សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋបាលរាជធានីភ្នំពេញ បង្រួមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដើម្បីប្រគល់ជូនវិស័យឯកជនវិញ

2021/12/22 11:43:01 am        288
ភ្នំពេញ៖ ដោយស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ មានការធូរស្រាល ព្រមទាំងបើកដំណើរការប្រទេសឡើងវិញ ជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានប្រកាសបិទបញ្ចប់ព្រឹតិ្តការណ៍ឆ្លងកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គឺរដ្ឋបាលរាជធានីភ្នំពេញ បន្តបង្រួមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដើម្បីប្រគល់ជូនវិស័យឯកជនវិញ។បើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះថា ការបង្រួមមណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ ធ្វើ​ឡើង​តាមស្ថានភាពជាក់ស្តែងរបស់ជំងឺកូវីដ-១៩ ។ដោយករណីឆ្លងថ្មី ​និងករណីស្លាប់នៃជំងឺកូវីដ-១៩ ថយចុះខ្លាំង ក្នុងនោះនៅតាមទីតាំង​មណ្ឌលព្យាបាល ស្ទើរគ្មានអ្នកជំងឺត្រូវចូលមកទទួលការ​ព្យាបាល។ ដូច្នេះថ្នាក់ដឹកនាំក្រសួង​សុខា​ភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ មនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំចាត់ចែង​ផ្ទេរអ្នកជំងឺនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ទីតាំងរបស់វិស័យឯកជន) មកកាន់ទីតាំង​មណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ ស្តាតអូឡាំពិក។ដោយឡែកមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ (ពិភពថ្មីសែនសុខ) បានផ្ទេរអ្នកជំងឺជាង​២០នាក់ មកកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក ព្រមទាំងស្អាតបាញ់ថ្នាំ​សម្លាប់​មេរោគ និងប្រគល់ជូនវិស័យឯកជនវិញ ​កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ហើយមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២ (ដឺព្រីមៀរសែនសុខ)​ក៏​កំពុង​ត្រៀម​ប្រគល់​ជូន​វិស័យ​ឯកជន​នាពេលខាងមុខនេះ។ សរុបជារួមគិតត្រឹមព្រឹកនេះ ក្នុងរាជធានីភ្នំពេញ មនី្ទរពេទ្យព្យាបាល និងទីកន្លែងព្យាបាលជំងឺកូវីដ-១៩ មានចំនួន៨ទីតាំង។លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា សព្វថ្ងៃក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ ជាង៣០០នាក់ កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមខ្នងផ្ទះ មានចំនួនប្រមាណ២០០នាក់ប៉ុណ្ណោះ។និយាយដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងចាប់ដំណើរការចាក់វ៉ាក់សាំងជូនចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ខាងមុខនេះ មានចំនួន៤២ទីតាំង និងមានក្រុមការងារគ្រូពេទ្យក្រោមឱវាទ​មនី្ទរ​សុខាភិបាល​រាជ​ធានីភ្នំពេញ ជិត៥០០នាក់ សម្រាប់ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ៕អត្ថបទ៖ ហួត​ រដ្ឋា

អាជ្ញាធរខេត្ដសៀមរាបបួងសួង សុំឱ្យ​បារមី​វត្ថុសក្ដិសិទ្ធិ​នៅប្រាសាទអង្គរវត្ដ ផ្ដល់​សេចក្តី​សុខ​ដល់​ពលរដ្ឋកម្ពុជា

2021/12/21 04:08:05 pm        855
សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ដ ព្រះអង្គរគោលធ្លក ព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំឱ្យបាមរីវត្ថុសក្ដិសិទ្ធិជួយថែរក្សា និងជួយផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាជននៅក្នុងខេត្ដសៀមរាប។ពិធីដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងប្រធាន​ក្រុមប្រឹក្សាខេត្ដ ​អាជ្ញាធរជាតិអប្សារា មន្តី្ររាជការ ​ស្ថាប័នពាក់ព័ន្ធនានា និងអង្គភាពជុំវិញខេត្តជា​ច្រើន​នាក់​បាន​អញ្ជើញ​ចូលរួមផងដែរ។ឯកឧត្ដម ទៀ សីហា ក៏​បាន​អុចធូប​បួងសួង​សូម​ការប្រោសព្រំពីវត្ថុ​ស័ក្ដិសិទ្ធិ​នៅ​តំបន់អង្គរ ក៏ដូចជា​ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ ​ក៏ដូចជាដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ ផ្តល់​នូវ​ពរជ័យ​សិរីមង្គល វិបុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋនៅខេត្ដសៀមរាប ក៏ដូចជាការរក្សា​បាន​នូវសុខសន្តិភាពសម្រាប់ជាតិ ​និងប្រជាជនកម្ពុជា​លើដែនដីអច្ឆរិយរបស់ខ្មែរ ដែលពួកគេ​ត្រូវបាន​ប្រព្រឹទ្ធទៅតាមលំអានប្រពៃណី​ ទំនៀបទម្លាប់​សាសនាខ្មែរ ​ខណៈដែលគ្រឿងរណ្តាប់ ផ្លែឈើ​ជា​ច្រើន​មុខត្រូវ​បានរៀបចំឡើងដើម្បី​ជា​ដង្វាយ​ដល់វត្ថុ​ស័ក្តិសិទ្ធ​ផងដែរ។ពិធីនោះក៏បានសុំឱ្យបារមីព្រះអង្គថែរក្សាប្រាង្គប្រាសាទ ជួយឱ្យឱ្យកូចចៅខ្មែរ បានរួចចាក​ផុត​ពី​ជំងឺផ្សេងៗ​ផងដែរ ​ជាពិសេសជំងឺកូវីដ១៩។ឯកឧត្ដម ក៏បានរំលឹកគុណដល់បារមីគ្រប់ទិសទី​ដែល​ជួយ​តាមថែរក្សាប្រជាពលរដ្ឋខ្មែរមាន​សេចក្ដី​សុខ​មកដល់ថ្ងៃនេះ ​ក្នុងពេលវិបត្ដិជំងឺកូវីដ១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមក ​ហើយខេត្ដសៀមរាប នឹងវិលត្រឡប់ទៅសភាពដើមវិញ​ ដូចមុនឆ្នាំ២០២០កន្លងមក ។ជាមួយគ្នានោះ លោកតាអាចារ្យ បានសូត្របួងសួងដល់​វត្ថុ​ស័ក្តិសិទ្ធ​ ដួងព្រះវិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រខ្មែរ ​និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ​ឲ្យតាមជួយឃុំគ្រងបីបាច់ថែរក្សាជាតិកម្ពុជា ឲ្យបន្តមាន​សុខសន្តិភាព រក្សាបានការអភិវឌ្ឍ ​និងភាពរីកចម្រើនតរៀងទៅ ចៀសផុតពី​គ្រោះកាច​ទាំងឡាយ។ ហើយក៏បានអំពាវនាវដល់បារមីវត្ថុ​សក្តិសិទ្ធ តាមបីបាច់ថែរក្សាថ្នាក់ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា និងអាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋ​ខេត្តសៀមរាប ​និងបងប្អូន​ដែលបានអញ្ជើញមកកម្សាន្ត ​នៅលើទឹកដីអង្គរ ។ក្នុងពិធីបួងសួងនោះផងដែរ ​ក៏​មានប្រជាពលរដ្ឋបានចូលរួមជាច្រើនកុះករផងដែរ ពួកគេសុទ្ធតែបាន​បង្ហាញក្តីរីករាយជាមួយពិធីបួងសួងនេះ​ និងចាត់ទុកជាពិធីដ៏ល្អមួយសម្រាប់សូមសេចក្តីសុខ​សេចក្តី​ចម្រើនជូនប្រជាពលរដ្ឋ និងជាតិកម្ពុជា។ បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមសុទ្ធតែបានផ្តល់ និង​តម្កល់​តម្លៃខ្ពស់បំផុតចំពោះសុខសន្តិភាព​កំពុង​មាននៅកម្ពុជានាពេលបច្ចុប្បន្ន ​ដែល​ទាមទារ​រក្សាឲ្យបាន។ពួកគាត់បានយល់ឃើញថា បើគ្មានសន្តិភាព នឹងមិនអាចឲ្យកម្ពុជាអភិវឌ្ឍន៍រីកចម្រើនលូតលាស់​ទៅ​មុខបាននោះឡើយ។សូមជម្រាបថា​ពិធីបួងសួងនេះ​ ធ្វើឡើងចំនួន៤ទីតាំងក្នុងថ្ងៃតែមួយ ​រួមមាននៅចំណុចលោកតារាជ ខាងមុខប្រាសាទអង្គរវត្ត​ នៅព្រះអង្គគោកធ្លក ​និងព្រះអង្គងោគ ​នៅព្រះអង្គចេក ព្រះអង្គចម ស្ថិតក្នុង​ក្រុងសៀមរាប ​ដែលធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃប្រទេស​កម្ពុជា ​បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ កាលពីថ្ងទី២០ខែធ្នូឆ្នាំ២០២១នេះ៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងប្រធានរដ្ឋវៀតណាម ឯកភាពគ្នាលើកកំពស់វិនិយោគ និង​ចៀសវាង​យកពន្ធត្រួតគ្នា

2021/12/21 03:48:53 pm        591
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមបែបថ្មី។ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃនៅកម្ពុជា នៅ​ព្រឹកថ្ងៃទី ២១ធ្នូនេះ ​ឯកឧត្តមប្រធានរដ្ឋវៀតណាម ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ចយ៉ាងរីករាយ​ និងស្និតស្នាល ​និង​បាន​អញ្ជើញ​ជួប​ចរចា​ទ្វេភាគី​នៅវិមាន​សន្តិភាព។បន្ទាប់កិច្ចប្រជុំចង្អៀតនិងកិច្ចប្រជុំទូលាយបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ ក្នុងជំនួបនោះ ភាគីទាំងពីរ​បានវាយតម្លៃខ្ពស់អំពី​សារ​សំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ៊្វុក មកកាន់កម្ពុជា​ក្នុង​តួនាទីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយដំណើរទស្សនកិច្ចនេះ គឺជា​ដំណើរទស្សនកិច្ច​បើកឆ្នាំមិត្តភាពរវាងប្រទេសទាំង២ឆ្នាំ ២០២២ គឺខួប៥៥ឆ្នាំ។ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនិងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការលើកកម្ពស់ និងការការពារ​វិនិយោគ និងកិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធត្រួតគ្នាជាពិសេសជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ពាណិជ្ជកម្មតាមបែបថ្មី។ឯកឧត្តម ង្វៀនស៊ុន ហ៊្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត​និងសំខាន់ៗ​ដែល​រដ្ឋាភិបាល​ និងប្រជាជនកម្ពុជា​សម្រេចបាន ​ជាពិសេសការអភិវឌ្ឍជាតិ ស្ថេរភាពនយោបាយ ​សន្តិសុខសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ភាគីទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃ​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ដោយ​គ្រប់ជ្រុងជ្រោយ​និង​ជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពទោះបីជាស្ថិតនៅក្នុង​បរិបទ​ការ​រីករាល​ដាលកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពន្លឿន​ការចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ស្តីពីពាណិជ្ជកម្ម​តាមព្រំដែន ឯកភាពគ្នាក្នុងការពន្លឿនកិច្ច​ពិភាក្សា​ឆ្ពោះទៅ​ទទួល​ស្គាល់គ្នា​ទៅវិញទៅមកលើលិខិតឆ្លងដែន​ និងវិញ្ញាបនបត្រ​ចាក់វ៉ាក់សាំង​ដើម្បីសម្រួលដល់​ការធ្វើ​ដំណើរ​របស់ប្រជាជនទាំងសងខាងផង​ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ​ផង​ ហើយក៏បានឯកភាពគ្នាក្នុងការជំរុញពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សុខាភិបាល អប់រំ យុត្តិធម៌ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ​និងរវាងប្រជាជនទាំងពីរក៏ដូច​ជា​កិច្ច​សហប្រតិបត្តិការនៅលើឆាកអន្តរជាតិឆាកតំបន់។ជាទីបញ្ចប់នៅក្នុងជំនួបនេះសម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាមដែលកន្លងមកបានគាំទ្រជួយដល់កម្ពុជាធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនិងថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានរដ្ឋវៀតណាមដែលមានប្រសាសន៍គាំទ្រកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ក្រោយជំនួបបញ្ចប់ សម្តេចតេជោនិងឯកឧត្តម ង្វៀន សួនហ៊្វុក ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រួមមាន៖-ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួង​នគរបាល​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។-ផែនការសហប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិ​វៀតណាម។-កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ច​សហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។-កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀត ណាម។-អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ​២០២១-២០២៥។-អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការ​បញ្ចប់​ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន​រវាង រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ​និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។-ផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និង​ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕អត្ថបទ៖ មុត សុទ្ធ

ពលរដ្ឋកាន់តែមានភាពកក់ក្ដៅរស់នៅតាមបរិបទថ្មី ក្រោយការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

2021/12/21 01:39:56 pm        634
ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវភាពរីករាយ និងបង្ហាញអារម្មណ៍កាន់តែកក់ក្ដៅ ក្នុងការរស់នៅតាមបែបគន្លងថ្មី ក្រោយការបញ្ចប់ព្រឹត្តិការសហគមន៍២០កុម្ភៈ ជាពិសេសគឺក្ដីរំពឹងនៃការងើបឡើងវិញកាន់តែប្រសើរនៃសេដ្ឋកិច្ចគ្រួសារ។មួយថ្ងៃក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូនេះ បានសម្តែងការអបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដែលដាក់​ចេញ​វិធានការជាច្រើន ដើម្បីបញ្ចប់ព្រឹត្តិការណ៍នេះ។ពួកគេបានអះអាងថា បើទោះជា​ព្រឹត្តិការណ៍​២០កុម្ភៈ ត្រូវបានបញ្ចប់ ក៏ពួកគេនឹងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ បួករួម​នឹងការចាក់វ៉ាក់សាំងកូវីដផងដែរ។តាមរយៈសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែធ្នូនេះ ​បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលជា​ព្រឹត្តិការណ៍​ឆ្លងការ​រីក​រាលដាល​ជំងឺកូវីដ-១៩ ហើយក៏ជា​សោកនាថកម្ម ​ដែលកម្ពុជា ​បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយការ​រាតត្បាតនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍នេះ បានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ ក្នុងរយៈពេល១០ខែកន្លងទៅ។​ ក្នុងការ​ប្រយុទ្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​ រហូតទទួលជោគជ័យ​ នាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ទូច សោភ័ណ

វិស័យឯកជនស្នើពង្រីកការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ប្រចាំខេត្តឱ្យបានច្រើន

2021/12/21 12:40:09 pm        478
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា លើការងារបណ្តុះបណ្តាលជំនាញទេសចរណ៍។នៅក្នុងកិច្ចប្រជុំនោះ ភាគីវិស័យឯកជនបានស្នើបណ្តាគណៈកម្មការគម្រោងហូការ ពង្រីកការ​បណ្តុះ​បណ្តាលអ្នកជំនាញទេសចរណ៍ប្រចាំខេត្តរបស់ខ្លួនអោយបានច្រើន ​ដើម្បីធានានិរន្តភាព ការ​ផ្តល់​សេវា​ប្រកបដោយគុណភាព និងការផ្តល់សេវាទេសចរណ៍មានតំលៃសមរម្យ។បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ​បានថ្លែងថា កន្លងមក​ក្រុមហ៊ុន​ការីទេសចរណ៍​មានតម្រូវការច្រើននៃអ្នកជំនាញ​ទេសចរណ៍ផ្នែកមគ្គុទេសក៏ទេសចរណ៍ ជំនាញចុងភៅនិងជំនាញនានាទៀតជាប្រចាំនៅតាមខេត្តគោលដៅទេសចរណ៍ ប៉ុន្តែក្រុមហ៊ុន​មិន​អាចរកបាន ហើយទាមទារអោយក្រុមហ៊ុនការីទេសចរណ៍នានានាំ​អ្នកជំនាញ​ទេសចរណ៍​ពី​ក្រុមហ៊ុន​ទៅជាមួយ នៅពេលនាំភ្ញៀវទេសចរជាតិ​អន្តរជាតិ​ជាកញ្ចប់ទៅ​ទស្សនាកម្សាន្តនៅ​តាមខេត្ត​គោលដៅ​ទេសចរណ៍ ​ជាហេតុធ្វើអោយការរៀបចំកញ្ចប់ទេសចរណ៍ហាក់មានតម្លៃថ្លៃបន្តិច។ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍​បាន​ផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ជាច្រើន​ ព្រមជាមួយគ្នានេះ ​ឯកឧត្តម ក៏បានស្នើ​មន្ទីរ​ទេសចរណ៍​ខេត្តទាំងអស់​ដែលមានធនធានគ្រូបង្គោលក្នុងមន្ទីរទេសចរណ៍របស់ខ្លួន និង​គ្រូបង្គោល​ដែលមកពីវិស័យឯកជនដែលទើបណ្តុះបណ្តាលបាននេះ ត្រូវធ្វើការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍នោះទៅដល់បុគ្គលិក ​និងយុវជននានាទៀត ដើម្បីធានាដល់និរន្តរភាពបង្កើត​មូល​ធនមនុស្សគ្រប់គ្រាន់​នៅក្នុងខេត្តរបស់ខ្លួន ​និងការជម្រុញផ្តល់សេវាទេសចរណ៍តាមមូលដ្ឋាន​អោយមានតម្លៃសមរម្យ។លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការទេសចរណ៍ក្រសួងទេសចរណ៍ ថ្លែងថា នៅ​ក្នុង​ដំណាក់​កាលទី២ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ ឆ្នាំ២០២០ ឆ្នាំ២០២៤ក្រោមជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពីរដ្ឋាភិបាលស្វីល តាមរយៈទីភ្នាក់ងារការងារស្វីសសម្រាប់ការអភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ និងអង្គការស្វីសខាន់ថាក់ នៅក្នុងឆ្នាំ២០២១នេះយើង​បណ្តុះបណ្តាល​គ្រូ​បង្គោល​ហូការ និង​បុគ្គលិក​ជំនាញ​ទេសចរណ៍សម្រាប់​បណ្តុះបណ្តាលបន្តក្នុងមូលដ្ឋាន​អាជីវកម្ម​បាន​ចំនួនជាង​ ៦០០នាក់ នៅតាមខេត្តគោលដៅរួមមាន៖ ខេត្តក្រចេះ ព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី ខណៈក្នុងដំណាក់កាលទី១ គណៈកម្មការគ្រប់គ្រង​គម្រោងហូការ​បាន​បណ្តុះបណ្តាល​បុគ្គលិក និងយុវជនជាច្រើន និងបានវាយតំលៃ​ទទួលស្គាល់អ្នកជំនាញជំនាញ​ទេសចរណ៍​បានប្រមាណជិត ១២០០នាក់៕ អត្ថបទ ស៊ុម សុខជា

រដ្ឋបាលរាជធានីភ្នំពេញ គ្រោង​នឹង​សាងសង់​ស្ពានអាកាសថ្មីមួយកន្លែងទៀត​នៅ​ចំណុច​ភ្លើង​ស្តុបផ្សារ​ស៊ិនជូរីផ្លាហ្សា

2021/12/21 12:23:10 pm        4384
ភ្នំពេញ៖ ដោយសារការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាល់ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ២០១១។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំង​ទាំង​ពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២១នេះ នៅ​សាលារាជធានីភ្នំពេញ ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដី​នៅ​រង្វង់មូល​ចមចៅ បានស្ថាបបានច្រើនភាគរយហើយ និងបាន​ដាក់​ឲ្យដំណើរការ ផ្លូវមួយចំនួន​នៃ​ស្ពានអាកាស​ និងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឲ្យដំណើរការ ផ្លូវមួយ​ចំនួននៃស្ពាននេះ​ លំហូរសារាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវលេខ២០០៤​ក៏ដូចជា​ផ្លូវលេខ​២០១១ ​មានការកកស្ទះចរាចរណ៍​យ៉ាងខ្លាំង ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ​ធ្វើការ​សិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត ​នៅចំណុចខាងលើនេះ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ។ស្ពានអាកាសថ្មីមួយនេះគ្រោង​ នឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ។ នៅពេលការ​ដោះស្រាយ​ចរាចរណ៍​នៅ​រង្វង់មូលចោមចៅបានល្អប្រសើរហើយ​ វាបែរមកកកស្ទះចរាចរណ៍ នៅ​ចំណុច​ស្តុបផ្សារស៊ិនជូរីផ្លាហ្សា ​(ផ្លូវ២០០៤ កែងផ្លូវសហពន្ធរូស៊ី) នេះតែម្ដង ដែល​តម្រូវ​ឲ្យរដ្ឋបាល​រាជធានី​ភ្នំពេញ ​ត្រូវតែធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀតនេះ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បុណ្យខ្លែងបន្ទាយស្រី ព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាលពង្រីកសក្តានុពលទេសចរណ៍

2021/12/20 04:51:15 pm        668
សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី នៅក្នុងព្រឹត្តិការណ៍បុណ្យខ្លែងលើកដំបូងរបស់ខ្លួន បានបង្ហាញគោលដៅសម្រាប់អនាគតថា បុណ្យខ្លែង នឹងស្ថិតនៅជាកម្មវត្ថុនៃព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាល និងចាប់យកនូវព្រឹត្តិការណ៍ប្រពៃណី សាសនា បុណ្យជាតិសំខាន់ៗ រួមទាំងការបង្កើតថ្មីបន្ថែមទៀត ទុកជាផលិតផលដើម្បីពង្រីកសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។បុណ្យខ្លែងបន្ទាយស្រី គឺជាព្រឹត្តិការណ៍មួយ ក្នុងព្រឹត្តិការណ៍ដំបូងៗ ដែលរដ្ឋបាលស្រុកបន្ទាយស្រី​បាន​បង្កើតឡើង ដើម្បីរួមចំណែកផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងគ្រោះដោយ​វិបត្តិកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី កាលពីម្សិលមិញ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍​បុណ្យខ្លែងបន្ទាយស្រី។លោក បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ដែលត្រូវបានធ្វើឡើងនៅភូមិបុរាណ ស-សី ល្បីខាង​ផលិត​កុលាលភាជន៍​នាសម័យអង្គរ ក្នុងឃុំត្បែងនោះ គឺជាការខិតខំជំរុញឲ្យមានបន្ថែមទៀត​នូវ​សក្តានុពល​ទេសចរណ៍ក្រៅពីប្រាសាទ។ បុណ្យខ្លែងបន្ទាយស្រី ​បានទាក់ទាញភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេស ជាង២០០០នាក់។ការរក្សាប្រពៃណីបង្ហោះខ្លែង នារដូវលំហើយ ក្រោយច្រូតកាត់ តាមរយៈនៃការរៀបចំ​ព្រឹត្តិការណ៍​ជាប្រចាំឆ្នាំនេះ ​គឺជាគោលដៅរបស់រដ្ឋបាលស្រុក។ ​ការជ្រើសរើសយកភូមិ សសី នៃឃុំត្រែង រៀបចំ​បង្កើត​ព្រឹត្តិការណ៍នេះ គឺដោយសារតែភូមិបុរាណមួយនេះ មានភាពអំណោយផលទាំង​ពេល​វេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែល​ទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យ​ខ្ពស់​ទៅ​ដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ​ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោម​ការ​ចូលរួមដោយសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ។ ​ក្រៅពីការបង្ហោះខ្លែងឯក ក៏បានផ្ដល់ឱកាសជូន ប្រជាពលរដ្ឋ ​ដែលចេះធ្វើខ្លែងខ្លួនឯង​ អាចចូលរួមបង្ហោះកម្សាន្តបាន ​ហើយកម្មវិធីនេះ ក៏មាន​ស្តង់​ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណៈគ្រួសារផងដែរ៕ អត្ថបទ៖ ងឹន គឹមឡេង 

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី

2021/12/20 02:26:30 pm        738
សៀមរាប៖ អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការជាមួយអាជ្ញាធរជាតិ​អប្សរា​ធ្វើការ​ដក​បង្គោល​របងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោល​រំលោភយកដី​ត្រពាំង​បុរាណមួយក​ ន្លែងស្ថិតនៅភូមិបុស្សក្រឡាញ់ ​សង្កាត់ជ្រាវក្រុងសៀមរាប ។ការដកបង្គោលចេញវិញនេះ ធ្វើឡើងកាលពីថ្ងៃទី ២០ខែធ្នូឆ្នាំ២០២១នេះ ក្រោយពេលជន​មិនស្គាល់​មុខ បានលួច​ធ្វើសកម្មភាព​ហ៊ុមព័ទ្ធ​របងយកដីក្នុងត្រពាំងបុរាណនោះ ​រយៈពេល៣ថ្ងៃមកហើយ។លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សៀមរាប លោកបានឱ្យដឹងថា​ បង្គោលរបងថ្ម​ដែល​លួចបោះរំលោភដីកណ្ដាលក្នុងត្រពាំងបុរាណនោះ ​មានទំហំជាង២០០ម៉ែត្រការ៉េ ដែលស្មើ​នឹង​ប្រមាណ​បណ្ដោយ​ជាង ៤០ម៉ែត្រ គុណនឹងទទឹង៥០ម៉ែត្រ។ត្រពាំងបុរាណនេះ មានឈ្មោះថា ត្រពាំងហែរផ្កា ​ដែលអាជ្ញាធរសង្កាត់ និងក្រុងសៀមរាប បាន​ការ​អនុញ្ញាត​ពីអាជ្ញាធរជាតិអប្សរា ​ឱ្យស្ដារត្រពាំងនោះឡើងវិញ ដើម្បីរក្សាទឹកទុកឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់ និងធ្វើជាតំបន់ទេសចរនាពេលអនាគត​ ប៉ុន្ដែរយៈពេល៣ថ្ងៃកន្លងមកនេះ ដីក្នុងត្រពាំង​ហែរផ្កានោះ ត្រូវបាន​ជនខិលខូចលួចបោះបង្គោលថ្ម ប៉ុនប៉ងរំលោយកដីយកទៅ​ធ្វើ​កម្មសិទ្ធិ​ឯកជន។លោកបន្ដថា បង្គោលថ្ម ដែលលួចបោះក្នុងដីត្រពាំងបុរាណនោះមានចំនួន១៦០បង្គោល។លោកថា លោក​បានឱ្យកងកម្លំាង​ប៉ូលិស​ប៉ុស្ដិ៍ទៅកធ្វើការហាមឃាត់ដែរ ប៉ុន្ដែជនខិលខូចនៅ​តែ​លួចធ្វើបន្ដ ​ជាពិសេសលួចធ្វើពេលយប់ ​ហើយការលួចធ្វើនេះមានរយៈពេល៣ថ្ងៃមកហើយ។លោក បានបន្ដថា ជនខិលខូចនេះ អាជ្ញាធរកំពុងស្រាវជ្រាវរកមុខសញ្ញា​ដើម្បីឱ្យចូលខ្លួន​មក​ធ្វើកិច្ច​សន្យា​បញ្ជប់បោះបង្គោលរំលោកយកដីត្រពាំងបុរាណនោះបន្ដទៀត។បើតាមលោកចៅសង្កាត់ជ្រាវ ក្អោប រ៉ន លោកបានឱ្យដឹងថា ​ត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កានេះ មានបណ្ដោយ៣០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ បច្ចុប្បន្នអាជ្ញាធរសង្កាត់​សហការ​ជាមួយ​អាជ្ញាធរក្រុង ​និងអាជ្ញាធរជាតិអប្សរា ​ធ្វើការអភិវឌ្ឍ ​និងអភិរក្ស ដោយស្ដារយកអាចម៍ដី ដើម្បី​រក្សា​ទឹក​ទុកឱ្យសហគមន៍ប្រើប្រាស់។ ជាមួយគ្នានោះ ត្រពាំងបុរាណនេះ ក្រៅពីជនខិលខូចដែលមិនស្គាល់ឈ្មោះលួចបោះបង្គោលថ្មប៉ង​យកដីក្នុងត្រពាំងបុរាណនោះ ក៏​នៅមានប្រជាពលរដ្ឋ៨គ្រួសារធ្វើផ្ទះនៅក្នុងត្រពាំងបុរាណ​នោះផងដែរ​ ប៉ុន្ដែអាជ្ញាធរបានចាត់វិធាន​ និងឱ្យយរុះរើនៅពេលក្រោយ៕ អត្ថបទ ៖ ឈិត សាវី

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវអោយស្ថាប័នព័ត៌មានលុបបំបាត់ព័ត៌មានក្លែងក្លាយ

2021/12/20 01:23:42 pm        506
ភ្នំពេញ៖ ឯកឧត្តម សូនី រង្សពិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធ៌ម និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។នេះគឺជាការបញ្ជាក់របស់ឯកឧត្តម សូនី វង្សពិសិដ្ឋ នៅក្នុងឱកាសដែលឯកឧត្តម បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុងពិធីខួបគម្រប់មួយឆ្នាំក្នុងការបង្កើតក្រុមហ៊ុន​Mengo Cultural Media និង​ការដាក់​ដំណើរការApp សារព័ត៌មានស្វាយ ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈម និង​កាលានុវត្តភាព ​ជាច្រើនដល់ប្រពន្ធ័ផ្សព្វផ្សាយសារព័ត៌មាន ​និងអ្នកសារព័ត៌មាន។ ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាទូទៅត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ និង​យុទ្ធនា​ការ​ចាក់វ៉ាក់សាំងទូទាំងប្រទេស ប្រព្រឹត្តិទៅរលូន និងជោគជ័យគួរជាទីមោទនៈ ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលក្នុងនោះប្រព័ន្ធ​សារព័ត៌មាន​ក៏​បានចូលរួមចំនែកដើរតួនាទីយ៉ាងសំខាន់ផងដែរ។ឯកឧត្តម សូនី វង្សពិសិដ្ឋបានបន្ថែមទៀតថា ក្នុងអំឡុងផ្ទុះឡើងនូវជំងឺកូវីដ១៩ អ្នកសារព័ត៌មាន​បាន​ចូលរួមអនុវត្តន៍ការងារ​របស់ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ ​ដោយ​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ប្រថុយ​គ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួនដែល​អាចបណ្តាលពីការឆ្លងជំងឺកូវីដ១៩ ដើម្បី​ប្រមូល​ព័ត៌មាន​និងចូលរួមផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាព ​ការបង្ការ និងការងារប្រយុទ្ធប្រឆាំង​ជំងឺ​កាចសាហាវនេះ។ទន្ទឹមជាមួយគ្នានេះដែរ នៅក្នុងបរិបទកូវីដ១៩ ព័ត៌មានក្លែងក្លាយពាក់ពន្ធ័នឹងជំងឺកូវីដ១៩ និងប្រធាន​បទ​ផ្សេងៗ ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយដែលបង្ករផលប៉ៈពាល់ជាអវិជ្ជមានដល់សង្គម ហើយ​ក្រសួងព័ត៌មាន​បានអនុវត្តការងារជាច្រើនដើម្បីប្រឆាំ ​និងលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ។ ត្រង់​ចំណុច​នេះហើយ ​ទើបឯកឧត្តម រដ្ឋលេខាធិការបានលើកទឹកចិត្តដល់ ប្រពន្ធ័សារព័ត៌មាន​ទាំងអស់​ត្រូវប្រកាន់ខ្ជាប់សីលធ៌ម​ និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈបន្តចូលរួមផ្សាយព័ត៌មានពិត ដើម្បីពង្រឹងទំនុកចិត្តសាធារណៈជនតាម​ចំពោះប្រពន្ធ័​សារព័ត៌មានក្នុងស្រុក។ឯកឧត្តម សូនី រង្សពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនMengo Cultur Media ដែលបានចូលរួម​ចំណែ​ក្នុងវិ​ស័យសារព័ត៌មាន​នៅកម្ពុជា ដោយបាន​អភិវឌ្ឍន៍យ៉ាងលឿន​តាមរយៈការពង្រឹង​សកម្មភាព​របស់ខ្លួន​ និងបានទទួលអាជ្ញាបណ្ណ័នានា ជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន៕អត្ថបទ៖ សូដាវណ្ណ

សម្តេចតេជោ ហ៊ុន សែន សម្រេចបិទព្រឹត្តិការណ៍២០កុម្ភៈ ខណៈព្រឹត្តិការណ៍នេះបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់

2021/12/20 01:09:09 pm        330
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងការរីករាលដាលជំងឺកូវីដ-១៩ ហើយក៏ជាសោកនាថកម្ម ដែលកម្ពុជាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការរាតត្បាត នៃជំងឺកូវីដ-១៩នេះ ដោយបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ក្នុងរយៈ១០មកនេះ។តាមរយៈសំឡេងពិសេសនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី២០ ខែធ្នូនេះ គឺជាលើកដំបូងក្នុងរយៈ ១០ខែកន្លងមកនេះ ដែលកម្ពុជាគ្មានករណីស្លាប់​ដោយ​សារជំងឺកូវីដ-១៩ ​ហើយអត្រាឆ្លងប្រចាំថ្ងៃក៏ធ្លាក់មកត្រឹមចំនួន ៧នាក់ផងដែរ ដោយកត្តាធ្លាក់ចុះ និងគ្មាន​អ្នកស្លាប់ដោយ ​សារកូវីដ១៩នេះ​ គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់រួមគ្នា​ការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នេះបន្តទៀត ​បើទោះបីជារាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈក្តី តែគ្រប់គ្នានៅតែបន្តធ្វើការប្រយុទ្ធប្រឆាំង​នៅ​មេរោគ​ដ៏កាចសាហាវ​មួយនេះដដែល ​ដោយត្រូវអនុវត្តន៍៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាដើមនោះ។តាមរយៈសារសំឡេងនេះដែរ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសម្តែងដោយ​មោទនភាព ​និងថ្លែងអំណរគុណដល់រដ្ឋាភិបាល ​និងប្រជាជន​ នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ជាបង្អែក​យុទ្ធសាស្ត្រ​ដ៏មុតមាំ ​សម្រាប់ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ-១៩ និង​បរិក្ខាពេទ្យ ​សម្រាប់បម្រើឱ្យការជួយសង្គ្រោះ ​ការការពារ ​និងការព្យាបាលជំងឺកូវីដ-១៩។ជាមួយគ្នានេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី ​ក៏បានបានសម្តែងការសោកស្តាយ និងចូលរួមរំលែក​មរណទុក្ខ ​ដល់ក្រុមគ្រួសារជនរងគ្រោះ ​ដែលមានសមាជិកគ្រួសារស្លាប់បាត់បង់ជីវិត ដោយ​សារជំងឺកូវីដ-១៩ ខណៈការស្លាប់នេះគឺភាគច្រើនពួកគាត់ ​មិនបាន​ចាក់វ៉ាក់សាំង,ជាមនុស្សចាស់ និងមាន​ជំងឺ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​ប្រចាំកាយជាដើមនោះ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM