BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្ដម ជា សុផារ៉ា ជំរុញថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ពង្រឹងរបៀបរបបធ្វើការងារឱ្យកាន់តែល្អ

2022/03/02 05:35:14 pm        707
ត្បូងឃ្មុំ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវពង្រឹងរបៀបរបបធ្វើការងារឱ្យបានកាន់តែល្អ ជាពិសេសការតែងតាំងការដំឡើងថ្នាក់​ឋានន្តរសក្ដិត្រូវអនុវត្តឲ្យស្របតាមគោលការណ៍នីតិវិធី ដែលបានកំណត់។ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២​ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ​នៅថ្ងៃទី០២ ខែមីនា នេះ ឯកឧត្តម ជា សុផារ៉ា ​បានមានប្រសាសន៍ណែនាំផ្ដល់នូវគោលការណ៍ជាគន្លឹះសំខាន់ៗ​ជាច្រើន និង​បាន​ស្នើ​ដល់ថ្នាក់​ដឹកនាំ​រដ្ឋបាលគ្រប់ថ្នាក់ ​នៃខេត្តត្បូងឃ្មុំ​ ត្រូវពង្រឹងរបៀបរបបធ្វើការងារ ​ទំនាក់ទំនងការងារ សាមគ្គីភាព ​ឯកភាពផ្ទៃក្នុងឲ្យបានល្អ ​ក្នុងនោះប្រធានក្រុមប្រឹក្សា ​និងអភិបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាលរបស់​ខ្លួនស្រប​តាម​ច្បាប់ ​និង​លិខិត​បទដ្ឋាន​នានា​ជាធរមាន។ឯកឧត្ដម បានបញ្ជាក់ថា ​រដ្ឋបាលខេត្តត្បូងឃ្មុំ ​ត្រូវបង្កើនការពង្រឹង ​និងគ្រប់គ្រងបុគ្គលិក មន្ត្រី​រាជការ​ឱ្យបាន​គត់មត់​ ជាពិសេសការតែងតាំង ​ការដំឡើងថ្នាក់​ឋានន្តរស័ក ត្រូវអនុវត្ត​ឲ្យស្រប​តាម​គោលការណ៍​នីតិវិធី ដែលបានកំណត់។ ទន្ទឹមនេះ ត្រូវរួមគ្នាដាក់ចេញឲ្យបានច្បាស់​លាស់នូវគោលការណ៍ ​បែបបទ និងលក្ខណៈវិនិច្ឆ័យ​សម្រាប់​រៀប​ចំចំនួនបុគ្គលិកជាក់លាក់ នៅតាមអង្គភាពនីមួយៗ ចំណុះរដ្ឋបាលខេត្ត ​ព្រមទាំងរៀបចំ និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវាយតម្លៃបុគ្គលិក ​មន្ត្រីរាជការ ​ដោយផ្អែកលើ​សមិទ្ធកម្ម​គុណភាព​ការងារ ការ​ពិព័រណ៍​នាមុខតំណែង និងលក្ខខណ្ឌការងាររបស់បុគ្គលម្នាក់ៗផងដែរ។ឯកឧត្តម​ បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ​បុគ្គលិក កងកម្លាំង​មាន​សមត្ថកិច្ចនានា ​និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​នៃខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេច​បាននូវ​សមិទ្ធផល​ក្នុងការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល សំដៅ​លើក​កម្ពស់ជីវភាពរស់នៅ ​និងបន្តកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ពីលទ្ធផលការងាររបស់រដ្ឋ​បាលខេត្តត្បូងឃ្មុំ ​ដែលសម្រេចបានក្នុងឆ្នាំ២០២១ ​ដែលអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាលកម្ពុជា ​កំណែ​ទម្រង់វិមជ្ឈការ វិសហមជ្ឈការ ​និងកម្មវិធីកំណែទម្រង់រដ្ឋបាល​សាធារណៈ ក៏ដូចជាកម្មវិធីកំណែទម្រង់ស៊ី​ជម្រៅ​ដទៃទៀតសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕អត្ថបទ៖ ថុង សីហា

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដឹកនាំមន្រ្តីធ្វើពិធីបុណ្យ ១០០ថ្ងៃថ្វាយព្រះកុសលជូនសម្តេចក្រុមព្រះ

2022/03/02 02:43:57 pm        389
ភ្នំពេញ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំមន្រ្តីគណបក្ស និងព្រះរាជវង្សានុវង្ស ធ្វើពិធីបុណ្យ១០០ថ្ងៃ ថ្វាយព្រះកុសលផលបុណ្យជូនសម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលព្រះអង្គបាន ទ្រង់សោយទិវង្គត កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ។ពិធីបុណ្យគោរព១០០ថ្ងៃ ដើម្បីថ្វាយព្រះកុសលផលបុណ្យជូនដល់សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ គឺបានធ្វើឡើងចំនួនពីរថ្ងៃ គឺថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២២នេះ នៅព្រះដំណាក់ព្រះអង្គ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស និងសមាជិក-សមាជិកា​គណបក្សហ៊្វុនស៊ិនប៉ិច​មកពីគ្រប់រាជធានី-ខេត្តទាំងអស់ផង។នៅក្នុងកម្មវិធីបុណ្យ១០០ថ្ងៃនេះ ក៏បាននិមន្តព្រះសង្ឈចំនួន៧៨អង្គ ដើម្បីរាប់បាត្រ​បង្សុកូល​តាមបែប​ព្រះពុទ្ធសាសនា​ ថ្វាយព្រះកុសលផលបុណ្យជូនដល់សម្តេចក្រុមព្រះ និង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​រាជវង្សា នុវង្ស ​និងបុព្វបុរសខ្មែរផងដែរ។សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ព្រះអង្គបានយាងសោយទិវង្គត​ហើយ​កាល​ពីព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ​នៅប្រទេសបារាំង ​ត្រូវនឹងម៉ោង ៣,៤០នាទី រសៀលម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយ​រោគាពាធ។ ភ្លាមៗ​ និងក្រោយព្រះអង្គសោយទិវង្គត ​អ្នក​នយោបាយ​កម្ពុជា​ទាំង​ស្រប​ និង​ប្រឆាំង​ព្រះ​អង្គ រួម​នឹង​ពលរដ្ឋខ្មែរ​ជាច្រើន​ បាន​សម្ដែង​នូវ​សមាន​ចិត្ត​ចូល​ នឹករលឹក​ អាឡោះអាល័យ​ និង​ចូលរួម​រំលែក​ដល់​ក្រុម​គ្រួសារ​រាជវង្ស​របស់​សម្តេច​ក្រុម​ព្រះ​ផងដែរ​៕ អត្ថបទ៖ បានចក់

ទេសរដ្ឋមន្រ្តី លី ធុជ នាំម្ចាស់ជំនួយចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC នៅ​ខេត្តបាត់ដំបង

2022/03/02 02:21:33 pm        616
បាត់ដំបង៖ ព្រឹកថ្ងៃទី០២ ខែមីនានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំម្ចាស់ជំនួយ ចុះពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់កងឯកភាពទី២ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (Clearing For Results,Phase4) នៅខេត្តបាត់ដំបង។រួមដំណើរម្ចាស់ជំនួយ លោកស្រី Allissar Chaker តំណាងUNDP ប្រចាំនៅកម្ពុជា, លោក Ryan Tierney លេខាទូតទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី Yeakyung Ji នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ។ចម្ការមីនដែលចុះពិនិត្យនេះ មានលេខ BS/CMAA/09414 ផ្ទៃដីសរុប ៤១៥០០ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ដោយមានអ្នកទទួលផល ២គ្រួសារ សរុប ៧នាក់។ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតប្រឹងប្រែងរបស់កងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ រយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រមទាំង បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកប​ដោយសប្បុរសរបស់ដៃគូអភិវឌ្ឍន៍ និង​ប្រទេសជាមិត្ត ​ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងបង្កើត​នូវ​សមិទ្ធផល​សម្រាប់វិស័យមីននាពេលកន្លងមក។ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា អាជ្ញាធរមីន ​ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាន​នឹងកំពុង​បន្តកិច្ចខិតខំប្រឹងប្រែង ​និងបំពេញ​បេសកកម្មរួមគ្នា ​ជាមួយដៃគូអភិវឌ្ឍន៍ ​ប្រទេសជាមិត្ត ប្រតិបត្តិករបោសសម្អាតមីន ​និងភាគីពាក់ព័ន្ធ ​ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុតពីគ្រាប់មីន ព្រមទាំង​បាន​អំពាវនាវដល់ដៃគូអភិវឌ្ឍន៍​ និងប្រទេសជាមិត្ត​ដែល​បាន​កំពុងជួយ និង​មិនទាន់​បាន​ជួយកម្ពុជា ​បន្តគាំទ្រ​ និងចូលរួម​ដើម្បី​បញ្ឈប់​វត្តមានគ្រាប់មីន​ និង​ដើម្បីភាគជោគជ័យរបស់កម្ពុជា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​ការងារបោសសម្អាតមីនរបស់យើង​នៅតែបន្តទៅមុខជានិច្ច ហើយ​ការ​ស្រាវជ្រាវ​ទិន្នន័យ​ចម្ការមីនមិនបច្ចេកទេស ​(Non-Technical Survey) និង​ការ​ពិនិត្យ​ឡើងវិញ​នូវការ​ប្រើប្រាស់ដី (Revisit) ​ត្រូវតែដើរទន្ទឹមគ្នា​ ដើម្បីកាត់បន្ថយផ្ទៃដី ​កាត់​បន្ថយពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយធន​ធាន​បោសសម្អាត៕

ការហាត់សមរបាំស្វាគមន៍ទិវាវប្បធម៌ ត្រៀមសម្តែង ក្នុងពិធីបើកទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២

2022/03/02 02:05:20 pm        749
ភ្នំពេញ៖ នៅសាលសន្និសីទចតុម្មុខ លោកគ្រូ អ្នកគ្រូ និងសិល្បករ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានធ្វើការហាត់សមត្រៀមសម្តែងក្នុង ពិធីបើកទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ០២២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ផ្ទាំងទស្សនីយភាពនេះ គ្រោងនឹងធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨ និង៣០នាទី ព្រឹក។ សូមរង់ចាំតាមដានទស្សនាទាំង​អស់គ្នា! ​កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌​ជា​ភារកិច្ចរបស់កូន​ខ្មែរ​គ្រប់ៗរូប៕

ជប៉ុន​ផ្តល់​ជំនួយ​ប្រមាណ ៤១លានដុល្លារ សម្រាប់អនុវត្តគម្រោង​បោសសម្អាត​មីន ​និងទឹកស្អាត

2022/03/02 01:35:31 pm        570
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃនេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន ០២ដែលមានតម្លៃប្រមាណ ៤១លានដុល្លារអាមេរិក។នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ​ស្ដីពី​ការផ្ដល់ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ដើម្បីអនុវត្តគម្រោងចំនួន ២ ទី១,ជាការបោស​សម្អាត​មីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក) ​និងទី២, ការ​ពង្រីក​ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ​នៅខេត្តស្វាយរៀង ​ដែលមានទឹកប្រាក់ចំនួន ​២.៧៨៦ ​លានយ៉េន (ប្រមាណ ២៤ លានដុល្លារអាមេរិក)។នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាលជប៉ុន​ចំពោះការផ្តល់​ជំនួយ​នាពេលនេះ​ ដែលបង្ហាញថា​ជប៉ុន​ជា​ប្រទេសមានកិច្ចសហប្រតិបត្តិការល្អ និង​សិទ្ធស្នាល​លើ​គ្រប់វិស័យ​ជាមួយកម្ពុជា ​សំដៅ​បន្ដដល់​ទំនាក់ទំនង​ប្រទេសទាំងពីរ បើទោះបីស្ថិតក្នុង​វិបត្តិកូវីដ១៩។ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​បានបង្ហាញក្តីសង្ឃឹម​យ៉ាង​មុតមាំថា គម្រោងនេះ នឹងរួម​ចំណែក​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​ជាតិ​ស្តីពី​កម្ពុជាគ្មានមីន​នៅឆ្នាំ២០២៥។បន្ថែមពីលើនេះ​ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុន ​ក៏បានសម្តែងការ ​គោរពដោយ ​ស្មោះចំពោះ កម្ពុជា​ដែល បានចាត់វិធានការយ៉ាង​សកម្មក្នុង​ការកែលម្អ​ស្ថានការណ៍​ ក្នុងប្រទេសមីយ៉ាន់ម៉ា ។ក្នុងនោះ ឯកអគ្គរាជទូតជប៉ុន ប្តេជ្ញាថា ​ជប៉ុននឹងបន្តគាំទ្រដល់ការខិត​ខំប្រឹងប្រែង​របស់កម្ពុជា​ក្នុងការ​កែលម្អស្ថានការណ៍ ​ក៏ដូចជាការរក្សា​ឯកភាពនិង ​ភាពជាកណ្តាលរបស់អាស៊ាន ក្នុងការស្វែងរក​ដំណោះស្រាយ​ឲ្យជូនមីយ៉ាន់ម៉ា ​ជាពិសេសតាមរយះការបំពេញទស្សនកិច្ចរបស់ឯកឧត្តម ​ប្រាក់ សុខុន​ នៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ៕អត្ថបទ សេក ឧត្តម

កុមារ​មាន​ពិការភាពនៅ បុរីទារក និងកុមារជាតិ ទទួលបានការចាក់វ៉ាក់សាំងនៅទីតាំងដោយផ្ទាល់

2022/03/02 01:23:13 pm        703
ភ្នំពេញ៖ កុមារមានពិការភាព ក៏ដូចជាកុមារកំព្រា ដែលកំពុងស្នាក់នៅទទួលការថែទាំនៅទីតាំង បុរីទារក និងកុមារជាតិ ទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវតាមការកំណត់ផ្អែក លើកម្រិតអាយុរបស់ពួកគាត់។ ការចាក់វ៉ាក់សាំងនេះ គឺមានការសម្រួលដោយក្រុមគ្រូពេទ្យ ដោយចុះចាក់នៅទីតាំងដោយផ្ទាល់ ដើម្បីបង្កភាពងាយស្រួល។យុទ្ធនាការចាក់វ៉ាក់សាំង គឺបើកទូលាយសម្រាប់គ្រប់ប្រជាពលរដ្ឋដែលគ្រប់អាយុ ដោយអាច​ស្ម័គ្រចិត្ត​ទៅ​ទទួល​ការចាក់សាំងនៅគ្រប់ទីកន្លែង ​ស្របពេល​ដែល​មាន​ការពង្រីកទីតាំង​ចាក់​វ៉ាក់សាំង​កាន់តែច្រើនទូទាំងប្រទេសកម្ពុជា។ លើសពីនេះ ​ក៏មានការចុះ​ចាក់​វ៉ាក់សាំង​ដល់ខ្នងផ្ទះ សម្រាប់​ប្រជាពលរដ្ឋដែល​ពិបាក​ក្នុង​ការបំលាស់ទីផងដែរ។ជាក់ស្ដែង​សម្រាប់​កុមារមានពិការភាព ​និង​កំមារ​កំព្រាប្រមាណ ​១៦០នាក់ ដែលរស់នៅទទួលការ​ថែទាំ​នៅទីតាំង​បុរីទារក​និងកុមារជាតិ​ ក៏​ទទួលបានការចុះទៅចាក់​វ៉ាក់សាំង​នៅទីតាំងដោយផ្ទាល់​ពី​ក្រុមគ្រូពេទ្យផងដែរ។ នេះជា​ការ​បញ្ជាក់​របស់​លោកស្រី ថោ ពៅ ​ប្រធាន​បុរីទារក​និងកុមារជាតិ។លោកស្រី មានប្រសាសន៍ថា ​មក​ទល់ពេលនេះ ​មានទាំងអ្នកដែលទទួល​បាន​ការ​ចាក់វ៉ាក់សាំង​លើកទី២ លើកទី៣ និងមានទាំងក្រុមគោលដៅថ្មី ​ដែល​នឹង​ទទួល​បាន​ការចាក់វ៉ាក់សាំង​ក្នុង​ពេលឆាប់ៗ​ខាងមុខផងដែរ។ពាក់ព័ន្ធ​នឹងការចាក់វ៉ាក់សាំង​សម្រាប់ក្របខណ្ឌទូទាំងប្រទេស ​គឺ​មានដំណើរ​ការ​ល្អប្រសើរ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក៏បាន​សម្រេច​ចាក់​វ៉ាក់សាំង​ដូសទី ៤ផងដែរ។តាម​របាយការណ៍របស់ក្រសួងសុខាភិបាល ​គិតត្រឹមថ្ងៃទី១ខែមីនា ឆ្នាំ២០២២ កម្ពុជា សម្រច​បាន​ការ​ចាក់វ៉ាក់​សាំងចំនួន ​៩១,៣៩% ​បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ​១៦លាននាក់។ថ្មីនេះៗ​រាជរដ្ឋាភិបាលកម្ពុជា​ ក៏​បាន​សម្រេច​ឱ្យ​មាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការកូវីដ-១៩ ជូន​កុមារអាយុចាប់ពី​ ៣ឆ្នាំដល់ក្រោម​ ៥ឆ្នាំផងដែរ ​ក្រោយ​ពី​ការ​មាន​ការរកឃើញនូវ​ករណី​ឆ្លង​វីរុសបំប្លែងថ្មី ​អូមីក្រុង ​ជាច្រើនរយករណីរៀងរាល់ថ្ងៃ៕ អត្ថបទ៖ គឹមហុក

WHOនឹង​បញ្ជូន​អ្នក​ជំនាញ​មក​កម្ពុជា​ ចងក្រង​ឯកសារ​បញ្ចប់​យុទ្ធសាស្រ្ត​ជាតិ​លុបបំបាត់​ជំងឺ​គ្រុនចាញ់

2022/03/02 01:10:31 pm        864
ភ្នំពេញ៖ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា តាមការគ្រោងទុក នៅអំឡុងខែកញ្ញា ឆ្នាំនេះ WHO នឹងបញ្ចូនអ្នកជំនាញមកកម្ពុជា ដើម្បីសិក្សាចងក្រងឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការបញ្ចប់យុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់២០២៥។ ឯកសារ ដែលកម្ពុជាចងក្រងរួច នឹងបញ្ជូលទៅWHO ដើម្បីស្នើសុំវិញ្ញាបនបត្រ ក្រោយពេល៣ឆ្នាំ បន្ទាប់ពីកម្ពុជា លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមីនា នេះ ក្នុងជំនួបជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោក​ នៃ​ទីស្នាក់ការកណ្តាលនៅទីក្រុង ហ្សឺណែវ ​ប្រទេសស្វីស​ ក្នុងគោលបំណងពិភាក្សាលើការងារលុបបំបាត់​ជំងឺ​គ្រុន​ចាញ់ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ​ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាព និង​សុខុមាលភាព​ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្ដួចផ្ដើម​និង​អនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ​ដែល​យុទ្ធសាស្ត្រជាតិនេះ​ ត្រូវ​បាន​យកមក​ប្រើប្រាស់ និងដាក់ចេញ​នូវ​សកម្ម​ភាព និង​គោលការណ៍​ណែនាំផ្សេងៗ ​សំដៅជំរុញការងារលុប​បំបាត់ជំងឺ​គ្រុនចាញ់​យ៉ាងសកម្ម សម្រាប់​ក្រុមការងារដៃគូ ​និងភ្នាក់ងារផ្តល់មូល​និធិនានា។លោកជំទាវ ​បាន​បញ្ជាក់​ថា ជា​លទ្ធផលរយៈពេល១០ឆ្នាំ ​នៃការអនុវត្តយុទ្ធសាស្រ្តនេះ ​ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ គឺ​សូចនាករ​អត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ​ត្រូវ​បានបញ្ចប់ ​គឺគ្មាន​អ្នកស្លាប់ដោយ ជំងឺនេះចាប់តាំងពីឆ្នាំ២០១៨មក។ នេះបញ្ជាក់ថា ​កម្ពុជា សម្រេចបានជោគជ័យ០៣ឆ្នាំមុនគោលដៅកំ ណត់។ ចំពោះ​សូចនាករ​ការ​គ្មាន​ជំងឺគ្រុនចាញ់ (Zero malaria)​ ក្នុងឆ្នាំ២០២៥ ​ក៏​ជាកិច្ចការដែលត្រូវតែ ​ប្រឹងប្រែង​រួមគ្នា​ជាបន្តទៀត​ដោយ​មិន​បន្ធូរដៃ ​នៅក្នុងដំណាក់កាលចុងក្រោយ ​ដើម្បី​ឈាន​ទៅសម្រេចបាន​ នូវគោលដៅនេះ។​លោកវេជ្ជបណ្ឌិត ​ប៉េដ្រូ អេឡនសូ ​ប្រធានគណៈប្រតិភូអង្គការ​សុខភាពពិភពលោក​ (WHO) បាន​បង្ហាញ​នូវ​ការកោត​សរសើរនូវ​សមិទ្ធផល​ ដែល​កម្មវិធីលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា សម្រេច​បានកន្លងមក ព្រមទាំងបាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​រិះរក​ថវិកា​បន្ថែមទៀត ដើមី្បជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ក្នុង​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥៕អត្ថបទ៖ ទូច សោភ័ណ

កម្ពុជាអំពាវនាវឱ្យសមាជិកអាស៊ានរួមគ្នាទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដោយមិនរើសអើងគ្នា

2022/03/02 12:59:00 pm        620
ភ្នំពេញ៖ ខណៈបញ្ហាបទល្មើសឧក្រិដ្ឋឆ្លងដែន នៅតែបន្តកើតមានក្នុងតំបន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនមានការរើសអើងគ្នា រួមទាំងការ ផ្ដល់នូវបទពិសោធន៍ទៅគ្នាទៅវិញទៅមក និងការពង្រឹងផ្នែកធនធានមនុស្សផងដែរ ។ក្នុងឱកាសអញ្ជើញបើក​សន្និសីទ​អាស៊ាន​ណាប៉ូល ​លើកទី៤០ ​នៅថ្ងៃទី២ ខែមីនានេះ សម្ដេចក្រឡាហោម​ ស ​ខេង ​មានប្រសាសន៍ថា ​នាពេលបច្ចុប្បន្ននេះ មានការប្រយុទ្ធប្រឆាំង​យ៉ាង​តឹងតែង​លើបទឧក្រិដ្ឋមិនប្រពៃណី និងបទឧក្រិដ្ឋប្រពៃណី​ រួមទាំងវិបត្តិជាបន្តបន្ទាប់ ដែលបង្កឡើង​ដោយ​ជំងឺរាតត្បាត ក៏ដូចជាគ្រោះធម្មជាតិ ​និង​បម្រែបម្រួល​ធាតុអាកាស ។សម្ដេច បានបន្តថា ស្ថានភាព​ពោរពេញដោយ​សម្ពាធ​អវិជ្ជមាន​បែបនេះ ​អាស៊ាន ​មាន​ភាពចាំបាច់ ត្រូវតែ​បន្តលើក​កម្ពស់​ស្មារតីសាមគ្គីភាព ​និងត្រូវធ្វើការជាមួយគ្នា ដើម្បី​សម្រប​សម្រួល​ឆ្លើយតប​ជា​សកល​ ចំពោះបញ្ហា ដែលកំពុងកើតឡើងនេះ ។សម្ដេចក្រឡាហោម បាន​ជំរុញ​គណៈកម្មការ​ក្នុង​សន្និសីទ​ណា​ប៊ូល​នេះ ​មាន​កិច្ចពិភាក្សារិះរកនូវ មធ្យោបាយ ​ឬវិធីសាស្ត្រ​សំដៅ​លើក​កម្ពស់​ការ​ប្រយុទ្ធប្រឆាំង​នឹងបទ​ល្មើសឆ្លងដែន​គ្រប់ប្រភេទ គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ដើម្បី​រក្សា​ស្ថិរភាពសន្តិសុខ ​និង​សុវត្ថិភាព​សង្គម នាំ​មក​នូវ​វិបុលភាព​សម្រា​ប់សហគមន៍ ​ពិសេសបង្កើតនូវ​បរិយាកាស​អំណោយ​ផល​គាប់​ប្រសើរ សម្រាប់​គាំទ្រ​ដល់​ការ​ស្ទុះងើបឡើង ​នៃប្រទេស​នីមួយៗ ក៏ដូចជាតំបន់ទាំងមូល​ បន្ទាប់​ពី​ការ​ញាំញី​ដោយ​ជំងឺ​កូវីដ-១៩៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា អំពាវនាវឱ្យប្រើប្រាស់វិធីសាស្ត្រ​ចរចា ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន

2022/03/02 12:13:47 pm        609
តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រើប្រាស់វិធីសាស្ត្រ ចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសម្តេចតេជោ បានបញ្ជាក់ថា មានតែការចរចាមួយគត់ ដែលអាចបញ្ចប់សង្គ្រាមបាន គឺមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ។នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ (ភ្នំពេញ-ខេត្តកំពត) នៅព្រឹកថ្ងៃទី២ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់អំពី​ជំហរ​ផ្ទាល់ខ្លួនសម្តេចថា ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន គឺសម្តេចមិនគាំទ្រការ​ប្រើប្រាស់​កម្លាំង​ទៅ​គំរាមកំហែង​ចំពោះប្រទេសណាមួយឡើយ។ ទាំងសម្តេច និងមិត្តចិន គឺ​សុទ្ធតែពិបាកក្នុងការបង្ហាញជំហរ ​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​សម្តេច បានស្នើឱ្យភាគីទាំងពីរ ធ្វើការ​សន្ទនាគ្នា ព្រោះមានតែការសន្ទនាគ្នាទេ ​ដែលអាចបញ្ចប់សង្គ្រាមបាន។ សម្តេចតេជោ មិនគាំទ្រចំពោះការផ្តល់អាវុធ ឬជំនួយយោធាទៅភាគីណាមួយទេ ដែលវានាំឱ្យ​សង្គ្រាម​ផ្ទុះ​កាន់​តែធំ។ការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដែល​មក​ដល់​ពេលនេះ មានរយៈពេល១សប្តាហ៍ហើយ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ​អំពាវនាវ​ដល់​អ្នកបើកបរទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍

2022/03/02 12:01:41 pm        920
តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំង អស់សូមមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ខណៈសព្វថ្ងៃចំនួនអ្នករងគ្រោះ និងបាត់បង់ជីវិតដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនច្រើន។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់រួមគ្នាជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំកម្ពុជា ក្នុងពិធីសម្ពោធ​បើក​ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ប្រវែងជិត​១៣៥គីឡូ​ម៉ែត្រ​ពី​ភ្នំពេញ​(ចោ​ម​ចៅ​)​ ទៅដល់ក្រុង​កំពត ដែលប្រារព្ធធ្វើនៅឃុំត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២មីនានេះ ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋទាំង​អស់ជា​អ្នកបើកបរ បង្កើន​ការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បី​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ដែល​នៅតែ​មាន​ជា​រៀង​រាល់ថ្ងៃ​និង​បើកបរ​កុំដឹក​លើស​ទម្ងន់​ដែលនាំ​ទៅដល់ការខូចផ្លូវស្ពានជាដើម។សូមបញ្ជាក់ថា៖ ការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍គឺ កើត​មា​ន​ជារៀង​រាល់ថ្ងៃ។ ​សម្តេច​បាន​បង្ហាញ​ថា​ បើ​តាម​របាយការណ៍​ពី​សម្តេចក្រឡាហោម ស ខេង​ សម្រាប់​ថ្ងៃម្សិលមិញ មាន​អ្នក​ស្លាប់​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​​​៧នាក់ ​ហើយបើប្រៀបធៀប​នឹងអ្នកស្លាប់​ដោយ​សារកូវីដ-១៩​ កាលពីថ្ងៃម្សិលមិញនេះពុំមានទេ ​ពោល​គឺ​២​ថ្ងៃ​ជាប់គ្នា​ហើយ​ដែល​កម្ពុជា​ពុំ​មាន​អ្នកស្លាប់ដោយសារកូវីដ-១៩ ​ប៉ុន្តែអ្នកស្លាប់និងរបួសដោយសារគ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​កើតមា​នជា​រៀង​រាល់​​ថ្ងៃ​។ សម្តេចបន្តថា ដូច្នេះបើគ្រាន់តែដើម្បីសប្បាយ១ពេល​ គឺ​មិន​គួរ​គប្បីឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ដែល​បង្ករឱ្យមាន​បួស​ពិការ​និង​បាត់បង់​ជីវិតផ្ទាល់ខ្លួន​និងអ្នកដទៃ, ដូច្នេះ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា ៕ អត្ថបទ៖ មុត សុទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM