សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុន ពិបាក ឬមិនអាចបំពេញតំណែងប្រតិបត្តិសម្រាប់បុគ្គលិកស្រី

2023/07/20 01:25:30 pm        83
ជប៉ុន៖ ការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញថា ចំនួនភាគច្រើនដ៏លើសលប់នៃក្រុមហ៊ុនជប៉ុន គិតថា ពួកគេពិបាក ឬមិនអាចតែម្តង ដើម្បីបំពេញតំណែងប្រតិបត្តិការចំនួន ៣០ភាគរយសម្រាប់បុគ្គលិកស្រី នៅឆ្នាំ ២០៣០ខាងមុខនេះ ។  លទ្ធផលខាងលើ បញ្ជាក់ពីការលំបាកដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣របស់ពិភពលោកមួយនេះ ប្រឈម ដើម្បីបិទគំលាតយេនឌ័រ ។   កាលពីខែមិថុនាកន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានកំណត់គោលដៅឲ្យមានតំណែងប្រតិបត្តិយ៉ាងហោច ៣០ភាគរយសម្រាប់បុគ្គលិកស្រីនៅតាមក្រុមហ៊ុនឈានមុខគេ ក្នុងឆ្នាំ ២០៣០ខាងមុខនេះ ។  ការផ្តួចផ្តើមគំនិតចុងក្រោយឲ្យលើកកម្ពស់ការចូលរួមផ្នែកគ្រប់គ្រងរបស់បុគ្គលិកស្រីនេះ ត្រូវបានប្រកាសឡើង ដើម្បីបង្កើនតួនាទីស្រ្តី ពី ២,២ភាគរយ គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ ។  យោងតាមការស្ទង់មិត បានបង្ហាញថា ៦០ភាគរយនៃក្រុមអ្នកគ្រប់គ្រងសាជីវកម្ម និយាយថា វានឹងពិបាកក្នុងការឈានដល់គោលដៅដែលបានកំណត់ ហើយចំនួន ២៩ភាគរយ និយាយថា វាគ្មានលទ្ធភាពតែម្តង ។  លទ្ធផលនេះដែរ បានឆ្លុះបញ្ចាំងពីសន្ទុះនៅក្នុងប្រទេសជប៉ុនឆ្ពោះទៅរកការបង្កើនតួនាទីរបស់ស្រ្តីនៅក្នុងកម្លាំងការងារ ដើម្បីកែលម្អភាពចម្រុះ និងជំរុញកំណើនសេដ្ឋកិច្ច ។  នៅក្នុងឆ្នាំនេះដែរ ជប៉ុនឈរនៅចំណាត់ថ្នាក់លេខរៀងទី ១២៥នៅក្នុងចំណោម ១៤៦ប្រទេសក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ដែលវាស់ពីកម្រិតសមភាពយេនឌ័រ ពោលគឺធ្លាក់ចុះពីចំណាត់ថ្នាក់លេខរៀងទី ១១៦កាលពីឆ្នាំមុន ហើយពួកគេស្ថិតនៅចំណាត់ថ្នាក់ក្រោមប្រទេសចិន អារ៉ាប៊ីសាអូឌីត និងទួរគី ៕

រុស្ស៊ីព្រមានពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រខ្មៅ ខណៈអ៊ុយក្រែនចាត់ទុកការវាយប្រហារលើកំពង់ផែថាជារឿងអាក្រក់បំផុត

2023/07/20 01:22:35 pm        71
 រុស្ស៊ី៖ រុស្ស៊ី បានព្រមានថា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២០នេះ តទៅ រាល់នាវាដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន នឹងត្រូវចាត់ទុកថាជានាវាដឹកគ្រឿងយុទ្ធោបករណ៍ ស្របពេលដែលទីក្រុងគីវ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ថាបានបើកការវាយប្រហារទាំងយប់ដ៏អាក្រក់បំផុតដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនាំចេញគ្រាប់ធុញ្ញជាតិ ។  ក្រសួងការពារជាតិរុស្ស៊ី និយាយថា នាវាដោតទង់ជាតិរដ្ឋ ធ្វើដំណើរទៅកាន់កំពង់ផែអ៊ុយក្រែន នឹងត្រូវចាត់ទុកថាជាភាគីជម្លោះឈរខាងអ៊ុយក្រែន ប៉ុន្តែពួកគេពុំបាននិយាយពីវិធានការបែបណាដែលពួកគេនឹងធ្វើនោះទេ ។ ពួកគេនិយាយថា រុស្ស៊ីបានប្រកាសផងដែរថា តំបន់ភាគអាគ្នេយ៍ និងភាគពាយ័ព្យនៃដែនទឹកអន្តរជាតិសមុទ្រខ្មៅ គឺគ្មានសុវត្ថិភាពបណ្តោះអាសន្នសម្រាប់ការធ្វើនាវាចរណ៍ ។  គួរឲ្យដឹងថា រុស្ស៊ី បានវាយប្រហារទៅលើតំបន់ Odesaនៅយប់ទី ២ជាប់ៗគ្នា ក្រោយកាលពីថ្ងៃចន្ទ ពួកគេលែងចូលរួមជាមួយកិច្ចព្រមព្រៀងរយៈពេល ១ឆ្នាំ ដែលអនុញ្ញាតឲ្យមានផ្លូវសុវត្ថិភាពសម្រាប់គ្រាប់ធុញ្ញជាតិអ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ គឺជាការសម្រេចចិត្តមួយបង្ខំឲ្យអង្គការសហប្រជាជាតិ(UN)ព្រមានពីហានិភ័យបង្កើតឲ្យមានភាពអត់ឃ្លាននៅជុំវិញពិភពលោក ។  មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយកាលពីថ្ងៃពុធថា ការដកខ្លួនរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិ នឹងគំរាមកំហែងបង្កើនអសន្តិសុខស្បៀងសកល ហើយនិងអាចធ្វើឲ្យតម្លៃស្បៀងអាហារកើនឡើងខ្ពស់ ជាពិសេសនៅតាមបណ្តាប្រទេសក្រីក្រ ។  អ៊ុយក្រែន ដែលចង់ព្យាយាមបន្តការដឹកជញ្ជូនតាមសមុទ្រខ្មៅ ដែលចាំបាច់ចំពោះការផ្គត់ផ្គង់ស្បៀងសកលនោះ និយាយកាលពីថ្ងៃពុធថា ពួកគេបានបង្កើតផ្លូវដឹកជញ្ជូនបណ្តោះអាសន្ន ឆ្លងកាត់តាមប្រទេសរ៉ូម៉ានី ។  ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ក្រុមភេរវកររុស្ស៊ី ពិតជាមានគោលដៅដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធុញ្ញជាតិ ។ រាល់មីស៊ីលរបស់រុស្ស៊ី គឺជាការវាយប្រហារមិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែអ្នករាល់គ្នានៅលើពិភពលោក ដែលចង់មានជីវិតធម្មតា និងសុវត្ថិភាព ។  ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន និយាយថា ជនស៊ីវិល ១០នាក់ដែលរួមទាំងក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ដែរនោះ បានរងរបួស ។ ចំណតគ្រាប់ធុញ្ញជាតិ បានរងការខូចខាត ក៏ដូចជាទីតាំងឧស្សាហកម្ម ឃ្លាំងស្តុកទំនិញ ផ្សារទំនើប អគារស្នាក់នៅរបស់អ្នកស្រុក អគាររដ្ឋបាល ហើយនិងរថយន្តផងដែរ ៕

ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងរៀបចំជំនួបកំពូលនៅថ្ងៃទី ១៨ ខែសីហាខាងមុខនេះ

2023/07/20 01:19:22 pm        65
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Bidenនឹងជួបជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងនៅខែសីហាខាងមុខនេះ នៅសហរដ្ឋអាមរិក ។  លោក Bidenបានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeolនិងនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishidaសម្រាប់ជំនួបកំពូលនៅទីក្រុងវ៉ាស៊ីងតោន ពេលដែលពួកគេជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅប្រទេសជប៉ុនកាលពីខែឧសភា ។  សារព័ត៌មានកូរ៉េខាងត្បូង និងជប៉ុន បានរាយការណ៍ថា ជំនួបកំពូលនេះ នឹងត្រូវរៀបចំឡើងនៅតំបន់វិស្សមកាល Camp David ស្ថិតក្នុងរដ្ឋ Maryland នាថ្ងៃទី ១៨ ខែសីហាខាងមុខនេះ ។  ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Yoonនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលបរិច្ឆេត និងទីតាំងពិតប្រាកដ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយការសម្របសម្រួលនៅក្នុងចំណោមប្រទេសទាំង ៣ ។  លោក Yoonបាននឹងកំពុងប៉ះប៉ូវទំនាក់ទំនងប្រេះស្រំាជាមួយទីក្រុងតូក្យូ បន្ទាប់ពីជម្លោះរាប់ឆ្នាំលើបញ្ហាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តអាស៊ីទាំង ២របស់សហរដ្ឋអាមេរិក បើទោះបីជាមានការគំរាមកំហែងកើនឡើងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើងក៏ដោយ ។  កាលពីខែឧសភាកន្លងទៅ លោក Biden បានកើតសរសើរដល់លោក Yoon និងលោក Kishisaសម្រាប់ការងារដ៏ក្លាហានរបស់ពួកគេ ក្នុងការធ្វើឲ្យល្អប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ក្នុងនោះលោកបាននិយាយថា ភាពជាដៃគូត្រីភាគី កាន់តែខ្លាំងក្លាជាងមុន ដោយសារតែកិច្ចខិតខំរបស់ពួកគេ ៕

ប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរចេញពីភ្នំពេញទៅស្រុកកំណើត ដើម្បីត្រៀមចូលរួមបោះឆ្នោត

2023/07/20 12:56:31 pm        161
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តបានមករស់នៅ និងប្រកបមុខរបរនៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញជាបណ្តើរៗហើយ ដើម្បីត្រៀមចូលរួមបោះឆ្នោតនា ថ្ងៃអាទិត្យទី២៣ ខែកក្កដាពេលខាងមុខនេះ នៅស្រុកកំណើតរៀងៗខ្លួន។ កំពុងត្រៀមចេញដំណើរទៅកាន់ស្រុកកំណើតស្ថិតនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកក្កដានេះ លោក រិន ដានី បានប្រាប់ថា នេះជាលើកទី២ ដែលលោកបានចូលរួមបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្ត។ លោកបន្តថា លោកពិតជាសប្បាយរីករាយណាស់ក្នុងការចូលរួម​បំពេញ​កាតព្វកិច្ច​ជាពលរដ្ឋម្នាក់​ដែលរស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ ប្រជាពលរដ្ឋ៣នាក់ទៀត ដែលបានត្រៀមចូលរួមបោះឆ្នោតនេះដែរ​ បានលើកឡើងថា ក្នុងនាម​ជាប្រជាពលរដ្ឋខ្មែរមួយរូប ការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ គឺពិតជាមានសារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ជ្រើសរើស​មេដឹកនាំក្នុងការដឹកនាំប្រទេសជាតិកម្ពុជា​ឱ្យមានការអភិវឌ្ឍ​រីក​ចម្រើនបន្តទៅមុខទៀត។ សូមជម្រាបថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រអាណត្តិទី៧ ​នៃរដ្ឋសភា នឹងចាប់ផ្តើមនៅថ្ងៃ អាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សចំនួន​ ១៨ ​ចូលរួមប្រកួតប្រជែង ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា៕អត្ថបទ៖ឈិត បូរ៉ាវី 

មន្រ្តី គ.ជ.ប ត្រៀមរួចរាល់ក្នុងការជួយសម្រួលឱ្យក្រុមអាទិភាពបានចូលបោះឆ្នោតមុនពលរដ្ឋទូទៅ

2023/07/20 12:44:14 pm        148
ភ្នំពេញ៖ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧​ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៣ ខែកក្កដានេះ មន្រ្តីរៀបការបោះឆ្នោតនៅតាមមូលដ្ឋានរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់​ជួយសម្របសម្រួលដល់ក្រុមអាទិភាព ​អាចចូលទៅបោះឆ្នោតបាន​ មុនប្រជាពលរដ្ឋទូទៅ។បើតាមលោក អោ វ៉ាន់ ប្រធាន​គណៈកម្មការរៀបចំការបោះឆ្នោត​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ​នៅថ្ងៃទី២០ខែកក្កដានេះ ​បានប្រាប់BTVថា ​គិតមកដល់ពេលនេះ​ក្រុមការងារ ​បានរៀបលក្ខណៈរួចរាល់ជួយសម្របសម្រួលដល់ ​ជនពិការ ​ស្រ្តីមានផ្ទៃពោះ និង​មនុស្សចាស់ជាដើមនោះ ​អាចចូលទៅការិយាល័យបោះឆ្នោតបានមុនប្រជាពលរដ្ឋទូទៅ។ ការសម្របសម្រួលនេះ​ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់បោះឆ្នោតរួច អាចត្រលប់​ទៅលំនៅដ្ឋានវិញ។លើសពីនេះ ​លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត សូមទៅ​ចូលរួមបោះឆ្នោត​ទាំងអស់គ្នា ​ដោយភ្ជាប់ទៅ​ជាមួយ​អត្តសញ្ញាណបណ្ណ​ ឫឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត​ ឆ្នាំ២០២៣ ​ដើម្បី​អាចចូលបោះឆ្នោតបាន។ការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ចាប់ពីម៉ោង ៧:០០ព្រឹក​ រហូត​ដល់ម៉ោង ​៣:០០រសៀល។ ប្រជាពលរដ្ឋ​មាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោត ​សរុបចំនួនជាង៩លាននាក់ ​មានគណបក្សនយោបាយចំនួន១៨ ​បាន​ដាក់បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង៕ អត្ថបទ៖ទូច សោភ័ណ

អ៊ីស្រាអែលអនុញ្ញាតឲ្យជនជាតិអាមេរិក-ប៉ាឡេស្ទីន សុំសិទ្ធិចូលប្រទេសដោយគ្មានទិដ្ឋាការរបស់សហរដ្ឋអាមេរិក

2023/07/20 12:35:37 pm        70
អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល បាននិយាយថា នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) នេះថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឲ្យពលរដ្ឋទាំងអស់ចូលសុំទិដ្ឋការអាមេរិក ក្នុងនោះរួមទាំងជនជាតិអាមេរិក-ប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង (West Bank) និងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) ផងដែរ ដែលនេះជាការផ្លាស់ប្ដូរគោលនយោបាយមួយ ដោយសង្ឃឹមថា នឹងធានាបាននូវសិទ្ធិចូលប្រទេសដោយគ្មានទិដ្ឋាការ សម្រាប់ជនជាតិអ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិក។ទីក្រុងវ៉ាស៊ីនតោន បានរារាំងជាយូរមកហើយនូវការស្នើសុំរបស់អ៊ីស្រាអែលក្នុងការចូលរួមក្នុងកម្មវិធីលើកលែងទិដ្ឋាការរបស់សហរដ្ឋអាមេរិក (VWP) ពាក់ព័ន្ធនឹងការព្យាបាលជំងឺផ្សេងៗ សម្រាប់ពលរដ្ឋអាមេរិកមួយចំនួន ហើយមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកនឹងតាមដានការអនុវត្តលើការកែប្រែនេះ ក្នុងរយៈពេល ៦សប្តាហ៍។ដោយបានដកស្រង់សម្ដីរបស់ទីប្រឹក្សាសន្តិសុខជាតិ (លោក Tzachi Hanegbi) សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល កាលពីល្ងាចថ្ងៃពុធ (ទី១៩ ខែកក្កដា) បានសរសេរថា ឯកអគ្គរដ្ឋទូតអាមេរិក លោក Thomas Nides និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Michael Herzog បានចុះហត្ថលេខាលើអ្វី ដែលសេចក្តីថ្លែងការណ៍ហៅថា «កិច្ចព្រមព្រៀងផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក»។សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «ការអនុវត្តទាំងស្រុងនៃកម្មវិធីនេះ នឹងមានប្រសិទ្ធភាពចំពោះពលរដ្ឋអាមេរិកណាម្នាក់ ក្នុងនោះរួមទាំងអ្នកដែលមានសញ្ជាតិពីរ ពោលគឺជនជាតិអាមេរិកាំង នៅតំបន់ Judea និង Samaria (តំបន់កាន់កាប់ West Bank) និងប្រជាពលរដ្ឋអាមេរិក នៅតំបន់ Gaza Strip»៕

យុវជនគ្រប់អាយុបោះឆ្នោតលើកដំបូងបានត្រៀមរួចរាល់ និងរីករាយដែលបានបំពេញសិទ្ធិរបស់ខ្លួន

2023/07/20 12:30:07 pm        162
ភ្នំពេញ៖ យុវជនវ័យ ១៨ឆ្នាំ ដែលបានចុះឈ្មោះបោះឆ្នោត និងត្រៀមចូលរួមការបោះឆ្នោតលើកដំបូងរបស់ខ្លួន បានលើកឡើងថា ព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ថ្ងៃទី ២៣ ខែកក្កដា ខាងមុខ គឺជាការបំពេញសិទ្ធិក្នុងនាមជាមនុស្សពេញវ័យ និងជាការចូលរួមសម្រេចលើកជោគវាសនាជាតិ។ ពួកគេពិតជាមានក្ដីរីករាយក្នុងការរួមចំណែកដ៏ធំធេងមួយនេះ។ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គឺជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តនីតិកាលទី ៧ សម្រាប់កម្ពុជា។ទន្ទឹមនឹងការបោះឆ្នោតកាន់តែខិតចូលមកដល់យុវជនគ្រប់អាយុបោះឆ្នោត ​បានត្រៀមខ្លួនរួចរាល់ ដើម្បីទៅចូលរួមបោះឆ្នោត ​ហើយក៏បានស្វែងយល់ពីគោលនយោបាយគណបក្សនីមួយៗ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា​បោះឆ្នោតនេះផងដែរ។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧នៅកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣។ ពេលវេលាគឺចាប់ផ្ដើមពីម៉ោង ៧.០០ព្រឹក ​រហូតដល់ម៉ោង​ ៣.០០រសៀល ដោយ​តម្រូវឱ្យប្រជាពលរដ្ឋ ​ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ​រឺឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើប្រាស់បម្រើដល់ការបោះឆ្នោត។ សម្រាប់ការបោះឆ្នោតខាងមុខនេះ ​តាម គ.ជ.ប បញ្ជាក់ដែរថា ​គឺមានប្រជាពលរដ្ឋជាង៩លាន ៧សែននាក់ ​បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕អត្ថបទ៖ គឹមហុក

ក្រុមអ្នកតវ៉ា និងនគរបានប៉ះទង្គិចគ្នា អំឡុងការវ៉ាប្រឆាំងរដ្ឋាភិបាល នៅប៉េរូ

2023/07/20 12:29:39 pm        64
ប៉េរូ៖ អំពើហិង្សាបានផ្ទុះឡើង កាលពីថ្ងៃពុធ នៅក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ នៅពេលដែលក្រុមអ្នកតវ៉ាមួយក្រុម បានប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្មនៅខាងក្រៅសភាក្នុងជុំថ្មីនៃការដើរដង្ហែរក្បួនប្រឆាំង រដ្ឋាភិបាល។ក្រុមបាតុករជាច្រើនក្រុម នៅក្នុងរដ្ឋធានីលីម៉ា បានបំបែកឆ្លងកាត់ខ្សែបន្ទាត់របស់នគរបាល ខណៈពួកគេដើរដង្ហែរក្បួនទៅកាន់សភា ប៉ុន្តែត្រូវបានបំបែក នៅពេលនគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើពួកគេ។  ក្រុមបាតុកររាប់ពាន់នាក់ បានចេញធ្វើបាតុកម្ម នៅក្នុងប្រទេសប៉េរូ ទាមទារឲ្យលោកស្រី Boluarte លាលែងពីតំណែង ដែលក្រុមអ្នកតវ៉ា មានបំណងឲ្យមានការបោះឆ្នោតឆាប់រហ័ស រដ្ឋធម្មនុញ្ញថ្មី ហើយសភាស្តាំនិយម ត្រូវបានរំលាយ។ សញ្ញានានាដែលចោទប្រកាន់ លោកស្រី Boluarte និងសម្ព័ន្ធមិត្តរបស់លោកស្រី ពីបទការដកចេញដោយខុសច្បាប់ និងការដាក់ពន្ធធនាគារអ្នកកាន់តំណែងមុនឆ្វេងនិយម របស់លោកស្រី លោក Pedro Castillo បានបណ្តាលឲ្យមានកំហឹង ហើយពេលខ្លះមានការតវ៉ាដោយហិង្សា កាលពីខែមីនា បណ្តាលឲ្យមនុស្ស៦៧នាក់ស្លាប់ ដែលត្រូវបានគេមើលឃើញអំឡុងខែមីនា។ យោងតាមមន្ត្រី បានឲ្យដឹងថា មន្ត្រីនគរបាល ប្រមាណ ២៤.០០០ នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស៕

គណបក្សភឿថៃ ត្រៀមបង្កើតរដ្ឋាភិបាលថ្មី ក្រោយលោកភីថា ត្រូវបានសភាបោះឆ្នោតបញ្ចប់បេក្ខភាពនាយករដ្ឋមន្ត្រី

2023/07/20 12:25:37 pm        74
ថៃ៖ ដោយសំអាងប្រភពពីកិច្ចប្រជុំស្ដីពីច្បាប់របស់រដ្ឋសភា គណបក្សភឿថា បានបង្ហាញជំហរដ៏ម៉ឺងម៉ាត់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីសភា កាលពីថ្ងៃពុធបានបោះឆ្នោតរារាំងការតែងតាំងជាថ្មីសម្រាប់មេដឹកនាំគណបក្សបោះជំហានទៅមុខ Move Forward លោក ភីថា លីម ចារើនរ៉ាត់ (Pita Limjaroenrat)សម្រាប់ការបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រី ។ បន្ទាប់ពីការជជែកដេញចោលជាង៧ម៉ោង ដើម្បីសម្រេចថាតើច្បាប់មាត្រា៤១ អាចត្រូវបានអនុវត្តន៍ ប្រឆាំងនឹងការតែងតាំងជាថ្មីរបស់លោក ភីថា ឬយ៉ាងណា សំឡេងភាគច្រើននៃជំនួបរួមសម្រាប់សមាជិកសភា និងព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រច្បាប់នេះ ។  ច្បាប់នេះ ហាមប្រមាមសកម្មភាពមួយដែលត្រូវបានច្រានចោលដោយសភា មិនឲ្យដាក់សំណើជាថ្មីអំឡុងសម័យប្រជុំដូចគ្នានេះ។  សមាជិកទាំងនោះបានលើកឡើងថា ការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក  ត្រូវបានទាត់ចោលដោយសភា កាលពីថ្ងៃទី១៣កក្កដា ម្ដងរួចទៅហើយ នៅពេលដែលលោក ភីថា បរាជ័យក្នុងការទទួលបានសំឡេងឆ្នោតគាំទ្រភាគច្រើនដែលចាំបាច់ក្នុងជុំទីមួយ។  គណបក្សភូមចៃថៃ (Bhumjaithai) ផ្លាំងប្រាចារ៉ាត់( Palang Pracharath) និងគណបក្សឆាតថៃផាត់ថាណា (Chartthaipattana)ដែលជាផ្នែកមួយនៃរដ្ឋាភិបាលជិតផុតអាណត្តិ បានច្រានចោលផែនការរបស់គណបក្សបោះជំហានទៅមុខក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌដែលគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។ ពួកគេបានបញ្ជាក់ច្បាស់ហើយថា ពួកគេនឹងមិនចូលរួមជាមួយរដ្ឋាភិបាលណាមួយឡើយ ប្រសិនបើមានវត្តមានគណបក្សបោះជំហានទៅមុខ៕

អាជ្ញាធរអំពាវនាវដល់ពលរដ្ឋឱ្យទៅធ្វើបណ្ណ (ឯ.អ) ព្រោះស្អែកនឹងបិទបញ្ចប់ហើយ

2023/07/20 12:24:02 pm        20
កណ្ដាល៖ ការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ (ឯ.អ) ជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត ​អាណត្តិទី៧ បានបាត់ ឬខូចអត្តសញ្ញាណបណ្ណ ​នៅសល់តែរយៈពេល ២ថ្ងៃទៀត​ប៉ុណ្ណោះ​ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២៣ ហើយអាជ្ញាធរបានអំពាវនាវ​ដល់​ពលរដ្ឋបានបាត់ និងខូចនោះរុះរាន់ទៅធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ ដែលខ្លួនត្រូវបោះឆ្នោត ។លោកស្រី អ៊ុក សឿន មេឃុំឈើទាល ស្ថិតក្នុងស្រុកកៀនស្វាយ ​ខេត្តកណ្ដាល បានឲ្យដឹងថា នៅក្នុងឃុំឈើទាល ​ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួនជាង​ ៥ ៨០០នាក់ ដោយអ្នកមាន​ឈ្មោះបោះឆ្នោតទាំងអស់ បានត្រៀមនូវឯកសារបោះឆ្នោតរួចរាល់ហើយ ជាពិសេស​អត្តសញ្ញាណបណ្ណ ហើយអ្នកដែលបានបាត់ ​ឬខូចអត្តសញ្ញាណបណ្ណ ​ក៏បានទៅធ្វើបណ្ណ ឯ.អ ស្ទើរតែអស់ហើយ ។លោកស្រី បានបន្ថែមថា សម្រាប់ពលរដ្ឋនៅក្នុងឃុំនេះ ត្រូវធ្វើបណ្ណ ឯ.អ មានប្រមាណ ១៥០នាក់ ដែលចំនួននេះ គឺមានតិច ​បើធៀប​នឹងការបោះឆ្នោត​អាណត្តិមុន ព្រោះពួកគេមាន​អត្តសញ្ញាណ​បណ្ណស្ទើរគ្រប់គ្នា ​ហើយអ្នកមិនទាន់ធ្វើបណ្ណ ឯ.អ ​នៅសល់តែចំនួន ​២នាក់ទៀតប៉ុណ្ណោះ ដោយ​អាជ្ញាធរបានជំរុញពួកគេ​ ឲ្យបានធ្វើមុនថ្ងៃកំណត់ ​ដើម្បីកុំឲ្យខកខានការបោះឆ្នោត ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដែលគណបក្សនយោបាយចំនួន ​១៨ចូលរួមប្រកួតប្រជែង ។ ការបោះឆ្នោតអាណត្តិនេះ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​ក៏បានសម្រួលផងដែរ ក្រៅពីអ្នកបាត់ ​ឬខូចអត្តសញ្ញាណបណ្ណ ​គឺអ្នកមានអត្តសញ្ញាណបណ្ណហួសសុពលភាព ក៏អាចយក​បោះឆ្នោតបានផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សបីនាក់ បានរងរបួស ក្នុងការបាញ់ប្រហារនៅទីលាន Times Square ក្នុងទីក្រុងញូវយ៉ក
08/09/2025 06:08 PM
គណៈកម្មាធិការថ្នាក់រដ្ឋមន្ត្រីអារ៉ាប់ ឲ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះអំពើប្រល័យពូជសាសន៍ដែលកំពុងបន្តនៅហ្កាហ្សា
08/09/2025 06:08 PM
យោធាកូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើងកំពុងដកឧបករណ៍បំពងសំឡេងចេញពីព្រំដែនដ៏តានតឹងរបស់ពួកគេ
08/09/2025 05:08 PM
ទូរទស្សន៍រដ្ឋនិយាយថា ប្រទេសស៊ីរី នឹងមិនចូលរួមក្នុងកិច្ចប្រជុំ ជាមួយកងកម្លាំង SDF ដឹកនាំដោយឃើដ នៅទីក្រុងប៉ារីសទេ
08/09/2025 05:08 PM
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
08/09/2025 05:08 PM
ប្រមុខកងទ័ពអាកាស៖ ឥណ្ឌាបានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានចំនួន ៥គ្រឿង និងយន្តហោះយោធា ១គ្រឿង កាលពីខែឧសភា
08/09/2025 04:08 PM
ក្រុមអ្នកស្ម័គ្រចិត្ត៖ ជនស៊ីវិលយ៉ាងតិច ១៦នាក់ ស្លាប់ និង ៨នាក់ រងរបួស ក្នុងការវាយប្រហារដោយកងកម្លាំងយោធាប៉ារ៉ា នៅស៊ូដង់
08/09/2025 04:08 PM
ទាហានឥណ្ឌា ២នាក់ និងជនសកម្មប្រយុទ្ធម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅកាស្មៀរ
08/09/2025 04:08 PM
អគារថ្មីក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង សម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ
08/09/2025 04:08 PM
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
08/09/2025 03:08 PM