BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

គម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់សាងសង់លើផ្ទៃដីជាង១៦ហិកតា ក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

2023/09/16 10:48:35 am        487
កំពង់ធំ៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ សាងសង់លើផ្ទៃដីជាង១៦ហិកតា ក្នុងក្រុងទឹកស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បី​បន្សុទ្ធ​ទឹកកខ្វក់តាមផ្ទះ​ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ ឧស្សាហកម្ម និងសិប្បកម្ម ​មុនបង្ហូរចេញទៅទីសាធារណៈ និងមិន​អោយប៉ះពាល់​ដល់សុខភាពសាធារណៈ។នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ ​និង​អាងប្រព្រឹត្តកម្ម​ទឹក​កខ្វក់ក្នុង​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍ថា ​ក្រោមការដឹកនាំប្រកបដោយភាព​វៃឆ្លាត ​និងទស្សន វិស័យ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ​ដែលមាន​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យ​ដើម្បីធានា​ប្រយោជន៍​សុខភាពសាធារណៈ បានចាត់ការរៀបចំ​ការគ្រប់គ្រង កាកសំណល់រឹងរាវ ជាវិស័យសំខាន់ការថែរក្សាបរិស្ថាន​ និងអនាម័យ។ឯកឧត្តម បន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន​ ប្រគល់សមិទ្ធផលនេះ​ ទៅកាន់រដ្ឋបាលខេត្ត គ្រប់គ្រង និងប្រតិបត្តិបន្ត ​ដើម្បីប្រើប្រាស់ ​ជាប្រយោជន៍​សាធារណៈសម្រាប់ប្រជាពលរដ្ឋ​ក្នុងខេត្ត​កំពង់ធំ ​និងចូលរួមថែរក្សាការពារសំដៅធ្វើយ៉ាងណាឱ្យហេដ្ឋា​រចនា​សម្ព័ន្ធដែលយើង​ទទួលបាននេះ ស្ថិតស្ថេរ គង់វង្សយូរអង្វែងទៅអនាគត។ឯកឧត្តមបន្តថា ​គោលនយោបាយ ​និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបាន ​ដាក់ចេញដើម្បីពន្លឿន​ការ​អភិវឌ្ឍប្រកប ដោយនិរន្តភាព។ ហើយនេះក៏ជាផ្នែកមួយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ​ដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ​ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ជាមួយគ្នានេះផងដែរ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងផងដែរថា ដោយ​មានការសហការយ៉ាងល្អ ​រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា (ADB) ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ​ទទួលបានការគាំទ្រលើ ​អនុគម្រោង ធំៗចំនួន ៣ ដែល អនុវត្តន៍ការសាងសង់រយៈពេល៣ឆ្នាំ​ចាប់ផ្តើមពីខែកក្កដា ​ឆ្នាំ២០២០ និងបញ្ចប់ការ​សាងសង់ នៅថ្ងៃទី១១ ខែកក្កដា ​ឆ្នាំ២០២៣ កន្លងទៅនេះ។ឯកឧត្តមបន្តថា អនុគម្រោងធំទាំងបីនោះ រួមមាន ​អនុគម្រោង ​រៀបចំប្រព័ន្ធលូញែក ឬអាចហៅបានថា ជាប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុង ដើម្បីបង្កើនសមត្ថភាព​រំដោះទឹកក្នុងរដូវវស្សា មានប្រវែងសរុប ៣៤ គ.ម និងមានស្ថានីយ បូមចំនួន២កន្លែង, អនុគម្រោងរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រុះទឹកចំនួន ៣,៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលរៀបចំលើផ្ទៃដីប្រមាណ១៦ ហិកតាដើម្បីបន្សុទ្ធទឹកកខ្វក់តាមផ្ទះ ភោជនីយដ្ឋាន​ សណ្ឋាគារ រោងចក្រ ឧស្សាហកម្ម និងសិប្បកម្ម មុនបង្ហូរចេញទៅទីសាធារណៈ និងមិនអោយ ប៉ះពាល់ដល់ ​សុខភាពសាធារណៈ និងអនុគម្រោងរៀបចំទីលានចាក់សំរាមថ្មី ក្នុងផ្ទៃដីប្រហែល ១៩,៦ ហិកតា ស្ថិតនៅ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ឱ្យនៅឆ្ងាយ​ពីទីប្រជុំជនក្រុងស្ទឹងសែន ​ដើម្បីជួយគាំទ្រដល់ការរៀបចំទុកដាក់សំរាមក្នុងក្រុង ស្ទឹងសែន ឱ្យបានល្អប្រសើរ ​និងមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីប្រមាណ ​១៥៩ហិកតា ​ស្ថិតនៅក្នុងសង្កាត់ចំនួន៤ ដែលរួមមាន​សង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា​ សង្កាត់កំពង់រទេះ និងសង្កាត់អូរគន្ធរ។

អាណតិ្តទី៧នាយកដ្ឋានសិល្បៈទស្សនីយភាព៖ មានទិសដៅសំខាន់៣យ៉ាង ដើម្បីអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយ

2023/09/16 10:32:49 am        326
ភ្នំពេញ៖លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ក្នុងអាណតិ្តទី៧នេះ នាយកដ្ឋាន​មានទិសដៅ​សំខាន់ៗ​ចំនួន៣យ៉ាង ​ដើម្បីអភិរក្ស អភិវឌ្ឍន៍​ និងផ្សព្វផ្សាយ ​ដើម្បីឲ្យប្រជាជនស្គាល់ ស្រលាញ់ គាំទ្រ ចូលរួមថែរក្សាការពារ ​និងធ្វើឲ្យសិល្បៈ​រឹងមាំ​ ជឿនលឿន​ដូចបណ្តាប្រទេសផ្សេងៗទៀត។លោក ប្រធាននាយកដ្ឋាន បន្តថា ការងារសំខាន់ៗទាំង៣យ៉ាងនោះ ​គឺទី១៖ ការងារអភិរក្ស ជារឿង​សំខាន់​ចំពោះវិស័យវប្បធម៌ ​ជាក់ស្តែង​នាយកដ្ឋាន​បានដាក់ទិសដៅ​ស្រាវជ្រាវ​ចងក្រង​ទម្រង់សិល្បៈ ដែលយើងហៅថា​ ទម្រង់សិល្បៈមិនមានសកម្មភាព ​ឈានដល់ការបាត់បង់​ និងបាត់ការគាំទ្រ​តែម្តង ដូចជា ល្ខោនកេន ល្ខោនបែបបទ ល្ខោនភ្លេងការ។ ​ទម្រង់ល្ខោនទាំងអស់នេះមិនសូវមានការសម្តែង ឬគ្មានការសម្តែងតែម្តង។ទី២៖ ការងារអភិវឌ្ឍ ទម្រង់សិល្បៈមួយចំនួនត្រូវការអភិវឌ្ឍ យើងមិនអាចនៅឆ្ងាយពីបច្ចេកវិទ្យា ឬក៏នៅទ្រឹងនោះទេ។ ​ដូចជាទម្រង់សិល្បៈល្ខោននិយាយ ​យើងត្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា មានLED ​បញ្ចាំង​នៅផ្ទាំងខាងក្រោយ​ ដើម្បីឲ្យសោភ័ណ្ឌភាពសម្តែង​នៃសាច់រឿងនេះ កាន់តែប្រសើរឡើង​ថែមមួយកម្រិតទៀត។ទី៣៖ ការងារផ្សព្វផ្សាយ ​យើងមិនអាចធ្វើអ្វីដែលគ្មានការផ្សព្វផ្សាយបាននោះទេ។ មានន័យថា យើងចង់ឲ្យប្រជាជន ស្រលាញ់ គាំទ្រ ​លុះត្រាតែប្រជាជន ​ដឹងថាទម្រង់សិល្បៈនេះ ជាទម្រង់​សិល្បៈរបស់​ជាតិខ្មែរ និងជារបស់គាត់ដែល។ ​នៅពេលខ្លះសិល្បៈយើងសម្បូរបែប មធ្យោបាយ​ក្នុងការផ្សព្វផ្សាយមានតិច មានពេលខ្លះប្រជាជន​ មិនបានដឹង ​មិនបានជ្រាប មានពេលខ្លះយល់ថា​ជាទម្រង់សិល្បៈរបស់បរទេសទៀតផង។ជាចុងក្រោយក្នុងនាមមន្រី្តវប្បធម៌ លោក ឈាង ឆដាភ័ក្រ្ត ​ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព សូមអំពាវនាវដល់ប្រជាជន ​ជាពិសេសយុវជន ​ងាកមកគាំទ្រវិស័យវប្បធម៌ពិសេសសិល្បៈបុរាណ យើងដឹងហើយថា​ សិល្បៈបុរាណ មានសារ​សំខាន់ខ្លាំង​ណាស់ចំពោះជាតិ​ (វប្បធម៌ រលត់ជាតិរលាយ) ​វប្បធម៌ ជាអត្តសញ្ញាណ ​ដួងព្រលឹងរបស់ជាតិ។ ដូច្នេះបើវប្បធម៌របស់ជាតិសាសន៍មួយ ​មិនមានការគាំទ្រពីប្រជាជនផ្ទាល់នោះទេ គឺគ្មានការរីក​ចម្រើននោះទេ ​ដូចនេះគ្មានអ្នកណា ​ស្រលាញ់វប្បធម៌ជាតិ ជាងប្រជាជនយើងនោះទេ៕អត្ថបទ រដ្ឋា

សមយុទ្ធ«ទេវតាសន្តិភាពឆ្នាំ២០២៣» គឺជាម៉ាកសញ្ញាដែលបង្កើតឡើងដោយកងទ័ពកម្ពុជា-ចិន

2023/09/16 10:23:52 am        320
ភ្នំពេញ៖ លោកវរសេនីយ៍ឯកពិសេស ហើ លីនយាន នាយករង នាយកដ្ឋានសុខាភិបាល​អគ្គនាយកដ្ឋានផ្គត់ផ្គង់ភស្តុភា នៃគណៈកម្មាធិការយោធា​មជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងថា សមយុទ្ធយោធាចិន-កម្ពុជា ដែលមាន​ឈ្មោះថា«ទេវតាសន្តិភាពឆ្នាំ២០២៣ ឬPeace Angel-2023» គឺជាម៉ាកសញ្ញាកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏សំខាន់ ដែលបង្កើតឡើង​ដោយយោធា​ទាំងពីរ ​ខណៈសមយុទ្ធនេះនឹងផ្តល់បទ ពិសោធន៍​ផ្នែកសង្រ្គោះដល់គ្នាទៅវិញ​ទៅមកកាន់តែល្អ​ប្រសើបន្ថែមទៀត។ថ្លែងនៅក្នុងពិធីបើកជាផ្លូវការ នៃការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនផ្នែកសុខាភិបាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នាសង្កាត់កំបូល ខណ្ឌកំបូល​ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯកពិសេស ហើ លីនយាន បានបញ្ជាក់ថា« សមយុទ្ធយោធាចិន-កម្ពុជា​ «Peace Angel-2023» គឺជាម៉ាកសញ្ញាកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏សំខាន់ ដែលបង្កើតឡើងដោយយោធាទាំងពីរ ​ក្នុងគោលបំណង​បង្រួបបង្រួម និងអភិវឌ្ឍន៍​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរ​ និងពង្រីក​ការ​ផ្លាស់ប្តូរយោធា​រវាង​ប្រទេសទាំងពីរ។ ចិនមានឆន្ទៈរក្សាការផ្លាស់ប្តូរយ៉ាង​ជិតស្និទ្ធ​ជាមួយកម្ពុជា ហើយយកលំហាត់​នេះជា​ឱកាសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង​រវាងយោធាទាំងពីរក្នុងវិស័យ​សេវាវេជ្ជសាស្រ្ត​ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។លោកវរសេនីយ៍ឯកពិសេស ហើ លីនយាន បានលើកឡើងទៀតថា​ ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនង​ការទូតរវាងចិន​ និងកម្ពុជា ​និង «ឆ្នាំនៃមិត្តភាពចិន-កម្ពុជា»ដូចដែលយើង​ដឹងស្រាប់​ហើយថា មិត្តភាពជាប្រពៃណីរវាងចិន​ និងកម្ពុជាកាន់តែរឹងមាំឡើងៗ ក្រោមការណែនាំ​ជាយុទ្ធសាស្ត្ររបស់ មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទៅវិញទៅមក​នាពេលបច្ចុប្បន្ន​បានបន្តធ្វើឱ្យប្រសើរឡើង​នូវគុណភាព ​និងការរីកចម្រើន។ជាក់ស្តែងថ្ងៃនេះ​ សេវាវេជ្ជសាស្រ្ដនៃកងទ័ពទាំងពីរ ​បានរៀបចំសមយុទ្ធរួម សេវាវេជ្ជសាស្រ្ដចិន-កម្ពុជា ​ជាលើកដំបូងនេះមិនត្រឹមតែជាវិធានការជាក់ស្តែងមួយ ​ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលសម្រេចបាន​ដោយថ្នាក់ដឹកនាំប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាការផ្លាស់ប្តូរ ​និងការសិក្សាទៅវិញ​ទៅ​មករវាងកងទ័ពចិន និងកម្ពុជាផងដែរ ​ដែលជាវេទិកាដ៏សំខាន់សម្រាប់សមយុទ្ធប្រយុទ្ធជាក់ស្តែង និងជាព្រឹត្តិការណ៍សំខាន់មួយ។ លោកវរសេនីយ៍ឯកពិសេស ​បានបន្ថែមទៀតថា​ «ខ្យល់ខ្លាំងស្គាល់ស្មៅដ៏រឹងមាំ ហើយមិត្តដែល​ត្រូវការ​គឺជាមិត្តពិតប្រាកដ» ក្នុងរយៈពេលជាង៣ ​ឆ្នាំចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្នាំ ២០២០ ប្រឈមមុខនឹងការសាកល្បងនៃការផ្ទុះឡើងជាសកល ប្រទេសទាំងពីរ និងយោធា​ទាំងពីរ។ បានជួយគ្នាទៅវិញទៅមក ជម្នះការលំបាកជាមួយគ្នា និងឈានដល់ពេល​ដែលពួកគេ​ត្រូវការបំផុត។ ការជួយគ្នាទៅវិញទៅមក ការបរិច្ចាគសម្ភារៈប្រឆាំងនឹងជំងឺរាតត្បាត ចែករំលែក​បទពិសោធន៍​ប្រឆាំងនឹងជំងឺរាតត្បាត និងការចាប់ដៃគ្នាដោះស្រាយបញ្ហាប្រឈមនានា បង្ហាញពីស្មារតីសាមគ្គីភាព និងមិត្តភាពដ៏ខ្ពង់ខ្ពស់។សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃទី២៦ ​ខែកញ្ញាឆ្នាំ២០២៣នេះ​ហើយការធ្វើនេះ​គឺដើម្បី​អបអរសាទរ​ខួប​លើកទី៦៥ឆ្នាំ នៃការ​បង្កើត​ចំណងការទូតរវាងកម្ពុជា-ចិន, ​ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍​ក្នុង​កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ​ឲ្យប្រកប​ដោយប្រសិទ្ធភាពជាដើម៕ អត្ថបទ៖ បាន ចក់

មេដឹកនាំកូរ៉េខាងជើង សរសើរយន្តហោះចម្បាំងរុស្ស៊ី សម្រាប់ការយកឈ្នះការគំរាមដ៏មានសក្តានុពល

2023/09/16 10:01:33 am        277
សារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសម្តែងការកោតសរសើរចំពោះបច្ចេកវិទ្យាអាកាសចរណ៍របស់រុស្ស៊ី ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលអាចយកឈ្នះការគំរាមកំហែងដ៏មានសក្តានុពលពីខាងក្រៅ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកកាលពីថ្ងៃសុក្រ ទៅកាន់រោងចក្រផលិតយន្តហោះចម្បាំងរុស្ស៊ី។ កាលពីថ្ងៃសុក្រ លោក Kim បានពិនិត្យរោងចក្រផលិតយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភថា អាចពង្រឹងយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងជំរុញកម្មវិធីមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Kim បានពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងការធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការ នៅពេលមេដឹកនាំទាំងពីរបានជួបគ្នាកាលពីថ្ងៃពុធ។ លោក Kim បានជួបអ្នកបើកយន្តហោះសាកល្បងនៅរោងចក្រដំឡើងតួយន្តហោះចម្បាំង ហើយឡើងលើយន្តហោះ Su-57 ដើម្បីស្តាប់ការពន្យល់លម្អិតអំពីលក្ខណៈបច្ចេកទេស និងដំណើរការហោះហើររបស់យន្តហោះចម្បាំងជំនាន់ទីប្រាំ។ លោក បានឡើងលើយន្តហោះ ដែលផលិតដោយរោងចក្រ ដើម្បីស្វែងយល់ពីដំណើរការរបស់វា និងមើលការហោះហើរសាកល្បងយន្តហោះចម្បាំង Su-35។ ការស្នាក់នៅរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃសៅរ៍នេះ ដែលអាចមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ្លេដឌីវ៉ូស្តុក(Vladivostok) ភាគខាងកើត និងមូលដ្ឋានកងទ័ពជើងទឹកមួយកន្លែង។ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី និងកូរ៉េខាងជើង ពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយស្តីពីបញ្ហាយោធា ឬលើវិស័យផ្សេងៗទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា កិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី គឺជាការរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើទីក្រុងព្យុងយ៉ាង ហើយសម្ព័ន្ធមិត្តនឹងធានាថា នឹងមានការលំបាកសម្រាប់ទង្វើររបស់ខ្លួន។

ប្រជាជនអែលសាលវ៉ាឌ័រ ធ្វើបាតុកម្មនៅថ្ងៃឯករាជ្យប្រឆាំងប្រធានាធិបតី លោក Bukele

2023/09/16 09:36:23 am        271
ប្រជាជន ប្រទេសអែលសាលវ៉ាឌ័ររាប់ពាន់នាក់បានចេញធ្វើបាតុកម្មនៅថ្ងៃទិវាឯករាជ្យរបស់ប្រទេស កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ដើម្បីបង្ហាញការឈឺចាប់របស់ពួកគេប្រឆាំងប្រធានាធិបតី លោក ណាយីប ប៊ូកែល(Nayib Bukele) ដោយចោទប្រកាន់លោកថា បានបំពានរដ្ឋធម្មនុញ្ញដោយការស្វែងរកការបោះឆ្នោតជាថ្មី។ លោក Bukele ដែលអាណត្តិដំបូងរបស់លោក បានចាប់ផ្តើមនៅឆ្នាំ ២០១៩ បាននិយាយកាលពីខែកញ្ញា ឆ្នាំមុនថា លោកនឹងស្វែងរកការបោះឆ្នោតជាថ្មី ទោះបីជាមានការហាមឃាត់លើអាណត្តិជាប់ៗគ្នាក៏ដោយ។ កាលពីឆ្នាំ ២០២១ តុលាការកំពូលរបស់ប្រទេស ដែលសមាជិកត្រូវបានតែងតាំងដោយសភាគ្រប់គ្រងដោយគណបក្ស នូវ៉ាស់ អាយឌៀស(Nuevas Ideas) បានសម្រេចថា លោកBukele អាចស្វែងរកអាណត្តិទីពីរបាន។សេចក្តីសម្រេចរបស់តុលាការ ត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស ព្រមទាំងសហរដ្ឋអាមេរិក ដែលបានចាត់ទុកថា ជាផ្នែកមួយនៃការធ្លាក់ចុះនៃបទដ្ឋានលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអែលសាវ៉ាឌ័រ។ ក្រុមអ្នកតវ៉ា បាននិយាយប្រឆាំងគោលនយោបាយសន្តិសុខរបស់លោក Bukele ។ សង្រ្គាម របស់លោកប្រឆាំងក្រុមជនអន្ធពាលនៅប្រទេសអែលសាវ៉ាឌ័រ បានបណ្តាលឱ្យមនុស្សជាង ៦៦.០០០នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងបានធ្វើឲ្យលោក Bukele ទទួលបានប្រជាប្រិយភាពមិនធ្លាប់មានពីមុនមក។ ប៉ុន្តែវាក៏បាននាំមកនូវការចោទប្រកាន់ពីអង្គការក្រៅរដ្ឋាភិបាល ពីបទរំលោភសិទ្ធិមនុស្ស និងការចរចាជាមួយក្រុមឧក្រិដ្ឋជន។

ពលរដ្ឋមូស្លីមនៅប្រទេសនីហ្សេ ធ្វើពិធីអធិដ្ឋានទ្រង់ទ្រាយធំប្រចាំសប្តាហ៍នៅមុខមូលដ្ឋានយោធាបារាំង

2023/09/16 09:03:04 am        340
ពលរដ្ឋមូស្លីមនីហ្សេរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅមូលដ្ឋានយោធាបារាំងរបស់ប្រទេសនេះកាលពីថ្ងៃសុក្រ ជាអ្វីដែលបានក្លាយជាការអធិដ្ឋានប្រចាំសប្តាហ៍សម្រាប់ការចាកចេញរបស់កងទ័ពបារាំង។ បាតុកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅមូលដ្ឋានរយៈពេលពីរសប្តាហ៍មកហើយ គឺនៅថ្ងៃទី ២ ខែកញ្ញា ដោយទាមទារឱ្យកងទ័ព ព្រមទាំងឯកអគ្គរដ្ឋទូតបារាំងចាកចេញពីប្រទេសនេះ។ មនុស្សរាប់រយនាក់ នៅតែមាននៅទីនោះតាំងពីពេលនោះមក ដោយប្តេជ្ញាកាន់កាប់ច្រកចូលខាងមុខមូលដ្ឋាន រហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ។ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃសុក្រថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេ កំពុងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅស្ថានទូតបារាំង ដោយរបបយោធាដែលបានដណ្តើមអំណាចកាលពីខែកក្កដា។ មេដឹកនាំយោធារបស់ប្រទេសនីហ្សេ បានបញ្ជាឱ្យបណ្តេញឯកអគ្គរដ្ឋទូតកាលពីចុងខែមុន ប៉ុន្តែទីក្រុងប៉ារីស បានច្រានចោល ដោយនិយាយថា ខ្លួននៅតែចាត់ទុកប្រធានាធិបតីជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ លោក Mohamed Bazoum ដែលបច្ចុប្បន្នកំពុងជាប់ជាអ្នកទោស គឺជាមេដឹកនាំស្របច្បាប់តែមួយគត់របស់ប្រទេសនីហ្សេ។

ប្រមុខការពារជាតិចិនលោក Li Shangfu មិនចូលរួមកិច្ចប្រជុំយោធានោះទេ ដោយបន្តអវត្តមានជាសាធារណៈ

2023/09/16 08:59:01 am        339
យោងតាមវីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីកិច្ចប្រជុំយោធាដ៏សំខាន់ កាលពីថ្ងៃសុក្រ ដោយបន្តអវត្តមានជាសាធារណៈពុំមានការពន្យល់បាននៅពេលនេះ ដែលចូលដល់សប្តាហ៍ទីបី។ឈ្មោះរបស់លោក Li ពុំត្រូវបានបញ្ចូលក្នុងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua នៅក្នុងកិច្ចប្រជុំនោះទេ។ ការបន្តបាត់ខ្លួនរបស់លោកពីសាធារណៈ បានលើកឡើងជាសំណួរអំពីទីកន្លែងស្នាក់នៅរបស់ឧត្តមសេនីយ៍រូបនេះ និងអនាគតនយោបាយរបស់លោក។ លោក Li ក៏បានខកខានក្នុងជំនួបជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់វៀតណាម ដែលបានគ្រោងទុកកាលពីថ្ងៃទី ៧ និងទី ៨ ខែកញ្ញា។ នៅពេលនោះ សារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់មន្ត្រីវៀតណាមដែលបាននិយាយថា អវត្តមានរបស់លោក Li គឺដោយសារតែ «ហេតុផលសុខភាព» ។ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក Li ដែលមានអាយុ ៦៥ឆ្នាំ គឺនៅក្នុងវេទិកាសន្តិសុខ និងសន្តិភាព ចិន-អាហ្វ្រិក នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៩ ខែសីហា នៅពេលនោះលោកបានថ្លែងសុន្ទរកថាសំខាន់។ ការបាត់ខ្លួនរបស់លោក Li កើតមានឡើងបន្ទាប់ពីអវត្តមានប៉ុន្មានសប្តាហ៍ដែលពុំមានការពន្យល់កាលពីដើមឆ្នាំនេះរបស់រដ្ឋមន្ត្រីការបរទេស លោក ឈីន កាង (Qin Gang)។ លោក ឈីន (Qin) ត្រូវបានដាក់ជំនួសតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Wang Yi។ ព្រឹត្តិការណ៍ថ្ងៃសុក្រ គឺជាកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជន ទាក់ទងនឹងការអប់រំនយោបាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង

2023/09/16 08:42:26 am        119
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​និងលោកជំទាវ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ព្រឹកថ្ងៃសៅរ៍ ទី១៦ កញ្ញា ២០២៣ ។ 

សមយុទ្ធសុខាភិបាលរវាងកងទ័ពកម្ពុជា និងចិនចាប់ផ្តើមបើកជាផ្លូវការនាព្រឹកថ្ងៃទី១៦នេះ

2023/09/16 08:15:16 am        315
សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនផ្នែកសុខាភិបាល ដែលមានឈ្មោះថា«ទេវតាសន្តិភាព ឆ្នាំ២០២៣» បានបើកជាផ្លូវការនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ព ជើងគោក នាសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ​និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំង​សមយុទ្ធនានា​ក្នុងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនដឹកនាំដោយវរសេនីយ៍​ឯកពិសេស ហើ លីនយាន ​នាយករង នាយកដ្ឋានសុខាភិបាលអគ្គនាយកដ្ឋានផ្គត់ផ្គង់ភស្តុភា នៃគណៈកម្មាធិការយោធាមជ្ឍឹម នៃសាធារណរដ្ឋប្រជាមានិតចិន។សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣នេះហើយការធ្វើនេះគឺដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរ​បទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជាលើកដំបូងផ្នែកសុខាភិបាលនេះ ភាគីទាំងពីរបានកំណត់​យកប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក(អតីតកងពលតូច 911) នៅមន្ទីរពេទ្យព្រះកេតុមាលា នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ កងទ័ពរំដោះប្រជាជនចិនក៏នឹង មានគម្រោងធ្វើកិច្ចការមនុស្សធម៌​ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ដោយកិច្ចការមនុស្សធម៌នេះ​នឹងចុះព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប៕អត្ថបទបាន ចក់ 

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក ក្នុងការថែទាំសត្វដំរី

2023/09/15 01:58:50 pm        193
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ​ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈទុកដាក់អំពីការអភិរក្សសត្វកម្រផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនសមាគមអភិរក្សដំរី អៃរាវត្តា សម្រាប់ជាវិភាគទានក្នុង​សកម្មភាពអភិរក្ស​សត្វដំរីនៅកម្ពុជា។គួររម្លឹកផងដែរថា កាលពីដើមឆ្នាំទៅមិញក្រសួងបរិស្ថានបានប្រកាសបន្តគាំទ្រសមាគម​អភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation ក្នុងការចូលរួមការពារ​ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ ​និងជិតផុតពូជ។ក្រសួងបរិស្ថានបានគាំទ្រការអភិរក្សដំរីនៅកម្ពុជាដោយបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ «សមាគមអភិរក្សដំរីអៃរាវត្តា»។ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា​ដែល​មានទីតាំងក្នុងខេត្តរតនគីរី​ ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ​ដើម្បីធ្វើការអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM