BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្ដាមេដឹកនាំពិភពលោកព្រមានពីភាពអត់ឃ្លាន ខណៈគោលដៅអាកាសធាតុកំពុងស្ថិតនៅក្នុងគ្រោះមហន្តរាយ

2023/09/19 09:02:11 am        152
បញ្ជីការងារដែលត្រូវធ្វើនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានកំណត់ក្នុងឆ្នាំ២០១៥ ហាក់ដូចជាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ នេះបើយោងតាមកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់បណ្ដាមេដឹកនាំទាំងនោះ ដែលអនុម័តដោយឯកច្ឆន្ទនៅក្នុងកិច្ចប្រជុំកំពូលមួយ មុនពេលមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើមិនមានវិធានការបន្ទាន់ណាមួយទេ ពិភពលោកអាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ។បញ្ជីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៧ចំណុច ត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រខ្លាំង ព្រមទាំងការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុនៅត្រឹមឆ្នាំ២០៣០។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់កិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំថា មានតែតួលេខគោលដៅចំនួន១៥%ប៉ុណ្ណោះដែលកំពុងដំណើរការ ហើយមានចំណុចជាច្រើនកំពុងដំណើរការបញ្ច្រាស។កាលពីដើមខែនេះ លោក Guterres បានអំពាវនាវឱ្យមេដឹកនាំក្រុមប្រទេសទាំង២០ (G20) ធានានូវថវិកាជំរុញយ៉ាងតិច៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។ យោងតាមរបាយការណ៍កាលពីឆ្នាំមុនបានឲ្យដឹងថា ការចំណាយលើការសម្រេចគោលដៅសកលបានកើនឡើង២៥% ដល់ចំនួន១៧៦សែនកោដិ៍ដុល្លារក្នុងឆ្នាំ ដែលបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងការអនុវត្តលើវិធានការបញ្ច្រាសខុសពីគោលដៅជាច្រើនផងដែរ៕

ប្រទេសប៉េរូ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅតាមផ្នែកខ្លះនៃរដ្ឋធានី បន្ទាប់ពីឧក្រិដ្ឋកម្មកើនឡើង

2023/09/19 08:59:17 am        142
ប៉េរូ៖ ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte បាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថា រដ្ឋាភិបាលរបស់លោកស្រី បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងស្រុកចំនួនបី ដែលរងគ្រោះដោយការរីករាលដាលនៃឧក្រិដ្ឋកម្ម ដោយជាវិធានការដែលអនុញ្ញាតឱ្យយោធាជួយពង្រឹងសន្តិសុខក្នុងប្រទេស។លោកស្រី Boluarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងស្រុក San Juan de Lurigancho (សាន វ៉ាន់ ដេ លូរីហ្កានឆូ) និងស្រុក San Martin de Porras (សាន ម៉ាទីន ដេ ប៉ូរ៉ាស)ទាំងនៅក្នុងរដ្ឋធានី លីម៉ា និងនៅភាគខាងជើងនៃស្រុក តាឡារ៉ា (Talara) ដោយបន្ថែមនៅក្នុងបទសម្ភាសន៍មួយថា វិធានការនេះមានគោលបំណងបង្កើន «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង»។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នគរបាលបានរាយការណ៍ពីការវាយប្រហារនៅក្នុងទីក្រុង សាន វ៉ាន់ រួមទាំងការគប់គ្រាប់បែកដៃសង្រ្គាមចូលទៅក្នុងក្លឹបរាត្រីមួយ ដែលការវាយប្រហារដោយគ្រាប់បែកដៃមួយទៀតនៅក្បែរនោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់រងរបួស។ របាយការណ៍ឧក្រិដ្ឋកម្មទៅកាន់នគរបាលក្នុងរដ្ឋធានី លីម៉ា បានកើនឡើងដល់ជិត១៦០.២០០ករណីកាលពីឆ្នាំមុន ធៀបនឹងចំនួន១២០.៣៥០ករណីក្នុងឆ្នាំ២០២១ នេះបើយោងតាមការិយាល័យទទួលបណ្ដឹងពលរដ្ឋ របស់ប្រទេសប៉េរូ៕

ក្រុមអ្នកតវ៉ានិយាយថា កន្លែងតែមួយគត់ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលគួរទៅ គឺពន្ធនាគារ អំឡុងទស្សនកិច្ចនៅអាមេរិក

2023/09/19 08:36:26 am        113
  អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាប្រឆាំងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង San Francisco កាលពីថ្ងៃចន្ទ ទី១៨ខែកញ្ញា ខណៈលោកនាយករដ្ឋមន្ត្រី រូបនេះ បានបំពេញទស្សនកិច្ចនៅរដ្ឋ California និងជួបជាមួយសហគ្រិនបច្ចេកវិទ្យាលោក Elon Musk។ យោងតាមគេហទំព័ររបស់ខ្លួន ការតវ៉ានេះ ត្រូវបានរៀបចំដោយក្រុមមូលដ្ឋាន UnXeptable ដែលបេកកម្មរបស់ពួកគេ គឺដើម្បីថែរក្សាអត្តសញ្ញាណប្រជាធិបតេយ្យរបស់អ៊ីស្រាអែល ជាទីជម្រករបស់ប្រជាជនជ្វីសទាំងអស់។ អ្នកតវ៉ាវ័យ៨៣ ឆ្នាំម្នាក់ឈ្មោះ តូនី ហ្គូលបាស់ (Toni Golbus)បាននិយាយថា ខ្ញុំមកទីនេះព្រោះខ្ញុំស្រឡាញ់អ៊ីស្រាអែល។ខ្ញុំបានចំណាយពេលយ៉ាងច្រើននៅទីនោះ ខ្ញុំចង់ឲ្យប្រទេសនេះក្លាយជាប្រទេសប្រជាធិបតេយ្យ ហើយខ្ញុំបារម្ភថា អ្វីដែលលោក Netanyahu កំពុងព្យាយាមធ្វើគឺដើម្បីបំភ្លេចចោលលទ្ធិប្រជាធិបតេយ្យ។ អ្នកតវ៉ាម្នាក់ទៀតឈ្មោះ យ៉ាអេល ឡេវី(Yael Levy)វ័យ៣៩ឆ្នាំ បានបន្ថែមថា ខ្ញុំគិតថា វាជារឿងសំខាន់ក្នុងការបញ្ចូនសារ លឺៗនិងច្បាស់ៗ ថា លោកមិនត្រូវបានស្វាគមន៍នៅទីនេះទេ។ខ្ញុំគិតថាមានកន្លែងតែមួយគត់ដែលលោកគួរតែត្រូវបានស្វាគមន៍នោះគឺពន្ធធានាគារ។ រដ្ឋាភិបាលរបស់លោកNetanyahu បានកែប្រែប្រព័ន្ធតុលាការកាលពីខែមករា ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែល ។  លោក Netanyahu បានជំរុញលោក Musk ឲ្យថ្លឹងថ្លែងរវាងការកាពារសិទ្ធិបញ្ចេញមតិដោយសេរីនិងការប្រយុទ្ធប្រឆាំងនឹងសម្ដីបង្កការស្អប់ខ្ពើមនៅជំនួបមួយកាលពីថ្ងៃចន្ទ បន្ទាប់ពីមានភាពចម្រូង ចម្រាសជាច្រើនសប្ដាហ៍ជុំវិញខ្លឹមសារអរិភាពលើបណ្ដាញសង្គម X របស់លោក Musk៕

ឧបទ្ទវហេតុរថយន្តក្រុង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៤នាក់ស្លាប់នៅប៉េរូ

2023/09/19 08:34:05 am        153
ប៉េរូ៖ យោងតាមក្រុមហ៊ុនដឹកជញ្ជូនដែលធ្វើប្រតិបត្តិការយានយន្តបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ ក្នុងឧបទ្ទវហេតុរថយន្តក្រុងដឹកអ្នកដំណើរ នៅក្នុងប្រទេសប៉េរូ កាលពីថ្ងៃចន្ទ។អ្នកតំណាងក្រុមហ៊ុន សហជីព Molina លោក Scarlet Bueno បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ទីភ្នាក់ងារគ្រប់គ្រងការដឹកជញ្ជូនរបស់ប្រទេសប៉េរូនៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថាគ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃចន្ទ ដោយមិនបានផ្តល់ចំនួនអ្នកស្លាប់ឬរងរបួសនោះទេ។ ទីភ្នាក់ងារ និយាយថារថយន្តក្រុងនេះកំពុងធ្វើដំណើរពីក្រុង Ayacucho ទៅកាន់ទីក្រុង Huancayo ប្រទេសប៉េរូ។ ទីភ្នាក់ងារ បាននិយាយក្នុងការស៊ើបអង្កេតដំបូង បង្ហាញថា រថយន្តក្រុងទំនងជាមានការពិនិត្យសុវត្ថិភាពទាន់សម័យ និងមានធានារ៉ាប់រងគ្រោះថ្នាក់។ គ្រោះថ្នាក់ជាច្រើនគឺជារឿងពាក់ព័ន្ធធម្មតានៅតាមផ្លូវដ៏គ្រោះថ្នាក់របស់ប្រទេសប៉េរូ ខណៈមានមនុស្សយ៉ាងហោចណាស់ ២៤នាក់ស្លាប់ កាលពីខែមករា នៅពេលរថយន្តក្រុង បានធ្លាក់ចុះពីឆ្នេរចោទ នៅភាគខាងជើងប្រទេស៕

ប្រធានាធិបតីម៉ិកស៊ិក ការពារការចូលរួមរបស់រុស្ស៊ី ក្នុងព្យុហយាត្រាយោធា

2023/09/19 08:28:16 am        193
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ បានការពារវត្តមានរបស់អង្គភាពយោធារុស្ស៊ី ក្នុងព្យុហយាត្រាកាលពីចុងសប្តាហ៍ ដែលប្រារព្ធទិវាឯករាជ្យរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីការរិះគន់ដ៏ខ្លាំងលើប្រទេសរបស់លោកថាបានផ្តល់វេទិកាមួយដល់កងកម្លាំងដែលឈ្លានពានប្រទេសអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសម៉ិកស៊ិក អ្នកនយោបាយប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយទិទៀន បានរិះគន់សេចក្តីសម្រេចដើម្បីអនុញ្ញាឲ្យអង្គភាពរុស្ស៊ីបានចូលរួមកាលពីថ្ងៃសៅរ៍ ប៉ុន្តែលោក Lopez Obrador បាននិយាយថាប្រទេសម៉ិកស៊ិក បានអនុញ្ញាតឲ្យប្រទេសណាមួយក៍ដោយឲ្យចូលរួម។លោក Lopez Obrador ជាអ្នកឆ្វេងនិយម បានព្យាយាមដើម្បីរក្សាប្រទេសម៉ិកស៊ិកនៅជាអព្យាក្រិត ក្នុងសង្គ្រាម រវាង រុស្ស៊ី និងអ៊ុយក្រែន នៅក្នុងចំណុចមួយដែលស្នើសុំឲ្យមានកិច្ចចរចាសន្តិភាព។ទោះជាយ៉ាងណា រដ្ឋាភិបាលរបស់លោក បានគាំទ្រសេចក្តីសម្រេចធំៗរបស់អង្គការសហប្រជាជាតិ ដែលរិះគន់តួនាទីរបស់រុស្ស៊ី នៅក្នុងជម្លោះនេះ៕

ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស នៅស្រុកបាទី

2023/09/19 08:25:40 am        316
តាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានកូនច្រើនចាប់ពីពេលបច្ចុប្បន្ននេះទៅ ខណៈពិភពលោកកំពុងមានកង្វះខាតយុវជនជំនាន់ក្រោយ ហើយមានកំណើនមនុស្សវ័យចាស់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអាណត្តិ៧ គឺបន្តអនុវត្តនូវបេសកកម្មក្នុងការបម្រើប្រជាជនដោយសម្រួចបន្ថែមលើគោលនយោបាយដែលមានស្រាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខសន្ដិភាព។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា គណបក្សប្រជាជនកម្ពុជាមិនសន្យាជាមួយប្រជាជនថា ធ្វើបែបនេះឬបែបនោះ សម្រាប់ប្រជាជននោះទេ។ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នៅគ្រប់ទីកន្លែងឱ្យបានកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ក្រោយប្រទេសមានសុខសន្ដិភាព ប្រលឹងដូនតា និងរូបចម្លាក់បុរាណខ្មែរ ដែលត្រូវបាត់បង់ក្នុងពេលសង្គ្រាមជាច្រើន ត្រូវបានបញ្ជូននមកកាន់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង។សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចសម្រេចឱ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួងបានឯកភាពគ្នារួចហើយកំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួរលេខរួមមួយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំដល់អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ក្នុងនោះមានសហគ្រាស កសិកម្ម និងឧស្សាហកម្មប្រមាណ២១០០០ សហគ្រាសដែលអាចទទួលបានផលពីការគិតគូរ។សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិនមកខេត្តរបស់ខ្លួន (ទាក់ម៉ូយ) ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា កម្ពុជា បន្តអនុវត្តនយោបាយ និងប្រកាន់ជំហរចិនមួយសម្រាប់ក្របខ័ណ្ឌទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន គឺមិនខុសនោះទេ។ សម្ដេចធិបតី បញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសកាន់តែច្រើនកាន់តែល្អសម្រាប់កម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ទោះបីថ្នាក់ដឹកនាំរូបណាក៏ដោយ ក៏ប្រកាន់ជំហរគិតគូរផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាសំខាន់ដែរ។

លោក Zelenskyy ទៅដល់សហរដ្ឋអាមេរិកដើម្បីជួបជាមួយលោក Biden និងចូលរួមប្រជុំនៅUN នៅថ្ងៃនេះ

2023/09/19 08:08:02 am        141
អាមេរិក៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃចន្ទបានទៅដល់ទីក្រុង New York មុនសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ និងជួបលោកប្រធានាធិបតីអាមេរិក Joe Bidenសម្រាប់ជំនួបពិភាក្សានានា ព្រមទាំងក្រុមមេដឹកនាំសភានិងគណបក្សនានា មេដឹកនាំយោធា ធុរកិច្ចជនសហដ្ឋអាមេរិក អ្នកសារព័ត៌មាន និងសមាជិកនៃសហគមន៍អ៊ុយក្រែន។   នេះជាដំណើរទស្សនកិច្ចទី២របស់លោក Zelensky ទៅកាន់សហរដ្ឋអាមេរិក ដែលបានផ្គត់ផ្គង់អាវុធឲ្យទីក្រុងគីវ(Kyiv)ប្រយុទ្ធជាមួយរុស្ស៊ី ចាប់តាំងពីការវាយលុករបស់ក្រុងមូស្គូ កាលពីខែកុម្ភៈឆ្នាំមុន។ លោក Zelensky បាននិយាយនៅលើបណ្ដាញសង្គម X សំដៅដល់ការធ្វើដំណើរជាមួយភរិយារបស់លោក ថា លោកស្រី Olena Zelenska និងខ្ញុំបានមកដល់ទឹកដីសហរដ្ឋអាមេរិកហើយសម្រាប់ជំនួបជាន់ខ្ពស់រយៈពេលមួយសប្ដាហ៍របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Washington DC។   គេរំពឹងថា លោក Zelensky នឹងថ្លែងនៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ។ លោក Volodymyr Zelenskiy បានជួបទាហានអ៊ុយក្រែន ដែលរងរបួសនៅមន្ទីរពេទ្យទីក្រុង New York កាលពីថ្ងៃចន្ទទី១៨ កញ្ញា មុនការថ្លែងសុន្ទរកថារបស់លោកទៅកាន់បណ្ដាមេដឹកនាំនៅអង្គការសហប្រជាជាតិ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស នៅស្រុកបាទី

2023/09/19 07:10:33 am        147
តាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ។រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើង ចំនួន ២ និងបោកគក់សម្លៀកបំពាក់ ចំនួន ១។នេះ គឺជាលើកទី៤ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

កងទ័ពចំនួន១៤ប្រទេស បន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ជំរុញសាមគ្គីភាពដោះមីនក្របខណ្ឌអាស៊ានបូក

2023/09/18 04:32:41 pm        185
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញានេះ នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងទ័ពចំនួន ១៤ប្រទេស​ ដែលកំពុងធ្វើលំហាត់​ហ្វឹកហ្វឺន​ដោះមីន​នៅលើទីលាន ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន បូក ចិន អាមេរិច រ៉ុស្ស៊ី ជប៉ុន ​កូរ៉េខាងត្បូង ឥណ្ឌា ​និងអូស្ត្រាលី ក្រោមប្រធាន​បទ “មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” នៅសាលាហ្វឹកហ្វឺនពហុសាសន៍ PKO ខេត្តកំពង់ស្ពឺ។ កងកម្លាំងជាសិក្ខាកាម ដែល​បានចូលរួម ​គឺបានបង្ហាញការចាប់អារម្មណ៍ និងទទួលបាន​បទពិសោធន៍ជាច្រើន ​ការងារដោះមីន​ជាមួយបណ្តាប្រទេសនានា ជាពិសេសចំណេះដឹង​ការវិវត្តថ្មីៗពីវិស័យមីន និងដឹងអំពីរបៀបដោះមីនមនុស្សធម៌ ហើយតាមរយៈលំហាត់​ហ្វឹកហ្វឺន​នេះនឹងជំរុញបណ្តាប្រទេសរួបរួមគ្នា សាមគ្គីភាព ​បង្កើនសកម្មភាពដោះមីនមនុស្សធម៌ ក្នុង​ក្របខ័ណ្ឌអាស៊ាន បូក​ និងអង្គការសហប្រជាជាតិ។នៅក្នុងវគ្គហ្វឹកហ្វឺនដោះមីន ​នៅលើទីលានចំការមីន​ រយៈពេល១០ថ្ងៃ​ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២៣។ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា លំហាត់ហ្វឹកហ្វឹនជំនាញដោះមីន និង​កម្ទេច​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូក ដែលកម្ពុជា​ទទួល​ធ្វើជាម្ចាស់ផ្ទះ ​និងចិនធ្វើជាសហប្រធានរៀបចំ​ គឺបានដំណើរយ៉ាងសកម្មភាព ហើយគ្រប់ភាគី​កងទ័ពបណ្តាប្រទេសនានា ​គឺបានផ្លាស់ប្តូរទស្សនៈ ​បទពិសោធន៍​ស្តីអំពីមីនឲ្យគ្នាទៅវិញទៅមក ការ​ប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាដោះមីនទំនើប ​ការធ្វើនវានុវត្តន៍ ​ដោះមីន និងការ​កម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​ហើយតាមរយៈលំហាត់​ហ្វឹកហ្វឺននេះ នឹងរួមចំណែកមួយ​យ៉ាងសំខាន់ ជួយកម្ពុជា​ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន​ នៅឆ្នាំ២០២៥។សូមបញ្ជាក់ថា​ គិតចាប់ពីការបង្កើតសាលា​ហ្វឹកហ្វឺន​PKO ​នៅខេត្តកំពង់ស្ពឺនេះ ​គឺកម្ពុជា ធ្លាប់បាន​ទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់​ហ្វឹកហ្វឺន​ពហុសាសន៍រួមមាន៖ លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការរក្សា​សន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក ​មានប្រទេសចូលរួម​ចំនួន៩ប្រទេស រៀបចំ​វគ្គ​ហ្វឹកហ្វឺន​ទីបញ្ជាការ ដែលជា​ការឧបត្ថម្ភរបស់គម្រោង​ GPOIចំនួន២៣ប្រទេសចូលរួម ​និងរៀបចំ ហ្វឹកហ្វឺន​ជំនាញបច្ចេកទេសប្រឆាំង​បន្សាបគ្រឿងផ្ទុះកែច្នៃ​ និង​កម្ទេច​គ្រឿងផ្ទុះ ថ្នាក់អាស៊ាន​និងតំបន់​ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋបារាំង​ចំនួន​៥វគ្គ ​មានប្រទេស​ចូលរួម​សរុបចំនួន ១២ប្រទេស៕អត្ថបទ ស៊ុម សុខជា

CARDI គ្រោងចែកចាយពូជស្រូវចំប៉ីស៧០នៅចុងឆ្នាំនេះ ដែលធន់នឹងអាកាសធាតុ និងមានតម្លៃខ្ពស់

2023/09/18 04:19:11 pm        24
ភ្នំពេញ៖ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម (កាឌី CARDI) បានឱ្យដឹងថា កាឌី គ្រោងផ្ដល់ពូជស្រូវប្រភេទចំប៉ីស៧០ ​ទៅឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ ទូទាំងប្រទេស ​នៅចុងឆ្នាំនេះ ​ដើម្បីផលិតពូជឱ្យបានច្រើន ហើយចែកចាយ​បន្តទៅកសិករ ព្រោះស្រូវប្រភេទនេះ មានតម្លៃខ្ពស់ ធន់នឹងអាកាសធាតុផង ។ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី១៨ ខែកញ្ញា នេះ នាយកវិទ្យាស្ថានកាឌី បានឱ្យដឹងថា ស្រូវ ចំប៉ីស៧០​ គឺត្រូវបានផលិតឡើង ​តាមរយៈការបង្កាត់​រវាងពូជស្រូវផ្ការំដួល ​និងស្រូវប្រភេទផ្សេង ដែលមិនប្រកាន់រដូវ ​ហើយបើកសិករធ្វើស្រូវពង្រោះ​ អាចប្រមូលផលក្នុងរង្វង់៩០ថ្ងៃ ​ហើយបើសន្ទូង អាចប្រមូល ​ផលក្នុងរង្វង់៩៧ទៅ១០០ថ្ងៃ ។លោកនាយក បានបន្តថា ​ដោយសារពូជស្រូវប្រភេទនេះ មានតម្លៃខ្ពស់ ​និងកំពុងមានការបញ្ជា ទិញពី​ក្រុមហ៊ុននានា​ ទើបនៅចុងឆ្នាំនេះ វិទ្យាស្ថានកាឌី ​នឹងចែកចាយស្រូវចំប៉ីស៧០ ប្រមាណ ២តោន ជា ជំហានដំបូង ​ទៅឱ្យបណ្ដាខេត្ត ​ដើម្បីផលិតឱ្យបានច្រើន ​និងដើម្បីចែកចាយបន្ត ។លោក ឡោ ប៊ុណ្ណា បានបន្ថែមថា ​​បច្ចុប្បន្ន កាឌី ​ក៏កំពុងខិតខំបង្កើតពូជស្រូវ ដែល​ធន់នឹងធាតុ​អាកាស ពិសេសអាចទប់នឹងកូនរដូវប្រាំង ​ដែលតែងតែកើតឡើង ​នៅអំឡុងខែកក្កដា​ និងសីហា ដែលរហូត ​មកដល់ពេលនេះ ​វិទ្យាស្ថានស្រាវជ្រាវ ​និងអភិវឌ្ឍន៍​កសិកម្ម ផលិតពូជស្រូវបាន​ជិត៥០ប្រភេទហើយ ​ដោយស្រូវប្រភេទខ្លះ ​ផលិតបានជាអង្ករ ​យកទៅប្រកួតប្រជែង​នៅថ្នាក់​អន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១​ ជាច្រើនដងផងដែរ ។លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កាឌី ​ក៏បានបញ្ចេញពូជស្រូវប្រភេទសែនក្រអូប០១ ដែល មានទីផ្សារល្អ ​ហើយបើកសិករបង្កបង្កើតផលដោយអនុវត្ត​តាមលក្ខណៈបច្ចេកទេសបានល្អ អាច​ទទួល បានទិន្នផលដល់ប្រមាណ១០តោន​ក្នុងមួយហិកតា ដែលអាចកាត់បន្ថយការ​ចំណាយ​លើការងារផលិត ​ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំភ្លើងនៅរដ្ឋហាវ៉ៃ របស់អាមេរិក ផ្ទុះឡើងជាលើកទី៣១ ដោយព្រួសកម្អែភ្នំភ្លើងរាប់សិបម៉ែត្រឡើងលើមេឃ
08/23/2025 02:08 PM
អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់
08/23/2025 02:08 PM
ប៉ាគីស្ថាន ព្រមានពីភ្លៀង និងទឹកជំនន់ថែមទៀតដល់ចុងខែសីហា ខណៈអ្នកស្លាប់កើនលើសពី ៧៨០នាក់
08/23/2025 02:08 PM
លោក Trump គំរាមដាក់ទណ្ឌកម្មរុស្ស៊ីទៀតហើយ ខណៈកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នៅតែមិនច្បាស់លាស់
08/23/2025 02:08 PM
អ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុប ឯកភាពបន្តកិច្ចចរចាស្តីពីនុយក្លេអ៊ែរ និងទណ្ឌកម្មឡើងវិញនៅសប្តាហ៍ក្រោយ
08/23/2025 02:08 PM
អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអាហ្សង់ទីន ធ្វើកូដកម្មបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរ
08/23/2025 12:08 PM
សម្ដេចតេជោ ហ៊ុន សែន៖ «ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី​ជំនួស​ដោយ ហ៊ុន ម៉ាណែត, ២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពី សំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី»
08/23/2025 11:08 AM
បំណាក់ដីនៅប្រទេសហ្គីណេ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ នៅជិតរដ្ឋធានី Conakry
08/23/2025 11:08 AM
លោក Donald Trump និយាយថា ស្ថានភាពនៅតំបន់ហ្កាហ្សា ត្រូវតែបញ្ចប់
08/23/2025 11:08 AM
ពិភពលោកប្រតិកម្ម ខណៈស្ថាប័នគាំទ្រដោយអង្គការសហប្រជាជាតិ ប្រកាសទុរ្ភិក្សនៅហ្កាហ្សា
08/23/2025 11:08 AM