BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្រ្តីសុខាភិបាល៖ ការចាក់វ៉ាក់សាំងជូនកុមារ ត្រូវមានភាពអត់ធ្មត់ជាងមនុស្សធំ

2022/02/24 12:15:48 pm        545
ភ្នំពេញ៖ មន្ត្រីសុខាភិបាល បាននិយាយថា ការចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ គឺត្រូវមានបច្ចេកទេសច្បាស់ និងភាពអត់ធ្មត់ច្រើនជាងមនុស្សធំ។អ្នកគ្រូពេទ្យ ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ បានប្រាប់BTVថា បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ពីថ្ងៃទី២៣ រហូតដល់ថ្ងៃនេះ អាណាព្យាលបាល បានសម្រុកនាំក្មេងៗ មកទទួលការចាក់វ៉ាក់សាំងដូសទី១ ហើយក្រុមគ្រូពេទ្យ​មមាញឹក​ច្រើនក្នុងការបំពេញការងារ​ ហើយការចាក់វ៉ាក់សាំងជូនក្មេងៗនេះ គឺត្រូវមាន​បច្ចេកទេស​ច្បាស់ ​និងភាព​អត់ធ្មត់​ច្រើនជាងមនុស្សធំ​ ដោយសារ​ ក្មេងៗ​មួយ​ចំនួន​ខ្លាច​ម្ជុល។អាណាព្យាបាល ​ដែលនាំកូនមកចាក់វ៉ាក់សាំង ​នៅមណ្ឌលសុខភាព​ស្ទឹងមានជ័យ ​បាន​និយាយថា បន្ទាប់ពីកូនៗ​បានចាក់វ៉ាក់សាំងរួច ​បាន​ជួយបង្កើន​ទំនុកចិត្តជាងមុន​ ក្នុងរស់នៅ​តាម​បែប​គន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ​ជាពិសេសបច្ចុប្បន្ន ​មេរោគបំប្លែងថ្មី ​អូមីក្រុង កំពុងរីករាលដាល​ក្នុង​សហគមន៍​។ ពួកគេ បានអរគុណរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរាប់​ពីដូសទី១ ដល់ដូសទី៤។សម្រាប់អាណាព្យាបាល ​ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ នៅទីតាំង​សុខាភិបាល សាធារណៈ ដែលរៀបចំ​ដោយអាជ្ញាធរមូលដ្ឋាន​ ត្រូវភ្ជាប់​ជាមួយនូវ​ឯកសារដូចជា៖ ​សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ​និងចំពោះកូនចៅមន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារ ដូចជាប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ ​ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ច សន្យា៕ អត្ថបទ៖ ទូច សោភ័ណ 

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកម្ពុជា​ប្ដេជ្ញា​បន្តយកចិត្តទុកដាក់ដោះស្រាយ​បញ្ហា​បង្កឡើង​ដោយ​សារមីន

2022/02/24 11:52:44 am        269
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ដើម្បីលុបបំបាត់អ្នកស្លាប់ និងពិការ ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តយកចិត្តទុកដាក់ដោះស្រាយ​បញ្ហា ​ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះពី សង្គ្រាមដោយ​អនុវត្ត​ឱ្យ​បានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជា ​២០១៦-២០៣០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ​យុទ្ធសាស្តចតុកោណដំណាក់កាលទី៤ ​២០១៨-២០២៣ និង​ផែនការ​យុទ្ធសាស្ត្រជាតិ ​សកម្មភាពមីន២០១៨-២០២៥។ នេះបើយោង​តាមសារលិខិត ​របស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់​ដឹង​អំពី​មីន ២៤ កុម្ភៈ ឆ្នាំ២០២២។សម្ដេចតេជោ ​បានអំពាវនាវទៅកាន់ជនរួមជាតិ ​ជាពិសេសតាមរយៈក្រសួង ​ស្ថាប័ន​ អាជ្ញាធរផ្នែក ពាក់ព័ន្ធ​ទាំងអស់ ​ឱ្យចូលរួមអប់រំផ្សព្វផ្សាយការ​យល់​ដឹងអំពីគ្រោះថ្នាក់ដោយសារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម។សម្ដេចតេជោ បានធ្វើការអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ប្រតិបត្តិករជាតិ​ និងអន្តរជាតិ​ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយ​ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ​គ្រាប់បែកចង្កោម និងសំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាមដល់ ប្រជាពលរដ្ឋ ​នៅតាមសហគមន៍ ​ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំ​ដោយ​ផ្ទាល់។ អាជ្ញាធរមីន ​ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ ​និងអន្តរជាតិ និង​ភាគីពាក់ព័ន្ធ ​ដើម្បីកំណត់ឱ្យបានជាក់ ​លាក់នូវតំបន់ ឬទីតាំង ដែលរងការប្រឈមគ្រោះថ្នាក់​ដោយ​សារមីន ​គ្រាប់បែក ​ចង្កោម ​និង​សំណល់ជាតិ​ ផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់​គ្រោះថ្នាក់​បានទាន់ពេលវេលា។ ម្ចាស់ជំនួយ ​និងដៃគូអភិវឌ្ឍ សូម បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន ​គ្រាប់បែកចង្កោម និង​សំណល់ជាតិផ្ទុះពីសង្គ្រាម ​អប់រំកាត់ ​បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការ​ដោយសារគ្រឿង​ផ្ទុះ​ទាំងនេះ និងគួរបន្តស្រាវជ្រាវ ​វិធីសាស្ត្រកៀរគរ ​ធនធាន​ប្រកប​ដោយនវានុវត្តន៍ ជាពិសេស​ជំរុញ​ការ​ចូលរួមពីវិស័យឯកជន ​ក្នុងដំណើរឆ្ពោះទៅរកការ សម្រេចបានចក្ខុវិស័យ “កម្ពុជាមួយគ្មានមីន​ឆ្នាំ​២០២៥» ។រយៈពេល២៩ឆ្នាំកន្លងមកនេះ (១៩៩២-២០២១) ​ផ្ទៃដីទំហំ២៣២៥គីឡូម៉ែត្រក្រឡា ​ត្រូវបាន បោស​សម្អាត​សម្រាប់យកទៅប្រើប្រាស់​ និង​បង្ក​បង្កើន​ផល ​ដោយមាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧លាននាក់ បានទទួលផល៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ព្រមានដល់រដ្ឋមន្រ្តីក្រសួងកសិកម្ម ទាក់ទងនឹងបញ្ហាជ្រូកឡើងថ្លៃ

2022/02/23 05:51:11 pm        2494
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ព្រមាននិងប្រតិកម្មយ៉ាងខ្លាំងចំពោះរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះធ្វើការសហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយនាពេលកន្លងទៅ រដ្ឋមន្រ្តីក្រសួងរូបនេះ បានធ្វើការ មិនចេះស្តាប់គេស្តាប់ឯង ដោយបណ្តោយឲ្យដំឡើងថ្លៃស្រេចតែចិត្ត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាដើមនោះ។ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងពិធី​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១​ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះនៅសណ្ឋាគារសុខាភ្នំពេញ។សម្តេចតេជោ ​បានលើកឡើងថា​ តាមរយៈលិខិត​ឆ្លើយឆ្លង​គ្នារ​វាង​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ ​គឺឯកឧត្តម វេង សាខុន ​និង​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន នាពេលកន្លងទៅនោះ​ បាន​ធ្វើឲ្យ​សម្តេចក្រៅក្រហាយខ្លាំង​ដោយ​សារតែរដ្ឋមន្រ្តី​ក្រសួងសិកម្ម មិន​ព្រម​ធ្វើការ​ជាមួយគេ​ដោយ​បាន​បណ្តោយ​ឲ្យសាច់ជ្រូក​ឡើងថ្លៃ​ស្រេចតែចិត្ត​របស់ឈ្មួញ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើដល់រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ត្រូវ​បង្កើត​គណៈកម្មការ​ជាមួយ​ក្រសួង​នានា ជា​បន្ទាន់​ដើម្បីធ្វើការ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​លើ​ករណីតម្លៃជ្រូក ​ដែលកំពុង​មាន​បញ្ហា​នាពេលបច្ចុប្បន្ននេះ​ផងដែរ ដើម្បីធ្វើយ៉ាងណាកុំឲ្យបងប្អូន​ប្រជាពលរដ្ឋ មាន​ការ​ធុញទ្រាន់​បន្ត​ទៀតនោះ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី​ ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ

2022/02/23 05:31:07 pm        643
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតត្រួត​ពិនិត្យ​លទ្ធផល​ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ក្នុងពិធីបិទ​សន្និបាត​សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រសាសន៍សំខាន់ៗដូចខាងក្រោម៖ -សម្តេចតេជោ ហ៊ុន សែម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កម្លាំងនគរបាលជាតិ មន្ត្រីស៊ីវិល និងរដ្ឋបាលបាលថ្នាក់ក្រោមជាតិ ​ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងពេលដែលកម្ពុជា​កំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។-សម្តេចតេជោ ប្រកាសកោត​សរសើរ​ដល់នគរបាលជាតិ​ ក្នុងការប្រឆាំង​នឹងក្រុមប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិក្នុងនិងក្រៅប្រទេស បានប្រើឧបាយកល​ និង​សកម្មភាព​ខុសច្បាប់ ដើម្បី​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។-សម្តេចតេជោ ហ៊ុន សែន បានកោត​សរសើរ​ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​រក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និងការប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខជាតិ​ ដោយ​បញ្ចៀស​បានអំពើភេវរកម្ម និង​បង្ការ​ទប់ស្កាត់បានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានារក្សាបាន​សន្តិសុខ​ផ្ទៃក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ។-សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំ​ពុះពារ​រែកពន្ធ​ ការងារ​ជាច្រើនប្រកប​ដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្ត​ដោយផ្ទាល់​នូវ​វិធានការរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពពលរដ្ឋ​ទទួល​រងផលប៉ះពាល់ដោយកូវីដ-១៩​ និងគ្រោះធម្មជាតិនានា។-សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងមហាផ្ទៃ ដែលប្រឹងប្រែងក្នុងយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ​និងផ្លូវភេទ ការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ បទល្មើសសេដ្ឋកិច្ច​ និងបទល្មើសផ្សេងៗ ទោះជាកម្ពុជា​រងការ​រំខានខ្លះៗដោយជំងឺកូវីដ-១៩ក៏ដោយ។-សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង​ការចេញចូលតាម​បណ្ដា​ច្រកព្រំដែននានា ​ជាមួយនឹកការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺនៃកូវីដ-១៩ និងការគ្រប់គ្រង​វត្តមានស្នាក់នៅរបស់ជនបរទេស​នៅក្នុងប្រទេសដោយយក​ចិត្ត​ទុកដាក់ ការពង្រឹង​សមត្ថភាពការងាររបស់មន្រ្តី ​ការបំពាក់មធ្យោបាយ​ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារ។-សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យយកចិត្តទុកដាក់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុងប្រទេស បញ្ហាប្រឈមដែលជាកង្វល់ក្នុងសង្គម គឺការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះរួមទាំង​និន្នាការ​នៃការលួចប្រើប្រាស់សាធាតុគីមី​ផ្សំ​ដើម្បីផលិតគ្រឿងញៀនខុសច្បាប់​ទ្រង់ទ្រាយ​ធំ គ្រោះថ្នាក់ចរាចរណ៍ ​ការជួញដូរមនុស្ស ​អាជីវកម្មផ្លូវភេទ និងផលិតផលក្លែងក្លាយ​អន់​គុណភាព។-សម្តេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យមានការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ​ដោយត្រូវខិតខំសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចនូវកម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល​ ១០ឆ្នាំដំណាក់កាលទីពីរ ២០២១-២០៣០។-សម្តេចតេជោ ហ៊ុន សែន ស្នើដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវតែងតាំង​បងប្អូនខ្មែរ​ឥស្លាមម្នាក់ជាអភិបាលរង ​ឬអាចធ្វើជាអភិបាលស្រុកម្នាក់ ​ខណៈខេត្តណា ​ឬស្រុកណា​ដែល​សម្បូរបងប្អូន​ខ្មែរឥស្លាម ​ហើយស្នើឲ្យមានការរៀបចំបងប្អូន​ជនជាតិដើមភាគតិច​ធ្វើជា​អភិបាលរងខេត្តម្នាក់​ផងដែរ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីលើកឡើងថា គ្មានអ្នកក្រណាមានលុយ​ទៅទិញឡាន​ជិះនោះទេ ​ខណៈអ្នកមាន ឬពួកអ្នកធំមានលុយទិញឡានជិះហើយបែ​ជា​លួចពន្ធ និង​មិនព្រមបង់ពន្ធចូលរដ្ឋទៅវិញ។-សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានស្មារតី​បង់ពន្ធជូនរដ្ឋ​តាមច្បាប់ដែលបានកំណត់។ ទន្ទឹមនឹងនឹងនោះ ​កម្លាំងប្រដាប់អាវុធមានតួនាទីសំខាន់ណាស់សម្រាប់កិច្ចការមួយនេះ។ សម្តេច បញ្ជាក់ថា “បើមានលុយទិញឡានហើយ សូម​ទុកលុយ​ដើម្បីបង់ពន្ធផង”។-សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា ក្រោមកណ្តាប់ដៃដឹកនាំរបស់សម្តេច គឺគ្មាន​គោលនយោបាយណាមួយយកពន្ធដីស្រែ​ ឬដីចំការពីបងប្អូងប្រជាកសិករនោះឡើយ ខណៈគោល​នយោបាយបែបនេះ គឺបានចាប់ផ្តើមតាំងពីអំឡុងឆ្នាំ១៩៨០ មកម្ល៉េះ។-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដរាបណាសម្តេចនៅដឹកនាំប្រទេស សម្តេច​នឹង​មិន​យកពន្ធ​ដីស្រែ​ពីកសិករឡើយ ។ បើនរណាហ៊ានយក សម្តេច​សូមដាក់បណ្តាសារ​ចំពោះ​ករណីនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួងស្ថាប័ន ឲ្យផ្អាករាល់​គម្រោងដែលមិនទាន់​បាន​អនុម័ត និងអំពាវនាវដល់មន្ត្រីឲ្យមានការសន្សំសំចៃខ្ពស់ ព្រោះយើងត្រូវទុកថវិកា​ទាំងនោះ​ ដើម្បី​ចំណាយ​លើការទិញវ៉ាក់សាំងកូវីដ-១៩​ និងយុទ្ធនាការ​ប្រឆាំងកូវីដ-១៩ ព្រមទាំង​ផ្តល់ការគាំទ្រ​លើជីវភាពដល់ប្រជាពលរដ្ឋក្រីក្រ។-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលរបស់ជាតិខ្ទង់ជាង ៤០០លានដុល្លារអាមេរិក​ក្នុង​មួយខែ គឺមិនគ្រប់លើចំណាយក្នុង​បរិបថ​កូវីដ-១៩នោះទេ ហើយយើងក៏ពិបាកទុកថវិកា​ខ្លះ​សម្រាប់​សន្សំ​បម្រុងទុកប្រើប្រាស់ផងដែរ។-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រសួង ស្ថាប័ន សូមពិចារណាលើការចំណាយ​ចរន្ត​ដែលមិនចាំបាច់ និងមិនតម្រូវការ។ សម្តេច​សូមអង្វរ​ដ៏ទទូចឲ្យមើលព្រៃទាំង​មូល សូម​កុំមើល​ឈើ​តែមួយដើម។-សម្តេចតេជោ បានអំពាវនាវហើយអំពាវនាវទៀត អ្នកណាក៏ដោយដែលមិនទាន់ មកបង់ពន្ធរថយន្ត​ប្រញាប់ប្រញាល់​មក​បង់ជាបន្ទាន់ ចាប់ពីពេលនេះតទៅ ​ហើយប្រសិនបើមិនព្រមបង់ទេ នឹង​បញ្ជាឲ្យ​រឹបអូស​រថយន្តនោះ​ដល់ផ្ទះតែម្តង ​ខណៈបច្ចុប្បន្ននៅសល់រថយន្តប្រមាណ ៥ពាន់គ្រឿងទៀតនោះ។-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តអត់ពន្ធទាំងឡាយ សូមមេត្តាចេញមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា ​ហើយក៏គ្មានការអនុគ្រោះពន្ធ ១០ភាគរយទៀតដែរ។ សម្តេចព្រមានថា “ប្រយ័ត្នគេទៅរឹបអូសឡានដល់ក្នុងផ្ទះ និងយកកម្ទេចចោល​ ដូចពេលកន្លងទៅ”។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នខ្ពស់​លើបញ្ហាកូវីដ-១៩ ទោះជាកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ​មិនបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរ​ច្រើន​ក៏ពិតមែន តែ​ករណីឆ្លងរីករាលប្រចាំថ្ងៃមានកម្រិតខ្ពស់ខ្លាំងណាស់។-សម្តេចតេជោ ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះ​ធ្វើការ​សហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយ​នាពេល​កន្លងទៅ​រដ្ឋ​មន្រ្តី​ក្រសួងរូបនេះ បានធ្វើការតែឯងមិនចេះស្តាប់គេស្តាប់ឯង ដោយ​បណ្តោយ​ឲ្យ​ដំឡើង​ថ្លៃ​ស្រេច​តែចិត្ត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មាន​ការ​ថ្នាំងថ្នាក់​ជាដើមនោះ។

ក្រុមគ្រូពេទ្យក្នុងខេត្តកំពង់ធំ ចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ

2022/02/23 04:09:42 pm        500
កំពង់ធំ ៖ ក្រុមគ្រូពេទ្យខេត្តកំពង់ធំ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ដូសទី១ ដែលចំនួនជិត ៣ម៉ឺននាក់ ដែលត្រូវបានបែងមណ្ឌលចាក់វ៉ាក់សាំង ចំនួន៣៩ នៅតាមក្រុងស្រុក ទាំង៩។នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ចាប់ផ្តើមបើកឲ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៣ឆ្នាំ ដល់ ក្រោម អាយុ៥ឆ្នាំ ដែលលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការ​ចាក់វ៉ាក់​សាំង ដូសទី១ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ គឺជាជំហានមួយផ្សេង​ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បង្កើនការយកទុកដាក់បន្ថែមលើ​សុខុមាលភាព​កុមារ ក៏ដូចជា​ប្រជាពលរដ្ឋទូទៅ។ ការផ្តល់វ៉ាក់សាំងនេះ នៅតែធ្វើទន្ទឹមគ្នាជាមួយដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដល់កុមារ ​និងប្រជាពលរដ្ឋ អាយុពី១៨ឆ្នាំឡើងផងដែរ។មាតាបិតារបស់កុមារ បានសាទរចំពោះយុទ្ធនាកាចាក់វ៉ាក់សាំង ​ដែលក្នុងក្រុមគ្រួសាររបស់ ពួកគេ ភាគច្រើន បានចាក់វ៉ាក់សាំងទៅតាមដូស​ ដែលរាជរដ្ឋាភិបាលផ្តល់ជូន ទៅតាមដំណាក់កាល​រួចរាល់។ ថ្ងៃនេះដែរ ពួកគេ បាននាំកូនៗរបស់ខ្លួន ដែលមានអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ មក​ទទួលការ​ចាក់វ៉ាក់សាំង ​ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុង​ការ​រស់ននៅ។លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ នេះ ប្រជាពលរដ្ឋអាយុ១៨ឆ្នាំងឡើង ចាក់ដូសទី១ សរុបចំនួនជិត៤៨ម៉ឺននាក់, ចាក់ដូសទី២ សរុបចំនួនជិត៤០ម៉ឺននាក់ ចាក់ដូសទី៣ (ដូសជំរុញ) មានចំនួនសរុបជិត១៥ម៉ឺននាក់ ដូសទី៤ ចំនួន ជាង១ម៉ឺននាក់។ កុមារអាយុ១២-១៧ឆ្នាំ ចាក់ដូសទី១ សរុបជាង៩ម៉ឺននាក់, ចាក់ដូសទី២ សរុបជាង៩ម៉ឺន នាក់ ចាក់ដូសទី៣ ជាង៤ម៉ឺននាក់។ កុមារអាយុ០៦-១១ឆ្នាំ ចាក់ដូសទី១ សរុបចំនួនជិត១០ម៉ឺននាក់ ចាក់ ដូសទី២ សរុបចំនួនជាង៩ម៉ឺននាក់។ កុមារអាយុ០៥ឆ្នាំ ចាក់ដូសទី១ សរុបចំនួនជិត២ម៉ឺននាក់ និង ចាក់ ដូសទី២ សរុបចំនួនជាង៩ពាន់នាក់៕អត្ថបទ៖ លី សាងស៊ីន

ខេត្តកណ្តាលចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដូសទី១ ដល់កុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ

2022/02/23 01:00:37 pm        531
កណ្តាល៖ ខេត្តកណ្តាល ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដល់កុមារអាយុ ៣​ឆ្នាំដល់៥ឆ្នាំ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពជាង ១០០កន្លែងនៅទូទាំងខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈនេះ។ ក្នុងថ្ងៃចាក់វ៉ាក់សាំងថ្ងៃដំបូងនេះ អាណាព្យាបាល បាននាំកូនៗទៅចាក់វ៉ាក់សាំង ជាមួយនឹងការអនុវត្តវិធានសុខាភិបាលការពារឆ្លងមេរោគកូវីដ១៩។សម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនកុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ អាណាព្យាបាលកុមារខ្លះ បានសុំច្បាប់សំរាកពីការងារមួយព្រឹក ខ្លះផ្អាកការប្រកបរកស៊ីមួយព្រឹក ហើយខ្លះរវល់ការងារមិន​អាកខាន ក៏ផ្ញើ​កូន​ផ្ញើចៅ​អោយ​ជីដូន ឬ​សាច់ញាតិ​ជិតខាង​នាំ​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ការពារកូវី​ដ១៩​នេះ​ ដោយមិនអាកខានបាន។ពួកគេលើកឡើងថា ​នៅពេលបច្ចុប្បន្ន ​ប្រជាពលរដ្ឋ ទាំង​អស់គ្នាពិត​ជា​មានជំនឿ​ទុក​ចិត្ត​ខ្លាំង​លើ​ការងារចាក់វ៉ាក់សាំងការពារកូវីដ១៩ ​ បន្ថែមលើការអនុវត្ត​ពាក់ម៉ាស់ ​ឧស្សាហ៍លាងដៃអាកុលជែល រក្សាគន្លាត ដើម្បីទប់ស្កាត់ការឆ្លង ​មេរោគកូវីដ១៩ ​ជាពិសេស​មេរោគបំបែ្លងខ្លួនថ្មីអូមីក្រុង។សម្រាប់ការចាក់វ៉ាក់សាំងនេះ ប្រជាពលរដ្ឋ ​ក៏ទន្ទឹងរងចាំជាយូរមកហើយសម្រាប់ការចាក់​ជូន​ក្មេងៗអាយុក្រោម៦ឆ្នាំ ​ស្របពេល ​កុមារតូចៗ​ចូល​រៀននៅថ្នាក់មត្តេយ្យទាំងសាលារដ្ឋ និងសាលាឯកជន។យោងតាមមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកជ័យជំនះ ​ក្រុងតាខ្មៅ សម្រាប់ការចាក់វ៉ាក់សាំងជូន​កុមារតូចដូសទី១នេះគឺ​ យើងអាចចាក់បាន ​ដោយ​គ្រាន់តែ​ អាណាព្យាបាលត្រូវយក សំបុត្រ​កំណើត​កូនតូច​មកជាមួយ​ ដើម្បីអោយក្រុមពេទ្យចុះក្នុងប្រព័ន្ធបញ្ជីតាមទូរសព្ទដៃ ។សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកណ្តាល ​មានកុមារអាយុចាប់ពី៣ឆ្នាំ ​ដល់អាយុ៥ឆ្នាំ ដែល​ត្រូវចាក់វ៉ាក់​សំាង​ការពារកូវីដ១៩នេះ ​មានប្រមាណ ៤ម៉ឺន៤០៩៦នាក់ ៕អត្ថបទ៖ ស៊ុម សុខជា

យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ ផ្តើមដំណើរការនៅថ្ងៃនេះ

2022/02/23 12:51:27 pm        477
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅ។ ការចាក់វ៉ាក់សាំង គឺដើម្បីបង្កើតអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។អាណាព្យាលបាល រស់នៅរាជធានីភ្នំពេញ បាននាំកូនទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែកុម្ភៈ នេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីកូនៗចាក់វ៉ាក់សាំងរួច ជួយបង្កើនទំនុកចិត្ត ជាងមុន ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍។ តែបើទោះចាក់វ៉ាក់សាំងរួច ពួកគេនៅបន្តយកចិត្តទុកដាក់ចំពោះកូន ដោយប្រកាន់​ភ្ជាប់វិធាន​ការ​សុខាភិបាល និងវិធានការ៣កុំ ៣ការពារ។ ក្រៅពីនេះ ពួកគេបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំង​មក​ចាក់​ជូនប្រជាពលរដ្ឋ។សម្រាប់អាណាព្យាបាល ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ នៅទីតាំងសុខាភិបាល សាធារណៈ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ​ត្រូវភ្ជាប់​ទៅជាមួយនូវឯកសារ​ ដូចជា សំបុត្រ​កំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ​សៀវភៅស្នាក់នៅ ​ឬលិខិតឆ្លងដែន និង​ចំពោះកូនចៅ​មន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារទៅជាមួយ ​ដូចជា​ប័ណ្ណ​សំគាល់​ខ្លួន​មន្រ្តី​រាជការ ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ចសន្យា។បច្ចុប្បន្នកម្ពុជា ​រកវ៉ាក់សាំងកូវីដ-១៩ ​បានជាង៤៣លានដូស ​រាប់​បញ្ចូល​ទាំង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ​ជំនួយ​តាមរយៈយន្តការកូវ៉ាក់ ​និង​បណ្តាប្រទេសផ្សេងៗ​មួយ​ចំនួន​ទៀត​ សម្រាប់​ប្រើប្រាស់​ក្នុង យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩៕អត្ថបទ៖ សោភ័ណ 

នាវាទេសចរណ៍ឈ្មោះ NORWEGIAN SPIRIT ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

2022/02/23 12:01:00 pm        843
ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតនៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។ការចូលចតរបស់នាវាទេសចរណ៍នេះ មិនមានដឹកភ្ញៀវទេសចរទេ គឺជាដំណើរចូលចតនដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិករបស់នាវានេះ តាមបណ្តាប្រទេសមួយចំនួន ដែលឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ-១៩កន្លងមកចូលធ្វើការក្នុងនាវាវិញ។គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ មានបណ្ដោយ ២៦៩ម៉ែត្រ ទទឹង ៣៦ម៉ែត្រ និងជម្រៅទឹក៨,២ម៉ែត្រ ។ ការឈប់សំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិកបម្រើការរបស់ខ្លួននេះ អាចនឹងប្រើពេល ៣-៤ថ្ងៃ មុននឹងចាកចេញត្រឡប់ទៅវិញ៕

កម្ពុជាកំពុងអនុវត្តគម្រោងផលិតអគ្គិសនីធំៗចំនួន៨កន្លែង ស្មើនឹងជាង ២០០០មេហ្គាវ៉ាត់

2022/02/23 11:56:59 am        581
ភ្នំពេញ៖ កម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងស្រុក ចំនួន ៨កន្លែង ដែលអាចផលិតបានចំនួនជាង ២០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នការតភ្ជាប់បណ្ដាញអគ្គិសនីតាម ភូមិ សម្រេចបានជិត ១០០ភាគរយហើយ ។របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិត​អគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា។របាយការណ៍ បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះ ​មានគម្រោងប្រើធ្យូងថ្ម ពន្លឺ ព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ។របាយការណ៍ដដែល បានបន្ថែមថា ក្រៅពីការអភិវឌ្ឍផលិតអគ្គិសនីក្នុងស្រុក កម្ពុជា គ្រោងនាំ ចូលបន្ថែមអគ្គិសនីពីប្រទេសឡាវ ចំនួនជាង ២០០០មេហ្គាវ៉ាត់ ​ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រ និងវារី អគ្គិសនី កំពុងដំណើរការចំនួន ១០កន្លែង ។ឯកឧត្តម យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីសម្រេចចក្ខុចវិស័យ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មភាពមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះ មានការជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាពផលិត ​បញ្ជូន​ ចែកចាយ និង​ការភ្ជាប់​បណ្ដាញឲ្យអ្នក ​ប្រើប្រាស់អគ្គិសនី ​ឲ្យទាន់តាមផែនការកំណត់។ឯកឧត្តម បានបញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងបន្តជំរុញកែលម្អការផ្ដល់សេវាឲ្យអ្នកប្រើប្រាស់​ ឲ្យរឹត តែខ្លាំង គ្រប់គ្រាន់​ មានចីរភាព​ អាចទុកចិត្តបាន ​មានគុណភាព ​និងមានតម្លៃសមរម្យ រួមទាំង​ពង្រឹង​យន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនី​ឲ្យរឹតតែមានប្រសិទ្ធភាព។គិតត្រឹមចុងឆ្នាំ២០២១ ព្រំដែន នៃអាជ្ញាបណ្ណ ដែលផ្តល់ឱ្យអ្នកចែកចាយ ធ្វើការវិនិយោគ និង អភិវឌ្ឍន៍​បណ្តាញចែកចាយអគ្គិសនី ​ទាំងរដ្ឋ ​និងឯកជន ​មានចំនួន១៤ ​១៥១ភូមិ ស្មើនឹង៩៩.៨៨ភាគរយ ​នៃចំនួនភូមិ​សរុបទូទាំងប្រទេស​ ដោយ​ក្នុង​ចំណោមភូមិទាំងអស់នេះ មាន​ចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧ ​ភាគរយ ​ពុំទាន់​មានខ្សែបណ្ដាញទៅដល់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដល់កម្ពុជានាល្ងាចនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការពីរថ្ងៃ

2022/02/23 11:41:25 am        394
ភ្នំពេញ៖ តាមការគ្រោងទុក នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ខែកុម្ភៈ ឆ្នាំ២០២២។តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋ​មន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូល ជួបសម្ដែងការគួរសមចំពោះសម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមានជំនួប ពិភាក្សា​អំពី​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន​ វិស័យពាណិជ្ជកម្ម និងការ​វិនិយោគ ​សេដ្ឋកិច្ច-សង្គម ​ការការពារជាតិ និងសន្តិសុខ និងការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយ​វិបត្តិ នៃជំងឺកូវីដ-១៩។ ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ ​និងអន្តរជាតិនានា ដែល​ជាផលប្រយោជន៍ និងក្តីបារម្ភរួម ​ខណៈក្រោយពីជំនួបទ្វេភាគី នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នឹង ​អញ្ជើញធ្វើ​សន្និសីទ​កាសែត​រួមគ្នាផងដែរ។ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច នេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារ សំខាន់​ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព​ សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការ ដែល​មាន​ស្រាប់រវាងកម្ពុជានិងម៉ាឡេស៊ី ​ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី សម្រាប់ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក ​នៃប្រទេសទាំងពីរ៕អត្ថបទ៖ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM