Milei សម្រាប់ការកាត់បន្ថយការចំណាយ និងការធ្វើឯកជនភាវូបនីយកម្ម ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមុន ដោយសន្យាថា នឹងជួសជុលសេដ្ឋកិច្ចដែលធ្លាក់ចុះពីអតិផរណា ២១១ភាគរយ និងបំណុលដែលជាប់គាំង។កូដកម្មនេះ ត្រូវបានសម្របសម្រួលដោយសហជីពឆ័ត្រដ៏មានឥទ្ធិពលរបស់សហព័ន្ធការងារទូទៅ (CGT) ហើយកើតឡើងក្នុងពេលមានការពិនិត្យយ៉ាងសំខាន់នៃការជំរុញកំណែទម្រង់ធំៗចំនួនពីររបស់លោក Milei ។ ប៉ុន្តែទោះបីជាកូដកម្ម ដែលបានចាប់ផ្តើមនៅពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូន ធនាគារ មន្ទីរពេទ្យ និងសេវាសាធារណៈក៏ដោយ រដ្ឋាភិបាលរបស់លោក Milei បានប្តេជ្ញាប្រកាន់ខ្ជាប់នូវផែនការកំណែទម្រង់របស់ខ្លួន។ រដ្ឋាភិបាលថ្មីនិយាយថា វិធានការរឹតត្បិតថវិកា គឺត្រូវការជាចាំបាច់ បន្ទាប់ពីការចំណាយច្រើនហួសប្រមាណជាច្រើនឆ្នាំ ដែលបានធ្វើឱ្យប្រទេសអាហ្សង់ទីន មានបំណុលយ៉ាងច្រើនចំពោះម្ចាស់បំណុលក្នុងស្រុក និងអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងដ៏រង្គោះរង្គើចំនួន ៤៤ពាន់លានដុល្លារ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។

តុលាការពិភពលោក នឹងប្រកាសសេចក្តីសម្រេចលើសំណុំរឿងប្រល័យពូជសាសន៍អ៊ីស្រាអែល នៅថ្ងៃទី ២៦ ខែមករា

2024/01/25 12:29:03 pm        93
ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងចេញសេចក្តីសម្រេចនៅថ្ងៃសុក្រ ទី ២៦ ខែមករា ថាតើពួកគេនឹងផ្តល់វិធានការបន្ទាន់ប្រឆាំងអ៊ីស្រាអែលឬយ៉ាងណា បន្ទាប់ពីការចោទប្រកាន់ធ្វើឡើងដោយប្រទេសអាហ្វ្រិកខាងត្បូងថា ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា គឺជាការប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋនេះ។តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយនិយាយថាគណៈកម្មការចៅក្រមចំនួន ១៧រូប នឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួន នៅក្នុងតុលាការនៅថ្ងៃទី ២៦ ខែមករា។កាលពីដើមខែនេះ ក្នុងសវនាការរយៈពេលពីរថ្ងៃ ប្រទេសអាហ្រ្វិកខាងត្បូងបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក ដើម្បីបង្គាប់ឱ្យផ្អាកជាបន្ទាន់នៃយុទ្ធនាការយោធាដ៏មហន្តរាយរបស់ប្រទេសអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ប្រទេសអ៊ីស្រាអែល បានច្រានចោលបទចោទប្រកាន់អំពើប្រល័យពូជសាសន៍ថាជា «ការបំភ្លៃធ្ងន់ធ្ងរ» និងបាននិយាយថា ខ្លួនមានសិទ្ធិការពារខ្លួន និងកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ពុំមែនជនស៊ីវិលប៉ាឡេស្ទីននោះទេ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកពេលទៅថ្ងៃទី០២កុម្ភៈវិញ

2024/01/25 11:17:40 am        283
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ដែលគ្រោងប្រព្រឹត្តទៅនៅ​ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤​ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ស្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានលើកទៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វិញ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រោងនឹង​ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន៖ទី១. របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ​ការ​អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ទី២. សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការកែសម្រួលអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ត​ទៅរបស់​ក្រុមប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ទី៣. បញ្ហាផ្សេងៗ 

លោកសូលរំពឹងថា ស្លូវ៉ាគី នឹងបន្តគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី

2024/01/25 10:46:50 am        191
បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី រ៉ូប៊ឺត ហ្វីកូ ( Robert Fico) នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី ២៤ ខែមករា លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បានសម្តែងក្តីសង្ឃឹមថា រដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava)ដូចជាសម្ព័ន្ធមិត្តដទៃទៀតនៃអ៊ុយក្រែន នឹងបន្តគាំទ្រទីក្រុងគីវ ចំពេលសង្គ្រាមពេញលេញរបស់រុស្ស៊ី។នៅក្នុងសន្និសីទសារព័ត៌មានរួម លោកសូល បានព្រមានប្រឆាំងនឹងគំនិតដែលថា «ការបន្តនៃសង្រ្គាមដ៏គួរឲ្យភ័យខ្លាចនេះ គឺដោយសារតែកង្វះការសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងគីវ ដោយបានរំលឹកថា កិច្ចប្រជុំជាង២០០លើក បានកើតឡើង នៅក្នុងទម្រង់កិច្ចប្រជុំមិនស្ក៍ ( Minsk) និងតំបន់ន័រម៉ានឌី (Normandy) តែម្នាក់ឯង។ លោក បានបន្ថែមថា៖«យើងទាំងអស់គ្នាដឹងពីលទ្ធផល: ការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនទាំងមូល ដោយរំលោភលើច្បាប់អន្តរជាតិ»។លោកអធិការបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «អាចបញ្ចប់សង្រ្គាមនេះ នៅពេលណាក៏បាន ប៉ុន្តែប្រសិនបើអ៊ុយក្រែនឈប់ការពារខ្លួន នោះវានឹងជាទីបញ្ចប់នៃអ៊ុយក្រែន»។ លោកសូល បានបន្ថែមថា វាក៏មានសារៈសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ក្នុងបរិបទនេះ។

កូរ៉េខាងជើងអះអាងថា ខ្លួនបានសាកល្បងមីស៊ីល តម្រង់គោលដៅប្រភេទថ្មីដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

2024/01/25 10:39:00 am        176
ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជំនាន់ថ្មីជាលើកដំបូង ខណៈនៅតែបន្តពង្រីកសមត្ថភាពយោធារបស់ខ្លួន។ទីភ្នាក់ងារសារព័ត៌មានផ្លូវការមជ្ឈិមកូរ៉េ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៥មករា នេះ ថា មីស៊ីលឈ្មោះ Pulhwasal-3-31 នៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ខ្លួន ហើយបានហៅមីស៊ីលនេះថាជាយុទ្ធសាស្ត្រ ដែលបង្ហាញពីចេតនាបំពាក់អាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ពុំបានបញ្ជាក់ពីចំនួនមីស៊ីលដែលត្រូវបានបាញ់នោះទេ។ ប្រភពដដែលបាននិយាយថា ការបាញ់សាកល្បងនេះ ពុំមានផលប៉ះពាល់ដល់សន្តិសុខនៃប្រទេសជិតខាងទេ ហើយមិនមានជាប់ទាក់ទងនឹងស្ថានភាពក្នុងតំបន់ដែរ។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីព្រឹកថ្ងៃពុធថា ខ្លួនបានតាមដានការបាញ់ មីស៊ីលជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងវិភាគលើការបាញ់ដែលធ្វើឡើងបន្ទាប់ពីការសាកល្បងកាលពីថ្ងៃទី ១៩ ខែមករា នៃយានដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងមីស៊ីលអន្តទ្វីបរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹងដំបូងរបស់ទីក្រុងព្យុងយ៉ាងកាលពី៥ថ្ងៃមុន។ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបាននិយាយថាខ្លួនគិតថាការបាញ់នេះគឺជាការសាកល្បងការដំឡើងកម្រិតសមត្ថភាពមីស៊ីលដែលមានស្រាប់។ គួររម្លឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាយុទ្ធសាស្ត្រលើកដំបូងរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២១៕

លោកអេរដូហ្គែន៖ ទួរគី និងអ៊ីរ៉ង់យល់ព្រមលើតម្រូវការ ដើម្បីជៀសវាងភាពតានតឹង នៅមជ្ឈិមបូព៌ា

2024/01/25 10:34:59 am        93
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានថ្លែងថា លោក និងសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធស្តីពីតម្រូវការ ដើម្បីជៀសវាងវិធានការនានា ដែលអាចគំរាមកំហែងដល់ស្ថិរភាព នៅមជ្ឈិមបូព៌ា រយៈពេលបីខែទៅក្នុងសង្រ្គាមហ្កាហ្កា។ប្រទេសទួរគី ដែលគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ បានរិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ខ្លួន លើតំបន់ហ្កាហ្សា បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានគាំទ្រចំណាត់ការផ្លូវច្បាប់សម្រាប់អ៊ីស្រាអែលដែលត្រូវកាត់ទោសពីបទប្រល័យពូជសាសន៍។មិនដូចសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសអារ៉ាប់មួយចំនួនទេ សមាជិកអង្គការណាតូទួរគី មិនចាត់ទុកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលនាំទៅដល់យុទ្ធនាការសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលជាក្រុមភេរវកម្មទេ។ប្រទេសអ៊ីរ៉ង់ដឹកនាំអ្វីដែលខ្លួនហៅថា អ័ក្សនៃការតស៊ូដែលជាសម្ព័ន្ធភាពធូររលុង រួមមានក្រុមហាម៉ាស និងក្រុមមូស្លីមនិកាយស៊ីអ៊ីត (Shi'ite) ប្រដាប់អាវុធ នៅជុំវិញតំបន់ ដែលបានប្រឈមមុខនឹងយោធាអ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច។ ប្រទេសនេះ បានបញ្ចេញសំឡេងគាំទ្រដល់ក្រុមហាម៉ាស។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបលោករ៉េស៊ី ក្នុងទីក្រុងអង់ការ៉ា លោកអេរដូហ្គែន បាននិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាអំពីការបញ្ចប់ការវាយប្រហារ «អមនុស្សធម៌» របស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា និងតម្រូវការ ដើម្បីចាត់វិធានការសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង នៅក្នុងតំបន់នេះ។

ប្រទេសកោះ ណូរូ ដែលជាអតីតសម្ព័ន្ធមិត្តកោះតៃវ៉ាន់ បង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយចិន

2024/01/25 10:27:57 am        122
ប្រទេសចិន និងប្រទេសកោះ ណូរូ បានបង្កើតទំនាក់ទំនងការទូតឡើងវិញកាលពីថ្ងៃពុធ (២៤ មករា) បន្ទាប់ពីប្រទេសកោះប៉ាស៊ីហ្វិកដ៏តូចមួយនេះបានផ្តាច់ទំនាក់ទំនងដោយមិនបានរំពឹងទុកជាមួយអតីតសម្ព័ន្ធមិត្តកោះតៃវ៉ាន់របស់ខ្លួនកាលពីដើមខែនេះ ត្រឹមតែពីរថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ថ្មីត្រូវបានជ្រើសរើស។ក្នុងអំឡុងពេលពិធីមួយនៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីណូរូ លោក លីអូណែល អាំងហ្គីមៀ (Lionel Aingimea) បានចុះហត្ថលេខាជាផ្លូវការលើឯកសារមួយដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយចំណងមិត្តភាពនៅថ្នាក់ឯកអគ្គរដ្ឋទូតនឹងចាប់ផ្តើមឡើងវិញភ្លាមៗ។តំបន់ប៉ាស៊ីហ្វិកបានក្លាយទៅជាប្រភពនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់ឥទ្ធិពលរវាងទីក្រុងវ៉ាស៊ីនតោន ដែលបានចាត់ទុកតំបន់នេះជាផ្លូវក្រោយរបស់ខ្លួន និងទីក្រុងប៉េកាំង ដែលបានកំណត់គោលដៅលើបណ្ដាសម្ព័ន្ធមិត្តការទូតរបស់កោះតៃវ៉ាន់នៅទីនោះ។យោងតាមឯកសារនោះបានឲ្យដឹងថា ប្រទេសកោះ ណូរូ ទទួលស្គាល់ថាមាន «ប្រទេសចិនតែមួយគត់ក្នុងពិភពលោក» ដែលគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិន ហើយថាកោះតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ចិន។ ប្រទេសចិនទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយកោះនេះមិនមានសិទ្ធិក្នុងទំនាក់ទំនងរដ្ឋ និងរដ្ឋទេ ដោយនោះជាជំហរមួយដែលកោះតៃវ៉ាន់ជំទាស់ជាខ្លាំង៕

លោក Trump និងលោក Biden ផ្តោតលើការតទល់គ្នាជាថ្មី ក្នុងការបោះឆ្នោតសកល ខណៈលោកស្រី Haley ប្ដេជ្ញាបន្តទៅមុខ

2024/01/25 10:23:48 am        76
លោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃពុធ (២៤ មករា) ខណៈដែលពួកគេរៀបចំត្រៀមសម្រាប់លទ្ធភាពនៃការតទល់គ្នាឡើងវិញក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកា បន្ទាប់ពីជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតបឋមនៃបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនៅរដ្ឋ ញ៉ូវហែមស៊ៀ (New Hampshire) សហរដ្ឋអាមេរិក។ជ័យជម្នះនោះបានធ្វើឱ្យការតែងតាំងជាបេក្ខជនតំណែងសេតវិមានរបស់លោក ត្រាំ ទំនងជាអាចទៅរួចកាន់តែខ្លាំងឡើង ទោះបីជាគូប្រជែងចុងក្រោយរបស់ខ្លួនគឺលោកស្រី នីកគី ហាលី (Nikki Haley) បានប្តេជ្ញាបន្តទៅមុខនៅក្នុងការប្រជែងនេះក៏ដោយ។ការឈ្នះឆ្នោតក្នុងការប្រជែងជ្រើសរើសបេក្ខភាពរបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ត្រាំ បានធ្វើឲ្យលោកដើរលើផ្លូវដែលស្ទើរតែជាក់លាក់មួយឆ្ពោះទៅរកការប្រកួតប្រជែងក្នុងការបោះឆ្នោតសកលជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក បៃដិន។យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា «ឥឡូវនេះច្បាស់ណាស់ថា លោក ដូណាល់ ត្រាំ នឹងក្លាយជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ» ហើយបានចេញការព្រមានម្តងហើយម្តងទៀតថា អតីតប្រធានាធិបតីរូបនេះគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។លោក ត្រាំ បានបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ទ្រូស សូសល់ (Truth Social) របស់ខ្លួនដោយនិយាយឡើងវិញនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋានថាលោក បៃដិន និងក្រសួងយុត្តិធម៌ បានជាប់ពាក់ព័ន្ធក្នុងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ បន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណីទៅលើលោក ត្រាំ កាលពីឆ្នាំមុន៕

ទេសរដ្ឋមន្ត្រី៖ អ៊ីរ៉ង់ឥឡូវជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល

2024/01/25 10:18:43 am        69
ក្រុមទេសរដ្ឋមន្ដ្រីភាគច្រើនរបស់ប្រទេសនេះ បានប្រាប់សារព័ត៌មាន Telegraphថា៖« ពេលនេះ អ៊ីរ៉ង់ គឺជា «គោលដៅស្របច្បាប់»សម្រាប់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ដោយបង្កើនការរំពឹងទុកនៃសង្គ្រាមពេញទំហឹងជាមួយទីក្រុងតេអេរ៉ង់។នៅក្នុងបទសម្ភាសន៍ដ៏វែងមួយ លោក នី បាកាត (Nir Barkat) រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ក៏បាននិយាយផងដែរថា ប្រជាជនប៉ាឡេស្ទីនមកពីតំបន់វេបែង (West Bank) នឹងមិនត្រូវបានគេអនុញ្ញាតឲ្យ ធ្វើការ នៅក្នុងប្រទេសនេះទៀតទេ ហើយនឹងត្រូវបានជំនួសដោយកម្មករបរទេសដែលនាំចូលច្រើនជាងមួយភាគនៃមួយលាននាក់។លោកក៏បានបញ្ជាក់ថា សង្គ្រាមនៅតំបន់ហ្កាហ្សា មិនបានវាយលុកឲ្យបានខ្លាំងក្លាគ្រប់គ្រាន់នៅឡើយទេ។លោកបាកាត់ ដែលពេញចិត្តក្នុងការស្នងតំណែងលោកបេនចាមីន ណេតាន់យ៉ាហ៊ូ(Benjamin Netanyahu) ជាមេដឹកនាំគណបក្ស Likud ដែលកំពុងកាន់អំណាច បាននិយាយថា អ៊ីស្រាអែល អាចមានលទ្ធភាព បន្តការប្រយុទ្ធនិងបើកខែ្សត្រៀមជួរមុខថ្មីជាមួយប្រទេសលីបង់ ទោះបីជាមានការខាតបង់ប្រាក់ពាន់លានសេកែល (២០០លានផោន) ក្នុងមួយថ្ងៃនៃជម្លោះនេះក៏ដោយ។លោកបាននិយាយថា៖«វិបត្តិដ៏ធំនេះ វាក៏ជាឱកាសដ៏ធំមួយផងដែរ» ដោយរដ្ឋាភិបាលជុំវិញពិភពលោកត្រូវការអ្នកជំនាញបច្ចេកទេសរបស់អ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងនឹងជីហាដនិយម ជាសកល។ហានិភ័យនៃសង្រ្គាមរីករាលដាលដល់ប្រទេសលីបង់ និងរហូតដល់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យមេដឹកនាំលោកខាងលិច ព្រួយបារម្ភ ដោយលោកបាកាត កាន់តែមានឥទ្ធិពល នៅក្នុងគណបក្សដែលកំពុងកាន់អំណាច។

យោធាចិននិយាយថា ការឆ្លងកាត់នាវាពិឃាដអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ ជំរុញឲ្យមានការឆ្លងកាត់តាមទំនើងចិត្ត

2024/01/25 10:15:23 am        125
យោងតាមសេចក្តីថ្លែងការណ៍មួយ យោធាចិនបាននិយាយថា ខ្លួនបានរៀបចំកងទ័ពដើម្បីតាមដាន និងឃ្លាំមើលនាវាពិឃាតមួយគ្រឿងរបស់សហរដ្ឋអាមេរិក ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ។ អ្នកនាំពាក្យរបស់ទីបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា នាវាពិឃាត អាមេរិក USS John Finn ឆ្លងកាត់ដោយចំហ តាមទំនើងចិត្ត នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ។ អ្នកនាំពាក្យបាននិយាយថា ថ្មីៗនេះ យោធាសហរដ្ឋអាមេរិកបានធ្វើសកម្មភាពញុះញង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ កងទ័ពនៅទីបញ្ជាការភាគខាងកើត មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់។កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបើកនាវាចម្បាំងដំបូងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃពុធបន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅលើកោះនេះ ដែលទាក់ទាញការខឹងសម្បារពីទីក្រុងប៉េកាំង។កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការឆ្លងកាត់របស់នាវាពិឃាត John Finn នៅច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រជាជាតិទាំងអស់ជាគោលការណ៍ ។ការឆ្លងកាត់ចុងក្រោយនេះបានកើតឡើងស្របពេលក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ បង្ហាញការគាំទ្របន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ១៣ ខែមករារបស់កោះនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
09/04/2025 09:09 PM
រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
09/04/2025 09:09 PM
អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
09/04/2025 08:09 PM
[UPDATE] លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលទៅស្ដាប់សាលក្រមវិញ ក្នុងរយៈពេល ២ថ្ងៃ
09/04/2025 08:09 PM
ប្រមុខអង្គការណាតូ៖ មិនមែនរុស្ស៊ីជាអ្នកសម្រេចទេ ជុំវិញថា តើលោកខាងលិចអាចដាក់ពង្រាយទ័ព នៅអ៊ុយក្រែន ឬអត់
09/04/2025 08:09 PM
មេដឹកនាំចិន និងកូរ៉េខាងជើង ប្រារព្ធកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង
09/04/2025 07:09 PM
BREAKING NEWS ៖ ​ ​លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលត្រលប់វិញក្នុងរយៈពេល ២ថ្ងៃ
09/04/2025 07:09 PM
គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
09/04/2025 07:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ក្រុមហ៊ុនទេសចរណ៍ធំវៀតណាម បង្កើនវិនិយោគនៅកម្ពុជា
09/04/2025 07:09 PM
ក្រុមអ្នកជួយសង្គ្រោះ៖ ការលិចស្រឡាង នៅនីហ្សេរីយ៉ា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣២នាក់ស្លាប់
09/04/2025 06:09 PM