TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្ដាល ដឹកនាំសមាជិកបក្សជាង ៥ពាន់នាក់ ហែក្បួនក្នុងថ្ងៃបិទយុទ្ធនាការ

2023/07/21 03:21:34 pm        141
កណ្ដាល៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៥ ០០០នាក់។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្តកណ្ដាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិការ និងប្រជាពលរដ្ឋគណបក្ស​ប្រជាជនកម្ពុជា ចំនួនប្រមាណ ៥ពាន់នាក់ ក្នុងនោះឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋដែលជា​ម្ចាស់ឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ​និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមាន​លេខរៀងទី ១៨ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍ បន្ថែមទៀត ជាពិសេសការរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ព្រោះប្រទេសមាន​សុខសន្តិភាព គឺមានការអភិវឌ្ឍ និងធ្វើឲ្យប្រជាពលរដ្ឋមាន ជីវភាពកាន់តែធូធារ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ដូចបងប្អូនបានឃើញស្រាប់ហើយថា ​រាជរដ្ឋាភិបាលនៅក្នុង​អាណត្តិមុនៗ ​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ គឺបានគិតគូរណាស់អំពីការរស់នៅរបស់​ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​ ក្នុងនោះការអភិវឌ្ឍ​ផ្នែកចំណេះដឹង បានជួយយុវជនកម្ពុជា ​ដែលជា​យុវជន​ពោរពេញ​ទៅដោយសក្តានុពល ​បានចូលរួមជាមួយសង្គម ​និងការបញ្ចេញមតិយោបល់​ផ្សេងៗ ដូច្នេះនាឱកាសបោះឆ្នោតខាងមុខ​ យុវជនត្រូវជួយ​គៀងគរ និងបង្ហាញដល់ប្រជាពលរដ្ឋ​អំពីការគិតគូ ​និងយុទ្ធសាស្រ្តគោលនយោបាយ ​របស់គណបក្ស ​និងត្រូវរួមចិត្ត រួមកម្លាំង រួមសកម្មភាព ​ពុះពារសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្ត ​តាមយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន កម្ពុជា ​គឺពង្រីកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី ៧ ដោយឈរមូលដ្ឋាន​ជោគជ័យជាបន្តទៀត ។ក្នុងពិធីនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានយកឱកាសនៃថ្ងៃបិទយុទ្ធនាការ សម្តែងនូវអំណរគុណ, ការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស​គ្រប់លំដាប់ថ្នាក់, សមាជិក-សមាជិកាបក្ស និងប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ ​ទូទាំងខេត្តកណ្តាល, ជាពិសេសក្នុងស្រុកកៀនស្វាយផ្ទាល់, ដែលបានខិតខំចូលរួមក្នុងការឃោសនា ជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ។ បន្ទាប់ពីសំណេះសំណាលរួច, ឯកឧត្តមអគ្គបណ្ឌិតសភា ចារ្យ រួមជាមួយសមាជិក-សមាជិកាបក្សទាំងអស់ បានហែក្បួនឃោសនា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នេះ ទៅតាមឃុំ នានាទូទាំងស្រុក នៅក្នុងខេត្តកណ្តាល ប្រកបទៅបរិយាកាសសប្បាយរីករាយ៕អត្ថបទ៖ សុន រ៉ាឌី,

ឯកឧត្តម ឡាំ ជា ដឹកនាំធ្វើយុទ្ធនាការរកសំឡេងឆ្នោត ក្នុងថ្ងៃបិទបញ្ចប់ នៅស្រុកគាស់ក្រឡ

2023/07/21 03:17:09 pm        194
បាត់ដំបង៖ ឯកឧត្តម ឡាំ ជា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះមូលដ្ឋាន​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង តំណាងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារ បានដឹកនាំ​ធ្វើយុទ្ធនាការ​រក​សំឡេង​ឆ្នោត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់ នៅមូលដ្ឋានស្រុកគាស់ក្រឡ ។ក្នុងយុទ្ធនាការនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង អនុប្រធាន​ក្រុម​ការងារ​ចុះ​ជួយស្រុកគាស់ក្រឡ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំព្រះផុស, លោក​ជំទាវបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ រួមទាំង​អនុប្រធាន​ក្រុម​ការងារ សមាជិក សមាជិកា រួមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករ ។ក្នុង​ឱកាសនោះ ឯកឧត្តម ឡាំ ជា បានសម្តែងក្តីមោទនៈ ចំពោះការចូលរួមយ៉ាងសកម្មសមាជិក សមាជិកា ក្នុងការឃោសនារកសម្លេងឆ្នោះរយៈពេល ២០ថ្ងៃកន្លងមកនេះ ហើយថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទី​២១ និ​ងជាថ្ងៃត្រូវបិទបញ្ចប់យុទ្ធនាការ។ឯកឧត្តមអនុប្រធានក្រុមការងារ បានកត់សម្គាល់អំពីសកម្មភាពដ៏ល្អកន្លងមក របស់​ក្រុម​ការងារ​តាម​បណ្ដា​ឃុំ បានខិតខំផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជាគណបក្សមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះអាយុជីវិតប្រទេសជាតិ និង​ប្រជាជន​កម្ពុជា។ ជាមួយនេះ ឯកឧត្តម បានអំពាវនាវទៅពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ស្ថិត​នៅ​លេខ​រៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ និង​ដើម្បី​បន្ត​គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និង​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋ​មន្ត្រី​បន្ត​វេន​ដឹកនាំ​ប្រទេស​ជាតិ​នា​ពេល​អនាគត៕ អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម ម៉ា ឈឿន និងឯកឧត្តម ម៉ឹង មករា ដឹកនាំក្រុមការងារចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ស្រុកជើងព្រៃ ខេត្តកំពង់ចាម

2023/07/21 02:58:47 pm        235
កំពង់ចាម៖ នាថ្ងៃសុក្រទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ា ឈឿន បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ,ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារជនបង្គោល និងយុវជនគណបក្ស ចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ការចូលរួមហែក្បួនយុទ្ធនាការ នាពេលនេះ បានបង្ហាញនូវឆន្ទៈគាំទ្រ ចូលរួមរាល់សកម្មភាពគណបក្ស និងគោលជំហរស្មោះស្ម័គ្ររបស់សមាជិក សមាជិកាគណបក្សទាំងអស់ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ការចូលរួមហែក្បួនយុទ្ធនាការនេះ ក៏បានបង្ហាញនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តសកម្មភាពគោលនយោបាយគណបក្ស នៅក្នុងមូលដ្ឋាន និងដើម្បីកំណត់បាននូវប្រៀបឈ្នះជាមុន របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតបន្តបន្ទាប់ទៀត។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករក្នុងការពង្រឹងការងារឃោសនាអប់រំ​គោល​នយោបាយ​បក្ស និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោល​នយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាង​ដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។នាថ្ងៃដដែល ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានដឹកនាំក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរតាមខ្នងផ្ទះ ព្រមទាំងអាជីវករនៅផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយគណបក្ស ជម្រុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានលើកទឹកចិត្ត និងស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត​ឱ្យ​បានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីបន្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ​នៅអាណិត្តទី៧ និងគាំទ្របក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ​នាពេលអនាគត​ ដើម្បីដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិយើង​ឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។ប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ មានកម្មសិទ្ធិដីធ្លី លំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយ​ប្រទេស​ជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ​និងមានការអភិវឌ្ឍពេញលេញ ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន​កម្ពុជា។ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមក​ក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ​ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យ​សុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិ​ដ៏មាន​សារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕

លោក Josep Borrell ៖ សហភាពអឺរ៉ុប នឹងបង្កើតកញ្ចប់ថវិកាបុព្វហេតុ២០ពាន់លានអឺរ៉ូសម្រាប់វិស័យការពារជាតិអ៊ុយ ក្រែន

2023/07/21 02:41:01 pm        84
 អឺរ៉ុប៖ ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុបលោក Josep Borrell និយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបនឹងផ្តល់ថវិកា៥ពាន់លានអឺរ៉ូ(ស្មើនឹង ៥,៥៧ពាន់លានដុល្លារ)ក្នុង១ឆ្នាំសម្រាប់រយៈពេល ៤ឆ្នាំបន្ទាប់ ដល់តម្រូវការវិស័យការពារជាតិអ៊ុយក្រែន តាមរយៈមធ្យោបាយនៃការផ្តោតលើបុព្វហេតុ ក្រោមគម្រោងសន្តិភាពអឺរ៉ុប ។  លោក Borrell បាននិយាយផងដែរថា ទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយប្រទេសទួរគីមាន ២ច្រក ។  ក្រោយជំនួបក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប ស្តីពីការផ្លាស់ប្តូរទស្សនៈលើកម្មវត្ថុគោលនយោបាយបរទេសដូចជាទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយទួរគី លោក Borrellនិយាយប្រាប់ក្រមអ្នកសារព័ត៌មានថា វាមិនត្រឹមតែជាអ្វីដែលសហភាពអឺរ៉ុបរំពឹងពីទួរគីនោះឡើយ តែវាគឺជាអ្វីដែលទួរគីរំពឹងទទួលបានពីសហភាពអឺរ៉ុបផងដែរ  គួរឲ្យដឹងថា ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប ត្រូវបានគេបង្ហាញផែនការមូលនិធិនៅក្រុមប្រឹក្សាបរទេសកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកិច្ចពិភាក្សាលម្អិតជាងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣១ ខែសីហាខាងមុខ នៅជំនួបរបស់ពួកគេ ក្នុងទីក្រុង Toledo របស់ប្រទេសអេស្ប៉ាញ ។  ប្រទេសដែលជារដ្ឋសមាជិកមួយចំនួន ដូចជាហុងគ្រី អាចនឹងជំទាស់គំនិតមួយនេះ ហើយការឯកភាពនយោបាយផ្តាច់ព្រ័ត្រ ពុំត្រូវបានគេរំពឹងនឹងធ្វើឡើងនោះទេ រហូតដល់ក្រុមមេដឹកនាំអឺរ៉ុបជួបជុំគ្នានៅជំនួបកំពូលសហភាពអឺរ៉ុប នៅខែតុលា ឬនៅខែធ្នូខាងមុខ ។   សូមបញ្ជាក់ថា គម្រោងសន្តិភាពអឺរ៉ុប (EPF)ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ គឺជាមធ្យោបាយដើម្បីចាត់វិធានការហិរញ្ញវត្ថុដែលនឹងការពារជម្លោះ បង្កើតសន្តិភាព និងពង្រឹងសន្តិសុខអន្តរជាតិ ។ ដំបូងឡើយ គម្រោងមួយនេះ មានតម្លៃត្រឹមតែ ៦,៣ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពលនោះមក វាបានកើនឡើងដល់ ១៣,៤ពាន់លានដុល្លារ ៕

គណបក្សដំណើរឆ្ពោះទៅមុខរបស់ប្រទេសថៃ បើកផ្លូវឲ្យគណបក្សភឿថៃបង្កើតរដ្ឋាភិបាលបន្ទាប់

2023/07/21 02:36:45 pm        102
ថៃ៖ មន្ត្រីជាន់ខ្ពស់មួយរូប នៅថ្ងៃសុក្រ (ទី២១ ខែកក្កដា) បាននិយាយថា គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) ដែលឈ្នះការបោះឆ្នោតរបស់ប្រទេសថៃ នឹងអនុញ្ញាតឲ្យគណបក្សសម្ព័ន្ធមិត្ត គឺគណបក្សភឿថៃដឹកនាំការបង្កើតរដ្ឋាភិបាល បន្ទាប់ពីបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស បរាជ័យក្នុងការទទួលបានការគាំទ្រពីសភា។អគ្គលេខាធិការរបស់គណបក្សនេះ លោក Chaithawat Tulaton បានប្រាប់សន្និសីទសារព័ត៌មានថា គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) នឹងគាំទ្របេក្ខភាពរបស់គណបក្សភឿថៃណាម្នាក់ដែលស្នើសម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសភា ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា។គណបក្សសម្ព័ន្ធភាពទាំង៨ បានគាំទ្រមេដឹកនាំវ័យ ៤២ឆ្នាំរបស់គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) គឺលោក Pita Limjaroenrat សម្រាប់តួនាទីនេះ ប៉ុន្តែមេដឹកនាំរូបនេះ មិនអាចទទួលបានការគាំទ្រ ក្នុងការបោះឆ្នោតនៃសភាទាំង២ នៅថ្ងៃទី១៣ ខែកក្កដានោះឡើយ ហើយការស្នើឈរឈ្មោះជាថ្មីម្ដងទៀតរបស់លោក នៅ ៦ថ្ងៃក្រោយមក ត្រូវបានរារាំងដោយសមាជិកសភា។គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) និងភឿថៃ (Pheu Thai) មានអាសនៈរៀងខ្លួន ១៥១ និង ១៤១ នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០រូប ប៉ុន្តែសម្ព័ន្ធភាពត្រូវការការគាំទ្រជាងពាក់កណ្តាលនៃសំឡេងរួមបញ្ចូលគ្នាពីសភាទាំង២ ក្នុងនោះរួមទាំងសំឡេងពីព្រឹទ្ធសភាជាន់ខ្ពស់ដែលត្រូវបានតែងតាំងដោយពួកយោធា ដែលបានរារាំងការប៉ុនប៉ងរបស់លោក Pita ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។យ៉ាងណាក្ដី នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក Prayut Chan-o-cha កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) បានអំពាវនាវឲ្យគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ុនប៉ងរបស់បេក្ខជននៃគណបក្សដ៏មានប្រជាប្រិយភាព ដើម្បីស្នងតំណែងតពីរូបលោក ត្រូវបានរារាំងដោយសមាជិកសភាយោធា និងរាជានិយមនេះ៕

គណបក្សនយោបាយនៅខេត្តស្វាយរៀង ធ្វើយុទ្ធនាបិទឃោសនាទ្រង់ទ្រាយធំថ្ងៃចុងក្រោយ

2023/07/21 02:35:00 pm        79
ស្វាយរៀង៖ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ចូលមកដល់នៅថ្ងៃអាទិត្យនេះ គណបក្សនោយបាយនៅខេត្តស្វាយរៀង ពិសេសគណបក្សប្រជាជន​កម្ពុជា បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំជាថ្មីម្តងទៀតនៅថ្ងៃចុងក្រោយ នៃការហែក្បួនឃោសនា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ដោយធ្វើការហែក្បូន នៅគ្រប់បណ្តាស្រុកទូទាំងខេត្ត។យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបញ្ជាក់ថា នៅថ្ងៃចុង​ក្រោយនៃការឃោសនារកសម្លេងឆ្នោតនេះ មានគណបក្សនយោបាយបីតែប៉ុណ្ណោះដែល​បានធ្វើកម្មភាព ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង មានការជួបជុំ​នៅទីស្នាក់ការ​បក្សរបស់​ខ្លួននៅទូទាំងខេត្ត​ មុនហែចេញទៅកាន់គោលដៅរៀងឃុំរៀងៗខ្លួន។ ជាក់ស្តែង ​នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ​មានការជួបជុំសមាជិក អ្នកគាំទ្រ ១២០០០នាក់​ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង, ស្រុករមាសហែក ១០០០០នាក់, ស្វាយជ្រុំជាង៧០០០នាក់ និងស្រុកកំពង់រោទិ៍ ១៥០០នាក់ ។មានប្រសាសន៍ទៅកាន់អ្នកគាំទ្រសម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរអរគុណ ​និងកោតសសើរ​ដល់សមាជិក ​ដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ​រយៈពេលជាង២០ថ្ងៃនេះ ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ និង​គោរព​ទៅតាមច្បាប់នៃការបោះឆ្នោត។សម្តេច ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅ​បោះឆ្នោត​ទាំងអស់គ្នា ​នៅថ្ងៃទី២៣ ខែកក្កដានេះ។ក្នុងខេត្តស្វាយរៀង ការហែក្បួនឃោសនាថ្ងៃចុងក្រោយនេះ ក្រៅពីសម្តេច​ ម៉ែន សំអន, មាន​ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ​ដឹកនាំហែក្បួនឃោសនា, ស្រុករមាសហែក​ ដឹកនាំដោយឯកឧត្តម ប្រធានក្រុមការងារស្រុក សៅ សុខា, ស្រុកកំពង់រោទិ៍ ឯកឧត្តម កឹង ឃន, ក្រុងបាវ៉ិត ដឹកនាំក្បូនដោយឯកឧត្តម លី ធុច, ស្រុកចន្ទ្រា ដឹកនាំដោយ ឯកឧត្តម ម៉ឹង សំផន, ស្រុកស្វាយទាប ឯកឧត្តម ម៉ក់ សារុន, ស្រុករំដួលដឹកនាំដោយ​ឯកឧត្តម ខ្វាន់ សៀម ​និងស្រុកស្វាយជ្រុំដឹកនាំដោយ ​ឯកឧត្តម ចៅ ភិរុណ។យុវជនគណបក្សប្រជាជនកម្ពុជា ​ដែលបានចូលរួមក្នុងយុទ្ធនាការឃោស ​សុទ្ធតែបានបង្ហាញ​ពី​ការ​ត្រៀម​ខ្លួនរួចរាល់​ដើម្បី​ទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ​ហើយបានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​នានា​ដែលមានឈ្មោះបោះឆ្នោត ទៅចូលរួមទាំងអស់គ្នា ហើយកុំជឿទៅលើការឃោសនាណាមួយ​ដែលរារាំងដល់ការបោះឆ្នោត។យោងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បញ្ជាក់ថា គណបក្សនយោបាយដែល​បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ​និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលបោះឆ្នោតខេត្តស្វាយរៀងមាន១៣គណបក្សប្រជែងកៅអីតំណាងរាស្ត្រ០៥អាសនៈ រូមមានគណបក្សប្រជាជនកម្ពុជា​ យុវជនកម្ពុជា ខ្មែររូបរួមជាតិ ធម្មាធិបតេយ្យ សញ្ជាតិកម្ពុជា ខ្មែរតែមួយ ខ្មែរអភិរក្ស ហ៊្វុនស៊ិនប៉ិច សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្រជាធិបតេយ្យមូលដ្ឋាន ជនជាតិដើម្បីប្រជាធិបតេយ្យ ស្ត្រីដើម្បីស្ត្រី និងគណបក្សខ្មែរឈប់ក្រ។ នៅទូទាំងខេត្តស្វាយរៀង​មានអ្នកចុះឈ្មោះបោះឆ្នោត ៤១៥ ៩២១នាក់ និង៩៨៤ការិយាល័យបោះឆ្នោត៕ អត្ថបទ៖ គង់ ហួន

ឯកឧត្តម គន់ គីម ដឹកនាំសមាជិក-សមាជិការជាង១ម៉ឺននាក់បិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកអន្លង់វែង

2023/07/21 02:21:17 pm        254
ឧត្តរមានជ័យ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកអន្លង់វែង ដោយមានការចូលរួមពីសមាជិក-សមាជិកា និងអ្នកគាំទ្រចូលរួមជាង១ម៉ឺននាក់។ នាឱកាសនោះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍ ក៏ដូចក្នុងសង្គមជាតិទាំងមូល ហើយខិតខំបញ្ចេញអស់កំលាំងកាយ កំលាំងចិត្តដើម្បីចូលរួមកសាងអភិវឌ្ឍន៍ និងការពារប្រទេសជាតិ ។ ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ដោយឡែកក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិកាន់តែមានការប្រែប្រួល រីកចម្រើនលើគ្រប់វិស័យ ជីវភាពប្រជាជនក៏ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់គួរឱ្យមានមោទនភាព ។ ឯកឧត្តម គន់ គីម បញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺជាផ្លែផ្កាដ៏ថ្លៃថ្លារបំផុតនៃកំលាំងសាមគ្គីរបស់ប្រជាជាតិទាំងមូល ជាពិសេសនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាល និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាមួយនឹងការឧបត្ថម្ភជាសាច់ប្រាក់ដល់អ្នករងគ្រោះ ដោយសារវិបត្តិកូវីដ-១៩ និងឈានទៅដល់ការបើកប្រទេសទាំងស្រុងឡើងវិញ។ឯកឧត្តម គន់ គីម ថ្លែងថា គណបក្សប្រជាជនកម្ពុជាសូមប្រកាសជាឧឡារឹកថា ក្រោយពេលបោះឆ្នោតគណបក្សនឹង បន្តពង្រឹងពង្រីកកំលាំងសាមគ្គីជាតិ ប្ដេជ្ញារក្សាសន្តិភាព ជុំរុញការកសាង និងអភិវឌ្ឍន៍ខេត្តយើងឱ្យទទួល បានសមិទ្ធផលថ្មីៗថែមទៀតលើគ្រប់វិស័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ឧត្តុង្គឧត្តម របស់បងប្អូន។ ឯកឧត្តម គន់ គីម បានអំពាវនាវដល់សមាជិក-សមាជិកា និងប្រជាពលរដ្ឋអ្នកគាំទ្រដែលចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់អាយុ និងមានប័ណ្ណបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ និងមានរូបទេវតាបាចផ្កាជាសំគាល់៕

ទីក្រុងសេអ៊ូល៖ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងមានន័យថាជាការបញ្ចប់របបនេះ

2023/07/21 02:12:25 pm        93
កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូល បានប្រាប់កូរ៉េខាងជើងកាលពីថ្ងៃសុក្រថា ការប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួន នឹងមានន័យថា ជាការបញ្ចប់នៃរបបរបស់លោកគីម ជុងអ៊ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានគំរាមកំហែងសងសឹកនុយក្លេអ៊ែរទៅនឹងការបង្កើនការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកនៅលើឧបទ្វីបនេះ។ទំនាក់ទំនងរវាងកូរ៉េទាំងពីរ គឺស្ថិតនៅចំណុចទាបបំផុតដែលមិនធ្លាប់មាន ដោយកូរ៉េខាងជើង បានបង្កើនការសាកល្បងអាវុធ ខណៈដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បង្កើនកិច្ចសហប្រតិបត្តិការយោធា។រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងព្យុងយ៉ាង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចកំពង់ផែរបស់នាវាមុជទឹកដែលបំពាក់ដោយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងប៊ូសាន នៅសប្តាហ៍នេះ ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៨១ អាចបំពេញតម្រូវតាមច្បាប់សម្រាប់កូរ៉េខាងជើងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន។កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់នុយក្លេអ៊ែរដ៏ធំទូលាយមួយ ដោយបានដាក់ចេញនូវសេណារីយោមួយចំនួនដែលមានលក្ខណៈមិនច្បាស់លាស់ ដែលប្រទេសនេះ អាចប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួន រួមទាំងការវាយប្រហារនុយក្លេអ៊ែរជាមុន ប្រសិនបើមានការគំរាមកំហែង។ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រនៅថ្ងៃសុក្រនេះថា ដូចដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន«បានបញ្ជាក់យ៉ាងច្បាស់»ពីមុនហើយ«ការវាយប្រហារនុយក្លេអ៊ែរណាមួយលើសម្ព័ន្ធមិត្ត នឹងប្រឈមមុខនឹងការឆ្លើយតបភ្លាមៗដ៏លើសលប់ និងដោយគ្មានការរារែក៕

អាមេរិក៖ អ៊ុយក្រែនកំពុងប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងមានប្រសិទ្ធភាព

2023/07/21 02:00:08 pm        292
អាមេរិក៖ សេតវិមាន បានអះអាងថា អ៊ុយក្រែនកំពុងប្រើប្រាស់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកប្រឆាំងកងកម្លាំងរុស្ស៊ី នៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby បាននិយាយចំពោះការឆ្លើយតបបឋមថា គ្រាប់បែកកំពុងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព លើទីតាំងការពារនិងប្រតិបត្តិការរបស់រុស្ស៊ី ។ ការពង្រាយគ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយប្រទេសជាង១០០ ដោយសារតែការគំរាមកំហែងដល់ជនស៊ីវិល។ សហរដ្ឋអាមេរិក បានព្រមព្រៀង ផ្គត់ផ្គង់គ្រាប់បែកប្រភេទនេះ ដើម្បីជំរុញការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន។ អ៊ុយក្រែន បានសន្យាថា គ្រាប់បែកទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបណ្តេញការប្រមូលផ្តុំទាហានសត្រូវរុស្ស៊ី។ លោក Kirby និយាយថា ទាហានអ៊ុយក្រែនកំពុងប្រើប្រាស់គ្រាប់បែកទាំងនេះយ៉ាងសមស្រប។ ពួកគេកំពុងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ហើយគ្រាប់បែកនេះពិតជាមានផលប៉ះពាល់លើការបង្កើតការការពាររបស់រុស្ស៊ី និងល្បិចកលការពាររបស់រុស្ស៊ី។ សហរដ្ឋអាមេរិក បានសម្រេចថាបញ្ជូនគ្រាប់បែកចង្កោម បន្ទាប់ពីអ៊ុយក្រែនបានព្រមានថា ខ្លួនបានប្រើប្រាស់អស់គ្រាប់រំសេវ អំឡុងការវាយបកក្នុងរដូវក្តៅរបស់ខ្លួន ដែលបានធ្វើឲ្យយឺតយ៉ាវ និងបាត់បង់ច្រើនជាងការដែលបានរំពឹងទុក។ ប្រធានាធិបតីលោក Joe Biden បានហៅការសម្រេចចិត្តនេះថា មានការលំបាក ខណៈសម្ព័ន្ធមិត្តរបស់ខ្លួន មានចក្រភពអង់គ្លេស កាណាដា និងនូវែលហ្សេឡង់ និងប្រទេសអេស្បាញ ប្រឆាំងការប្រើប្រាស់នេះ។

លោក Zelenskiy ៖ កងកម្លាំងរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជិត ៧០គ្រាប់លើអ៊ុយក្រែនក្នុងសប្តាហ៍នេះ

2023/07/21 01:56:27 pm        84
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជិត ៧០គ្រាប់ទៅលើទឹកដីអ៊ុយក្រែនក្នុងសប្តាហ៍នេះ ក៏ដូចជាវាយប្រហារដោយយានដ្រូនផ្ទុកគ្រាប់រំសេវ Shahed ផលិតនៅប្រទេសអ៊ីរ៉ង់ជិត ៩០គ្រឿង ។  ក្រុមមន្រ្តីនិយាយថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ហើយនិងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងកំពង់ផែសមុទ្រខ្មៅ Odesaកាលពីដើមសប្តាហ៍នេះ ។  ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីការសន្យាសងសឹកដោយរុស្ស៊ី ក្រោយការបំផ្ទុះគ្រាប់បែកនៅស្ពានតភ្ជាប់រុស្ស៊ីជាមួយឧបទ្វីបគ្រីម៉េ កាលពីថ្ងៃចន្ទ ។ ទីក្រុងម៉ូស្គូ បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារស្ពានមួយនេះ ដែលប្រើប្រាស់ដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់យោធាទៅកាន់តំបន់គ្រីម៉េ ដែលត្រូវបានរឹបអូស និងដាក់បញ្ចូលជាឧបសម្ព័ន្ធដោយរុស្ស៊ី កាលពីឆ្នាំ ២០១៤ ។  លោក Zelenskiy និយាយថា លោកបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhalពិចារណាលើការជំនួសតំណែងរដ្ឋមន្រ្តីវប្បធម៌អ៊ុយក្រែន លោក Oleksandr Tkachenkoដោយសាររឿងបែងចែកធនធានថវិកា ។  លោកនិយាយថា នៅថ្ងៃនេះ ពួកយើងមាននូវការសម្រេចចិត្តដ៏សំខាន់ពីធនាគារជាតិអ៊ុយក្រែន ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុប្រតិបត្តិការនៅក្នុងប្រទេសរបស់ពួកយើង និងគ្រប់គ្រងដោយក្រុមមូលធននិយមរុស្ស៊ី ។ ពួកគេត្រូវបានដាក់ទណ្ឌកម្មនៅក្រោមដែនសមត្ថកិច្ចជាច្រើន ។   លោកបន្តថា សន្តិសុខជាតិ និងក្រុមប្រឹក្សាជាតិ បានដាក់ទណ្ឌកម្មលើស្ថានប័នទាំងនេះ ហើយបច្ចុប្បន្នវាដល់ពេលដែលរដ្ឋមន្រ្តីនៃគណៈរដ្ឋមន្រ្តីអ៊ុយក្រែន គួរគិតគូរជាបន្ទាន់លើសំណើរពាក់ព័ន្ធធនាគារកណ្តាល ហើយនិងគាំទ្រពួកគេ ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុទាំងនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] មនុស្ស ៤នាក់ស្លាប់ និង ៥០នាក់បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកវាយប្រហារទីក្រុងតំបន់ហិម៉ាឡៃ ប្រទេសឥណ្ឌា
08/05/2025 08:08 PM
អំណោយសប្បុរសធម៌ជាច្រើនរបស់សហជីព និងកម្មកររោងចក្រ បានផ្តល់ជូនជនភៀសសឹកនៅខេត្តព្រះវិហារ
08/05/2025 08:08 PM
ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន
08/05/2025 08:08 PM
លោក Netanyahu ៖ វាចាំបាច់ត្រូវបញ្ចប់គោលបំណងសង្រ្គាមហ្កាហ្សា
08/05/2025 08:08 PM
UNICEF៖ ការកាត់បន្ថយមូលនិធិ ធ្វើឲ្យកុមារស៊ូដង់ធ្លាក់ទៅកៀកកម្រិតគ្រោះថ្នាក់សង្គ្រោះមិនបាន
08/05/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ក្រោយរុស្ស៊ីប្រើប្រាស់យានដ្រូនវាយប្រហារតំបន់ Kharkiv របស់អ៊ុយក្រែន
08/05/2025 07:08 PM
ឥណ្ឌាចោទប្រកាន់ EU និងអាមេរិកថា ប្រើប្រាស់ស្តង់ដារ ២ ជុំវិញពាណិជ្ជកម្មរុស្ស៊ី
08/05/2025 07:08 PM
គណៈរដ្ឋមន្ត្រីលីបង់ ជួបប្រជុំ ដើម្បីពិភាក្សា អំពីអាវុធរបស់ក្រុមហេសបូឡា ក្រោយមានសម្ពាធពីអាមេរិក
08/05/2025 07:08 PM
ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យដងផ្លូវប្រែក្លាយជាដងទន្លេនៅតំបន់ភាគខាងត្បូងប្រទេសចិន
08/05/2025 07:08 PM
UNICEF៖ អ៊ីស្រាអែលសម្លាប់កុមារប៉ាឡេស្ទីនជាមធ្យម ២៨នាក់ជារៀងរាល់ថ្ងៃនៅតំបន់ហ្កាហ្សា
08/05/2025 07:08 PM