BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ឱ វណ្ណឌីន ផ្ញើសារឲ្យអ្នកជាសះស្បើយទៅពិនិត្យសួត ក្នុងករណីកូវីដវាយលុកសួតខ្លាំង

2022/03/18 12:39:43 pm        506
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងប្រាប់ BTV ថា បុគ្គលដែលត្រូវបានកូវីដ-១៩វាយលុកខ្លាំងទៅលើសួត គឺត្រូវទៅពិនិត្យសួតឡើងវិញ ក្នុងរយៈពេល ៣ខែដំបូងក្រោយជាសះស្បើយ។ពាក់ព័ន្ធនឹងករណីក្រោយជាសះស្បើយពីកូវីដ-១៩ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួង​សុខាភិបាល ​លើកឡើងថា ​មិនទាន់មានការសិក្សាបញ្ជាក់ច្បាស់​ពីផលប៉ះពាល់សួតក្នុង​កម្រិត​ណានោះឡើយ។ តែគេសង្កេតឃើញ មុខងារសួតអាចថមថយខ្លះៗ​ ប្រសិនបើវីរុសកូវីដ-១៩ បាន​វាយលុកខ្លាំង​ទៅលេលើសួត ​ដែលតម្រូវឱ្យអ្នកជំងឺដែលជាសះស្បើយទៅ ត្រូវហាត់ការដក​ដង្ហើម​ផង និងត្រួតពិនិត្យ​សួត​ឡើងវិញផង ​នៅក្នុងរយៈពេល៣ខែដំបូងបន្ទាប់ពីជាសះស្បើយ។ ប្រសិនបើនៅមានសេសសល់សំណល់បញ្ហាសួតខ្លះៗនោះ ​គួរតែត្រូវបានបន្តត្រួតពិនិត្យឱ្យ​បាន​ទៀងទាត់​តាមការណែនាំរបស់គ្រូពេទ្យ។ លោកជំទាវ លើក​ឡើងបន្ថែមថា ករណីឆ្លងឡើងវិញនូវវីរុសកូវីដ-១៩​ ផលប៉ះពាល់អាច​មាន​តិចតួច បើសិន​ជាមានកងការពារខ្លាំងសម្រាប់​ទប់ទល់។ ​ករណីកងការពារខ្សោយវិញ គឺអាចបន្ថែមភាព​ប៉ះពាល់​ទៅ​លើប្រព័ន្ធសរសសៃប្រសាទ បេះដូង ថ្លើម​ និងតម្រងនោមជាដើម។ ជារួមលោកជំទាវ បញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួន បង្ហាញថា អ្នកជាសះស្បើយពីកូវីដក្នុងរង្វង់​ ២៣ ទៅ ២៦ភាគរយ គឺមានបញ្ហាផ្លូវចិត្តដូចជា ឆាប់បាក់ទឹកចិត្ត​ និងឆាប់ព្រួយ។ ​លើសពីនេះ​ក៏មានបញ្ហា ​ឆាប់នឿយហត់ ​មិនសូវមានកម្លាំង និងមួយចំនួនទៀតក៏ឆាប់ឆ្លងកូវីដឡើងវិញផងដែរ។ ការសិក្សាក៏ បានបង្ហាញថា អាចមានរោគសញ្ញាសេសសល់ ក្នុងរយៈពេលមួយឆ្នាំ​ក្រោយ​ជា​សះស្បើយ​ផងដែរ ​ដូចជា​ដក​ដង្ហើមមិនបានវែង​ ពិបាកដកដង្ហើម ​មានអារម្មណ៍ថប់ដង្ហើម បន្តនៅក្អកខ្លះៗ ​អាចឈឺសន្លាក់ដៃជើង​ អាចឈឺដើមទ្រូងខ្លះៗ ​មានបញ្ហាការចងចាំ បញ្ហាសម្រាន្តមិនសូវលក់ ​ឈឺសាច់ដុំ ឈឺក្បាល ​បេះដូងដើរញាប់ជាងមុន ជាដើម។លោកជំទាវ ក៏នៅតែបន្តអំពាវនាវ ​កុំឱ្យប្រជាពលរដ្ឋមើលស្រាលជំងឺកូវីដ-១៩ ជាពិសេស​វីរុសបំប្លែងថ្មី អូមីក្រុង​។ សូមបងប្អូនប្រជាពលរដ្ឋមានការ​យល់​ដឹងថា លទ្ធភាព​វៃលុក​របស់​វាមកលើសរីរាង្គកាយមនុស្ស ​អាចកើតមានមិនអាចមើលរំលងបានឡើយ​ ហើយជំងឺកូវីដ-១៩ ក៏មិនមែន​ជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា​ និង​រិតតែមិនមែន​ជាជំងឺ​ដែល​សាមញ្ញពេកនោះដែរ ថ្វីត្បិតតែ​ វាមានលក្ខណៈដូចជាស្រាល​ ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការ ស្រោចស្រពវ៉ាក់សាំង​បានច្រើននៅក្នុងសហគមន៍។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានក្រើនរម្លឹកថា ​សរីរាង្គកាយមនុស្ស ​ប្រហែលជានឹងអាច មាន​ការប៉ះពាល់សុខភាពទោះតិចក្តី ឫច្រើនក្តី ​ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិន​បើយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសទី ៣ ឬដូសជំរុញ ​នាពេលនេះ ​នឹងជួយពង្រឹងកងការពារនេះ ​ដើម្បីទប់ទល់ពីការវាយលុកធ្ងន់ធ្ងរ​លើស​រីរាង្គបុគ្គល​ និងជួយសង្គ្រោះអាយុជីវិតមនុស្សផងដែរ៕ អត្ថបទ៖ គឹមហុក

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងបំពេញទស្សនកិច្ចលើកដំបូងនៅមីយ៉ានម៉ា សប្ដាហ៍ក្រោយ

2022/03/18 12:24:34 pm        745
ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ានម៉ា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារ លើកដំបូង នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២១ ដល់ទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលនៃប្រទេសមួយនេះ ។យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណង ​ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅ​ដល់​ការ​បញ្ចប់អំពើហិង្សា ​ក៏ដូចជាការ​អត់ធ្មត់​ឲ្យបានខ្ពស់បំផុត ​ពីគ្រប់ភាគីទាំងអស់, ការចែកចាយ​ជំនួយ​មនុស្សធម៌​ ដោយមានការគាំទ្រ ​និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ និង​លើកទឹកចិត្តឲ្យមានកិច្ចពិគ្រោះយោបល់/កិច្ច​សន្ទនា​នយោបាយ ​ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ។ សេចក្តីប្រកាសព័ត៌មាន បានបន្តថា ដំណើរទស្សនកិច្ចនេះ​ នឹងផ្អែកលើឯកសារមូលដ្ឋាន នៃកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុចរបស់អាស៊ាន​ លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ​នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ ​លទ្ធផលនៃកិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម នាយឧត្តមសេនីយ៍​ជាន់​ខ្ពស់ មីង អោង ឡាំង ​និងលទ្ធផល​នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការ​បរទេសអាស៊ាន ​នាពេលថ្មីៗនេះ ។ប្រកាសព័ត៌មានដដែល ​បានបញ្ជាក់ថា​ ទស្សនកិច្ចនេះ អមដំណើរដោយ​ឯកឧត្តមកិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ឯកឧត្តម លឹម ចុកហ៊ុយ ​អគ្គលេខាធិការអាស៊ាន លោក លី យ៉ាមមីង នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួលអាស៊ាន​ ដើម្បីជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ​និងមន្ត្រីជាន់ខ្ពស់របស់​រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​អាស៊ាន និង AHA Centre ផងដែរ ៕

សម្តេចតេជោ៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែ​លម្អ​នូវ​ជន្ទល់​សេដ្ឋកិច្ច​សំខាន់ៗ

2022/03/18 11:31:24 am        604
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា កម្ពុជារំពឹងថា នឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវជន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នឹងការស្វែងរកជន្ទល់ថ្មីប្រកបដោយសក្តានុពលពីវិស័យផ្សេងៗ។ការថ្លែងរបស់សម្តេចតេជោ យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៥សែន២ម៉ឺន៣ពាន់ដូសពីរដ្ឋាភិបាលនិងប្រជាជនហុងគ្រី ជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១៨ មីនានេះ។សម្តេច បានបង្ហាញមោទនភាពថា តាមរយៈការខិតខំការពារទប់ស្កាត់ជាពិសេសការចាក់ស្រោច​វ៉ាក់សាំង​ការពារកូវីដ១៩ បានអនុញ្ញាតឲ្យកម្ពុជាបើកប្រទេសឡើងវិញ និងរក្សាកិច្ចការនៃសកម្មភាព​សង្គម​សេដ្ឋកិច្ច​ពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុង​សហគមន៍​នឹង​បន្តមានក៏ដោយ។សម្តេចតេជោគូសបញ្ជាក់ទៀតថា បើទោះបីជាវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញ ក៏​វិស័យសំខាន់ៗ​មួយចំនួនបាន​និងកំពុងស្ដានិងជំរុញដំណើរការជាប្រក្រតីឡើងវិញ​ដែលជា​លទ្ធផល​កម្ពុជារំពឹងថា នឹងធានាបាននៅកំណើនវិជ្ជមានកម្រិតប្រមាណ ៣ភាគរយនៅឆ្នាំ ២០២១ នឹងបន្តកើនឡើងលើស ៥ភាគរយនៃឆ្នាំ ២០២២។ជាមួយគ្នានេះភាពមិនប្រាកដប្រជានៅមានបន្តក្នុងកម្រិតគួរឱ្យបារម្ភដោយសារការកើនឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត ជាក់ស្ដែងជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី​និង​អាចជះឥទ្ធិពលអវិជ្ជមានលើ​កំណើន​សេដ្ឋកិច្ចសកល​នឹងសេដ្ឋកិច្ចកម្ពុជា​ប្រសិនបើជម្លោះនេះនៅបន្តអូសបន្លាយទៅមុខទៀត។ក្នុងន័យនេះ កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហា​ប្រឈមទាំងនេះ​ដើម្បីរៀបចំគោល​នយោបាយ​និងដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេលវេលា៕

សម្តេចតេជោ ជំរុញលើកទឹកចិត្តឱ្យកម្ពុជា ហុងគ្រីបើកស្ថានទូតឡើងវិញ

2022/03/18 04:39:50 am        533
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យ បើកស្ថានទូតនៃប្រទេសទាំងពីរកម្ពុជា-ហុងគ្រី ជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីឲ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីរដ្ឋាភិបាល និងប្រជាជនហុងគ្រី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៨មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាព​រវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត។ក្នុងពិធីដ៏ថ្លៃថ្លានេះ សម្ដេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល​និង​ប្រជាជនហុងគ្រី​ដែលបានផ្ដល់អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩​ប្រភេទ​អាស្ត្រាហ្សេនីកា​ ចំនួន ៥ សែន២ម៉ឺន៣០០០ដូស ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ហុងគ្រីគឺជាប្រទេសទី៦ ​ដែលបានផ្ដល់អំណោយ​វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាជន​និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងក្របខណ្ឌទ្វេភាគី​ដែលសម្ដេច​បាន​ទទួលដោយផ្ទាល់​អំណោយ​ដ៏ថ្លៃថ្លា​នេះ​គឺជាសក្ខីភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពីកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់​របស់ប្រជាជន​និង​រដ្ឋាភិបាល​ហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា​និងនៅ​លើសកលលោកទាំង​មូល​ហើយកម្ពុជា​សូមកោត​សរសើរ និងវាយតម្លៃខ្ពស់ ជាការពិតការឆ្លងរាលដាលបើជំងឺកូវីដ១៩នៅតែបន្តអូសបន្លាយ និងកំពុងវិវត្តន៍ជាពិសេស​តាមរយៈការ​បង្កើត​ជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្ត។ ឈរលើស្មារតីប្រុងប្រយ័ត្នប្រកប​ដោយ​សុទិដ្ឋិនិយម​មកម្ពុជា​បានតាមបានវាយតម្លៃសភាពការណ៍​និងយកចិត្តទុកដាក់ខ្ពស់​ដោយបាន​ពន្លឿន​និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងកម្ពុជា។ក្នុងក្របខ័ណ្ឌសកលលោក កម្ពុជាក៏បានចូលរួមជំរុញផងដែរនូវ​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​និង​សូមវាយ​តម្លៃខ្ពស់​ចំពោះវប្បធម៌ជួយគ្នាទៅវិញទៅមក ​ជាពិសេសការចែករំលែក​វ៉ាក់សាំងកូវីដ១៩ ដែលពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុង​ការទប់ស្កាត់ការឆ្លងរាលដាល​នៃជម្ងឺ​ដ៏កាច​សាហាវនេះ ។កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព​សម្រាប់យើងទាំងអស់​គ្នាហើយ​វ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្ត្រគន្លឹះក្នុង​ការទប់ទល់នឹងឆ្លងរាលដាល​ក៏ដូចជា​ការរៀនរស់នៅជាមួយកូវីដ១៩ នឹងការបើកកិច្ចដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ។គិតត្រឹមថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២២ កម្ពុជាគឺជាប្រទេសមួយដែលបានទទួលជោគជ័យក្នុង​យុទ្ធនាការ​ជាតិចាក់វ៉ាក់សាំង​ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំង​ប្រមាណ ៩២,២៧% នៃប្រជាជនសរុប ១៦លាននាក់។ការនេះ​បានអនុញ្ញាត​ឲ្យកម្ពុជាបើកប្រទេសឡើងវិញ និង​រក្សាកិច្ចការនៃសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នឹងបន្តមានក៏ដោយ។កម្ពុជារំពឹងថា នឹងអាចស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលំ​អ​នូវជន្ទល់​សេដ្ឋកិច្ច​សំខាន់ៗ​ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ នឹងការស្វែងរកជន្ទល់ថ្មីប្រកប​ដោយ​សក្តានុពល​ពីវិស័យ​ផ្សេងៗ។អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកាពីសំណាក់ប្រជាជន​និងរដ្ឋាភិបាលហុងគ្រីនាថ្ងៃនេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅកម្ពុជា៕ អត្ថបទ មុត សុទ្ធ 

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ ត្រូវបានពង្រីកបន្ថែមប្រវែងជាង ១៥០គីឡូម៉ែត្រទៀត

2022/03/17 04:37:52 pm        535
កំពង់ធំ៖ ប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ ត្រូវបានពង្រីកបន្ថែមប្រវែងជាង ១៥០គីឡូម៉ែត្រទៀត ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ចំនួនជិត៣០លានដុល្លារ ដែលត្រូវបានសាងសង់រួចទាំងស្រុង និងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅខែក្រោយនេះ។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីម្សិលមិញ បានដឹកនាំសហការីចុះពិនិត្យស្ថានីយ​ផ្គត់ផ្គង់ទឹកស្អាតក្រុងស្ទឹងសែន។ ឯកឧត្តម បានឲ្យដឹងថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់នេះ អាច​គ្របដណ្តប់​ចែកចាយប្រវែងប្រមាណជាង ១៥០គីឡូម៉ែត្រ ​ស្មើនឹង២០ភូមិ ដែលមួយផ្នែកស្ថិត​ក្នុង​ក្រុងស្ទឹងសែន និងមួយផ្នែកទៀត ក្នុងឃុំក្តីដូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ គម្រោងនេះ ​អនុវត្តក្រោមជំនួយហិរញ្ញប្បទាន​ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជិត ៣០លានដុល្លារ តាមរយៈក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ ​ជាម្ចាស់គម្រោងតំបន់​សេវាទឹកស្អាត ​ដើម្បីលើកស្ទួយវិស័យទឹកស្អាតឲ្យមានការរីកចម្រើន​ ធានាឲ្យបាននូវនិរន្តរភាព នៃការ​ផ្ដល់សេវាទឹកស្អាតប្រកបដោយគុណភាព ​និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុងតម្លៃសមរម្យ​ ជាពិសេសចូលរួមថែរក្សា ​សុខុមាលភាព​ប្រជាពលរដ្ឋ ឲ្យមានភាព​ប្រសើរឡើង​ប្រកប​ដោយ​អនាម័យ។ឯកឧត្ដម បានស្នើដល់ប្រជាពលរដ្ឋទាំងអស់​ ឱ្យជួយថែរក្សាប្រព័ន្ធបង្ហូរទឹក​ និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ។ ទន្ទឹមនេះ ​អាជ្ញាធរពាក់ព័ន្ធ ​ដៃគូរអភិវឌ្ឍន៍នានា​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុង​សកម្មភាពជីកកាយ ​ការពារការខូចខាតជាយថាហេតុ។ ឯកឧត្តម បន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុង ​ក្រុងស្ទឹងសែន ​និងស្រុកកំពង់ស្វាយ ដែល​មាន​ប្រព័ន្ធទុយូទៅដល់ ​សូមមកដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញ ​ដើម្បីទទួលបានទឹកប្រើប្រាស់ប្រចាំថ្ងៃ។ក្រុមបច្ចេកទេសក្រសួងឧស្សាហកម្ម ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​បានបញ្ជាក់ថា សំណង់​អាងប្រព្រឹត្តកម្មទឹកស្អាតនេះ​ មានសមត្ថភាពផលិតទឹកស្អាត បានចំនួន ៧៥០០ម៉ែត្រគីប​ក្នុងមួយថ្ងៃ។ ​អាងស្តុកទឹកស្អាត និងស្ថានីយចែកចាយ ​អាចស្តុកទឹកបាន១៨០០ម៉ែត្រគីប៕ អត្ថបទ៖ លី សាងស៊ីន

ក្រុមអ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

2022/03/17 04:31:17 pm        540
សៀមរាប៖ ក្រុមអ្នកជំនាញការចំពោះកិច្ច អាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) កាលពីម្សិលមិញ បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។លោក ឡុង កុសល អង្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការចុះត្រួតពិនិត្យ ផ្លាស់ប្តូរ​យោបល់ របស់អ្នកជំនាញ អាដហុក គឺជាសកម្មភាពចាប់ផ្តើមមុននឹងដំណើរការនៃ​កិច្ច​ប្រជុំ​អាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា ​និងគម្រោងដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញ​ផ្តល់អនុសាសន៍ចំណុច ដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អ ឱ្យការងារទាំងនោះ ដំណើរការល្អ និងស្របតាមលក្ខខណ្ឌ នៃធម្មនុញ្ញអង្គរ។ បន្ថែមពីនេះ ក្រុមអ្នកជំនាញ ​នឹងរៀបចំជារបាយការណ៍នៃការចុះត្រួតពិនិត្យនេះ ​សម្រាប់ពិភាក្សា និងផ្តល់យោបល់បន្ថែម​ ក្នុងកិច្ចប្រជុំធំ​ នៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។ឯកឧត្ដម បានបញ្ជាក់ថា ​ការចុះតាមការដ្ឋាននេះ ​ធ្វើឡើងរយៈពេលមួយសប្ដាហ៍​ តាមទីតាំងផ្សេង ៗ ដូចជាប្រាសាទលលៃ បាគង បន្ទាយស្រី ​មេបុណ្យខាងលិច នាគព័ន្ធ ព្រះខ័ន ចៅសាយទេវតា ធម្មនន្ទ ​និងផ្លូវទស្សនាថ្មើរជើងលើកំពែងក្រុងអង្គរធំ ។ល។គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និង​កិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃទី២៤-២៥ ខែមីនា នេះ ​ដែលមានសហប្រធានបារាំង​ និងជប៉ុន ក្រោម​អធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង ​សកុណា ​រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា៕ អត្ថបទ៖ ឈិត សាវី

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ​យកចិត្តទុកដាក់​បំពេញ​ការងារ​បម្រើ​ពលរដ្ឋ

2022/03/17 04:24:41 pm        397
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ ឱ្យយកចិត្តទុកដាក់ក្នុងការ បំពេញការងារបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តឧត្តរមានជ័យ កាលពីម្សិលមិញ បានលើក​ឡើង​ថា ដើម្បីធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានជោគជ័យលើគ្រប់វិស័យ​រាល់​ការងារស្នូលផ្សេងៗនោះ គប្បី អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ​នៅតាមមូលដ្ឋានទាំងអស់ ត្រូវមានសាមក្គីភាព​ផ្ទៃ​ក្នុងល្អ​ និងបម្រើសេវាសាធារណៈនានា​ជូនដល់ប្រជាពលរដ្ឋឲ្យបានលឿន ​និងឆាប់រហ័ស ពិសេស​ក្នុងឱកាសបោះឆ្នោតខាងមុខនេះ ធ្វើយ៉ាងណាត្រូវខិតខំ​បម្រើ​ការងារស្នូលនៅ​តាមមូលដ្ឋាន​របស់​ខ្លួន ឲ្យបានល្អប្រសើរ​សម្រាប់ប្រជាពលរដ្ឋ។ឯកឧត្តម បាន​ធ្វើការ​ផ្តាំផ្ញើ​កោតសរសើរ ​និង​វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តឧត្តរមានជ័យ ដែល​កន្លងមក​ តែងតែ​សម្រេចបានការរីកចម្រើននូវរាល់វិស័យការងារ​សង្គម​នានា​ជាច្រើន ពិសេស​នោះ​លើវិស័យ​សុខាភិបាល ​ក្នុងការចាក់វ៉ាក់សាំង​ជូនដល់ប្រជាពលរដ្ឋបានរួចរាល់​គ្រប់ដូស ដើម្បី​ការពារជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

ប្រព័ន្ធសុខាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រង និងឆ្លើយតបនឹងជំងឺកូវីដ-១៩

2022/03/17 02:29:36 pm        628
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ប្រព័ន្ធសុខាភិបាលកម្ពុជា មានសមត្ថភាពក្នុងការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងរក្សាបាននូវនិរន្តរភាព នៃការផ្តល់សេវាថែទាំសុខភាពសារវ័ន្តជូនប្រជាពលរដ្ឋ នៅក្នុងបរិបទនៃការរាតត្បាតដោយជំងឺឆ្លង។ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបិទកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ​សមិទ្ធផល​សុខាភិបាលឆ្នាំ២០២១ ​និងទិសដៅសុខាភិបាលឆ្នាំ២០២២ ​នាទីសី្តការក្រសួងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមទៀតថា វិស័យសុខាភិបាល បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍសង្គមកិច្ច-សេដ្ឋកិច្ច ​និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់​ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង​ដោយ​បាន​ថ​យចុះជា​បន្ត​បន្ទាប់​នូវ​អត្រាស្លាប់របស់មាតា ​ទារក និងកុមារ ​និងអត្រាឈឺ​ និង​អត្រាស្លាប់​ដោយជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ ​និង​គ្រុនឈាម​ជាដើម។ វឌ្ឍភាព​វិស័យសុខាភិបាល​សម្រេចបាន ​អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា​ក្រោម​ការដឹកនាំដ៏​ប៉ិនប្រសប់​ ឈ្លាសវៃ ម៉ឺងម៉ាត់ ​និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​រក្សាបានសន្តិភាព ​និងស្ថេរភាពនយោបាយដែល​ជាមូលដ្ឋានគ្រឹះនៃការ​អភិវឌ្ឍ ការរស់នៅ​សុខដុមរមនា​របស់ប្រជាពលរដ្ឋ ​ការដោះស្រាយបញ្ហាប្រឈម​ នៃ​ការរាតត្បាត នៃជំងឺកូវីដ-១៩​ និងការបង្កើនចំណាយលើប្រព័ន្ធគាំពារសុខភាព​សង្គម​សម្រាប់គ្រួសារក្រីក្រ និង​ក្រុមជាគោលដៅ​ដទៃទៀត។ជាមួយគ្នានោះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​ឡើងធ្វើ​របាយការណ៍អំពីដំណើរការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​បញ្ជាក់ថា ​ក្នុងរយៈពេល២ឆ្នាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩​ ក្រសួងសុខាភិបាលធានាថា​ មិនខ្វះសម្ភារៈ​ បរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ នោះឡើយ។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​សូមក្រើនរំលឹកដល់មន្រ្តី បុគ្គលិកសុខាភិបាល​គ្រប់​លំដាប់​ថ្នាក់ ​ការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩ ​នៅ​តែជាបញ្ហាគំរាមកំហែងដល់​សុខភាព​សាធារណៈ វិស័យ​សង្គមកិច្ចសេដ្ឋកិច្ច។ ដូច្នេះ​ត្រូវពង្រឹងកិច្ចសហការឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាង​វិស័យ​សុខាភិបាល​ វិស័យពាក់ព័ន្ធ ​និងរដ្ឋបាលថ្នាក់ក្រោមជាតិ ​ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់របស់​ប្រជាពលរដ្ឋឲ្យអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវវិធានសុខាភិបាល ​និងសេចក្តីណែនាំនានារបស់​រាជ​រដ្ឋាភិបាល ​និងក្រសួងសុខាភិបាល​ ដើម្បីរក្សាសុខភាព​ និងបង្ការជំងឺ ​ជាពិសេសជំងឺកូវីដ-១៩៕ អត្ថបទ៖ រដ្ឋា

អ្នករាយការណ៍សិទ្ធិមនុស្ស​សរសើរ​កម្ពុជា ​ដោះស្រាយ​ដោយ​សន្តិវិធីករណី​អតីត​បុគ្គលិក​ណាហ្គាវើល

2022/03/17 02:18:48 pm        609
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍភាពនៃការខិតខំដោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅរកផ្លូវចរចារបញ្ចប់ ករណីបាតុកម្មដោយអតីតបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ ដោយសន្តិវិធី។ក្នុងជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៦ មីនាឆ្នាំ២០២២នេះ ​នៅទីស្តីការក្រសួង ​តាមប្រព័ន្ធអនឡាញ​ដោយ​មាន​ការចូលរួមពីឯកឧត្តម អាន សុខខឿន ​ឯកអគ្គរាជទូត និង​ជា​តំណាង​ស្ថានបេសកកម្មអចិន្រ្តៃយ៍​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន ​អ្នករាយការណ៍ពិសេសទទួល​បន្ទុកស្ថានភាព​សិទ្ធមនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា​ ចំពោះបញ្ហាទាមទារនានា នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់​ និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ​បានជម្រាបជូនពីការខិតខំរបស់កម្ពុជា ក្នុងការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​របស់អង្គការអន្តរជាតិខាងការងារ (ILO) គោលនយោបាយច្បាប់​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹងសិទ្ធិមនុស្ស ​ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន១៣ ​របស់ ILO រួមទាំងអនុសញ្ញាស្នូលចំនួន៨ផងដែរ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញច្បាប់ និងលិខិតបទដ្ឋាន​ពាក់ព័ន្ធ​ នឹងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារ​នៅកម្ពុជា​បានអនុវត្តល្អប្រសើរស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋាន​អន្តរជាតិស្តីពីការងារ។ ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ក្រសួងបានសម្រួលនីតិវិធីនៃការ​ចុះ​បញ្ជី​សហជីព​ សម្រួលនីតិវិធីនៃការរក្សាបញ្ជិកា សម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាពជា​តំណាង​បំផុត ​លើកកម្ពស់សិទ្ធ ​និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់​តែ​ច្បាស់លាស់ ដោយបន្ថែមការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួម ដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។ ឯកឧត្តម បានលើកឡើងបន្តថា ក្រសួងបានចេញប្រកាសចំនួន៨ ដើម្បីសម្រួលដល់ការអនុវត្ត​ស្តីពីសហជីព ​ជាពិសេសការចុះបញ្ជីសហជីព ការទទួលស្គាល់ភាពជាតំណាង​បំផុត និង​សិទ្ធសហជីព​ភាគ​តិចក្នុងការដោះស្រាយ​វិវាទ​ការងាររួម​នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដែលជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈបានចុះបញ្ជីសរុបចំនួនជាង ៥ ៧០០ ដែលក្នុងនោះ ឆ្នាំ២០២១ មានចំនួន ២៦២។ ចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្ស ​ជួញដូរកម្លាំងពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួង​បានផ្តោតអាទិភាពខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ ​និងពង្រឹងយន្តការការងារ តាមរយៈអធិការកិច្ចការងារ ​និងការសហការជាមួយគម្រោងរោងចក្រ​កាន់តែប្រសើរនៅកម្ពុជា ដែល​រហូតមកដល់ពេលនេះយើងអាចទប់ស្កាត់​បានមិនឱ្យមានការងារដោយបង្ខំទេ ហើយការប្រើប្រាស់​ពលម្មកុមារក៏ត្រូវបានទប់ស្កាត់​ជាបន្តបន្ទាប់ផងដែរ។ តាមរយៈកិច្ចប្រជុំនេះ ​ភាគីទាំងពីរ ​បានសំដែងនូវការពេញចិត្តចំពោះអ្វីដែលជាការពិត ដែលបាន​នឹងកំពុងខិតខំអនុវត្ត ​ហើយសង្ឈឹមជឿជាក់ថា​កិច្ចសហប្រិតបត្តិការក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសិទ្ធការងារ ​នឹងបន្តចូលរួមកាន់តែ​ ប្រសើរថែមទៀត​ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ចំនួនអ្នកជិះរថយន្តក្រុងសាធារណៈ មានតិចតួច ទោះបីតម្លៃប្រេងសាំងបន្តកើនឡើងក្ដី

2022/03/17 01:27:23 pm        540
ភ្នំពេញ៖ ក្រោយពីបើកដំណើរការសេវារថយន្តសាធារណៈឡើងវិញ កាលពីចុងឆ្នាំ២០២១ មកទល់បច្ចុប្បន្នចំនួនប្រជាពលរដ្ឋដែលប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនេះ គឺនៅតែមានចំនួនតិចតួចនៅឡើយ។ ប្រជាពលរដ្ឋភាគច្រើន នៅតែប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ទោះតម្លៃប្រេងសាំងបន្តកើនឡើងក្ដី។​ចំនួនប្រជាពលរដ្ឋប្រើប្រាស់សេវារថយន្ត​សាធរណៈសព្វថ្ងៃគឺមានចំនួនតិចតួច​នៅឡើយ។ នេះជាការលើកឡើងរបស់ ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈរថយន្ត​ក្រុង (City Bus) រាជធានីភ្នំពេញ។ លោកថាចំនួនអ្នកជិះ គឺមានតិចតួចនៅឡើយ ដោយសព្វថ្ងៃគឺស្ថិតក្នុង ចន្លោះពី ២ ៥០០ ទៅ ៣​ ០០០ នាក់ ក្នុង១ថ្ងៃ ដោយកាលពីមុននៅពេលមិនទាន់មានវត្តមាន កូវីដ-១៩ គឺមានអ្នកជិះចន្លោះពី ២៥ ០០០នាក់ ទៅ ៣០ ០០០ នាក់ក្នុងមួយថ្ងៃ។ លោកបន្ត ថាសព្វថ្ងៃ រថយន្តក្រុង ដំណើរការត្រឹម ៣០% ប៉ុណ្ណោះ ដោយមានផ្លូវរត់ចំនួន ៤ខ្សែ និងប្រើប្រាស់រថយន្តចំនួន ៦០គ្រឿង។ ពាក់ព័ន្ធនឹងចំនួនប្រជាពលរដ្ឋប្រើប្រាស់សេវារថយន្តសាធារណៈនៅមានកម្រិតតិចតួចបែបនេះ លោកបាន​លើកទឹកចិត្តនិងសំណូមពរឱ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់សេវារថយន្តក្រុង​សាធារណៈឱ្យបានកាន់តែច្រើន ​ព្រោះវាអាចកាត់បន្ថយការចំណាយ កាត់បន្ថយបញ្ហាគ្រោះថ្នាក់​ចរាចរណ៍ ​កាត់បន្ថយការបំពុលបរិស្ថាន ​និងធ្វើដំណើរដោយសុវត្ថិភាព។ ការអំពាវនាវនេះ ​ក៏ស្របពេលដែលបច្ចុប្បន្ន តម្លៃប្រេងសាំងកំពុងមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងសម្រាប់តម្លៃសាំងធម្មតា ​និងតម្លៃប្រេងម៉ាស៊ូត ​បានកើនឡើងដល់តម្លៃ ៥៣០០រៀល​ក្នុង១លីត្រ។ ប្រជាពលរដ្ឋដែលបន្តប្រើប្រាស់សេវារថយន្តសាធារណៈរៀងរាល់ថ្ងៃនេះ លើកឡើងជាការ​ពេញ​ចិត្ត​ចំពោះសេវានេះ។ ​ ពួកគាត់ថា​ ជិះឡានក្រុងរាល់ថ្ងៃ គឺទទួលបានប្រយោជន៍ច្រើនទាំងរឿង​សុវត្ថិភាព ​និងការចំណេញថវិកាផងដែរ។ សូមជម្រាបជូនថា ការធ្វើដំណើររថយន្តក្រុងសាធារណៈ គឺចំណាយត្រឹមតែ​ ១៥០០ រៀល​តែប៉ុណ្ណោះ។ ​សម្រាប់សិស្សនិស្សិត ​កម្មករកម្មការិនី​ កីឡាករកីឡាការិនី ​ចាស់ជារា កុមារ​កម្ពស់ក្រោម ១ម៉ែត្រ​ អាចជិះដោយមិនគិតថ្លៃនោះទេ៕អត្ថបទ៖ គឹមហុក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន
12/18/2025 08:12 PM
រុស្ស៊ីសង្ឃឹមថា លោក Trump មិនធ្វើកំហុសធ្ងន់ធ្ងរ នៅវ៉េណេស៊ុយអេឡា
12/18/2025 08:12 PM
សភាអាល់បានីផ្ទុះជម្លោះ ជុំវិញការចោទប្រកាន់ពុករលួយ ចំពោះឧបនាយករដ្ឋមន្ត្រី
12/18/2025 08:12 PM
ការវាយប្រហារយានដ្រូនបានធ្វើឲ្យទីក្រុងធំៗជាច្រើនរបស់ស៊ូដង់ធ្លាក់ក្នុងភាពងងឹត
12/18/2025 08:12 PM
លោក Zelenskiy ៖ ក្រុមចរចាអ៊ុយក្រែននឹងជួបក្រុមសហរដ្ឋអាមរិកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍
12/18/2025 08:12 PM
UN៖ ជនស៊ីវិលជាង ១.០០០នាក់ ត្រូវបានសម្លាប់នៅ Darfur របស់ស៊ូដង់ កាលក្រុមទាហានប៉ារ៉ា គ្រប់គ្រងជំរំ
12/18/2025 08:12 PM