TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីក្រុងញូវយ៉ក បានហាមប្រាមកម្មវិធីវីដេអូកម្សាន្ត TikTok លើឧបករណ៍គ្រប់គ្រងដោយរដ្ឋាភិបាល ជុំវិញបញ្ហាសុវត្ថិភាព

2023/08/18 01:27:59 pm        363
កាលពីថ្ងៃពុធ (១៦ សីហា) ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក បានដាក់បម្រាមចំពោះកម្មវិធីវីដេអូកម្សាន្ត TikTok ទៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយលើកឡើងពីកង្វល់សុវត្ថិភាព ដោយចូលរួមជាមួយទីក្រុង និងរដ្ឋមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាកការរឹតត្បិតលើកម្មវិធីចែករំលែកវីដេអូខ្លីមួយនេះ។កម្មវិធី TikTok ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ១៥០លាននាក់ និងគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ឈ្មោះ ByteDance បានប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិកសភាសហរដ្ឋអាមេរិក សម្រាប់ការហាមឃាត់ទូទាំងប្រទេស ជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិន ដែលអាចកើតមានក្នុងសហរដ្ឋអាមេរិក។ទីភ្នាក់ងារជាច្រើនរបស់ទីក្រុងញូវយ៉ក តម្រូវឱ្យលុបកម្មវិធីនេះក្នុងរយៈពេល៣០ថ្ងៃ ហើយបុគ្គលិកនឹងបាត់បង់សិទ្ធិក្នុងការចូលប្រើកម្មវិធី និងគេហទំព័ររបស់កម្មវិធីបណ្ដាញសង្គមមួយនេះនៅលើឧបករណ៍ និងបណ្តាញដែលគ្រប់គ្រងដោយទីក្រុង។ រដ្ឋញូវយ៉ក ធ្លាប់បានដាក់បម្រាមកម្មវិធី TikTok នៅលើឧបករណ៍ចល័តដែលចេញដោយរដ្ឋ រួចមកហើយ។ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនមិនបានចែករំលែក ហើយនឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកណាមួយ ជាមួយរដ្ឋាភិបាលចិនឡើយ ហើយបានចាត់វិធានការជាច្រើនដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី TikTok ផងដែរ។ បណ្ដារដ្ឋ និងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក បានដាក់ការរឹតបន្តឹងលើកម្មវិធីវីដេអូកម្សាន្ត TikTok ចំពោះឧបករណ៍រដ្ឋាភិបាលជាច្រើន៕

មេដឹកនាំបេឡារុស ជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុង Minsk

2023/08/18 01:22:51 pm        336
មេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ក្នុងទីក្រុង Minsk កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងជំនួបមួយស្តីពីការកសាង​ទំនាក់ទំនង​យោធាកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។ កាលពីដើមសប្តាហ៍នេះ ភាគីទាំងពីរនេះបានចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិសុខ នៅក្នុងទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី ដែលលោក Li បានព្រមានដល់គូប្រជែងរបស់ប្រទេសចិនថា «កុំប្រឡែងលេជាមួយភ្លើង» លើបញ្ហាកោះតៃវ៉ាន់។ពាក្យសម្តីរបស់លោក បានគាំទ្រដល់ការលើកឡើងកាលពីពេលមុនដោយមន្ត្រី​ប្រទេសចិន​ផ្សេងទៀត និងបានធ្វើឡើងក្នុងពេលប្រតិបត្តិការសិកពិសេសនៅតែបន្តរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីពេលមុន ប្រទេសចិន បានបង្ហាញពីផែនការរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះនេះ។ លោក Lukashenko បានមកធ្វើទ្សនកិច្ចនៅទីក្រុងប៉េកាំង កាលពិខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៣ ដើម្បីជួបជាមួយមេដឹកនាំនាំចិន លោក Xi Jinping ក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិន និងបេឡារុស។

មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យតំបន់ដីស្រែដែលរងគ្រោះពីព្យុះទីហ្វុង ខណៈមានកង្វល់ពីកង្វះស្បៀងអាហារ

2023/08/18 01:09:49 pm        160
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រ (១៨ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដីស្រែចម្ការ ដែលរងគ្រោះដោយព្យុះទីហ្វុង បន្ទាប់ពីព្យុះត្រូពិច ខានុន បានបោកបក់លើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសផ្តាច់ខ្លួនឆ្ងាយពីគេមួយនេះ។រូបថតដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានបង្ហាញលោក គីម សម្លឹងមើលជុំវិញវាលស្រែ និងសង្កេតមើលយានដ្រូនបើកបាញ់ទឹកលើដំណាំជាមួយក្រុមមន្ត្រី ដែលរួមមានប្អូនស្រីរបស់លោក គឺលោកស្រី គីម យ៉ូជុង ផងដែរ។ កាលបរិច្ឆេទពិតប្រាកដនៃដំណើរត្រួតពិនិត្យនេះ មិនត្រូវបានបញ្ជាក់ដោយទូរទស្សន៍ KRT នោះទេ។លោក គីម បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់យោធាក្នុងការសង្គ្រោះដំណាំ ហើយបាននិយាយថា កងទ័ពត្រូវបានចល័តទៅតំបន់ប៉ះពាល់ ដោយសារតែពួកគេមិនអាចបាត់បង់ដីស្រែចំការ ដោយសារគ្រោះធម្មជាតិទៅលើវិស័យកសិកម្មជួរមុខ ដែលទាក់ទងដោយផ្ទាល់ជាមួយនឹងការរស់នៅរបស់ប្រជាជនបានទេ ដោយលោកបានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថា ដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។កូរ៉េខាងជើង បានទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ រួមទាំងគ្រោះទុរ្ភិក្សក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជារឿយៗ ជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិ។ ក្រុមអ្នកជំនាញអន្តរជាតិបានព្រមានថា ការបិទព្រំដែនអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ធ្វើឲ្យវិបត្តិស្បៀងអាហារកាន់តែអាក្រក់ទៅៗសម្រាប់ប្រទេសនេះផងដែរ៕

លោក ដូណាល់ ត្រាំ បានលុបចោលសន្និសីទសារព័ត៌មាន ដើម្បីចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០២០

2023/08/18 01:06:01 pm        173
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានលុបចោលសន្និសីទសារព័ត៌មានដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដើម្បីចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០២០ ក្នុងរដ្ឋ Georgia ដោយនិយាយថា ក្រុមមេធាវីរបស់លោកនឹងដាក់ទឡ្ហីករណ៍នោះនៅក្នុងឯកសារតុលាការជំនួសវិញ។លោក ត្រាំ បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ដើម្បីបញ្ចេញរបាយការណ៍លម្អិតចំនួន១០០ទំព័រ ទៅក្នុងអ្វីដែលលោកបានពិពណ៌នាថាជា «ការក្លែងបន្លំការបោះឆ្នោត» នៅក្នុងរដ្ឋ Georgia អំឡុងការបោះឆ្នោតឆ្នាំ២០២០ ដែលលោកបានចាញ់ប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន។ លោក ត្រាំ ត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋ Georgia និងនៅតុលាការសហព័ន្ធ ពីបទប៉ុនប៉ងបង្វែរលទ្ធផលបោះឆ្នោតទាំងនោះ។លោក ត្រាំ បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថា «ជាជាងការចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតប្រធានាធិបតីរដ្ឋ Georgia ឆ្នាំ២០២០ នៅថ្ងៃច័ន្ទ ខ្ញុំជឿថា ក្រុមមេធាវីរបស់ខ្ញុំចង់បញ្ជូនភស្តុតាង ដែលមិនអាចប្រកែកបាន និងច្រើនលើសលប់នៃការក្លែងបន្លំការបោះឆ្នោត ព្រមទាំងភាពមិនប្រក្រតីនៅក្នុងឯកសារទាំងនេះ ទៅកាន់តុលាការច្បាប់ជាផ្លូវការវិញ»។លោកបានបន្ថែមថា ដូច្នេះសន្និសីទសារព័ត៌មាន គឺលែងចាំបាច់ទៀតហើយ។ ចាប់តាំងពីការបរាជ័យរបស់លោកនៅឆ្នាំ២០២០មក លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា ការបោះឆ្នោតត្រូវបានបំផ្លាញដោយការក្លែងបន្លំយ៉ាងទូលំទូលាយ។ ការទាមទារទាំងនោះត្រូវបានបដិសេធដោយតុលាការ ការពិនិត្យរបស់រដ្ឋ និងសមាជិកនៃរដ្ឋបាលផ្ទាល់របស់លោកផងដែរ៕

បណ្តាសិស្សពេញចិត្តការប្រើប្រាស់បណ្ណាល័យ សាលាឌីជីថល ផ្តល់ភាពងាយស្រួលច្រើនក្នុងការសិក្សា

2023/08/18 12:26:36 pm        272
កណ្ដាល៖ ក្នុងអំឡុងក្រសួងអប់រំយុវជន និងកីឡា ប្រកាសសាកល្បងប្រើប្រាស់បណ្ណាល័យ សាលាឌីជីថល ដែលគេអាចចូលមើលអានបាននៅតាមទូរសព្ទដៃស្មាតហ្វូន និងតាមប្រព័ន្ធអេឡិចត្រូនិចនានា តាមរយៈLinkតំណភ្ជាប់ http:// sala.moeys.gov.kh/books នេះ បណ្តាសិស្សានុសិស្សមានការពេញចិត្តខ្លាំងនាំគ្នាចូលអានសិក្សាស្រាវជ្រាវមេរៀនបានលឿន ងាយស្រួល និងអាចមើលគ្រប់ទីកន្លែង។បើតាមបណ្តាសិស្សនៃ អនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ក្រុងតាខ្មៅ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែសីហានេះថា ចាប់តាំងពីក្រសួងអប់រំបានបើកឲ្យមានគេហទំព័រ ​សាលាឌីជីថល គឺពួកគេតែងតែប្រើប្រាស់ទូរសព្ទដៃចូលអាន សៀវភៅ ស្រាវជ្រាវមេរៀនលំហាត់ និងអានរឿងទិទាននានា​ដែលមានប្រយោជន៍ដល់សិក្សារៀនសូត្រ ​នៅក្នុងសាលា ។ទន្ទឹមនឹងការផ្តល់អត្ថប្រយោជន៍ច្រើន ដល់ការសិក្សានេះដែរ បណ្តាសិស្សានុសិស្សទាំងនេះ ក៏បាន​អំពាវនាវ និងសំណូមពរមិត្តសិក្សានៅតាមបណ្តាសាលារៀនទាំងអស់ សូមនាំគ្នាប្រើប្រាស់​ទូរសព្ទដៃខ្លួនឲ្យមានប្រយោជន៍ដល់សិក្សា​ ចូលអានសិក្សាស្រាវជ្រាវមេរៀននានា ចៀសវាង​ការប្រើប្រាស់ទូរសព្ទដៃ ​លេងហ្គេម ឬមើលរឿងផ្សេងៗគ្មានប្រយោជន៍ដល់ការសិក្សា ហើយឈាន​ទៅរកការបំផ្លាញអនាគតរបស់យើង។លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា និងព័ត៌មានវិទ្យា នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា នៅក្នុងដំណាក់កាលប្រកាសសាកល្បងប្រើប្រាស់គេហទំព័រ​សាលាឌីជីថលនេះ បានដាក់បញ្ចូលសៀវភៅមេរៀនចាប់ពីកម្រិតថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ​និងថ្នាក់ឧត្តមសិក្សា ព្រមទាំងមានសៀវភៅរឿងទិទាន ​សៀវភៅពាក់ព័ន្ធនានាទៀតជាង ៥០០ក្បាល និងមានក្លិបវីដេអូរៀន និងការបង្រៀនជាច្រើនក្លិបទៀត។លោក បន្តថា មកដល់ពេលនេះ បណ្ណាល័យសាលាឌីជីថល មានសាលាចុះឈ្មោះបង្កើតគណនីចូលយកឯកសាររៀន​ និងការបង្រៀនប្រមាណជាង១០០គណនី ហើយគេហទំព័រសាលាឌីជីថលនេះ គ្រោងនឹងប្រើប្រាស់ផ្លូវការ នៅពាក់កណ្តាលខែក្រោយនេះ ពេលនោះក្រសួងនឹងបញ្ចូលឯកសារមេរៀន ក្លិបវីដេអូ និងសៀវភៅ សម្រាប់រៀន និង​បង្រៀនជាច្រើនទៀត ដើម្បីផ្តល់ជាបណ្តុំចែករំលែកឯកសារសៀវភៅរៀន និងការបង្រៀន មួយ​សម្រាប់បម្រើឲ្យអប់រំនៅតាមសាលារៀនរដ្ឋ ​និងឯកជនទាំងអស់នៅកម្រិតទូទំាងប្រទេស៕អត្ថបទ ស៊ុមសុខជា

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ជំរុញកូនខ្មែរចូលរួមការអភិរក្ស និងបន្តចាប់យកសាកលភាវូបនីយកម្មផ្នែកសិល្បៈ

2023/08/18 12:17:19 pm        96
ភ្នំពេញ៖ មន្រី្តជាន់ខ្ពស់វប្បធម៌ ​និងវិចិត្រសិល្បៈ ចង់ឲ្យកុលបុត្រខ្មែរ មានភាពជឿនលឿនតាមរយៈការឈរលើមូលដ្ឋានគ្រឹះរបស់ដូនតា និងចាប់យកនូវអ្វីដែលសកលភាវូបនីយកម្មផ្នែកសិល្បៈ។ការលើកឡើងរបស់លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ជាមួយ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែសីហានេះ ដោយផ្តោតលើវឌ្ឍនភាពនៃវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ក្នុងឆ្នាំ២០២៣ នាយកដ្ឋានមានគោលដៅធំៗចំនួន២ សម្រាប់អនុវត្តគម្រោងផែនការ ថវិកាកម្មវិធីរបស់ជាតិ ក៏ដូចជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺសិល្បៈគំនូរ សិល្បៈខ្មុកស្មាច់ នៅវត្តស្វាយអណ្តែត និងមហោស្រពសិល្បៈចម្លាក់ស្មិត។ ជាមួយគ្នានោះលោក ប្រធាននាយកដ្ឋាន បានបន្តថា ក្រៅពីគម្រោងធំៗ ដែលជាកម្មវិធីថវិកាជាតិ យើងមានកម្មវិធីបន្ទាប់បន្សំ ដូចជា៖ កម្មវិធីបណ្តុះបណ្តាលក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ តាមរយៈOnline និងការអញ្ជើញសិល្បករ មកពីតាមបណ្តាខេត្តនានា បានស្នើសុំមន្រី្តជំនាញពីនាយកដ្ឋាន ទៅធ្វើការបើកវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស របស់សិប្បករ អាជីវករ រកទទួលទាន ផ្នែកសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងរចនាបថ។ទន្ទឹមនឹងនោះលោក ឈឹម សុធី ក៏ចង់ឲ្យមានការផ្សាភ្ជាប់ និងដំណើរការទាំងពីរ ទាំងការអភិរក្ស និងការបង្កើតថ្មី (អភិរក្ស+ការបង្កើតថ្មី) ដែលដូនតាបុព្វបុរស បានកសាងនូវអ្វីដែលល្អហើយ ដូចជា៖ ប្រាសាទបុរាណ វត្តអារាម រូបចម្លាក់ បន្សល់ទុកបានយ៉ាងល្អ។ លោកសំណូមពរដល់កូនខ្មែរ និងយុវជនជំនាន់ក្រោយ ចូលរួមបន្តនូវអ្វីជាប្រណិតភាពកេរ្តិ៍ដំណែល​នេះឲ្យបានទៅមុខ។ ហើយយើងក៏មិនត្រូវភ្លេចនូវអ្វីដែលជាការបង្កើតថ្មី តាមរយៈសិល្បៈ​សហសម័យ។ ​កាលណាយើងផ្តោតតែលើប្រណិតភាពនឹងពេក ក៏យើងមិនអាចដើរទាន់ពិភពលោក​ផងដែរ៕អត្ថបទ រដ្ឋា

រដ្ឋមន្រ្ដីក្រសួងអប់រំ ដាក់ចេញគោលនយោបាយ ៨ចំណុច លើវិស័យអប់រំសម្រាប់អាណត្តិទី៧នេះ

2023/08/18 12:06:07 pm        479
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយគណបក្សប្រជាជនកម្ពុជា លើវិស័យអប់រំ សិក្សាធិការ សម្រាប់អាណត្តិទី៧នេះ ​ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពវិស័យអប់រំក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមគោលនយោបាយទាំង ៨ចំណុនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា គោលនយោបាយ កំណែទម្រង់សាលារៀន គឺដើម្បីបង្កើនគណនេយ្យភាព និងស្វ័យភាពរបស់សាលារៀន និងដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់មាតាបិតានៅ​ក្នុងការគ្រប់គ្រងសាលារៀន ការពង្រឹងទំនាក់ទំនងរវាងសាលាជាមួយនឹងមាតាបិតា។ ឯកឧត្ដម បន្តថា ការធ្វើកំណែទម្រង់សាលារៀននេះ គឺមានគោលដៅដើម្បីលើកកម្ពស់​និង​ពង្រឹង​គុណភាព​អប់រំដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅ​សម្រេចបាននូវចក្ខុវិស័យឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៥០។ឯកឧត្ដមបន្តថា ក្រសួងអប់រំបាន យកចិត្តទុកដាក់ដល់គ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថាន​បណ្ដុះបណ្ដាលគ្រូ ដោយផ្តោតទៅលើការបង្កើនប្រាក់បៀវត្សរ៍ជូនដល់គ្រូបង្រៀន ការបង្កើន​គុណវុឌ្ឍិគ្រូបឋមសិក្សា និងគ្រូមូលដ្ឋានឲ្យដល់កម្រិតបរិញ្ញាបត្រ និងគ្រូឧត្ដមឲ្យដល់កម្រិត​បរិញ្ញាបត្រជាន់ខ្ពស់ ការលើកកម្ពស់វិជ្ជាជីវៈនិងកិត្តិយសគ្រូបង្រៀន ការកែលម្អលក្ខខណ្ឌការងារ​និងជីវភាពរស់នៅរបស់គ្រូ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការអនុវត្តគន្លងអាជីពគ្រូបង្រៀន ការប្រារព្ធទិវាគ្រូបង្រៀន និងការផ្តល់ពានរង្វាន់សម្តេចតេជោដល់សាលារៀនស្អាត នាយក​សាលាល្អ គ្រូល្អ គ្រូបង្រៀនភាសាខ្មែរល្អ ​និងគ្រូល្អបង្រៀនគណិតវិទ្យាថ្នាក់ដំបូង។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គឺផ្ដោតទៅលើការកែ​លម្អគុណភាព និងកម្មវិធីបណ្តុះបណ្តាល និងវិក្រឹត្យការគ្រូបង្រៀន ​ការកែលម្អវិធីសាស្ដ្របង្រៀន ការស្រាវជ្រាវ​ ការពង្រឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ​និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធឲ្យស្របទៅតាមបរិបទសតវត្សរ៍ទី២១៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាក្រសួងស្ថាប័នបន្តផ្ដល់សេវាល្អដល់ពលរដ្ឋអំឡុងពេលរៀបចំរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧

2023/08/18 12:01:07 pm        61
ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ត្រូវប្រកាសជាផ្លូវការនាថ្ងៃទី២២ ខែសីហា ខាងមុខ ប៉ុន្ដែបណ្ដាក្រសួង ស្ថាប័ននានា ក្នុងកាលទេសអន្តរកាលនេះ បានបន្តធ្វើកិច្ចការងារលើវិស័យរបស់ខ្លួនបានយ៉ាងល្អប្រសើរទាំងវិស័យអប់រំ និងការផ្ដល់សេវានានាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្ដែងក្រោយបញ្ចប់ការឃោសនាបោះឆ្នោត ការប្រកាសលទ្ធផលបោះឆ្នោត រហូតឈានដល់ការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋសភាជាតិលើកដំបូង សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២១ ខែសីហាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តដំណើការការបង្រៀន និងការរៀន​សូត្រ​ដល់​សិស្សានុសិស្សនៅគ្រប់កម្រិតសិក្សា និងបន្តធ្វើកិច្ចការងាររបស់ខ្លួន ដោយផ្ដល់សេវានានា​ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅជាប្រក្រតីភាព។ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា បុគ្គលិកអប់រំគ្រប់​លំដាប់ថ្នាក់ បានបន្តអនុវត្តការងារទៅតាមតួនាទីរបស់ខ្លួន ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា និងបន្តថែរក្សា ការពង្រឹងគុណភាពការងារគ្រប់ប្រភេទដល់សាធារណៈជនទូទៅ។ ចំណែកឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ទោះពីជាបច្ចុប្បន្នរដ្ឋាភិបាលថ្មីមិនទាន់បានរៀបចំរួចរាល់ក៏ដោយ ក៏ប៉ុន្ដែក្រសួង ស្ថាប័នរដ្ឋនានា នៅបន្តធ្វើកិច្ចការងារលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរជាធម្មតា ក្នុងតួនាទីជាអង្គភាពរដ្ឋបាលអចិន្រ្ដៃយរបស់រដ្ឋ។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងប្រកាសចូលកាត់តំណែងជាផ្លូវការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ​ដោយក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជារួមជាមួយ នឹងគណៈរដ្ឋមន្រ្ដីវ័យក្មេងមាន​សក្ដានុពល​ជាច្រើនរូបទៀតដែលសុទ្ធតែចេញមកពីគណបក្សប្រជាជនកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

យុវជនសង្គមស៊ីវិលអំពាវនាវសង្គមស៊ីវិលនានា និងក្រុមប្រឆាំងចូលរួមអភិវឌ្ឍន៍ជាតិជាមួយរដ្ឋាភិបាលថ្មី

2023/08/18 11:57:18 am        279
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់អង្គការសង្គមស៊ីវិលនានា និងក្រុមដែលមាននិន្នាការប្រឆាំងចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងរក្សាបាននូវស្ថិរភាពនយោបាយ និងសង្គមរបស់កម្ពុជា។ លោក ហេង សំណាង បានលើកឡើងថា ប្រទេកម្ពុជា​កំពុងតែបង្កើតឡើងនូវទំព័រប្រវត្តិសាស្រ្ដថ្មី​បន្ថែម​ទៀត ​តាមរយៈការទទួលបាននូវក្បាលមាស៊ីនដឹកនាំប្រទេសថ្មី ដែលមាននាយករដ្ឋមន្រ្តី​វ័យក្មេង និងឈ្លាសវៃបំផុត រួមជាមួយនឹងគណៈរដ្ឋមន្រ្ដីជំនាន់ថ្មីសុទ្ធតែជាឥស្សរជនដែលមាន​សក្ដានុពល​ខ្លាំងក្នុងការដឹកនាំប្រទេសជាតិ។ លោកថ្លែងថា យុវជនសង្គមស៊ីវិលមិនអាចបំភ្លេចបានឡើយនូវការខិតខំរបស់​គណបក្សប្រជាជន​កម្ពុជា​ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនជាន់ខ្ពស់​ជាច្រើន​រូបទៀត ដែលភាគច្រើន គឺសុទ្ធតែឆ្លងកាត់បទពិសោធន៍ច្រើនដូចពាក្យថា​ (ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ)។ កត្តាទាំងនេះ ហើយដែលប្រជាជនខ្មែរទូទាំងប្រទេសអបអរសាទរ និង​គោលនយោបាយនានារបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់គ្រប់ៗអាណត្តិ។លោក សំណាង លើកឡើងថា អ្វីដែលជាការកត់សម្គាល់ គណៈរដ្ឋមន្រ្ដីថ្មីក្នុងអាណត្តិទី៧នេះ គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា បានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងផ្នែកនយោបាយ ពិសេសបទពិសោធន៍​ការទូតដែលបានអនុវត្ត​ការងារដោយផ្ទាល់នាកន្លងមក។ លោកសង្កេតឃើញថា កម្ពុជាមិនយូរមិនឆាប់ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងនាំកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់​ ព្រោះកត្តាភូមិសាស្រ្ត ​និងធនធានមនុស្ស ដែលជា​កត្តាសត្យានុម័តដូច្នេះយុវជនកម្ពុជាគ្រប់រូបបានត្រៀមខ្លួនក្នុងការចូលរួមដើម្បីធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន៕អត្ថបទ៖វ៉ន ដារ៉ា

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត«ដំណើរការក្នុងទិសដៅត្រឹមត្រូវ»

2023/08/18 11:53:03 am        64
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរបស់លោក និងអារ៉ាប៊ីសាអ៊ូឌីត កំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ហើយភាគីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។លោក Amir-Abdollahian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត Faisal bin Farhan Al Saud បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីរីយ៉ាដ (Riyadh)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ប្រមុខការទូតអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា បាននិយាយថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតគឺ «ទទួលបានផ្លែផ្កា»។លោកបាននិយាយថា ប្រទេសឹអ៊ីរ៉ង់ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយនឹងបង្កើតគណៈកម្មការបច្ចេកទេស និងប្រតិបត្តិ ដើម្បីជំរុញការអនុវត្តរបស់ពួកគេ។លោក Amir-Abdollahian បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ នឹងទៅបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលឆាប់ៗនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសសឹកចំនួនជាង៧០០គ្រួសារ នៅស្រុកអន្លង់វែង ទទួលអំណោយពីសប្បុរសជន
07/27/2025 01:07 PM
ក្រុមសេនាសន្តិភាពបាននាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកនៅស្រុកចុងកាល់
07/27/2025 01:07 PM
អ៊ីស្រាអែលនិយាយថា ខ្លួនចាប់ផ្តើមទម្លាក់ជំនួយតាមអាកាសលើតំបន់ហ្កាហ្សាស្រ្ទីប
07/27/2025 12:07 PM
ព្រះជាណាចក្រកម្ពុជា និងថៃ បើកទូលាយចំពោះកិច្ចប្រជុំស្វែងរកការឈប់បាញ់ ក្រោយការអន្តរាគមន៍របស់លោក Trump
07/27/2025 12:07 PM
មនុស្ស ១៨នាក់ស្លាប់ និង ២៤នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសប៉េរូ
07/27/2025 12:07 PM
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
07/27/2025 12:07 PM
អ្នកដំណើរជម្លៀសខ្លួន ក្រោយយន្តហោះក្រុមហ៊ុនអាកាសចរណ៍អាមេរិកកើតហុយផ្សែងនៅអាកាសយានដ្ឋានក្រុង Denver
07/27/2025 12:07 PM
ភ្លើងឆេះព្រៃជិតទីក្រុងអាតែន ប្រទេសក្រិកបង្ខំឲ្យមនុស្សជម្លៀសខ្លួន និងបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ
07/27/2025 12:07 PM
កូរ៉េខាងជើងប្រារព្ធខួបសង្រ្គាមកូរ៉េជាមួយនឹងការរាំរែក និងបាញ់កាំជ្រួចផ្កាភ្ញី
07/27/2025 12:07 PM
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្ស ២នាក់ និងមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/27/2025 12:07 PM