​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាលខណ្ឌទួលគោក បន្តចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៣០គ្រួសារ

2022/03/12 03:23:05 am        638
ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក  និងលោក ហួរ ហួត អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌទួលគោក នៅថ្ងៃម្សិលមិញ បានចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៣០គ្រួសារ ក្នុងសង្កាត់ផ្ដារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងឱកាសនោះដែរ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុង ទាំងអស់គ្នា ដោយត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជូន​ នូវវិធានរបស់ក្រសួងសុខាភិបាល ​និងអនុវត្តន៍៣កុំ និង៣ការពារ ដូច្នេះយើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា។អំណោយ​ដែល​ត្រូវ​ប្រគល់​ជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតចំនួន ៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ជែលលាងដៃ១ដប ម៉ាស់១កញ្ចប់ ថ្នាំពេទ្យ១កញ្ចប់​ និង​ថវិកា​ចំនួន៣០,០០០ រៀល៕ អត្ថបទ៖ កុម្ភះ

នាយឧត្តមសេនីយ៍ ឈុំ សុជាត បំភ្លឺចំពោះការផ្សព្វផ្សាយ​ព័ត៌មានមួយចំនួន​នាំ​ឲ្យ​ប៉ះពាល់​កិត្តយស​ក្រសួងការពារជាតិ

2022/03/12 10:00:49 am        692
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ បានសេចក្តីបំភ្លឺចំពោះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានលើកឡើងថា បុគ្គលឈ្មោះ ហួន សីហា ជាជំនួយការរបស់លោក ហើយបានដើរយកលុយគេជាថ្នូរ នឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ខណៈការផ្សព្វព័ត៌មានមិនច្បាស់លាស់ ហើយនាំឲ្យខូចដល់កិត្តិយសរបស់លោក និងក្រសួងការពារជាតិទាំងមូល។តាមរយៈហ្វេសបុកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា «នាថ្មីៗនេះ មាន​សារព័ត៌មាន​មួយចំនួន ​បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថា ​ជាជំនួយ​ការ​របស់​ខ្ញុំ ដោយបាន​យកឈ្មោះរបស់ខ្ញុំទៅប្រើប្រាស់​ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយ​ជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម»។នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា «ខ្ញុំសូមធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះការផ្សព្វផ្សាយ​ដែល​មិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ​ហើយ​សូមបញ្ជាក់ដែរថា​ រូបខ្ញុំមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។​ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជា​ទង្វើ​បុគ្គល​សុទ្ធសាធ ​មិនគួរ​មាន​ការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់​កិត្តិយស​របស់ខ្ញុំ និងក្រសួងការពារ​ជាតិ​ឡើយ»។យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ឈុំ សុជាត បាន​ស្នើនិងអំពាវនាវដល់សារព័ត៌មាន​ទាំងអស់ ដែល​បានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការ​កែ​តម្រូវ​នូវ​ការ​ផ្សព្វផ្សាយ​របស់ខ្លួនឡើងវិញ។ ទន្ទឹមនឹងនេះ ​នាយឧត្តមសេនីយ៍ ក៏សូមអំពាវនាវ​ដល់​ជន​រងគ្រោះ​ប្តឹង​ទៅស្ថាប័នមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការស្រាវជ្រាវ ដើម្បី​ផ្ដន្ទាទោស​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ល្មើសទៅ​តាម​នីតិវិធីច្បាប់​ផងដែរ៕អត្ថបទ៖ បាន ចក់ 

អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាសំរាម និងតម្លៃម្ហូបអាហារ

2022/03/11 04:46:23 pm        983
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពត បានប្រាប់ដល់អាជ្ញាធរក្រុង មន្ទីរទេសចរណ៍ និងបរិស្ថានឲ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាសំរាម និងកាកសំណល់ប្លាស្ទិកធ្លាក់ចូលទៅក្នុងទឹកព្រែកច្រើន និងជាពិសេសត្រូវណែនាំ ម្ចាស់អាហារដ្ឋាននៅតាមដងព្រែក ឲ្យរក្សារតម្លៃថេរ កុំចេះតែឡើងថ្លៃតាមអំពើចិត្ត ពេលមានភ្ញៀវមកលេង ដែលជាហេតុបង្កឲ្យខួចឈ្មោះខេត្ត និងបាត់បង់ចំនួនភ្ញៀវទេសចរ។ ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ«ទីក្រុងស្អាត៖ គាំទ្រការបើក ទេសចរណ៍កម្ពុជា» នៅព្រឹកថ្ងៃទី១១ខែមីនានេះ លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានលើកឡើងថា កំពតជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយម ​សម្រាប់ទេសចរជាតិ និង​អន្តរជាតិ ព្រោះខេត្តនេះ សម្បូរ​ដោយ​ធនធានធម្មជាតិ​មាន​សកត្តានុពល ពិសេស​ទីតាំង​ភូមិ​សាស្ត្រល្អ មានតំបន់ទេសចរណ៍សម្បូរបែប។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យក្រសួងស្ថានប័នជំនាញ ​បង្កើនការ ​រៀបចំបរិស្ថាន អនាម័យ ​ពិសេសចលនាទីក្រុងស្អាត ​ដើម្បីទាក់ទាញទេសចរឡើងវិញ ​បន្ទាប់ពីជួបវិបត្តិកូវីដ-១៩ ពិសេសដើម្បីអបអរសាទរ ​ការប្រកួតកីឡាអាស៊ាន ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ លោក បានបញ្ជាក់ថា ខេត្តកំពត​ ក្រោយពេលបើកប្រទេស​ ភ្ញៀវទេសចរមកកម្សាន្តឡើងវិញច្រើន ហើយទន្ទឹមនឹងនោះ​ ក៏​បានបន្សល់នូវបញ្ហាមួយចំនួន ដូចជា ​សំរាម​ធ្លាក់​ចូលក្នុងទឹកព្រែកច្រើន និង​តម្លៃម្ហូបអាហារ​ តាមអាហារដ្ឋាន ​និងហាងជាប់មាត់ព្រែក ​ឡើងតាមអំពើចិត្ត។ លោកបានស្នើឲ្យអាជ្ញាធរ ​មន្ត្រីជំនាញពាក់ព័ន្ធ ​គិតគូរអំពីបញ្ហានេះ ។រដ្ឋបាលខេត្ត ​និងក្រុងកំពត ​បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈការតុប តែង​លម្អសោភ័ណភាពក្រុងបន្ថែម ​ពិសេសនៅតាមទីសារធារណៈ ​មានផ្សារ ​សួនច្បារ រមណីយដ្ឋាន​នានា និង​មាន​ការ​បំពាក់ភ្លើងលម្អ ​និងអំពូលបំភ្លឺផ្លូវ​បន្ថែមផងដែរ ដើម្បីត្រៀម​ទទួល​ទេសចរ​ក្នុងអំឡុងពេលចូល​ ឆ្នាំខ្មែរ ​នាខែក្រោយនេះ៕ អត្ថបទ៖ អន សារឹម 

ការធ្វើជំរឿនសេដ្ឋកិច្ចនៅខេត្ដសៀមរាប បានប្រមាណ៦០ភាគរយ

2022/03/11 03:56:33 pm        549
ភ្នំពេញ៖ មន្ដ្រីជំរឿន បានអះអាងថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នៅក្នុងខេត្ដសៀមរាប បាននឹងកំពុងដំណើរ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ខែមីនានេះ អនុវត្ដបានប្រមាណ ៦០ភាគរយហើយ ក្នុងចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺនទីតាំង ដែល​បាន​ចុះ​បញ្ជី​សេដ្ឋកិច្ច​នៅក្នុងខេត្ដនេះ។លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការ ខេត្ដសៀមរាប បានឱ្យដឹងថា ការធ្វើសម្ភាសន៍សម្រាប់ ជំរឿន​សេដ្ឋកិច្ច ធ្វើឡើងទៅលើអង្គភាពអាជីវកម្មសហគ្រាសទាំងរបស់រដ្ឋ ឯកជន ដែលបាន​ចុះបញ្ជីសេដ្ឋកិច្ច និងការគូរផែនទីកាលពីឆ្នាំ២០២១ ដែលក្នុងនោះ មន្ដ្រីជំរឿន​បានធ្វើសម្ភាសន៍ ប្រជាពលរដ្ឋលក់ដូរ ​អីវ៉ាន់ចាប់ហួយពីមួយកញ្ច្រែងនៅខាងមុខផ្ទះ ​ឬនៅតាមផ្លូវ រហូតដល់​ផ្ទះ​សំណាក់ សណ្ឋាគារ ក្រុមហ៊ុន ​តូចធំទាំងអស់ ​លើកលែងតែជាប្រភេទអាជីវកម្មរបស់ស្ថានទូតនានា និងផ្នែកកិសកម្ម។លោក បានបន្ដថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ ​បានដំណើរការយ៉ាងរលូន ​ដោយក្នុងរយៈ ពេល៩ថ្ងៃកន្លងមកនេះ ​បានប្រមាណ ៦០ភាគរយហើយ ​ក្នុងចំណោមអាជីវកម្មសហគ្រាស​ចំនួន​ប្រមាណ ជាង៤ម៉ឺន៨ពាន់ទីតាំង ​ខណៈដែលមានន្ដ្រីជំរឿន ​ជាង២០០នាក់ បាន​ចុះប្រតិបត្ដិការធ្វើជំរឿនសេដ្ឋកិច្ច ​ដោយគ្រោង​នឹង​បញ្ចប់​តាមផែន​ការកំណត់​នៅ​ដំណាច់ ខែមីនានេះ។លោក ហាក់ សុធារ៉ា បានស្នើប្រជាពលរដ្ឋឱ្យ​មានចូលរួម​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុមមន្ដ្រីជំរឿន ឱ្យ បានទាន់ពេល​ព្រោះការធ្វើជំរឿនសេដ្ឋកិច្ចនេះ ​នឹងត្រូវបានរក្សាការ​សម្ងាត់​អាជីវកម្មសហគ្រាស របស់ប្រជាពលរដ្ឋ។រដ្ឋាភិបាលកម្ពុជា បានអនុវត្តការធ្វើជំរឿនសេដ្ឋកិច្ចលើកទី២នេះ ​ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីក ចម្រើន ​ដែលបានអនុវត្ដចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ​ខែមីនា ឆ្នាំ២០២២។​ រាល់ទិន្ន័យជំរឿន​ទាំង​អស់ នឹងប្រមូលមកពីគ្រប់បណ្តាអង្គភាពសេដ្ឋកិច្ច ​សហគ្រាស ​សិប្បកម្ម ​អាជីវកម្ម លក់ដុំ ​លក់រាយ និង​សេវាកម្ម ផ្សេងៗទៀត។ ​ការធ្វើជំរឿននេះ ​គឺជាកត្តាចំបាច់បំផុត​សម្រាប់ប្រទេសជាតិ ដើម្បី​រៀបចំ​គោលនយោបាយ​ អាទិភាពសំខាន់ៗ ​ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើននិងជឿនលឿន៕អត្ថបទ៖ ឈិត សាវី

រហូតមកដល់ពេលនេះ ពលរដ្ឋក្នុងខេត្តបាត់ដំបង ជាង២ពាន់គ្រួសារ បានប្រគល់ដីតំបន់៣ជូនរដ្ឋវិញ

2022/03/11 03:39:41 pm        1096
បាត់ដំបង៖ ប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារនៅក្នុងខេត្តបាត់ដំបង បានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ ជូនរដ្ឋវិញ ដែលមានទំហំជាង១ម៉ឺន៣ពាន់ហិកតា ។យោងតាមលទ្ធផល នៃកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ខែមីនានេះ ​បានឱ្យដឹងថា រហូត​មកដល់ពេលនេះ អ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់បីក្នុងខេត្តបាត់ដំបង ចំនួន១៧នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួន។កិច្ចប្រជុំបានដាក់ចេញទិសដៅការងារបន្តឱ្យរដ្ឋបាលខេត្ត ត្រូវពង្រឹងការចុះល្បាត ទប់ស្កាត់ការ​ចូលទន្ទ្រាន​ និងផ្សព្វផ្សាយអំពីវិធានការបង្ក្រាបការទន្ទ្រានដីក្នុងតំបន់៣ ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ​ដែល​បាន​ចូលទន្ទ្រានប្រគល់ដីជូនរដ្ឋវិញ។ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តចាត់វិធាន ការការពារ និងបង្ក្រាបការទន្ទ្រាន​កាន់​កាប់​ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ​ដើម្បីធានា​និរន្តរភាព និងត្រូវពង្រឹងការ​អនុវត្តឱ្យ​បាន​ម៉ឺងម៉ាត់​នូវលិខិតបទដ្ឋានគតិយុត្ត ​និង​បទបញ្ជានានា ​របស់រាជរដ្ឋាភិបាលដែលនៅជាធរមាន​ជាអាទិ៍។កិច្ចប្រជុំអន្តរក្រសួង បានណែនាំឱ្យរដ្ឋបាលខេត្ត ត្រូវជំរុញការចុះបញ្ជីដីរដ្ឋ​ ថែទាំបង្គោល ដែល បាន​បោះរួចនិងជំរុញការបោះបង្គោល​ដែលនៅសេសសល់ ​ថែទាំដើមឈើ​ និងគ្រាប់ត្នោត ​ដែលបានដាំ កន្លងមក ​និងបន្តដាំដើមឈើដែលស៊ាំជាមួយភូមិសាស្ត្រ។បន្ថែមពីនេះ រដ្ឋបាលខេត្ត ត្រូវបន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់ កាប់ដីរដ្ឋក្នុង​ដែនព្រៃលិចទឹក ​នៃតំបន់ទន្លេសាប ​ហើយព្រះរាជអាជ្ញាអមសាលាដ៏បូងខេត្ត ត្រូវបន្ត​ជួយជំរុញការអនុវត្តនីតិវិធីក្រោយពេលទទួលបានបណ្ដឹង។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្ត​ចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងអ្នកប្រព្រឹត្តបទ​ល្មើស​ទន្ទ្រាន​ដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។តាមអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដីតំបន់៣ ​ក្នុងខេត្តបាត់ដំបង មានចំនួន ១១២បង្គោល ទំហំសរុបជាង ២០ម៉ឺនហិកតា ស្មើ៣១,៩៦ភាគរយ ​នៃដែនព្រៃលិចទឹកជុំ វិញបឹងទន្លេសាប៕អត្ថបទ៖ នឿត សុភក្ត្រ

ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation

2022/03/11 03:26:04 pm        584
ភ្នំពេញ៖ ថ្ងៃទី១១ ខែមីនានេះ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំដោយលោក Shathel Fahs ទីប្រឹក្សាបច្ចេកទេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Golden West Humanitarian Foundation ក្នុងការផ្តល់ភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងនោះ បានចូលរួមដល់ការកសាងសមត្ថភាព និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​បន្សាប​គ្រឿងផ្ទុះ ។ក្នុងឱកាសនោះដែរឯកឧត្ដម ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ Golden West Humanitarian Foundation ​បង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមដោយផ្តោត​សំខាន់​លើ​វិស័យ​សកម្មភាព​មីន​ទាំង​មូល ដូចជា​ការ​នាំ​មកនូវបច្ចេកវិទ្យាទំនើប​ ការចូលរួម​បណ្តុះបណ្តាល​តាម​សហគមន៍​ងាយ​រងគ្រោះ អាជ្ញាធរ​មូលដ្ឋាន និងកម្លាំង​មាន​សមត្ថកិច្ច​តាម​មូលដ្ឋាន ​តាម​រយៈការ​បញ្ជ្រាប​ចូល​ក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​យល់​ដឹង​អំពី​មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​តាម​សហគមន៍​ជាដើម។ទេសរដ្ឋមន្រ្តី បានលើកឡើងថា Golden West Humanitarian Foundation និង Platinum East គ្រោង​នឹងចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបន្តពង្រឹង​ភាព​ភាពជាដៃគូ និង​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​អាជ្ញាធរមីន​ ក្នុងនាមអាជ្ញាធរមីន​ជា​ស្ថាប័ន​សាធារណៈរបស់រដ្ឋ និង​ជាសេនា​ធិការ​ឲ្យរាជ​រដ្ឋាភិបាល ហើយបានបង្ហាញពីបំណងជួយដល់កម្ពុជា​ឲ្យក្លាយជា​មជ្ឈមណ្ឌល​នាំមុខគេ​ក្នុងការកសាងសមត្ថភាព ​និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​សម្រាប់​វិស័យ​សកម្មភាពមីន​នៅ​ថ្នាក់តំបន់ ​និងពិភពលោកផងដែរ។ ជាមួយគ្នានេះ​ អាជ្ញាធរមីន ​បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួមក្នុងការ​ចុះអនុស្សារណៈនៃការ​យោគយល់​រួមគ្នារវាងអាជ្ញាធរមីន និង Golden West Humanitarian Foundation ជាមួយស្ថាប័ន​ដទៃទៀតទាំងក្នុង​ និងក្រៅប្រទេស ​ក្នុងគោលដៅជួយដល់កម្ពុជា។ជាចុងបញ្ចប់​ ទេសរដ្ឋមន្រ្តី ​បានស្នើសុំឲ្យ ​Golden West Humanitarian Foundation​ ជួយ​បណ្តុះ​បណ្តាល​ដល់​ក្រុម​ជំនាញ (QM Team) ​របស់​អាជ្ញាធរមីន ​សម្រាប់​កិច្ចប្រតិបត្តិការត្រួត​ពិនិត្យ​គុណភាព​នៅទីវាល៕

ការចាក់វ៉ាក់សាំងដូស ជំរុញជូនកុមារអាយុ៦ដល់ក្រោម១២ឆ្នាំកំពុងដំណើរការ

2022/03/11 12:33:14 pm        1312
​ភ្នំពេញ៖ មាតាបិតា និងអាណាព្យាបាល ដែលជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានបន្តនាំកូនចៅ អាយុចាប់ពី៣ ទៅ៥ឆ្នាំ ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ខណៈកុមារអាយុពី៦ ទៅ១២ឆ្នាំ កំពុងទទួលចាក់ដូស ជំរុញទី៣ នៅតាមទីកន្លែង ដែលអាជ្ញាធរបានរៀបចំរួចរាល់។លោកវេជ្ជបណ្ឌិត សួង វិសេស ប្រធានមណ្ឌលសុខភាពព្រែកថ្មី ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ បានលើកឡើងថា ជាមធ្យមមានប្រជាពលរដ្ឋទាំងមនុស្សធំ ​និងកុមារ មកទទួល​វ៉ាក់សាំង​កូវីដ-១៩ ប្រមាណពីជាង ១០០នាក់ ទៅ៣០០នាក់​ ហើយការចាក់នេះ មានចាប់ពីកុមារអាយុ៣ឆ្នាំ​ឡើងទៅដែលក្នុងនោះមានដូសទី១ ទី២ ទី៣ និងដូសទី៤។លោក បានបន្តថា ចំពោះកុមារអាយុ៣ទៅ៥ឆ្នាំ ដែលមកទទួលវ៉ាក់សាំងក្នុងមួយថ្ងៃៗ​ជាមធ្យម ជាង៥០នាក់ ​ហើយរហូតមកដល់ពេលនេះ ​កុមារក្រុមអាយុនេះ មកចាក់វ៉ាក់សាំងក្នុង​មណ្ឌល​ព្រែកថ្មី មានជាង៦០០នាក់​ ហើយអាជ្ញាធរ និងមន្ត្រីជំនាញ​ នៅតែបន្តផ្សព្វផ្សាយ ឲ្យពួកគេមក​ទទួល​វ៉ាក់សាំងឲ្យបានគ្រប់គ្នា។លោកវេជ្ជបណ្ឌិត សួស វិសេស បានបញ្ជាក់ថា ​ទោះបីនៅមណ្ឌលសុខភាពព្រែកថ្មី កំពុងដំណើរ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក៏ពិតមែន ​ប៉ុន្តែសកម្មភាពទទួលព្យាបាលអ្នកជំងឺទូទៅ រួមទាំង​ការផ្ដល់ វ៉ាក់សាំងផ្សេងៗដល់ទារក កុមារ ​និងសេវាកម្មឆ្លងទន្លេ នៅតែមានបន្តធ្វើដដែល ពុំមាន​ឈប់នោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ២៣៧នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/11 12:16:22 pm        613
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៣៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២០៧នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ មិនបានចាក់វ៉ា់ក់សាំង ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣៣,៧៣៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៨,៣០០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

បីថ្ងៃអំឡុងបិទផ្សាយបញ្ជីបេក្ខជនបក្សនយោបាយ មានករណីស្នើដកឈ្មោះចេញពីបញ្ជីបេក្ខជន

2022/03/11 12:10:55 pm        910
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយចំនួនបីថ្ងៃ រកឃើញករណីស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន របស់គណបក្សនយោបាយ ដែលបានចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ពីថ្ងៃទី៨-១០ ​ខែមីនា នេះ​ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់BTVឲ្យដឹងថា អំឡុង​ពេលបីថ្ងៃ នៃការបិទផ្សាយបញ្ជីបេក្ខជនបក្ស​នយោបាយ​ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ​បានទទួលទង្វើអសកម្មមួយចំនួនប៉ះ​ពាល់​ដល់​ដំណើរការ ​ចុះឈ្មោះបេក្ខជនតាមបណ្តាខេត្ត រួមមាន ករណីបេក្ខជនរបស់គណបក្ស​នយោបាយខ្លះ ​ចុះឈ្មោះបេក្ខជន ​របស់ខ្លួនក្រោយបរិចេ្ឆទចុះឈ្មោះផ្លូវការបានបញ្ចប់ ខណៈករណី​មិនប្រក្រតីសំខាន់ជាងនេះ​ គឺការស្នើដក ​ឈ្មោះបេក្ខជនចេញពីបញ្ជីបេក្ខជនគណបក្សនយោបាយ បន្ទាប់ពីគណបក្សនោះ ​បានចុះឈ្មោះបេក្ខជន ​ដោយមិនបានទទួលស្គាល់ពីសាមីខ្លួន។ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ គ.ជ.ប​ បានបញ្ជាក់ទៀតថា​ សាមីខ្លួន ​ដែលមិនទទួលស្គាល់ ចំពោះ​បញ្ជីបេក្ខជនគណបក្សនយោបាយ​ មាន​សិទ្ធិប្តឹងទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេច ។បន្ទាប់ពីការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយ ​នៅថ្ងៃទី៦-៨ ខែមេសា គ.ជ.ប ​នឹងបិទ ផ្សាយ​បញ្ជីបេក្ខជនដំបូង ​នៅតាមគណៈកម្មការឃុំ-សង្កាត់​ រៀបចំការបោះឆ្នោត ​ខណៈថ្ងៃទី២៤ ខែមេសា គ.ជ.ប​ នឹងបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ ​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ​ការិយាល័យបោះឆ្នោត មាន​ចំនួនជាង២ម៉ឺនកន្លែង ​ក្នុងឃុំ-សង្កាត់ទូទាំងប្រទេស​ សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ៖ សេក ឧត្តម 

ស្ត្រីសម្រាលកូនរួចខកខានមិនទាន់ចាក់វ៉ាក់សាំង បានមកទទួលវ៉ាក់សាំងបង្ការកូវីដជាបន្តបន្ទាប់

2022/03/11 11:22:43 am        869
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មានស្រី្តមកទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ មានចំនួនជាង៤ពាន់នាក់។បើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយចាប់គិតពីថ្ងៃទី១ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មានស្រី្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន ឬដូសជំរុញទី១ មានចំនួន ៤២៥៣នាក់ ក្នុងនោះមានស្រី្តជាប់បំបៅដោះកូន ជាប់មានផ្ទៃពោះ កាលដែលអាក់ខានមិនបានចាក់វ៉ាក់សាំង។ជាមួយគ្នានោះដែរ ស្ត្រីក្រោយពីសម្រាលកូនរួច និងប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូសជំរុញទី៤ នៅមនី្ទរពេទ្យបង្អែកចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានលើកឡើងអំពី​ការ​គិតគូរ​ខិតខំប្រឹងប្រែង​របស់ប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​ ដែលបាន​សះស្វែង​យក​វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ទន្ទឹមគ្នានោះដែរ ​លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា ​អនុប្រធានមនី្ទរពេទ្យបង្អែកចតុមុខ ក៏បាន​អំពាវនាវ​ដ​ល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ក្តី សូម​អញ្ជើញ​មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា​កុំឲ្យខកខានឲ្យសោះ ជា​ពិសេសស្រី្តពោះធំ ​និងសូមឲ្យប្រជាជនទាំងអស់ជឿជាក់លើវ៉ាក់សាំង។លោកស្រីវេជ្ជបណ្ឌិត ​បានបញ្ជាក់ទៀតថា សម្រាប់ក្រុមការងារគ្រូពេទ្យ ​ចាក់វ៉ាក់សាំង​ បង្ការជំងឺ កូវីដ១៩ ​មានចំនួន ៧២នាក់ ដោយក្នុងមួយក្រុម ​មានចំនួនជាង១០នាក់​ ដើម្បីចាក់វ៉ាក់ ​សាំងជូន បងប្អូន​ប្រជាពលរដ្ឋ ​ដោយមិនប្រកាន់ថាមកពីតំបន់ណា ​ឬ​ខេត្តណា ​និង​ជនបរទេសឡើយ ឲ្យតែពួកគាត់បានអញ្ជើញ​មកកាន់មនី្ទរពេទ្យបង្អែកចតុមុខ ​គឺក្រុមគ្រូពេទ្យយើង ​ចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ១៩ ជូនពួកគាត់ភ្លាម៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ
06/08/2026 08:06 PM
EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់
06/08/2026 08:06 PM
រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន
06/08/2026 08:06 PM
មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន
06/08/2026 08:06 PM
ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
06/08/2026 07:06 PM
អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល
06/08/2026 07:06 PM
នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»
06/08/2026 07:06 PM
សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ
06/08/2026 07:06 PM
នគរបាលសូម៉ាលី បង្ហាញអាវុធរឹបអូសបាន ក្រោយការប៉ះទង្គិចគ្នានៅទីក្រុង Mogadishu
06/08/2026 07:06 PM
​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
06/08/2026 07:06 PM