សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពដាច់ខាតការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់

2022/01/04 10:52:25 am        848
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិសាសនា ព្រះមហាក្សត្រ បន្តការពារនិងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ទោះត្រូវលះបង់តម្លៃណាក៏ដោយ ខណៈសុខ​សន្តិភាព​នេះមិនថា​ប្រទេសណា ឬសាសនាណានោះទេ គឺពួកគេចង់បានគ្រប់ៗគ្នាទាំងអស់។ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១, វគ្គហ្វឹកហ្វឺនជំនាញ​ឆត្រ​បញ្ជា​ជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺន​ជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, និង​វគ្គ​ហ្វឹកហ្វឺន​បំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង ​និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់, កំពង់ស្ពឺ , ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«ប្រទេសណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ គឺតែងស្រលាញ់ចង់បាន​សុខ​សន្តិភាពដូចគ្នាទាំងអស់ ដោយព្រមទាំងលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីហេតុផល​មួយនេះ។ ដូចនេះ ជាទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការចូលរួមចំណែកថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព, ការពាររដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាលស្របច្បាប់ ​ទោះត្រូវបង់តម្លៃណាក៏ដោយ។ ក្នុងនោះផងដែរ កត្តាចាំបាច់ ដែលជាភារកិច្ចស្នូលមួយទៀត គឺការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់​ដឹក​នាំសំខាន់ៗរបស់ជាតិ និងអន្តរជាតិនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ, តំបន់ និងពិភពលោក។ កិច្ចការនេះ គឺជាភារកិច្ចអាទិភាពដែលគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក តែងបានយកចិត្ត​ទុក​ដាក់ និងអនុវត្តដោយម៉ឺងម៉ាត់ ហ្មត់ចត់​ ដើម្បីការពារអ្នកកាន់ចង្កូតដឹកនាំនាវាជាតិ និង​ជោគ​វាសនាជាតិជាដើមនោះ»។ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់កងទ័ពជាសិក្ខាកាម ទាំង​អស់ផងដែរថា ក្រោមម្លប់នៃនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក, កត្តាសន្តិភាព ​ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងការរីកចម្រើន​ផ្នែក​សង្គម-សេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ន ជាដំណាក់កាលដ៏សុខសាន្តមួយដែលកើត​មានដោយកម្រ​នៅ​ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សន្តិភាពសំដៅដល់បរិយាកាសគ្រប់ដណ្តប់ក្រោមម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ដែល​ផ្តល់​នូវសិទ្ធិអំណាច និងសេរីភាពជូនប្រជាពលរដ្ឋ ក្នុងការរស់រានមានជីវិត, ទទួលបានការអប់រំ និង​ប្រកបរ​បររកទទួលទានដោយសេចក្តីសុខ, មានភាពសុខសាន្ត និងគ្មានការព្រួយបារម្ភ ឬការ​ភ័យខ្លាច​អំពើអសន្តិសុខ ​និងសង្គ្រាម។ ទាំងនេះ គឺជាសិទ្ធិអំណាច និងជាសុភមង្គលដែលប្រជាជនកម្ពុជាស្រេកឃ្លានទន្ទឹង​សុបិន្ត​ចង់​បាន​ជាង៥០០ឆ្នាំ មកហើយ។ដូច្នេះគ្រប់គ្នាត្រូវបន្តខិតខំរួបរួមគ្នាថែរក្សានូវអំណោយពរជ័យដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លានេះ​ ឱ្យបាន​គង់វង្ស​យូរអង្វែងតទៅមុខទៀតផងដែរ៕អត្ថបទ៖ បាន ចក់

ដើមពោធិ៍ជ្រៃ និងរុក្ខជាតិធំៗមួយចំនួនទៀតបង្កហានិភ័យដល់ប្រាសាទ

2022/01/04 10:10:37 am        680
សៀមរាប៖ ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំ ជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុកដែលបានរៀបចំឡើង តាមស្ថានភាពជាក់ស្តែង ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ បង្កឡើងដោយរុក្ខជាតិទាំងនោះ។លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ​ក្នុង​ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ​ បានឱ្យដឹងកាលពីថ្ងៃទី ៣ខែមករាឆ្នាំ២០២២នេះថា ក្នុងចំណោម​រុក្ខជាតិ​ទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់​លឿន ដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ​ក្នុងការកាត់សម្អាតជាប្រចាំ ពោលគឺក្នុង​រយៈពេល​១ខែកន្លះ ឬ២ខែ ​ត្រូវមកកាត់សម្អាតម្តង ​មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ​ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាង​ធ្វើឱ្យថ្មប្រាសាទក្រៀក​ឬរលុះ ​នៅពេលរុក្ខជាតិដុះកាន់តែធំ។ក្នុងចំណោមដើមឈើទាំងនោះមានដើមពោធិ៍ ដើមជ្រៃ ​បានបង្ករហានីភ័យខ្លាំងទៅលើ​ប្រាង្គ​ប្រាសាទ​ព្រោះពួកសត្វវាបានស៊ីផ្លែឈើ ហើយពាំគ្រាប់ទៅទុក​លើប្រាសាទធ្វើអោយ​គ្រាប់​នោះដុះលូតលាស់លឿនទើបបង្ករហានីភ័យ។ជាពិសេសខ្យល់បក់ ​នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប ​តែងតែពាំគ្រាប់រុក្ខជាតិ ​មកធ្វើជាចំណីរអាហារជាប្រចាំ៕

មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យ

2022/01/03 01:01:41 pm        649
ភ្នំពេញ៖ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា ក្នុងចំណោមទីតាំងចាក់វ៉ាក់សាំង ចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ។លោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃនេះមនី្ទរពេទ្យបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ និងបន្តចាក់វ៉ាក់សាំងដល់អ្នកសេសសល់មិនទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសទី១ និងដូសទី២។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នេះ ពិតជាសំខាន់ណាស់​សម្រាប់​កុមារ និងយុវវ័យ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ដែលនៅបន្តបំប្លែងថ្មី។ ព្រោះថាកុមារ យុវវ័យ បានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួចហើយ ក៏ត្រូវចាក់វ៉ាក់សាំង​ដូស​ជំរុញ ឬដូសទី៣ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល​ដែល​បាន​កំណត់មក។ជាមួយគ្នានោះដែរ កុមារ យុវវ័យ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានបង្ហាញ​កី្តរំភើប​សប្បាយ​រីករាយ ​ដែលពួកគាត់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ជាចុងក្រោយក្នុងនាមលោកវេជ្ជបណ្ឌិត តំណាងឲ្យលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យ​បង្អែក​រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលសេវា​នៅ​ក្នុង​មនី្ទរពេទ្យ​បង្អែករាជធានីភ្នំពេញ ដោយយើងមានរៀបចំចាត់ចែងកម្លាំង​ក្រុមការងារ​គ្រូពេទ្យ​ចំនួន០៨ក្រុម ដោយក្នុងមួយថ្ងៃមាន២ក្រុម មួយក្រុមៗ​មានលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ចំនួន១៦នាក់​ ដើម្បីផ្តល់សេវាចាក់វ៉ាក់សាំងជូន។ ក្រៅពីនោះថ្នាក់ដឹកនាំមនី្ទរពេទ្យ បានខិតខំពុះពារធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងពីមួយថ្ងៃ ទៅមួយ ដើម្បីបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឲ្យស័ក្តិសម​ទៅតាមបណ្តាប្រទេស​ជឿនលឿន។ បច្ចុប្បន្នមនី្ទរពេទ្យ មានអគារធំៗចំនួន០៥ ដោយចែកចេញជាអគារA-B-C-D និងE ក្នុងមួយអគារៗ មានកម្ពស់៤ជាន់ ដោយមានផ្ទុកគ្រប់ផ្នែក នៅតាមអគារនីមួយៗ ហើយ​មន្រី្តសុខាភិបាល​ក្នុងមនី្ទរពេទ្យមានចំនួន២៤៣នាក់ផងដែរ៕ អត្ថបទ រដ្ឋា

សម្តេចតេជោសង្ឃឹមថា នឹងមានស្ពានជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង សាងសង់ឆ្លងទន្លេមេគង្គ ពី​ភ្នំពេញ​ទៅស្វាយជ្រុំ

2022/01/03 12:21:45 pm        520
កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែដាក់ការសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីភ្នំពេញ ទៅស្វាយជ្រុំ ខាងស្រុកល្វាឯម ខេត្តកណ្តាល។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតី​ដ៏ខ្ព​ង់​ខ្ពស់ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់ និងលើកកម្រិតគុណភាពផ្លូវ​ជា​តិ​លេខ​៤៨ តភ្ជាប់​ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ក្នុង​ប្រវែង​១៤៨​គីឡូម៉ែ​ត្រ ដែ​ល​ប្រារព្ធ​ពិធី​បើក​ការ​ដ្ឋាន​នៅ​ស្រុកស្រែអំបិល ​ខេត្តកោះកុង នាព្រឹកថ្ងៃទី​៣ខែមករា​ឆ្នាំ​២០២២​នេះ។ជាមួយនឹងការរំលឹកនូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង កូរ៉េ ​និងការ​ផ្តល់ជំនួយជា​បន្ត​បន្ទាប់​ពី​ភាគី​កូរ៉េ​ជូន​កម្ពុជា ជា​ពិសេសក្នុងវិបត្តិកូវីដ-១៩ ដែលមានទំនាក់ទំនងមិនដាច់ ដែល​នៅតែ​មាន​ការ​ហោះ​ហើរ​ទៅ​វិញ​ទៅមក ​សម្តេច​ក៏អរគុណចំពោះការខិតខំរបស់ភាគីទាំងពីរ​ដែល​ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អ ​បន្ថែម​​ដោយ​ថ្ងៃ​នេះ ជានិមិត្តរូបនៃ​សាមគ្គីភាព​រវាកម្ពុជា និង កូរ៉េ សម្តេចក៏សង្ឃឹមថា​ មិត្តកូរ៉េ ​នឹងបន្ត​ជួយហើយ​អ្វី​ដែល​ជាក្តី​សង្ឃឹម​យើង នឹង​មានស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញទៅស្វាយជ្រុំ ខាងស្រុកល្វាឯម។សូមបញ្ជាក់ថា៖ កាលពីក្នុងឆ្នាំ២០២១ នៅក្នុ​ង​កំ​ឡុងពេលអញ្ជើញ​ចុះ​ត្រួតពិនិត្យ​ពី​វ​ឌ្ឍ​ន​ភា​ព​ការ​សាងសង់​ផ្លូវល្បឿន​លឿនភ្នំពេញ​ទៅ​​ខេត្ត​ព្រះសីហនុដែល​កំពុង​សាងសង់​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួ​ងសាធា​រ​ណ​ការ​​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់ប្រាប់ក្រុមអ្នក​សារ​ព័ត៌មានថា៖ ស្ពាន​ឆ្ល​ងទ​ន្លេមេគង្គនៅ​ស្វាយ​ជ្រុំ​គឺ​កំពុ​ង​តែសិក្សា​ដោយ​ក្រុម​​ហ៊ុន​កូរ៉េ​ ពោល​គឺមានការឯកភាពពីមិត្តកូរ៉េ ​តាមរយៈការ​ស្នើសុំ​របស់​សម្ដេចតេជោ​ទៅប្រធានាធិបតីកូ​រ៉េស្នើសុំ​ឱ្យ​ផ្ដល់​ថវិកា​សាងសង់ស្ពាននៅ​រាជ​ធា​នីភ្នំ​ពេញ​គឺស្ពាន​នៅ​ស្វា​យ​ជ្រុំ​ដែ​ល​ជា​ស្ពា​ន​មិ​ត្តភាពកម្ពុ​ជា-​កូរ៉េ នៅភ្នំពេញ។ ​ការ​ដែល​ស្នើសុំឡើងបែបនេះ​ដោយសារយើងមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន​,ស្ពានមិត្តភាពកម្ពុជា-ចិនដូច្នេះកូ​រ៉េក៏​ចង់​សាង​​សង់​ស្ពានមិត្តភាព​មួយ​ដែរ។ ឥឡូវនេះ ​កូរ៉េកំពុងតែសិក្សា ​ថា​តើត្រូវសា​ង​ស​ង់​ស្ពានប្រ​ភេ​ទ​ណា​? អ​ស់​ថ​វិ​កា​ប៉ុ​ន្មា​ន?​ហើយនៅ​ពេ​ល​សិ​ក្សា​ច​​ប់​សព្វគ្រប់ ​ទើប​ដាក់​ដេញថ្លៃ ដើម្បី​ជ្រើសរើសក្រុមហ៊ុនសាងសង់​៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ ឆ្នាំ២០២២ខិតខំឱ្យមានពិធីចូលឆ្នាំខ្មែរឡើងវិញ ខណៈឆ្នាំទៅត្រូវបានបិទខ្ទប់នោះ

2022/01/03 11:52:27 am        432
កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានឃើញប្រជាពលរដ្ឋ សប្បាយរីករាយនៅថ្ងៃខួបនយោបាយឈ្នះ ឈ្នះ ក៏ដូចជាថ្ងៃឆ្លងឆ្នាំសកល ខណៈដែលរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ តាមរយៈការដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងជោគជាំនោះ។ ការដែលសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានបង្ហាញ​មោទ​ន​ភា​ពពី​​កា​រ​បើ​ក​ប្រ​ទេ​ស​ឡើ​ង​វិ​ញ ​និង​បាន​ឃើ​ញ​ប្រ​ជា​ព​លរដ្ឋ​មានការ​សប្បាយ​រីករាយនៅថ្ងៃឆ្លងឆ្នាំសកល ​ហើយសង្ឃឹមថា​ យើង​នឹង​សប្បា​យ​នៅ​ពេលចូល​ឆ្នាំខ្មែរ​តទៅ​ទៀត ​ថ្លែងបែបនេះ ខណៈសម្តេច​អញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវ​ជា​តិ​លេខ​៤៨ ​តភ្ជាប់ខេត្តព្រះសីហនុ ទៅ​កាន់ខេត្តកោះកុង ក្នុងប្រវែង១៤៨គីឡូម៉ែ​ត្រ ដែ​ល​ប្រារព្ធ​ពិធី​បើក​ការ​ដ្ឋាន​នៅ​ស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះ។ សម្តេចបញ្ជាក់ថា ចូលឆ្នាំខ្មែរ យើងនឹងសប្បាយទៀត ព្រោះខានសប្បាយរយៈ​ពេល​២ឆ្នាំមក​ហើយ​ដោយ​សារ​ការបិទខ្ទប់។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានរំលឹកថា ការបិទប្រទេសមិនមែនជាការងាយ​ស្រួល​ទេ​សម្រាប់​ការ​គិត​គូរ​ដោះស្រាយ​គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋយើងដែលជាប់បិទខ្ទប់ ​ដូច្នេះ​សម្តេ​ច​មិន​ចង់​ឱ្យមាន​ការបិទខ្ទ​ប់​ណា​មួយ​ឱ្យកើតមានឡើងទៀតទេ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ព្រមានក្រុមហ៊ុនលីឈួង ដាក់ក្នុងបញ្ជីខ្មៅ រឿង​ឃុបឃិត​ជាមួយ​អាជ្ញាធរថ្នាក់​ក្រោមជាតិ​ធ្វើការ​សាងសង់​មុន​ទូទាត់​ក្រោយ

2022/01/03 11:00:41 am        855
កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លី ឈួង ដែលកន្លងមកបានធ្វើការឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ទទួលគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើការសាងសង់មុនទូទាត់ក្រោយ ដែលធ្វើឱ្យមានការជំពាក់បំណុលរាប់សិបឆ្នាំនោះ។ថ្លែង​ពិធី​បើក​ការ​ដ្ឋាន​នៅ​ស្រុកស្រែអំបិល ​ខេត្តកោះកុង នាព្រឹកថ្ងៃ​ទី៣​ខែមករា​ឆ្នាំ​២០២២​នេះ​សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លីឈួង ក៏ដូចជា​ព្រមាន​ទៅកាន់​អាជ្ញាធរខេត្តឱ្យបញ្ឈប់ជាបន្ទាន់​និង​ដកលុបចោល​គម្រោង​ទាំងឡាយ​ដែល​នៅ​សល់របស់ក្រុមហ៊ុនលីឈួង ​មិន​ឱ្យបន្ត​ឃុបឃិត​ជាមួយគ្នាតទៅទៀត ។សម្តេច​ បានគូសបញ្ជាក់ថា ​បើខេត្តណាហ៊ានឃុបឃិតត្រូវ​រកថវិកាទូទាត់ខ្លួនឯង ។សម្តេច​បាន​ស្តីបន្ទោសថា ​បណ្តាខេត្តដែលពាក់ព័ន្ធឱ្យក្រុមហ៊ុនមួយនេះ ​ធ្វើការសាងសង់សំណង់នានា នៅក្នុងខេត្តរបស់ខ្លួនដែល​ជា​ការឃុបឃិត ​មិនឱ្យរាជរដ្ឋាភិបាលដឹងនោះ ប្រៀបបាន​ដូចជា​ការបង្កើតរដ្ឋក្នុងរដ្ឋ ​ដូច្នេះសម្តេច​បានព្រមានធ្ងន់ៗ​ទៅ​អាជ្ញា​ធរ​ខេត្ត​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ ហើយ​ក្រុមហ៊ុនលីឈួង ​អាចនឹងដាក់ចូលទៅក្នុងបញ្ជីខ្មៅ ​ប្រសិន​មិន​បញ្ឈប់ជា​បន្ទា​ន់នោះទេ។​ការ​ព្រមានបែបនេះ​ ក្នុងគោលបំណងជំរុញកំណែទម្រង់នៃ​ការ​គ្រ​ប់​គ្រ​ង​ហិរញ្ញវត្ថុ​សា​ធារណៈនិង​អ​នុ​វ​ត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្តីពី​បទបញ្ជា​ និងការប្រើប្រាស់ថវិកា។សម្តេច​បានបង្ហាញការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​បានឃើញបញ្ជី​បណ្តាខេត្ត​ជំពាក់​លុយ​ក្រុមហ៊ុន​ លី ឈួង ​យ៉ាងច្រើន​ តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិបានឃុបឃិត​មិនឱ្យសម្តេចដឹង ពីការចាប់​យក​ដៃគូ​ក្រុមហ៊ុន ​លីឈួង ធ្វើ​ការ​កសាង​សំណង់​នានានៅក្នុងដែនដីរបស់ខ្លួន​តាមបែបធ្វើមុនទូទាត់​ក្រោយ​។សម្តេច បានបង្ហាញការហួសចិត្តជាខ្លាំង ​ដែលបណ្តាខេត្តបានឃុបឃិតគ្នាជាមួយក្រុមហ៊ុន​ លី ឈួង ធ្វើការ​សាងសង់មុន​ ទើបទូទាត់តាមក្រោយបែបនេះ ​សម្តេច​បាន​ព្រមានធ្ងន់ៗថា៖បើ​ចៅ​ហ្វាយខេត្តណាហ៊ានធ្វើតទៅទៀត ​ចៅហ្វាយ​ខេ​ត្ត​នោះ​ត្រូ​វ​ទទួល​ខុសត្រូវ​ចំ​ពោះ​មុខ​រាជ​រដ្ឋាភិបាល៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ៖ ការលើកកំរិតផ្លូវកោះកុង ​នឹងនាំឱ្យគ្របដណ្តប់​សេដ្ឋកិច្ច​របៀង​មាត់សមុទ្រ​ផ្នែក​ទិស​និរតី​ទាំងមូល

2022/01/03 10:48:59 am        469
កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ផ្លូវថ្នល់តាំងពីដើមរៀងមក ជាពិសេសការកសាងឡើងវិញ ផ្លូវជាតិលេខ ៤៨ខេត្តកោះកុង ជាការតភ្ជាប់នឹងធ្វើឱ្យរបៀងសេដ្ឋកិច្ចមាត់សមុទ្រ នឹងមានការគ្របដណ្តប់ផ្នែកទិសនិរតីទាំងមូល។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញមោទនភាពខាង​វិ​ស័​យ​សេ​ដ្ឋ​កិ​ច្ច​តា​ម​រ​យៈកា​រ​អ​ភិ​វ​​ឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​​តភ្ជាប់យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក​ការដ្ឋាន​សាងសង់ និងលើក​កម្រិតគុណភាពផ្លូវ​ជា​តិ​លេខ​៤៨ ​តភ្ជាប់ខេត្តព្រះសីហនុ ​ទៅកាន់ខេត្តកោះកុង ក្នុងប្រវែង ១៤៨គីឡូម៉ែ​ត្រ ដែ​ល​ប្រារព្ធ​ពិធី​បើក​ការ​ដ្ឋាន​នៅ​ស្រុកស្រែអំបិល ​ខេត្តកោះកុង នាព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះ។ជាមួយនឹងការរំលឹកឡើងវិញនូវប្រវត្តិពីអតីតកាលនៃការលំបាកផ្នែកហេដ្ឋារចនាសម្ព័ន្ធទៅមក និង​ទំនាក់ទំនង​សេដ្ឋ​​កិច្ច​ពី​អតីត​កាល​ជាពិសេសកា​រ​ផ្លា​ស់ប្តូរសេដ្ឋកិ​ច្ច​ពា​ណិ​ជ្ជ​ក​ម្ម​ជាមួយប្រទេសថៃតាំ​ង​ពីដើមតរៀ​ង​មកនោះ ​សម្តេ​ច​បា​ន​មាន​ប្រសាសន៍ថា៖ មុននេះរបៀងសេដ្ឋកិច្ចមាត់សមុទ្រ​របស់​យើង​មានត្រឹមតែខេត្តព្រះសីហនុប៉ុណ្ណោះ ​តែ​ឥឡូវ​យើង​​មាន​ច្រក​របៀង​សេដ្ឋកិច្ចមាត់​សមុ​ទ្រ​គ្រប​ដណ្តប់​ផ្នែក​និរតីទាំងមូល ​លើការផ្លាស់ប្តូរសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​ទៅវិញទៅមក ជាពិសេស​រវាងប្រទេសថៃ ​កម្ពុជា និងវៀតណាមជាដើម។សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូត​ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោង​ផ្លូវ​នេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មាន​ប្រវែង ២៥.១​គីឡូ​ម៉ែត្រ​ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។គម្រោងខាងលើនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅ​អំឡុង​ខែមិថុនា ​ឆ្នាំ​២០២៤ សាងសង់​ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួត​ពិនិត្យ​បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់​ថវិកា​សរុបប្រមាណ ៦៥.១៤​លាន​ដុល្លារ​អាមេរិក ក្រោម​ឥណទានសម្បទានពីរដ្ឋាភិបាល​សាធារណរដ្ឋកូរ៉េ​ រួមជាមួ​យនឹ​ងថវិកា​បដិភាគ​របស់​រាជ​រដ្ឋា​ភិបាល​​សម្រាប់ការងារ​ដោះ​ស្រាយ​ផលប៉ះពាល់ ​និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕ អត្ថបទ៖ មុត សុទ្ធ

ភ្ញៀវទេសចរណ៍ចាប់ផ្តើមមកកម្សាន្តខេត្តកំពតជាបណ្តើរៗ បើទោះជារដ្ឋបាលខេត្តមិន​មាន​ការ​រៀប​ចំពិធី

2021/12/31 05:08:28 am        1625
កំពត៖ បើតាមមន្ត្រីជំនាញ បានលើកឡើងថា ភ្ញៀវទេសចរបានកក់បន្ទប់គេង នៅតាមបឹងហ្ហាឡូ រីស៊ត ផ្ទះវីឡា និងផ្ទះលំហែនៅតាមដងព្រែក និងឆ្នេរសមុទ្រអស់ហើយ នៅសល់តែផ្ទះសំណាក់មួយចំនួននៅក្នុងក្រុងកំពតប៉ុណ្ណោះ។ បើទោះបីឆ្នាំនេះ រដ្ឋបាលខេត្តកំពតមិនមានការរៀបចំពិធីឆ្លងឆ្នាំសកល ប៉ុន្ដែកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ភ្ញៀវទេសចរក៏ចាប់ផ្តើមធ្វើដំណើរមកជាបណ្តើរៗហើយ។ប្រធានមន្ទីរទេសចរណ៍ លោកសយ ស៊ីណុល បានប្រាប់ឲ្យដឹងថា នៅឆ្នាំនេះរដ្ឋបាលខេត្តមិនមាន​ការរៀបចំពិធីឆ្លងឆ្នាំដែលគេនិយមហៅថា ”(Count Down” ឬ “រាប់ថយក្រោយ”) អង្គុយ​មើល​កាំជ្រូច​ដូចឆ្នាំ មុននោះទេ ​ហើយក៏គ្មានការណែនាំឲ្យមន្ទីរ អង្គភាព ស្ថានប័នរដ្ឋ ​រៀបចំតុបតែង​លម្អកន្លែង និងជួបជុំមន្ត្រីរបស់ខ្លួនក្នុងឱកាសឆ្លងឆ្នាំដែរ។ ប៉ុន្តែតាមទិដ្ឋភាពជាក់ស្តែងកាលពីយប់ថ្ងៃទី៣០ ខែធ្នូនេះ ​លោកប្រធាន បានបញ្ជាក់ថា ភ្ញៀវទេសចរចាប់ផ្តើមធ្វើដំណើរមកជាបណ្តើរៗហើយ ពិសេសភ្ញៀវដែលកក់ ​បឹងហ្គាឡូ រីស៊ត ​និងផ្ទះលំហែរតាមមាត់ព្រែក ។លោកបានបន្តថា ចំពោះទិដ្ឋភាពជារួមនៅក្នុងក្រុងមិនទាន់មាន​ភាព​អ៊ូអរ​នៅឡើយទេ តែនៅ​តាមកន្លែងផ្តល់សេវា​ទេសចរណ៍ ​មានការ​រៀបចំ​លម្អភ្លើងពណ៌បានល្អ និង​បាន​ចូលរួម​អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ​ (SOP) បានប្រសើរ។លើកលែងតែសេវាទូកដឹកភ្ញៀវទេសចរកម្សាន្តតាមមាត់ព្រែក ចំនួនភ្ញៀវច្រើនអ៊ូអរ ពិបាក​រក្សា​គម្លាតសុវត្ថិភាព។ យ៉ាងណាក៏ដោយ នៅថ្ងៃទី៣១ ខែធ្នូនេះ មន្ត្រីជំនាញរបស់លោក បានបញ្ជាក់ថា​ប្រជាពលរដ្ឋ ​និងទេសចរបានទៅក្រាលកន្ទេល ​បោះតង់ នៅតាមសួនច្បារមាត់ព្រែកចាប់​ពី​គល់ស្ពាន​ថ្មីរហូត​ដល់រូប​សំណាកព្រះបាទអង្គដួងជាបណ្តើរៗដែរហើយ ។លោកប្រធានមន្ទីរនៅតែរំពឹងថា បើទោះជាស្ថិតក្នុងការរស់នៅជាធម្មតាក្នុងគន្លងថ្មីនៃជំងឺកូវីដ១៩ក្តី ភ្ញៀវទេសចរ ​នឹងមកកម្សាន្តខេត្តកំពតច្រើន ​ពិសេសនៅក្នុងយប់ឆ្លងឆ្នាំនេះ ព្រោះកំពតមានកន្លែង​ដើរ​កម្សាន្តច្រើន​ ការផ្តល់សេវាទេសចរណ៍ល្អ ​កំពតងាយស្រួលធ្វើដំណើរ នៅជិតភ្នំពេញហើយ​អាច​ឈៀងទៅលេងខេត្តកែបបាន ។យ៉ាងណាក៏ដោយ លោកស្នើសុំឲ្យអ្នកផ្លល់សេវាទេសចរទាំងអស់ បងប្អូនប្រជាពលរដ្ឋខ្មែរ​ត្រូវរួមគ្នា​ការពារអនាម័យ​ ពិសេសការពារខ្លួនពីជំងឺកូវីដ១៩រៀងៗខ្លួន ហើយបើកបរ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់៕

អាជ្ញាធរជាតិអប្សរា អះអាងថា អ្នកទេសចរទៅទស្សនា​ប្រាសាទអង្គរ​នៅ​ថ្ងៃទីឆ្លងឆ្នាំសកល​ជាង​ ១ម៉ឺន៤ពាន់នាក់

2021/12/31 11:28:52 am        776
សៀមរាប ៖ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋាន និងជានាយកដ្ឋានអភិវឌ្ឍន៍វប្បធម៍ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរទៅទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃឆ្លងឆ្នាំសកល នាថ្ងៃទី ៣០ខែធ្នូឆ្នាំ២០២១នេះ មានចំនួនជាង ១ម៉ឺន៤ពាន់នាក់ ក្នុងនោះ មានអ្នកទេសចរអន្ដរជាតិជាង ១ពាន់នាក់ និងភ្ញៀវទេសចរជាតិ ជាង១ម៉ឺន៣ពាន់នាក់។មន្ដ្រីអាជ្ញាធរជាតិអប្សរារូបនោះ បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែឆ្នាំ២០២១ដោយ ចាប់ពីថ្ងៃទី ១ខែឧសភា ដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១នេះ មានអ្នកទេសចរជាតិនិងអន្ដរជាតិទៅទស្សនា​ប្រាង្គ​ប្រាសាទ​នានា នៅក្នុងរមណីយដ្ឋានអង្គរ ​ជាង១លាន៩ម៉ឺននាក់ ក្នុងនោះអ្នកទេសចរជាតិជាង ១លាន៣ពាន់នាក់ ​និងអ្នកទេសចរអន្ដរជាតិជាង ៤ម៉ឺនាក់៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់អំណោយមនុស្សធម៌​ដល់ជនរងគ្រោះ​បាន​ចំនួន ១,៦២៤ករណីក្នុងឆ្នាំ២០២១

2021/12/31 10:46:03 am        372
កំពង់ធំ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះ បានចំនួន ១,៦២៤ករណី ក្នុងឆ្នាំ២០២១។នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូក​សរុប​សកម្មភាព​ការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ​ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ។ ជាមួយគ្នានេះឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ធ្វើ​របាយការណ៍​ដោយលើកឡើងថា ក្នុងឆ្នាំ២០២១ សាខា និងអនុសាខាកាកបាទក្រហមខេត្ត​បាន​ផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះបានចំនួន ១,៦២៤ករណីក្នុងនោះអគ្គីភ័យឆេះផ្ទះ ៣៦ ករណី រន្ទះបាញ់របួស ១០ករណី រន្ទះបាញ់ស្លាប់៩ ករណី លង់ទឹកស្លាប់ ៤ករណី ចាស់ជរា ២៧២ករណី ពិការ២៨ករណី ខ្យល់កន្រ្តាក់រលំផ្ទះ ១៩ករណី ខ្យល់កន្រ្តាក់របើកដំបូល ១៥៩ករណី ផ្ទុះមីនស្លាប់ ១ករណី ស្រ្តីមេម៉ាយ ១ករណី គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ដោយជំងឺផ្សេងៗ ចំនួន៩៧៨ករណី ក្នុងនោះសម្ភារៈផ្តល់ជូនមានអង្ករ ៥៧០ គីឡូ, មី ១,៤៩៦កេះ ត្រីខកំប៉ុង ១៤៥០យួរ ទឹកពី១,៤៣៩យួរ, ទឹកស៊ីអ៊ីវ ១៤៣៩យូរ ឃីត ៣៨៤កញ្ចប់ តង់កៅស៊ូ ១៨០ផ្ទាំង សាប៊ូ ២៨៧ដុំ សរុបជាទឹកប្រាក់ចំនួន ២០០,២៨០,០០០រៀល និង៨០០ដុល្លារ ។ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សម្តែង​ការ​កោតសរសើរ​ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសាខាកាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ធំ និង​អនុសាខាទាំងប្រាំបួននៅតាមក្រុងស្រុក។ ឯកឧត្តមបន្តថា សកម្មភាពទាំងរបស់កាកបាទក្រហម ​គឺជាករណីចំពោះមុខ ដែលមិនអាចខ្វះបាន​សម្រាប់​ជាទិសដៅឲ្យមានការអនុវត្តប្រកបដោយនិរន្តភាព ក្នុងនោះមាន៖ ១.ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ដែលត្រូវពង្រឹងការងារត្រៀម​ឆ្លើយ​តប​គ្រោះមហន្តរាយ, ពង្រឹងយន្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការឆ្លើយតប​គ្រោះ​មហន្តរាយ, ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍, ២.សុខភាព និងការថែទាំ​សុខភាពសហគមន៍ ដែល​ត្រូវពង្រឹង និងពង្រីកវិសាលភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, បន្តការពង្រឹង និង​លើកកម្ពស់​សុខភាពមាតា ទារក និងកុមារ, បន្ដពង្រីក និងពង្រឹងការអប់រំផ្សព្វផ្សាយអំពីការ​បង្ការ​ជំងឺអេដស៍, ពង្រឹងការងារសុខភាពគ្រាអាសន្ន -បន្តអប់រំផ្សព្វផ្សាយអំពីវិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាលនៃជំងឺកូវីដ១៩, បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម, ពង្រឹងការងារសុខភាព​សហគមន៍, ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ចាំបាច់ផ្សព្វផ្សាយលើក​កម្ពស់​ការយល់ដឹងអំពីគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ -លើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព និងចំណុចទី ៤.ការអភិវឌ្ឍន៍ស្ថាប័ន ទាមទាជាដាច់ខាត នូវការលើកកម្ពស់អភិបាលកិច្ច និងការ​គ្រប់គ្រង, ការអភិវឌ្ឍធនធានមនុស្ស ​លើកកម្ពស់ការអភិវឌ្ឍធនធានហិរញ្ញវត្ថុ ពង្រឹងការ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ -លើកយស់ការអភិវឌ្ឍការងាររដ្ឋបាល ហិរញ្ញកិច្ច និងលើក​កម្ពស់​ការពិនិត្យតាមដាន វាយតម្លៃជាប្រចាំ។ ឯកឧត្តមបន្ថែមថា សមិទ្ធផល និងជោគជ័យ ដែល​សម្រេចបានជាច្រើនតាមរយៈសកម្មភាពចម្រុះវិស័យអាទិភាពទាំងនេះ គឺដោយសារ វីរៈ គំរូ​ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលបង្ហាញ នូវការគាំទ្រយ៉ាង​មុតមាំ​ទាំងផ្លូវកាយ ផ្លូវចិត្ត ប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងមានប្រសិទ្ធភាពជាប់​ជាប្រចាំ​ពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលនាំមកនូវភាពកក់ក្តៅ ព្រមជាមួយ​ការដឹកនាំដ៏ស្មោះស្ម័គ្រ របស់ឯកឧត្តម ប្រធាន អនុប្រធាន សមាជិក សមាជិកា និង​គណៈកិត្តិយស នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ គម្មាធិការសាខា អនុសាខា ក្រុង/ ស្រុកក្នុងការតម្រង់ទិសការអនុវត្តការងារដោយមិនគិតការ នឿយហត់ ទឹកចិត្ត : ជម្រុញក្រុមប្រតិបត្តិ យុវជន អ្នកស្ម័គ្រនិងដៃគូ រួមជាមួយគ្រប់កម្លាំងចលករ មនុស្សធម៌ជូន​ជនរង​គ្រោះ និងងាយរងគ្រោះ ពិសេសយើងទប់ស្កាត់បានរោគវាតត្បាតជាសកលជំងឺកូវីដ ១៩ និង​គ្រោះទឹកជំនន់ដោយទឹកភ្លៀងទទួលបានលទ្ធផលល្អគួរជាទីមោទនភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរភ្នំពេញរកឃើញអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/18/2026 10:06 AM
សហរដ្ឋអាមេរិកនិយាយថា អ៊ីរ៉ង់ ព្រមព្រៀងពង្រាវអ៊ុយរ៉ានីញ៉ូម ក្រោមកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 10:06 AM
លោក Trump អរគុណលោក Xi Jinping និងលោក Putin ចំពោះជំហរអព្យាក្រឹតក្នុងសង្គ្រាមអ៊ីរ៉ង់
06/18/2026 10:06 AM
ប្រមុខក្រុមហេសបូឡា៖ លីបង់ស្ថិតក្នុងពេលដ៏សំខាន់បន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/18/2026 10:06 AM
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
06/18/2026 09:06 AM
លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម
06/18/2026 09:06 AM
តម្លៃប្រេងបន្តធ្លាក់ចុះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 09:06 AM
ប្រធានាធិបតីបារាំងសាទរភាពជោគជ័យនៃកិច្ចប្រជុំកំពូល G7 ដោយសារការវិវត្តន៍លើអ៊ុយក្រែន និងអ៊ីរ៉ង់
06/18/2026 09:06 AM
ប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែលោក Trump ថា នៅតែអាចបន្តការវាយប្រហារបាន
06/18/2026 08:06 AM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
06/18/2026 07:06 AM