BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋក្នុងស្រុកប្រឆាំងនឹងផែនការរុករករ៉ែធម្មជាតិលីចូមរបស់សហភាពអឺរ៉ុប

2023/09/15 01:46:38 pm        175
នៅតំបន់ Barroso ស្ថិតនៅភាគខាងជើងប្រទេសព័រទុយហ្គាល់ កិច្ចខិតខំរបស់សហរដ្ឋភាពអឺរ៉ុបសម្រាប់ថាមពលស្អាត ត្រូវបានជំទាស់ដោយក្រុមប្រជាពលរដ្ឋក្នុងស្រុក ។ ក្រុមសកម្មជនទាំងអស់នេះដែលបានតវ៉ាប្រឆាំងផែនការរុករុករ៉ែធម្មជាតិលីចូម គឺជាសារធាតុចាំបាច់សម្រាប់អាគុយរថយន្តអគ្គិសនីនោះ មិនមែនជាក្រុមប្រឆាំងតែមួយនោះទេនៅក្នុងប្លុកមួយនេះ ។ ដីគ្រប់គ្រងដោយអ្នកស្រី Maria Loureiro និងគ្រួសាររបស់គាត់ អាចក្លាយជាកន្លែងផលិតមួយក្នុងចំណោមទីតាំងផលិតធនធានរ៉ែមួយនេះដ៏ធំបំផុតរបស់អឺរ៉ុប ស្របពេលដែលសហភាពអឺរ៉ុប ព្យាយាមកាត់បន្ថយការពឹងផ្អែកលើកន្លែងផ្សេងទៀត ដូចជានៅចិន តាមរយៈការផលិតវត្ថុធាតុដើមត្រូវការសម្រាប់បច្ចេកវិទ្យាថាមពលស្អាតនៅក្នុងស្រុក ។ អ្នកស្រី Maria និយាយថា ខ្ញុំប្រឆាំងនឹងការរុករករ៉ែនេះ ។ ខ្ញុំមិនចង់បានវានោះទេ ហើយខ្ញុំក៏មិនលក់ដីនោះដែរ លុះត្រាតែខ្ញុំត្រូវការលក់វា ។ គួរឲ្យដឹងថា ប្រទេសព័រទុយហ្គាល់ គឺជាប្រទេសផលិតសារធាតុលីចូមធំបំផុតរបស់អឺរ៉ុបរួចទៅហើយជាមួយនឹងផលិតបម្រុង ៦៦.០០០តោន ។ តំបន់ Barroso ដែលទេសភាពភ្នំនៅទីនេះ គឺជាតំបន់បេតិកភណ្ឌរបស់អង្គការកសិកម្ម និងស្បៀងអាហារនោះ សម្បូរដោយរ៉ែធម្មជាតិលីចូម ។ ក្រុមហ៊ុន Savannah Resources ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ចង់កសាងអណ្តូងរ៉ែ ៤កន្លែងនៅទីនេះ ដើម្បីផលិតសារធាតុលីចូមរាល់ឆ្នាំឲ្យគ្រប់គ្រាន់សម្រាប់អាគុយរបស់រថយន្តអគ្គិសនី EV ប្រហែលកន្លះលានគ្រឿង ។ ពួកគេរំពឹងថា នឹងត្រូវចំណាយប្រាក់ ១៦លានដុល្លារ សម្រាប់ទិញដីជាង ៨០៩ហិចតា ៕

ក្រុមហ៊ុនភេសជ្ជៈនៅប៉ូឡូញ តែងតាំងរូបយន្ត AI ជា «នាយកប្រតិបត្តិពិសោធន៍»

2023/09/15 01:39:19 pm        168
រូបយន្តដែលដំណើរការដោយម៉ូដែលភាសាខ្នាតធំក្នុងទម្រង់ប្រព័ន្ធប្រាជ្ញាសិប្បនិមិត្ត ChatGPT (LLMs) ត្រូវបានតែងតាំងជា «នាយកប្រតិបត្តិពិសោធន៍» សម្រាប់ក្រុមហ៊ុនភេសជ្ជៈមួយ នៅប្រទេសប៉ូឡូញ។ រូបយន្តឈ្មោះ មីកា (Mika) ដែលបង្កើតឡើងដោយក្រុមហ៊ុនគ្រឿងយន្ត ហាន់សុន មានមូលដ្ឋាននៅទីក្រុងហុងកុង នេះ គឺជារូបយន្ត ដែលមានរូបរាងដូចមនុស្សស្រី ទោះបីជាគ្មានជើង ហើយត្រូវផ្លាស់ទីដោយប្រើកង់ក៏ដោយ។ដំបូងឡើយ ផលិតករគ្រឿងយន្ត បានប្រើប្រាស់រូបយន្ត មីកា សម្រាប់កំណត់អត្តសញ្ញាណអតិថិជន ដែលមានសក្តានុពលសម្រាប់ភេសជ្ជៈ ដែលមានតម្លៃថ្លៃលំដាប់ខ្ពស់របស់ពួកគេតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះភារកិច្ចរបស់ មីកា បានពង្រីកទៅជាភារកិច្ចជាច្រើន រួមទាំងការជ្រើសរើសសិល្បករដើម្បីរចនាដបភេសជ្ជៈផ្ទាល់ខ្លួនផងដែរ។សម្រាប់លោក Marek Szoldrowski ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុនភេសជ្ជៈអឺរ៉ុប បច្ចេកវិទ្យាប្រព័ន្ធប្រាជ្ញាសិប្បនិមិត្តរបស់រូបយន្ត មីកា នេះ បង្ហាញពីមធ្យោបាយដែលរូបយន្តអាចមានតួនាទីសំខាន់ក្នុងអាជីវកម្ម ហើយមិនមែនគ្រាន់តែជាឱកាសផ្សព្វផ្សាយសម្រាប់បច្ចេកវិទ្យាឆ្លាតវៃនោះទេ៕

បារាំងដាក់ច្បាប់បញ្ចេញឧស្ម័នពុលដ៏តឹងរ៉ឹង ខណៈមានបម្រាមលក់ទូរស័ព្ទ Iphone 12 ក្នុងប្រទេសនេះ

2023/09/15 01:35:35 pm        148
អ្នកជំនាញម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) ថា ប្រទេសបារាំងមានច្បាប់ដ៏តឹងរឹងសម្រាប់ព័ត៌មានការប៉ះពាល់នឹងវិទ្យុសកម្ម ដែលបង្ខំឱ្យក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យា បង្ហាញទិន្នន័យអត្រាស្រូបទាញនៃវិទ្យុសកម្មជាក់លាក់ (SAR) នៅក្នុងការផ្សាយពាណិជ្ជកម្ម និងសម្ភារៈទីផ្សារ ។ទីភ្នាក់ងារប្រេកង់បារាំង (ANFR) បានប្រាប់ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារ (១២ កញ្ញា) ឱ្យបញ្ឈប់ការលក់ទូរស័ព្ទ អាយហ្វូន ១២ (iPhone12) នៅក្នុងប្រទេសបារាំង បន្ទាប់ពីការធ្វើតេស្តបានបង្ហាញពី អត្រាស្រូបទាញនៃវិទ្យុសកម្មជាក់លាក់ (SAR) របស់ទូរស័ព្ទ ដែលជារង្វាស់នៃអត្រាថាមពលប្រេកង់វិទ្យុសកម្ម ដែលត្រូវបានស្រូបចូលរាងកាយពីឧបករណ៍មួយ ខ្ពស់ជាងការអនុញ្ញាតស្របច្បាប់។អ្នកជំនាញរូបនោះបានបន្ថែមថា យ៉ាងហោចណាស់ឧបករណ៍ទូរស័ព្ទចំនួន៥ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យលក់ជារៀងរាល់ឆ្នាំ ហើយអ្នកផលិតឧបករណ៍ទាំងនោះ តែងតែត្រូវបានបញ្ជាឱ្យអនុវត្តតាមច្បាប់នៃការបំភាយឧស្ម័ន ដោយការកែតម្រូវកម្មវិធីឧបករណ៍របស់ពួកគេ។អង្គការឃ្លាំមើលរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបញ្ជូនភ្នាក់ងារទៅកាន់ហាងលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Apple និងអ្នកចែកចាយផ្សេងទៀត ដើម្បីពិនិត្យមើលប្រភេទទូរស័ព្ទ ដែលហាមប្រាមមិនឲ្យដាក់លក់នេះ ហើយការខកខានមិនបានគោរពតាមបម្រាមនេះ នឹងនាំឱ្យមានការប្រមូលមកវិញនូវប្រភេទទូរស័ព្ទអាយហ្វូន១២ ដែលបានលក់រួចហើយទៅកាន់អ្នកប្រើប្រាស់ ត្រឡប់យកមកវិញទាំងអស់ផងដែរ៕

អង្គការណាសា រើសប្រធានស្រាវជ្រាវ UFO ថ្មី ខណៈខ្លួនមើលមិនឃើញភស្តុតាងនៃវត្តមានមនុស្សភពក្រៅនោះទេ

2023/09/15 01:30:15 pm        337
កាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) អង្គការ ណាសា បាននិយាយថា ខ្លួនបានជ្រើសរើសនាយកថ្មីនៃគម្រោងការស្រាវជ្រាវ ទៅលើអ្វីដែលរដ្ឋាភិបាលហៅថា «បាតុភូតពុំមានអត្តសញ្ញាណច្បាស់លាស់» ឬហៅថា UAP ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាវត្ថុហោះមិនស្គាល់អត្តសញ្ញាណ (UFOs) ខណៈប្រធានទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា ក្រុមអ្នកជំនាញដែលបានជំរុញឱ្យមានការស្វែងរកការពិតកាន់តែស៊ីជម្រៅ លើបញ្ហាមនុស្សភពក្រៅនេះ បានរកឃើញថាគ្មានភស្តុតាងប្រភពដើម សម្រាប់វត្តមាននៃវត្ថុទាំងនេះទេ។អ្នកគ្រប់គ្រងម្នាក់នៅក្នុងអង្គការណាសា លោក បីល នែលសុន (Bill Nelson) បានចេញសេចក្តីប្រកាសអំពីប្រធានស្រាវជ្រាវថ្មីនេះ ដោយមិនបង្ហាញពីអត្តសញ្ញាណរបស់មន្រ្តីថ្មីនេះទេ បន្ទាប់ពីក្រុមអ្នកជំនាញឯករាជ្យបានផ្តល់អនុសាសន៍នៅក្នុងរបាយការណ៍ថ្មីមួយថា អង្គការណាសា បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រមូលព័ត៌មាននៅលើបាតុភូត UAP និងដើរតួនាទីធំជាងមុនក្នុងការជួយមន្ទីរបញ្ចកោណឲ្យរកឃើញវត្ថុចម្លែកទាំងនោះ។របាយការណ៍បាននិយាយថា អ្នកវិភាគផ្នែកក្រសួងការពារជាតិ និងចារកម្មរបស់សហរដ្ឋអាមេរិក មិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីកំណត់ពីប្រភពនៃវត្ថុចម្លែកមួយចំនួន ដែលបានរកឃើញនោះទេ ខណៈវត្ថុខ្លះអាចត្រូវបានពន្យល់ថា ជាបាតុភូតបរិយាកាស យន្តហោះទំនើបមកពីប្រទេសមួយផ្សេងទៀត ឬវត្ថុដែលគ្មានគ្រោះថ្នាក់ ដូចជាបាឡុងអាកាសធាតុជាដើម៕

រដ្ឋមន្ត្រីការពារជាតិចិន ពុំបានបង្ហាញមុខជាច្រើនសប្តាហ៍មកហើយ រួមទាំងមិនបានចូលរួមក្នុងជំនួបជាមួយវៀតណាម

2023/09/15 01:25:11 pm        69
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) បានដកខ្លួនចេញ ភ្លាមៗក្នុងកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំការពារជាតិវៀតណាម កាលពីសប្តាហ៍មុន នេះបើយោងតាមមន្ត្រីបីរូបដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះ ស្របពេលមានសំណួរអំពីការអវត្តមានរបស់លោក អស់រយៈពេលជាងពីរសប្តាហ៍ពីទស្សនីយ៍ភាពសាធារណៈ។យោងតាមមន្ត្រីវៀតណាមពីររូបបានឲ្យដឹងថា លោក លី វ័យ៦៥ឆ្នាំ គ្រោងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលរៀបចំដោយវៀតណាមនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន កាលពីថ្ងៃទី៧ និងទី៨ ខែកញ្ញា ប៉ុន្តែកិច្ចប្រជុំនោះត្រូវបានពន្យារពេល បន្ទាប់ពីទីក្រុងប៉េកាំងបានប្រាប់ទីក្រុងហាណូយប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ថា រដ្ឋមន្ត្រីរូបនេះកំពុងមាន «បញ្ហាសុខភាព»។ការលុបចោលភ្លាមៗនៃដំណើររបស់លោក លី ធ្វើឡើងបន្ទាប់ពីមានការជំនួសតំណែងដែលមិនអាចពន្យល់បាន របស់អតីតរដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង (Qin Gang) របស់ប្រទេសចិនក្នុងខែកក្កដា បន្ទាប់ពីអវត្តមានដ៏យូរពីទិដ្ឋភាពសាធារណៈ និងភាពរង្គោះរង្គើនៃការដឹកនាំរបស់ឥស្សរជនកងកម្លាំងរ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន ក្នុងប៉ុន្មានខែថ្មីៗនេះ និងជាសកម្មភាពដែលបានចោទជាសំណួរអំពី ការសម្រេចរបស់ថ្នាក់ដឹកនាំចិនផងដែរ៕

សន្និសីទអាស៊ាន-ចិនឆ្នាំ២០២៣ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍការអប់រំវិជ្ជាជីវៈ

2023/09/15 01:17:27 pm        67
ទីក្រុងណាននីង៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូកម្ពុជា​អញ្ជើញចូលរួម ​សន្និសីទអាស៊ាន-ចិនឆ្នាំ២០២៣ ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ការអប់រំវិជ្ជាជីវៈ (2023 China-ASEAN Conference on Vocational Education Cooperation and Development) ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ​សាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះ ​មានការចូលរួមពីសំណាក់ប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន នាយកគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំង​ព្រឹទ្ធបុរស សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនានា និងតំណាងក្រុមហ៊ុនមួយចំនួន​មកពីប្រទេស​ក្នុងតំបន់អាស៊ាន និងក្នុងប្រទេសចិនផងដែរ។នៅក្នុងសន្និសីទនាឱកាសនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានពាំនាំនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងមានសារៈសំខាន់ៗរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្ត្រី ​ពាក់ព័ន្ធនឹង “កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍វិស័យអប់រំ” ដែលកម្ពុជា​ បាននិងកំពុងបន្តចូលរួមចំណែក​ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនសម្រាប់វិស័យអប់រំ ​តាមរយៈ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiatives) ដែលក្នុងនោះរួមមាន៖- បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដោយដាក់ចេញចំនុចអាទិភាពចំនួន ៨ចំនុច រួមមាន៖ (១) កំណែទម្រង់សាលារៀន (២) ការអភិវឌ្ឍន៍គ្រូបង្រៀន (៣) ការអប់រំតាមបែបឌីជីថល (៤) ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (៥) ការលើកកម្ពស់សុខភាពសិក្សា (៦) ការអភិវឌ្ឍន៍យុវជនដើម្បីលើកកម្ពស់ជំនាញសតវត្សទី២១ (៧) ការបង្កើតមជ្ឈមណ្ឌលស្ដង់ដារខ្ពស់នៅកម្រិតឧត្តមសិក្សា និង (៨) ការអភិវឌ្ឍន៍ស្ថាប័ន និងសមត្ថភាព។- ការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងការលើកកម្ពស់ភាពជាដៃគូនៃវិស័យសាធារណៈ និងវិស័យឯកជន (Public–private partnership) ។ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងសហការ​ជាមួយប្រទេសជាសមាជិកអាស៊ានទាំងអស់ និងប្រទេសចិនផងដែរ ដើម្បីសម្រេចឱ្យបានជោគជ័យ​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យអប់រំរវាងអាស៊ាន និងចិន៕

ឯកឧត្តម ចាយ បូរិន អរគុណជប៉ុន ផ្តល់ជំនួយដ៏សំបូរបែបលើគ្រប់វិស័យមិនថាវិស័យពុទ្ធចក្រ និងអាណាចក្រ

2023/09/15 12:59:08 pm        61
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះឯកឧត្តម ចាយ បូរិន ដែលត្រូវបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាអាណត្តិទី៧ និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ​នៃព្រះរាជាណាចក្រកម្ពុជា ​និងបានកោតសរសើរនៅស្នាដៃដឹកនាំ របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានដឹកនាំកម្ពុជា ប្រទេសកាន់នៅសាសនា​ព្រះពុទ្ធ​ជាសាសនា​របស់រដ្ឋ ប៉ុន្តែបានបើកយ៉ាងទូលាយនៅគ្រប់សាសនាទាំងអស់ ព្រមទាំងគ្រប់គ្រង​បានយ៉ាងល្អលើសាសនាទាំងអស់​ មិនឲ្យមានកើតវិវាទ ​នឹងគ្នា ។ ក្នុងជំនួបដដែលនេះ ឯកឧត្តម ឯកអគ្គរាជទូត មានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ដែល​មានស្រាប់ បើទោះបីជាប្រទេសជប៉ុន ពុំមានព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែមានអង្គការចាត់តាំង និងសមាគមមួយចំនួននៅប្រទេសជប៉ុន បានកាន់សាសនាព្រះពុទ្ធ កន្លងមកធ្លាប់បានផ្តល់ជំនួយ ជួយដល់ប្រទេសកម្ពុជា ​លើវិស័យសេដ្ឋកិច្ច។ក្នុងនោះក៏មានការជួយលើវិស័យព្រះពុទ្ធសាសនា ដោយជប៉ុនធ្លាប់បានចូលរួមជួយបោះពុម្ព​នៅគម្ពីរ​ព្រះត្រៃបិដកចំនួន១១០ក្បាល ​ជូនមកក្រសួងធម្មការ និងសាសនា ដើម្បីចែកចាយដល់​វត្តអារាម និងបណ្ណាល័យមួយចំនួនរបស់ប្រទេសកម្ពុជា។ ដោយឡែកឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីពីកម្មវិធី​ព្រះពុទ្ធសាសនា​អន្តរជាតិ​ ដែលប្រារព្ធធ្វើនៅឆ្នាំ២០២៥ខាងមុខនេះ​ ដោយមានការចូលរួមពីអង្គការ សមាគម ​ពិសេសពុទ្ធសាសនិក ​ដែលកាន់នៅព្រះពុទ្ធសាសនាទាំងនៅអាស៊ី ​និងអឺរ៉ុប។ជាការឆ្លើយតប ​ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ​និងប្រជាជនជប៉ុន ដែល​កន្លងមកតែងតែផ្តល់នៅជំនួយដ៏សំបូរបែបលើគ្រប់វិស័យ​ មិនថាវិស័យពុទ្ធចក្រ ​និងអាណាចក្រ ចាប់តាំង​ពីអាណត្តិដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន រហូតមកដល់អាណត្តិទី៧ ​ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតដែល​មានស្រាប់ជាដៃគូ​យុទ្ធសាស្រ្ត និងចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា ​និងប្រទេសជប៉ុន និងបន្តគាំទ្រគ្នា​ទៅវិញ​ទៅមកកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសលើកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និត​ជាមួយក្រសួងធម្មការ និងសាសនា ​ដែលជាសេនាធិការបស់រដ្ឋាភិបាលកម្ពុជា ​និងប្រទេសជប៉ុន៕អត្ថបទ រដ្ឋា

ILO បញ្ជាក់ថា អត្រាភាពគ្មានការងារធ្វើជារួមនៅកម្ពុជាគឺ ១,២ ភាគរយ

2023/09/15 12:52:59 pm        152
ភ្នំពេញ៖ អង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា អត្រាភាពគ្មានការងារធ្វើជារួម (ដែលត្រូវបានកំណត់ជាអ្នកគ្មានការងារធ្វើគិតជាភាគរយនៃកម្លាំងពលកម្មសរុប) គឺ ១,២ ភាគរយ តាមរបាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩។យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីស្ថិតិភាពមានការងារធ្វើ និង​ភាពគ្មានការងារធ្វើ ក្នុងប្រទេសកម្ពុជា ដែលផ្ដល់មកទូរទស្សន៍ BTV ​នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបំភ្លឺចំពោះស្ថិតិដែលបាន​បោះពុម្ពផ្សាយ​ក្នុងមូលដ្ឋាន​ទិន្នន័យ​ស្ថិតិកម្លាំង​ពលកម្មរបស់អង្គការអន្តរជាតិ​ខាងការងារនាពេកកន្លងទៅនេះ ​និងបំភ្លឺព័ត៌មានទាក់ទង​នឹង​ស្ថិតិភាព​មានការងារធ្វើ និងភាពគ្មានការងារធ្វើ ​ក្នុងប្រទេសកម្ពុជា។សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ស្ថិតិស្តីពីភាពមានការងារធ្វើដែលបានបោះពុម្ពផ្សាយ​ក្នុងមូលដ្ឋានទិន្នន័យស្ថិតិកម្លាំងពលកម្មរបស់អង្គការអន្តរជាតិខាងការងារ (ILOSTAT) ប្រើនិយមន័យផ្អែកទៅតាមសន្និសីទអន្តរជាតិលើកទី១៣ ​នៃអ្នកជំនាញស្ថិតិការងារ (ICLS ឆ្នាំ១៩៨២)។សេចក្តីថ្លែងការណ៍បញ្ជាក់ថា នៅប្រទេសកម្ពុជា តួលេខថ្មីបំផុតនៃអត្រាភាពមានការងារធ្វើធៀប​នឹងប្រជាជន (employment-to-population ratio) ដែលស្របតាមបទដ្ឋានអន្តរជាតិ គឺបានមកពី​របាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ ហើយអត្រាភាព​មានការងារធ្វើធៀប​នឹង​ប្រជាជនមាន ៦៨,៦ ភាគរយ (ក្នុងនោះ ៧៦,៣ ភាគរយសម្រាប់បុរស និង ៦១,៨ ភាគរយ សម្រាប់ស្ត្រី)។អត្រាភាពមានការងារធ្វើធៀបនឹងប្រជាជនផ្តល់នូវសូចនាកម្ម (ការបង្ហាញ) ​កាន់តែប្រសើរអំពីទំហំ​នៃចំនួន​ប្រជាជនដែលស្ថិតក្នុងភាពមានការងារធ្វើ ​ពីចំណោមប្រជាជន​ក្នុងអាយុធ្វើការសរុប។ នេះជាសូចនាករប្រសើរបំផុតសម្រាប់វាស់វែងថាតើទីផ្សារការងារកំពុងផ្តល់ឱ្យប្រជាជននូវភាពមានការងារធ្វើ បានយ៉ាងណាខ្លះ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។សេចក្ដីថ្លែងការណ៍បញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ (ILO) មិនបោះពុម្ពផ្សាយនូវអ្វីដែលជួន​កាលគេហៅថា «អត្រាភាពមានការងារធ្វើ» ពីព្រោះវាមិនមែនជាសូចនាករដែល​ត្រូវបានទទួល​ស្គាល់​ជាអន្តរជាតិ និងមិនបន្ថែមព័ត៌មាន​អ្វីក្រៅពីអត្រាភាពគ្មាន​ការងារធ្វើដែលមានរួច​ហើយនោះទេ៕ អត្ថបទ៖ វ៉ន ដារ៉ា

ការសាងសង់វិមានរដ្ឋធម្មនុញ្ញសម្រេចបាន ៣៥ភាគរយ

2023/09/15 12:46:36 pm        227
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា គិតមកទល់ពេលនេះការសាងសង់វិមានរដ្ឋធម្មនុញ្ញដែលជានិមិត្តរូបប្រវត្តិសាស្រ្តសម្រេចបាន៣៥ភាគរយ។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានអញ្ជើញ​ពិនិត្យវឌ្ឍនភាព​នៃការសាងសង់វិមានរដ្ឋធម្មនុញ្ញ ​ដែលជាសំណង់​សាងសង់ឡើង​ជានិមិត្តរូប​ប្រវត្តិសាស្រ្តរម្លឹកដល់ភាពជោគជ័យនៃការបង្កើតរដ្ឋធម្មនុញ្ញ ​ដែលមានអាយុកាល៣០ឆ្នាំ។ ក្រោយចុះពិនិត្យការសាងសង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានឲ្យដឹងថា ចំពោះវឌ្ឍនភាពរយៈពេលជាង ៩០ថ្ងៃនៃដំណើរការសាងសង់វិមានរដ្ឋធម្មនុញ្ញ ក្រុមការងារបាន​បញ្ចប់​លើការសាងសង់អគារនៃវិមានទាំងមូលហើយ ខណៈសំណង់នេះ​សេសសល់ទៅ​លើ​ការសាងសង់បុស្សបុក ​ការរចនាស្ពាននៃអគារវិមាន ​និងរៀបចំសួនច្បារជុំវិញវិមាននេះ។ ឯកឧត្តម បន្តថា ​ការសាងសង់វិមានរដ្ឋធម្មនុញ្ញអាចនឹងបញ្ចប់មុនការគ្រោងទុក​នាពាក់កណ្តាល​ឆ្នាំ២០២៤ខាងមុខ។ ឯកឧត្តម អ៊ឹម ឈុនលឹម បញ្ជាក់ថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះឡើង ក្នុងគោលដៅឲ្យយុវជន​ជំនាន់​ក្រោយបានចងចាំ និងស្វែងយល់ពីតម្លៃរដ្ឋធម្មនុញ្ញ ​ដែលរដ្ឋធម្មនុញ្ញ​នេះបង្កើតមកដោយ​សារសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ​ភាគីពាក់ព័ន្ធ ជាពិសេសភាពប៉ិនប្រសព្វរបស់​រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទើបអាចធានាឲ្យកម្ពុជាអនុវត្តរដ្ឋធម្មនុញ្ញដោយជោគជ័យ។ គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំពាក់ព័ន្ធនឹងការរចនា​នៅ​លើ​សន្លឹកទ្វារទាំង៤ ​ដែល​ឆ្លុះបញ្ចាំង​ទៅលើទស្សនៈគុណតម្លៃ​នៃរដ្ឋធម្មនុញ្ញនិយមទំនើប ​ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃ​នៃការបែងចែក​អំណាចដាច់ពីគ្នា​នៃ​អំណាចទាំង៣ និងគុណ​តម្លៃនៃសិទ្ធិមនុស្ស៕ 

កម្ពុជា-អាស៊ែបៃហ្សាន សន្យាបន្តសហការគ្នាបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍

2023/09/15 12:40:13 pm        33
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សាន ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ដែលត្រូវបានរដ្ឋាភិបាលអាស៊ែបៃហ្សាន ផ្តល់សេចក្តីទុកចិត្ត តែងតំាងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការពេញលេញជាមួយឯកឧត្តម ដើម្បីជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី សង្ឃឹមថា ក្រោមអាណត្តិការទូតរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សាន នឹងបន្តរីកលូតលាស់បន្ថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានស្នើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា អាស៊ែបៃហ្សាន បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពិសេសដើម្បីរដ្ឋសភាកម្ពុជា ធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា អាស៊ែបៃហ្សាន ជាប្រទេសដែលបានជួយ​បណ្តុះបណ្តាល​ធនធានមនុស្សដល់កម្ពុជា ​ក្នុងសម័យសហភាពសូវៀត​ ហើយបញ្ញាវន្តខ្មែរដែល​ទទួល​បានការបណ្តុះបណ្តាលពីអាស៊ែបៃហ្សាន​ បានក្លាយជាធនធានមនុស្សដ៏សំខាន់​ក្នុងការអភិវឌ្ឍប្រទេសជាតិបច្ចុប្បន្ននេះ។ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ដែលសម្តេចរដ្ឋសភាធិបតី បាន​អនុញ្ញាត​ឱ្យឯកឧត្តម ​បានចូលជួបសម្តែងការគួរសម ​និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានអបអរសាទរចំពោះជោគជ័យធំធេង ដែលកម្ពុជាបានរៀបចំ​ការបោះឆ្នោតសកលនាពេលថ្មីៗ​ និងបានអបអរសាទរចំពោះ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នៅក្នុងនីតិកាលទី៧នេះ។ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានទទួលយកសំណើរបស់ ​សម្តេចរដ្ឋសភាធិបតី និងបានប្តេជ្ញាចិត្តថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ​ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអរគុណរដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាប្រទេស​អាស៊ែបៃហ្សង់ ​បានក្លាយជាអ្នកសង្កេតការណ៍អន្តរសភាអាស៊ាន ​កាលពីឆ្នាំកន្លងទៅ នៅពេលសភាកម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត​AIPA លើកទី៤៣នោះ។ឯកឧត្តម ស៊ូវគី មេឌីហ្សាដា នឹងពំានាំសំណូមពរ និងសំណើរ​ព្រមទំាងសារជូនពររបស់ សម្តេចប្រធានរដ្ឋសភា ​ជូនថ្នាក់ដឹកនាំអាស៊ែបៃហ្សាន។​ ជាថ្មីម្តងទៀត ឯកឧត្តមសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ឱ្យមានការរីកម្រើនឡើង ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ។ឯកឧត្តមបានលើកឡើងនូវគំនិត​ផ្តួចផ្តើម​ការបង្កើតសមាគមអតីតនិស្សិតកម្ពុជា​និងអាស៊ែបៃហ្សាន ដើម្បីពួកគេបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា ​និងបានសិក្សាពីភាសា ប្រវត្តិសាស្រ្ត វប្បធម៌ ពីគ្នាទៅវិញទៅមកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM