សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីនីហ្សេនៅក្នុងប្រទេសឆាដខណៈអាមេរិកនិងរុស្ស៊ីជំរុញឱ្យមានជម្រើសការទូតក្នុងវិបត្តិនេះ

2023/08/16 12:08:01 pm        77
នីហ្សេ៖ នាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងដោយយោធារបស់ប្រទេសនីហ្សេ បានធ្វើទស្សនកិច្ចដោយមិនប្រកាសទៅកាន់ប្រទេសឆាដជិតខាងកាលពីថ្ងៃអង្គារ ខណៈបណ្តារដ្ឋនៅអាហ្វ្រិកខាងលិចរៀបចំកិច្ចពិភាក្សាដើម្បីពិចារណាលើលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាក្នុងបំណងផ្លាស់ប្តូររដ្ឋប្រហាររបស់ប្រទេសនេះ ហើយសហរដ្ឋអាមេរិក និងរុស្ស៊ី បានជំរុញឱ្យមានដំណោះស្រាយផ្នែកការទូតចំពោះវិបត្តិ។ រដ្ឋាភិបាលឆាដ បាននិយាយនៅលើបណ្តាញសង្គម Facebook ថា លោក Ali Mahaman Lamine Zeine ជាជនស៊ីវិល ត្រូវបានតែងតាំងដោយមេដឹកនាំយោធាដែលបានបណ្តេញប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ចេញពីតំណែងកាលពីថ្ងៃទី ២៦ ខែកក្កដា បានមកដល់ប្រទេសឆាដ សម្រាប់ដំណើរទស្សនកិច្ចការងារ។ ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីប្រទេសឆាដ លោក Mahamat Idriss Deby Itno លោក Zeine បាននិយាយថា លោកបាននាំយកសារនិយាយអំពី «អ្នកជិតខាងល្អ និងភាតរភាពល្អ» ពីប្រមុខរបបប្រទេសនីហ្សេ។លោកបាននិយាយថា «យើងកំពុងស្ថិតក្នុងដំណើរការនៃការផ្លាស់ប្តូរ យើងបានពិភាក្សាពីបញ្ហាផ្ទៃក្នុង និងខាងក្រៅ ហើយបាននិយាយឡើងវិញនូវលទ្ធភាពរបស់យើងដើម្បីរក្សាការបើកចំហរ និងពិភាក្សាជាមួយគ្រប់ភាគីទាំងអស់ ប៉ុន្តែបានទទូចទាមទារឯករាជ្យភាពរបស់ប្រទេសយើង។ លោក Deby ជាអ្នកមានតួនាទីសំខាន់នៅក្នុងតំបន់ Sahel ដែលមានអស្ថិរភាព បានជិះយន្តហោះទៅកាន់រដ្ឋធានី Niamey ប្រទេសនីហ្សេ រយៈពេលបួនថ្ងៃបន្ទាប់ពីរដ្ឋប្រហារ។ រូបថតជាច្រើន ក្រោយមកបានបង្ហាញរូបលោកនៅជិតលោក Bazoum ដែលត្រូវបានឃុំឃាំង ហើយដាច់ដោយឡែកជាមួយមេដឹកនាំម្នាក់នៃរបបនេះគឺឧត្តមសេនីយ Salifou Mody៕

ការស្វែងរកអ្នករស់រានមានជីវិតក្រោយទឹកជំនន់នៅឥណ្ឌា ខណៈបំណាក់ដីសម្លាប់មនុស្ស ៦៥នាក់

2023/08/16 12:04:28 pm        89
ឥណ្ឌា៖ កាលពីថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរក សម្រាប់អ្នកដែលត្រូវបានគេព្រួយបារម្ភថានៅបាត់ខ្លួននៅក្នុងទឹកជំនន់ និងបំណាក់ដី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦៥ នាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌា រួមទាំង ១១ នាក់បានស្លាប់នៅក្នុងការបាក់រលំព្រះវិហារដ៏ពេញនិយមមួយកន្លែង។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានវាយបក់នាំយកយានយន្ត បំផ្លាញអគារ និងបំផ្លាញស្ពានជាច្រើនកន្លែងនៅតំបន់ភ្នំហិម៉ាឡៃ។ ទឹកជំនន់ និងបំណាក់ដី ជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លាញយ៉ាងច្រើនក្នុងអំឡុងរដូវភ្លៀងមូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរ។យ៉ាងហោចណាស់មនុស្ស ៥២ នាក់បានស្លាប់នៅក្នុងរដ្ឋ Himachal Pradesh ចាប់តាំងពីថ្ងៃអាទិត្យ ដោយមនុស្សរាប់ពាន់នាក់ទៀតជាប់គាំងខ្លួនបន្ទាប់ពីការកាត់ផ្តាច់ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងបណ្តាញទំនាក់ទំនង។ រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Sukhvinder Singh Sukhu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃចន្ទថា បុគ្គលិកជាច្រើនត្រូវបានដាក់ពង្រាយតាមដែលអាចធ្វើទៅបានក្នុងការងារសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់។ ការងារនឹងបន្តដើម្បីព្យាយាមផ្តល់ជំនួយដល់ប្រជាជន។ លោក Sukhu បាននិយាយកាលពីពេលមុនថា រហូតមនុស្សរហូតដល់២០ នាក់ផ្សេងទៀតត្រូវបានគេព្រួយបារម្ភថាជាប់នៅក្រោមគំនរបាក់បែកបន្ទាប់ពីបំណាក់ដី ហើយបានអំពាវនាវដល់ពលរដ្ឋឱ្យស្នាក់នៅក្នុងលំនៅឋាន និងជៀសវាងការធ្វើដំនើរទៅជិតទន្លេ។ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតំបន់លោក Aditya Negi បានប្រាប់សារព័ត៌មាន AFP ថា ការងារជួយសង្គ្រោះកំពុងបន្ត ហើយរដ្ឋបានកាត់បន្ថយការប្រារព្ធពិធីប្រចាំឆ្នាំកាលពីថ្ងៃអង្គារនូវទិវាឯករាជ្យ ជាការប្រារព្ធការបញ្ចប់នៃសម័យកាលអាណានិគមចក្រភពអង់គ្លេស ដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕

មេបញ្ជាការទីពីររបស់កងទ័ពស៊ូដង់ និយាយថាសង្គ្រាមនឹងបញ្ចប់ដោយការចរចា

2023/08/16 12:00:06 pm        92
ស៊ូដង់៖ មន្ត្រីជាន់ខ្ពស់ស៊ូដង់ម្នាក់បាននិយាយថា ផែនការមួយគួរតែត្រូវបានដាក់ចេញដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ស្របពេលអំពើហិង្សានៅតែបន្តកើតមាននៅក្នុងប្រទេសនេះ។ អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យរបស់ប្រទេសស៊ូដង់ លោក Malik Agar បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចាំផ្ទះមួយត្រូវតែបង្កើតឡើង ខណៈដែលការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានឈានចូលដល់ខែទីប្រាំរបស់ខ្លួន។លោក Agar បាននិយាយនៅក្នុងការបន្ទន់ជំហររបស់កងទ័ពស៊ូដង់ ដោយលើកឡើងពីផលលំបាកដែលប្រជាពលរដ្ឋបានស៊ូទ្រាំថា «នៅចុងបញ្ចប់ សង្រ្គាមនេះនឹងត្រូវបញ្ចប់នៅតុចរចា»។ លោក Agar បាននិយាយថា ការផ្តោតសំខាន់របស់រដ្ឋាភិបាលបច្ចុប្បន្ន គឺដើម្បីបញ្ចប់សង្រ្គាម ហើយសម័យក្រោយសង្រ្គាមនឹងផ្តោតលើការស្ដារប្រទេសឡើងវិញ និងការកសាងឡើងវិញនូវស្ថាប័នរដ្ឋ។លោកបានអំពាវនាវឲ្យមានការពិភាក្សាគ្រប់ជ្រុងជ្រោយ ពីសកម្មជននយោបាយស៊ីវិលទាំងអស់ក្នុងប្រទេសដោយមិនមានការលើកលែង។ លោក Agar ក៏បាននិយាយដែរថា អំពើហិង្សាគួរតែបញ្ចប់ដោយកងទ័ពរួបរួមតែមួយក្នុងប្រទេស។ កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ដើម្បីចរចាបទឈប់បាញ់ត្រូវបានជាប់គាំង ហើយភ្នាក់ងារមនុស្សធម៌បានជួបការលំបាកក្នុងការផ្តល់ជំនួយដោយសារតែអសន្តិសុខ ការលួចប្លន់ និងឧបសគ្គខាងការិយាធិបតេយ្យផងដែរ៕

ជម្លោះរវាងគូបដិបក្ខ នៅប្រទេសលីប៊ី បានផ្អាកការប្រយុទ្ធនៅរដ្ឋធានីទ្រីប៉ូលី ដោយមានអ្នកស្លាប់២៧នាក់

2023/08/16 11:56:48 am        98
លីប៊ី៖ គូបដិបក្ខប្រដាប់អាវុធដ៏មានឥទ្ធិពលចំនួនពីរក្រុម បានប្រយុទ្ធគ្នាក្នុងរដ្ឋធានីនៃប្រទេសលីប៊ី កាលពីថ្ងៃអង្គារ ក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរបស់ទីក្រុងក្នុងឆ្នាំនេះ ប៉ុន្តែការប៉ះទង្គិចគ្នាយ៉ាងសាហាវបានស្ងប់ស្ងាត់ បន្ទាប់ពីភាគីម្ខាង បានដោះលែងមេបញ្ជាការម្នាក់ ដែលការឃុំខ្លួនរបស់មេបញ្ជាការនោះ បានបង្កឱ្យមានការប្រយុទ្ធគ្នានេះ។ទីភ្នាក់ងារសុខភាពរដ្ឋធានីទ្រីប៉ូលី បាននិយាយថា មនុស្ស២៧នាក់ បានស្លាប់ និងជាង១០០នាក់ បានរងរបួស ក្នុងអំពើហឹង្សានេះ ដោយមិនបាននិយាយថាតួលេខនេះរួមមានទាំងអ្នកប្រយុទ្ធ និងជនស៊ីវិលឡើយ។ កងកម្លាំងការពារពិសេស និងកងពលតូចលេខ៤៤៤ គឺជាកងកម្លាំងយោធាដ៏ខ្លាំងក្លាបំផុតចំនួនពីរក្រុម នៅក្នុងរដ្ឋធានីទ្រីប៉ូលី ហើយការប្រយុទ្ធរបស់ពួកគេចាប់តាំងពីល្ងាចថ្ងៃចន្ទ បានធ្វើឱ្យរង្គោះរង្គើទូទាំងរដ្ឋធានី។ផ្សែងខ្មៅបានហុយពាសពេញផ្នែកខ្លះនៃទីក្រុងនេះ អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារ ហើយសំឡេងនៃផ្ទុះអាវុធធុនធ្ងន់ បានលាន់ឡើងពាសពេញផ្លូវ ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅតំបន់ជាយក្រុងផ្សេងៗគ្នា។ គូបដិបក្ខប្រយុទ្ធទាំងពីរក្រុមនេះ បានគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្ននៃការរួបរួមជាតិ (GNU) ក្នុងអំឡុងពេលការប្រយុទ្ធគ្នារយៈពេលខ្លីកាលពីឆ្នាំមុន ហើយការប្រយុទ្ធគ្នាភ្លាមៗរបស់ពួកគេ បានបំផ្លាញភាពស្ងប់ស្ងាត់ជាច្រើនខែនៅទីក្រុងទ្រីប៉ូលី នេះ ដោយសង្កត់ធ្ងន់លើហានិភ័យនៅក្នុងជម្លោះដែលនៅតែមិនទាន់ដោះស្រាយបាន៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី កើនឡើងដល់១០១នាក់ ខណៈអ្នកស្រុករងចាំដំណឹងពីសាច់ញាតិបាត់ខ្លួន

2023/08/16 11:53:39 am        81
កោះម៉ូអ៊ី៖ រយៈពេលមួយសប្តាហ៍បន្ទាប់ពីចំហេះព្រៃបានឆេះបំផ្លាញទីក្រុងរមណីយដ្ឋាន ឡាហេណា មក អ្នកស្រុកកោះម៉ូអ៊ី ដែលរងទុក្ខវេទនា មានការនឿយហត់ពីការរស់នៅដោយគ្មានជំនួយសង្គ្រោះ ខណៈដែលមនុស្សជាច្រើនមិនអនុញ្ញាតឱ្យត្រួតពិនិត្យលំនៅឋានរបស់ខ្លួន ហើយនៅតែទុកឲ្យពួកគេរង់ចាំព័ត៌មានអំពីការបាត់ខ្លួនរបស់សាច់ញ្ញាតិ។ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១០១នាក់ហើយ បន្ទាប់ពីគ្រោះមហន្តរាយនេះ បានរាលដាលពីវាលស្មៅនៅខាងក្រៅទីក្រុងចូលទៅក្នុងទីក្រុង ឡាហេណា កាលពីថ្ងៃអង្គារសប្តាហ៍មុន។ទំហំនៃចំហេះដែលបានឆាបឆេះតំបន់៥ម៉ាយល៍ក្រឡា (១៣ គីឡូម៉ែត្រក្រឡា) នៃទីក្រុងក្នុងរយៈពេលប៉ុន្មានម៉ោងនេះ រួមជាមួយនឹងបញ្ហាប្រឈមនៃការស្តារឡើងវិញ បានធ្វើឱ្យអ្នកស្រុកជាច្រើននាក់នៃទីក្រុង ឡាហេណា ចំនួន១.៣០០០នាក់ រងផលប៉ះពាល់យ៉ាងខ្លាំងរយៈពេលពេញមួយឆ្នាំ ដែលពួកគេក៏ប្រឈមមុខនឹងការរំពឹងទុកនៃផលប៉ះពាល់ផ្នែកទេសចរណ៍ផងដែរ។ទោះបីជាការបរិច្ចាគបានធ្វើឡើង ហើយរដ្ឋហាវ៉ៃ និងក្រុមមន្ត្រីសហព័ន្ធ បានសន្យាថាមានធនធានយ៉ាងច្រើនដើម្បីជួយក្នុងការសង្គ្រោះក៏ដោយ ក៏លោក Kanamu Balinbin ដែលជាគ្រូបង្វឹកបាល់ទាត់ក្នុងតំបន់ម្នាក់ បានដោះស្រាយបញ្ហាដោយបង្កើតជំរុំសង្គ្រោះមួយ ដែលមនុស្សដែលបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេអាចស្វែងរកទឹកនិងអាហារនៅទីនោះបានផងដែរ៕

ប្រមុខអង្គការសហប្រជាជាតិ និយាយថា ការប្រើប្រាស់កម្លាំងដ៏រឹងមាំគឺជារឿងចាំបាច់ក្នុងការប្រឆាំងក្រុមជនអន្ធពាលនៅហៃទី

2023/08/16 11:48:54 am        92
UN៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍ទទួលបានដោយសារព័ត៌មាន Reuters កាលពីថ្ងៃអង្គការទី១៥សីហា ថា ការប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាដោយការបញ្ជូនកងកម្លាំងនគរបាលពហុជាតិ និងការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ គឺ ចាំបាច់ដើម្បីស្ដារច្បាប់ និងសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុងប្រទេសហៃទី និងដកហូតអាវុធពីក្រុមជនអន្ធពាល។ កាលពីឆ្នាំមុន ប្រទេសហៃទី បានស្នើសុំជំនួយពីអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំង ក្រុមជនអន្ធពាលហិង្សា ដែលបានគ្រប់គ្រងផ្ទៃដីយ៉ាងច្រើនក្នុងរដ្ឋធានី ព័រអូប្រាំង (Port-au-Prince) ។ លោក Guterres បានលើកឡើងកាលពីខែតុលាថា ប្រទេសជាច្រើននឹងបញ្ជូនកងកម្លាំងប្រតិកម្មរបហ័សដើម្បីជួយដល់កងកម្លាំងនគរបាលហៃទី។  កាលពីខែមុន ក្រុមប្រឹក្សានេះ បានជំរុញដល់ប្រទេសនានាជួយផ្ដលើការគាំទ្រខាងសន្តិសុខ និងបានស្នើលោក Guterres ឲ្យរាយការណ៍ក្នុងរយៈពេល៣០ថ្ងៃស្ដីពីជម្រើសពេញលេញរបស់អង្គការសហប្រជាជាតិ រួមទាំងការគាំទ្រសម្រាប់កងកម្លាំងមិនមែនពហុជាតិរបស់អង្គការសហប្រជាជាតិ ឬ ប្រតិបត្តិការថែរក្សាសន្តិសុខដែលអាចធ្វើទៅបាន។ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានបញ្ជូនទៅកាន់ប្រទេសហៃកាលពីឆ្នាំ ២០០៤ បន្ទាប់ពីមានការបះបោរដែលនាំទៅដល់ការបណ្តេញចេញពីតំណែង និងនិរទេសខ្លួនប្រធានាធិបតី លោក ហ្សង់ ប៊ែរត្រង់ អារីស្ទីដ (Jean-Bertrand Aristide) ។ ទាហានរក្សាសន្តិភាពបានចាកចេញកាលពីឆ្នាំ ២០១៧ ហើយត្រូវបានជំនួសដោយនគរបាលរបស់អង្គការសហប្រជាជាតិដែលបានចាកចេញកាលពីឆ្នាំ ២០១៩ ៕

រោងចក្រទឹកកកក្នុងប្រទេសអ៊ីរ៉ាក់ មើលឃើញពីកំណើនអាជីវកម្ម ស្របពេលអាកាធាតុក្ដៅខ្លាំង

2023/08/16 11:45:57 am        72
អ៊ីរ៉ាក់៖ រោងចក្រទឹកកកនៅក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កំពុងមើលឃើញកំណើនការបញ្ជាទិញ ខណៈរលកកម្ដៅបន្តដុតកម្តៅប្រទេសនេះ។ នៅតំបន់ដែលមិនមានការផ្គត់ផ្គង់អគ្គិសនីជាប់លាប់ ប្រជាជនក្នុងតំបន់ ក៏ដូចជាម្ចាស់ហាងនានា ត្រូវទិញដុំទឹកកកដើម្បីធ្វើភេសជ្ជៈកក ឬរក្សាទុកបម្ហូបអាហារ ស្របពេលរលកកម្ដៅដ៏ខ្លាំងនៅក្នុងរដូវក្តៅ។លោក Mustafa Najjar ម្ចាស់រោងចក្រផលិតទឹកកកបាននិយាយថា រោងចក្ររបស់លោកឥឡូវនេះផលិតដុំទឹកកកចំនួន៥០០ដុំក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃ១,២៥ដុល្លារអាមេរិកក្នុងមួយដុំ។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ីរ៉ាក់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមអូសបន្លាយ និងការបំផ្លិចបំផ្លាញដោយចេតនាដោយក្រុមជ្រុលនិយម។លើសពីនេះ ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កការលំបាកដល់អ៊ីរ៉ាក់ ក្នុងការនាំចូលថាមពលគ្រប់គ្រាន់ពីប្រទេសជិតខាង។ ប្រទេសអ៊ីរ៉ាក់ ក៏បានប្រឈមមុខនឹងកង្វះខាតអគ្គិសនីយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕

អាមេរិក គាំទ្រផែនការរបស់ជប៉ុន ក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រហ្វូគូស៊ីម៉ា

2023/08/16 11:42:09 am        87
អាមេរិក៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានសម្តែងទំនុកចិត្តលើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីជាងមួយទសវត្សរ៍មុន។រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រសួងការបរទេសថា ទីក្រុងវ៉ាស៊ីនតោន «ពេញចិត្ត» ចំពោះផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញសារធាតុកខ្វក់ឱ្យបានឆាប់នៅចុងខែសីហានេះ ដែលលោកបានពណ៌នាថា «មានសុវត្ថិភាព និងស្របតាមស្តង់ដារអន្តរជាតិ រួមទាំង ស្តង់ដារសុវត្ថិភាពនុយក្លេអ៊ែរខ្ពស់ពីទីភ្នាក់ងារ IAEA»។លោក Blinken បាននិយាយថា "ប្រទេសជប៉ុន បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ IAEA លើផែនការរបស់ខ្លួន ហើយពួកគេបានអនុវត្តដំណើរការដែលផ្អែកលើវិទ្យាសាស្ត្រ និងតម្លាភាព និងជាដំណើរការមួយដែលយើងពេញចិត្ត" លោកបាននិយាយបែបនេះដោយសំដៅទៅដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារថាមពល (IAEA) ។ផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរសំណល់ទឹកវិទ្យុសកម្ម ត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលខូចចូលទៅក្នុងមហាសមុទ្រ គ្រោងនឹងអនុវត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ផែនការនេះ ទទួលបានការរិះគន់ពីប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាក្រុមអ្នកនេសាទ ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាព និងបរិស្ថាន ដែលអាចកើតមានពីទឹកសំណល់នេះ៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីអណ្តូងរ៉ែថ្មយក់នៅមីយ៉ាន់ម៉ា កើនឡើងដល់៣១នាក់

2023/08/16 11:39:25 am        104
មីយ៉ាន់ម៉ា៖ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៣១នាក់ ខណៈដែលមនុស្ស៨នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅឯអណ្តូងរ៉ែថ្មយក់ ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងតំបន់ដាច់ស្រយាលនៃសហភាពមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបំណាក់ដីបានកើតឡើងកាលពីថ្ងៃអាទិត្យនៅខាងក្រៅទីប្រជុំជន Hpakant ភាគខាងជើងនៃរដ្ឋ Kachin។ការជីកយករ៉ែថ្មយក់ នៅក្នុងសហភាពមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកកម្រៃបានមួយប្រភេទ ប៉ុន្តែឧស្សាហកម្មដែលមិនមានការគ្រប់គ្រងនេះ ត្រូវបានរងគ្រោះដោយការស្លាប់របស់កម្មករជាញឹកញាប់ រួមទាំងអ្នកស្លាប់ច្រើនជាង១៧០នាក់នៅក្នុងតំបន់ដូចគ្នា បន្ទាប់ពីបំណាក់ដីកាលពីឆ្នាំ២០២០ផងដែរ។យោងតាមក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា គំនរអាចម៍ដីដ៏ធំដែលមានកំពស់ប្រហែល១៥០ម៉ែត្រ ទៅ១៨០ម៉ែត្រ (៥០០ហ្វីត ទៅ៦០០ហ្វីត) ដែលបន្សល់ទុកដោយការជីកយករ៉ែ ត្រូវបានបន្ធូរដោយភ្លៀងធ្លាក់ខ្លាំង ហើយក៏បានបាក់ទៅជាបំណាក់ដី។ ប្រតិបត្តិការរបស់អណ្តូងរ៉ែត្រូវបានផ្អាកនៅរដូវវស្សា ប៉ុន្តែអ្នកដែលជាប់នៅក្នុងបំណាក់ដីនេះ ត្រូវបានគេជឿថាជាអ្នកស្រុក ដែលដើរស្វែងរកថ្មយក់នៅទីនោះ ដោយសង្ឃឹមថានឹងរកឃើញរបស់មានតម្លៃនៅក្នុងភក់៕

រដ្ឋមន្ត្រីក្រសួងដែនដី វាយតម្លៃខ្ពស់ចំពោះការវិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកកំពង់លែង

2023/08/16 11:39:00 am        293
កំពង់ឆ្នាំង៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ វិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មស្ថិតនៅតំបន់ ភ្នំទេ ពី ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម បានចាត់ទុកការវិនិយោគនេះ​ ជាការរួមចំណែកធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធដឹក​ជញ្ជូន​របស់​កម្ពុជា រួមចំណែកលើកម្ពស់សេដ្ឋកិច្ចជាតិ​ ជួយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាព​ល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានគូសរំលេចបែបនេះ​ ក្នុងពេលរូបលោក អញ្ជើញ​ចុះពិនិត្យ​ដំណើរការសាងសង់កំពង់ផែ​ និងសំណេះសំណាលជា​ មួយបុគ្គលិក និងកម្មករ ដែល​កំពុងបម្រើ​ការងារនៅទីនោះកាលពីពេលថ្មីៗនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​បានកោតសរសើរថ្នាក់ដឹកនាំ ក្រុម ហ៊ុន KLP.T TRANSPORTATION Co.,Ltd ដែល​មានឆន្ទៈច្បាស់លាស់ក្នុងការវិនិយោគ ហើយធ្វើ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធនានា​លេចចេញជារូបរាងយ៉ាងឆាប់រហ័ស។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានណែនាំថ្នាក់ដឹកនាំក្រុមហ៊ុនបុគ្គលិក កម្មករ​ ក៏ដូចជាប្រជាពលរដ្ឋត្រូវចេះរួមសហការគ្នាធ្វើឱ្យការវិនិយោគ​ទទួលបានជោគជ័យ ហើយ​កំពង់ផែ​ដំណើរការតាមការគ្រោងទុក ដើម្បីជាប្រយោជន៍រួម។ក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក និងកម្មករជាង៣០០នាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាជូនពួកគេម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និង មជ្ឈមណ្ឌលភស្តុភារកម្មថ្មីមួយ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ​ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះជាគម្រោងវិនិយោគ​ដ៏ធំជាលើកដំបូង ​ហើយសម្រាប់ទឹកដីស្រុកកំពង់លែង ​ខេត្តកំពង់ឆ្នាំង ជាមួយទឹកប្រាក់រហូតដល់ទៅជាង​ ៣០០លានដុល្លារអាមេរិក៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM