គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្ដម ស៊ុន ចាន់ថុល៖ ឆ្នាំ២០២២ រដ្ឋទទួលបានចំណូល ៤៤ ប៊ីលានរៀលពីការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួន និងស្លាកលេខពិសេសថ្នាក់រាជធានី-ខេត្តជាង៤០ប៊ីលានរៀល

2023/02/15 12:39:16 pm        472
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ ការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧.១២៥ស្លាក ដោយបានចំណូល ៤៤ ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បាន ៣១.៧៥៦ស្លាក រកបានចំណូលជាង ៤០ ប៊ីលានរៀល។បើគិតចាប់តាំងពីបើកដំណើរការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន ១៦.១៣២ស្លាក និងទទួលបានចំណូលជាង ១១៤ ប៊ីលានរៀល៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ជួបពិភាក្សាជាមួយប្រធានាធិបតីអាល្លឺម៉ង់ផ្តោតលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី

2023/02/15 11:28:11 am        197
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោក-ជំទាវ ព្រមទាំងគណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ។សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៅព្រះរាជាណា-ចក្រកម្ពុជា មានសារៈសំខាន់និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេចមានជំនឿជឿជាក់ថា ប្រទេសទាំងពីរបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ បានសម្តែងនូវការអរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបដិ-សណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូគណៈប្រតិភូនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅលើទឹកដីនៃព្រះរាជាណា-ចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតីបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយ នឹងភាពសម្បួរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាល- ភាពសង្គម ធ្វើការកែលម្អសេដ្ឋកិច្ចឲ្យមានស្ថិរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាបសិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។ជាមួយគ្នានោះ សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្តរីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសឈរលំដាប់ថ្នាក់ទី១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជាក្នុងចំណោមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មាន កំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្ប ទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។ ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរយោបល់ទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូសូមមានសុខភាពល្អ និងទទួលបាននូវមហាជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕ 

ប្រធានាធិបតីអាល្លឺម៉ង់ពេញចិត្តនិងកោតសរសើរកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

2023/02/15 11:19:30 am        238
​ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រឹកថ្ងៃទី១៥កុម្ភ: ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier)ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​បង្ហាញការពេញចិត្ត​និងកោតសរសើរ​ការរីកចម្រើន​ក្រោមការ​ដឹកនាំ​របស់សម្តេចតេជោ ។​ក្រោយបញ្ចប់នៃជំនួប ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ​បានប្រាប់ដល់ក្រុម​អ្នកសារព័ត៌មានថា ៖ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោសម្រាប់​ការទទួលបដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅនិង​បានជម្រាបជូន​សម្ដេចតេជោថា៖ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ​ នៃសាធារណៈរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ​ក្នុងនាម​ជា​អ្នកដឹកនាំ​បាន​ដឹកនាំ​ប្រទេសពីបាតដៃទទេ កាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ជំងឺកូវីដ១៩ អំពីការឆ្លងរីករាល​ដាល​រហូត​ដល់បើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ និងជាពិសេសការដឹកនាំ​កិច្ចប្រជុំកំពូល​អាស៊ាននិង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានយ៉ាងជោគជ័យ ទោះបីស្ថិតក្នុងស្ថានភាពដែល​ពិភពលោក​នៅប្រឈម​និងជំងឺកូវីដ១៩ និងកំពុងប្រឈមនឹង​ការប្រែប្រួលភូមិសាស្រ្ត​នយោបាយ ហើយសម្តេចបាន​ដឹក​នាំ​កម្ពុជាឲ្យទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់។ក្នុងឱកាសនោះដែរ ឯកឧត្តមបានជម្រាប​ជូន​សម្ដេចតេជោ​ផងដែរ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល​អាកាសធាតុ​និងមានបំណង​ពង្រីកនិង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ សម្រាប់​ការវាយ​តម្លៃដ៏ល្អពីកម្ពុជា ហើយក៏បាន​ថ្លែង​អំណរ​គុណជូនចំពោះឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ប្រជាជន រដ្ឋាភិបាលអាឡឺម៉ង់ ចំពោះការ​ជួយដល់កម្ពុជាលើវិស័យដោះមីន វិស័យវប្បធម៌និងវិស័យដទៃទៀត ។សម្ដេចក៏បានជម្រាបជូនឯកឧត្តម ហ្វ្រាំង អំពីស្ថានភាពមីននៅ​កម្ពុជាដែល​ត្រូវដោះ​ឲ្យអស់​នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីន​នៅប្រទេសមួយ​ចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយ​ការជួយបង្ហាត់​កងទ័ពអ៊ុយក្រែន​លើការដោះមីន​ដែលជា​ការងារ​មនុស្សធម៌កុំឲ្យសត្រូវកំបាំងមុខនេះបង្កបញ្ហាដល់ជស្លូតត្រង់។ដោយឡែកពាក់ព័ន្ធនឹងប្រាងប្រាសាទសម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាមាន​ប្រាង្គប្រាសាទ​ច្រើនដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជា​បន្ទុកមួយ​ផងដែរ​សម្រាប់​ការជួសជុលនិងថែរក្សា។ក្នុងន័យនេះ សម្ដេចបាន​សម្ដែង​នូវការពេញចិត្ត​ចំពោះការជួយ​របស់​សហព័ន្ធអាល្លឺម៉ង់​ក្នុងរយៈពេល២៥ឆ្នាំ។សម្ដេចក៏បានសំដែងនូវការរីករាយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុថាមពលជាពិសេស លើវិស័យវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ឯកឧត្តម គួច ចំរើន៖ អគារផ្អាកការសាងសង់នៅខេត្តព្រះសីហនុ ចាប់ផ្ដើមសាងសង់ឡើងវិញក្រោយធូរស្រាលកូវីដ-១៩

2023/02/15 10:43:42 am        237
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា បច្ចុប្បន្ននេះ អគារកំពុងផ្អាកការ សាងសង់ទាំងស្រុងនៅក្នុងខេត្តព្រះសីហនុមានចំនួនជាង ៣៥០អគារ ហើយអគារចាប់ផ្ដើមសាងសង់ឡើងវិញ ក្រោយពីការធូរស្រាល នៃជំងឺកូវីដ-១៩ មានចំនួនជាង ៨០អគារ ។ ការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ៕

សម្តេចតេជោ ហ៊ុន សែន ត្រៀមគ្រែពេទ្យចំនួន ១០០-២០០គ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពសម្រាប់ព្យាបាលរបួសកីឡាករ-កីឡាការិនី ដោយឥតគិតថ្លៃ

2023/02/15 10:04:22 am        270
ភ្នំពេញ៖ សម្ដេចតេជោ បានប្រកាសនៅលើហ្វេសប៊ុក និងតេឡេក្រាមផ្លូវការនាថ្ងៃទី១៥ ខែកុម្ភៈនេះថា បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយ ចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចផ្ទាល់បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ សម្ដេចបានមានប្រសាសន៍ថា ដោយមើលឃើញនូវការលំបាកបែបនេះ នៅព្រឹកនេះ (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣) សម្ដេចបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលសម្ដេចបានបញ្ជាឱ្យរៀបចំ គ្រែពី ១០០ ទៅ ២០០ គ្រែ។សម្ដេចតេជោមានប្រសាសន៍ បញ្ជាក់ថា ការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួសរបស់ កីឡាករកីឡាការិនី។សម្ដេចតេជោបានបញ្ជាឱ្យ ក្រសួងសុខាភិបាលរៀបចំឱ្យបានឆាប់ដែល និងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ សម្ដេចតេជោមានប្រសាសន៍ថា សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕

កម្ពុជា-ឡាវចុះហត្ថលេខាលើឯកសារប្រវត្តិសាស្រ្តចំនួន២ពាក់ព័ន្ធសន្ធិសញ្ញាព្រំដែន និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2023/02/14 04:15:53 pm        466
ភ្នំពេញ៖ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណា​ចក្រ​កម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទីក្រុងវៀងច័ន្ទន៍ ពីថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបាន​ចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្ត​សំខាន់ចំនួន២ រួមមាន៖ ទី១ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវនិងទី២ ផែនការសកម្មភាពសម្រាប់​ភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ និងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ (២០២៣-២០២៧)។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា ចេញផ្សាយនៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ដីពីលទ្ធផលនៃដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទីក្រុងវៀងច័ន្ទន៍ ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមសេចក្ដីប្រកាសព័ត៌មាននាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សី ក្នុងពិធី​ចុះហត្ថលេខាលើ​កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ដោយឯកឧត្តម វ៉ា គឹមហុង ​ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការ​ចម្រុះព្រំដែនកម្ពុជា-ឡាវ ​និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ​បរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវផងដែរ។ចំពោះកិច្ចការព្រំដែន នាយករដ្ឋមន្រ្តីទាំងពីរបានស្វាគមន៍វឌ្ឍនភាពដែល​គណៈកម្មាការ​ចម្រុះ​ព្រំដែន​កម្ពុជា និងឡាវ សម្រេចបានក្នុងការកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% រួមមាន៖ ការបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន​ ១២១ បង្គោល។ នេះបើតាមការបញ្ជាក់​ក្នុងសេចក្ដីប្រកាសព័ត៌មាន៕អត្ថបទ៖ វ៉ន ដារ៉ា

BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ សម្រាប់បុគ្គលិកវិទ្យុ VOD ដែលមានបំណងចង់ចូលបំរើកិច្ចការរដ្ឋ

2023/02/14 03:54:22 pm        462
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ផ្ដល់​ក្របខណ្ឌរដ្ឋ​ដល់​បុគ្គលិកវិទ្យុ វីអូឌី ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ក្រោយពី​វិទ្យុនេះត្រូវបាន​បិទដោយ​កំហុស​ថ្នាក់ដឹកនាំ​និងគ្មានឱកាសបើកឡើងវិញ។​សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រោយពីដំណើរ​ទស្សនកិច្ច​នៅប្រទេសឡាវមកដល់កម្ពុជាវិញថា ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយ​គិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្ដេចសម្រេច​ផ្តល់ក្រប​ខ័ណ្ឌរដ្ឋ​សម្រាប់​បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។សម្ដេចតេជោបានមានប្រសាសន៍ថា សូមបងប្អូនធ្វើទំនាក់ទំនង​ជាមួយក្រសួង​មុខងារសាធារណៈ​ដើម្បីដាក់​ពាក្យ​សុំធ្វើការ។សម្ដេចតេជោបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាម​ក្រសួង​នានា​ស្រប​តាម​មុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពីសម្ដេចតេជោដោយផ្ទាល់។សម្ដេចតេជោបានបញ្ជាក់ថា សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយ​សម្ដេចបាន​បញ្ជាក់ថា​នឹងគ្មាន​ការផ្លាស់ប្តូរការសម្រេចចិត្តរបស់របស់សម្ដេចនោះឡើយ។សម្ដេចបាន​បន្ថែមថា ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យកម្ពុជា ធ្វើនេះ ឬធ្វើនោះតាមការ​ចង់បាន​របស់ពួក​គេឡើយ ​ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា ការបិទចោលវិទ្យុ​ដែលគ្មាន​ក្រមសីលធម៌​មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕អត្ថបទ៖ វ៉ន ដារ៉ា​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូនិវត្តវិញបន្ទាប់បំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ

2023/02/14 03:22:42 pm        363
ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សនសៃ ស៊ីផាន់ដន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៤កុម្ភៈនេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញធ្វើមាតុភូមិនិវត្តមកដល់មាតុប្រទេសវិញហើយប្រកបដោយសុវត្ថិភាព។គួរបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោទៅកាន់​ប្រទេសឡាវ​នេះ នៅពេលអញ្ជើញទៅដល់ភ្លាម សម្តេចតេជោ បានអនុញ្ញាតឱ្យនិស្សិតសិក្ខាកាមកម្ពុជា ដែល​មានទាំងស៊ីវិល យោធានិងនគរបាលចំនួន៨៦រូប ដែលកំពុងសិក្សានៅប្រទេសឡាវ បានជួបសំដែង​ការគួរសម ។ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅពេលនេះ បាននាំមកនូវផ្លែផ្កាថ្មីៗថែមទៀត រវាងប្រទេសទាំង២ កម្ពុជា-ឡាវ ។ ជាពិសេសបាននាំមកនូវការពង្រឹងនិងពង្រីកទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដោយនៅពេលនោះសម្តេចតេជោ នាយករដ្ឋមន្ត្រីបានជួបជាមួយ​សមភាគី គឺឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ដោយបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីលើគ្រប់វិស័យ រួមទាំង៖ វិស័យសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ ​បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។នៅក្រោយជំនួប ពិភាក្សា ការងារ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានចុះហត្ថលេខា និងធ្វើសន្និសីទ​កាសែត​រួមគ្នាទាក់ទិនអំពីលទ្ធផលនៃជំនួប ដែលពាក់ព័ន្ធលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ​និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា ​និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧» ​ជាពិសេសបានផ្តោត​ជាសំខាន់ ទៅលើសន្ធិសញ្ញាការកំណត់ព្រំដែនរវាងប្រទេសទាំង២ ដើម្បីដោះស្រាយបញ្ចប់ទាំងស្រុង​នូវបញ្ហាដែលសេសសល់។ក្រៅពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានអញ្ជើញជួបសំដែងការគួរសម ជាមួយ ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសុលីត ​ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយសម្តេចក៏ត្រូវបានឯកឧត្ដម ថងលុន ស៊ីសុលីត បំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់​បំផុតរបស់​ប្រទេសឡាវជូន ដើម្បីជាការដឹងគុណយ៉ាងជ្រាលជ្រៅដែលសម្តេចបានរួមសុខ រួមទុក្ខ ជួយ​ដល់​ប្រទេសឡាវក្នុងវិបត្តិកូវីដ១៩ តាមរយៈការផ្តល់ជំនួយជាថវិកា រថយន្តដឹកវ៉ាក់សាំង វ៉ាក់សាំង និងសំភារៈ បរិក្ខារ វេជ្ជសាស្ត្រដល់រដ្ឋាភិបាលនិងប្រជាជនឡាវដែលកំពុងជួបការ​លំបាកខ្វះខាត​នៅក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។សម្តេចតេជោ និងគណៈប្រតិភូក៏បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន នៅសួន​យុទ្ធជនពលី ​ស្ថិតនៅក្នុងទីក្រុងវៀងច័ន្ទហើយក៏បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ និងបានទទួល ការជួបសម្តែងការគួរសម ពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងមានកម្មវិធីលៀង​សាយភោជន៍ជាផ្លូវការនិងមហាកិត្តិយសពីសំណាក់​នាយករដ្ឋមន្ត្រីឡាវ ​ជូនសម្តេចតេជោ និងគណៈប្រតិភូផងដែរ៕

ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់

2023/02/14 12:19:07 pm        230
សៀមរាប៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ឯកឧត្ដម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ បានទស្សនាតំបន់ប្រតិបត្តិការបោសសម្អាតមីន នៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់អង្គការហេឡូត្រាស់ ដែលអមដំណើរដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណឯកឧត្តមប្រធានាធបតី និងលោកជំទាវដែលបានចំណាយពេលមកទស្សនកិច្ចចម្ការមីន ប្រកបដោយអត្ថន័យយ៉ាងធំធេង ដែល ឆ្នាំ២០២៣នេះ ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ឯកឧត្ដមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌តាមរយៈគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែល បោសសម្អាត ដោយអង្គការ Halo Trust ។ ចាប់តាំងពីឆ្នាំ២០១៦ ប្រទេសអាល្លឺម៉ង់បានផ្តល់ថវិកាជាង១៧លាន អឺរ៉ូ បានយកបោសសម្អាតមីនក្នុងទំហំផ្ទៃដីបានជាង ២៣គីឡូម៉ែត្រក្រឡា ស្មើនឹង៥៧៨ចម្ការមីន និងមានទទួលផលជាង១៣ម៉ឺននាក់។ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់ក៏ធ្លាប់បានផ្តល់ការគាំទ្រការងារបោសសម្អាតមីនដល់អង្គភាពស៊ីម៉ាក់ចាប់តាំងពីឆ្នាំ១៩៩៩ ថវិកាជាង១៩លានដុល្លារអាមេរិក ដោយបានរំដោះផ្ទៃដីមានមីនប្រមាណជា៣០គីឡូម៉ែត្រក្រឡា។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើសុំអោយប្រទេសអាល្លឺម៉ង់ បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។ប្រធានាធិបតី អាល្លឺម៉ងបានមានប្រសាសន៍ថា នឹង បន្តគាំទ្រការងារបោសសម្អាតមីនស្របតាមទស្សនវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាគ្មានមីនឆ្នាំ២០២៥៕

ក្រសួងការបរទេសច្រានចោលការព្រួយបារម្ភពីស្ថានទូតបរទេសមួយចំនួន ចំពោះការដកអាជ្ញាបណ្ណវិទ្យុ VOD

2023/02/14 09:26:39 am        294
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានបង្ហាញការខកចិត្តយ៉ាងខ្លាំង និងច្រានចោលទាំងស្រុងនូវការព្រួយបារម្ភនានា​ធ្វើឡើង​ក្រោមហេតុផលនយោបាយ មានការរើសអើង និងមានភាពលម្អៀងរបស់ស្ថានទូតបរទេស​មួយចំនួន ចំពោះការដកហូតអាជ្ញាបណ្ណពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ​ដែលទទួលមូល​និធិពីបរទេស។ អ្នកនាំពាក្យបញ្ជាក់ថា «ការអះអាងថា ជាសារព័ត៌មានសេរី និងឯករាជ្យ មិនមែនជាអាជ្ញាបណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពទេ»។អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យបារម្ភនោះគឺការផ្សាយ​ព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារ និងគោលការណ៍​នៃសិទ្ធិមនុស្ស និងសេរីភាព។អ្នកនាំពាក្យបញ្ជាក់ថា គួរឱ្យសោកស្ដាយ ការថ្លែងដោយលម្អៀងរបស់ស្ថានតំណាងទាំងនោះ បង្ហាញពីការធ្វើមិនដឹងមិនឮ ចំពោះការពិតមិនអាចប្រកែកបាន គឺមជ្ឈមណ្ឌលផ្សព្វផ្សាយនោះ បានបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់​រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់​ស្តីពីរបបសារព័ត៌មាន។បើតាមអ្នកនាំពាក្យ មាត្រា ១០ (ខ) នៃច្បាប់ស្ដីពីរបបសារព័ត៌មាននេះ បានចែងថា «ចំពោះករណី​ដែល​ពាក់ព័ន្ធ​ដល់បុគ្គលសាធារណៈ គ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នក​សារព័ត៌មាន​យកមកចុះផ្សាយដោយផ្ទាល់ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងបំណង​បំផ្លាញបុគ្គល សាធារណៈនោះ គឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់»។អ្នកនាំពាក្យបន្ថែមថាការអះអាងថាជា «សារព័ត៌មានសេរី និងឯករាជ្យ» មិនមែនជាអាជ្ញាបណ្ណ​ដើម្បីបំពានច្បាប់ដោយនិទណ្ឌភាព ឡើយ។ ឯករាជ្យភាពមិនអាចកាត់ផ្តាច់ចេញពីភារៈកិច្ច​ទទួល​ខុសត្រូវលើការងារ និងការទទួលស្គាល់កំហុស។ ការថ្លែងថា សារព័ត៌មាននេះធ្វើសេចក្ដីរាយការណ៍​ដោយផ្អែកលើការពិត គឺជាការអះអាងដោយគ្មានមូលដ្ឋាន និងលម្អៀង។ អ្វីដែលពិតគឺ សារព័ត៌មាននេះ បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើកិច្ចការផ្ទៃក្នុង​របស់កម្ពុជា​ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅវិញ។ ចំណាត់ការចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈ មិនធ្វើឱ្យចុះខ្សោយនូវសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ ផ្ទុយទៅវីញ គឺជាការរួមចំណែក​ដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។បើតាមអ្នកនាំពាក្យក្រសួងការបរទេសការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាមទារឱ្យរាជរដ្ឋា​ភិបាល​កម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន គឺស្មើនឹងការរំលោភលើ​អនុសញ្ញាទីក្រុង​វីយែនស្តីពី ទំនាក់ទំនងការទូត (អនុសញ្ញាទីក្រុងវីយែន)។ អ្នកនាំពាក្យបញ្ជាក់ថា ជាតំណាងឱ្យប្រទេសមានអរិយធម៌និងគោរពច្បាប់ ស្ថានទូតបរទេសទាំង​នោះគួរអនុវត្តតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា ៤១ (១) និង ៤២ (២) នៃអនុសញ្ញាទីក្រុងវីយែន ដែលគូសបញ្ជាក់ថា អ្នកការទូត «មានភារកិច្ច មិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម្ចាស់ផ្ទះ» និងបានតម្រូវថា «រាល់ការងារផ្លូវការទាំងអស់ជាមួយប្រទេសម្ចាស់ផ្ទះ គឺត្រូវធ្វើឡើងជាមួយ ឬតាមរយៈក្រសួងការបរទេសនៃប្រទេសម្ចាស់ផ្ទះ»៕អត្ថបទ៖ វ៉ន ដារ៉ាអត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM