BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ពេលត្រូវបានសួរពីកោះតៃវ៉ាន់ អនុប្រធាន UN និយាយថា ការដកនរណាម្នាក់ចេញ អាចប៉ះពាល់ដល់គោលដៅសកល

2023/09/16 01:44:37 pm        293
អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Amina Mohammed បាននិយាយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា ការមិនរាប់បញ្ចូលអ្នកណាម្នាក់ ត្រូវប៉ះពាល់ដល់កិច្ចប្រឹងប្រែងនានា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សកល ដោយនេះជាការលើកឡើង បន្ទាប់ពីត្រូវបានសួរអំពីការអំពាវនាវរបស់កោះតៃវ៉ាន់ឲ្យបញ្ចូលខ្លួនទៅក្នុងយុទ្ធនាការ។គួរបញ្ជាក់ដែរថា មេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នា នាសប្តាហ៍ក្រោយ នៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែកោះតៃវ៉ាន់មិនត្រូវបានរាប់បញ្ចូលនោះឡើយ នៅក្រោមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៧១ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនថា ជាតំណាងស្របច្បាប់របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ។បណ្ដារមេដឹកនាំទាំងអស់ ក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាបញ្ជីកិច្ចការ «ត្រូវធ្វើ» ជាសកល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលរួមមានបញ្ចូលបញ្ហានានា ដូចជាការដោះស្រាយវិបត្តិអាកាសធាតុ ការសម្រេចបាននូវសមភាពយេនឌ័រ ហើយនិងការបញ្ចប់ភាពអត់ឃ្លាន និងភាពក្រីក្រ។លោកស្រី Mohammed បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា៖ «ខ្ញុំគិតថា ការមិនរាប់បញ្ចូលនរណាម្នាក់ រារាំងដល់គោលដៅនានា។ យើងបាននិយាយថា កុំទុកនរណាម្នាក់ចោល ហើយខ្ញុំគិតថា រដ្ឋជាសមាជិកត្រូវតែរកវិធី ដើម្បីធ្វើឲ្យប្រាកដថា យើងមិនស្ថិតនៅក្នុងទីតាំង ដែលយើងកំពុងបដិសេធមនុស្សទាំងឡាយ។ មនុស្សគ្រប់រូប មានសារៈសំខាន់ មិនថាកោះតៃវ៉ាន់ ឬផ្នែកផ្សេងទៀតនោះទេ។ ហើយខ្ញុំគិតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋជាសមាជិត្រូវស្វែងរកដំណោះស្រាយ»។តែអ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា អង្គការសហប្រជាជាតិប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយបន្ថែមថា «យើងមិនមានបំណងទុកប្រជាជនចិនណាមួយចោលនោះទេ ហើយយើងគាំទ្រប្រជាជនចិនទាំងអស់ ប៉ុន្តែយើងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ»។សូមបញ្ជាក់ថា កោះតៃវ៉ាន់បានអំពាវនាវជាយូរមកហើយឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ខ្លួនជាសមាជិក៕

រដ្ឋបាលរាជធានីយកស្ពានបេឡេពីឫស្សីកែវ ទៅតភ្ជាប់ផ្លូវ៥០ម៉ែត្រឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជើងឯក

2023/09/16 12:51:17 pm        1945
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំយកស្ពានដែកបេឡេពីឫស្សីកែវ ទៅដាក់នៅតំបន់ចាក់អង្រែក្រោម ​ដើម្បីតភ្ជាប់ផ្លូវ៥០ម៉ែត្រឆ្ពោះទៅតំបន់ជើងឯក។រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំរុះរើយកស្ពានដែកបេឡេឬស្សីកែវ ទៅដាក់នៅ​តំបន់ចាក់​អង្រែក្រោម ស្ថិតលើផ្លូវ៥០ម៉ែត្រ ដើម្បីទុកឱ្យប្រជាពលរដ្ឋឆ្លងទៅតំបន់អភិវឌ្ឍជើងឯក​ជាបណ្តោះអាសន្នសិន។ នេះបើតាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍នាពេលអញ្ជើញ ក្នុងពិធីតភ្ជាប់ស្ពានកោះពេជ្រ កោះនរា។ឯកឧត្តមអភិបាលរាជធានី ក៏បានឱ្យដឹងដែរថា ចំពោះគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់​ពីចាក់អង្រែក្រោម ​ទៅព្រែកប្រា បច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមការសិក្សានៅឡើយ ដែល​គម្រោងនេះក៏ជាការតភ្ជាប់ព្រែកប្រាទៅជាប់នឹងផ្លូវ ៥០ម៉ែត្រផងដែរ។ប្រភពព័ត៌មានបានឱ្យដឹងថា ​គម្រោងសាងសង់ស្ពានព្រែកប្រានេះ​ ក្រសួងសាធារណការ និងដឹក​ជញ្ជូន ​បានកំពុងធ្វើការជាមួយភាគីបរទេស​ និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដើម្បីវាយ​តម្លៃ​អំពីការចំណាយ សម្រាប់សាងសង់ស្ពានមួយនេះ។សូមជម្រាបថា ខ្សែផ្លូវ ៥០ម៉ែត្រ ​គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ING នៅតំបន់បឹងទំពុន ​និងបឹងជើងឯក ​នឹងតភ្ជាប់រហូតទៅដល់ផ្លូវលេខ​ ២១៧ ដែលខ្សែផ្លូវ ៥០ម៉ែត្រនេះ ​បាននឹងកំពុងស្ថាបនាចេញជាតួផ្លូវខ្លះហើយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជំរុញអាជ្ញាធរតាមរាជធានីខេត្ត ចូលរួមលុបបំបាត់បទល្មើសគ្រឿងញៀន

2023/09/16 12:25:51 pm        322
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​បទល្មើសគ្រឿងញៀន ​បានជំរុញអាជ្ញាធរតាមរាជធានីខេត្ត ​បន្តចូលរួមគ្នា ដើម្បីលុបបំបាត់​បទល្មើសគ្រឿងញៀន។ថ្លែងនាសន្និសិទ្ធសារព័ត៌មានស្តីពីការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ឯកឧត្តម ​នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​បទល្មើសគ្រឿងញៀន បានលើកឡើងពីគោលដៅសំខាន់​បំផុតផ្តោតទៅ​លើការប្រយុទ្ធប្រឆាំងបទល្មើស​គ្រឿងញៀន​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជំរុញទៅដល់សមត្ថកិច្ច និងអាជ្ញាធរទាំង២៥រាជធានី ខេត្តត្រូវចូលរួមសហការរួមគ្នាលុបបំបាត់ឱ្យអស់រាល់បទល្មើសគ្រឿងញៀន​នៅតាមមូលដ្ឋាន​រៀងៗខ្លួន ក្នុងនោះ​ត្រូវតាមដានត្រួតពិនិត្យ​តាមទីឋានកម្សាន្តនានា ។ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ​បានបញ្ជាក់ពីគោលដៅ​អនុវត្តការប្រយុទ្ធប្រឆាំងបទល្មើស​គ្រឿងញៀន​ចំពោះមុខមានប្រាំចំណុច ១. ផ្សព្វផ្សាយ អប់រំ ២. ​យន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ៣.ទប់ស្កាត់ការហូរចូល ​និងចេញគ្រឿងញៀន ៤.ទប់ស្កាត់កុំឱ្យមានការលួចកែច្នៃផលិត​គ្រឿងញៀន ​និង៥.លុបបំបាត់ការប្រើប្រាស់ ​ចែកចាយ​គ្រឿងញៀន​នៅ​កន្លែងសប្បាយ ​ដូចជា ក្លឹបរាត្រី KTV និងបាបារាំង៕ អត្ថបទ ៖ តារាវុទ្ធី 

ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី នឹងណែនាំការហាមឃាត់ផ្ទាល់ខ្លួន លើគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/16 11:59:36 am        253
ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងប្រទេសហុងគ្រី បានប្រកាសពីការរឹតត្បិតផ្ទាល់ខ្លួនលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានសម្រេចមិនបន្ថែមពេលការហាមឃាត់របស់ខ្លួនលើការនាំចូលទៅកាន់ប្រទេសជិតខាងសហភាពអឺរ៉ុបចំនួនប្រាំរបស់អ៊ុយក្រែន។ កសិករអ៊ុយក្រែន បានពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈប្រទេសជិតខាងចាប់តាំងពីជម្លោះ ចាប់ផ្តើម ខណៈពុំអាចប្រើប្រាស់ផ្លូវដែលអំណោយផលតាមរយៈកំពង់ផែសមុទ្រខ្មៅ។ ប៉ុន្តែលំហូរនៃគ្រាប់ធញ្ញជាតិ និងប្រេងគ្រាប់ធញ្ញជាតិ ចូលទៅក្នុងប្រទេសជិតខាងបានកាត់បន្ថយតម្លៃនៅទីនោះ ដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករក្នុងស្រុក ហើយបានបណ្តាលឲ្យរដ្ឋាភិបាលនានាហាមឃាត់ការនាំចូលកសិផលពីអ៊ុយក្រែន។ សហភាពអឺរ៉ុប កាលពី ខែឧសភា បានចាប់ផ្តើមចំណាត់ការដើម្បីទប់ស្កាត់ប្រទេសនីមួយៗដែលដាក់បម្រាមជាឯកតោភាគី និងដាក់បម្រាមដោយខ្លួនឯងលើការនាំចូលទៅកាន់ប្រទេសជិតខាង។ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក វ៉ាល់ឌីស ដូមប្រូវស្គី(Valdis Dombrovskis) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនានាគួរតែបដិសេធពីវិធានការឯកតោភាគីលើនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន ប៉ុន្តែប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បានឆ្លើយតបភ្លាមៗដោយដាក់ការរឹតបន្តឹងផ្ទាល់ខ្លួនរបស់ពួកគេលើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។ លោក Terry Reilly អ្នកយុទ្ធសាស្រ្តកសិកម្មជាន់ខ្ពស់របស់ក្រុមហ៊ុន Marex បាននិយាយថា «ដរាបណា អ៊ុយក្រែនអាចបញ្ជាក់បានថា គ្រាប់ធញ្ញជាតិនឹងទៅដល់ប្រទេសគោលដៅ តាមរយៈរថយន្តដឹកទំនិញ និងរថភ្លើង បម្រាមការប្រើប្រាស់ក្នុងស្រុកពិតជានឹងមិនធ្វើឱ្យប៉ះពាល់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការនាំចេញនោះទេ»។ លោកបានកត់សម្គាល់ថា ការរំខានដល់ការនាំចេញនៅសមុទ្រខ្មៅគឺជាកង្វល់ធំជាងនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្វាគមន៍ការសម្រេចចិត្តរបស់សហភាព អឺរ៉ុប ដែលមិនបន្ថែមពេកការហាមឃាត់លើការនាំចេញគ្រាប់ធញ្ញជាតិរបស់ទីក្រុង Kyiv ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងប្រតិកម្ម តាមរបៀបអភិវឌ្ឍ ប្រសិនបើរដ្ឋជាសមាជិកសហភាពអឺរ៉ុប បំពានច្បាប់របស់សហភាពអឺរ៉ុប។

មេដឹកនាំប្រទេសសកលខាងត្បូងពិភាក្សាបញ្ហាប៉ាឡេស្ទីន និងការដាក់ទណ្ឌកម្មអន្តរជាតិ នៅកិច្ចប្រជុំកំពូល G77 ប្រទេសគុយបា

2023/09/16 11:55:34 am        267
នៅក្នុងសុន្ទរកថាពេញមួយថ្ងៃ មេដឹកនាំនិងប្រមុខរដ្ឋនៃក្រុមប្រទេសសកលខាងត្បូង (Global South) បានលើកយកមកពិភាក្សានូវផលប្រយោជន៍រួម ក្នុងការចាប់ផ្តើមកិច្ចប្រជុំកំពូល G77 ដែលរៀបចំនៅទីក្រុងឡាហាវ៉ាន់ ប្រទេសគុយបា។ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយអំពីយុគសម័យគ្មានអាណានិគមថ្មី នៅក្នុងសតវត្សរ៍ទី ២១នេះ ខណៈលោក Daniel Ortega មេដឹកនាំប្រទេសនីការ៉ាហ្គ័ ផ្តោតលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងតួនាទីរបស់ប្រទេសចិនជាមហាអំណាចអន្តរជាតិ។ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានប្រៀបធៀបជំហរសហគមន៍អន្តរជាតិ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក្នុងប្រៀបធៀបនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ខណៈត្រូវបានញាំញីដោយអាកាសធាតុក្តៅខ្លាំង ជំងឺរាតត្បាត ភាពតានតឹងអន្តរជាតិ និងការលំបាកផ្នែកសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះបានជំរុញឱ្យមានការប្រព្រឹត្តដោយយុត្តិធម៌ពីប្រទេសអភិវឌ្ឍន៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិចំពោះការបែងចែកបច្ចេកវិទ្យា។ G77 ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៦៤ មានប្រទេសចំនួន ៧៧ បច្ចុប្បន្ននេះមានសមាជិកចំនួន១៣៤ប្រទេស។ ប្រទេសចិន អះអាងថា ខ្លួនពុំមែនជាសមាជិក G77 ទេ ទោះបីជាត្រូវបានចុះបញ្ជីជាសមាជិកមួយដោយប្លុកនេះក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង និយាយថា ខ្លួនបានគាំទ្រការអះអាងស្របច្បាប់របស់ក្រុមនេះ និងរក្សាទំនាក់ទំនងសហប្រតិបត្តិការ។ ខណៈ គណៈប្រតិភូជាង ៩០ប្រទេស កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលត្រូវបានដឹកនាំដោយប្រមុខរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ប្រកបដោយសុវត្ថិភាព

2023/09/16 11:52:06 am        213
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ តំណាងតំបន់ស្វយ័តជនជាតិក្វាងស៊ី អមដំណើរដោយ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន, រសៀលថ្ងៃសៅរ៍ ទី១៦ កញ្ញា ២០២៣ ។

លោក Trump និយាយវាយប្រហារគូប្រជែងលោក DeSantis ក្នុងការជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនថា «លោកបរាជ័យហើយ»

2023/09/16 11:39:46 am        281
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយវាយប្រហារបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ Ron DeSantis ដោយហៅលោកថា «បេក្ខជនបរាជ័យ» នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមអភិរក្សនិយម Concerned Women for America កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា។ លោក Trump និងអភិបាលរដ្ឋ Florida លោក Ron DeSantis បានលើករឿងរ៉ាវរបស់ពួកគេ ទៅកាន់អ្នកបោះឆ្នោតដែលសម្តែងការសាទរ បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ព្រឹត្តិការណ៍ចំនួនពីរកាលពីថ្ងៃសុក្រ ដោយស្វែងរកកាគាំទ្ររឹងមាំជាមួយប្លុកបោះឆ្នោតដែលទំនងជាដើរតួយ៉ាងសំខាន់ក្នុងការជ្រើសរើសបេក្ខភាពប្រធានាធិបតីនៅឆ្នាំ ២០២៤ ។បេក្ខជនទាំងពីរ បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ជាតិចំនួនពីរ ដែលបានកោះប្រជុំដោយ ក្រុម Concerned Women of America និងក្រុមប្រឹក្សាស្រាវជ្រាវគ្រួសារ ក្រុមអ្នកគាំទ្រសាទរដែលគាំទ្រច្បាប់រឹតបន្តឹងការរំលូតកូន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters ឬ Ipsos ដែលបានបិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែកញ្ញាបានឲ្យដឹងថា លោក Trump ទទួលបានពិន្ទុនាំមុខប្រហែល ៣៥ ភាគរយលើលោក DeSantis និងលោក Vivek Ramaswamy ក្នុងចំណោមគ្រឹស្តសាសនិកដ៏ស្មោះស្ម័គ្រ។

ការធ្វើសមយុទ្ធសុខាភិបាលជាមួយចិន គឺដើម្បីបង្កើនសមត្ថភាពផ្នែកសង្រ្គោះ ដល់កងទ័ពកម្ពុជាបន្ថែមទៀត

2023/09/16 11:25:40 am        253
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង​យោធពលខេមរភូមិន្ទ ​និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ ​និងសមយុទ្ធរវាងកង​យោធពលខេមរភូមិន្ទ ​ជាមួយបណ្តាប្រទេសជាមិត្ត ​និងការចាត់តាំងសមយុទ្ធនានា​ក្នុងកង​យោធពលខេមរភូមិន្ទ បានថ្លែងថា ការធ្វើសមយុទ្ធផ្នែក ​សុខាភិបាលជាមួយកងទ័ពចិននាពេលនេះ គឺដើម្បីបង្កើន​សមត្ថភាពផ្នែកសង្រ្គោះដល់​កងទ័ពកម្ពុជាបន្ថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃការធ្វើសមយុទ្ធ រវាងកងទ័ពកម្ពុជា-ចិនផ្នែកសុខាភិបាលដែលមានឈ្មោះថា«ទេវតាសន្តិភាពឆ្នាំ២០២៣» ​នាថ្ងៃទី១៦ ខែ​កញ្ញានេះ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ​នាសង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញនេះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​បានបញ្ជាក់ថា ​ការធ្វើសមយុទ្ធរួមគ្នារវាង​កងទ័ពកម្ពុជា និងចិន ក្រៅពី​ផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ផ្នែកសង្រ្គោះគ្រោះមហន្តរាយ ក៏ដើម្បីអបអរសាទរខួប​លើកទី៦៥ឆ្នាំ ​នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិនផងដែរ។នាយឧត្តមសេនីយ៍ ឥត​ សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា ​សមយុទ្ធនេះគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក៏ដើម្បីលើកកម្ពស់​សមត្ថភាព,ការផ្លាស់ប្តូរបទ​ពិសោធន៍​ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ​ឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរបានកំណត់យក​ប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌អន្តរជាតិរួមគ្នា​ នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ​ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កង​ទ័ពជើងគោក(អតីតកងពលតូច 911) ​នៅមន្ទីរពេទ្យព្រះកេតុមាលា ​នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យ​យោធភូមិភាគទី៤ ខេត្តសៀមរាប៕អត្ថបទ៖ បាន ចក់

អភិបាលស្រុកដំណាក់ចង្អើរ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះរុះរើសំណង់របងសាងសង់ខុសច្បាប់

2023/09/16 11:08:46 am        124
កែប៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះអនុវត្តកិច្ចសន្យាក្នុងការត្រួតពិនិត្យ និងរុះរើសំណង់របងដែលបានសាងសង់ខុសច្បាប់០១កន្លែង ធ្វើពីបេតុង ​ជញ្ជាំង​រៀបឥដ្ឋ​ ប្រវែង ១២ម៉ែត្រ ​ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបាន​សាងសង់​រំលោភ​លើដីសាធារណៈ។សូមបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានអំពីការ​សាងសាង់​របង​រំលោភលើដីសាធារណៈខាងលើ​ភ្លាម លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បាន​អញ្ជើញម្ចាស់សំណង់​ដែលតំណាងដោយឈ្មោះ លឹម ហ៊ត​ រស់នៅភូមិ ឃុំខាងលើ ឲ្យមក​ធ្វើកិច្ច​សន្យាបញ្ឈប់ការសាងសង់​ជាបន្ទាន់ និងត្រូវរុះរើសំណង់របស់ខ្លួន​ដែលបានសាងសង់​ខុសច្បាប់​ទាំងអស់វិញភ្លាមៗដោយខ្លួនឯង ។បន្ទាប់ពីមានការចុះអនុវត្តកិច្ចសន្យា ​និងរុះរើសំណង់របងខុសច្បាប់​ទាំងនោះចេញ ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុងតំបន់ និងមជ្ឈដ្ឋានទូទៅ​មានការ​សប្បាយរីករាយ និងសាទរ​ជាខ្លាំងក្នុងការអនុវត្តច្បាប់​ដោយពុំមានការរើសអើង ​ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ។

រដ្ឋមន្ត្រីក្រសួងការងារ៖ “ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាព និងទាក់ទាញប្រជាជន និងអ្នកវិនិយោគជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើន”

2023/09/16 11:00:26 am        320
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹម តាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។ សារប្រកបដោយក្តីសង្ឃឹមនេះ គឺធ្វើឡើងក្រោយពេលដែលឯកឧត្តម បានចូលរួមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងឯកឧត្តម អូអេណុ អាត់ស៊ូស៊ី ​ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានទស្សនាការ​ប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា៖ “ បានមកចូលរួមជាមួយ​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ​ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់​អារម្មណ៍​របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”។ សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ ​១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ​ ប្រទេសទាំងពីរ ​បានដំឡើងកម្រិតទំនាក់ទំនង​ទំនាក់ទំនងទ្វេភាគី ដល់​កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ដែល​ជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុត​នៃទំនាក់ទំនងរវាងប្រទេសក្នុង​តំបន់អាស៊ីទាំងពីរនេះ។ ក្រៅពីការលើកឡើងក្នុងទិដ្ឋភាព​នយោបាយ និងសេដ្ឋកិច្ចកិច្ច​ ឯកឧត្តម ហេង សួរ ក៏បានសរសើរ​យុវតន្ត្រី​ករជប៉ុនថា​ពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែន​ឆ្ងាយដម្រាប់​ការប្រគំតន្ត្រីនេះ​ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុន​មានសុខភាពល្អ និងរីករាយ​ក្នុងការស្នាក់នៅកម្ពុជា។គួររំលឹកផងដែរថា​ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ​ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ​៨៦០លាន​ដុល្លារអាម៉េរិក ខណៈដែលកម្ពុជា​បាននាំចេញទៅជប៉ុន ៥៤៥លានដុល្លារអាម៉េរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM