គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ ការរំលាយវិទ្យុ VODដើម្បីកុំឱ្យមានកាប្រមាថមើលងាយនិងបំបែកផ្ទៃក្នុងគណៈរដ្ឋមន្ត្រី

2023/02/20 10:26:48 am        191
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ សម្តេច បានយកឱកាសបញ្ជាក់ពីការរំលាយវិទ្យុ ដែលមាននិន្នាការប្រឆាំងគឺវិទ្យុ VOD ដែលកន្លងទៅមានការបំភ្លៃផ្សាយព័ត៌មានដែល​​ថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តថវិកាផ្តល់ជំនួយដល់ប្រទេសតួគី ដែលរឿងនេះមិនអាចអត់ឱនឱ្យបានទាល់តែសោះ ។សម្តេចបានបញ្ជាក់ថា ការដែលគួរលើកយកមកនិយាយពីរឿងការដែលវិទ្យុ១នេះ បានសាងកំហុសឆ្លង​ដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនបាននេះដើម្បីកុំឱ្យមានការប្រមាថមើលងាយ និងបំបែកផ្ទៃក្នុងគណៈរដ្ឋមន្ត្រី។សម្តេច បានរំលឹកថា ការដែលផ្សាយរបស់វីអូឌីនោះជាព័ត៌មានក្លែងក្លាយផ្សព្វផ្សាយញុះញង់​នាំអោយ​មានការបែកបាក់សាមគ្គីជាតិ។សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោក ហ៊ុន ម៉ាណែត មិនទាន់មាន​សិទ្ធិអនុម័ត​ថវិកានោះទេ ថែមទាំងមិនដឹងពីរឿងថវិកានេះទៀតផង បែរជាវិទ្យុVOD ដែលទទួល​បានជំនួយពីបរទេស ផ្សាយព័ត៌មានក្លែងក្លាយ ខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់​រាជរដ្ឋាភិបាល ​ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ មានចរិតបំបែក​បំបាក់សាមគ្គីជាតិ គឺជាទង្វើអសីលធម៌ ខុសច្បាប់ដែលមិនអាចទទួលយកបានជាដាច់ខាត ដែលលោកត្រូវតែប្រើវិធានការច្បាប់ លុបអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយនោះតែម្តង ដើម្បីកុំ​អោយ​វិទ្យុមួយនេះ បន្តផ្សាយព័ត៌មានខុសពីការពិតនៅកម្ពុជាបន្តទៀត ពោលគឺជារោងចក្រផលិតព័ត៌មាន​ក្លែងក្លាយ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តថា ការលុបអាជ្ញាបណ្ណនេះ គឺកម្ពុជា អនុវត្តត្រូវដោយ​ស្របទៅ​នឹងពិភពលោក បានកំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសប្រគល់ សញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

2023/02/20 09:52:09 am        276
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រសិទ្ធភាព នៃវ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបានពីប្រភពផ្សេងៗគ្នា ជាពិសេសពីប្រទេសចិន ដែលធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងកូវីដ១ឲ-១៩បានយ៉ាងល្អប្រសើរ និងមានលទ្ធភាពបើកដំណើរការប្រទេស រួមមាន៖ សេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះប្រជាជនកម្ពុជាអាចដើរហើរដោយគ្មានការព្រួយបារម្ភ ដែលមួយថ្ងៃៗ មានពិធីមង្គការ និងកម្មវិធីជួបជុំសប្បាយរីករាយជាច្រើន។សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យពង្រាយការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតារួមមាន៖ តម្បាញ ចម្លាក់ ស្មូន...។ល។ដល់គ្រឹះស្ថានសិក្សានានាដែលមានកម្មវិធីបណ្តុះបណ្តាលនេះស្រាប់មិនថា គ្រឹះស្ថាននោះជារដ្ឋ ឬឯកជនឡើយ។ វិជ្ជាជីវៈដូនតានេះ ទទួលការបណ្តុះបណ្តាលដោយមិនបង់ប្រាក់ ហើយថែមទាំងមានការឧបត្តម្ភគាំទ្រ (លុយ)ពីរដ្ឋថែមទៀត។សម្តេចតេជោ បានថ្លែងការកោតសរសើរដល់សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងល្អ ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមត្រេកអរដល់និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ក្រោមការចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ នៃសាកលវិទ្យាល័យធនធានមនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនាញវិជ្ជាជីវៈមានសារៈសំខាន់ណាស់ សម្រាប់ឱកាសការងារនាពេលបច្ចុប្បន្ន ដូចជា៖ ចុងភៅ អគ្គិសនី ជាងមេកានិកជាដើម ហើយថែមទាំងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យពង្រឹង និងបង្កើនសមត្ថភាពលើជំនាញវិជ្ជាជីវៈ ដើម្បីឈោងទៅចាប់ឱកាសល្អៗថែមទៀត ទាំងវិស័យរដ្ឋ និងឯកជន កំពុងត្រូវការជំនាញវិជ្ជាជីវៈដ៏សំខាន់ទាំងនោះ។សម្តេចតេជោ បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើដំណើរយ៉ាងវែងឆ្ងាយក្រោយរំដោះឆ្នាំ១៩៧៩ ដែលពេលនោះ យើងមិនបានគិតអ្វីទាំងអស់ ក្រៅពីហូបឱ្យឆ្អែតក្រពះតែប៉ុណ្ណោះ។ សម្តេចបញ្ជាក់ថា «ពេលនេះ យើងគិតគូរគ្រប់បែបយ៉ាង លើសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងនោះមានចំណីអាហារជាកត្តាចម្បង»។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីឃ្លីបវីដេអូមួយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម TIK TOK ពាក់ព័ន្ធគូស្នេហ៍ប្រកាន់វណ្ណៈមួយគូ ដោយសម្តេចបញ្ជាក់ថា ស្ថានភាពជាក់ស្តែង នៃសង្គមកម្ពុជាមិនដូច្នោះពេកទេ ហើយសម្តេចក៏បានអំពាវនាវ កុំឱ្យមានសម្តែងលើសហូសហេតុពីភាពពិតសង្គមជាក់ស្តែងពេក។សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យគ្រប់ខេត្តទាំងអស់ មិនសំដៅតែនៅភ្នំពេញ, សៀមរាប, ព្រះសីហនុ, កំពត និងកែបនោះទេ សូមរួមគ្នារក្សាអនាម័យ សណ្តាប់ធ្លាប់សាធារណៈឱ្យបានល្អ ដើម្បីទទួលកីឡាករ និងភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បានហៅការផ្សព្វផ្សាយ «ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី» គឺជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាជាតិ ដែលបញ្ហានេះ យើងមិនអាចអន់ឱនឱ្យបានឡើយ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «អារឿងវិទ្យុVODនេះ វាគ្មានថ្ងៃរស់ឡើងវិញ»។ មានអ្នកខ្លះមកឌឺថា «មិនទទួលយកក្របខណ្ឌរដ្ឋ សុខចិត្តធ្វើស្រែ ឡើងត្នោត» សូមធ្វើតាមចិត្ត ខណៈថ្ងៃឱសានវាទទទួលបុគ្គលិកVODចូលបម្រើការងាររដ្ឋ នឹងផុតកំណត់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផែង វណ្ណះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុVODស្លាប់ដែលគ្មានពេលចាប់ជាតិ។សម្តេចតេជោបញ្ជាក់ថា «ខ្ញុំមិនកាន់ជើង ផែង វណ្ណះ ទេ តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដង ប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់VOD។សម្តេតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ មិនមានការលើកលែងដល់ជនណាក៏ដោយ ដែលបានប្រមាថមើលងាយដល់ក្រុមគ្រួសារសម្តេច និងរាជរដ្ឋាភិបាល។ សម្តេចបញ្ជាក់ថា «បើជ្រុលតែអ្នកឯងហៅខ្ញុំជាមនុស្សអាងអំណាច ខ្ញុំនឹងប្រើអំណាចដើម្បីរកភាពត្រឹមត្រូវ ស្អាតស្អំ សម្រាប់ខ្លួនឯង»។សម្តេចតេជោ ប្រកាសថា «ពួកគេមិនគ្រាន់ តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះ កំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយ ជីដូនម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់»។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ការបិទVODជាការពង្រឹងក្របសីលធម៌ វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា»។ សម្តេចប្រកាសថា «សូមកុំគិតថា VODអាចរស់ឡើងវិញឱ្យសោះ»។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយមិនបានដឹងរឿងពិតជាក់ស្តែង។ សម្តេចបញ្ជាក់ថា «បើបរទេសជួយបានមែន ម្លេះអាគណបក្សដែលងាប់ទៅយូរហើយ វារស់ឡើងវិញបាត់ទៅឡើយ កុំថាឡើយអាវិទ្យុតូចតាចនេះ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បុគ្គលឈ្មោះ ស៊ន ដារ៉ា ដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស សូមរក្សាតម្លៃជាអ្នកចេះដឹង ជាអ្នករៀនសូត្រ។ «ខ្លួនឯងចេះអីក៏ចេះទៅ តែសូមកុំប្រមាថអ្នកដទៃ»។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ប្រធានាធិបតីបារាំង អេម៉ាណូអែល ម៉ាក្រុង ពាកព័ន្ធការផ្សាយព័ត៌មានបំភ្លើសរបស់ក្រុមប្រឆាំងទុច្ចរិត ក្នុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដែលបច្ចុប្បន្នពួកគេទាំងនោះក៏កំពុងរស់នៅប្រទេសបារាំងផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា-បារាំង មិនត្រឹមមានទំនាក់ទំនងរវាងប្រទេស និងប្រទេសនោះទេ គឺមានទំនាក់ទំនងរវាងបុគ្គល និងបុគ្គលថែមទៀត គឺរវាងសម្តេច និងអេម៉ាណូអែល ម៉ាក្រុង ដែលជាទំនាក់រវាងបង និងប្អូន។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កិត្តិយសរបស់ថ្នាក់នាំ មិនអាចត្រូវបានជាន់ឈ្លី មើលស្រាលបានឡើយ។ ទោះប្រទេសតូច ឬធំក៏ដោយ កម្រិតនៃការទំនាក់ទំនងគ្នាការទូត ជារឿងត្រូវប្រុងប្រយ័ត្ន និងឱ្យតម្លៃគ្នាទៅវិញទៅមករវាងប្រទេស និងប្រទេស។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកកំពុងដង្ហែតាមជនក្បត់ជាតិ ប្រើនយោបាយជ្រុលនិយម(សម រង្ស៊ី) ដែលផ្តាច់ខ្លួនចេញពីជនដ៏អាក្រក់នោះ សម្តេចលើកលែង អត់ឱនឱ្យបាន តែសម្រាប់បុគ្គលនោះ(សម រង្ស៊ី)គ្មានថ្ងៃយោគយល់ អត់ឱន និងលើកលែងឱ្យឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួន បានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់ និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែល ជាញឹកញាប់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយមើលឃើញនូវការលំបាក សម្តេចបានរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោ​សន្តិភាពដែលមានចំនួនគ្រែពី ១០០-២០០គ្រែ ឬមួយជាន់ នៃអគារមន្ទីរពេទ្យតែម្តង ទុកបម្រុងសម្រាប់កីឡាករសម្រាកព្យាបាល មិនតម្រូវឲ្យមានការបង់ប្រាក់ និងមានគ្រូពេត្យឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស៕ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់

2023/02/20 07:35:24 am        190
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និង​និស្សិតសាកលវិទ្យាលយធនធានមនុស្សចំនួន ១,៩៤៦ នាក់ ក្នុងនោះនិស្សិត នារី ១,០៣៣ នាក់។​និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និង​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២ នាក់ផងដែរ។សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្រប​តាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលជាអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ស្របតាម​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេស​មានប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់ត្រឹម​ឆ្នាំ២០៣០។សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និង​ការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជាមួយគ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យបានធ្វើកំណែទម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹង​ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណ​ភាព​អប់រំដែលបានកំណត់៕

គម្រោងធំៗជាច្រើននឹងកើតមានឡើងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំនេះ

2023/02/20 07:32:14 am        592
សៀមរាប៖ នៅទីលានមុខប្រាសាទបាពូន មានរៀបចំពិធីក្រុងពាលី គម្រោង(ភូមិខ្ញុំ) ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។ ឯកឧត្ដម សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖ ផ្ទះមរតកដូនតា, ផ្ទះនំខ្មែរ, សាលាឆទាន, ផ្សារខ្មែរ, ឆាកធំ, រោង DJ, វត្ថុយក្ស និង រោងសិប្បកម្ម។ ឯកឧត្ដមប្រធានគម្រាងបានមានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំលាមទំលាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងនោះដែរឯកឧត្ដមប្រធានក្រុមការងារ បានកោតសរសើរដល់ក្រុមការងារកាន់គម្រោងនីមួយៗនៅក្នុងភូមិខ្ញុំ ហើយឯកឧត្តមបានចុះមើលទីតាំងជាក់ស្តែងបន្ថែមទៀត ធ្វើយ៉ាងណាជម្រុញការសាងសង់ឱ្យទាន់មុនថ្ងៃព្រឹត្តិការណ៍មកដល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅក្នុងតំបន់អង្គរជាពិសេសទស្សនាខេត្តសៀមរាបទាំងមូល៕

បុរសខ្មែរម្នាក់រស់នៅជាមួយគ្រាប់កាំភ្លើងជាង២០ឆ្នាំក្នុងខួរក្បាល ពេលនេះបានយកចេញហើយ

2023/02/20 07:23:49 am        376
ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់ដែលរស់នៅជាមួយគ្រាប់កាំភ្លើងក្នុងខួរក្បាលជាង២០ឆ្នាំ ពេលនេះបានយកចេញហើយដោយក្រុមវេជ្ជបណ្ឌិតនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។ យោងតាមការបង្ហោះលើប្រព័ន្ធហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានឱ្យដឹងថា៖ «រស់នៅជាមួយគ្រាប់កាំភ្លើងក្នុងខួរក្បាលជាង20ឆ្នាំ ប្រកាច់រហូតប្រើថ្នាំច្រើនមុខក៏នៅតែប្រកាច់។ ឥឡូវយើងបានវះ យកចេញដោយជោគជ័យហើយ។ សូមអរគុណបងស្រី ពេជ ចន្ទមុន្នី និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)  ដែលបានបញ្ជូនប្អូនប្រុសយកមកជួយសង្គ្រោះ» ៕

ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវជាឱឡារិកជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា

2023/02/18 08:55:28 am        541
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលអំពាវនាវជាឱឡារិកជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

2023/02/17 07:39:31 am        189
ភ្នំពេញ៖ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ និងគាំទ្រ ដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្នុងនោះឯកឧត្ដមបាន ជំរុញឱ្យការងារសាធារណការ និង ដឹកជញ្ជូន លើកទឹកចិត្ត និងអនុវត្តគោលនយោបាយលើការប្រើប្រាស់រថយន្តអគ្គិសនីនេះនៅកម្ពុជា។ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២២ និង ទិសដៅការងារ ឆ្នាំ ២០២៣ ទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣។ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញមោទកភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន និងបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួង ព្រមទាំងឯកឧត្តម, លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលបានខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ឯកឧត្ដមបន្ថែមថា កត្តាសុខសន្តិភាពពេញលេញ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និង ភាព សុខដុមក្នុងសង្គម ក្រោមគោលនយោបាយ និង យុទ្ធសាស្រ្តច្បាស់លាស់ និង មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា, ពិសេស ជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំ និង ភាពជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីឆ្នាំ ២០២២ កន្លងទៅ បាន និង កំពុង ធ្វើឱ្យកម្ពុជា កាន់តែមានកិត្តិនាមល្បីរន្ទឺ និង ទទួលបាននូវការកោតសរសើរលើឆាកអន្តរជាតិ ។ឯកឧត្ដមបន្តថា ទោះបីវឌ្ឍនភាពជារួមមានភាពល្អប្រសើរ ប៉ុន្ដែឯកឧត្តមបានកត់សម្គាល់ឃើញថា គម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុក ហើយទិសដៅមួយចំនួនដែលត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុបការងារកាលពីឆ្នាំកន្លងទៅក៏មិនទាន់សម្រេចបានពេញលេញនៅឡើយ។ ឯកឧត្ដមជំរុញឱ្យក្រសួងសាធារណការ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឱ្យបានចប់សព្វគ្រប់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញឱ្យបានកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅអង្គការក្រៅរដ្ឋាភិបាលឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាល

2023/02/17 07:14:54 am        522
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីម៉ោង ១ និង៤៩ នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរសារលើតេឡេក្រាមប្រាប់ទៅក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជាដែលភាគច្រើនទទួលជំនួយពីបរទេសផងនោះ ចង់ចាំទុកនិងឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ សម្ដេចបានបង្ហើយការងារនៅរំលងអាធ្រាតទៅហើយតែសម្ដេចមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។សម្ដេចបានមានប្រសាសន៍ទាក់ទងនឹង លោក ផែង វណ្ណៈ ដែលត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនទទួលលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់ វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនកាន់ជើង ផែង វណ្ណៈទេ។ តែអ្វីដែលសម្ដេចមិនអស់ចិត្ត គឺប្អូនថ្លៃស្រីសម្ដេច ក្រោយស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វិទ្យុវីអូឌីនោះ។សម្ដេចបានមានប្រសាសន៍ថា ពួកជនអាក្រក់ទាំងនោះ មិនគ្រាន់តែប្រមាថប្អូនថ្លៃសម្ដេចទេ តែគេ ថែមទាំងប្រមាថភរិយាសម្ដេច ក្រុមគ្រួសារសម្ដេច ក្នុងពេលដែលក្រុមគ្រួសារ កំពុងបង្ហូរ ទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។សម្ដេចតេជោ ចោទសួរថា តើអង្គការទាំង ៤០ នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សម្ដេចប្រាប់ថា«សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/16 09:57:20 am        253
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។មេបញ្ជាការកងទ័ព ជើងគោកជប៉ុនបានអះអាងជំរាបសម្តេចតេជោ ហ៊ុន សែនថា ឯកឧត្តមនឹងជំរុញពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយរវាងកងទ័ពជើងគោកជប៉ុន និងកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ថា ឯកឧត្តម យ៉ូស៊ីដា បានសំដែងនូវការគោរពជូនសម្ដេចតេជោដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូនកម្ពុជានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ឯកឧត្តមបានបន្ថែមថា ប្រសិនបើគ្មានសម្ដេចតេជោទេ គឺគ្មានទេសន្តិភាព។ ឯកឧត្តមប្រកាសជំរុញពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខឬអ្នកដើរពីក្រោយគឺដៃគូស្មើភាពគ្នាដើម្បីបម្រើឲ្យការងារមនុស្សធម៌ផងនិងរក្សាសុខសន្តិភាពផង។ក្នុងន័យនេះឯកឧត្តម យ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់អំពីសម្ដេចតេជោ។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម យ៉ូស៊ីដា ហើយបានជម្រាបជូនឯកឧត្តមអំពីដំណើរស្វែងរកសន្តិភាពរបស់កម្ពុជាដែលជាប្រទេសបានរងការបែកបាក់គ្នាដែលនៅពេលនោះគឺពិតជាមានការលំបាកណាស់ដែលកម្ពុជាបានបាត់បង់ស្ទើរតែទាំងអស់។មួយចំណែកទៀតម្ខាងមានការកាប់សម្លាប់អស់ជាងបីលាននាក់ ហើយនៅពេលនោះក្នុងនាមជាយុវជនមួយរូប សម្ដេចតេជោគ្មានជម្រើសផ្សេងទេ គឺមានតែការកសាងទ័ពនិងតស៊ូចរចា និងយកជីវិតទៅប្តូរដើម្បីសន្តិភាពមានសន្តិភាព។ បើគ្មានសន្តិភាពទេគឺគ្មានទេ លទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សមិនជ្រកក្រោមសង្គ្រាមទេ យ៉ាងណាមិញដែលមានប្រទេសអ៊ុយក្រែនជាឧទាហរណ៍ស្រាប់៕

មេដឹកនាំបក្សប្រជាជន និងគណបក្សឡាវ ឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌

2023/02/15 03:12:43 pm        559
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលដឹកនាំដោយឯកឧត្តម ថងលុន ស៊ីសូលីត អគ្គ​លេខា​ធិការ​នៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ បានជួបប្រជុំកំពូល លើកទី ១៣ នៅរដ្ឋធានីវៀងចន្ទន៍ ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅស្និទ្ធស្នាលយោគយល់គ្នា និង ក្នុងស្មារតីជឿទុក​ចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងគណបក្ស និងប្រទេស ទាំងពីរឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើន​ឥតឈប់ឈរនៃចំណងសាមគ្គីភាព ​មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ​ដែលបានលើកកម្ពស់ដល់កម្រិត​ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក ​អំពីសភាពការណ៍លេចធ្លោ របស់គណបក្ស និង​ប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា ​បានជូនដំណឹង ​ភាគីឡាវ​ អំពីលទ្ធផល នៃមហាសន្និបាត​វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ​ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣​ និងបានផ្លាស់ប្ដូរយោបល់ អំពីសភាពការណ៍ អន្តរជាតិ និងតំបន់ ដោយផ្ដោត​ទៅលើការពង្រឹងពហុភាគីនិយម ក្នុងទំនាក់ទំនង អន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ រវាងគណបក្ស​និងប្រទេសទាំងពីរ ដើម្បីផល​ប្រយោជន៍​ របស់ប្រជាជននៃប្រទេសទាំងពីរ។ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និង​មិនអនុញ្ញាតឱ្យបុគ្គល អង្គការចាត់តាំងណា មានសកម្មភាពប្រឆាំង ឬប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសនៃភាគីម្ខាងទៀត។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញថ្ងៃទី១០ ខែកុម្ភៈ ​ឆ្នាំ២០២០ ដែលបានរួមចំណែក​យ៉ាងធំធេងដល់ការលើកកម្ពស់ ចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ច​សហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា ​និងអង្គការមហាជន នៃប្រទេស​ ទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន ​នៃប្រទេស​ ទាំងពីរ ដើម្បី​បុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ ​និងលើកកម្ពស់ ​តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។ភាគីទាំងពីរបានឯកភាពខ្ពស់​ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង​ មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ​និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី ​កម្ពុជា-ឡាវ-វៀតណាម ​ដើម្បីឧត្តមប្រយោជន៍ជាតិ ​នៃប្រទេសទាំងបី​ និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែក​ដល់បុព្វ ហេតុសន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុង​តំបន់និងពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM