សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ដីព្រៃលិចទឹកតំបន់៣ក្នុងខេត្តពោធិ៍សាត់ជាង ១ពាន់ហិកតា ត្រូវបានពលរដ្ឋប្រគល់ជូនរដ្ឋវិញ

2021/12/22 05:08:35 pm        979
ពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារ ក្នុងចំណោមជាង ៤០០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹក ដែលពួកគេធ្លាប់អាស្រ័យផល ចំនួនជាង ១ពាន់ហិកតាឱ្យរដ្ឋវិញ។ផ្ទៃដីព្រៃលិចទឹកតំបន់៣ ដែលរងការទន្ទ្រានកាន់កាប់ មុនឆ្នាំ២០១២ និងក្រោយឆ្នាំ២០១២ ក្នុងភូមិ​សាស្ត្រខេត្តពោធិ៍សាត់ មានចំនួន៦៧ទីតាំង មានទំហំជាង ៥ពាន់ហិកតា ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋចំនួនជាង ១៧០០គ្រួសារ។សម្រាប់មុខសញ្ញា ដែលត្រូវប្រគល់ដីជូនរដ្ឋវិញជាដាច់ខាត មានចំនួន៤៦១គ្រួសារ មានផ្ទៃដី​ទំហំជាង ១៥០០ហិកតា។ ជាជំហានដំបូង ​គិតត្រឹមថ្ងៃទី២០ ​ខែធ្នូនេះ ប្រជាពលរដ្ឋ ចំនួន ៣២៧គ្រួសារ ដែលបានកាន់កាប់ និងធ្វើស្រែចម្ការលើផ្ទៃដីទំហំជាង ១១០០ហិកតា ក្នុងស្រុកចំនួន៣ គឺ ស្រុកកណ្ដៀង បាកាន និងក្រគរ បានស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ។តួលេខនេះយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំ ស្តីពីបច្ចុប្បន្នភាព នៃការទន្ទ្រានដីព្រៃលិចទឹក​ជុំវិញ​បឹងទន្លេសាប​ និងការចាត់វិធានការបន្ត ​កាលពីម្សិលមិញ ​នៅសាលាខេត្តពោធិ៍សាត់ ដែលដឹក​នាំកិច្ច​ប្រជុំដោយ​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ​តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម ​និងសំណង់ ​និងឯកឧត្តម ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់។ក្នុងខេត្តពោធិ៍សាត់ ដីតំបន់៣ មានទំហំជាង ៩៤០០០ហិកតា ​ស្មើនឹង១៥ភាគរយ​ នៃផ្ទៃដីតំបន់៣ និងមានចំនួន៧៦ចំណុច ​នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ ​គឺស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ។តាមលទ្ធផលចុះពិនិត្យស្រាវជ្រាវជាក់ស្តែង របស់ក្រុមការងារអន្តរក្រសួង និងក្រុមការងារថ្នាក់​ខេត្ត​បានរកឃើញថា ​ផ្ទៃដីព្រៃលិចទឹកតំបន់៣ ​បានរងការទន្ទ្រានកាន់កាប់ក្នុងស្រុកទាំង៣ ដូចជា១- ស្រុកបាកាន ចំនួន២០ទីតាំង មានផ្ទៃដីទំហំ ២២៥១ហិកតា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២ មានទំហំ៥៩៩ហិកតា។ ២- ស្រុកកណ្តៀង មាន១៩ទីតាំង ​មានផ្ទៃដីទំហំប្រមាណ ១៧៣៨ហិកតា ​ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន៥៨៧គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២ ​មានទំហំ៥០៤ហិកតា និង៣- ស្រុកក្រគរ ​មាន២៨ទីតាំង​ មានផ្ទៃដីទំហំ ​ប្រមាណជាង ១០០០ហិកតា​ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន ៥៩៨គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២​ មានទំហំ៤១៤ហិកតា៕អត្ថបទ៖ ពៅ ភិរុណ 

អាជ្ញាធរជាតិអប្សរា ធ្វើការ​ជួសជុល​ក្បាច់​ចម្លាក់​នៅប្រាសាទភ្នំក្រោម ​ដែលកំពុង​ទទួល​រងការ​ខូចខាត​ធ្ងន់ធ្ងរ

2021/12/22 04:39:10 pm        570
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់នានា នៅប្រាសាទភ្នំក្រោមដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដោយថ្មប្រាសាទ មានការពុកផុយរបេះធ្លាក់ ពិសេសនៅរដូវវស្សា។ការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូ ឆ្នាំ២០២១មកនេះ បាន​ផ្តោតសំខាន់ទៅ​លើ​ការងារ​ពង្រឹង​ក្បាច់ចម្លាក់មួយចំនួន ដែលនៅ​សេសសល់​តាម​ជញ្ជាំង​ប្រាសាទ ​កុំអោយខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវ​ពិសេសម្យ៉ាង បាញ់​បញ្ចូល​ក្នុង​សាច់ថ្មដែលពុកផុយ ឱ្យមានភាព​រឹងមាំ​ឡើងវិញ។គម្រោងនេះ ត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នា​ដំណាច់​ខែកុម្ភៈ​ឆ្នាំ២០២២ ខាងមុខ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាប្រៀបដូចជាផ្លែម្ទេសដែលមិនមាននៅក្នុងចាននំបញ្ចុក

2021/12/22 04:32:30 pm        784
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកប្រទេសកម្ពុជា ប្រៀបបានដូចជាផ្លែម្ទេសដែលមិនមាននៅក្នុងចាននំបញ្ចុក ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន ប្តូរវេននៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយមានមតិរិះគន់ថាកម្ពុជា នឹងមិនអាចដោះស្រាយអ្វីបាននោះឡើយ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅប្រទេសមីយ៉ាន់ម៉ាជាដើមនោះ។ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពី «តួនាទីរបស់ចិនក្នុង​សតវត្សរ៍​ទី​២១ និងទំនាក់ទំនង​របស់ចិន​ជាមួយអាស៊ាន» នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ​ឯកឧត្តមបណ្ឌិត សុខ ទូច បាន​លើកឡើងថា ប្រទេសកម្ពុជារងភាពអយុត្តិធម៌ខ្លាំងណាស់ ​ក្នុងពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំអាស៊ាន​ ខណៈប្រទេសដទៃដោះស្រាយមិនបានដែរតែគ្មានសម្ពាធ និងការរិះគន់អ្វីនោះទេ ប៉ុន្តែទាំង​មជ្ឈដ្ឋានជាតិ ​និងអន្តរជាតិមករករឿង ​និង​ដាក់​សម្ពាធ​តែ​មកលើកម្ពុជាទៅវិញ។សូមបញ្ជាក់ថា ប្រទេសកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្តូរវេន ​នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយបន្ទាប់ពីសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ទទួល​ញញួរ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ មានជន ​អគតិមួយចំនួនបានធ្វើការរិះគន់​ និងវាយប្រហារចំពោះសម្តេចតេជោ ដោយលើកឡើងថា នឹងមិនអាចដោះស្រាយបញ្ហាអ្វីបាននោះឡើយ ជាពិសេសគឺបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាជាដើម។យ៉ាងណាក៏ដោយឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានចាត់ទុកការរិះគន់របស់ពួកទាំង នោះពុំ​សមហេតុ​សមផល ខណៈប្រទេសដទៃផ្សេងទៀត ​ដែលមានសេដ្ឋកិច្ច​ជឿនលឿន​ជាង​ប្រទេស​កម្ពុជា​ផង​ ពេលពួកផងខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ​ក៏ដោះស្រាយបញ្ហាទាំងនេះមិនរួចដែរ តែនាំគ្នា​សម្រុក​រិះគន់​តែ​រាជរដ្ឋាភិបាលកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

ACUបញ្ចប់ការកសាងសំណុំរឿងពីរករណី ពាក់ព័ន្ធការទន្រ្ទានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

2021/12/22 04:21:06 pm        723
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែធ្នូនេះ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានបញ្ចប់ការកសាងសំណុំរឿងពីរករណី ពាក់ព័ន្ធការទន្ទ្រានយកដីព្រៃលិចទៅតំបន់ទន្លេសាប។ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២២ខែធ្នូនេះ បានប្រាប់BTVឱ្យដឹងថា គិតត្រឹមថ្ងៃនេះ អង្គភាពប្រឆាំងពើពុករលួយ បាន​បញ្ចប់​ការ​កសាង​សំណុំរឿង២ប៉ុណ្ណោះ ​ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក នៅតំបន់ទន្លេសាប។សំណុំរឿងទាំងពីរករណីនោះ​រួមមាន៖​ ទី១.ករណីឈ្មោះ កែវ ណារុន ប្រធាន​ការិយា​ល័យ​អន្តរាគមន៍​ និង​តម្រួត​បទបញ្ជា ​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ​និងទី២.ករណីលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ក្រៅពីនេះឯកឧត្តម បន្តថា ចំពោះករណីផ្សេងៗទៀត ក្រៅពីករណីទាំងពីរនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនឹងជូនព័ត៌មាននៅក្រោយ បន្ទាប់ពីមានលទ្ធផលច្បាស់លាស់។កន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​បទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់ ​ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ​និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការ​ទប់ស្កាត់​ និង​បង្រ្កាបជាបន្ទាន់​ចំពោះការលួចកាប់ព្រៃលិចទឹក ​និង​វាទ​ទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ ក្រៅពីនេះសម្តេចតេជោបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួង​ស្ថាប័ន​ពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច​ ក្នុងការចុះពិនិត្យបង្ក្រាប និងរឹបអូសដីដែល​បាន​កាប់​ទន្ទ្រាន​នោះ​មកវិញ។បន្ទាប់ពីទទួលបានបញ្ជានេះ ​ក្រុមការងារដែលដឹកនាំ​ដោយ​ឯកឧត្តម ជា សុផារ៉ា បាន​ដាក់​ចេញ​វិធានការ​ច្រើន ​ព្រមទាំងរកឃើញអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់ផងដែរ៕អត្ថបទ៖ ទូច សោភ័ណ

ប្រតិបត្តិករទេសចរណ៍ខេត្តកោះកុង ត្រៀមខ្លួនរួចរាល់ទទួលស្វាគមន៍ទេសចរនៅថ្ងៃឆ្លងឆ្នាំ

2021/12/22 01:21:04 pm        501
កោះកុង៖ ប្រតិបត្តិករទេសចរណ៍ នៅស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតុបតែងសម្អិតសម្អាងតំបន់រមណីយដ្ឋានរបស់ខ្លួន ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មីនៅសប្ដាហ៍ក្រោយនេះ។ជាង២ខែមកនេះស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ដោយប្រមុខរាជរដ្ឋាភិបាល ក៏បានបើកភ្លើងខៀវសម្រាប់អ្នកទេសចរ ដែលមានបំណងចង់ទៅកម្សាន្តលេងតំបន់រមណីយដ្ឋាននានាដែលពួកគេចង់ទៅ។ក្នុងចំណោមអ្នកវិនិយោគ និងប្រតិបត្តិករនៅស្រុកស្រែអំបិល ជេតស៍ ឧត្តម រីហ្សត (Jet’s Oudom Resort) បាននឹងកំពុងពង្រឹងគុណភាពសេវាកម្មតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន រង់ចាំទទួលភ្ញៀវទេសចរពីគ្រប់ទិសទីមកស្នាក់នៅលម្ហែ ក្រោយស្ថានភាពជំងឺកូវីដធូរស្រាល ពិសេសសម្រាប់ឱកាសថ្ងៃឆ្លងឆ្នាំ។លោក ពែង សៃ អ្នកគ្រប់គ្រងទូទៅ Jet’s Oudom Resort បានប្រាប់BTVថា លោកថ្លែងអំណរ អរគុណ​​ចំពោះរាជរដ្ឋាភិបាលដែលបានបើកប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែជំងឺ​កូវីដកន្លងទៅនិងផ្តល់ឱកាសរូបលោក​ ក៏ដូចជាបណ្តាអ្នកបម្រើការអាជីវកម្មនានា ​ស្តារសេដ្ឋកិច្ច តាមរយៈបម្រើសេវាកម្មវិស័យទេសចរណ៍។លោកបានអះអាងថា ក្រុមការងាររបស់លោកត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ទទួលភ្ញៀវ ទេសចរ​មកស្នាក់នៅបរិភោគអាហារស្រស់មានគុណភាព ​និង​ដឹក​ជញ្ជូន​ភ្ញៀវ​កម្សាន្តតាមតំបន់អេកូ ទេសចរធម្មជាតិដ៏មានសក្តានុពល ​នៅក្នុងស្រុកស្រែអំបិល ​នាឱកាសថ្ងៃបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំថ្មីខាងមុខនេះ។អ្នកទេសចរដែលទៅស្នាក់នៅកម្សាន្តនៅJet’s Oudom Resort ជាលក្ខណៈក្រុមហ៊ុន​ក៏បានបង្ហាញ​ចំណាប់​អារម្មណ៍​របស់​ពួក​គេផងដែរ ​អំឡុងពេលសម្រាកលំហែកាយ​ជុំវិញ​តំបន់ទេសចរណ៍គោល ដៅ បន្ទាប់ពីខកខានដំណើរកម្សាន្ត២ឆ្នាំមកនេះ។ដើម្បីទទួលបានចំណូលពីការផ្តល់សេវាទេសចរណ៍ឡើងវិញ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក ស្រែអំបិល បានជំរុញដល់ក្រុមប្រតិបត្តិករ និងសេវាករទាំងអស់រក្សាគុណភាពចំណីអាហារ ពង្រឹង​សេវាកម្មទេសចរណ៍ដែលខ្លួនកំពុងតែមានសម្រាប់។ ត្បិតបានចាក់វ៉ាក់សាំងបង្ការ ឬមានការបើកអាជីវកម្មទេសចរណ៍ក៏ដោយ ក៏លោកអភិបាល​ស្រុក​ស្រែ​អំបិល ស្នើសុំឱ្យអ្នកទេសចរបន្តចូលរួមអនុវត្តវិធានការសុខាភិ បាលគ្រប់ៗគ្នាថែមទៀត៕អត្ថបទ៖ ឈឹម មករា 

សហគមន៍ជ្រោយស្វាយ ចង់បានកិច្ចគាំទ្រអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយ

2021/12/22 01:12:11 pm        478
កោះកុង៖ ប្រជាសហគមន៍ភូមិជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ចង់បានកិច្ចគាំទ្រពីអាជ្ញាធរ និងជំនាញ ដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយក្នុងមូលដ្ឋាន ដើម្បីរកស្វែងរកប្រាក់ចំណូលបន្ថែម។ប្រជាសហគមន៍ភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ បានប្រាប់BTV Newsថា ពួកគេមាន​បង្ហាញ​ក្តីបារម្ភ អំពីទិន្នផលនេសាទពុំសូវទទួលបានផលច្រើនដូចឆ្នាំមុន ​ដោយសារតែមានទូក នេសាទជាច្រើនកំពុងប្រើប្រាស់​ឧបករណ៍នេសាទខុសច្បាប់ លើផ្ទៃទឹកសមុទ្រ។ពួកគេបានមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ក្នុងមូលដ្ឋានជំនួសវិញ រួមមាន ទេសភាពបៃតងខ្ចី នៃព្រៃកោងកាងគួរជាទីគយគន់ ខ្យល់អាកាសបរិសុទ្ធល្អ ឆ្នេរសមុទ្រខៀវស្រងាត់ ការជិះទូក ស្ទូចត្រីកម្សាន្ត ព្រមទាំងអាចលក់ផលិតផលអាហារស្រស់ៗជូនអ្នកទេសចរ មិនចាំបាច់ដឹកទៅលក់នៅទីផ្សារ។ព្រោះតែការសម្លឹងមើលឃើញពីអាជីវកម្មគ្មានផ្សែងនេះហើយ ទើបពួកគេចង់បានកិច្ចគាំទ្រពី​អាជ្ញាធរខេត្ត មន្ទីរជំនាញ អង្គការដៃគូ ឱ្យមានការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ​មួយ​ក្នុងមូលដ្ឋាន។លោក ហាវ ឡាញ់ ប្រធានសហគមន៍ឆ្នេរនេសាទ ក្នុងភូមិជ្រោយស្វាយខាងលិច ​បានអះអាងថា កន្លងទៅ សហគមន៍របស់ពួកគេ ធ្លាប់បើកទ្វារទទួលអ្នកទេសចរ ដែលមានបំណង​មកលេង​កម្សាន្តដែរ​ ត្បិតបើកដំណើរការយូរឆ្នាំហើយក៏ដោយ តែព្រោះតែខ្វះធនធាន​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើដល់វិស័យទេសចរណ៍ គ្រាមានអ្នកទេសចរស្គាល់ទីតាំងនេះតិចតួច។ពាក់ព័ន្ធបញ្ហានេះ ត្រូវបានលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល ពន្យល់ថា លោកពុំជំ ទាស់បដិសេធពីបំណង ដែលថា​ពលរដ្ឋចង់បង្កើតឱ្យ​មានជាតំបន់អេកូទេសចរណ៍​ធម្មជាតិ​ក្នុងមូលដ្ឋាននោះទេ។ដូច្នេះលោកស្នើសុំប្រជាសហគមន៍ធ្វើលិខិតសំណើមកកាន់អាជ្ញាធរឃុំ ​និងរដ្ឋបាលស្រុក ដើម្បី ពិចារណាចុះពិនិត្យទីតាំងសម្រេច ដោយមិនទាន់ក្តាប់​ព័ត៌មានច្បាស់លាស់ថា​ទីតាំងនោះ​នៅ​ទីណា។ អ្វីដែលលោកបារម្ភ ខ្លាចតែតំបន់នោះ ជា​ទីតាំងរដ្ឋហាមឃាត់ ឬជាប់ពាក់ព័ន្ធ​គម្រោង​ការ​វិនិយោគទុន​របស់ឯកជន៕ អត្ថបទ៖ ឈឹម មករា

អាជ្ញាធរបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនព្រះសង្ឃក្នុងក្រុងបាត់ដំបង

2021/12/22 01:00:27 pm        324
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃនេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ប្រគេនព្រះសង្ឃ នៅទូទាំងក្រុងបាត់ដំបងដែលមានចំនួនប្រមាណជិត១ពាន់អង្គ ។ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ប្រគេនព្រះសង្ឃនៅក្នុងក្រុងបាត់ដំបង នាព្រឹកនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាល បានបិទ​បញ្ចប់​ព្រឹត្តិការណ៍ ២០កុម្ភៈ ប៉ុន្តែមិនមែនបានន័យថាលែងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ដូច្នេះការ ចាក់វ៉ាក់សាំងពិតជាសំខាន់ណាស់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រក្សាគម្លាតសុវត្ថិភាព និងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ។ឯកឧត្តម បានសង្កេតឃើញថា បច្ចុប្បន្ននេះ សីលធម៌សង្គម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ និង ព្រួយបារម្ភ ដែលទាមទារឱ្យមានការចូលរួមចំណែកពីព្រះសង្ឃ ក្នុងការជួយកិច្ចការងារសង្គម ព្រោះព្រះសង្ឃ ដើរតួនាទីសំខាន់ណាស់ក្នុងសង្គម។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ព្រះសង្ឃ ​ឱ្យចូលរួមជួយការងារសង្គម ​តាមរយៈការ ទេសនាបញ្រ្ជាបការយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ គ្រឿងញៀន​ និងបញ្ហាផ្សេងៗ ជាពិសេសជួយជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំង។ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវជំរុញនិងអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យទៅទទួលការចាក់វាក់សាំង​ឱ្យបានគ្រប់ៗគ្នា ខណៈដំណើរការចាក់វ៉ាក់សាំង​ដូសទី១​ បាននឹងកំពុងបន្តនៅទូទាំងខេត្ត៕អត្ថបទ៖ នឿត សុភក្ត្រ

Omicron មិនទាន់រកឃើញឆ្លងលើពលករខ្មែរមកពីថៃ តាមច្រកខេត្តឧត្ដរមានជ័យនោះទេ

2021/12/22 12:32:35 pm        528
ឧត្ដរមានជ័យ៖ ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មកទល់ពេលនេះ បើទោះជាក្នុងសហគមន៍ប្រទេសថៃ មានការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង តែមិនទាន់ត្រូវបានរកឃើញឆ្លងលើពលករខ្មែរ ដែលបានវិលមកពីប្រទេសថៃនៅឡើយទេ ខណៈវិធានការទប់ស្កាត់ការនាំចូលជំងឺនេះ កាន់តែត្រូវបានរឹតបន្តឹង។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ខណៈពេលដែលមេរោគ​បំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែវាយប្រហារសហគមន៍ក្នុងប្រទេសថៃ មានពលករខ្មែរ ជិតពីររយនាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃជារៀងរាល់ថ្ងៃ តាមច្រកព្រំដែនខេត្តឧត្ដរមានជ័យ ពិសេស​ច្រកអូរស្មាច់ ប៉ុន្តែក្នុងចំនួននេះ មិនមានអ្នកវិជ្ជមានកូវីដ-១៩ទេ ពិសេសគឺ អូមីក្រុង។លោកបានបញ្ជាក់ថា ខណៈមិនទាន់មានការឆ្លងលើពលករខ្មែរក៏ដោយ តែវិធានកាសុខាភិបាល កាន់តែ​ត្រូវបានពង្រឹង ​ដើម្បីធានាថា អូមីក្រុង មិនត្រូវបាននាំចូលមកចម្លងក្នុងសហគមន៍​ប្រទេស​កម្ពុជានោះទេ។លោកវេជ្ជបណ្ឌិត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករ ​ដែលកំពុងតែស្នាក់នៅធ្វើ ការក្នុងប្រទេសថៃ​ បើទោះជាបានចាក់វ៉ាក់សាំងហើយក្ដី ​ត្រូវបន្តមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីកុំឱ្យ អូមីក្រុង​ ឆ្លងមកលើខ្លួនបាន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល៕ អត្ថបទ៖ ឃិន សារិទ្ធ

ក្នុងជំនួបជាមួយសម្តេចសង្ឃ ប្រធានរដ្ឋវៀតណាមសន្យាជំរុញមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែល្អប្រសើរ

2021/12/22 12:02:10 pm        1684
ភ្នំពេញ៖ ក្នុងពេលអញ្ជើញក្រាបបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម សន្យាជំរុញមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែល្អប្រសើរ។មុនពេល ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ​នៅ​កម្ពុជា ពេញមួយព្រឹកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បានអញ្ជើញក្រាបបង្គំសម្តេច​ព្រះ​អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាណាចក្រកម្ពុជា និង​សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ​នៃព្រះរាជាណាចក្រកម្ពុជា។សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ដែល​ជា​ចំណង​ការទូតរវាងកម្ពុជា​ និងវៀតណាម។សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី មានព្រះសង្ឃដីកាថា ទំនាក់ទំនងរបស់​ប្រទេសទាំងពីរ​រក្សា​បាន​នូវ​ទំនាក់​ដល់ប្រជាជាតិកម្ពុជា​ និងប្រជាជាតិវៀតណាម​ដែលមានពីយូរអង្វែង និងបានផ្សារភ្ជាប់​ជា​មហាមិត្តដែលជួយពីអតីតកាលផងដែរ។សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី បានមានព្រះសង្ឃដេកាទៀតថា ​សូមឲ្យមិត្តភាពកម្ពុជា-វៀតណាម​មានភាពល្អប្រសើរយូរអង្វែង។នាឱកាសនោះ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណ​ចំពោះការ​ទទួល​ស្វាគមន៍​ក្នុងការបំពេញទស្សនកិច្ចមកកាន់កម្ពុជា។ ឯកឧត្តម មានប្រសាសន៍ក្នុងជំនួប​សវនាការថា​ វៀតណាមនឹងជំរុញមិត្តភាពកម្ពុជា-វៀតណាម​ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។សូមបញ្ជាក់ថា ​នៅព្រឹកមិញនេះដែរ នៅមុនពេលឯកឧត្តម ង្វៀន សួនហ៊្វុក ធ្វើដំណើរ​មកចូល​គាល់​សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានរៀបចំ ពិធី​ទទួលទានអាហារពេលព្រឹកការងារជូនឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់​ នៅភូមិគ្រឹះរបស់សម្តេច។ក្នុងពិធីទទួលទានអាហារការងារពេលព្រឹកនេះ​ មានវត្តមានកូនប្រុសទាំងបីរបស់សម្តេច ​គឺឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី៕ អត្ថបទ៖ សេក ឧត្តម 

ក្រសួងទេសចរណ៍ ជំរុញមន្ទីរទេសចរណ៍រៀបចំសៀវភៅមុខម្ហូបប្រចាំតំបន់ ដើម្បីទាក់ទាញទេសចរ

2021/12/22 11:53:50 am        387
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំឲ្យមន្ទីរទេសចរណ៍ខេត្តរាជធានីនានា រៀបចំសៀវភៅវិធីចំអិនម្ហូបអាហារតំណាងអត្តសញ្ញាណប្រចាំតំបន់នៅក្នុងខេត្តរាជធានីរបស់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ខណៈសៀវភៅមានចំណងជើងថាThe Taste of Angkor ដែលបានជាប់ពានរង្វាន់ជាប្រភេទសៀវភៅមុខម្ហូបពិភពលោកល្អផ្តាច់គេ ឆ្នាំ២០២១ ត្រូវបានកម្ពុជា បាននិងកំពុងបង្កើនការផ្សព្វផ្សាយបានដល់ ៤២ប្រទេសលើពិភពលោក។ឯកឧត្តម ថោង រដ្ឋស័ក អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិនៃក្រសួងទេសចរណ៍ បានថ្លែងអោយBTV ដឹងនៅថ្ងៃទី២២ ខែធ្នូនេះ ថ្លែងថា បច្ចុប្បន្ន​ក្រសួង​ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ​បាននិងកំពុងធ្វើការផ្សព្វផ្សាយសៀវភៅ The Taste of Angkor ​បានទៅដល់បណ្តាប្រទេសចំនួន៤២លើពិភពលោក ខណៈសៀវភៅរបៀប​ធ្វើ​ម្ហូបខ្មែរ ​ដែលបានជាប់ពានរង្វាន់ជាប្រភេទសៀវភៅអាស៊ីល្អផ្តាច់គេ នៅក្នុងការប្រកួត​ពានរង្វាន់​ហ្គ័រម៉ង់ សៀវភៅមុខម្ហូបពិភពលោកប្រចាំ ឆ្នាំ២០២១ ដែលមានការចូលរួមពីសៀវភៅប្រមាណ ៤០០០ច្បាប់មកពីប្រទេសចំនួន១៩៨ កាលពីអំឡុងចុងខែវិច្ឆិកានេះ។ឯកឧត្តម ថោង រដ្ឋស័ក បន្តថា តាមរយៈខិតខំពង្រីកផ្សព្វផ្សាយសៀវភៅThe Taste of Angkorនេះ នឹងជំរុញអោយប្រទេសកម្ពុជា ក្លាយជាគោលដៅទេសចរណ៍​ដែលមានភាពទាក់ទាញ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា នឹងចង់ស្គាល់រសជាតិដើមម្ហូបខ្មែរទាំងនោះ ។ ឯកឧត្តម ស្នើអោយបណ្តាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍រាជធានីខេត្ត សហការជាមួយចុងភៅ​ជំនាញ​ប្រចាំ​ខេត្តរបស់ខ្លួន រៀបចំចងក្រងសៀវភៅនិងចំអិនមុខម្ហូបប្រចាំតំបន់​ក្នុងខេត្តរបស់ខ្លួន​ ដើម្បី​ត្រៀម​ទទួលភ្ញៀវទេសចរអន្តរជាតិនៅពេលគេទៅកាន់ខេត្តរបស់ខ្លួន។សូមបញ្ជាក់ថា សៀវភៅមុខម្ហូបខ្មែរ (The Taste of Angkor) ដែលបានជាប់ជ័យលាភី សៀវភៅមុខម្ហូប​អាស៊ីដ៏ល្អផ្តាច់គេកាលពីរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ​ប្រទេសបារាំង នៅក្នុងកម្មវិធីតាំង​ពិព័រណ៍ Gourmand World Cookbook Award 2021 ​គឺមានចងក្រងរបៀបធ្វើ មុខម្ហូប និង​បង្អែមខ្មែរថ្នាក់ជាតិចំនួន ៣៨មុខ ​ព្រមទាំងបានរំលេច ​និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ដូចជា ម្រេចកំពត​ អង្ករផ្កាម្លិះ ​និងស្ករត្នោតផងដែរ៕អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM