ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការពារជាតិចិន ព្រមានកោះតៃវ៉ាន់ ពីការលេងជាមួយភ្លើង អំឡុងពេលកិច្ចប្រជុំក្នុងប្រទេសរុស្ស៊ី

2023/08/16 01:58:32 pm        136
ចិន៖ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ បានព្រមានទល់នឹងការលេងជាមួយភ្លើង នៅពេលដែលកោះតៃវ៉ាន់ ស្ថិតនៅក្នុងរបាំងមុខរបស់សហរដ្ឋអាមេរិក ខណៈលោកបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិសុខនៅក្នុងប្រទេសរុស្ស៊ី។ដោយថ្លែងនៅក្នុងសន្និសិទទីក្រុងមូស្គូ ស្តីពីសន្តិសុខអន្តរជាតិ លោក លី បាននិយាយថា ការប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ទល់នឹងប្រទេសចិន នឹងប្រាកដជាបញ្ចប់ដោយការបរាជ័យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន បានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងមួយនេះ ហើយបានប្តេជ្ញាថា នឹងក្រសោបដីកោះនេះ ដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។ ចិនបានរិះគន់ម្តងហើយម្តងទៀតនូវអន្តរកម្មរបស់អាមេរិក ជាមួយកោះនេះ ដែលទីក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតជាផ្លូវការ រួមទាំងការលក់អាវុធរបស់អាមេរិកទៅទីក្រុងតៃប៉ិ ផងដែរ។ដំណើរទស្សនកិច្ចនេះ ជាដំណើរលើកទីពីររបស់លោក លី សម្រាប់ប្រទេសរុស្ស៊ី ចាប់តាំងពីទទួលតួនាទីជាប្រមុខការពារជាតិកាលពីដើមឆ្នាំនេះមក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងខណៈទីក្រុងប៉េកាំង បានបន្តពង្រឹងទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាការវាយលុកដោយឥតឈប់ឈររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ជាមួយនឹងផលប៉ះពាល់ជាសកលក៏ដោយ៕

អត្រាអត់ការងារធ្វើរបស់ចក្រភពអង់គ្លេសកើនឡើង ខណៈប្រាក់ឈ្នួលកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងកំណត់ត្រា

2023/08/16 01:54:34 pm        175
អង់គ្លេស៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា អត្រាអត់ការងារធ្វើរបស់ចក្រភពអង់គ្លេស បានកើនឡើងក្នុងរយៈពេលបីខែដល់ចុងខែមិថុនា ខណៈដែលប្រាក់ឈ្នួលបានកើនឡើងក្នុងល្បឿនលឿនបំផុតប្រចាំឆ្នាំ ពេលដែលសេដ្ឋកិច្ចកំពុងជួបផលលំបាកជាមួយនឹងអតិផរណាខ្ពស់។ ការិយាល័យស្ថិតិជាតិ (ONS) បាននិយាយថា ចំនួនមនុស្សដែលអត់ការងារបានកើនឡើងដល់៤,២ភាគរយបើធៀបនឹងតួលេខ ៤ភាគរយក្នុងរយៈពេលបីខែដល់ចុងខែឧសភា។ លោក Darren Morgan នាយកស្ថិតិសេដ្ឋកិច្ចនៅការិយាល័យ ONS បាននិយាយថា កំណើននោះគឺជាចម្បងដោយសារតែមនុស្សចំណាយរយៈពេលយូរក្នុងការស្វែងរកការងារ ជាងអ្នកដែលបានចាប់ផ្តើមស្វែងរកការងារនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេសបានកត់សម្គាល់ថា អត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេស គឺទាបជាងប្រទេសកាណាដា បារាំង អ៊ីតាលី អេស្ប៉ាញ និងតំបន់ចាយប្រាក់អឺរ៉ូ។ខណៈដែលអត្រាគ្មានការងារធ្វើ គឺខ្ពស់បំផុតចាប់តាំងពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១មក ក្រសួងបានបន្ថែមថា តួលេខនោះនៅតែទាបតាមស្តង់ដារប្រវត្តិសាស្ត្រ។ តួលេខការិយាល័យ ONS ក៏បានបង្ហាញផងដែរថា ប្រាក់ឈ្នួលទៀងទាត់មិនរាប់បញ្ចូលប្រាក់រង្វាន់ គឺខ្ពស់ជាង៧,៨ភាគរយក្នុងរយៈពេលបីខែដល់ចុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អង្គការលីកាដូ លើកឡើងថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងរួមចំណែកដល់រាជរដ្ឋាភិបាល

2023/08/16 01:37:50 pm        305
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ លើកឡើងថា ការរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោបល់ ​នឹងរួមចំណែកដល់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលត្រូវពង្រឹងការចុះពិនិត្យ​បញ្ហា​ដោយផ្ទាល់នៅមូលដ្ឋានកាន់តែដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ខណៈនៅសល់រយៈប៉ុន្មានថ្ងៃទៀត រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួនដ៏ខ្លីខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្លាប់មាន​ប្រសាសន៍លើកឡើងដល់រាជរដ្ឋាភិបាលខាងមុខ ឲ្យពិនិត្យ និងសម្រេចអំពីការ​បន្តស្ថាប័ន​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ លោក អំ សំអាត នាយកប្រតិបត្តិការអង្គការ​​លីកាដូ បានបង្ហាញការយល់ឃើញថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានគុណសម្បត្តិ​ទៅលើការចូលរួមពិគ្រោះ​ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់ ​សេចក្តីព្រាងអនុក្រឹត្យ បទដ្ឋានគតិយុត្តផ្សេងៗ។លោក អំ សំអាត បញ្ជាក់ថា ដើម្បីធានាឲ្យស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​កាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលអាចផ្តល់សិទ្ធិ​បន្ថែមដល់​សមាជិកទាំងអស់​ឲ្យការ​បំពេញតួនាទី និងកាតព្វកិច្ចទទួលបានព័ត៌មានងាយស្រួល​ ដើម្បីសម្រួលឲ្យការពិភាក្សា និងស្វែងរក​ដំណោះស្រាយទទួលបានប្រសិទ្ធភាព។ ក្នុងនីតិកាលទី៦កន្លងទៅ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាល​ពី​ខែកញ្ញា ឆ្នាំ២០១៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​មានគោលដៅបង្កើតនិងកំណត់​អំពី​ការរៀបចំនិងការប្រព្រឹត្តទៅន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្នុងគោលបំណង​លើកស្ទួយរបបនយោបាយប្រជា- ធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូល​នៃ​ទស្សនៈពហុគំនិត​ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ​ជាយន្តការពិគ្រោះនិងផ្តល់យោបល់របស់ គណបក្ស​នយោបាយជូនរាជរដ្ឋាភិបាល ​ក្រៅក្របខណ្ឌសភា ​ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាព ការងារ ដើម្បីជាប្រយោជន៍​ដល់ការបម្រើសេវាប្រជាជន ​និងការអភិវឌ្ឍសង្គមជាតិ ​ប្រកបដោយ សក្ដានុពល៕ អត្ថបទ សេក ឧត្តម

មូលនិធិជាតិជំនួយសង្គម នឹងដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមថ្មីៗ នៅឆ្នាំ២០២៤

2023/08/16 01:30:18 pm        182
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា កម្មវិធីជំនួយសង្គមមួយចំនួន នឹងត្រូវបញ្ចប់ ​ហើយកម្មវិធីជំនួយសង្គមថ្មីៗ ​នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៤​ ដើម្បីឆ្លើយតប និងជួយទ្រទ្រង់ជីវភាពជនងាយរងគ្រោះ។ ឯកឧត្តម សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានលើកឡើង​ក្នុង​វគ្គបណ្ដុះបណ្ដលដល់មន្រ្តីនៅថ្ងៃទី១៦ ​ខែសីហានេះថា ​ការអនុវត្តកម្មវិធីជំនួយសង្គមមួយចំនួន នឹងត្រូវបញ្ចប់​នៅឆ្នាំ ២០២៤ខាងមុខនេះ ដោយជំនួសដោយការដាក់​ចេញអនុវត្តកម្មវិធីជំនួយ​សង្គមថ្មី ​ដើម្បីជួយទ្រទ្រង់ជីវភាពជនងាយរងគ្រោះវិញផងដែរ។ កម្មវិធីដែលគ្រោងអនុវត្តឆ្នាំ ២០២៤ គឺសំដៅលើកម្មវិធី​កញ្ចប់​គ្រួសារ និងកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​យុវជនក្រីក្រប្រមាណ ១,៥លាននាក់ ដែលសម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងពីការផ្ដល់ជូន ការ​បណ្ដុះបណ្ដាលវិជ្ជាជីវៈ។មូលនិធិជាតិជំនួយសង្គម ជាស្ថាប័នថ្មីទើបបង្កើតឡើង ដែលមានភារកិច្ចពិសេសក្នុងការ​អនុវត្តកម្មវិធី​ជំនួយសង្គមនានា ​ក៏ដូចជាការបើកផ្ដល់ប្រាក់សោធនជូនមន្រ្តីរាជការស៊ីវិលចូលនិវត្ត ក៏ដូចជា​អតីតយុទ្ធជនទូទាំងប្រទេស។ កម្មវិធីជំនួយសង្គម ដែលបាននឹងកំពុងអនុវត្តនាពេលនេះ គឺមានដូចជា​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ ​និង​កុមារ​អាយុ​ក្រោម​ពីរឆ្នាំ ​ជា​កម្មវិធីអចិន្ត្រៃយ៍​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយរងគ្រោះកំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ​ជាកម្មវិធីមិនអចិន្ត្រៃយ៍៕ អត្ថបទ៖ គឹមហុក 

គណៈមេធាវី ប្ដេជ្ញាជំរុញការងារការពារក្ដីជូនពលរដ្ឋក្រីក្រជាមួយរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ

2023/08/16 01:24:37 pm        142
ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្ដេជ្ញាសហការ​ជាមួយរាជ​រដ្ឋា​ភិបាលថ្មី​ក្នុងអាណត្តិទី៧នេះ ​ដើម្បីជំរុញការងារការពារក្ដីជូន​ប្រជាពលរដ្ឋក្រីក្រ ដែលមាន​តម្រូវការមេធាវីការពារក្ដីនៅទូទាំង​ប្រទេសកម្ពុជា ​ខណៈគិតចាប់ពីខែមករាដល់ថ្ងៃទី ១៦​ ខែសីហា ឆ្នាំ២០២៣នេះ​ ក្រោមគម្រោងជំនួយរបស់រាជរដ្ឋាភិបាល គណៈមេធាវីបានការពារក្ដីជូន​ជនក្រីក្របានជាង ៣៧០០ករណី។ លោកមេធាវី គឹម រ័ត្នណារុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានថ្លែងប្រាប់ BTV នាថ្ងៃទី១៦ ខែសីហា ឆ្នាំ ​២០២៣នេះថា ​គណៈមេធាវី ក្រោមការដឹកនាំ​ដោយឯកឧត្ដម លី ច័ន្ទតុលា ​ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញនូវយន្តការការពារក្ដីជូនជនក្រីក្រនៅទូទាំងប្រទេសកម្ពុជា​ដោយក្នុងនោះ​មាន​មេធាវីស្ម័គ្រ​ចិត្តជាង ៥០០ នាក់បានស្ម័គ្រចិត្តចូលរួមការពារក្ដីជូនប្រជាពលរដ្ឋនៅទូទាំង​ប្រទេសកម្ពុជា។ លោកមេធាវី គឹម រ័ត្នណារុង បានថ្លែងអបអរសាទរចំពោះឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ ​ចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ​កម្ពុជា។ លោកបន្តថា ​គណៈមេធាវីប្ដេជ្ញាសហការជាមួយរដ្ឋាភិបាលក្នុងជំរុញការងារការពារក្ដី​ជូន​ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងអាណត្តិទី៧នេះ។សូមជម្រាបថា តាមរយៈគម្រោងការពារក្ដីជូនជនក្រីក្ររបស់រាជរដ្ឋាភិបាលគិត​ចាប់ពីខែមករា ដល់​ថ្ងៃទី ១៦ ​ខែសីហា ឆ្នាំ២០២៣នេះ ​គណៈមេធាវី​បានការពារក្ដីជូន​ជនក្រីក្រ​បានជាង ៣៧០០ ករណី៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងអប់រំ បើកការប្រកួតប្រជែងភាពច្នៃប្រឌិត លើការរចនាផលិតផល ​មេកាត្រ​និចកម្រិត​មធ្យមសិក្សា

2023/08/16 01:06:10 pm        606
ភ្នំពេញ៖ មូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍​ នៃក្រសួងអប់រំ​ យុវជន​ និងកីឡា ដោយមានកិច្ចសហការជាមួយ ​អង្គការស្ទែមកម្ពុជា ​នឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែង "ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា”។ព្រឹត្តិការណ៍ប្រកួតប្រជែង "ភាពច្នៃប្រឌិតលើការរចនាផលិតផលមេកាត្រូនិចកម្រិតមធ្យមសិក្សា” នេះផ្ដល់​ឱកាសដល់សិស្សានុសិស្សសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន​ទាំងអស់ អាចបញ្ចេញស្នាដៃ​ និងសមត្ថភាព ​ឬភាពប៉ិនប្រសប់របស់ខ្លួនជាសាធារណៈ។ ការរចនាផលិតផលមេកាត្រូនិច ត្រូវផ្សាភ្ជាប់ប្រធានបទណាមួយដែលទាក់ទង​នឹងការជួយ​ដល់​ការរស់នៅប្រចាំថ្ងៃ ឬអាចជួយដល់សង្គម។ការប្រកួតប្រជែង បើកឱកាសឱ្យសិស្សានុសិស្សអាចចូលរួមជាក្រុម​ដែលមានសមាជិកយ៉ាងច្រើន​ចំនួន៥នាក់។​ការប្រកួតមួយនេះ ​ក៏ជាវេទិកាដែលអាចឱ្យសិស្សានុសិស្សបង្ហាញអំពីភាពវៃឆ្លាត (ingenuity) ​ភាពច្នៃប្រឌិត (creativity) គុណប្រយោជន៍សំរាប់ប្រើប្រាស់​ (utility) រូបរាង សណ្ឋាន ឬទម្រង់ (form) និងការបង្កើតមុខងារ (Function)។ក្រុមសិស្សានុសិស្សដែលជាជ័យលាភីនឹង​ទទួល​បានថវិកា​គាំទ្រ​សម្រាប់ផលិតស្នាដៃការរចនា​ផលិត​ផល​មេកាត្រូនិច​ ព្រមទាំងថវិកាលើកទឹកចិត្តក៏ដូចជា​ទទួលបានការផ្សព្វផ្សាយ និង​ការតាំងបង្ហាញជាសាធារណៈផងដែរ។នីតិវិធីនៃការប្រកួតប្រជែងការឌីហ្សាញផលិតផលមេកាត្រនិច ​នឹងប្រព្រឹត្តិទៅជា ​៧ ដំណាក់កាល។ដំណាក់កាលទី ១ ​សិស្សានុសិស្សត្រូវធ្វើការចុះឈ្មោះ ​និងសរសេរពិព័ណ៌នាសង្ខេបពីគម្រោងរបស់ខ្លួនចាប់​ពីថ្ងៃបើកការប្រកួតជាផ្លូវការរហូតដល់ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ២០២៣។ដំណាក់កាលទី២ ​ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៣០ក្រុម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ដំណាក់កាលទី ៣ ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើសពីដំណាក់កាលទី២​ នឹងទទួលបានកញ្ចប់ថវិកា ​និងមានរយៈពេល ៣ សប្តាហ៍ដើម្បីរៀបចំវត្ថុគំរូតាមរយៈការធ្វើវីដេអូសម្រាប់គណៈកម្មការវាយតម្លៃនៅថ្ងៃទី ៨ ​ខែកញ្ញា ​ដល់ថ្ងៃទី​ ១ ខែតុលា ​ឆ្នាំ២០២៣។ ​ដំណាក់កាលទី ៤ ការប្រកាសលទ្ធផលលើអ្នកឈ្នះចំនួន ៥ -១០ ក្រុម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ដំណាក់កាលទី ៥ ក្រុមសិស្សានុសិស្សដែលបានជាប់ពីដំណាក់កាលទី៤ ​នឹងទទួល​បានការ​បណ្តុះ​បណ្តាល​បន្ថែមពីអ្នកជំនាញ ​និង​ទទួល​បាន​កញ្ចប់​ថវិកា​បន្ថែម ​ដំណាក់​កាលទី ៦ ​ការធ្វើវេទិកា​សាធារណៈ និងប្រកាសលទ្ធផល​នៃក្រុមជ័យលាភីនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។ដំណាក់កាលទី៧ ក្រុមទទួលបានជ័យលាភីចំនួន៣អាចត្រៀមខ្លួន ដើម្បីចូលរួមព្រឹត្តិការណ៍"បំណងប្រាថ្នា ”។ដូច្នេះសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍​ចំពោះកម្មវិធីប្រកួតខាងលើ​អាចធ្វើការចុះ​ឈ្មោះតាម​រយៈតំណភ្ជាប់ https://shorturl.at/frxOW ​ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ​២៧ ខែសីហា ឆ្នាំ២០២៣។​បើសិស្សានុសិស្សមានចម្ងល់ឬមានបំណងចង់សាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងនីតិវិធីនិង ដំណើរ​ការនៃព្រឹត្តិការណ៍​ សិស្សានុសិស្សអាចធ្វើការទាក់ទងដោយផ្ទាល់តាមរយៈតេឡេក្រាមលេខ ០១៤៣៨១ ២៧១ ។ អត្ថបទ៖ គឹមហុក

ប្រទេសអ៊ីរ៉ង់កាត់ទោសផលិតករភាពយន្តជុំវិញខ្សែភាពយន្តដែលត្រូវជ្រើសរើសដោយទីក្រុងCannes

2023/08/16 12:37:55 pm        138
អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា តុលាការមួយនៅក្នុងប្រទេសអ៊ីរ៉ង់ បានកាត់ទោសអ្នកដឹកនាំភាពយន្តដ៏ល្បីល្បាញ លោក Saeed Roustaee ឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែជុំវិញ ការចាក់បញ្ចាំងខ្សែភាពយន្តរបស់គាត់គឺរឿង «Leila's Brothers» នៅមហោស្រពភាពយន្តCannes កាលពីឆ្នាំមុន។រឿង «Leila's Brothers»ដែលជារឿងនិទានដ៏សម្បូរបែបនិងស្មុគស្មាញនៃគ្រួសារមួយ ដែលកំពុងតស៊ូជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានហាមឃាត់នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីការចេញផ្សាយរបស់ខ្លួន កាលពីឆ្នាំមុន។ខ្សែភាពយន្តនេះ បានប្រកួតប្រជែងដណ្តើមពានរង្វាន់ Palme d'Or នៅមហោស្រពCannes កាលពីឆ្នាំមុន។ វាបានខកខានមិនបានទទួលពានរង្វាន់កំពូល ប៉ុន្តែបានឈ្នះពានរង្វាន់របស់សហព័ន្ធអន្តរជាតិនៃអ្នករិះគន់ភាពយន្ត (FIPRESCI)។កាលពីថ្ងៃអង្គារ សារព័ត៌មានអ្នកកំណែទម្រង់ Etemad ប្រចាំថ្ងៃ បាននិយាយថា លោក Roustaee រួមជាមួយនឹងផលិតករភាពយន្ត លោក Javad Noruzbegi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ សម្រាប់ការបញ្ចាំងភាពយន្តនៅមហោស្រពភាពយន្តCannes។

ប្រទេសអ៊ុយក្រែនបានប្រើយានដ្រូនពិសោធន៍វាយប្រហារលើស្ពានរបស់រុស្ស៊ី

2023/08/16 12:19:01 pm        131
អ៊ុយក្រែន៖ សេវាកម្មសន្តិសុខអ៊ុយក្រែន (SBU) បានចេញផ្សាយវីដេអូផ្តាច់មុខដល់សារព័ត៌មានCNN ដែលបង្ហាញពីពេលវេលា នៅក្នុងខែកក្កដា នៅពេលដែលពួកគេ បានប្រើយានដ្រូនសមុទ្រពិសោធន៍ ដើម្បីវាយប្រហារស្ពានរបស់រុស្ស៊ី ទៅកាន់តំបន់គ្រីម៉េដែលបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ក្រុងមូស្គូ ដោយផ្តល់ព័ត៌មានលម្អិតថ្មីអំពីការវាយប្រហារ និងការព្រមានថានឹងមានការវាយប្រហារបន្ថែមទៀត។នេះគឺជាលើកទីមួយហើយដែលSBUបានប្រកាសទទួលខុសត្រូវដោយបើកចំហចំពោះប្រតិបត្តិការនេះ។ការវាយប្រហារកាលពីថ្ងៃទី១៧ ខែកក្កដា បានបណ្តាលឲ្យខូចខាតដល់គន្លងផ្លូវនៃស្ពាននោះ ហើយយោងទៅតាមក្រុមមន្រ្តីរុស្ស៊ី បានបណ្តាលឲ្យជនស៊ីវិលពីរនាក់ស្លាប់។ វាគឺជាការវាយប្រហារលើកទីពីរលើផ្លូវឆ្លងកាត់ដ៏សំខាន់ ហើយបានបង្ហាញពីការលំបាកក្នុងការការពារបណ្តាញតភ្ជាប់ឯករាជ្យតែមួយគត់របស់រុស្ស៊ីទៅកាន់ឧបទ្វីបនេះ។ស្ពាននេះ ត្រូវបានបើកដោយមានពិធីដ៏អធឹកអធមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ ២០១៨ ហើយជានិមិត្តរូបនៃបំណងប្រាថ្នារបស់លោកក្នុងការកាន់កាប់អ៊ុយក្រែន និងភ្ជាប់វាជាមួយប្រទេសរុស្ស៊ីជារៀងរហូត។ វាក៏ជាបណ្តាញផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅគ្រីម៉េផងដែរ៕

ប្រទេសចិនចង់ពង្រឹងទំនាក់ទំនងការពារជាតិជាមួយអ៊ីរ៉ង់ និងបេឡារុស

2023/08/16 12:16:39 pm        189
ចិន៖ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វី (Li Shangfu) បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការការពារជាតិរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ និងបេឡារុស ជាសម្ព័ន្ធមិត្តរុស្ស៊ីទាំងពីរ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។ការអធិប្បាយនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិ ដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មាន Semafor បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ កំពុងរៀបចំសាងសង់រោងចក្រផលិតយានដ្រូនៅក្នុងប្រទេសបេឡារុស ដែលជាការសម្រេចមួយ ដែលអាចបង្កើនសមត្ថភាពរបស់រុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែន។ប្រទេសចិន កំពុងប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការពង្រីកភាពជាដៃគូយោធារបស់ខ្លួនជាសកល ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ហើយភាគច្រើននៃការផ្តោតអារម្មណ៍នេះ គឺផ្តោតលើអាស៊ី អឺរ៉ាស៊ី និងចុងប៉ាស៊ីហ្វិក។អង្គការសហប្រតិបត្តិការសៀងហៃដែលដឹកនាំដោយប្រទេសចិន ដែលប្រទេសអ៊ីរ៉ង់ថ្មីៗនេះ បានក្លាយជាសមាជិក គឺជាយានមួយក្នុងចំណោមយានសំខាន់ៗរបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកលទ្ធភាពរបស់ខ្លួន។ នៅក្នុងសុន្ទរកថារបស់គាត់ លោក លី បានពណ៌នាបេឡារុសថា នឹងក្លាយជា«សមាជិកនៅពេលឆាប់ៗរបស់អង្គការនេះ៕

ប្រទេសប៉ូឡូញ បង្ហាញសាច់ដុំយោធាក្នុងក្បួនព្យុហយាត្រាដ៏ធំ ផ្ញើសារទៅរុស្ស៊ី ខណៈសង្រ្គាមកាន់តែខ្លាំងនៅអ៊ុយក្រែន

2023/08/16 12:13:45 pm        77
ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បានប្រារព្ធក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្រ្គាមត្រជាក់ បានកើតឡើង នៅទីក្រុងវ៉ាសូវី (Warsaw) កាលពីថ្ងៃអង្គារទី១៥សីហា ស្របពេលប្រទេសសមាជិកសម្ព័ន្ធយោធាណាតូមួយនេះ បានបង្ហាញសាច់ដុំយោធារបស់ខ្លួន ជាអ្វីដែលរដ្ឋាភិបាលនេះសង្ឃឹមថា នឹងជាសារមួយទាំងទៅកាន់ទីក្រុងមូស្គូ ទាំងអ្នកបោះឆ្នោតមុនការបោះឆ្នោតនៅខែតុលាឆ្នាំនេះ ។  ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យការពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្លាយជាអាទិភាពមួយសម្រាប់គណបក្សច្បាប់និងយុត្តិធម៌ក្រុមជាតិនិយម(PiS) ដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញ ទន្ទឹមនឹងយុទ្ធនាការបោះឆ្នោតដ៏ពេញទំហឹង ជាការបង្ហាញនូវអាវុធធុនធ្ងន់ដ៏សម្បើមនេះ បានហុចឱកាសមួយក្នុងការបំផ្លាញអត្តសញ្ញាណសន្តិសុខរបស់ខ្លួន។ក្បួនដង្ហែនៃទិវាព្យុហយាត្រាកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃខួបជ័យជម្នះរបស់ប្រទេសប៉ូឡូញលើកងទ័ពក្រហម ក្នុងសមរភូមិនៃរដ្ឋធានីវ៉ាសូវី កាលពីឆ្នាំ១៩២០ មានទាហានចំនួន២ពាន់នាក់ មកពីប្រទេសប៉ូឡូញ និងបណ្ដាប្រទេសផ្សេងទៀតនៃសមាជិកសម្ព័ន្ធយោធាណាតូ អមដោយគ្រឿងយុទ្ធោបករណ៍ចំនួន២០០ ប្រភេទ និងយន្តហោះចំនួន៩២គ្រឿង។ គ្រឿងយុទ្ធោបរករណ៍ដែលបានដាក់បង្ហាញ នោះ រាប់បញ្ចូលទាំង រថក្រោះអាប្រាហាំ M1A1 ទិញពីសហរដ្ឋអាមេរិក រថក្រោះ K2 និងកាំភ្លើងធំK9 ទិញពីកូរ៉េខាងត្បូង ក៏ដូចជាជើងទម្របាញ់គ្រាប់រ៉ូកែតចល័តទីរហ័សឬ HIMARS ប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត ( Patriot) និងយានប្រយុទ្ធថ្មើរជើងបូស៊ុក (Borsuk ) ផលិតនៅប្រទេសប៉ូឡូញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស៊ីរីបើកការស៊ើបអង្កេតការល្មើសច្បាប់ដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីក្រុង Sweida ក្រោយមនុស្សរាប់រយនាក់ត្រូវបានសម្លាប់
07/23/2025 05:07 PM
គណបក្សហ៊្វុនស៊ិនប៉ិច ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពបំពាន និងជេរប្រមាថព្រះមហាក្សត
07/23/2025 05:07 PM
ទួរគីនិងអង់គ្លេសចុះកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យទីក្រុងអង់ការ៉ាក្លាយ ជាអ្នកប្រើប្រាស់យន្តហោះចម្បាំង Eurofighter
07/23/2025 05:07 PM
រុស្ស៊ីចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិក អាកទិក និងសមុទ្របាល់ទិក
07/23/2025 05:07 PM
រដ្ឋបាលខណ្ឌ៧មករា បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នឹងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយ
07/23/2025 05:07 PM
សមាជិកសភាអាមេរិកគាំទ្រគម្រោងនាវាមុជទឹកអូស្ត្រាលី នៅក្នុងលិខិតរបស់មន្ទីរបញ្ចកោណ
07/23/2025 05:07 PM
ការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីក្នុងរដូវកាលនេះ អាចឡើងដល់ ៥៣-៥៥ លានតោន
07/23/2025 05:07 PM
អ៊ីស្រាអែល៖ ក្រុមហាម៉ាស គឺជាអ្នកបង្កឲ្យមានអ្នករបួស និងស្លាប់ នៅកន្លែងផ្តល់ជំនួយ
07/23/2025 04:07 PM
Amnesty ជំរុញឲ្យស៊ើបអង្កេតការវាយប្រហាររបស់អ៊ីស្រាអែល លើពន្ធនាគារ ក្នុងទីក្រុងតេអេរ៉ង់
07/23/2025 04:07 PM
អ៊ុយក្រែនអាចឲ្យលោក Trump ជួបស្ថានការណ៍អាក្រក់ ដូចលោក Biden ជួបនៅអាហ្វហ្គានីស្ថាន
07/23/2025 04:07 PM